ចំណេះដឹង! តើ​ស្ថានភាព​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ ការចុះបញ្ជី​ពាណិជ្ជកម្ម និង​លទ្ធផល​នៃ​ប​ញ្ចី​ចុះឈ្មោះ​ពាណិជ្ជកម្ម ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ ដោយបាន​ផ្ដល់​ឲ្យ​អាជីវកម្ម មាន​សុពលភាព​ស្របច្បាប់​អាច​ជឿ​ទុកចិត្តបាន និង​ទទួលបាន​ព័ត៌មានថ្មីៗពី​អាជីវកម្ម និង​មុខងារ​ក្នុង​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព។

នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម កំពុងមាន​ការរីកចម្រើន​ក្នុងការ​កែលំអរ និង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្រសើរឡើង។ ភាពស្មុគស្មាញ​មួយចំនួន​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​ត្រូវបាន​លុបបំបាត់ ឬ​ត្រូវបានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន។

ការចុះបញ្ជី​ពាណិជ្ជកម្ម ជា​ជំ​ហ៊ាន​មួយ​ដែល​បាន​ធ្វើឡើង ដោយ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​បង្កើត​អាជីវកម្ម​មួយ ឲ្យ​មាន​លក្ខណៈ​ជា​នីតិបុគ្គល ដោយ​អនុវត្តតាម​នីតិវិធី​ជា​លក្ខណៈ​ស្ដង់ដារ ដែល​អាជីវកម្ម​ទាំងអស់​ត្រូវតែ​បំពេញ។ ការចុះបញ្ជី​ពាណិជ្ជកម្ម គ្របដណ្ដប់​ទាំង​ការបង្កើត​អាជីវកម្ម​ថ្មី និង​ការកែប្រែ​ក្រុមហ៊ុន ដែលមាន​ស្រាប់​ជា​លក្ខណៈ​ផ្លូវការ ដូចជា​ការផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ម្ចាស់​ក្រុមហ៊ុន និង​ការរំលាយ​ក្រុមហ៊ុន។

សកម្មភាព​នៃ​ការចុះបញ្ជី​អាជីវកម្ម ទៅក្នុង​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម មានន័យថា​ព័ត៌មាន​ដែលមាន​សុពលភាព​ស្របតាម​ផ្លូវ​ច្បាប់ គឺអាច​ប្រើប្រាស់​បានជា​ប្រយោជន៍​ទៅលើ​សកម្មភាព​ពាណិជ្ជក​ម្ម ហើយក៏​អាច​ស្វែង​រកបាន​ផងដែរ តាមរយៈ​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម៕

ក្រុងព្រះសីហនុ កំពុងអភិវឌ្ឍន៍ខ្លួនក្លាយជាទីក្រុងពហុបំណងក្នុងល្បឿនដ៏លឿន

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ អនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រុងព្រះសីហនុ បាន និងកំពុងពន្លឿនល្បឿនមួយដ៏លឿនក្នុងការប្រែក្លាយខ្លួនទៅជាទីក្រុងពហុបំណងក្នុងពេលដ៏ខ្លី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីជួបជាមួយក្រុមបច្ចេកទេសសាងសង់ផ្លូវនៅក្រុងព្រះសីហនុនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា បច្ចុប្បន្នក្រុងព្រះសីហនុ បាន និងកំពុងតែអភិវឌ្ឍន៍ខ្លួនក្លាយជាទីក្រុងពហុបំណងយ៉ាងប្រាកដ និងមានសក្ដានុពលខ្ពស់។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ក្រុងព្រះសីហនុ បានដើរតួយ៉ាងសំខាន់ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូន ដែលក្នុងនោះដឹកជញ្ជូនពីកំពង់ផែទឹកជ្រៅទៅកាន់កំពង់ផែសម្រាប់ដឹកជញ្ជូនតាមផ្លូវគោក ហើយដឹកជញ្ជូនពីកំពង់ផែផ្លូវគោកមកកាន់កំពង់ផែទឹកជ្រៅ ហើយលើសពីនេះក៏មានការដឹកជញ្ជូនតាមរយៈផ្លូវអាកាសផងដែរ ក្នុងការនាំយកផលិតផលពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេស ហើយដឹកជញ្ជូនផលិតផលពីក្រៅប្រទេសមកផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកវិញ។

