រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតច្បាប់សាងសង់សំណង់បានជាង ១៥០ គម្រោង

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ជាមួយនឹងវឌ្ឍនភាពលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនដែលបាន និងកំពុងបន្តសកម្មភាពសាងសង់បន្តស្ទើរទូទាំងខេត្ត សម្រាប់តែវិស័យសំណង់ រដ្ឋបាលខេត្តសៀមរាបបានសម្រេចអនុញ្ញាតច្បាប់សាងសង់ជាស្ថាពរជាង ១៥០គម្រោង ខណៈដែលគម្រោងផ្សេងៗមួយចំនួនទៀត កំពុងស្ថិតនៅក្នុងការពិនិត្យ និងកែសម្រួល។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គម្រោងសាងសង់សំណង់ជាច្រើននៅទូទាំងខេត្តត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចអនុញ្ញាតច្បាប់ជាស្ថាពរលើការសាងសង់។

លោកបានបញ្ជាក់ថា “គម្រោងសំណង់ធំៗសរុបជាង១៥០គម្រោង ត្រូវបានថ្នាក់ខេត្តអនុញ្ញាតច្បាប់ឱ្យសាងសង់ជាស្ថាពរ ដោយឡែកគម្រោងស្នើសុំសាងសង់មួយចំនួនទៀតដែលក្នុងរួមមានដូចជាគម្រោងសាងសង់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាគម្រោងបណ្តុំលំនៅដ្ឋានជាដើម កំពុងតែស្ថិតនៅក្នុងដំណាក់កាលសិក្សា ត្រួតពិនិត្យ និងកែសម្រួល ដើម្បីឈានទៅរកការសម្រេចឱ្យស្របតាមគោលការណ៍ច្បាប់សំណង់។

លោក លី សំរិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា “រដ្ឋបាលខេត្ត និងមន្ត្រីមន្ទីរពាក់ព័ន្ធ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការគ្រប់គ្រង និងតាមដាននូវគុណភាពសំណង់ ជាពិសេស សំណង់ធំៗដូចជា សណ្ឋាគារ ផ្ទះសំណាក់ អាផាតមិន និងគម្រោងខុនដូរជាដើម ដើម្បីប្រាកដថាមានគុណភាព មានសុវត្ថិភាព ស្របតាមគោលការណ៍និងច្បាប់សំណង់ ជៀសវាងកើតមានព្រឹត្តិការណ៍អកុសលដែលធ្លាមមានកាលពីពេលកន្លងទៅនៅក្នុងខេត្តកែប ក្រុងព្រះសីហនុ ក៏ដូចជានៅក្នុងខេត្តសៀមរាបផ្ទាល់ ដែលបាក់រលំអាគារសាលាឆទានក្នុងវត្ត ស្ថិតនៅសង្កាត់ចក ក្រុងសៀមរាប បណ្តាលឱ្យមានរងរបួសនោះទៀតឡើយ”៕

ស្ពានអាកាសនិង ផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដំណើរការស្ថាបនាបានជាង ៤០ ភាគរយ

ដោយ ហ្សូលី

ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅបន្តដំណើរការស្ថាបនាជាធម្មតា គិតមកទល់ពេលនេះសម្រេចបានជាង ៤០ ភាគរយហើយ ស្របតាមផែនការដែលបានគ្រោងទុកដដែល។

ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ សម្រេចបាន ៤១ភាគរយហើយ។ ទន្ទឹមនេះ ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ ក្រោយពីផ្នែកសាងសង់ផ្លូវក្រោមដីបានស្ថាបនារួចរាល់នោះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ពីការពង្វាងចរាចរនៅតំបន់នេះរយៈពេល ២ខែ ដោយចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។

ថ្វីត្បិតតែកម្ពុជាបានជួបប្រទះនឹងការរាតត្បាតជំងឺ Covid-19 ក្តី ប៉ុន្តែការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះនៅតែបន្តដំណើរការស្ថាបនាជាធម្មតា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់បានមានប្រសាសន៍ថា ការស្ថាបនាស្ពាននេះមានគោលបំណងដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងរាជធានីភ្នំេពញ ព្រោះនៅចំណុចរង្វង់មូលចោមចៅនេះមានភាពកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ ទោះបីជាមានការអន្តរាគមន៍ប្រចាំការពីនគរបាលចរាចរណ៍ក៏ដោយ។ លោកថា ចំណុចរង្វង់មូលមានសារៈសំខាន់ណាស់ ព្រោះវាជាផ្លូវដ៏សមខាន់ក្នុងការជួយទ្រទ្រង់ការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចកម្ពុជា។

គម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ គឺជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ខាងមុខនេះ។

បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននិងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្មផងដែរ៕

វិស័យឯកជនស្នើសុំវិនិយោគស្ទឹងសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ រ៉ាណេត

