កម្មវិធីសម្រាកនាពេលរាត្រីនៅភ្នំគូលែន បានក្លាយជាផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញ

ដោយ៖ រ៉ាណេត

សៀមរាប: រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប កាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប បានសហការគ្នារៀបចំកម្មវិធី ដំណើរកម្សាន្តនៅលើភ្នំគូលែន ដោយមានកញ្ចប់ទេសចរណ៍ចំនួន២ សម្រាប់ជ្រើសរើសនាថ្ងៃឈប់សម្រាកខាងមុខនេះ។

នេះបើតាមការបញ្ជាក់អោយដឹងពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ដំណើរកំសាន្តរុករកទីក្រុងបុរាណនាដើមសម័យអង្គរគឺ មហិន្ទ្របុរៈ (ភ្នំគូលែន) ដែលជាទីតាំងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងជាទីបូជនីយដ្ឋានដ៏សក្តិសិទ្ធិ និងល្បីល្បាញនៅកម្ពុជា។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបន្តថា កម្មវិធី “សម្រាកសៀមរាប” បានរៀបចំដំណើរកំសាន្តនៅលើភ្នំគូលែន ដោយមានកញ្ចប់ទេសចរណ៍ចំនួន២ គឺការដើរព្រៃ និងបោះតង់ និងការដើរព្រៃ ជិះកង់ និងបោះតង់។ ចំពោះតម្លៃនៃកញ្ចប់ទេសចរណ៍ទី១ គឺការដើរព្រៃ និងបោះតង់ មានតម្លៃ៥៩ដុល្លាអាមេរិកក្នុងម្នាក់ , ចំពោះតម្លៃនៃកញ្ចប់ទេសចរណ៍ទី២ គឺការដើរព្រៃ ជិះកង់ និងបោះតង់ មានតម្លៃ៨៩ដុល្លាអាមេរិកក្នុងម្នាក់។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបន្តទៀតថា ក្រុមទី១ : ចេញដំណើរ ថ្ងៃទី ១៨- ១៩ ខែសីហា ឆ្នាំ២០២០
ថ្ងៃទី១: វេលាម៉ោង០១:៣០រសៀលចេញដំណើរពីសាលាខេត្តសៀមរាបទៅកាន់ភ្នំគូលែនដោយរថយន្ត។ ចាប់ផ្តើមដើរពីវត្តព្រះអង្គជុបដល់ ទឹកជ្រោះបន្ទាប់មកដើរទៅកន្លែងបោះជំរុំ។

ថ្ងៃទី២: ដើរទៅទស្សនាព្រះអង្គធំ ទឹកធ្លាក់ ពើងជ្រួញ ពើងត្បាល់ ស្រះដំរី និង ត្រឡប់មកក្រុងវិញ។
ក្រុមទី២ : ថ្ងៃទី ២១- ២២ ខែសីហា ឆ្នាំ២០២០
ថ្ងៃទី១: វេលាម៉ោង០១:៣០រសៀល ចេញដំណើរពីសាលាខេត្តសៀមរាបទៅកាន់ភ្នំគូលែនដោយរថយន្ត។ចាប់ផ្តើមដើរពីវត្តព្រះអង្គជុបដល់ ទឹកជ្រោះបន្ទាប់មកដើរទៅកន្លែងបោះជំរុំ។
ថ្ងៃទី២ : ជិះកង់ទស្សនា ព្រះអង្គធំ-ទឹកធ្លាក់-ពើងជ្រួញ ពើងត្បាល់ ស្រះដំរី និង ត្រឡប់មកក្រុងវិញ៕

គម្រោងអភិវឌ្ឍដ៏មានសក្តានុពល របស់បុរី ប៉េង ហួត បង្អួតខ្លួន នាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ

បើក្រលេកមើលមកភាគខាងត្បូងនៃរាជធានីភ្នំពេញ ធ្វើអោយយើងប្រាកដជានឹកឃើញ ពីមហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ៦០ ម៉ែត្រ និងផ្លូវក្រវ៉ាត់ក្រុង ៥០ ម៉ែត្រ ដែលកំពុងទទួលបានការអភិវឌ្ឍន៍គម្រោងធំៗ ឥតឈប់ឈរ ទាំងគម្រោងអភិវឌ្ឍលំនៅដ្ឋាន មន្ទីរពេទ្យអន្តរជាតិ សាលាអន្តរជាតិ និងផ្សារទំនើបផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ គម្រោងផ្សារទំនើបដ៏ល្បីរបស់ជប៉ុន និងមន្ទីរពេទ្យអន្តរជាតិមួយ ក៏បានប្រកាសវត្តមានជាផ្លូវការក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។

