រដ្ឋាភិបាលផ្តល់ព័ត៌មានដល់វិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជន លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីជាទុនសម្រាប់បង្កើនលទ្ធភាពក្នុងការស្វែងរកទីផ្សាររបស់ខ្លួនបន្ថែមនៅទីផ្សារប្រទេសកូរ៉េ។

លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចា ដោយមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័ន ក្រុមហ៊ុននានាក្នុងវិស័យឯកជនពាក់ព័ន្ធនានា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដើម្បីពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុចូល និងសំណូមពរពាក់ព័ន្ធនឹងវិស័យ និងទំនិញសក្តានុពល ដែលកម្ពុជាអាចនាំចេញទៅទីផ្សារកូរ៉េ និងបញ្ហាប្រឈមផ្សេងៗក្នុងការនាំចេញទៅទីផ្សារកូរ៉េនាពេលកន្លងមក សម្រាប់ជាធាតុចូលក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីកូរ៉េ។

ពាក់ព័ន្ធទៅនឹងគម្រោងបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់ និងទទួលបានចំណែកទីផ្សារពីកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះ តាមរយៈលោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានប្រាប់ឱ្យដឹងថា ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ដឹកនាំដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម បាននាំយកផលិតផលគំរូរបស់កម្ពុជាមួយចំនួនទៅបង្ហាញដល់ក្រុមហ៊ុនជាដៃគូដែលមានស្រាប់ និងបន្តស្វែងរកកិច្ចសហការថ្មីបន្ថែមទៀត ដើម្បីនាំយកមុខទំនិញ និងផលិតផលកម្ពុជាចូលទីផ្សារប្រទេសកូរ៉េបន្ថែមទៀត ។

លោកបានបន្តថា “ផលិតផល និងមុខទំនិញថ្មីៗដែលកម្ពុជាមានបំណងនាំចូលទីផ្សារកូរ៉េ រួមមាន ស្ករស គ្រាប់ស្វាយចន្ទី និងម្រេច របស់កម្ពុជា ដើម្បីផ្ដល់ជូនក្រុមហ៊ុនបញ្ជាទិញធំមួយរបស់កូរ៉េដែលមានបំណងចង់បន្ដនាំចូល និងចែកចាយលើទីផ្សារកូរ៉េ ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចូលត្រឹមតែជា ផ្លែស្វាយ គល់ស្លឹកគ្រៃ ស្លឹកចេក ត្រយ៉ូងចេក និងរំដេង ។ល៕

គម្រោងសាងសង់ទំនប់ស្ទាក់ទឹកស្រុកឯកភ្នំដ៏ធំតម្លៃ ៤២លានដុល្លារ សម្រេចបានលទ្ធផលប្រមាណ៧០ភាគរយ

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ គម្រោងសាងសង់ទំនប់ទឹកដ៏ធំប្រចាំនៅខេត្តបាត់ដំបង ក្នុងស្រុកឯកភ្នំ ស្ថិតនៅលើដងស្ទឹងសង្កែ តម្លៃប្រមាណ៤២លានដុល្លារក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ ដែលនឹងប្រើប្រព័ន្ធបញ្ជាដោយកុំព្យូទ័រ រហូតមកដល់ពេលនេះសម្រេចបានលទ្ធលប្រមាណ៧០ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលដ៏ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ទំនង់ស្ទាក់ទឹកសាលាតាអន កាលពីដើមសប្ដាហ៍នេះថា រហូតមកដល់ពេលជាលទ្ធផលនៃសាងសង់គឺទទួលបានសម្រេចប្រមាណ៧០ភាគរយ ហើយនឹងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមឆ្នាំ២០២១ខាងមុខនេះ។

