អភិបាលខេត្តបាត់ដំបងបញ្ជាឱ្យមន្ត្រីក្រោមឱវាទផ្ដល់សេវាសាធារណៈលើវិស័យដីធ្លីឱ្យមានប្រសិទ្ធភាពខ្ពស់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលស្រុក ក្រុង ទាំង១៤ យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈលើវិស័យដីធ្លីឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែប្រសើរជាងមុន។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅក្នុងកិច្ចអញ្ជើញដឹកនាំប្រជុំ ស្ដីពីបញ្ហាការផ្ដល់សេវាកម្មរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះ បានឱ្យដឹងថាអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវខិតខំរិះរកគ្រប់មធ្យោបាយផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាដីធ្លីនេះ ឲ្យកាន់តែប្រសើរជាងមុនថែមទៀត។

លោកបន្តថា មន្ត្រីគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលស្រុកក្រុងទាំង១៤ ត្រូវធ្វើយ៉ាងណាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមកទទួលសេវាកម្មកាន់តែមានភាពងាយស្រួលជាងមុន ដើម្បីជាផលប្រយោជន៍ដល់ខ្លួនគាត់ផង និងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការ គ្រប់គ្រងរបស់រាជរដ្ឋាភិបាលផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ការប្រមូលពន្ធជូនរដ្ឋក្នុងខេត្តបាត់ដំបង មានការសង្កេតឃើញថា អត្រាពន្ធការស្នាក់នៅមានការធ្លាក់ចុះ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដោយសារតែវិបត្តិជំងឺកូវិដ-១៩ បានផ្ទុះឡើង ធ្វើឲ្យអាត្រាភ្ញៀវបរទេសមានការធ្លាក់ចុះ។

នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធកាលពីម្សិលមិញនេះ មានគោលបំណងពិភាក្សារកដំណោះស្រាយលើបញ្ហាផ្តល់សេវាសាធារណៈ ជាពិសេសេវិស័យដីធ្លីនៅក្នុងខេត្តដែលកំពុងមាន និងលើកទិសដៅអនុវត្តបន្ត ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ៕

ខេត្ត​ចំនួន៤ នៅតែមាន​សកម្មភាព​ម​មា​ញឹក​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ការវិនិយោគ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រហូតមកដល់​ពាក់កណ្តាល​ត្រីមាស​ទី៣ឆ្នាំនេះ របាយការណ៍​ដែល​បានលើកឡើង​ដោយ​រដ្ឋបាលខេត្ត​បាន​បង្ហាញថា ក្នុងចំណោម​ខេត្ត ក្រុង​ទាំង២៥ គេ​សង្កេតឃើញ​មាន​ខេត្ត​ចំនួន៤ នៅតែមាន​សកម្មភាព​វិនិយោគ និង​ដំណើរការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដដែល។

នៅក្នុង​កំឡុង​ពេលដែល​កម្ពុជា កំពុង​ប្រឈម​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ការរីក​រាលដាល នៃ​ជំងឺឆ្លង covid-19 ក្រៅពី​វិស័យ​ទេសចរណ៍ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នោះ សម្រាប់​វិស័យ​ឧស្សាហកម្ម រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ពិតជា​ទទួលរង​នូវ​ផលប៉ះពាល់​មួយផ្នែក​ដែរ ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​នេះ​ក៏មាន​វត្តមាន​រោងចក្រថ្មីៗទើប​បង្កើតឡើង ក្រោយ​ការទទួលបាន​សេចក្ដីសម្រេច​គាំទ្រ ពី​រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជិត១០០ក្រុមហ៊ុន។ នេះ​បើ​យោងតាម​ការបង្ហាញ​រប​ស់ CDC កាលពីពេល​កន្លងទៅនេះ។

ជាមួយគ្នានេះ តាមរយៈ​ការបង្ហាញ​នូវ​របាយការណ៍ ពី​រដ្ឋបាលខេត្ត​នៅត្រឹម​ដើម​ត្រីមាស​ទី៣ គេ​កត់សម្គាល់​ក្នុង​ចំនួន​ខេត្ត​ក្រុង​ទាំង២៥ ក្នុងនោះ​មាន​ខេត្ត​ចំនួន៤នៅតែ​បង្ហាញ​ពី​សម្មភាព​នៃ​ការវិនិយោគ​ដដែល ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សំណង់ ដោយ​ខេត្ត​ទាំង៤នេះ​រួមមាន ៖

ទី១- ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​កាត់ដេរ សហគ្រាស​ខ្នាតតូច និង​មធ្យម​សរុប​មាន​ចំនួន២៦១គម្រោង ដោយ​ក្នុងនោះ​កំពុងតែ​ដំណើរការ​សង្វាក់​ផលិតកម្ម មាន​ចំនួន១៦១ ហើយ​គម្រោង​ចំនួន១០០ទៀត កំពុងតែ​ដើរ​តាម​នីតិវិធី និង​ត្រៀម​ដំណើរការ​ក្នុងពេល​ខាងមុខនេះ។