គម្រោងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើន បានសម្រុកមកអភិវឌ្ឍគម្រោងលំនៅដ្ឋានរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង ដែលញ៉ាំងអោយតំបន់ភាគខាងត្បូងនេះ ក្លាយជាតំបន់សក្តានុពលទាំងការរស់នៅ និង ពាណិជ្ជកម្ម។ ក្នុងតំបន់នេះផងដែរ បានលេចវត្តមានបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជន បានអភិវឌ្ឍគម្រោងចំនួន២ គឺគម្រោង ដឹស្តា ដាយមិន និងដឹស្តា មេរាហ្កាដិន។

គម្រោងដឹស្តាដាយមិន ជាគម្រោងមួយដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា ជាតំបន់ដ៏មានសក្តានុពល ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង​គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការរស់នៅ របស់លោកអ្នកកាន់តែមានភាពសម្បូរបែប។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចំរុះ  ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ០៣ នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារធំជាងគេដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

សូមបញ្ជាក់ផងដែរថាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្តាខេត្តនានា ជាពិសេសក៏មានទីតាំងនៅជិតសាងសង់ព្រលានយន្តហោះថ្មី ត្រូវសាងសង់នៅលើ​ផ្ទៃដី​រហូត​ដល់​ ២៦០០​ហិចតា បោះទុន​សាងសង់​ជាង​ ១ពាន់​លាន​ដុល្លារ មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើអោយតំបន់នេះមានដីធំទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំងផងដែរ។

 

រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រី

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្ត គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័ន្តបានចាប់ផ្តើមដំណើរការហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានរៀបការ៉ូឡា ចាប់ពីតារាសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) រួចរាល់។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ គឺគ្រោងធ្វើឡើងជាពីរដំណាក់កាល។

ក្នុងនោះតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការា៉សសាំងតូតាល់រហូតដល់ផ្លូវ R៦ (ស្តុបក្តាន់២) មានប្រវែង៦៥០ម៉ែត្រ កម្ពស់ ២ម៉ែត្រ ។ តំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវ R៦ (ស្តុបក្តាន់២)នេះរហូតដល់ស្តុបវត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ចំពោះការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើង ចាប់ពីតារា៉សសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រ ក្រុមការងារបានស្ថាបនារួចរាល់ហើយ ហើយពេលនេះក្រុមការងារកំពុងស្ថាបនារបងថ្មទៅតាមគម្រោងបន្តទៀត។

ការរៀបចំធ្វើរបងថ្មជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងនេះបានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពនៃគម្រោងខាងលើនេះផងដែរ និងបានស្នើឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះ។

លោកអភិបាលរាជធានីភ្នំពេញថ្លែងថា ដោយហេតុថាកំណាត់ផ្លូវនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរឱ្យបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

កម្ពុជាត្រូវការបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យសេដ្ឋកិច្ច២០៣០ និង២០៥០

ដោយ៖ ប៊ី

ភ្នំពេញ៖ របាយការណ៍ថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានឱ្យដឹងកាលពីថ្ងៃអង្គារ កម្ពុជានឹងអាចសម្រេចបានចក្ខុវិស័យសេដ្ឋកិច្ចឆ្នាំ ២០៣០ និង ២០៥០ លុះត្រាតែបច្ចេកវិទ្យាថ្មីៗត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីធ្វើឱ្យប្រសើរឡើង និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

UNDP បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនស្តីពី “ការទទួលយកឧស្សាហកម្ម ៤.០ នៅកម្ពុជា” ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអត្រាខ្ពស់ជាង ៧ភាគរយក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១១ ហើយកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

របាយការណ៍នេះ បានឱ្យដឹងថា “ចក្ខុវិស័យនេះអាចទទួល បានលុះត្រាតែបច្ចេកវិទ្យាថ្មីៗត្រូវបានគេប្រើ ដើម្បីបង្កើនតម្លៃឧស្សាហកម្ម ធ្វើពិពិធកម្មការនាំចេញ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម”។

