ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏របស់ចិន ពង្រីកផលិតកម្មរបស់ខ្លួនដោយនឹងបង្កើតការងារ ១៧,០០០ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ដោយ ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីបន្ថែមជាមួយក្រុមហ៊ុន Marvel Garment Co Ltd ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេមកពីប្រទេសចិន ខណៈគម្រោងពង្រីករោងចក្រផលិតកម្មនឹងបង្កើតការងារក្នុងស្រុកចំនួន ១៧,០០០កន្លែង។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោក Tan Kak Khun បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយនឹងលោក Yan Delin អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Marvel Garment កាលពីចុងសប្តាស៍កន្លងមកនេះ។

លោក Tan Kak Khun បានមានប្រសាសន៍ថាក្រុមហ៊ុន Marvel Garment បានពង្រីកគម្រោងរបស់ខ្លួនជាបន្តបន្ទាប់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកដល់ដំណាក់កាលទី៣ ដែលគ្របដណ្តបលើផ្ទៃដីសរុប ៤៣ ហិកតា។
លោកបានមានប្រសាសន៍ថា គម្រោងនេះត្រូវបានរចនាឡើងជាចង្កោមនៃរោងចក្រផលិតសម្លៀកបំពាក់ ដោយមានកាត់ដេរ ឃ្លាំង និងបោះពុម្ពជាដើម។

លោក Yan បាននិយាយថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងការជួលដីទំហំ ៦,៤ ហិកតាបន្ថែម និងជាសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដើម្បីរួមគ្នាបង្កើតការងារ និងសេដ្ឋកិច្ចដ៏សំខាន់។
លោកបាននិយាយថា ក្រុមហ៊ុនបានចាប់ផ្តើមរៀបចំអន្តេវាសិកដ្ឋានរបស់កម្មករ និងកន្លែងនៅជុំវិញ ហើយលោករំពឹងថា គម្រោងនេះនឹងបង្កើតការងារក្នុងស្រុកចំនួន ១៧,០០០កន្លែង។

លោក Yan បានថ្លែងបន្តថា “ខណៈកំពុងរៀបចំតំបន់ផលិតកម្ម យើងត្រូវរៀបចំកន្លែងរស់នៅជាមុនសម្រាប់កម្មករនាពេលអនាគត”។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជាឧទ្យានឧស្សាហកម្ម មានផ្ទៃដី ៣៥៧ ហិកតា នៅជាយក្រុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Marvel Garment គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេរបស់ចិនឈ្មោះ Shenzhou International Group Holdings Ltd។

តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត (PPSEZ) ផងដែរនោះបានឲ្យដឹងថា កាលពីពេលថ្មីៗនេះថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មមានចំនួន ១,១៣ ពាន់លានដុល្លារ កើន ១៣,៨៨ ភាគរយធៀបនឹងឆ្នាំ ២០១៨ ហើយតំបន់សេដ្ឋកិច្ចពិសេសនេះរក្សាបាននូវកំណើនជាប្រចាំនៃសកម្មភាពពាណិជ្ជកម្មក្នុងរយៈពេលច្រើនឆ្នាំមកនេះ។

យោងតាមរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសកម្ពុជាតាមរយៈតំបន់សេដ្ឋកិច្ចពិសេស (SEZ) កាលពីឆ្នាំមុនបានកើនឡើងប្រហែល ២៧ ភាគរយជាមួយនឹងតម្លៃសរុបការនាំចេញបានកើនឡើង ២ ៦៨៨ លានដុល្លារកាលពីឆ្នាំមុន។ ក្រុមហ៊ុនចំនួន ៤៦៥ ដែលប្រតិបត្តិការនៅក្នុង SEZ ទាំង ៥៤ កន្លែងរបស់ប្រទេសកម្ពុជា ដែលផ្ដល់ការងារជាង ១០០០០០ នាក់៕

ក្រុមហ៊ុនបារំាង គ្រោងបោះទុនរាប់លានដុល្លារវិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុន Fou Du Fou របស់ប្រទេសបារាំងគ្រោងបោះទុនរាប់លានដុល្លារ វិនិយោគលើវិស័យទេសចរណ៍ ដោយការបង្កើត និងរៀបចំធ្វើជាទីកន្លែងសួនកម្សាន្តដ៏ធំប្រចាំនៅក្នុងខេត្តសៀមរាប បើទោះបីពិភពលោកកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច និងការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប នៅក្នុងជំនួបពិភាក្សាការងារលើគម្រោងវិនិយោគវិស័យទេសចរណ៍ក្នុងខេត្ត ជាមួយអគ្គនាយកក្រុមហ៊ុន Incubateur Confluences ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះថា សក្តានុពលរបស់ខេត្តមួយនេះ គឺពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ដែលមានប្រជាពលរដ្ឋប្រមាណ ៨២ភាគរយជាប្រជាកសិករ ។