ភ្នំពេញ ៖ អភិបាលរងខេត្តសៀមរាប បានអះអាងថា មានក្រុមហ៊ុនវិស័យឯកជនមួយបានស្នើសុំវិនិយោគស្ទឹងខេត្តសៀមរាប ដើម្បីរៀបចំឱ្យមានសោភ័ណភាព បម្រើដល់វិស័យទេសចរណ៍ ខណៈដែលស្ទឹងមួយនេះមានបញ្ហាបរិស្ថានមិនល្អ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប នៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ឱ្យដឹងថា កន្លងមកនេះ មានក្រុមហ៊ុនឯកជនបានស្នើសុំវិនិយោគស្ទឹងសៀមរាប តែរហូតមកដល់ពេលនេះ ខេត្តមិនទាន់បានសម្រេចយ៉ាងណានោះទេ ខណៈកំពុងសិក្សាលើគម្រោងលម្អិត។

លោកបន្តថា តាមរបាយការណ៍របស់ក្រុមហ៊ុនដែលចង់វិនិយោគស្ទឹងនេះ គឺគេចង់សម្អាតស្ទឹងឱ្យមានសោភ័ណភាព រៀបចំកន្លែងអង្គុយលំហែរកាយនៅតាមមាត់ស្ទឹង និងសាងសង់អាគារសម្រាប់កន្លែងទទួលទានអាហារជាដើម សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ស្ទឹងសៀមរាប ត្រូវបានចាត់ទុកថា ជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។ ស្ទឹងនេះ គឺជាស្ទឹងសិប្បនិមិត្ត ដែលកកើតឡើងដោយស្នាដៃរបស់មនុស្ស។ គ្មានឯកសារណាបញ្ជាក់ពីឆ្នាំនៃការបង្កើតស្ទឹងសៀមរាបឱ្យជាក់លាក់នោះទេ ប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថា វាត្រូវបានគេបង្កើត និងកែច្នៃជាច្រើនសារ តម្រូវតាមការរៀបចំដែនដីនៅសម័យអង្គរ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានសរសេរថា ស្ទឹងសៀមរាប ដែលគេឃើញសព្វថ្ងៃ ចាប់ពីចំណុច «បំពេញរាជ» មក ជាសមិទ្ធផលនៃស្នាដៃមនុស្សបង្កើតក្នុងសម័យអង្គរ។

លោកបន្តថា ស្ទឹងនេះ កើតពីអូរតូចៗ ដែលហូរពីភ្នំផ្សេងៗ ស្ថិតនៅខាងជើងវាលរាបអង្គរ បន្ទាប់មកវាជួបគ្នានៅច្រកមួយមុននឹងហូរធ្លាក់ទៅកាន់វាលរាប។ ក្នុងនោះក៏មានដៃអូរតូចៗជាច្រើន បានហូរមកភ្ជាប់បន្ថែមទៀត ដែលប្រភព២សំខាន់ដែលគេស្គាល់ច្បាស់នោះ គឺអូរធំ និងអូរក្បាលស្ពាន៕

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ៣២លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ ដែលមានទឹកប្រាក់សរុបប្រមាណ ៣២ លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសពីអង្គការ JICA ចេញផ្សាយមុននេះបន្តិច។

លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ “Project for the Expansion of Water Supply System in Ta Khmau City”នេះ។

គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈការសាងសង់ (១) រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (២) ស្ថានីយ៍បូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ (៣) បរិក្ខាសម្រាប់ចែកចាយទឹកស្អាត និង (៤) ការបំពាក់ប្រព័ន្ធ SCADA ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំដោយប្រើបទពិសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន។

កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងតម្រូវការ និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នកជំនាញមកពីអង្គការភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ធ្វើការសិក្សាលម្អិតស្តីពីវឌ្ឍនភាពគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីវាយតម្លៃទៅលើស្ថានភាពជាក់ស្ដែង និងលទ្ធភាពក្នុងការអនុវត្តគម្រោងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

គម្រោងដែលនឹងត្រូវអនុវត្តន៍ រួមមានគម្រោងការងារផ្សេងៗជាច្រើនដូចជា ប្រព័ន្ធផលិតកម្មថ្មី ស្ថិតនៅទីតាំងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ-ស្ថានីយបូមទឹកឆៅពីទន្លេបាសាក់ មានសមត្ថភាពផលិត ៣៣ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ -ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកសមត្ថភាព ៣០ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដោយកាលបរិច្ឆេទអនុវត្តគម្រោងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៣។