ក្រៅពីនេះ ព្រះសីហនុ ក៏ជាតំបន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ហើយនៅថ្ងៃអនាគត អាចនឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំប្រទេស ដែលគោលបំណងមួយនេះ អ្នកជំនាន់ក្រោយគេអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេច ខណៈដែលនៅពេលបច្ចុប្បន្ននេះ សម្រាប់ការបម្រើឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចសំខាន់ៗចំនួន២ ដែលវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុនធំៗ២ប្រទេស គឺតំបន់សេដ្ឋកិច្ចពិសេសវិនិយោគដោយក្រុមហ៊ុនចិន និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែទឹកជ្រៅ ដែលគ្រប់គ្រង និងវិនិយោគដោយក្រុមហ៊ុនជប៉ុន៕

ការលក់អចលនទ្រព្យនៅចិនបន្តធ្លាក់ចុះ ទោះធូរស្បើយសេដ្ឋកិច្ច

ដោយ ហ្សូលី

ប៉េកាំង៖ វិស័យអចលនទ្រព្យចាប់ផ្តើមបង្ហាញភាពវិជ្ជមាននិងមានសកម្មភាពទិញ-លក់ ប៉ុន្តែមិនទាន់ត្រឡប់មកសភាពដើមដូចពេលមិនទាន់ផ្ទុះមេរោគឆ្លងនៅឡើយទេ។

យោងតាមរបាយការណ៍សេវាវិនិយោគិនរបស់ក្រុមហ៊ុន Moody បានបង្ហាញឱ្យដឹងថា ការលក់អចលនទ្រព្យនៅប្រទេសចិនបានធ្លាក់ចុះចំនួន ២,៦ ភាគរយ កាលពីខែមេសា។ នេះបង្ហាញពីស្ថានភាពល្អប្រសើរជាងកាលពីខែមីនា ដែលធ្លាក់ចុះដល់ទៅ ១២,១ ភាគរយ។

បើតាមប្រសាសន៍របស់លោក Danny Chan ជំនួយការអនុប្រធាននិងអ្នកវិភាគរបស់ក្រុមហ៊ុនវិភាគសេដ្ឋកិច្ចអន្តរជាតិ Moody បានឱ្យដឹងថា នេះគឺដោយសារតែការលក់កិច្ចសន្យាទូទាំងប្រទេសលើវិស័យអចលនទ្រព្យបានស្ទុះងើបឡើងវិញបន្តិចម្តង ៗ និងការចេញប័ណ្ណបំណុលនៅឯនាយសមុទ្រ ដែលជាផលប៉ះពាល់នៃជំងឺរាតត្បាតនៅប្រទេសចិន។

អ្នកអភិវឌ្ឍន៍ដែលបានវាយតម្លៃខ្ពស់ជាងទីផ្សារធ្លាក់ចុះដោយមានតែ ១១,៧ ភាគរយនៅក្នុងខែមេសា ទាបជាងការធ្លាក់ចុះ ១២,៩ ភាគរយនៅក្នុងទីផ្សារទូលំទូលាយ។ ការចេញមូលបត្របំណុលនៅឯនាយសមុទ្ររបស់អ្នកអភិវឌ្ឍន៍បានកើនឡើងនៅខែឧសភាដោយក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ៣ បានចេញមូលបត្របំណុលសរុប ៩៤៤ លានដុល្លារធៀបនឹងទឹកប្រាក់ ៨៧ លានដុល្លារ កាលពីខែមេសា។