លោកបន្តថា ក្នុងវិស័យទេសចរណ៍នាឆ្នាំ២០១៨-២០១៩កន្លងទៅ ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ មានការកើនឡើង ទៅតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ។ ប៉ុន្តែក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ ដោយសារពិភពលោក ក៏ដូចជានៅកម្ពុជា បានជួបនូវវិបត្តិជម្ងឺឆ្លង Covid-19 ជាពិសេសនៅខេត្តសៀមរាប បានធ្វើឱ្យភ្ញៀវទេចរជាតិ និងអន្តរជាតិមានការធ្លាក់ចុះយ៉ាងគំហុក។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការគាំទ្រលើគម្រោងវិនិយោគបង្កើតតំបន់កម្សាន្តដូចបានបង្ហាញខាងលើនេះ រួមជាមួយនឹងការព្យាយាមធ្វើការសម្របសម្រួលលើឯកសារច្បាប់ពាក់ព័ន្ធនានា ដែលធ្វើយ៉ាងជួយសម្រួល និងជំរុញឱ្យគម្រោងបានដំណើរការរលូន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានថ្លែងថា សៀមរាប គឺជាទីរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាច្រើន ហើយក៏ត្រូវបានពិភពលោកចាត់ទុកថា ជាតំបន់គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ហើយថែមទាំងមានលទ្ធភាពក្នុងការអូសទាញការវិនិយោគនៅក្នុងវិស័យនេះផងដែរ។ ក្រៅពីនេះ ខេត្តសៀមរាបត្រូវបានចាត់ទុកជាប៉ូលទេសចរណ៍ទី១ របស់កម្ពុជា និងជាតំបន់ឧស្យាហកម្មគ្មានផ្សែង ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់បំផុត រួមជាមួយនឹងការវិនិយោគលើវិស័យទេសចរណ៍មកពីបណ្តាប្រទេសនានាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕

ចង់​ក្លាយជា​អ្នកលក់​អចលនទ្រព្យ​ប៉ិនប្រសប់ តើ​ត្រូវ​ហ្វឹកហាត់​ដូចម្តេចខ្លះ?

ដោយ ៖ ហ្សូ​លី

ភ្នំពេញ ៖ ចរន្ត​ទីផ្សារ​អចលនទ្រព្យ​អាចមាន​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ គឺ​បណ្តាលមកពី​កត្តា​ជាច្រើន​ដូចជា គម្រោង​ច្បាស់លាស់ ស្ថានភាព​នយោបាយ និង​ការផ្តល់ជូន​ពិសេស​ដល់​អតិថិជន។ ទាំងអស់នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អតិថិជន​ដោយសារតែ​ភ្នាក់ងារ​លក់​អចលនទ្រព្យ ដូច្នេះ​ដើម្បីឱ្យ​ក្លាយខ្លួនជា​ភ្នាក់ងារ​ក្នុងនាម​ជា អ្នកលក់​មាន​ភាព​ប៉ិនប្រសប់ តើ​ត្រូវ​ហ្វឹកហាត់​ទៅលើ​ចំនុច​ណាខ្លះ?

យោងទៅតាម​អ្នកជំនាញ​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក​វិញ លោក TalBot Sutter បានឱ្យដឹងថា ចំនុច​សំខាន់​ដែល​អ្នកលក់​ត្រូវ​ប្រកាន់ខ្ជាប់​នោះ គឺ​ត្រូវតែ​ចាត់ទុក​អតិថិជន​ដូចជា​មាស។ មិន​ថា​អតិថិជន​ទិញ​អចលនទ្រព្យ​តម្លៃ​ក្រោម ១០ ម៉ឺន​ដុល្លារ​ក្តី លើ ១០ម៉ឺន​ដុល្លារ​ក្តី ឬ​ដល់​រាប់លាន​ដុល្លារ​ក្តី ចាំបាច់​ត្រូវ​បម្រើ​ពួកគេ​ឱ្យ​ដូចគ្នា។ ត្រូវ​ចាំ​ថា កាលណា​អ្នក​ក្លាយជា​អ្នកលក់​ដ៏​មាន​ទំនុកចិត្ត ពេលដែល​អ្នកលក់​គម្រោង​រាប់លាន​ដុល្លារ ក៏​ពួកគេ​នៅតែ​ហ៊ាន​ចំណាយ និង​បន្ត​រាប់អាន​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ។