ជាមួយនឹង​ដំណើរការ​ផលិតកម្ម របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​កាត់​ស្បែកជើង រោងចក្រ​កាបូប រោងចក្រ​ផលិត​គ្រឿងអគ្គិសនី រោងចក្រ​ផលិត​សម្ភារៈ​សំណង់ រួមជាមួយ​នឹង​បណ្តា​សហគ្រាស​នានា​ទាំងអស់នេះ បានផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​ជា​ចំណាក​មកពី​បណ្តា​ខេត្ត​ដទៃទៀត ស្មើនឹង​ប្រមាណ​ជាង៣០លាន​ដុល្លារ តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ជាប្រចាំ​ខែ។

ទី២ខេត្តស្វាយរៀង មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ឯកជន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សុ​រប​ចំនួន២១៦កន្លែង នៅ​ក្នុងនោះ​រោងចក្រ​សហគ្រាស​ចំ​មួន ១១៣កន្លែង បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ៨ម៉ឺន​នាក់ ដោយបាន​រួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។

នៅក្នុង​ខេត្តស្វាយរៀង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១១ ប៉ុន្តែ​តំបន់​សេដ្ឋកិច្ច​ដែល​ដំណើរការ​មាន​ចំនួន៨ទីតាំង។

ទី៣- ខេត្តកំពង់ចាម មាន​រោងចក្រ​ធុន​ធំ​ចំនួន១៧មូលដ្ឋាន (រោងចក្រ​កាត់ដេរ​កែច្នៃ​ជ័រកៅស៊ូ) ហើយ​រោងចក្រ​ធុន​មធ្យម​ចំនួន១៣៥មូលដ្ឋាន (ផលិត​ទឹក​សុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃ​ជ័រកៅស៊ូ) ក្រៅពីនេះ​មាន​សិប្បកម្ម​លក្ខណៈ​គ្រួសារ មាន​ចំនួន១១៩៤មូល    ដ្ឋា​ន (ការធ្វើ​អាជីវកម្ម​លក្ខណៈ​គ្រួសារ ផលិត​ដប​ទឹក​សុទ្ធ ទឹក​សុទ្ធ កាត់​កញ្ចក់ ផ្សារ​ដែក ជាដើម)។

ទី៤- ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០ទីតាំង ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ២៥៨៦,២៦ហិកតា ដែលមាន​ទំហំ​ទុនវិនិយោគ​សរុប​ជាង១៤៨១លាន​ដុល្លារ ក្នុងនោះ​មាន៤ទីតាំង​កំពុងដំណើរការ​យ៉ាងសកម្ម ហើយ៦ទីតាំង​ទៀត​កំពុង​សាងសង់។

នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ដំណើរការ​ខាងលើនេះ មាន​វត្តមាន​រោងចក្រ សហគ្រាស​សរុប​ចំនួន១៥១រោងចក្រ ហើយ​ចំនួន៦៦រោងចក្រ​ផ្សេងទៀត កំពុង​ដំណើរ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស៕

រដ្ឋាភិបាល និង​វិស័យ​ឯកជន​កំពុងធ្វើការ​រួមគ្នា​ជំរុញ​វិស័យ​ទេសចរណ៍

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍ សហគ្រិន​ខ្មែរ (KE) ជា​អង្គភាព​មួយ​ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង Impact Hub Phnom Penh បាន​សហការ​ចាប់ផ្តើម​អនុវត្តន៍​គម្រោង “ទេសចរណ៍​ខ្មែរ​សម័យថ្មី” (Khmer Tourism For The Future)។

ទេសចរណ៍​ខ្មែរ​សម័យថ្មី ជា​កម្មវិធី​បណ្តុះបណ្តាល​សហគ្រិន​មួយ ដែល​បង្កើតឡើង ក្នុង​គោលបំណង​គាំទ្រ​ធុរកិច្ច​ថ្មី (Startup) និង​អាជីវកម្មផ្សេងៗក្នុង​វិស័យ​ទេសចរណ៍​ឱ្យមាន​ភាព​ធន់ នវានុវត្តន៍​ភាព និង​ភាព​ច្នៃប្រឌិត ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ប្រជាជន​ក្នុង​តំបន់ ដែល​កំពុងតែ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូ​វីដ១។

កម្មវិធី​នេះ នឹងចូលរួម​បង្កើតជា​ផ្លូវ​ដើរ​ដ៏​ថ្មី​មួយ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ប្រកបដោយ​ចីរភាព និង​អាច​ក្រោកឈរ​ឡើងវិញ នៅក្នុង​រយៈពេល១២ខែ​ទៅមុខទៀត។ កម្មវិធី​នេះ​ត្រូវបាន​ចងក្រង​ឡើង សម្រាប់​យុវជន ឬ​សហគ្រិន​ដែលមាន​គំរូ​អាជីវកម្ម ដែល​គិតគូរ​ទៅដល់​បរិស្ថាន ឬ​អ្នក​ដែលមាន​ធុរកិច្ច​ថ្មី (Startup) ដ៏​មាន​សក្តានុពល និង​ឥទ្ធិពល​វិជ្ជមាន​ទៅដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក។