វិស័យផលិតកម្មរបស់ប្រទេសកម្ពុជាបានចូលរួមចំណែកជាង ១៦ភាគរយដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ ២០១៨ ហើយបច្ចុប្បន្ននេះបានផ្តល់ការងារចំនួន ១,៤ លានកន្លែង។

ទោះយ៉ាងណា ផលិតកម្មរបស់កម្ពុជាត្រូវបានផ្តោតលើវិស័យធំៗចំនួនពីរ វាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងអាហារ និងភេសជ្ជៈ។ របាយការណ៍ បន្ថែមថា ផលិតផលទាំងនេះ បានរួមចំណែក ៨០ភាគរយនៃតម្លៃផលិតកម្មបន្ថែម និង ៧៦ភាគរយនៃការនាំចេញរបស់ប្រទេស។

ឧស្សាហកម្ម ៤.០ មានសក្តានុពលក្នុងការបង្កើតប្រភពថ្មីនៃតម្លៃសម្រាប់កម្មករ ក្រុមហ៊ុន សហគ្រាស និងប្រទេសនានា ហើយកម្មវិធី និងដំណោះស្រាយឧស្សាហកម្ម ៤.០ កាន់តែមានតម្លៃទាប មានកាន់តែទូលំទូលាយ និងងាយស្រួលប្រើប្រាស់។
ក្រុមហ៊ុនផលិតកម្ម អាចជំរុញឧស្សាហកម្ម ៤.០ ដើម្បីផ្តល់ជូននូវផលិតផលសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លតវៃ និងចែកចាយ។
ប៉ុន្តែកម្រិតនៃការទទួលយកឧស្សាហកម្ម ៤.០ នៅកម្ពុជានៅតែទាបនៅឡើយ ដោយកត់សម្គាល់ថា បច្ចេកវិទ្យាឌីជីថលនៅក្នុងក្រុមហ៊ុនភាគច្រើន (ជាង ៩០ ភាគរយ) នៅតែស្ថិតក្នុងកម្រិតមូលដ្ឋាននៅឡើយ។

នៅកម្រិតក្រុមហ៊ុន ឧបសគ្គក្នុងការប្រើប្រាស់ឧស្សាហកម្ម ៤.០ នៅក្នុងប្រទេសកម្ពុជារួមមានកង្វះការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និងអត្ថប្រយោជន៍របស់ពួកគេ ការយល់ដឹងខ្ពស់នៃបច្ចេកវិទ្យា ការបង្វែរការប្រើបច្ចេកវិទ្យាថ្មី ចន្លោះប្រហោងជំនាញ ការទទួលបានការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសនៅមានកម្រិត និងការរាំងស្ទះការទទួលបានហិរញ្ញវត្ថុ។

លោក Nick Beresford តំណាង UNDP នៅកម្ពុជា មានប្រសាសន៍ថា “មានសហគ្រាសតិចតួចណាស់នៅកម្ពុជាបានដឹងអំពីបច្ចេកវិទ្យាថ្មី ៤.០ ជាលទ្ធផលសេដ្ឋកិច្ចកំពុងបាត់បង់នូវផលិតភាពដ៏ធំ ហើយកម្មករបានបាត់បង់ការងារ ដែលមានជំនាញខ្ពស់ និងទទួលបានប្រាក់ឈ្នួលខ្ពស់”។

លោកបានបន្ថែមថា “របាយការណ៍នេះគឺជាសមភាគីដ៏ប្រសើរមួយចំពោះការងារ ដែលបានអនុវត្តដោយរាជរដ្ឋាភិបាលស្តីពីយុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា ហើយយើងចង់ធ្វើឱ្យមានការរួមបញ្ចូលគ្នា”៕

ក្រុមហ៊ុន Viking ប្រកាសត្រៀមដាក់ឱ្យដំណើរការនាវាថ្មីមួយទៀតសម្រាប់បំរើវិស័យទេសចរណ៍តាមដងទន្លេងមេគង្

ភ្នំពេញ៖ ក្រុមហ៊ុន Viking បានប្រកាសត្រៀមដាក់ឱ្យដំណើរការនាវាទេសចរណ៍ថ្មីមួយទៀត សម្រាប់បំរើឱ្យវិស័យទេសចរណ៍នៅតាមដងទន្លេងមេគង្គនៅឆ្នាំក្រោយនេះ ពីទីក្រុងកំពង់ចាមរបស់ប្រទេសកម្ពុជា ទៅកាន់ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម។