ចំណែក​លោកស្រី Judy Williams ជា​អ្នកលក់​អចលនទ្រព្យ​ពោរពេញ​ដោយ​បទពិសោធន៍​ទាំង​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប បាន​ចែករំលែក​ថា ត្រូវ​ចាប់​គ្រប់​ឱកាស​ទាំងអស់ ទោះបី​ជាមាន​គម្រោង ឬ​អចលនទ្រព្យ​ច្រើនយ៉ាង​ណាក៏ដោយ។ ជាពិសេស ត្រូវ​រាយការណ៍​ប្រាប់​ភ្ញៀវ​ឱ្យបាន​ល្អិតល្អន់​រាល់​ពេលដែល​ពួកគេ​មាន​សំណួរ និង​ចង់ដឹង​ច្បាស់​ពីអ្វី​មួយ​ដែល​ទាក់ទង​នឹង​គម្រោង។

អ្នកជំនាញ​រូបនេះ​បង្ហើប​ថា ក្នុងសម័យ​ប្រព័ន្ធ​ឌីជីថល​នេះ ចាំបាច់​ត្រូវ​ចេះ​ប្រើប្រាស់​ទិច​និក​បង្អួត​ពី​អ្វីដែល​អ្នកលក់​មាន ដូចជា​ការបង្កើត​វីដេអូខ្លីៗតាម​ប្រព័ន្ធ​អន​ឡាញ និង​បណ្តាញ​សង្គម​ជាដើម។ មិន​ថា​ជាការ​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក ឬ​អ៊ី​ន​ស្តា​ក្រោម​ទេ អ្នកលក់​ត្រូវ​ចំណាយពេលខ្លះៗ បង្ហាញ​ពី​ទិដ្ឋភាព​ក្នុងផ្ទះ ចែករំលែក​ពី​វិធីសាស្ត្រ​មួយចំនួន​ជូន​ដល់​អតិថិជន​ជា​គោលដៅ។

ម្យ៉ាងវិញទៀត ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ប្រ​វិត្ត​រូប​ឱ្យបាន​ច្បាស់លាស់ ព្រោះ​មុននឹង​អ្នកទិញ​សម្រេចចិត្តថា​ទិញ ពួកគេ​បាន​ឆែកឆេរ ស៊ើប​ប្រ​វិត្ត​នៅលើ​គណនី​បណ្តាញ​សង្គម​របស់​អ្នក​ជាមុន។ ចៀសវាង​ការ​មាន​ជម្លោះ ការបោក​បញ្ឆោត ការបន្តុះ​បង្អាប់​លើ​អ្នក​រួម​អាជីព​ស្ថិតក្នុង​វិស័យ​តែមួយ។ ប្រការ​ល្អ គួរតែ​ចែកឱ្យដាច់​រវាង​គណនី​សម្រាប់​លក់ ឬ​ធ្វើ​ជំនួញ និង​គណនី​ផ្ទាល់ខ្លួន​សម្រាប់​បង្ហោះ​ព័ត៌មាន​ផ្ទាល់ខ្លួន។

ដោយឡែក​អ្នកជំនាញ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ លោក​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Show Up Real Estate ធ្លាប់បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ​មួយរូប ត្រូវ​ចេះ​សិក្សា​បន្ថែម​ដើម្បី​អភិវឌ្ឍន៍​អាជីព។ ក្រៅពីនេះ ត្រូវមាន​ភាព​អត់ធ្មត់ ពូកែ​ទំនាក់ទំនង និង​ចេះ​ស៊ើបសួរ​លក់​នូវ​គម្រោងល្អៗច្បាស់លាស់​មានការ​ទទួល​ស្គាល់ ដែល​ទាំងអស់នេះ ចាំបាច់​ត្រូវតែ​ចេះ​តាមដាន​នូវ​រាល់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​កាន់តែ​ប្រសើរ៕

តើ​អគារ​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ស្ថិតក្នុង​ប្រទេស​ណា?