លោកបានបញ្ជាក់ថា គម្រោងសាងសង់ទំនប់ទឹកដ៏ធំមួយនេះ គឺជាគោលបំណងចម្បងរបស់រដ្ឋាភិបាល ក៏ដូចជាការចង់បានរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងផងដែរសម្រាប់បម្រើដល់វិស័យកសិកម្មទាំងរដូវប្រាំង និងរដូវវស្សា ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការចូលរួមបង្កើនភាពទាក់ទាញនូវចំនួនទេសចរណ៍ចូលមកកម្សាន្តតំបន់មួយចំនួនទៀតដែលអាស្រ័យផលតាមរយៈទំនប់ទឹកដ៏ធំមួយនេះ”។

គម្រោងមួយនេះត្រូវចំណាយថវិកាចំនួន៤២លានដុល្លារ នឹងត្រូវបញ្ជារដោយប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េតាមរយៈការផ្តល់ហិរញ្ញប្បទានសម្បទាន និងបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោយនឹងបញ្ចប់នៅត្រឹមខែមិថុនា ឆ្នាំ២០២១ខាងមុខ ។ បន្ទាប់បញ្ចប់ការសាងសង់ ទំនប់ស្ទាក់ទឹកមួយនេះអាចមានលទ្ធភាពផ្គត់ផ្គង់ការស្រោចស្រពលើផ្ទៃដីស្រូវរស្សាប្រមាណ ១១០០០ហិកតា និងស្រូវប្រាំងចំនួន៤០០០ហិកតា។

ក្រៅពីសំណង់អាចស្ទាក់ទឹកសាលាតាអនមួយនេះ នៅក្នុងគម្រោងក៏មានការសាងសង់ទ្វារទឹក ប្រឡាយពង្វាងទឹកតាមប្រឡាយ សាងសង់សំណង់ក្បាលហុង ស្ពាន និងសំណង់ចែកចាយទឹកជាច្រើនកន្លែងទៀត៕

Breaking News៖ CNN ចុះផ្សាយថា រុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងការពារជំងឺ COVID-19 ជាផ្លូវការ ដើម្បីត្រៀមដាក់ប្រើប្រាស់នាពេលខាងមុខ

ដោយ ៖ ប៊ី
អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ី លោក ក្លាឌីមៀ ពូទីន បាននិយាយនៅលើទូរទស្សន៍រដ្ឋរបស់រុស្ស៊ី នៅពីថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំងការពារជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya Institute ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ។

ថ្លែងនៅក្នុងវីដេអូ Conference ដែលផ្សាយបន្តផ្ទាល់ជាមួយរដ្ឋមន្រ្តីគណៈរដ្ឋមន្រ្តីរបស់លោក លោក ពូទីន បាននិយាយថា វ៉ាក់សាំងបានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ និងច្បាស់លាស់ទាំងអស់។

ប្រធានាធិបតីរុស្ស៊ីបានយាយថា កូនស្រីរបស់លោកម្នាក់បានចាក់វ៉ាក់សាំងនេះ ហើយលោកបាននិយាយថា នាងមានសីតុណ្ហភាព (កម្ដៅ) ខ្ពស់បន្តិច ប៉ុន្តែពេលនេះនាងមានភាពធូរស្រាល និងប្រសើរឡើងហើយ។
របាយការណ៍ជាច្រើនអំពីវ៉ាក់សាំងរបស់រុស្ស៊ីបានធ្វើឡើង ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព ប្រសិទ្ធភាព និងការចោទប្រកាន់ដែលថា ប្រទេសនេះបានកាត់បន្ថយផ្នែកខ្លះក្នុងការអភិវឌ្ឍន៍វ៉ាក់នេះរបស់រុស្ស៊ី។