តាមយការចុះផ្សាយរបស់គេហទំព័រ Travel Agent Central នៅសប្តាហ៍នេះ ឱ្យដឹងថា នាវាទេសចរណ៍ដ៏ធំមួយនេះ បាននឹងកំពុងសាងសង់ ដែលអាចផ្ទុកភ្ញៀវទេសចរប្រមាណ ៨០ នាក់ ដែលគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ខាងមុននេះ ។

គោលបំណងនៃការសាងសងនាវាទេសចរណ៍នេះ គឺដើម្បីលើកម្ពស់វិស័យទេសចរណ៍តាមដងទន្លេមេគង្គ ។ នាវានេះនឹងមានការរចនាស្រដៀងទៅនឹង នាវា Scandinavian និងនាវាក្រុមហ៊ុន Viking ។ នាវាទេសចរណ៍នេះ មានរចនាបទដូចទៅនឹងសណ្ឋាគារដែលមានបន្ទប់គេង មានគ្រែ មានទ្វាកញ្ចក់ជាមួយនឹងវ៉េរ៉ងដារ ឬ យ៉បែបបទបារំាង។

នាវាទេសចរណ៍ថ្មីនេះ មានទាំងស្បារ និងកន្លែងហាត់ប្រាណ អាងហែលទឹក និង ស្កាយបារនៅជាន់ខាងលើដែលអាចស្រូបយកអាកាសធាតុដ៏បរិសុទ្ធតាមដងទន្លេមេគង្គ។ ភ្ញៀវទេសចរទាំងអស់ដែលធ្វើដំណើរកម្សាន្តតាមរយៈនាវានេះនឹងអាចគយគនទេសភាព ទីក្រុង ភូមិនេសាទ វត្តអារាម និងផ្សារអណ្តែតទឹកបានផងដែរ៕

កំណើនទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា អាចកម្រើកឡើងវិញនៅត្រីមាសី២ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមមានកម្រើកឡើងវិញនៅក្នុងត្រីមាសទី២ ឬដើមត្រីមាសទី៣នៃឆ្នាំ២០២១ ក្រោយការទប់ស្កាត់ការរាលដាលជំងឺឆ្លងបាន។

តាមការព្យាករណ៍របស់នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia អ្នកស្រី អាន សុធីតា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា ប្រសិនបើបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូតដល់ពាក់កណ្តាលឆ្នាំក្រោយទើបសកម្មភាពវិនិយោគទៅលើគម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។

ទិន្នន័យដែលចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះមានតម្លៃជាង ៣,៨៤ ពាន់លានដុល្លារ កើនឡើង ១៣,២៦ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំមុន។ នៅក្នុងឆមាសទី ១ ឆ្នាំនេះការស្នើសុំគម្រោងវិនិយោគលើវិស័យសំណង់មានចំនួន ២ ៥២២ គម្រោង កើនឡើង ៤៧៥ ធៀបនឹងឆមាសទី ១ ឆ្នាំមុនមានចំនួន ២ ០៤៧ គម្រោង។

តបទៅនឹងទិន្នន័យខាងលើនេះ អ្នកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ទាំងអស់នេះភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូលមកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាននៅក្នុងឆ្នាំ២០២០នោះទេ។ យើងទទួលស្គាល់ថា សកម្មភាព និងទុនវិនិយោគថ្មីបានកើនមាននៅក្នុងឆ្នាំ២០២០ខ្លះពិតមែន ប៉ុន្តែគម្រោងថ្មីទាំងនេះ ភាគច្រើនជាសកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុកដែលវាមានកំណើនទុនក្នុងវិស័យសំណងតិចភាគរយបើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា នៅក្នុងឆ្នាំ២០២០នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។

លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំបន្ទាប់”៕

Moody’s អះអាងថា​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ពី​ការធ្វើ​ពិពិធ​កម្មនៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក

ដោយៈ​ប៊ី

ភ្នំពេញៈ ប្រទេស​កម្ពុជា​បានទទួល​ផលប្រយោជន៍ ពី​ការធ្វើ​ពិពិធ​កម្ម​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក បើទោះបីជា​ការប្រកាស​ល​ទ្ធ​ផល​សម្រេច​ថា​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប​ក៏ដោយ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​អាម​រិ​ក Moody’s Investors Service នៅ​ថ្ងៃ​អង្គារ​នេះ។