ក្រុមហ៊ុន Moody’s រំពឹងថា ការចេញមូលបត្របំណុលនៅឯនាយសមុទ្រសម្រាប់ឆ្នាំ ២០២០ នៅតែមានសមរម្យ និងជ្រើសរើសចំអ្នកដែលមានគុណភាពនិងកេរ្តិ៍ឈ្មោះល្អ។

លើសពីនេះទៀត ក្រុមហ៊ុន Moody រំពឹងថា អ្នកអភិវឌ្ឍន៍ដែលទទួលបានទិន្នផលខ្ពស់នឹងដោះស្រាយបំណុលរួចនៅខែឧសភាឆ្នាំ ២០២១ ទោះបីចំណាយលើការកែលម្អឡើងវិញខ្ពស់នៅក្នុងរយៈពេល ១២ ខែបន្ទាប់ក៏ដោយ៕

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរក្រុមការងារបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តព្រះសីហនុ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋខេត្តព្រះសីហនុ ជាពិសេសកម្លាំងការងារបច្ចេកទេសកសាងផ្លូវទាំង៣៤ខ្សែរ ដែលក្នុងរយៈពេលដ៏ខ្លីអាចធ្វើការសាងសង់ និងសម្រេចបានលទ្ធផលយ៉ាងល្អរហូតដល់ជាង៩៤ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីជួបជាមួយក្រុមបច្ចេកទេសសាងសង់ផ្លូវនៅក្រុងព្រះសីហនុនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា ជាទូទៅការស្ថាបនាផ្លូវមួយខ្សែដែលមានគុណភាពស្ដង់ដារ គឺត្រូវចំណាយពេល ៣-៤ ឆ្នាំ ប៉ុន្តែសម្រាប់តែការសាងសង់ផ្លូវថ្នល់នៅទូទាំងខេត្តព្រះសីហនុរហូតដល់៣៤ខ្សែ គឺចំណាយពេលដ៏ខ្លី ប៉ុន្តែសម្រេចបានលទ្ធផលគួរឱ្យស្ញប់ស្ញែង។

សម្តេចតេជោ បានមានប្រសាសន៍ថា គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០នេះ គឺមានរយៈពេលប្រមាណ៧ខែ លើការសាងសង់ផ្លូវទាំងអស់ ប៉ុន្តែបានសម្រេចបានលទ្ធផលយ៉ាងច្រើនរហូតដល់ជាង៩៤ភាគរយ។

ជាមួយនឹងលទ្ធផលនៅពេលនេះ សម្ដេចតេជោ ក៏បានកោតសរសើរដល់ប្រធានគណៈកម្មការជាតិគ្រប់គ្រងតំបន់ឆ្នេរ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ ទាំងកម្លាំងវិស្វកម្ម ជាពិសេសកម្លាំងកម្មករសរុបចំនួន ៤៧៥២នាក់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ទើបអាចសម្រេចបាននូវលទ្ធផលនៅពេលនេះ។

តាមរយៈការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុនៅពេលនេះ សម្ដេចជឿជាក់ថា នឹងអាចបង្កើនភាពទាក់ទាញលើការវិនិយោគ ក៏ដូចជាទេសចរជាតិ និងអន្តរជាតិ ផងដែរ ដែលចង់ទស្សនាសោភ័ណភាណនៃផ្លូវទាំងអស់ក្នុងខេត្តព្រះសីហនុជាក់ជាមិនខាន៕

សម្តេចតេជោ បង្ហាញពីមហិច្ឆិតាតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចទាំង ៣ របស់កម្ពុជា

ដោយវុត្ថា

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញមហិច្ឆិតាតភ្ជាប់ប៉ូលសេដ្ឋកិច្ចនៃខេត្តទាំង៣របស់កម្ពុជាកាន់តែមានភាទាក់ទាញ និងឆ្ពោះមុខនូវកំណើនសេដ្ឋកិច្ច ខណៈខេត្តជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាទាំងបីនេះ បាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពីសំណេះជាមួយមន្ត្រីរាជការនៅខេត្តព្រះសីហនុ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០នេះ ថា កម្ពុជាត្រូវបានបែកចែកជា ៣ ប៉ូលសេដ្ឋកិច្ច គឺភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី ១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច ២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី ៣ ។