ដោយ ៖ ប៊ី

គូ​ឡា​ឡាំ​ពួរ ៖ អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ Exchange 106 ដែល​ទើបបាន​បញ្ចប់​ការសាងសង់​កាលពីពេល​កន្លងទៅថ្មីៗនេះ​ស្ថិតនៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅត្រឹម​អំឡុង​ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

អាគារ​ដែលមាន​កម្ពស់ ១០៦ ជាន់ ស្មើនឹង ៤៩២ ម៉ែត្រ បាន​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ជា​ផ្លូវការ​នៅ​ទំ​បន់​អាស៊ីអាគ្នេយ៍ និង​ជា​អាគារ​ដែល​ខ្ពស់​ជាងគេ​ទី៦ នៅលើ​ពិភពលោក ដែល​ទីតាំងនៅ​តំបន់ Tun Razak Exchange ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកគ្រប់គ្រង​គម្រោង​ដែលមាន​មូលដ្ឋាន​នៅ​ឥណ្ឌូណេស៊ី Mulia Group បានឱ្យដឹងថា គម្រោង​នៃ​ការអភិវឌ្ឍន៍​អាគារ​មួយ​នេះ​មាន​ទំហំ ២,៦ លាន​ម៉ែត្រក្រឡា ដោយ Mulia Group ទទួលបាន​ការកាន់កាប់ ២០ ភាគរយ ហើយ​សង្ឃឹមថានឹង​អាច​ទទួលបាន​ការកាន់កាប់​រហូតដល់ ៥០ ភាគរយ​នៅ​ចុងឆ្នាំ ២០២០ ។

គូ​ឡា​ឡាំ​ពួរ  គឺជា​រាជធានី​នៃ​សហព័ន្ធ និង​ជាទី​ក្រុង​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​ក្នុងប្រទេស​ម៉ាឡេស៊ី។  ទីក្រុង​មួយ​នេះ​មាន​ផ្ទៃក្រឡា​សរុប ២៤៣ គីឡូម៉ែត្រ​ការ៉េ (៩៤ ម៉ា​យ ក.) និង​មាន​ប្រជាជន​ប្រហែល ៧,៩ លាន​នាក់​នៅ​ឆ្នាំ២០២០ ៕

អ្នកវិភាគ​សេដ្ឋកិច្ច​គាំទ្រ​ការផ្លាស់ប្ដូរ ១-២-៥ ដុល្លារ ហើយ​ជំនួស​ដោយ​ប្រាក់រៀល​វិញ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ លោក​បណ្ឌិត ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច បង្ហាញ​ការគាំទ្រ​ចំពោះ​ការជំនួស​ក្រដាសប្រាក់​ដុល្លារ​តម្លៃទាបៗ $1 $2 និង $5 ដោយ​ក្រដាស​ប្រាក់រៀល​វិញ។

ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​ដែល​ផ្តើមគំនិត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា  កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅថ្មីៗ ទៅលើ​ការផ្អាក​ទទួលយក​ប្រាក់​បញ្ញើ​នូវ​ក្រដាសប្រាក់ ១-២-៥ ដុល្លារ ដើម្បី​ជំរុញ និង​លើកកម្ពស់​តម្លៃ​ប្រាក់រៀល បានធ្វើឱ្យ​បណ្តា​ធនាគារពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​តំណាង​ដោយ​ប្រធាន​សមាគម  CMA រួម​ជាមួយនឹង​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង ។

លោក​បណ្ឌិត ចាន់ សុផល បាន​បញ្ចេញ​ទស្សនៈ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា “ខ្ញុំ​គាំទ្រ​ការជំនួស​ក្រដាសប្រាក់​ដុល្លារ​តម្លៃទាបៗទាំងនេះ ដោយ​ក្រដាស​ប្រាក់រៀល។ ការធ្វើ​ដូចនេះ នាំឱ្យ​កម្ពុជា​ចំណេញ​បាន​ពី​ការបោះពុម្ព​ក្រដាសប្រាក់​ថ្មី យកមក​ជំនួស​ពួកវា។ ជាទូទៅ ប្រទេស​ណា​បោះពុម្ព​រូបិយប័ណ្ណ​បាន​ប្រទេស​នោះ​ចំណេញ​ច្រើន។ ឧទាហរណ៍ ប្រទេស​អាមេរិក​ចំណាយ​តែ២សេន ប៉ុណ្ណោះ សម្រាប់​ការបោះពុម្ព​ក្រដាសប្រាក់១០០ដុល្លារ” ។