ការពង្រីកប្រព័ន្ធទឹកស្អាតនៅទីក្រុងតាខ្មៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាកត្តាសំខាន់បំផុត ពីព្រោះជាទីតាំងជិតរាជធានីភ្នំពេញ និងមានកំណើនប្រជាពលរដ្ឋរស់នៅច្រើន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏កំពុងតែទន្ទឹងរង់ចាំប្រើប្រាស់ទឹកស្អាត ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលប្រជាពលរដ្ធនៅតាមទីប្រជុំជនទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ និងជៀសផុតពីជម្ងឺឆ្លងនានា ដោយសារការប្រើទឹកមិនស្អាត៕

ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបានចាប់ផ្តើមនិងកំពុងដំណើរការសាងសង់រយៈពេល១ឆ្នាំមកហើយ

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលរខេត្តសៀមរាប បានអះអាងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបរហូតមកដល់ពេលនេះ សម្រេចបានរយៈពេល ១ ឆ្នាំ ហើយ ខណៈនេះខាងក្រុមហ៊ុនបានសាងសង់យ៉ាងសកម្ម និងដំណើរការដោយរលូន។

លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបនៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនេះ ឱ្យដំណើរការដោយរលូន រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការតម្រង់ទិសនៃការសាងសង់មួយដើម្បីសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធិភាពនៃការសាងសង់។

លោកបន្តថា ការសាងសង់រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលក្នុងចំនួនច្រើន ហើយនៅពេលសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២៣ ព្រលានយន្តហោះអន្តរជាតិនេះ នឹងអាចអនុញ្ញាតឱ្យយន្តហោះធុនធំអាចចុះចតបាន និង មានភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។

លោកបន្តថា “នៅពេលភ្ញៀវទេសចរណ៍ដែលចង់មកលេង ត្រូវឆ្លងកាត់ជើងយន្តហោះច្រើនលើកច្រើនសារ តែនៅពេលយើងមានព្រលានយន្តហោះថ្មីនេះ នឹងកាន់តែមានភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសមកកាន់ទីក្រុងសៀមរាប”។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់បានឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នឹងជាជម្រើសថ្មីមួយសំរាប់ក្រុមហ៊ុនអាកាសចរណ៍នានា អាចចុះចតយន្តហោះខ្នាតធំបាន ដែលវានឹងទាក់ទាញភ្ញៀវទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកាន់តែច្រើនចុះចតនៅព្រលានយន្តហោះនេះ។

លោកស្រីបន្តថា ព្រលានយន្តហោះនេះ ក៏អាចជាចំណុចតភ្ជាប់ទៅកាន់បណ្តារប្រទេសក្នុងតំបន់ផងដែរ ដែលវានឹងជំរុញឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជាកាន់តែប្រសើរថែមទៀត។ លោកស្រីបន្តថា “វាជាចំណុចចាប់ផ្តើមដ៏ល្អ វានឹងធ្វើឲ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើននាពេលអនាគត”។

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី នេះ សាងសង់ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារ អាមេរិក ចំងាយប្រមាណ៤០គីឡូម៉ែត្រ៥ពីក្រុងសៀមរាប នៅស្រុកសូត្រនិគមលើផ្ទៃដី៧០០ហិកតា៕

រយៈពេល ៥ខែ ដើមឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលជាង ២៤១លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានសម្រេចបានការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានសរុបជាង ៣៥ម៉ឺនតោន ដែលទទួលបានចំណូលជាង ២៤១លានដុល្លារ ក្នុងនោះទីផ្សារប្រទេសចិនបានទទួលទិញប្រមាណ ៣៨ភាគរយនៃចំណែកទីផ្សារសរុប។

តាមរយៈរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា គិតចាប់តាំងពីដើមខែមករា រហូតដល់ដំណាច់ខែឧសភា កន្លងទៅនេះ ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានសម្រេចរហូតដល់ ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ៤២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅដែលមានត្រឹម ២៥០ ១៧២ តោន។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមទីផ្សារដែលទទួលយកអង្ករកម្ពុជា ក្នុងនោះប្រទេសចិនស្ថិតនៅលេខរៀងកំពូលដែលមានរហូតដល់ ៣៨ភាគរយនៃចំណែកទីផ្សារសរុប បន្ទាប់មកទីផ្សារអឺរ៉ុប ដែលមានចំនួន ៣៤ភាគរយ បណ្តាប្រទេសក្នុងតំបន់អាស៊ាន ១៣ ភាគរយ និងប្រទេសផ្សេងៗទៀតរួមមានដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសហ្គាប៉ុង។ល។ មានចំនួន១៥ភាគរយ។