សម្តេតេជោ រំពឹងថា ប៉ូលសេដ្ឋកិច្ចទី ៤ នឹងកើនឡើងនាពេលខាងមុខនេះ នៅប៉ែកឥសាន្ត ដែលប៉ូលដែលមានសក្តានុពលខ្លាំងលើវិស័យកសិឧស្សាហកម្ម និង ធនធានរ៉ែ ផងដែរ ។ តែយ៉ាងណាក៏ដោយសម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្ននេះ បាននឹងកំពុងគិតគូតភ្ជាប់ប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាទាំង ៣ ដែលជាប៉ូលកំណើនសេដ្ឋកិច្ច និងច្រកល្បៀងសេដ្ឋកិច្ចដ៏សំខាន់។

សម្តេចតេជោថ្លែងថា “អ្វីដែលខ្ញុំធ្លាប់និយាយជាបន្តបន្ទាប់ ខ្ញុំចង់មានការតភ្ជាប់ អោយទៅជាច្រកកំណើនសេដ្ឋកិច្ច រវាងប៉ូលទី ២ និងទី ៣ ដោយតភ្ជាប់នូវពីផ្លូវជាតិលេខ ៤ និងជារបៀបសេដ្ឋកិច្ចនៅភាគខាងលិច”៕

តើការរស់នៅតាមខុនដូមានចំនុចវិជ្ជមាន និងអវិជ្ជមានយ៉ាងណាខ្លះ?

ដោយ ហ្សូលី

ភ្នំេពញ៖ វិស័យខុនដូនៅក្នុងប្រទេសកម្ពុជាកំពុងមានភាពរីកដុះដាលជាខ្លាំងនៅក្នុងទីក្រុងភ្នំេពញ ដោយហេតុថា ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្វែងយល់ពីការរស់នៅតាមបែបទំនើប និងផ្តល់ភាពងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះមុននឹងទិញខុនដូ អ្នកគួរស្វែងយល់ឱ្យបានច្បាស់លាស់ពីចំនុចវិជ្ជមាន និងអវិជ្ជមានមួយចំនូនសិន។ របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា នៅទូទាំងរាជធានីភ្នំពេញមានគម្រោងខុនដូចំនួន៥ ស្មើនឹង២៨៤៣យូនីត បានចូលទៅក្នុងទីផ្សារក្នុងត្រីមាសទី១នៃឆ្នាំនេះ ដែលបានធ្វើឱ្យខុនដូមានកំនើនរហូតដល់២០,៨៥១យូនីត ក្នុងទីផ្សារទាំងមូល។

១/ចំណុចវិជ្ជមាន
តម្លៃសមរម្យ
បើប្រៀបធៀបរវាងតម្លៃខុនដូនៅក្នុងក្រុង និងលំនៅដ្ឋានក្នុងក្រុង ច្បាស់ណាស់ថាខុនដូមានតម្លៃទាបជាង។ ដូច្នេះសម្រាប់គ្រួសារតូច ដែលមានសមាជិកតិច អាចមានលទ្ធភាពផ្គត់ផ្គង់អចលនវត្ថុប្រភេទនេះបាន។ សូម្បីតែការបង់ពន្ធក៏មានតម្លៃទាបជាងដូចគ្នា បើប្រៀបធៀបជាមួយលំនៅដ្ឋាន។ លើសពីនេះ ម្ចាស់ខុនដូមិនចាំបាច់ព្រួយបារម្ភរឿងជួសជុលនិងថែទាំច្រើនឡើយ ចំនុចនេះបានន័យថា ម្ចាស់ខុនដូមិនត្រូវព្រួយបារម្ភរឿងជួសជុលជណ្តើរ ដំបូល ផ្លូវដើរ នោះទេ ទាំងនោះគឺជាការទទួលខុសត្រូវរបស់ខាងគ្រប់គ្រងអគារតែប៉ុណ្ណោះ។