លោក ចាន់ សុផល បាន​ពន្យល់ថា  “បើតាម​ខ្ញុំ​យល់ គេ​អាចឱ្យ​អ្នកមាន​ក្រដាសប្រាក់​ទាំងនេះ​ដូរ​តាម​កន្លែង​ប្តូរប្រាក់​យកប្រាក់​រៀល ហើយ​ឱ្យ​ចំណេញ១០ភាគរយ ថែមទៀត​ដើម្បី​ប្រមូល​ឆាប់​បាន​អស់ពី​ទីផ្សារ។ ការបោះពុម្ព​ក្រដាស​ប្រាក់រៀល​ជំនួស​ពួកវា ទំនងជា​ចំណេញ​ច្រើនជាង ១០ភាគរយ​ឆ្ងាយ​ណាស់។ គេ​អាចអនុវត្ត​កម្មវិធី​នេះ​រយ:ពេល​ពីរ ឬ​បី​ខែ ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​នាំចូល​ក្រដាសប្រាក់​តម្លៃទាបៗនេះ​តទៅទៀត​ពី​បរទេស។ បន្ទាប់​ពីនេះ គេ​អាច​ដូរ​បាន​តាម​កន្លែង​ប្តូរប្រាក់ និង​តាម​ធនាគារជាតិ​ជា​ចុងក្រោយ ដោយ​កាត់​តម្លៃ ១០ភាគរយ​ទៅវិញ” ។

ជាមួយគ្នានេះ លោក ង៉ែត ជូ ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​ទៅនឹង​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល​ថា “ខ្ញុំ​គាំទ្រ​សេចក្តីសំរេច​ឈប់​ចាយ​ក្រដាសប្រាក់​ដុល្លារតូចៗព្រោះ​យើង​អាច​ជំនួស​ដោយ​ចាយប្រាក់​រៀល​បាន​យ៉ាង​ងាយ និង​ជា​វិធីសាស្ត្រជំហានៗឈានទៅរក​ការកាត់បន្ថយ​ការប្រើ​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ចកម្ពុជា” ។

លោក​បាន​បញ្ជាក់ថា “ចាប់ពី​ថ្ងៃនេះ បើ​មាន​ក្រដាសប្រាក់ ១ – ២ ឬ ៥ ដុល្លារ អាច​យកទៅ​បង់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​លោកអ្នក​ជំពាក់។ នេះ​ជា​ពេលវេលា​ដ៏​មមាញឹក​ដែល​គ្រឹះស្ថាន​ទាំងនោះ​ត្រូវ​ទទួលយក​ក្រដាសប្រាក់​ដុល្លារតូច” ៕

គម្រោង​ស្ថាបនា​ផ្លូវ​វាង​ក្រុងព្រះសីហនុ និង​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព​វង្ស កំពុង​ព​ន្លឿ​ន​ការសាងសង់

ដោយ ៖ រ៉ា​ណេ​

ព្រះសីហនុ ៖ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព​វង្ស និង​ផ្លូវ​លេខ១៤៨ បំបែក​ចេញពី​ផ្លូវជាតិ​លេខ៤ ត្រង់​គីឡូម៉ែត្រ១៧៨ +១៦៥ រង្វង់​មូល​សម្ដេច​សង្ឃរាជ​ទេព​វង្ស​ដល់​រង្វង់​មូល​ស្ទឹងហាវ រួច​បន្ត​រហូតដល់​កំ​ពង់​ផែ ដែលជា​ផ្លូវ​វាង​ក្រុង​ដ៏​សំខាន់ កំពុង​ត្រូវបាន​ជំរុញ និង​ព​ន្លឿ​ន​ការសាងសង់ និង​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បាន​ចុះ​មើល​វឌ្ឍនភាព​សាងសង់​ផ្លូវ​លេខ ១៤៦បេ ឬ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព​វង្ស និង​ផ្លូវ​លេខ១៤៨ ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ សំដៅ​ធានា​ឱ្យបាន​តាម​ស្តង់ដា​ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង។

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ-ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់​នៃ​ក្រុងព្រះសីហនុ ទៅកាន់​ទីផ្សារ កាន់​តែមាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ៤ ចំពោះ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ដូចជា​កុង​ទី​ន័​រ ជាដើម” ។