មន្ត្រីរុស្ស៊ីបានប្រាប់ CNN កាលពីពេលមុនថា ការសាកល្បងដំណាក់កាលទី ៣ ដ៏សំខាន់នឹងត្រូវធ្វើឡើង បន្ទាប់ពីការចុះឈ្មោះវ៉ាក់សាំងរបស់រដ្ឋ។
ប្រទេសរុស្ស៊ីមិនបានបញ្ចេញទិន្នន័យវិទ្យាសាស្ត្រស្តីពីការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនទេ ហើយទូរទស្សន៍ CNN ក៏មិនអាចបញ្ជាក់ពីសុវត្ថិភាព ឬប្រសិទ្ធភាពដែលបានអះអាងរបស់រុស្ស៊ីដែរ។
ក្រុមអ្នករិះគន់និយាយថា ការជំរុញវ៉ាក់សាំងរបស់ប្រទេសនេះកើតឡើង ចំពេលមានសម្ពាធនយោបាយពីវិមាន Kremlin ដែលចង់បង្ហាញរុស្ស៊ីជាកម្លាំងវិទ្យាសាស្ត្រពិភពលោក៕

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញចូលរួមសម្ពោធសួនទឹក Garden City Water នៅចុងសប្តាហ៍នេះ

ដោយ ៖ វុត្ថា

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាធិបតីនៅក្នុងពិធីបើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្តអន្តរជាតិ Garden City Water Park នៅចុងសប្តាហ៍នេះ ដែលស្ថិតនៅមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ស្តីពីការបញ្ចៀសចរាចរណ៍រថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីជាបណ្តោះអាសន្ននៅក្នុងអំឡុងពេលបើកដំណើរការសាកល្បងសួនទឹកកម្សាន្តអន្តរជាតិ Garden City Water Park នាថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០ខាងមុខ។

សួនទឹក Garden City Waterparkដ៏ធំនេះ ត្រូវបានសាងសង់លើផ្ទៃដី៦ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំងាយប្រមាណ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញជាប់នឹងសួនសត្វ Phnom Pen Safari ។

សួនទឹក Garden City Water Park វិនិយោគដោយក្រុមហ៊ុន LYP Group ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណជាង៥៥លានដុល្លារអាមេរិក ដែលសាងសង់ដោយ ក្រុមហ៊ុន white water group របស់ក្រុមហ៊ុនអង់គ្លេស មានឧបករណ៍កម្សាន្តច្រើនជាងសួនទឹក Cartoon Newtwork របស់ថៃ ៥0ភាគរយ មានរលកសម្បនិម្មិតកម្ពស់៣.៥ ម៉ែត្រ និងទំហំ៦.៣ ហិចតា ។

សួនទឹកនេះនឹងក្លាយជាសួនទឹកធំលំដាប់ទី៣ប្រចាំតំបន់អាស៊ាន បន្ទាប់ពីសួនទឹក Sunway lagoon ដែលមានទំហំ៣២ហិចតា របស់ម៉ាឡេស៊ី និងសួនទឹក Ramaynak ទំហំ១៨ហិចតារបស់ថៃទើបតែបើកថ្មីៗនេះ Garden City Water Park ដែលត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ថៃលើទំហំដី៥.៧ហិចតា ទៅលំដាប់ទី៤ផងដែរ។

លោក សេង ង៉ុក អគ្គនាយកក្រុមហ៊ុន LYP Group ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍន៍សួន Garden City Water Park នេះនឹងផ្តល់ឱ្យទីក្រុងភ្នំពេញនូវសួនទឹក និងកន្លែងកម្សាន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។ សួនទឹកកម្សាន្តនេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ៥០ភាគរយឯណោះ។

លោកបញ្ជាក់ថា លក្ខណៈពិសេសរបស់សួនទឹកកម្សាន្ត ដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។ សួនទឹកកម្សាន្ត Garden City Water Parkនេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រថ្មីមួយទៀតតម្លៃជាង ១០ លានដុល្លារនៅខេត្តកំពង់ស្ពឺ

ដោយវុត្ថា
ភ្នំពេញ៖ នៅខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ថ្មីមួយទៀត តម្លៃជាង ១០ លានដុល្លារអាមេរិក នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦៣កន្លែង។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង កាលពីកន្លងមកថ្មីៗនេះ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត បានស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ចូលមកកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឹដោយមិនប្រកាន់ចំពោះតែវិនិយោគិនចិន អាមេរិក និងអឺរ៉ុបនោះទេ ឱ្យតែមកបណ្តាក់ទុកវិនិយោគផ្តល់កំណើនសេដ្ឋកិច្ច និងកម្លាំងពលកម្មដល់ពលរដ្ឋមកម្ពុជា។