គោលដៅ​ចុងក្រោយ​របស់​កម្មវិធី​នេះ គឺ​ចង់​ធ្វើឱ្យមាន​ភាពជាក់លាក់ និង​បង្កើន​គំរូ​អាជីវកម្មថ្មីៗ ដែល​ផ្តោតទៅលើ​ទីផ្សារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើនជាង​មុន។

លោក​បណ្ឌិត វណ្ណ មុនិ​ណ្ឌ នាយក​សហគ្រិន​ខ្មែរ​បាន​មានប្រសាសន៍ថា «ក្នុងនាម​ជា​អង្គភាព​មួយ ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សហគ្រិន​ខ្មែរ (Khmer Enterprise) មាន​ចក្ខុវិស័យ ក្នុងការ​ប្រែក្លាយ​ទៅជា​វេទិកា​ថ្នាក់ជាតិ​មួយ សម្រាប់​លើកកម្ពស់​សកម្មភាព​ស​ហ​គ្រិន នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បន្តថា “កម្មវិធី «ទេសចរណ៍​ខ្មែរ​សម័យថ្មី” មាន​គោលបំណង​ជួយ​គាំទ្រ​ទៅដល់​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង នៃ​ការបង្កើត​អាជីវកម្ម តាមរយៈ​ការបង្រៀន​អំពី​ការធ្វើ​ជំនួញ ការ​បង្វឹក​ការភ្ជាប់​បណ្តាញ​និង​ការចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា” ។

ជាមួយគ្នានេះ Olivia Hough នាយក​គ្រប់គ្រង Impact Hub Phnom Penh បានឱ្យដឹងថា វិស័យ​ទេសចរណ៍​គឺជា​វិស័យ​មួយ ក្នុងចំណោម​វិស័យ​សំខាន់បំផុត សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​វិស័យ​មួយ​នេះ ប្រហែលជា​ត្រូវបាន​រង​ការប៉ះពាល់ គួរឱ្យ​កត់​សំ​ម្គា​ល់។ នេះ​ជា​ពេលវេលា​មួយ​ដ៏​សំខាន់ ហើយក៏​ជា​ពេលដែល​យើង​ត្រូវ​ចូលរួម​គ្នា ដើម្បី​គិតគូរ និង​ពិចារណា​ឡើងវិញ​នូវ​អ្វី នៃ​អនាគត​ទេសចរណ៍ ដែល​ពួកយើង​ចង់ឃើញ និង​កសាង ឬ​ប្រុងប្រៀប​ធុរកិច្ច​ថ្មី (Startup) និង​អាជីវកម្មផ្សេងៗ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អនាគត​មួយ​នេះ។

លោក​សុខ សុគន្ធ អនុប្រធាន​គម្រោង GMS បាន​និយាយថា  ក្រសួងទេសចរណ៍ មាន​ក្តីរំភើប​រីករាយ​ណាស់ ដែល​បាន​ចូលរួម​គាំទ្រ នៅក្នុង​កម្មវិធី​សហគ្រិនភាព​មួយ​នេះ។ ទាំងអស់គ្នា ពួកយើង​អាច​កសាង​វិស័យ​ទេសចរណ៍ នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា​អោយមាន​ភាព​ធន់ ទូលំទូលាយ និង​ឈានទៅរក​ចីរភាព ៕

កម្ពុជា​មិនមាន​ការព្រួយបារម្ភ​បើទោះជា​ការសម្រេច​ដក​ផ្នែក​ខ្លះ ឬ​មិន​ដក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ដោយ៖ ប៊ី

ភ្នំពេញៈ បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ នៅសល់តែ​ក្នុង​រយៈពេល១ថ្ងៃ​ទៀត ការសម្រេច​ដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​គណៈកម្មការ​អឺរ៉ុប ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា ក្រោម​គម្រោង​ពាណិជ្ជកម្ម អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃស្អែក ទី១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ទោះជា​យ៉ាងណា ការដក​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ​ដក ឬ​មិន​ដក២០ភាគរយ​នេះ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​សម្រាប់​កម្ពុជា​នោះទេ ខណៈ​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក។

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​គណៈកម្មការ​សហភាព​អឺរ៉ុប នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះទេ ខណៈ​តាម​ការគ្រោងទុក​គណៈកម្មកា​រ​សហភាព​អឺរ៉ុប នឹង​សម្រេច​ដក​ឬ​មិន​ដក​ពី​កម្ពុជា​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ថ្លែង​នៅក្នុង​វេទិកា​តុមូល​ជជែក ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន កាលពី​ចុងខែ​កក្កដា ឆ្នាំ២០២០ លោក​បណ្ឌិត​សុខ ទូច បានឱ្យដឹងថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប គឺជា​ជញ្ជីង​នយោបាយ ដែល​បានដាក់​បន្ទុក​មកលើ​ក​ម្ពុ​ជា។