Moody’s បានឱ្យ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទីក្រុង​ហុងកុង​ថា “ខណៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក កាន់តែ​ផ្តោតលើ​តំបន់​តំបន់សំខាន់នីមួយៗ អាស៊ី អឺរ៉ុប និង​សហរដ្ឋអាមេរិក ទំនងជា​នឹងមាន​អ្នកផ្គត់ផ្គង់​ផ្ទាល់ខ្លួន សម្រាប់​ផលិតផល​យុទ្ធសាស្ត្រសំខាន់” ។

Moody’s បាន​អះអាងថា “បណ្តា​ប្រទេស​ដូចជា​កម្ពុជា ឥណ្ឌា និង​ឥណ្ឌូនេស៊ី នឹង​ទទួលបាន​ផលប្រយោជន៍ ពី​ការចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​សម្រាប់​ទំនិញ​ជាក់លាក់ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ និង​គំនិត​ផ្តួចផ្តើមអ្វីៗទាំងអស់​លើកលែងតែ​អាវុធ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម” ។

ទីភ្នាក់ងារ​វាយតម្លៃ​សហរដ្ឋអាមេរិក​នេះ​បានឱ្យដឹងថា “នៅពេល​និន្នាការ​ទាំងនេះ​កើនឡើង ការធ្វើ​មូល​ដ្ឋា​នីយកម្ម​មួយចំនួន និង​ការផ្លាស់ប្តូរ​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​ខាងក្រៅ​ទ្វីបអាស៊ី​ទៅកាន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ទំនងជា​កើតឡើង” ។

ផលប៉ះពាល់​អវិជ្ជមាន នឹងមាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត សម្រាប់​ផលិតករ​អាស៊ី រួមទាំង​អ្នក​ផលិត​ចិន នៅក្នុង​វិស័យ​យុទ្ធសាស្ត្រ ដូចជា​ផលិតផល​ឱសថ ឧបករណ៍​វេជ្ជសាស្ត្រ និង​ទំនិញ​បច្ចេកវិទ្យា​ទំនើប ដែល​សុវត្ថិភាព​នៃ​ការផ្គត់ផ្គង់​គឺជា​កង្វល់​ដ៏​ធំ​បំផុត។

កាលពី​ខែកុម្ភៈ​គណៈកម្មការ​អឺរ៉ុប បានប្រកាស​ផែនការ​ដក​ផ្នែក​អនុគ្រោះ​ពន្ធ ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា ខណៈ​ថ្ងៃស្អែក​នេះ​អឺរ៉ុប​នឹង​ប្រកាសថា តើ​ដក ឬ​មិន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា៕

ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​របស់​អាមេរិក Coldwell Banker Cambodia ចាប់ផ្តើមផ្តល់​សេវាកម្ម​លើកដំបូង​នៅ​កម្ពុជា

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ ដែលមាន​ប្រភព​មកពី​សហរដ្ឋអាមេរិក Coldwell Banker Cambodia និង​មាន​អាយុ​ជាង ១១០ឆ្នាំ​មកហើយ​នោះ បានប្រកាស​ចាប់ផ្តើម​បើក​ដំណើរ​ការទទួល និង​ផ្តល់​សេវាកម្ម​ក្នុង​ទីផ្សារ​អចលនទ្រព្យ កម្រិត​ខ្ពស់​លើកដំបូង​នៅ​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ  ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ដែល​ទើបតែ​សម្ពោធ​បើក​ដំណើរការ ជា​ផ្លូវការ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ មួយ​នេះ មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋអាមេរិក ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ទី៣ជា​សាកល។

លោក​បន្តទៀតថា “ជាមួយនឹង​ការបើក​ដំណើរ​ការផ្តល់សេវា​នៅ​កម្ពុជា ជា​លើកដំបូង​នៅពេលនេះ ក្រុមហ៊ុន​បាន​ផ្តោត​សំខាន់​ទៅលើ​ឯកទេស និង​ជំនាញ​ផ្នែក​អចលនទ្រព្យ​សម្រាប់​ពាណិជ្ជកម្ម (Commercial Real Estate) និង​ទីផ្សារ​អចលនទ្រព្យ​លំដាប់​ខ្ពស់” ។ លោក​បន្តទៀតថា “ទីផ្សារ​គោលដៅ​របស់​យើង គឺ​ខុសពី​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ទូទៅ នៅ​ដែល​កំពុងដំណើរការ​ស​ព្វ​ថ្ងៃនេះ​នៅ​កម្ពុជា ដោយសារតែ​ពួកគេ​ធ្វើ​សេវាកម្ម​ចំរុះ បានន័យថា មិន​ថា​អចលនវត្ថុ​នោះ​មាន​កម្រិត​តូច ធំ ឬ​មធ្យម​នោះទេ គឺ​ធ្វើ​ទាំងអស់ ប៉ុន្តែ​សម្រាប់​ទីផ្សារ​គោលដៅ របស់​Coldwell Banker Cambodia គឺជា​ប្រភេទ​អចល​ទ្រព្យ​កម្រិត​ខ្ពស់​មានតម្លៃ​ថ្លៃ​អាច​ចាប់ពី១លាន​ដុល្លារ​ឡើងទៅ” ។

