អ្នកវិភាគៈ មាស និងCryptoកំពុងក្លាយជាមូលដ្ឋាននៃការប្រកួតប្រជែងគ្នាកាន់តែខ្លាំង

ដោយៈ ចំណាន

    អន្តរជាតិៈ ក្រុមអ្នកវិភាគបានលើកឡើងថា រូបិយប័ណ្ណគ្រីបតូ និង​មាស កំពុងដើរតួដូចជាដៃគូប្រកួតប្រជែង នៅក្នុងចិត្តរបស់វិនិយោ​គិន ជាពិសេសក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជា។

ចំណុចទាំងនេះ ជារបៀបដែលទំនាក់ទំនងរបស់ពួកគេដំណើរការជាធម្មតា។

១. ការប្រកួតប្រជែងទ្រព្យសកម្មដែលមានសុវត្ថិភាព

មាសគឺជាទ្រព្យសកម្ម ដែលមានសុវត្ថិភាពបែបប្រពៃណី មនុស្សទិញវានៅពេល ដែលពួកគេខ្លាចអតិផរណា សង្គ្រាម ឬការធ្លាក់ចុះទីផ្សារ។

រូបិយប័ណ្ណគ្រីបតូ (ដូចជា Bitcoin) ត្រូវបានមើលឃើញដោយវិនិយោគិនមួយចំនួនថាជា “មាសឌីជីថល” ប៉ុន្តែវាមានភាពប្រែប្រួលច្រើន និងលឿនជាងមាស។

អ្នកវិភាគបានលើកឡើងថា ដូច្នេះនៅពេលដែលមាសធ្លាក់ចុះ វិនិយោគិនមួយចំនួន អាចផ្លាស់ប្តូរមូលនិធិ ទៅក្នុងរូបិយប័ណ្ណគ្រីបតូ ប្រសិនបើពួកគេរំពឹងថា នឹងទទួលបានប្រាក់ចំណេញរយៈពេលខ្លីខ្ពស់ជាង ឬប្រសិនបើចំណង់អាហារហានិភ័យកើនឡើង។

២. នៅពេលដែលតម្លៃមាសធ្លាក់ចុះ

ប្រសិនបើតម្លៃមាសធ្លាក់ចុះ វាអាចមានន័យថា

  • ប្រាក់ដុល្លារអាមេរិកមានភាពរឹងមាំ (អាក្រក់សម្រាប់មាស ជួនកាលអព្យាក្រឹត ឬអាក្រក់បន្តិចសម្រាប់រូបិយប័ណ្ណគ្រីបតូផងដែរ)។
  • អត្រាការប្រាក់ខ្ពស់ ដែលប៉ះពាល់ដល់ទាំងមាស និងរូបិយប័ណ្ណគ្រីបតូ (ដោយសារទាំងពីរមិនបង្កើតទិន្នផល)។
  • ទំនុកចិត្តរបស់វិនិយោគិនត្រឡប់ទៅភាគហ៊ុនវិញ ដែលពិតជាអាចជួយរូបិយប័ណ្ណគ្រីបតូច្រើនជាងមាស ពីព្រោះរូបិយប័ណ្ណគ្រីបតូមានឥរិយាបទ ដូចជា ទ្រព្យសកម្មបច្ចេកវិទ្យាដែលមានហានិភ័យខ្ពស់។

៣.​ ពេលណារូបិយប័ណ្ណគ្រីបតូរីកចម្រើន

រូបិយប័ណ្ណគ្រីបតូ ឬរូបិយប័ណ្ណឌីជីថល មានទំនោររីកចម្រើននៅពេលដែល………

  • អត្រាការប្រាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ។
  • មានការផ្សព្វផ្សាយបច្ចេកវិទ្យាថ្មី (ដូចជាការអនុម័ត Bitcoin ETF ព្រឹត្តិការណ៍កាត់បន្ថយពាក់កណ្តាល ឬការច្នៃប្រឌិត blockchain)។
  • មានសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារ – វិនិយោគិនមានប្រាក់បន្ថែមដើម្បីស្មាន។

នៅក្នុងពេលវេលាទាំងនេះ មាសអាចនៅថេរ ឬធ្លាក់ចុះបន្តិច ដោយសារតែវិនិយោគិនផ្លាស់ប្តូរ ទៅរកទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ និងមានផលចំណេញខ្ពស់។