លោ​កប​ណ្ឌិ​រសុខ ទូច​ថ្លែង “ខ្ញុំ​មានជំនឿថា EBA នឹងមិន​ត្រូវបាន​ដកចេញ​ពី​កម្ពុជា ព្រោះនេះ ជា​ជញ្ជីង​នយោបាយ​របស់​សហភាព​អឺរ៉ុប” ។ លោក​សង្កត់​ធ្ល​ន់​ថា “បើ​ដក EBA សហភាព​អឺរ៉ុប គឺ​ខ្សោយ​ខាង​ធនធាន​ផ្នែក​នយោបាយ តែ​យ៉ាង​កម្ពុជា​ក៏ត្រូវ​ធ្វើការ​ចរចា​ព្រោះ​មាន​ផលិត​ច្រើនណាស់ ដែល​ត្រូវ​ការធ្វើ​នាំចេញ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ” ។

លោក​សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ព​ន្យ​ល់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខុសពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដែល​សហភាព​អឺរ៉ុប​ឱ្យមក​កម្ពុជា ព្រោះ​ប្រព័ន្ធ​នេះ មិនមាន​ការចរចា​នោះទេ ពោលគឺ​សហភាព​អឺរ៉ុប បានផ្តល់​ឱ្យដល់​កម្ពុជា​ដោយ​ឯកតោភាគី ។

លោក​បន្តថា “នៅពេលដែល​កម្ពុ​ជាមាន​សេដ្ឋកិច្ច​រីកចំរើន សហភាព​អឺរ៉ុប​នឹង​ដក​ទៅវិញ​ដោយ​ស្វ័យប្រវត្តិ” ។ លោក​បន្ថែមថា “ការចរចា​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នេះ គឺ​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ម្យ៉ាង​គឺ​ដោយសារតែ​កម្ពុ​ជាមាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អជា​មួយ​ប្រទេស​ចិន ពោលគឺ​មិនមែន​ភាគី​ចិន ជួយ​ជ្រោមជ្រែង​ក្នុង​ការចុះ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រេច​នៅពេលនេះ​ទេ” ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អឺរ៉ុប​បានឱ្យដឹង​កាលពី​ខែកក្កដា​កន្លងមកនេះ​ថា ការដក​ផ្នែក​ខ្លះ​នៃ​ការអនុគ្រោះ​ពន្ធ និង​ការជំនួស​មកវិញ​ជាមួយនឹង​ពន្ធ​ស្តង់ដារ​របស់​សហភាព​អ៊ឺរ៉ុប  នឹង​ប៉ះពាល់​ដល់​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បានជ្រើសរើស និង​រាល់​ទំនិញ​សម្រាប់​ការធ្វើដំណើរ​និង​ស្ករ ស។

សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា ការដក​នេះ​មាន​ចំនួន​ប្រហែល១ភាគ​ប្រាំ ឬ១ពាន់​លាន​អឺរ៉ូ នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប។ លើកលែងតែ​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​ជំទាស់​រឿងនេះ បើ​ពុំ​នោះទេ​វិធានការ​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ។

ការព្រមាន​ដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​គណៈ​សហភាព​អឺរ៉ុប​នេះ បានធ្វើ​ផលិតផល​នាំចេញ​របស់​កម្ពុជា ប្រមាណ៤០មុខ រួមមាន សម្លៀកបំពាក់​កាត់ដេរ សម្ភារៈ​ធ្វើដំណើរ វ៉ា​លី​ធ្វើដំណើរ កាបូបស្ពាយ ស្បែកជើង និង​ស្ករស​ផង​នោះ ត្រូវ​បង់ពន្ធ​ឡើងវិញ​ក្នុង​ចំណែក២០ភាគរយ​នោះ៕

រដ្ឋាភិបាល​កំពុង​តាមដាន​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ឯកជន​វិនិយោគនៅតាម​តំបន់​កោះ

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អន្តរក្រសួង បាននិងកំពុង​តាមដាន​សកម្មភាព​រប​ស់​ក្រុមហ៊ុន​ឯកជន ដែល​ទទួលបាន​សិទ្ធិ​វិយោគ នៅតាម​បណ្តា​កោះ​នានា នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​នៅ​កម្ពុជា។

អ្នកនាំពាក្យ​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភា​រម្យ​បាន​មានប្រសាសន៍​ឱ្យដឹងថា កន្លងមកនេះ ក្រុមមន្ត្រី​របស់​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ បាន​ចុះមក​ពិនិត្យមើល​ដោយផ្ទាល់ នូវ​សកម្មភាព​អ​វឌ្ឍន៍​កោះ​មួយចំនួន នៅក្នុង​ខេត្ត​ព្រះសីហនុ ។