បន្ទាប់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ បណ្តាវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន បានចូលមកសិក្សា និងពីភាក្សាទៅលើគម្រោងវិនិយោគរបស់ពួកគេ នៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មផងដែរ។

លោកបន្តថា ខេត្តកំពង់ស្ពឺន បានទាក់ទាញក្រុមហ៊ុនវិនិយោគបរទេស និងនៅក្នុងស្រុកជាច្រើនបានចូលមកសិក្សា និងបណ្តាក់ទុនវិនិយោគលើវិស័យជាច្រើនរួមមានវិស័យទេសចរណ៍ កសិកម្ម និង រោងចក្រសហគ្រាសផ្សេងៗ ដែលបច្ចុប្បន្ននេះ មានរោងចក្រសហគ្រាសប្រមាណជិត២៦១ ដែលបានផ្តល់ឱកាសការជូនពលរដ្ឋជាង ១២ ម៉ឺននាក់ ។

ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅដ៏ទាក់ទាញ និងមានប្រជាប្រិយភាពលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម រោងចក្រ វិស័យកសិ–ឧស្សាហកម្ម វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យអប់រំកម្រិតខ្ពស់ ដែលបានចាក់បញ្ចូលប្រាក់ចំណូល ដល់សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារតាមរយៈខេត្តមួយនេះ ៕

ខុនដូតម្លៃសមរម្យមួយនៅតំបន់ជ្រោយចង្វារត្រៀមលក់បញ្ចប់យូនីតជាមួយ ការផ្តល់ជូនយ៉ាងពិសេស

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ  ខុន​ដូ​ប្រណីត និង​មានតម្លៃ​សមរម្យ​បំផុត SH Condo បាន​ត្រៀម​ផ្តល់​កូនសោ​ចូល​ស្នាក់នៅ​ដល់​អតិថិជន និង​លក់​បញ្ចប់​យូ​នី​ត​ជាមួយនឹងការផ្តល់ជូននូវសម្ភារៈបរិក្ខាទំនើប និង​តម្លៃយ៉ាងសមរម្យ។​

ជាមួយនឹង​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​តំបន់​ជ្រោយចង្វារ ដែល​ប្រែក្លាយ​ពី​តំបន់​ក្រៅ​ក្រុង​មកជា​ក្រុង​រណប​ដ៏​ទាក់ទាញ សំណង់​លំនៅដ្ឋាន​សហកម្មសិទ្ធិ​នៃ​គម្រោង​ខុន​ដូ SH ជ្រោយចង្វារ បាន និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ដែល​ប្រាថ្នា​ការរស់នៅ​បែប​ស៊ី​វិ​ល័យ។

ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​ជាច្រើន គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​ជាងគេ​នៅ​តំបន់​ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាន និង​កំពុង​ស្វាគមន៍​អតិថិជន ដែល​ប្រាថ្នា​ចង់បាន​ជីវិត និង​ការរស់នៅ​ប្រកបដោយ​ភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយ​ការលក់​ក្នុងតម្លៃ​សមរម្យ និង​មាន​លក្ខខណ្ឌ​បង់ប្រាក់​ល្អប្រសើរ​បំផុត។