៤. ភាពរសើបរវាងទ្រព្យទាំងពីរ

មាស និងគ្រីបតូ មិនផ្ទុយគ្នាទាំងស្រុងនោះទេ ប៉ុន្តែពេលខ្លះមានភាពរសើបបញ្ច្រាស នៅពេលដែលមួយឡើង មួយទៀតជារឿយៗធ្លាក់ចុះ ឬធ្លាក់ចុះបន្តិច។

មាស និងគ្រីបតូ ទាំងពីរមានប្រតិកម្មទៅនឹងអតិផរណា ប្រាក់ដុល្លារអាមេរិក និងគោលនយោបាយអត្រាការប្រាក់ ប៉ុន្តែរូបិយប័ណ្ណគ្រីបតូមានភាពប្រែប្រួលច្រើនជាង និងឆ្លើយតបលឿនជាង៕

វិស័យទេសចរណ៍កម្ពុជាកាន់តែត្រូវបានពង្រីក ស្របពេលAir Cambodiaភ្ជាប់ជើងហោះហើរទៅកាន់ជប៉ុន

ដោយៈ ម៉ាណា

    ភ្នំពេញៈ ជើងហោះរវាងរាជធានីភ្នំពេញ និងតូក្យូ នឹងជាព្រឹត្តិកា​រណ៍ប្រវតិ្តសាស្រ្ត ដ៏សំខាន់សម្រាប់ការជំរុញ វិស័យទេសចរណ៍កម្ពុជា-ជប៉ុន និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត។

កាលពីថ្ងៃទី២៦ តុលា លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជើងហោះហើរ រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកUENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Zhan David នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)និងមន្រ្តីពាក់ព័ន្ឋ។

ក្នុងឱកាសដ៏មានសារៈសំខាន់ ដល់វិស័យទេសចរណ៍ និងអាកា​សចរណ៍ស៊ីវិល តាមរយៈការទទួលស្វាគមន៍ជើងហោះហើរដំបូង រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ របស់ក្រុមហ៊ុនហោះហើរ Air Cambodia។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា “ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ការចាប់ផ្តើមបើកបរ សេវាការហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរងាយស្រួល និងឆាប់រហ័សជាងមុន”។ លោកបន្ថែមថា “វាបង្ហាញពីមិត្ត​ភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ”។

លោកបន្ថែមទៀតថា តាមរយៈបណ្តាញហោះហើរថ្មីនេះ យើងរំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ វាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជា ទៅទស្សនាប្រទេសជប៉ុនផងដែរ។

លោកហួត ហាក់បានបញ្ជាក់បន្ថែមថា “ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត”។ លោកបន្ថែមថា “យើងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត”៕

រដ្ឋាភិបាលគ្រោងចំណាយប្រមាណ១០ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ កើនឡើងជិត៨ភាគរយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​រដ្ឋាភិបាល​កម្ពុជាគ្រោងចំណាយថវិកាប្រមាណ១០ពាន់លានដុល្លារអាមេរិក សម្រាប់​​ឆ្នាំ​២០២៦ខាង​មុខ កើនឡើង​​ជិត៨ភាគរយ បើ​ធៀប​នឹង​ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥ ដែល​កំពុង​អនុវត្តន៍​នា​ពេល​នេះ​។

នេះបើយោង​តាម​សេចក្តីប្រកាសព័ត៌មានស្តីពី “លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី” ដឹកនាំ​ដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីសប្តាហ៍មុន។

យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន សេចក្តីព្រាងច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ មានចំនួន​៦ ជំពូក និង១៥ មាត្រា ហើយ​ត្រូវបានរៀបចំឡើង ដោយផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា​ ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

សេចក្តី​ប្រកាស​ព័ត៌មានដដែល​​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន៤០,៩១៣ប៊ីលានរៀល (ប្រហែល​ ១០,១ ប៊ីលាន​ដុល្លារ​អាមេរិក) ស្មើនឹង១៨,៨៥% នៃ ផ.ស.ស ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។