លោក​បន្តថា “ការ​ចុះមក​ពិនិត្យមើល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ ពី​វឌ្ឍនភាព​នៃ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន នៅតាម​បណ្តា​កោះ​មួយចំនួន​នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​កាលពី​កន្លងមកនេះ” ។ លោក​បន្តថា “កោះ​ដែល​ក្រុមមន្ត្រី​អន្តរក្រសួង​បាន​ចុះ​ត្រួតពិនិត្យ​រួមមាន​កោះ​ថ្មី កោះ​ឬ​ស្សី កោះ​តា​គាវ កោះក្របី កោះ​ប្រឹស និង​កោះរ៉ុង​ជាដើម ក្នុងន័យ​តាមដាន​រាល់​ការអនុវត្ត​គម្រោង​វិនិយោគ ដែល​ទទួលបាន​ពី​រាជរដ្ឋាភិបាល​ហ្នឹង អ្នក​វិនិយោគិន​បាន​ធ្វើបាន​អ្វីខ្លះ? ហើយ​បានធ្វើ​ទៅតាម​ផែនការ ឬ​កម្មវិធី​វិនិយោគ​របស់ខ្លួន​ដែរឬទេ?” ។

លោក​បញ្ជាក់ថា  គម្រោង​វិនិយោគ​នៅតាម​បណ្តា​កោះ និង​ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ មាន​ចំនួន២០គម្រោង ដែលមាន​ទុន​ប្រមាណ​ជាង៣ ពាន់​លាន​ដុល្លារ​អាំ​មេ​រិ​ក” ។

ប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ កាលពី​កន្លងមកនេះ ក៏បាន​ចុះមក​ពិនិត្យ​គម្រោង​វិនិយោគ របស់​បណ្តា​ក្រុមហ៊ុន​មួយចំនួន នៅ​ខេត្តកោះកុង ដែល​បាន​ចុះកិច្ចសន្យា​ជួល​កោះ ឆ្នេរ និង​រមនីយដ្ឋាន​នានា​ជាមួយ​រដ្ឋាភិបាល​ផងដែរ។

តាមរយៈ​ការពិនិត្យ​គម្រោង​ទាំងនេះ ប្រធាន​គណៈប្រតិភូ​បាន​សំណូមពរ​មក​រដ្ឋបាល​ខេត្ត​បន្ត​កិច្ចសហការ និង​សម្របសម្រួល​គម្រោង​ទាំងនេះ អោយ​អនុវត្តបាន​ល្អប្រសើ​តាម​ផែនការ​វិនិយោគ និង​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល ជំរុញ​ការវិនិយោគ​នៅក្នុង​ខេត្ត ឲ្យ​បានល្អ​ប្រសើរ៕

ចំណេះដឹង! តើ​អ្វី​ជាការ​វិនិយោគ?

ដោយ វុត្ថា

ភ្នំពេញៈ តាមន័យ​សេដ្ឋកិច្ច៖ វិនិយោគ​គឺជា​ការធ្វើ​ប្រតិបត្តិការ ដើម្បី​បង្កើត​មូលធន មានដូចជា ទ្រព្យ​ក្នុង​ការរក្សា​ស្ថេរភាព សម្រាប់​បម្រើ​សេចក្តីត្រូវការ និង​ចាំបាច់។ការវិនិយោគ​នេះ មាន​គោលដៅ​ផងដែរ​ដើម្បី​បង្កើត​តម្លៃ​នៃ​បេតិកភណ្ឌ។

តាមន័យ​នេះ ការវិនិយោគ​មាន​ដូចតទៅ៖

  • ការ​បង្កើតជា​សហគ្រាស បរទេស​ដែលមាន បុត្រ​សម្ព័ន្ធ ការិយាល័យ​តំណាង និង​សាខា។
  • ការទិញ​សហគ្រាស​ដែលមាន​រួចជាស្រេច
  • ចូល​ដើមទុន​សម្រាប់​សហគ្រាស​បង្កើត​ថ្មី
  • ចូល​ដើមទុន​សម្រាប់​សហគ្រាស​ដែលមាន​ស្រាប។

តាមន័យ​គតិយុត្ត៖ វិនិយោគ​ជា​ប្រតិបត្តិ​ការប្រើប្រាស់ នូវ​ឧបករណ៍​គតិយុត្ត ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច ក្នុងសង្គម​ដំណើរការ​បានល្អ។ វា​អាចជា​ការន​ង្កើ​ត​ឡើង តាមរយៈ​ប្រើប្រាស់​ទុន ឬ​ហ៊ុន​ដែលជា​ដើមទុន សម្រាប់​បង្កើត​គ្រោង​សេដ្ឋកិច្ច ដែល​បានផ្តល់​ឲ្យ​អ្នកវិនិយោគទុន​បាន​ទួល​នូវ​ផលចំណេញ ក្នុង​គម្រោង​របស់​អ្នកវិនិយោគ​ទាំងនោះ។