ការផ្តល់សេវាកម្មពិសេស
ការរស់នៅតាមខុនដូ មានភាពងាយស្រួលត្រង់ចំនុចសេវាកម្មនេះតែម្តង ដោយសារតែមានប្រព័ន្ធរក្សាសន្តិសុខដល់អ្នករស់នៅបាន ២៤ ម៉ោង និងជារៀងរាល់ថ្ងៃ។ ព្រព័ន្ធការពារសុវត្ថិភាពមានភាពទំនើប ដូចជាការដាក់កាមេរ៉ាគ្រប់ផ្លូវចេញចូល ដូច្នេះមិនថារស់នៅម្នាក់ឯង ឬមនុស្សវ័យចំណាស់រស់នៅឡើយ គឺមានសុវត្ថិភាពខ្ពស់ និងផាសុកភាព។ សេវាសម្អាតអនាម័យ ជួសជុលសម្ភាៈក្នុងខុនដូ និង មានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា ជាដើម។ បើនៅតាមអគារខុនដូខ្លះមានស្កាយបារ Skybar ភោជនីយដ្ឋាន និងមានការរៀបចំពិធីជួបជុំផ្សេងៗ។

ឱកាសផ្សារភ្ជាប់ជាមួយសង្គម និងឱកាសចំណេញការរស់នៅខុនដូមានអាទិភាពត្រង់ថា មានឱកាសស្ថិតនៅចំកណ្តាលក្រុងមានមន្ទីរពទ្យ ផ្សារទំនើប សាលារៀន តំបន់ពាណិជ្ជកម្ម និងកន្លែងប្រកបការងារ។ មិនតែប៉ុណ្ណោះ ឱកាសចំណេញក៏ទទួលបានច្រើនទៅតាមទីតាំងនិងតំបន់ផងដែរ ព្រោះម្ចាស់ខុនដូ អាចរស់នៅក៏បាន អាចដាក់លក់ឬជួលវិញក៏បាន។ គម្រោងខុនដូមានការយោគយល់ដោយសន្យាថា នឹងបង្វិលជួលវិញក្នុងករណីដែលម្ចាស់បន្ទប់ខុនដូ រកអ្នកជួលមិនបាន។ តាមរបាយការណ៍របស់ CBRE Cambodia បានឱ្យឃើញថា ការជួលប្រចាំខែជាមធ្យមក្នុងមួយម៉ែត្រការ៉េ សម្រាប់យូនីតដែលមាន តម្លៃខ្ពស់គឺ១៤,២១ដុល្លារ និង១១,៧៩ដុល្លារ សម្រាប់យូនីតខ្នាតមធ្យម។

២/ចំណុចអវិជ្ជមាន
មានវិនិ័យច្រើន
តាមអគារខុនដូខ្លះមានការដាក់វិន័យតឹងតែងដែលបណ្តាលឱ្យការរស់នៅរបស់ម្ចាស់បន្ទប់ខុនដូមានភាពលំបាកដែរ ជាក់ស្តែងដូចជាការចិញ្ចឹមសត្វ គឺត្រូវរឹតបន្តឹងដើម្បីរក្សាអនាម័យក្នុងបរិវេណអគារខុនដូ។ វិន័យនៃការចោលសម្រាមក៏មានភាពលំបាក តែក៏មានខុនដូខ្លះមានសេវាកម្មឱ្យអ្នកអនាម័យមកប្រមូលសម្រាម ហើយខ្លះទៀតតម្រូវឱ្យយកទៅបោះចោលខ្លួនឯង ដែលបង្កផលវិបាកក្នុងការឡើងចុះផងដែរ។