នៅក្នុងចំណោមនៃការនាំចេញអង្ករកម្ពុជាទាំងអស់ខាងលើនេះ សម្រាប់ប្រភេទអង្ករក្រអូបមានប្រមាណ ៧៧ភាគរយ ស្មើនឹង ២៧ម៉ឺនតោន ប្រភេទអង្ករស ចំនួន១៨ភាគរយ ហើយក្រៅពីនេះជាប្រភេទអង្ករសេរីរាង្គ អង្ករចំហុយ និងអង្ករដំណើប សរុបប្រមាណ៥ភាគរយ។ ដោយឡែក សម្រាប់ខែឧសភា កន្លងទៅនេះ ទីផ្សារសហគមន៍អឺរ៉ុប បានទទួលយកអង្ករកម្ពុជារហូតដល់ ៤៤ភាគរយនៃចំនួននាំចេញសរុប ស្មើនឹង ២៤០០០តោន ដែលជាចំនួនមួយបង្ហាញពីពិពីធម្មនៃការនាំចេញឆ្ពោះទៅកាន់ទីផ្សារដ៏សំខាន់មួយនេះ៕

World Bank៖ កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​ទៅ​ក​ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​បន្លាស់រថយន្ត​ទៅ​ជប៉ុន

ដោយ ប៊ី

ភ្នំពេញៈ  ធនាគារពិភពលោក​បាន​លើកឡើងថា ប្រទេស​កម្ពុជា​គួរតែ​ធ្វើ​ពិពិធ​កម្ម​ពី​ការនាំចេញ​សម្លៀកបំពាក់ ដោយ​ជំរុញ​បន្ថែមទៀត​នូវ​ការនាំចេញ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿងបន្លាស់​រថយន្ត​ទៅកាន់​ប្រទេស​ជប៉ុន។

ធនាគារពិភពលោក

ធនាគារ​នេះ​បានឱ្យដឹង នៅក្នុង​របាយការណ៍រ​បស់​ធនាគារពិភពលោក​ស្តីពី បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ សម្រាប់​ប្រទេស​កម្ពុជា​កាលពីពេលថ្មីៗនេះ​ថា ការនាំចេញ​សម្លៀកបំពាក់​ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា បាន​កើនឡើង​ត្រឹមតែ៧,៥ភាគរយ​ក្នុង​រយៈពេល៣ ខែ​គិត​ត្រឹម​ខែមីនា ធ្លាក់ចុះ​ពី១៧,៧ ភាគរយ​កាលពី​ឆ្នាំមុន។

នៅក្នុង​ឆ្នាំ ២០១៩ កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​បាន​ថយ​ចុះមក​ត្រឹម១៣,៦ ភាគរយ ធ្លាក់ចុះ​ពី១៧,៧ ភាគរយ បើ​ធៀប​កាលពី​ឆ្នាំមុន​មួយទៀត។

ការនាំចេញ​ទំនិញ​ទាំងនេះ​ទៅកាន់​សហភាព​អឺរ៉ុប រួមទាំង​ចក្រភព​អង់គ្លេស បាន​ធ្លាក់ចុះ០,៥ ភាគរយ ដែលជា​ការធ្លាក់ចុះ​លើកដំបូង ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ២០០៨-០៩ ។ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ ត្រូវបាន​ទូទាត់​ដោយ​ការកើនឡើង​នៃ​ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក។

បន្ទាប់ពី​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ធនាគារពិភពលោក​បាន​ឱ្យដឹងទៀតថា ទីផ្សារ​នាំចេញ​ធំជាងគេ​ពីរ​បន្ទាប់​របស់​កម្ពុជា​គឺ​ជប៉ុន (តម្លៃ​ការនាំចេញ ១,០៥ ពាន់​លាន​ដុល្លារ) និង​អង់គ្លេស (៩៤៥ លាន​ដុល្លារ​អាមេរិក) នៅ​ឆ្នាំ២០១៩ ។

ធនាគារពិភពលោក​បាន​ឱ្យដឹងថា ខណៈ​ទីផ្សារ​ទាំងពីរ​ចាប់បាន​ប្រហាក់ប្រហែល ៨០០លាន​ដុល្លារ ក្នុងការ​នាំចេញ​សម្លៀកបំពាក់ “ទីផ្សារ​ជប៉ុន” ហាក់ដូច​ជាមាន​ក្តីសង្ឃឹម​ខ្លាំង ចំពោះ​ការនាំចេញ​គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​រថយន្ត​នៅ​កម្ពុជា” ។

ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿងបន្លាស់​រថយន្ត​នៅ​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើន​ឡើងដល់៧៧,៨ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដែល​កើនឡើង​ពី៣៩,៤ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨ ។

ធនាគារ​នេះ​បានឱ្យដឹង​ទៀតថា “ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿងបន្លាស់​រថយន្ត គួរតែ​ត្រូវបាន​ជំរុញ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យមាន​ការធ្វើ​ពិពិធ​កម្ម ពីលើ​ការនាំចេញ​សម្លៀកបំពាក់” ៕