តាមច្បាប់​អន្តរជាតិៈ ការវិនិយោគទុន គឺជា​ការជាប់​កិច្ចសន្យា​រវាង​វិនិយោគិន​បរទេស និង​វិនិយោគិន​ខ្មែរ លើ​ទឹកដី​ណាមួយ​តាម​កិច្ចព្រមព្រៀង​ជាមុន ទោះ​នៅទីណា​ក៏ដោយ​ដោយ​អនុលោម​តាមច្បាប់ និង​បញ្ញា​ត្តិ​របស់​ភាគី​ចុះកិច្ចសន្យា៕

ផ្ទះសំណាក់ និងសណ្ឋាគារនៅក្នុងខេត្តមណ្ឌលគិរីត្រូវបានកក់ជាង៨០ភាគរយហើយសំរាប់ឳកាសឈប់សំរាកខាងមុខនេះ

ដោយវុត្ថា

មណ្ឌលគិរីៈ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានអះអាងថា រហូតមដល់ពេលនេះភ្ញៀវទេសចរជាតិ អន្តរជាតិបានកក់បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនៅក្នុងខេត្តមណ្ឌលគិរីបានជាង៨០ភាគរយហើយ សម្រាប់ស្នាក់នៅនៅក្នុងឱកាសឈប់សំរាក   រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ។

លោកងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងតាមទូរស័​ព្ទនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ឱ្យដឹងថា នៅក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិក បានឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញនេះ អាជីវកម្មលើសេវាកម្មទេសចរណ៍ មានសណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងខេត្តមណ្ឌលគិរី បានត្រៀមរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរណ៍។

លោកស្នើដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីដ្ឋាន រមណីយដ្ឋាន និងប្រតិករទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ រលកទី២ ដោយធ្វើយ៉ាងណាឱ្យម្ចាស់សេវាកម្មទាំងអស់ ដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ លោក ងិន សុវិមាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមឱ្យមានការចូលរួមអនុវត្តទាំងអស់គ្នា ក្នុងការលាងសម្អាតដៃរបស់ខ្លួនឱ្យបានស្អាតជានិច្ច តាមការណែនាំរបសក្រសួងទេសចរណ៍ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា នៅក្នុងឱកាសថ្ងៃឈប់សំរាកខាងមុនេះ គឺជាពេលវេលាល្អសម្រាប់ពលរដ្ឋខ្មែរដែលជាអ្នកទេសចរណ៍ ដើរលេងកម្សាន្ត បន្ទាប់ពីខកខានបានចេញដើរដោយសារមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩។

លោកស្រីបន្តថា បច្ចុប្បន្ននេះមានតែភ្ញៀវទេសចរនៅក្នុងស្រុកប៉ុណ្ណោះ ដែលអាចចេញធ្វើដំណើរកម្សាន្ត ខណៈភ្ញៀវមកពីខាងក្រៅនៅទូទាំងពិភពលោក ពួកគេមិនអាចធ្វើដំណើរបាននោះទេ ដោយបារម្ភពីការឆ្លងជំងឺប្រភេទថ្មីនេះ ហើយនេះជាសញ្ញាថ្មីនៃការជំរុញទេសចរនៅក្នុងស្រុកដែលធ្វើឱ្យសណ្ឋាគារ និងផ្ទះសំណាក់បើអាជីវកម្មឡើងវិញ។

លោកស្រីបញ្ជាក់ថា “ភ្ញៀវទេសចរនៅក្នុងស្រុកភាគច្រើន បានចេញទៅលេងកម្សា​ន្តនៅភាគឦសាន្តប្រទេស ដូចជា ខេត្តមណ្ឌលគិរី រតនគិរីជាដើម ព្រោះទីនោះជាតំបន់ភ្នំមានទេសភាពស្រស់”។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបង្ហាញថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍រួមមាន សណ្ឋាគារ១១កន្លែង ស្មើនឹង៤២៨ បន្ទប់ ផ្ទះសំណាក់ ៤៦កន្លែង ស្មើនឹង៦៧៩បន្ទប់, ម៉ូតែល១កន្លែង ស្មើនឹង៣៩បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៤៨កន្លែង ស្មើនឹង ៤២៥តុ និង ២.១២៩កៅអី និងខារ៉ាអូខេ ០៩កន្លែង ស្នើនឹង ៤៥បន្ទប់។

ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ដោយឯកជនសរុបមានចំនួន១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, ជ្រៃយស់, ចំការកាហ្វេ និងអូររមីស៕

សេដ្ឋកិច្ចប្រទេសលីបង់ធ្លាក់ចូលវិបត្តិរួចទៅហើយ មុនពេលឧបទ្ទវហេតុផ្ទុះដ៏ធំកើតឡើងនៅរដ្ឋធានីរបស់ខ្លួន