ជាមួយនឹង​ការបង្ហាញ​ពី​គោលដៅ​ទីផ្សារ​ខាងលើនេះ លោក Ken Lo ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា សម្រាប់​ការផ្តល់​សេវាកម្ម នៅក្នុង​ទីផ្សារ​អចល​ទ្រព្យ​នៅ​កម្ពុជា ដែលជា​ការចូលរួមចំណែក​មួយ​យ៉ាងសំខាន់ នៅក្នុង​ការលើកកម្ពស់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ឱ្យមាន​ភាពល្អប្រសើរ​មួយកម្រិត ខណៈដែល​បណ្តា​ប្រទេស​ជ​ច្រើន លើ​សាកលលោក​កំពុង​ជួប​វិ​សេដ្ឋកិច្ច តាមរយៈ​ក្រុមហ៊ុន Coldwell Banker Cambodia មានការ​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ Office Space បែប​ទាន់សម័យ​ជាច្រើន​ទីតាំង និង​ស្របតាម​តម្រូវការ​នាពេល​បច្ចុប្បន្ន។

លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ជាច្រើន ដែល​កំពុង​ប្រតិបត្តិការ​នៅពេល​បច្ចុប្បន្ន បាន និង​កំពុង​ធ្វើ​ការវិវឌ្ឍ​ទីស្នាក់ការ​របស់ខ្លួន ពី​ការជួល​ផ្ទះល្វែង ឬ​វីឡាតូចៗ មកកាន់​សំណង់​អាគារ​ទំនើបខ្ពស់ៗលំដាប់​ស្ដង់ដារ​អន្តរជាតិ ដែល​ក្រៅពី​អាចជួយ​បង្កើន​កេរ្តិ៍ឈ្មោះ ថែមទាំង​ជួយផ្តល់​ទំនុកចិត្ត ដល់​ដៃគូ​វិនិយោគ​របស់ខ្លួន​ថែមទៀត។ ដូច្នេះ​ការសម្រេចចិត្ត​ជ្រើសរើស Office Space កម្រិតស្តង់ដារ​ធ្វើជា​ទីស្នាក់ការ​ក្រុមហ៊ុន គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត” ។

ជាមួយគ្នានេះ តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ លំដាប់​អន្តរជាតិ​ដែលមាន​កេរ្តិ៍ឈ្មោះ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ដែល​ទើបតែ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា នាពេលនេះ លោក Ken Lo បានធ្វើការ​លើកទឹកចិត្ត​ដល់​បណ្តា​ម្ចាស់​អគារ ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​អគារធំៗលំដាប់​អន្តរជាតិ​នៅ​កម្ពុជា ជាពិសេស​អគារ​បម្រើ​វិស័យ Office Space អាច​ជួប​ប្រឹក្សា​ជាមួយ​ក្រុមហ៊ុន Coldwell Banker ក្នុងនាម​ជា​ដៃគូ​សហការ ដើម្បី​ផ្គត់ផ្គង់​ចំណែក​ទីផ្សារ ក៏ដូចជា​ការណែនាំ​អតិថិជនល្អៗ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​ចក្ខុវិស័យ​នៃ​ការបណ្តាក់ទុន​វិនិយោគ។

ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia មាន​ទទួល​បម្រើសេវា និង​ប្រឹក្សា​តែ​ចំពោះ​អចលនវត្ថុ​ទាំងឡាយណា ដែលមាន​តម្លៃ​ខ្ពស់​អាច​ចាប់ពី៨០ម៉ឺន​ដុល្លារ ឬ១លាន​ដុល្លារ​រ​ឡើងទៅ ដោយ​ក្នុងនោះ​មិន​ថា​ជា​ប្រភេទ​អគារ​ពាណិជ្ជកម្ម ខុន​ដូ លំនៅដ្ឋាន និង​ទីតាំង​ជួល​ដូចជា Commercial Land, Commercial Industrial, Property Residence ។