តំបន់​ផ្លូវជាតិ​លេខ៣កាន់តែ​ទាក់ទាញ​ការវិនិយោគ​វិស័យ​លំនៅដ្ឋាន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្រប​ពេលដែល​គម្រោង​សាងសង់ និង​ពង្រីក​ផ្លូវជាតិ​លេខ៣ ជា៤គន្លង ត្រូវបាន​សម្រេច​បានជា​ង៧៤ភាគរយ បាន​និង​ធ្វើ​ឲ្យ​តំបន់​ស្ថិតនៅ​តាមផ្លូវ​ដ៏​សំខាន់​នេះ​ទាក់ទាញ​ការវិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅដ្ឋាន​កាន់តែច្រើន ដែល​ភាគច្រើន​ជា​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ចាប់ពី១០ម៉ឺន​ដុល្លារ​ឡើងទៅ។

ជាមួយនឹង​សន្ទុះ​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅដ្ឋាន​នៅតាម​តំបន់​ផ្លូវជាតិ​លេខ៣ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បានទទួល​ស្គាល់ និង​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ថា កំណើន​នៃ​ការចូល​ខ្លួន​វិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​នៅ​តំបន់​ផ្លូវជាតិ​លេខ៣ មិនមែនជា​រឿង​ចម្លែក​នោះទេ ហើយ​រាល់​ការវិនិយោគ​ទាំងអស់ អ្នក​អភិវឌ្ឍន៍​សុទ្ធតែ​បាន​សិក្សា​ពី​សក្ដានុពល​តំបន់​យ៉ាង​លម្អិត។

លោក​បន្តទៀតថា “តំបន់​ជាប់​ផ្លូវជាតិ​លេខ៣ រាប់​ចាប់​គិតពី​ចំណុច​ចោមចៅ​ប្រមាណ១៥គីឡូម៉ែត្រ គឺ​នៅតែមាន​តម្រូវការ​ខ្ពស់ សម្រាប់​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន ជាពិសេស​បន្ទាប់ពី​ផែនការអភិវឌ្ឍន៍ និង​ពង្រីក​ក្រុង​ត្រូវបាន​អនុវត្តន៍។ លោក​បន្តថា “មិនយូរ​ទៀត​នោះទេ តំបន់​ដែល​ស្ថិតនៅ​គៀក​ក្រុង នឹងត្រូវ​កាត់​បញ្ចូល​ជា​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​តម្លៃ​ដីធ្លី​ក៏មាន​ការកើនឡើង ដូច្នេះ​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​បាន​ចាប់យក​ឱកាស​នៅពេលនេះ គឺជា​រឿង​ត្រឹមត្រូវ​បំផុត” ។

ដោយឡែក​សម្រាប់​អ្នកទិញ​ក៏ដូចជា​គ្នា ពួកគាត់​អាច​ស្វែងរក​ទិញ​លំនៅដ្ឋាន​ដែល​ស្របតាម​លទ្ធភាព​របស់​ពួកគាត់​នៅពេលនេះ ដែល​លំនៅដ្ឋាន​ភាគច្រើន​មានតម្លៃ​តម្លៃ​ត្រឹម១០ម៉ឺន ប៉ុន្តែ​ក្នុង​រយៈពេល២ឆ្នាំ​ទៅមុខទៀត តម្លៃនឹង​ឡើង​ខ្ពស់ជាង​នេះ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Advance Property លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក៏ដូចជា​ពេលខាងមុខ​នេះ គ្រប់​តំបន់​នៅ​ជុំវិញ​ក្រុង​គឺ​សុទ្ធ​តែមាន​តម្រូវការ​ទីផ្សារ ទាស់​តម្លៃ​ដែល​វា​អាស្រ័យទៅលើ​កំណើនប្រជាជន​រស់នៅ បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ងាយស្រួល​ចរាចរណ៍ និង​អាច​ប្រកប​អាជីវកម្ម ជាពិសេស​ងាយ​ចេញចូល​ក្រុង។

លោក​បញ្ជាក់ថា “មិន​ថា​ចំពោះ​តំបន់​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៣ ,៤, ៥, ៦ នោះទេ គឺ​សុទ្ធ​តែមាន​គម្រោង និង​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​ទាំងអស់ ដោយសារតែ​តម្លៃ​ដី​នៅតាម​តំបន់​ទាំងអស់​នៅមាន​ទាប សមស្រប​ទៅនឹង​ការអភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ។