ដោយ ប៊ី

អន្តរជាតិៈ ឧបទ្ទវហេតុផ្ទុះដ៏ធំមួយ នៅរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ។

កាលពីថ្ងៃអង្គារសប្តាហ៍មុន ការផ្ទុះដ៏ធំមួយនៅកំពង់ផែទីក្រុង បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៣៥ នាក់ស្លាប់ និង៥.០០០ នាក់រងរបួស។ ចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។

ការផ្ទុះដែលបានធ្វើឱ្យតំបន់បេរូតខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានផ្លាស់ទីលំនៅប្រជាជនចំនួន៣០០.០០០ នាក់ មិនគួរកើតឡើងនៅពេលនេះទេ។

កាលពីមួយឆ្នាំកន្លងមក ការធ្លាក់ចុះនៅក្នុងប្រព័ន្ធធនាគារ និងអតិផរណាកើនឡើងយ៉ាងខ្លាំង បានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។ សូម្បីតែមុនពេលមានការរីករាលដាលនៃជំងឺCovid-19 ក៏ដោយធនាគារពិភពលោកបានព្យាករណ៍ថា ប្រជាជនចំនួន៤៥ ភាគរយ នៅក្នុងប្រទេសលីបង់នឹងស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ ២០២០។

លោកTamara Alrifai អ្នកនាំពាក្យនៅទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួននៅតំបន់ប៉ាឡេស្ទីនបាននិយាយថា “វា (លីបង់) មានវិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ វិបត្តិនយោបាយ វិបត្តិសុខភាព ហើយឥឡូវនេះមានការផ្ទុះដ៏គួរឱ្យរន្ធត់ទៀត”។

បណ្តាប្រទេសនៅអឺរ៉ុបជាច្រើន បានបញ្ជូនជំនួយ ដើម្បីជួយប្រទេសលីបង់គ្រប់គ្រ​ងការធ្លាក់ចុះពីការផ្ទុះនេះ ហើយធនាគារកណ្តាលរបស់ប្រទេស បានស្នើដល់អ្នកផ្តល់កម្ចី ដើម្បីផ្តល់កម្ចីការប្រាក់ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដូច្នេះប្រជាជននិងអាជីវកម្មអាចកសា​ងឡើងវិញបាន។ ប៉ុន្តែគេរំពឹងថា ម្ចាស់ជំនួយមួយចំនួនប្រហែល ជាអាចត្រូវបានរារាំងដោយអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ។

ប្រធានាធិបតីបារាំងលោកEmmanuel Macron ដែលត្រូវបានហ្វូងមនុស្សខឹងសម្បារ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបៃរូត ដែលត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា បារាំងនឹងផ្តល់ថ្នាំពេទ្យ និងអាហារ ប៉ុន្តែមិនមែនតាមរយៈមន្រ្តីពុករលួយទេ។

លោកបានប្រាប់ក្រុមអ្នកតវ៉ាលីបង់ថា “ជំនួយនេះ ខ្ញុំធានាថានឹងមិនបញ្ចប់ដោយដៃពុករលួយឡើយ”។

លោកMacron បានប្រាប់អ្នកយកព័ត៌មានថា បារាំងនឹងជួយរៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីរៃអង្គាសថវិកាសម្រាប់ប្រទេសលីបង់។ លោកបានសន្យាថា “អភិបាលកិច្ចច្បាស់លាស់ និងមានតម្លាភាព មិនថាបារាំងឬអន្តរជាតិ “ដើម្បីធានាថាថវិកា” ត្រូវបានផ្តល់ដោយផ្ទាល់ដល់ប្រជាជន អង្គការក្រៅរដ្ឋាភិបាល និងក្រុមនៅនឹងកន្លែងដែលត្រូវការវា”៕ CNN៕

កម្ពុជា វៀតណាម ថៃកំពុងពិភាក្សាលើបញ្ហាច្រករបៀងតំបន់ឆ្នេរភាគខាងត្បូង ដើម្បីជំរុញកំនើនសេដ្ឋកិច្ច

ដោយៈ រ៉ាណេត

កោះកុងៈ រដ្ឋបាលខេត្តដែលស្ថិតនៅតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសចំនួន៣រួមមាន កម្ពុជា វៀតណាម និងថៃ បានសន្និសីទនៃកិច្ចសហប្រតិបត្តិការ ច្រករបៀងសេដ្ឋកិច្ច (CVTEC)លើកទី៣ ដើម្បីស្វែងរកដំណោះស្រាយ និងភាពល្អប្រសើរដល់វិស័យដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងលំហូរទេសចរប្រកបដោយសុវត្ថិភាពខ្ពស់។