បន្ថែម​ពីនេះ ក្រុមហ៊ុន​ក៏មាន​នាំយក​អចលនទ្រព្យ​ពី​កម្ពុជា ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ហើយក៏​នាំយក​អចលនទ្រព្យ នៅក្រៅ​ប្រទេស​មក​លក់​នៅ​ប្រទេស​កម្ពុជា​វិញ​ផងដែរ ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម ដែលមាន​ប្រជាជន​ខ្មែរ​ទៅ​រស់នៅ និង​សិក្សា​បន្ត​នៅ​ទីនោះ​ច្រើន។ សម្រាប់​អ្នក​ដែលមាន​កូនចៅ​រៀន​ចប់​នៅក្នុង​ស្រុក ហើយ​ត្រូវ​បញ្ជូនទៅ​សិក្សា​បន្ត​នៅ​ប្រទេស​អូ​ស្ត្រា ឬ​កាណាដា អាច​ទិញ​អចលនទ្រព្យ ឬ​លំនៅដ្ឋាន​តាមរយៈ Coldwell Banker Cambodia ដែលជា​ក្រុមហ៊ុន មានការ​ទទួលស្គាល់​លំដាប់​ពិភពលោក៕

រដ្ឋាភិបាល​ត្រៀម​ឆ្វៀល​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវចម្រុះ​ក្នុងភូមិសាស្ត្រ​មួយចំនួន​នៃ​ខេត្តកោះកុង  

ដោយ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឆ្វៀល​ដី​មួយចំនួន​ស្ថិតនៅ​តំបន់ការពារធម្មជាតិ និង​របៀង​ជីវៈចម្រុះ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង ឯកសារ​ទីតាំង​ដី នៅក្នុង​តំបន់ការពារធម្មជាតិ​និង របៀង​អភិរក្ស​ជីវៈចម្រុះ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល ជាក់ស្តែង នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង។

រដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ ជាការ​គោរព​តាម អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សេចក្តីប្រកាស​ព៍​ត័​មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ ។ អនុសាសន៍​រំលឹក​ឡើងវិញ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក្នុង Facebook ផេ​ក​ផ្លូវការ​របស់​សម្តេច នៅ​ថ្ងៃទី៥ កក្កដា ឆ្នាំ ២០២០ ។

យោងតាម​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្តីពី​ការជំរុញ​ការទប់ស្កាត់ ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ នៅតាម​បណ្តា​ខេត្ត​នានា ។

នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពីដើម​ខែកក្កដា​ក​ន្ល​ង​មកនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​ភារកិច្ច​ជូន ទៅ​ក្រសួង​ទាំង៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ អោយ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារផ្សេងៗរបស់​រដ្ឋ ក្រសួងបរិស្ថាន បានចេញ​សេចក្តីសម្រេច​ស្តីពី ការបង្កើត​ក្រុមការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវចម្រុះ​នៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង៕

ចំណេះដឹង! តើ​អ្វី​ជាការ​នាំចូល​តាម​របប​ប្រវេសន៍​កាលិក?

ដោយ​វុត្ថា

ភ្នំពេញៈ ប្រវេសន៍​កាលិក គឺជា​នីតិវិធី​គយ ដែល​អាច​អនុញ្ញាត​ឲ្យ​ទំនិញ​នាំចូល​បាន​ក្នុង​ដែន​គយ ក្រោម​ល័ក្ខខ័ណ្ឌ រួច​ផុតពី​ការបង់ពន្ធ​និង​អាករ​ទាំងស្រុង ឬ​ភាគ​ខ្លះ។

ទំនិញ​ទាំងនោះ ត្រូវបាន​នាំចូល​ក្នុង​គោលបំណង ច្បាស់លាស់ ហើយ​ត្រូវ​នាំចេញ​ទៅវិញ ក្នុង​កម្រិត​ពេលវេលា​ជាក់លាក់​មួយ និង​មិន​ធ្វើការ​កែច្នៃ ឬ​ផ្លាស់ប្តូរ លើកលែងតែ​ការ​រំលស់​ជាធម្មតា​តាម​ការប្រើប្រាស់ (មាត្រា ៩ នៃ​ច្បាប់​ស្តីពី​គយ)។