នៅពេលនេះ តម្លៃ​ដី​ដែល​ស្ថិតនៅក្នុង​រង្វង់១៥០-២៥០ ក្នុង​មួយ​ម៉ែត្រ នៅតែ​ផ្ដល់ឱកាស​ដល់​អ្នកវិនិយោគ​ក្នុង​វិស័យនេះ ប៉ុន្តែ​នៅពេល​តម្លៃ​ដី​ឡើង​រហូតដល់​ក្នុង​ចន្លោះ​ចាប់ពី៣០០-៤០០ ការវិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន ដែល​ដាក់លក់​ក្នុងតម្លៃ​ត្រឹម១០ម៉ឺន​ដុល្លារ​អាច​ពិបាក​នឹងធ្វើ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅ​ថា ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៣ ចាប់់ពី​ចោមចៅ ទៅកាន់​ក្រុង​កំពត តាម​គម្រោង​គឺ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០២២ ប៉ុន្តែ​ដោយសារ​វឌ្ឍនភាព នៃ​ការសាងសង់​បាន​ដំណើរការ​ដោយ​ភាពរលូន ការសាងសង់​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ២០២១ ៕

ស្ពានធំៗចំនួន៥ក្នុង​ខេត្តកណ្តាល​កំពុង​ជំរុញ​ដល់​ការដឹកជញ្ជូន និង​កំណើនសេដ្ឋកិច្ច

ដោយ​វុត្ថា

ភ្នំពេញៈ ក្រៅពី​ការ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្រប់​ច្រកល្ហក គម្រោង​ស្ពានធំៗចំនួន៥ នៅក្នុង​មូលដ្ឋាន​ខេត្តកណ្តាល បាននិងកំពុង​ជួយ​ជំរុញ​កំណើន​ការដឹកជញ្ជូន និង​ភស្តុភារ​យ៉ាងសកម្ម និង​សេដ្ឋកិច្ច​របស់​កម្ពុជា ឱ្យមាន​សន្ទុះ​រីកចំរើន​ទៅមុខ​ឥតឈប់ឈរ ។

អភិបាលខេត្ត​កណ្តាល លោក​គង់ សោភ័ណ កាលពីពេល​ថ្មី​នេះ​បាន​សម្តែង​មោទនភាព ចំពោះ​ការរីកចំរើន​លើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធធំៗ ជាពិសេស​ស្ពានធំៗទាំង៥ នៅក្នុង​ខេត្តកណ្តាល​នាពេល​ពេល​បច្ចុប្បន្ននេះ ដែល​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន និង​សេដ្ឋកិច្ច​រួមជាមួយ​នឹង ចរាចរណ៍​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល។

១) ស្ពាន​សឹ​បា​ហ្សា (ស្ពាន​អ្នក​លឿង​មិត្តភាព​កម្ពុជា-ជប៉ុន)

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ឆ្លង​អ្នក​លឿង ដែល​បាន​ស្ថាបនា​អស់​ទឹកប្រាក់​ប្រមាណ១០០លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន ជា​ស្ពាន​ទី២ ដែលជា​ចំណងដៃ​របស់​ប្រទេស​ជប៉ុន​ជួយ​ដល់​កម្ពុជា។ ស្ពាន​នេះ​ត្រូវបាន​បើក​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែមេសា២០១៥ ។

ស្ពាន​អ្នក​លឿង មិនមែន​បម្រើអោយ​វិស័យ​គមនាគមន៍ សម្រាប់តែ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ស្ពាន​នេះ​ក៏​ជា​សរសៃឈាម​សេដ្ឋកិច្ច របស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

២) ស្ពាន​មិត្តភាព​កម្ពុជា-ចិន ព្រែក​តា​មាក់

ស្ពាន​មិត្តភាព កម្ពុជា-ចិន ឬ​ស្ពាន​ព្រែក​តា​មាក់ ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ឈៀង​ខាងជើង​រាជធានី​ភ្នំពេញ ដែល​បាន​ត​ភ្ជាប់​ផ្លូវជាតិ​ចំនួន២ (គឺ​ផ្លូវជាតិ​លេខ ៦A និង​ចំណុច​ចាប់ផ្តើម​នៃ​ផ្លូវជាតិ​លេខ៨) ដែល​បាន​ត​ភ្ជាប់​ចរាចរណ៍​រវាង​ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ពាន​នេះ​មាន​ប្រវែង១០៦៦ ម៉ែត្រ ទទឹង១៣.៥ ម៉ែត្រ ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០១១ ចំណាយ​ថវិកា​ប្រមាណ៤៣.៥លាន​ដុល្លារ។ ស្ពាន​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែល​បាន​កាត់បន្ថយ​ការចំណាយ​ថវិកា និង​ពេលវេលា​នៃ​ការធ្វើដំណើរ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជា​អ្នកវិនិយោគទុន​នៅ​កម្ពុជា។

៣) ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ព្រែក​ក្ដាម

ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ព្រែក​ក្ដាម  ឆ្លងទន្លេ​មេគង្គ ដែលជា​ចំណុចប្រសព្វ​ប្រជុំ​ស្រុក៣ គឺ​ស្រុក​ពញាឮ មុខកំពូល និង​ខ្សាច់កណ្តាល និង​ត​ភ្ជាប់​ទៅ កាន់​ខេត្តព្រៃវែង រួចហើយ​ឆ្ពោះ​ទៅដល់​ប្រទេស​វៀតណាម។ ស្ពាន​នេះ ត្រូវបាន​បើក​ឱ្យប្រើ​ប្រាស់​កាលពី​ខែមករា ២០១១ ។