អភិបាលរងខេត្តកោះកុង លោក ស្រេង ហុង ដែលបានដឹកនាំប្រតិភូចូលរួមសន្និ​សីទកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ(CVTEC) លើកទី៣ តាមអនឡាញនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំនិងសន្និសីទខាងលើនេះ គឺធ្វើឡើងក្រោមវត្តមានរបស់ លោក និយម វ៉ារ៉ាត់ផានិត ប្រធានគណៈកម្មាធិការកិច្ចតំបន់ឆ្នេរ កម្ពុជា វៀតណាម ថៃ (CVTEC) ដែលតំណាងភាគីថៃ។

លោកបានឱ្យដឹងថា តួនាទីរបស់CVTEC គឺការលើកស្ទួយច្រករបៀងសេដ្ឋកិច្ចតំប​ន់​ឆ្នេរភាគខាងត្បូង ដែលធ្វើយ៉ាងណាបង្កភាពងាយស្រួល ដល់ភាគីប្រទេសដែលជាសមាជិក។ នៅក្នុងកិច្ចជំនួបខាងលើនេះ ក៏មានការធ្វើបច្ចុប្បន្នភាពទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ(CVTEC) បន្ទាប់ពីចុះហត្ថលេខាលើការលើកស្ទួយ និងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ចកម្ម ការវិនិយោគ ការដឹកជញ្ជូន ទេសចរណ៍ និងMICE តាមរយៈច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរក្នុងចំណោមប្រទេស កម្ពុជា វៀតណាម និងប្រទេសថៃផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការធ្វើបច្ចុប្បន្នភាពទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិ​បត្តិការច្រករបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ (CVTEC) កាលពីពេលកន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តំណាងក្នុងវិស័យឯកជន ក្រោមការគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសភាពាណិជ្ជកម្ម តាមបណ្តាខេត្តដែលស្ថិតនៅតំបន់ព្រំប្រទល់ ក៏ដូចជាតំបន់ឆ្នេរបានធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីសម្រួលដល់ដំណើរការច្រកសេដ្ឋកិច្ចទាំងនេះផងដែរ។

លោកឧកញ៉ាបានបញ្ជាក់ថា “ការធ្វើពាណិជ្ជកម្ម ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាលពីពេលកន្លងទៅថ្មីៗនេះ ដោយសារភាពភ័យខ្លាចនៃការរាតត្បាតជំងឺ Covid-19 ភាគីនៃប្រទេសជិតខាងកម្ពុជា រួមមានប្រទេសវៀតណាម និងប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនមួយចំនួនដោយឯកតោភាគី ដែលទង្វើនេះបានជះឥទ្ធពលអវិជ្ជមាន ដល់ពាណិជ្ជករ និងទទួលរងនូវការខាតបង់”។

កាលពីពេលកន្លងទៅ ដោយសារតែមានការបិទច្រកព្រំដែន ដោយឯកតោភាគី ដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម បានធ្វើឱ្យទាំងពាណិជ្ជករកម្ពុជា ក៏ដូចជាពាណិជ្ជកម្មដែលស្ថិតនៅក្នុងប្រទេសសាមីខ្លួនឯង ទទួលរងនូវការខាតបង់ប្រយោជន៍ ដូចជាការដឹកជញ្ជូនដំឡូង ស្រូវ អង្ករ និងផលិតផលផ្នែកកសិកម្មផ្សេងៗមួយចំនួនទៀត ទៅកាន់ទីផ្សារដែលត្រូវឆ្លងកាត់ព្រំដែន៕

បង់ត្រឹម៣៨១ដុល្លារក្នុងមួយខែនឹងទទួលបានលំនៅដ្ឋានដ៏ស្រស់ស្អាតនិងអាច ប្រកបអាជីវកម្មបាន

ដោយស៊ីវ ម៉េង

ភ្នំពេញៈ ក្នុងគោលដៅផ្តល់លំនៅដ្ឋានតម្លៃសមរម្យ ដល់ប្រជាពលរដ្ឋកម្ពុជា បុរីKC

បាននិងកំពុងវិនិយោគ លើលំនៅដ្ឋានតម្លៃមធ្យមដល់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម។

បុរីដែលមានទីតាំងនៅក្បែរផ្សារព្រែកព្នៅថ្មីនេះ បាននិងងកំពុងសាងសង់លំនៅ   ដ្ឋានតម្លៃមធ្យម និងខុនដូតម្លៃសមរមន្យផងដែរ។

លំនៅដ្ឋានដែលមានតម្លៃ ត្រឹមជាង៦០០០០ដុល្លារអាមេរិកនេះ មានទំហំ៥ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ដែលមានបន្ទប់គេងចំនួន៣ និងបន្ទប់ទឹក៣ ជាជម្រើសសំរាប់គ្រួសារទាន់សម័យ និងមានជីវភាពកម្រិតមធ្យម។

បុរី​ខេ​ ស៊ី​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។ បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦​ ៦៨៥​ ៨៥៨​ ៕