សេចក្តី​ប្រកាស​ព័ត៌មាន​​បាន​បន្ត​ថា ​តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,២% សម្រា ប់ឆ្នាំ២០២៥ និងប្រមាណ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេលដែលផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣០២០ ដុល្លារអាមេរិក​ បើធៀបនឹងប្រមាណ២៨៥៨ ដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។

កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣ វិស័យកសិកម្ម ដែលបន្តគាំទ្រដោយអនុវិស័យនេ សាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យម​ប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់២,៨%៕

ក្រសួងដែនដីៈការសម្រេចរំលំ “អាគារអង្គរមានជ័យ”ដើម្បីជួយសង្រ្គោះជីវិតមនុស្ស

ការសម្រេចរំលំអគារអង្គរមានជ័យ ស្ថិតនៅក្នុងខណ្ឌ៧មករា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយសារអគារនេះមានសភាពចាស់ទ្រុធទ្រោមខ្លាំ
ការសម្រេចរំលំអគារអង្គរមានជ័យ ស្ថិតនៅក្នុងខណ្ឌ៧មករា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយសារអគារនេះមានសភាពចាស់ទ្រុធទ្រោមខ្លាំ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ការសម្រេចរំលំអគារអង្គរមានជ័យ ស្ថិតនៅក្នុងខណ្ឌ៧មករា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយសារអគារនេះមានសភាពចាស់ទ្រុធទ្រោមខ្លាំង។

ក្រសួងបានបង្ហាញព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីចុងសប្តាហ៍មុនថា ខណៈការដោះស្រាយសំណងវិញ គឺធ្វើតាមតម្លៃទីផ្សារ។ អគារអង្គរមានជ័យ ជាអគារសហកម្មសិទ្ធិ ដែលរដ្ឋផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ រស់នៅតែមិនផ្តល់កម្មសិទ្ធិលើដីនោះទេ។

ក្រសួង បានចាប់ផ្តើមដំណើរការស្វែងរក ដំណោះស្រាយជូនប្រជាពលរដ្ឋទាំង៦៥គ្រួសារ អស់រយៈពេល១៤ខែហើយ ដែលជាលទ្ធផល៦២គ្រួសារ បានឯកភាពទទួលយកសំណងចាកចេញ ទៅរស់នៅទីកន្លែងថ្មី មានសុវត្ថិភាព១គ្រួសារ ស្នើសុំអភិវឌ្ឍនៅនឹងកន្លែង និង២គ្រួសារ រួមទាំងគ្រួសារស្ត្រីឈ្មោះ លីវ សុផា មិនទាន់យល់ព្រមទទួលយកសំណងគោលនយោបាយនេះ។

ការដោះស្រាយគ្រួសារទាំង៦៥ ដោយផ្អែកលើគោលការណ៍ចំនួន៣ ដូចជាទី១សុវត្ថិភាពបងប្អូន ដែលរស់នៅក្នុងអគារទ្រុឌទ្រោមពុកផុយវ័យចំណាស់៧៥ឆ្នាំនេះជាចម្បង ហើយក្រសួងបានសិក្សាវាយតម្លៃអគារនេះ ជាសំណង់ដែលអាចដួលរលំភ្លាមៗ ដោយមិនផ្តល់សញ្ញាណជាមុន។

ទី២. ក្រសួងបានយកតម្លៃទីផ្សារជាគោល (ក្រុមហ៊ុន Phnom Penh Real Estate 2023, ក្រុមហ៊ុន De Grand Reality 2024 និងបានជួលក្រុមហ៊ុន Asia Pacific ឆ្នាំ 2025) និងទី៣. បានបើកចរចា និងពិភាក្សា ដោយទុកពេលវេលា១៤ខែ ឱ្យគ្រួសារទាំង៦៥ធ្វើការសម្រេចចិត្ត។

ទន្ទឹមនេះ ក្រសួងក៏បានសិក្សាវាយតម្លៃ ទៅលើស្ថានភាពគ្រួសារទាំង៦៥ ទៅលើជីវភាពរបស់ពួកគាត់ ដែលក្នុងនោះមានគ្រួសារក្រីក្រចំនួន៥គ្រួសារ ក្រសួងបានផ្តល់សម្បទានដីសង្គមកិច្ច សម្រាប់រស់នៅ៕

ហេដ្ឋារចនាសម្ព័ន្ឋតំបន់ឆ្នេរ និងភូមិភាគកណ្តាលកំពុងលើកកំពស់សេដ្ឋកិច្ចសង្គម និងសមាហរណកម្មតំបន់

រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ និងសមាហរណកម្មខ្លួនឯងទៅក្នុងតំបន់ឆ្នេរនិងភូមិភាគកណ្តាល។

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ និងសមាហរណកម្មខ្លួនឯងទៅក្នុងតំបន់។

ជាក់ស្តែងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន២ បាននិងកំពុងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសេដ្ឋកិច្ច សង្គម។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

កំពង់ផែនេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប៣៤៧០ ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ។

ចំណែកហេដ្ឋារចនាសម្ព័ន្ឋ នៅភូមិភាគកណ្តាលប្រទេស គឺស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ស្ពាននេះ គឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន មានប្រវែង១១៣១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ ដោ​យតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអាមេរិកបង្ហាញសញ្ញាថមថយចុះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន បានឈានដល់ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេសុី ដែលអាចបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចទាំង២។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨៨ភាគរយមកនៅត្រឹម៤.០៧៥ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤១១១,៥២ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាមួុយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,១៥ភាគរយមកនៅត្រឹម៤០៩០,៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥២នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤១៤៥,៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

ដំណឹងល្អ៖ អាមេរិកលើកលែងពន្ធលើទំនិញឧស្សាហកម្ម និងកសិកម្មសម្រាប់កម្ពុជា

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញរបស់សហរដ្ឋអាមេរិក នូវការចូលមកកាន់ទីផ្សារកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។

តាមសេចក្តីប្រកាសរបស់សេតវិមាន នាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ។

កម្ពុជា បានប្តេជ្ញាថា នឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញរបស់សហរដ្ឋអាមេរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាទំនិញអាមេរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែមនោះទេ។ ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងលែងប្រឈមចំពោះគុណវិបត្តិនៃភាពប្រកួតប្រជែង ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតហើយ។

ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៉ី ជាទីដែលមានការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៕

“សិល្បៈនៃអាទិទេព”ត្រូវបានដាក់តាំងបង្ហាញនៅសហរដ្ឋអាមេរិក

ដោយៈ ម៉ាណា

    អាមេរិកៈ រដ្ឋលេខាធិការក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ លោកហាប់ ទូច បានចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ចល័ត មិនអចិន្ត្រៃយ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព(Royal Bronzes: Cambodian Art of the Devine) នៅសារមន្ទីរសិល្បៈមីនីអាប៉ូលី (Minneapolis Institute of Art)នៃរដ្ឋមីនីសូតា សហរដ្ឋអាមេរិក និងមានអ្នកចូលរួមប្រមាណ២០០នាក់។

ពិព័រណ៍នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសារមន្ទីរជាតិកម្ពុជា សារមន្ទីរសិល្បៈអាស៊ីហ្គីមេ និងសារមន្ទីរសិល្បៈមីនីអាប៉ូលី។

ក្នុងឱការសម្ពោធពិព័រណ៍នារសៀលថ្ងៃនេះ ក៏មានការចូលរួមសម្តែងសិល្បៈរបាំអប្សារា ដោយក្រុមអ្នកសិល្បៈខ្មែរ នៅសាហរដ្ឋមេរិក Vatanak Dance Troupe ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធី។

គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញអំពីបច្ចេក​ទេសប្រកបដោយទេពកោសល្យ នៃការសិតលោហៈរបស់ខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សម័យបច្ចុប្បន្ន តាមររយៈការតាំងបង្ហាញសមុច្ច័យចំនួន១៧៦វត្ថុ (១២៧វត្ថុមកពីសារមន្ទីរជាតិកម្ពុជា និង ៤៩វត្ថុមកពីសារមន្ទីរសិល្បៈអាស៊ីហ្គីមេ)។

ពិព័រណ៍នេះ មានរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦៕

ដំំណឹងល្អៈ ចំនួនក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាកើនឡើងដល់៣៣ហើយ

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៣ កំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក។

ការបញ្ជាក់ឲ្យដឹងបែបនេះកាលពីថ្ងៃទី២៦ តុលា ដែលធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូ ឆ្លងកាត់ទីក្រុងហូចូវ (ប្រទេសចិន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ

លោកបណ្ឌិតបានបន្តថា “ចំពោះលទ្ធផល នៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក និងបរទេសចំនួន៣៣ ដែលកំពុងតភ្ជាប់ ជើងហោះហើរក្នុងតំបន់ និងសកលលោក ក្នុងនោះសម្រាប់តំបន់អាស៊ានមាន៨ប្រទេស”។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ​បានឲ្យដឹងថា ៨ប្រទេសនោះ រួមមាន៖ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកដំណើរ តាមផ្លូវអាកាសជាង៥, ១លាននាក់ កើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែជាង៤,៥លាននាក់។

បន្ថែមលើសពីនេះ លោកបណ្ឌិតបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំ ឲ្យមានការហោះហើរផ្សាភ្ជាប់រវាងកម្ពុជា និងជប៉ុនជាបន្ថែមទៀត ដែលជាប្រទេសទី១៦ មានជើងហោះហើរមកកាន់ប្រទេសកម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ការបើកដំណើរការហោះហើរត្រង់ រវាងជប៉ុន និងកម្ពុជានេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែស្វែងរកគ្រប់មធ្យោបាយ ក្នុងការជំរុញតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិឡើងវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងផងដែរថា ជើងហោះហើររវាងកម្ពុជា-ជប៉ុន ត្រូវបានខកខាន ដាក់ដំណើរការជើងហោះហើរ រវាងប្រទេសទាំងពីរ ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩។

មុនពេលមានវិបត្តិរីករាលដាលកូវីដ-១៩ ប្រទេសកម្ពុជា បានទទួលអ្នកដំណើរតាមផ្លូវអាកាស និងអ្នកទេសចរណ៍ជនជាតិជប៉ុន ប្រមាណជាង២០ម៉ឺននាក់ ក្នុងឆ្នាំ២០១៩។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់៕

ក្រុមហ៊ុន Crown Estate របស់អង់គ្លេស គ្រោងសាងសង់គម្រោងអចលនទ្រព្យយក្ស តម្លៃ៦ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យ Crown Estate ខ្នាតយក្សរបស់ប្រទេសអង់គ្លេស បានទិញដីមួយកន្លែងនៅតំបន់ Oxfordshire ដើម្បីសាងសង់គម្រោងអចលនទ្រព្យ ដែលមានទំហំទឹកប្រាក់សរុបចំនួន៦ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Crown Estate បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះអាចនឹងមានការិយាល័យទំហំ៤,៥លានហ្វីតការ៉េ មន្ទីរពិសោធន៍ រោងចក្រផលិតកម្មកម្រិតខ្ពស់ និងលំនៅដ្ឋានចំនួន៤០០យូនីត។

ដី ដែលក្រុមហ៊ុនអចលនទ្រព្យ Crown Estate បានទិញ មានទីតាំងស្ថិតនៅជាប់នឹងមជ្ឈមណ្ឌល Harwell Science and Innovation Campus ដែលមានបន្ទប់ពិសោធន៍ជាង២០០បន្ទប់ ការិយាល័យ និងរោងចក្រផលិតកម្ម។

ក្រុមហ៊ុន Crown Estate បានប្តេជ្ញាចិត្តក្នុងការបោះទុនវិនិយោគចំនួន១,៥ពាន់លានផោន (ប្រហែល២ពាន់លានដុល្លារអាមេរិក) នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រុមហ៊ុនអចលនទ្រព្យយក្សមួយនេះជាប្រភពផ្តល់ប្រាក់ចំណូលដល់ស្តេចអង់គ្លេស King Charles III។

ក្រុមហ៊ុន Crown Estate ក៏កំពុងអភិវឌ្ឍបន្ទប់ពិសោធន៍បន្ថែមទៀតនៅចំកណ្តាលទីក្រុង Oxford ដោយសហការជាមួយនឹងក្រុមហ៊ុន Oxford Science Enterprises។ ក្រុមហ៊ុននេះក៏បានបណ្តាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Lendlease ដើម្បីសាងសង់គម្រោងអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន។

គម្រោងទាំងនេះមានទិសដៅស្របតាមការប្តេជ្ញាបោះទុនវិនិយោគជាច្រើនពាន់លានផោនរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងច្រករបៀង Oxford-Cambridge ៕ប្រភព: Bloomberg៕