ដោយម៉ាលីនណា
ភ្នំពេញៈ ទីក្រុងរណបតម្លៃ៣០០០លានដុល្លារអាមេរិក បាននិងកំពុងចាប់ផ្តើមសកម្មភាពកាន់តែរសរវើកជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ផ្សាររាត្រី កន្លែងកំសាន្ត និងទីតាំងញុំាអាហារដ៏មានឳជារស។
បច្ចុប្បន្នទីក្រុងនេះបាននិងកំពុងបង្ហាញសមិទ្ឋផលសំខាន់ៗដូចជាអាគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុនOCICបានជិតបញ្ចប់ សួនកំសាន្តថ្មីមួយបានបើកដំណើរការកាលពីពេលថ្មីៗនេះ ហើយសួនកំសាន្តដាយណូស័រក៏ត្រៀមបើកដំណើរការ សាលពិព៌ណលំដាប់អន្តរជាតិបានបញ្ចប់ការសាងសង់ ខណៈFood Palace ហាងអាហារផ្សេងៗបាននិងកំពុងបើកដំណើរការយ៉ាងរសរវើក។
អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានប្រាប់Propertyarea.asiaធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលកន្លងមកថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះធ្វើឡើងតាមរបៀបជាទីក្រុង ដែលផ្តោតលើបរិស្ថាន(Smart City)បៃតង និងទស្សនទានអភិវឌ្ឍន៍ថ្មី ពិសេសយើងស្វាគមន៍ការវិនិយោគពីអ្នកវិនិយោជាតិ អន្តរជាតិចូលមកកាន់តំបន់នេះកាន់តែច្រើន។
លោកបន្តថា “យើងមានគោលដៅរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្សនាពេលបច្ចុប្បន្ននេះ”។
ក្រុមហ៊ុនOCIC ក៏បានសាងសង់ផ្ទះល្វែងត ម្លៃចាប់ពី១៥ទៅ២៥ម៉ឺនដុល្លារ និងអាគារពាណិជ្ជកម្មកំពស់១០ទៅ១២ជាន់ និងការិយាល័យកណ្តាលរបស់OCIC កំពស់២០ជាន់នៅទីក្រុងរណបនេះក្នុងដំណាក់កាលទី១ហើយ។ ចំណែកដំណាក់កាលបន្ទាប់ទៀត យើងនឹងធ្វើឡើងបត់បែនស្របតាមការវិវិត្តនៃសេដ្ឋកិច្ច សង្គមកម្ពុជា។
ទីក្រុងរណបជ្រោយចង្វារដំបូងឡើយ មានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយ នឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។
ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសងខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកាសធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជា ជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រកបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងថ្មីនេះ ពិតជាមានភាពសមស្រប ហើយវានឹងមានភាពរីកចម្រើន កាន់តែលឿននាពេលអនាគត ដោយសារលក្ខខ័ណ្ឌភូមិសាស្រ្ត ដែលវាជាទីក្រុងមានចម្ងាយជិតជាងគេ បើគិតចេញពីតំបន់ពាណិជ្ជកម្មស្នូលរបស់ទីក្រុង ហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដោយមានស្ពានចំនួនបីតភ្ជាប់ទៅតំបន់នេះ ពិសេសបរិយាកាសអំណោយផល ពិតជាទាក់ទាញប្រជាជនចូលទៅរស់នៅតំបន់នេះកាន់តែច្រើនថែមទៀត។
លោកបន្តថា “ការរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចគ្នា នឹងតំបន់ពាណិជ្ជកម្មលើផ្លូវមុនីវង្ស ពិតជាអាចធ្វើទៅបាន ដោយសារកត្តារីកចម្រើមនសេដ្ឋកិច្ចប្រជាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់នៅតំបន់នេះ”៕
–