ស្ពាន​ព្រែ​កតា​មាក់​នេះ ជា​ជំនួយ​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​ចំណាយ​ការកសាង​អស់​ប្រមាណ៤០លាន​ដុល្លារ ក្នុងទិសដៅ​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស្ពាន-ផ្លូវ ឈានទៅ​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ដឹកជញ្ជូន ក៏ដូចជា​ការប្រកបរ​បរ​ប្រចាំថ្ងៃ ពង្រីក​ជីវភាព​គ្រួសារ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច សង្គម ។

៤) ស្ពាន​មិត្តភាព​កម្ពុជា-ចិន​កោះធំ

ស្ពាន​មិត្តភាព​កម្ពុជា-ចិន​កោះធំ​ដែលមាន​តម្លៃ​ជិត២០លាន​ដុល្លារ​អាមេរិក ជា​កម្ចី សម្បទាន​របស់ រដ្ឋាភិបាល​ចិន ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ២១ ក្នុងស្រុក​កោះ ធំ​ខេត្តកណ្តាល និង​ត្រូវ​សម្ភោ​ធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ ទី១៣ ខែ​កុ​ម្ភះ ២០១៧ ក្រោម​អធិបតី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ស្ពាន​នេះ​ចំណាយ​ថវិកា​សរុប១៩,៣លាន​ដុល្លារ​អាមេរិក ជា​ថវិកា​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ២ ,៨លាន​ដុល្លារ​អាមេរិក ។ ការសាងសង់​ស្ពាន​កោះធំ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​យ៉ាងសំខាន់ សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង និង​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច​ទន្លេបាសាក់​ឱ្យបាន​ងាយស្រួល​និង​ឆាប់រហ័ស។

៥) ស្ពាន​មិត្តភាព​កម្ពុជា-ចិន តាខ្មៅ (ស្ពាន​ព្រែក​សំរោង)

ស្ពាន​មិត្តភាព​កម្ពុជា-ចិន​តាខ្មៅ ដែលជា​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ប្រវែង៨៥៥ម៉ែត្រ ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

ស្ពាន​មិត្តភាព​កម្ពុជា-ចិន តាខ្មៅ ប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់​ទន្លេបាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង ១១,៩៥ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ២ ទៅ​ផ្លូវជាតិ​លេខ១ ត្រូវបាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី៣សីហា​នេះ ក្រោម​អធិបតីភាព​សម្តេច​ហ៊ុនសែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

ស្ពាន មិត្តភាព​កម្ពុជា-ចិន តាខ្មៅ ឆ្លងទន្លេ​បាសាក់ ពី​ក្រុង​តាខ្មៅ ទៅ​សង្កាត់​ព្រែក​ឯង ដែលជា​តំណរ​ភ្ជាប់​នៃ​ផ្លូវ​ក្រវ៉ាត់​រាជធានី​ភ្នំពេញ​ពី​ផ្លូវជាតិ​លេខ២ ទៅកាន់​ផ្លូវជាតិ​លេខ១ ដែលមាន​តួនាទី​ជា​ផ្លូវ​វៀង និង​បញ្ចៀស​ការដឹកជញ្ជូន​ទំនិញ​ធន់​ធ្ងន់ តាម​ស្ពាន​ភ្លោះ​ព្រះមុនីវង្ស ហើយ​វា​ក៏​ជា​ផ្នែក​មួយ នៃ​កា​រព​ន្លឿ​ន​ការអភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងត្បូង ឆៀង​ខាងកើត​រាជធានី​ភ្នំពេញ។

ស្ពាន​មិត្តភាព​កម្ពុជា ចិន តាខ្មៅ ឆ្លងកាត់​ទន្លេបាសាក់​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ៣២,៨៩លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន រួមជាមួយ​ថវិកាបដិភាគ​មួយចំនួន​ថែមទៀត សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ និង​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម៕

តើ​ខេត្ត​ព្រះសីហនុ​កំពុង​ឆ្ពោះទៅកាន់​ទីក្រុង​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រចាំប្រទេស​យ៉ាងដូចម្តេច?