គម្រោង​ដែល​កំពុង​ឈានទៅរក​ការបញ្ចប់​ការសាងសង់ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ និង​កំពុងបើក​ទា្វរ រង់ចាំ​ទទួល​ស្វាគមន៍​អតិថិជន​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ម៉ាស៊ីនទឹក ក្នុង​សង្កាត់​ជ្រោយចង្វារ ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ជាមួយនឹង​តម្លៃ​ទាក់ទាញ​បំផុត អ្នកវិនិយោគ​ខុន​ដូ​នេះ​បាន និង​ផ្តល់ឱកាស​ពិសេស លោកអ្នក​កក់​តែ ៥០០ដុល្លារ នឹង​ទទួល​បានការ បញ្ចុះតម្លៃ​កាន់តែ​ពិសេស បូករួម​ទាំង ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន រួមមាន​ដូចជា -ទូរ​ទឹកកក -ទូរ​ទស្ស​ន៏ (Smart TV ) ទូរ​ចង្ក្រាន​លើ​ក្រោម ម៉ាស៊ីនទឹក​ក្តៅ (Water Heater 32L)- និង​គ្រឿង​បរិក្ខារ​ក្នុង​បន្ទប់ទឹក​ដ៏​ទាន់សម័យ​ចំនួន​មួយឈុត​ថែមទៀត​ផង។

តំបន់​ជ្រោយចង្វា​ក្នុង​ពេលនេះ និង​អនាគត​ជា​តំបន់​ល្អ​សម្រាប់​អ្នកវិនិយោគ និង​អ្នក​ដែល​ចង់​រស់នៅ ព្រោះ​តំបន់​នេះ​ហុំ​ព័ទ្ធ​ដោយ​ទន្លេ ។ សម្រាប់​អ្នក​ដែល​ចង់​គិតគូ​ពី​ផាសុខភាព អាច​ផ្លាស់ប្តូរ​ទៅ​រស់នៅ​តំបន់​ជ្រោយចង្វារ​វា ដោយសារ​តំបន់​ជ្រោយចង្វា​មានការ​ទាក់ទាញ​ច្រើន ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន។

សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ពី​គម្រោង​ខុន​ដូ SH  លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ 089 787 721 ។ Smart 010  725 168 (គីម​ឈាង) 096 505 6666 ។ 017  725  168  ចិន្តា។ 077  725  168  ម៉ា​រី​ណែ​ត ៕

 

អ្នកជំនាញៈកំណើនអ្នកទិញខុនដូក្នុងស្រុកចូលរួមបំពេញចន្លោះឱ្យការថយចុះ នៃវិនិយោគិនបរទេស

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ចំនួនវិនិយោគខុនដូក្នុងស្រុក ចាប់ផ្តើមមានកំណើនឡើង ខណៈអ្នកទិញខុនដូ នៅកម្ពុជា ជាជនបរទេសមានការថយចុះ និងជំនួសមកវិញដោយជនជាតិខ្មែរ និងទីផ្សារក្នុងស្រុក។

នាយិកាក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានប្រាប់ Propertyarea.asia នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា តាមការសង្កេតរបស់លោកស្រីបច្ចុប្បន្ន តម្រូវការខុនដូក្នុងស្រុកកើនឡើង ជំនួសឱ្យតម្រូវការក្រៅប្រទេស។

លោកបានថ្លែងថា“ខុនដូប្រភេទមធ្យម និងប្រភេទតម្លៃសមរម្យមានតម្រូវការច្រើនសម្រាប់ទីផ្សារក្នុងស្រុក”។ លោកបន្តថា “បច្ចុប្បន្នខុនដូយូនីតតម្លៃមធ្យម ត្រូវបានទិញដោយអ្នកវិនិយោគក្នុងស្រុកប្រមាណ៥០ភាគរយ និងខុនដូប្រ​ភេទតម្លៃសមរម្យដែលលក់ចេញ១០យូនីត មាន៦ទៅ៧យូនីតត្រូវបានទិញដោយជនជាតិខ្មែរ”។

លោកស្រីបានឱ្យដឹងទៀតថា “គិតត្រឹមឆមាសទី១ឆ្នាំ ២០២០ នេះ កម្ពុជាមានខុនដូសរុបប្រមាណ២ម៉ឺនយូនីត ហើយបច្ចុប្បន្ននេះចំនួនអ្នកទិញខុនដូ នៅកម្ពុជាជាជនបរទេសមានការថយចុះ និងជំនួសមកវិញដោយជនជាតិខ្មែរ និងទីផ្សារក្នុងស្រុក ដោយសា​រតែផ្នត់គំនិតរបស់ជនជាតិខ្មែរ ដែលចង់រស់នៅក្នុងខុនដូកាន់តែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ”។