ការ​នាំចូល​ទំនិញ ក្រោម​របប​ប្រវេសន៍​កាលិក អាច​ត្រូវបាន​អនុញ្ញាត ចំពោះ​ករណី​ដូចខាងក្រោម ទី១ ទំនិញ​សម្រាប់​ដាក់តាំង​បង្ហាញ ឬ​ប្រើប្រាស់​ក្នុង​ពី​ធី​តាំ​ពិ​ព័រ​ណ៌ កិច្ចប្រជុំ​ឬ ព្រឹត្តិការណ៍​ប្រហាក់ប្រហែល ដែលមាន​បរិមាណ​សម​ស្រប។ ទី២ បរិក្ខារ​វិជ្ជាជីវៈ​ចាំបាច់​សម្រាប់​អ្នកបច្ចេកទេស ឬ​បុគ្គល​វិជ្ជាជីវៈផ្សេងៗ ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​បំពេញ​ភារ​កិ​ច្ច្ ឬ​មុខរបរ​ឯកទេស ដោយ​មិន​រាប់បញ្ចូល​នូវ​បណ្តា គ្រឿង​ម៉ាស៊ីន គ្រឿងចក្រ និង​បរិក្ខារ​ឯកទេស សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កម្មន្តសាល ឧស្សាហកម្ម ការ​វេច​ខ្ចប់​ទំនិញ អាជីវកម្ម​ធនធានធម្មជាតិ ការកសាង ឬ ការជួសជុល​អគារ ការងារ​ដី ឬ គម្រោង​ប្រហាក់ប្រហែល​នានា។

ទី៣ កុងតឺន័រ ប៉ា​ឡែ​ត កញ្ចប់ គម្រូ​ទំនិញ និង​ទំនិញ​នាំចូល​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ពាណិជ្ជកម្ម តែ​ពុំមែន​ជា​ផ្នែក​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​នៅពេលដែល​ត្រូវបាន​លក់ ឬ​ទិញ ទី៤ទំនិញ​នាំចូល​សម្រាប់​សំណូមពរ​នៃ​ការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ រាប់បញ្ចូល​ទាំង​បំណែក​នៃ​បរិក្ខារ​វិទ្យាសាស្ត្រ និង​សម្ភារ​អប់រំ​ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំចូល​តាម​របប​ប្រវេសន៍​កាលិក ទី៥ ទំនិញ​នាំចូល​សម្រាប់​វិស័យ​កីឡា​ដែល​ប្រើប្រាស់​ដោយ​អ្នកទេសចរ កីឡាករ អ្នកដំណើរ​សម្រាប់​ការប្រកួតប្រជែង ការបង្ហាញ ឬ ការហ្វឹកហាត់​ក្នុង​ដែន​គយ។

  • សម្ភារ​សម្រាប់​ផ្សព្វផ្សាយ​ទេសចរ សម្រាប់​ទាក់ទាញ​ការ​ទស្សនា​ប្រទេសផ្សេងៗទៀត។
  • ទំនិញ​នាំចូល​ដោយ​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន
  • ទំនិញ​នាំចូល​សម្រាប់​គោលបំណង​មនុស្សធម៌ រាប់​ប​ញ្ជូ​ល​ទាំង​បរិក្ខារ​មន្ទីរពិសោធន៍ មន្ទីរ​វះកាត់ និង​ទំនិញ​ជំនួយ​សង្គ្រោះ​ជនរងគ្រោះ ដោយ​គ្រោះធម្មជាតិ និង​មហន្តរាយ​ប្រហាក់ប្រហែល។
  • មធ្យោបាយ​ដឹកជញ្ជូន​មនុស្ស និង​ទំនិញ សម្រាប់​គោលបំណង​ពាណិជ្ជកម្ម ដូចជា​នាវា អាកាស​យាន្ត​យានយន្ត​ផ្លូវគោគ ឬ ផ្លូវដែក ដែល​ប្រើប្រាស់​ក្នុង​ចរាចរ​ដឹកជញ្ជូន​ជា​អន្តរជាតិ រាប់បញ្ចូល​ទាំង​គ្រឿង បន្លាស់ គ្រឿង​បន្សំ និង​បរិក្ខារផ្សេៗ ទោះបីជា​មិន​យក​កម្រៃ​ក្តី៕