ទំហំបន្ទប់ខុនដូតូច និងកំណត់ភាពឯកជន
ជាក់ស្តែងបើសិនជាអ្នកដែលមានមុខជំនួញធំៗ ត្រូវការកន្លែងស្តុកទំនិញច្រើន អាចនឹងត្រូវពិចារណាបន្តិច ព្រោះថា ខុនដូបង្កើតឡើងសម្រាប់ការរស់នៅ ដោយមិនមានបន្ទប់សល់សម្រាប់ផ្ទុកឥវ៉ាន់ ឬមានដីសល់ដែលអាចសាងសង់បន្តនោះទេ។ ទន្ទឹមនេះ ភាពឯកជនរបស់ម្ចាស់បន្ទប់ខុនដូនិមួយៗត្រូវកាត់បន្ថយ មិនអាចជប់លៀង បង្កើតសម្លេងលឺៗ នោះឡើយ ព្រោះអាចបង្កការរំខានដល់អ្នកដទៃ។ ការរស់នៅរបស់ខុនដូគឺជាការស់នៅតាមបែបសហគមន៍ ដែលត្រូវក្រែងចិត្ត និងគោរពសិទ្ធអ្នកដទៃ។

ទាំងនេះជាចំណុចវិជ្ជមាននិងអវិជ្ជមានខ្លះដែលអ្នកទិញខុនដូត្រូវស្វែងយល់ស៊ីជម្រៅជាមុនសិន។ យ៉ាងណាមិញ អ្នកជំនាញអចលនទ្រព្យ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia ធ្លាប់បានមានប្រសាសន៍ថា អតិថិជនគួរសិក្សាពីចំណុចសំខាន់ៗនៃខុនដូឱ្យបានច្បាស់លាស់ ឬអាចស្វែងរកជំនួយពីសំណាក់ក្រុមប្រឹក្សាទិញ-លក់ អចលនទ្រព្យ ដែលមានជំនាញពិតប្រាកដ ចៀសវាងការខាត់បង់ធនធាននៅថ្ងៃអនាគត៕ Inquirer

រដ្ឋបាលខេត្តប៉ៃលិន ចាប់ផ្ដើមសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនជាប់ប្រទេសថៃ

ដោយ ៖ រ៉ាណេត

ប៉ៃលិន ៖ ផ្លូវក្រវ៉ាត់ព្រំដែន ដែលមានប្រវែងជាង ៥២០០ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ចាប់ផ្តើមបើកការដ្ឋានសាងសង់ប្រកបដោយការយកចិត្តទុកដាក់ ដោយការក្រាលបេតុងអាមេ និងកៅស៊ូប្រភេទ DBST ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោកអភិបាលខេត្តប៉ៃលិន ផាន់ ចាន់ធុល បានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ផ្លូវ១ខ្សែនេះ គឺមានសារសំខាន់បំផុត ហើយក៏ជាកត្តាជួយជំរុញ និងបង្កើនកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែប្រសើរជាងមុន។

លោកបានបញ្ជាក់ថា “នៅពេលដែលយើងស្ថាបនារួចរាល់ តំបន់ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា+ថៃ នឹងកាន់តែផ្តល់ឱកាសល្អជាច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញផ្សេងៗ រួមជាមួយនឹងកសិផលយកទៅលក់នៅលើទីផ្សារបានយ៉ាងស្រួល ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍ ភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន”។

លោកបានមានប្រសាសន៍ទៀតថា “ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ននានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម”។

ផ្លូវក្រវ៉ាត់ព្រំដែន ដែលមានប្រវែងជាង ៥២០០ម៉ែត្រ មួយខ្សែនេះ មានទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕

គិតមកទល់ពេលនេះ កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារ ពីការលក់សំបុត្រទស្សនាប្រាសាទអង្គរវត្ត

ដោយ ហ្សូលី

សៀមរាប៖ គិតមកទល់ពេលនេះ រយៈពេល៥ ខែដំបូងនៃឆ្នាំ ២០២០ កម្ពុជាទទួលបានចំណូលជាង ១៨ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទេសចរបរទេស។