លោកស្រីបានឱ្យដឹងថា វាក៏មិនចំលែកនោះទេ ដែលអ្នករស់នៅក្នុងខុនដូគឺជាប្រ​ជាជនក្នុងស្រុក ព្រោះថានៅបណ្ដាប្រទេសជាច្រើន ជាពិសេសប្រទេសជិតខាងកម្ពុជា មានបទពិសោធន៍រួចហើយ ដោយពីមុនអ្នករស់នៅក្នុងខុនដូ ជាជនបរទេសតែក្រោយមកក៏ជាជនជាតិខ្លួនវិញ។

អ្នកទិញអចលនទ្រព្យជាច្រើន កំពុងស្វែងរកចាប់យកឱកាស ក្នុងការទិញអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែង និងគ្រប់ប្រភេទ ដែលមានសក្ដានុពលទូទាំងប្រទេសកម្ពុជា ខណៈវិស័យនេះបានចាប់ងាកចេញពីវិបត្តិ COVID-19។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យបាន និងកំពុងចាប់ផ្តើមងាកចេញពីវិបត្តិ COVID-19 ខណៈអ្នកវិនិយោគក្នុងវិស័យនេះ កំពុងស្វែងរកឱកាស ដើម្បីចាប់យកអចលនទ្រព្យ នៅទីតាំងដែលមានសក្តានុពល នៅទីតាំងផ្សេងៗស្ទើពេញផ្ទៃប្រទេស។

លោកបានថ្លែងថា “អ្នកទិញអចលនទ្រព្យកាន់តែច្រើន កំពុងស្វែងរកចាប់យកអច​លនទ្រព្យស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេស”។ លោកបន្តថា “សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា បានចាប់ផ្តើមកើនឡើងជាលំដាប់”។

លោកបន្ថែមថា “វិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នមានភាពរស់រវើក ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យនេះនឹងកើនឡើងទ្វេដង នៅពេលដែលជំងឺ Covid-19 បានផុតរលត់ទាំងស្រុង”៕

មជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៦របស់កម្ពុជានៅចិន ដើរតួនាទីយ៉ាងសំខាន់ទាក់ទាញវិនិយោគិនចិន

ដោយ៖ ប៊ី

ភ្នំពេញ៖ ប្រទេសកម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៦ នៅប្រទេសចិន ខណៈមជ្ឈមណ្ឌលទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសវិនិយោគ និងពាណិជ្ជកម្មដល់ការទាក់ទាញវិនិយោគិនចិន។

មជ្ឈមណ្ឌលទាំងនេះមាននៅក្រុងក្វាងចូវខេត្តក្វាងទុង ក្រុង Xi’an ខេត្ត Shaanxi; ក្រុង Haining ខេត្តស៊ីជាំង ក្រុងយ៉ានតៃ ខេត្តសានទុង ហុងកុង និងគុនមីងខេត្តយូណាន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់មានប្រសាសន៍ថា “មជ្ឈមណ្ឌលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ជាវេទិកាបង្ហាញផលិតផលកម្ពុជា និងចែករំលែកព័ត៌មានស្តីពីទេសចរណ៍ក៏ដូចជាឱកាសវិនិយោគ និងពាណិជ្ជកម្មដល់ពាណិជ្ជករ និងវិនិយោគិនចិន”។

កាលពីខែឧសភាឆ្នាំមុន មន្រ្តីកម្ពុជាជាង ១០០ នាក់បានចូលរួមការតាំងពិព័រណ៍អន្ដរជាតិសូត្រតាមផ្លូវអន្តរជាតិលើកទី ៤ នៅក្រុង Xi’an នៃខេត្តសាអានស៊ី។
នៅខែបន្ទាប់ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត Shaanxi លោក Shi Zhijun មានប្រសាសន៍ថា រដ្ឋាភិបាល Shaanxi គួរតែរៀបចំព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មានដល់ក្រុមហ៊ុនចិនអំពីច្បាប់វិនិយោគនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា “យើងចាំបាច់ត្រូវផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងមន្រ្តីជាន់ខ្ពស់មកពីខេត្ត Shaanxi និងប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការទទួលយកព័ត៌មានទៅវិញទៅមក។