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ វាជ​សំណួរ​ដែល​យើង​ត្រូវ​ឆ្លើយ និង​ចាំមើល​ទាំងអស់គ្នា​នាពេល​អនាគត ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន និង​កំពុង​ដើរ​ស្របគ្នា​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដោយ​គ្រោង​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់ឧស្សាហកម្ម។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គោលនយោបាយ​នេះ​ត្រូវបាន​កែខៃ​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការរៀបចំ​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍ ដោយ​ប្រែក្លាយ​ទីក្រុង​នេះ​ជាទី​ក្រុងមាន​ការអភិវឌ្ឍ “ដោយ​ពហុ​បំណង” ស្របពេល​ការអភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត សម្រេចបាន​ជាង៩៤ភាគរយ ខណៈពេលដែល​កំណើន​អាគារ​ពាណិជ្ជកម្ម​កំពុង​កើនឡើង​យ៉ាង​ស្អេកស្កះ។

អភិបាលខេត្ត​ព្រះសីហនុ លោក​គួច ចំរើន​ដែលជា​បញ្ញវ័ន្ត​វ័យក្មេង និង​ទទួលបាន​ការបណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ ហើយ​ត្រូវបាន​សម្តេច​តេ​ជោ​ផ្លាស់ប្តូរ​ពី​ខេត្តកំពង់ចាម ទៅកាន់​ខេត្ត​ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន​នេះ ពិតជា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ។

មានប្រសាសន៍​ស្វាគមន៍​សម្តេច​តេ​ជោ កាលពី​ល្ងាច​ថ្ងៃទី ១មិថុនា​កន្លងមក ក្នុងពេល​សម្តេច​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​ផ្លូវ​ទាំង៣៤ខ្សែ ដែល​ស​មិ​ទ្ឋិ​ផល​នេះ​នឹង​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ​ជាថ្មី​ម្តងទៀត លោក​គួច ចំរើន​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានកំណត់​ផែន ក្នុង​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ចក្ខុវិស័យ​ឆ្នាំ២០៣០ គឺ​រៀបចំ​និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​នឹង​ទាក់ទាញ​ទេសចរ និង​ការវិនិយោគថ្មីៗបន្ថែមទៀត​ពី​បរទេស និង​បំរើ​ដល់​ការរស់នៅ​ដ៏​ល្អប្រសើរ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផងដែរ។

លោក​បញ្ជាក់ថា គិត​ចាប់​ពីថ្ងៃ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី រហូតមកដល់​បច្ចុប្បន្ន ការងារ​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤ខ្សែ សម្រេចបាន​ប្រមាណ៩៤% ដោយ​មិន​គិត​បញ្ចូល​ការងារ​អ៊ុត កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ ដាំ​ដើមឈើ បំពាក់​កាមេរ៉ា​សុវត្ថិភាព បង្គោល​ភ្លើងស្តុប​ចរាចរណ៍ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​ការរៀប​កម្រាល​ថ្ម​ក្រា​នី​ត។ ចំពោះ​ការងារ​ចាក់​បេតុង និង​ដាក់លូ​គ្រោង​នឹង​បញ្ចប់​នៅ​ដើម ខែមិថុនា ឆ្នាំ២០២០” ។

ការស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​នេះ បាន​ដំណើការ​ទៅតាម​ផែនការ​ដោយ​រលូន ទទួលបាន​ការចូលរួម​សហការ​យ៉ាង​ល្អ ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុមហ៊ុន និង​អង្គភាព​ទទួល​ការងារ​ស្ថាបនា​ផ្លូវ ដោយ​គោរព​ទៅតាម​ប្លង់​សុរិយោដី ប្លង់​ស្ថាបត្យកម្ម ប្លង់​គ្រឿង​បង្គុំ និង​បទដ្ឋាន​បច្ចេកទេស​ផ្លូវ ដែល​សិក្សា​ដោយ​ក្រុមការងារ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ធានាបាន​ទាំង​គុណភាព និង​សោភ័ណភាព។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​អាជ្ញាធរខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បាន​អញ្ជើញ​ពិនិត្យ​លទ្ធផល​ដំបូង នៃ​ការស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើឱ្យ​ក្រុងព្រះសីហនុ ក្លាយជា​ទីក្រុង​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដ៏​ស៊ី​វិ​ល័យ។

ជាមួយនឹង​សក្តានុពល​មាន​ស្រាប់ ដោយមាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​របស់​ប្រទេស មាន​ផ្លូវ​រថភ្លើង មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ ដែល​នឹង​បញ្ចប់​ការពង្រីក​នាពេលខាងមុខ ដើម្បី​ឲ្យ​យន្តហោះធំៗអាច​ចុះចត​បាន និង​មាន​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ពិសេស​ឆ្នេរ​ខ្សាច់ និង​បណ្តា​កោះ​នានា​ដ៏​ស្រស់​ស្ងា​ត​ដូច​ឋានសួគ៌ ពិតណាស់ ខេត្ត​នេះ​កំពុង​ដើរទៅ​មុខ​ដោយ​រលូន និង​កាន់​តែមាន​ភាព​ស័ក្តិសម​ជាទី​ក្រុង​ស៊ី​វិ​ល័យ​មួយ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទី១សំរាប់​ប្រទេស​នាពេល​អនាគត៕