បើតាមទិន្នន័យពីសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបានចុះផ្សាយនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០នេះ បង្ហាញឱ្យឃើញថា ក្នុងរយៈពេល ៥ ខែដំបូង នៃឆ្នាំ ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ៣៨៦,០៩៣ នាក់ បានទិញបណ្ណចូលទស្សនាប្រាសាទអង្គរវត្ត។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ តួលេខគឺធា្លក់ចុះប្រមាណ ៦៥,៤៦ភាគរយ។

ចំណែកឯប្រាក់ចំណូលពីការលក់បណ្ណនេះវិញ ទទួលបានចំនួន ១៨,០២១, ៣៣៦ ដុល្លារ ធ្លាក់ចុះ ៦៤,១៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩។

ថវិកាពីការលក់បណ្ណចូលទស្សនាប្រាសាទអង្ករវត្តជាង ១៨លានដុល្លារនេះ ទឹកប្រាក់ជាង ៧៧ម៉ឺនដុល្លារ ត្រូវដកទៅឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់ដំណើរការព្យាបាលកម្ពុជាដោយមិនបង់ថ្លៃ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ក្នុងរាជធានីភ្នំពេញផង និងខេត្តសៀមរាបផង។

ដើម្បីជាការអនុវត្តវិធានការ និងសម្រួលផលប៉ះពាល់មកល់វិស័យទេសចរណ៍ ដោយសារបញ្ហា Covid-19 នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តការបន្ថែមថ្ងៃជូនដល់ភ្ញៀវទេសចរបរទេសដែលទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរវត្ថ ដែលមានដូចជា៖

សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ ចំណែកឯសំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ និងសំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ។ ការបន្ថែមជូននេះ មានរយៈពេលចំនួន ៤ខែ អនុវត្តចាប់ពីថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០២០ តទៅ៕

សម្តេចតេជោប្រកាសដាក់ចេញផែនការប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា

ដោយវុត្ថា

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ផែនការក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមកកាន់សមុទ្ររាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល ដែលជាផ្លូវក្រវ៉ាត់ក្រុងនៃក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ ដែលពេលនេះបានសម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ៕

ក្រុងប៉ោយប៉ែត នៅតែទាក់ទាញគម្រោងវិនិយោគលើវិស័យសំណង់

ដោយ ៖ រ៉ាណេត

ប៉ោយប៉ែត ៖ គម្រោងសាងសង់សំណង់អាគារពាណិជ្ជកម្មចម្រុះ ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើង សរុបជាង២០គម្រោងនៅក្នុងក្រុងប៉ោយប៉ែត នៅតែបន្តសកម្មភាពសាងសង់យ៉ាងសកម្ម ដើម្បីត្រៀមចាំបំពេញតម្រូវការទីផ្សារក្រោយបញ្ចប់ភាពប្រឈមនៃវិបត្តិសេដ្ឋកិច្ចក្នុងពេលខាងមុខនេះ។

យ៉ាងហោចណាស់មានអាគារពាណិជ្ជកម្មដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅជាង ២០គម្រោង ដែលមានទុនវិនិយោគសរុបច្រើនជាង ១៥០លានដុល្លារ កំពុងតែបន្តដំណើរការសាងសង់ ដែលនឹងគ្រោងបញ្ចប់ក្នុងពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក សួង សុខហ៊ាង ដែលជាអ្នកជំនួញ និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust លោក សួង សុខហ៊ាង បានមានប្រសាសន៍ថា “ពេលនេះ ចំពោះចរន្តទីផ្សារនៃការទិញ-លក់ អចលនទ្រព្យ ក៏ដូចជាការជួលផងដែរ គឺនៅបន្តភាពស្ងប់ស្ងាត់ ជាពិសេសអគារស្នាក់នៅរួម ដូចជាអាផាតមិន និងខុនដូជាដើម ប៉ុន្តែសម្រាប់ការសាងង់សំណង់ទូទៅ ដូចជាសំណង់លំនៅដ្ឋាន ក៏ដូចជាសំណង់អាគារពាណិជ្ជកម្មផងដែរ គឺនៅតែបន្តមានសកម្មភាពធម្មតា”។