លោកបានថ្លែងថា “យើងលើកទឹកចិត្តក្រុមហ៊ុននៅខេត្ត Shaanxi ឱ្យវិនិយោគនៅកម្ពុជា។ ថ្មីៗនេះយើងបង្កើតវេទិកាអាជីវកម្មមួយ ដើម្បីផ្តល់នូវការវាយតម្លៃហានិភ័យ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។

យោងតាមទិន្នន័យរបស់ក្រសួងផ្លូវការ ចិនបានវិនិយោគទឹកប្រាក់ប្រមាណ ១៤,៧ ពាន់លានដុល្លារនៅកម្ពុជាពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៦។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងដល់ ៩,៤២ពាន់លានដុល្លារអាមេរិកក្នុង២០១៩។ នេះបើយោងតាមទិន្នន័យរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

រដ្ឋាភិបាលកម្ពុជា និងចិនមានមហិច្ឆតា ពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ខណៈការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការ៕

រដ្ឋាភិបាលកំពុងចចារជាមួយក្រុមហ៊ុនចិនដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ រំដោះជំនន់ទឹកភ្លៀងក្នុងក្រុងភ្នំពេញ

ដោយវុត្ថា

ភ្នំពេញ៖ ខណៈដែលទីក្រុងភ្នំពេញកំពុងប្រឈមទៅនឹងជំនន់ទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធ និងក្រុងត្រូវបានពពង្រីកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធនានាបាននឹងកំពុងពិភាក្សា និងចចារជាមួយក្រុមហ៊ុនចិន ដើម្បីស្តារស្ទឹកព្រែកត្នោតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញដើម្បីរំដោះជំនន់ទឹភ្លៀងនៅក្នុងក្រុង។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឺក និងឧតុនិយម នៅក្នុងសន្និសីទសារព័ត៌មានស្តី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា កាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានដឹកនាំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធពិភាក្សា និងចចារថ្លៃស្តារស្ទឹងព្រែកត្នោតជាមួយក្រុមហ៊ុនចិន ដើម្បីរំដោះទឹកជំនន់ភ្លៀងនៅក្នុងទីក្រុងភ្នំពេញ ខណៈស្ទឹងព្រែកត្នោតនេះ មានសភាពរួមតូចនៅក្នុងផ្នែកខាងក្រោម ។

លោកបន្តថា “ទីក្រុងភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានពង្រីកជាបន្តបន្ទាប់ ដូច្នេះ ហើយទីក្រុងភ្នំពេញត្រូវការទំនប់ដើម្បីទប់ទឹក ជាពិសេសស្តារនៅស្ទឹកព្រែកត្នោត ខណៈដែលនៅភាគខាងក្រោមត្រូវបានរួមតូច ”។

លោកបន្តថា “ទីក្រុងភ្នំពេញមានជំនន់ ៣ ផ្នែក គឺជំនន់ទឹកភ្លៀង ជំនន់ទឹកទន្លេមេគង្គត្រូវបានគំរាមកំហែង និងជំនន់ទឹកនៅស្ទឹងព្រែកត្នោត “។ លោកបន្តថា ដោយមើលឃើញពីបញ្ហានេះរដ្ឋាភិបាលកម្ពុជា បានពិភាក្សាជាមួយក្រុមហ៊ុនចិន ដើម្បីស្តារស្ទឹងព្រែកត្នោតនេះឡើងវិញ ក្នុងការកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងក្រុងភ្នំពេញ ។