លោកបានបន្តទៀតថា “ក្រៅពីគម្រោងសាងសង់សំណង់អគារកាស៊ីណូធំៗប្រមាណ១៥គម្រោង ដែលស្ថិតនៅតំបន់ផ្លូវផ្កាយ៥ នៅមានគម្រោងសាងសង់អាគារពាណិជ្ជកម្មធំៗ និងមានកម្ពស់ខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមិនតិចជាង២០គម្រោងនោះទេ ក៏កំពុងពន្លឿនការសាងសង់ ដើម្បីបញ្ចប់គម្រោងតាមការគ្រោងទុកផងដែរ ដែលភាគច្រើននឹងអាចបញ្ចប់ត្រឹមពាក់កណ្តាកឆ្នាំ២០២១ខាងនេះ”។

លោក សួង សុខហ៊ាង បានអះអាងថា គម្រោងសំណង់អាគារពាណិជ្ជកម្មទាំងអស់នេះ សុទ្ធតែជាគម្រោងដែលបានបន្សល់កាលពីឆ្នាំចាស់ទាំងអស់ ហើយម្ចាស់គម្រោងមិនមានក្ដីបារម្ភទៅលើហានិភ័យទីផ្សារក្រោយការបញ្ចប់ការសាងសង់ជាស្ថាពរនោះទេ ដោយហេតុថា ទម្រាំដល់ពេលសំណង់បញ្ចប់ការសាងសង់ក៏ត្រូវចំណាយពេល១ឆ្នាំទៀត ដែលសមល្មមនឹងការបញ្ចប់វិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន ជាពិសេស មានគម្រោងគម្រោងកាស៊ីណូជាច្រើនទៀតដែលបានបង្វែរគោលដៅពីក្រុងព្រះសីហនុ មកកាន់ក្រុងប៉ោយប៉ែត ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានកំណើននៃតម្រូវការទីផ្សារ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា “នៅក្នុងតំណាក់កាលនេះ បើនិយាយពីការទិញ-លក់ អចលនទ្រព្យនៅតំបន់ប៉ោយប៉ែត គឺទាល់តែមានតម្លៃទាបជាងទីផ្សារ ប៉ុន្តែបើរង់ចាំរហូតដល់ឆ្នាំក្រោយ ឬពាក់កណ្តាលឆ្នាំ២០២១ ការទិញ-លក់ ឬជួល អាចនឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសក្រោយពេលដែលវិបត្តិដែលកំពុងប្រឈមត្រូវបានបញ្ចប់”។

លោកឧកញ៉ាបានបន្តទៀតថា “អចលនទ្រព្យនៅកម្ពុជា មិនថាចំពោះតែក្រុងព្រះសីហនុ ក្រុងបាវិត ក៏ដូចជាក្រុងប៉ោយប៉ែតនោះទេ មួយចំណែកធំគឺបានមកពីទីផ្សារក្នុងតំបន់ ដោយក្នុងប្រទេសចិនបានឈរនៅលេងរៀងកំពូល។ ដូច្នេះនៅពេលដែលវិបត្តិនេះត្រូវបានប្រទេសចិនទប់ស្កាត់បានជោគជ័យ នោះទីផ្សារកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ”។

លោកបញ្ជាក់ថា “គ្រប់គម្រោងវិនិយោគធំៗ គឺសុទ្ធតែសំឡឹងមើលក្នុងរយៈពេលយូរ មានន័យថា ប្រសិនបើក្នុងរយៈពេលមួយឆ្នាំ ឬលើសពីនេះ ទើបគម្រោងសាងសង់ត្រូវបញ្ចប់ នោះមានន័យថា ការព្យាករណ៍របស់ក្រុមហ៊ុនដែលជាម្ចាស់គម្រោងគឺជារឿងដែលត្រឹមត្រូវបំផុត និងមិនមានហានិភ័យខ្ពស់នោះទេ។ នៅពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ តម្រូវការទីផ្សារជាក់ស្ដែងក៏ចាប់ផ្តើមមាន” ៕