លោកបន្ថែមថា “នៅក្នុងផែនការនេះ គឺដើម្បីធ្វើយ៉ាងណាកុំឱ្យមានជំនន់ទឹកភ្លៀង នៅក្នុងក្រុងភ្នំពេញ និងទាញទឹកទៅស្រោចស្របវិស័យកសិកម្មដែលមានផ្ទៃដីជាង ១០០ ហិកតា ដែលនឹងត្រូវប្រើប្រាស់រយៈពេល ៣៦ ខែ ទើបរួចរាល់ ហើយនឹងជួយរំដោះទឹកជំនន់ទឹកទន្លេមេគង្គ និងស្ទឹងព្រែកត្នោតកាន់តែមានប្រសិទ្ធិភាពក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀត” ។

លោកញ្ជាក់ទៀតថា ទីក្រុងភ្នំពេញ ត្រូវតែមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទំនប់ទប់ទឹក ឱ្យបានត្រឹមត្រូវ ដើម្បីស្រូបយកទឹកនៅក្នុងទីក្រុងឱ្យបានលឿន និងរៀបចំឱ្យមានអាងស្តុកទឹកផងដែរ ដើម្បីឆ្លើយតបទៅនឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុង៕

ខេត្តមណ្ឌលគីរី កំពុងព្រាងផែនការមេសម្រាប់អភិវឌ្ឍន៍ និង ជំរុញវិស័យទេសចរណ៍

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ ស្ថិតនៅក្នុងគម្រោងដែលអាចនឹងប្រែក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ប្រចាំកម្ពុជា បច្ចុប្បន្នខេត្តមណ្ឌលគីរី ក្រៅពីមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនានា ក៏ដូចជាគម្រោងសាងសង់ព្រលានយន្ដហោះក្នុងតំបន់ រដ្ឋាភិបាលបាន និងកំពុងព្រាងរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន នៅក្នុងកិច្ចបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្រុងសែនមនោរម្យ បានជំរុញឱ្យរដ្ឋបាលខេត្តធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះ អាចទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនជាងមុនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម និងបង្កើតការងារផងដែរ។

លោកបណ្ឌិត ថោង ខុន បានប្រសាសន៍ថា សេចក្ដីព្រាងផែនការមេនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅទូទាំងខេត្តនេះ ត្រូវបានកំណត់ចក្ខុវិស័យអភិវឌ្ឍទៅលើ តំបន់អាទិភាព (Zoning) កំណត់ទិសដៅ និងទិសយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ និងការកំណត់យន្តការស្ថាប័នអនុវត្តផែនការមេ។ល។

ជាមួយគ្នានេះ លោករដ្ឋមន្តី្រក៏បានផ្តល់យោបល់បន្ថែមទៅលើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រួមមាន៖

* ទី១៖ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវតែគោរពទៅតាមអភិក្រមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ «ការអភិវឌ្ឍបម្រើការអភិរក្ស និងការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍ» ដើម្បីបានជាប្រយោជន៍សេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋមូលដ្ឋានរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ពិសេសរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្តមណ្ឌលគិរី។

* ទី២៖ ការអភិវឌ្ឍត្រូវតែឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ ឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

* ទី៣៖ កំណត់វិសាលភាពនៃសកម្មភាពវិនិយោគ-អភិវឌ្ឍនៅតំបន់ដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) និងរបៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដោយលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចពិសេស គប្បីជំរុញលើកទឹកចិត្ត ពង្រឹងវិស័យសហគមន៍ ទេសចរណ៍ឱ្យបានល្អ និងមានប្រសិទ្ធភាព។

* ទី៤៖ អាជ្ញាធរខេត្តគ្រប់សមត្ថកិច្ចគ្រប់កម្រិត និងជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ជាដាច់ខាតតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃជាកម្មសិទ្ធិឯកជន។

* ទី៥៖ ធ្វើការការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឱ្យបានរួសរាន់ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ និងអភិវឌ្ឍតំបន់ទាំងអស់នេះ៕