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​ខេត្ត​លេខ១៤៦បេ ឬ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ ទេព វង្ស និង​ផ្លូវ​លេខ១៤៨ មាន​ប្រវែង​សរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពី​បំបែក​ផ្លូវជាតិ​លេខ៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ដល់​រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅ​ភូមិ១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ និង​បន្ត​រហូត ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ផ្លូវ​ទាំងនេះ សាងសង់​ដោយ​ចាក់​បេតុង​កៅស៊ូ AC ទទឹង​សរុប ១១ម៉ែត្រ​កម្រាស់៩សង់ទីម៉ែត្រ និង​ចិញ្ចើម​គ្រួស​ក្រហម ០,៥០ ម៉ែត្រ​សងខាង ចាប់ពី​រង្វង់​មូល​សម្ដេច​សង្ឃរាជ​ទេព​វង្ស PK០+០០០ ដល់ PK២០+៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និង​ចាក់​បេតុង​សរសៃដែក​ទទឹង ១១ម៉ែត្រ​កម្រាស់២៦សង់ទីម៉ែត្រ​ប្រវែង ២២,៣៤៧ គីឡូម៉ែត្រ​និង​ចិញ្ចើម​គ្រួស​ក្រហម ០,៥០ម៉ែត្រ សងខាង​ចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥។

កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណ: និង​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រើប្រាស់​រយ:ពេល​សាងសង់​ចំនួន ២៨ ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដែលជា​ការចំណាយ​ថវិកា​សន្សំ​របស់​ជាតិ៕

ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ ប្រមូលផ្តុំ​ផលិតផលល្បីៗ និង​ចំណីអាហារ​យ៉ាង​សម្បូរបែប

ដោយ ៖ រ៉ា​ណេ​ត

ព្រះសីហនុ ៖ ជាការ​អបអរសាទរ​ទៅនឹង​ស្ថានភាព​កាន់តែ​ល្អប្រសើរ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំ​ង​ឆ្លង​បាន​នៅ​ទូទាំងប្រទេស ជាពិសេស​នៅក្នុង​ក្រុងព្រះសីហនុ ផ្សារ​ទំនើប FURI Times Square បាន​ប្រមូលផ្តុំ និង​នាំមក​ជូន​នូវ​ផលិតផល​ចម្រុះ ម៉ាកល្បីៗ មាន​គុណភាព​ខ្ពស់​លំដាប់​អន្តរជាតិ រួម​ជាមួយនឹង​ចំណីអាហារ​យ៉ាង​សម្បូរបែប​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិ​ជនជាតិ និង​អន្តរជាតិ។

បុគ្គលិក​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​នៃ​ផ្សារ​ទំនើប FURI Times Square កញ្ញា ប៉ែន ម៉ា​រ៉ា បាន​ប្រាប់ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា បច្ចុប្បន្ននេះ កំណើន​អតិថិជន​មកកាន់​ផ្សារ​ទំនើប FURI Times Square ពីមួយថ្ងៃ​ទៅមួយថ្ងៃ គឺមាន​កំណើន​ជាប់​ជាប្រចាំ ដែល​ក្នុងនោះ​ភាគច្រើន​ជា​ជនជាតិខ្មែរ និង​ជា​អ្នករស់នៅ​ក្នុង​ក្រុងព្រះសីហនុ ហើយ​បន្ទាប់​មកជា​ជនជាតិ​ចិន និង​ជនបរទេស​ដែលជា​អ្នកទេសចរ។

កញ្ញា ប៉ែន ម៉ា​រ៉ា បាន​បន្តទៀតថា “ដោយសារ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​កាន់តែច្រើន ផ្សារ​ទំនើប FURI Times Square បាន​កៀងគរ និង​នាំមក​នូវ​ក្រុមហ៊ុនថ្មីៗបន្ថែម​ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ផលិតផល និង​សម្ភារៈប្រើប្រាស់​ម៉ាកល្បីៗលំដាប់​អន្តរជាតិ​ជាច្រើន ហើយ​ក៏មាន​ក្រុមហ៊ុន​បម្រើសេវា​ផ្នែក​ចំណីអាហារ​ផងដែរ” ។

កញ្ញា​បញ្ជាក់ថា “បន្ថែម​ពីលើ​ក្រុមហ៊ុន និង​ហាង​ល្បី​ដែលមាន​ស្រាប់ និង​កំពុងដំណើរការ បច្ចុប្បន្ន​មាន​ក្រុមហ៊ុនថ្មីៗបន្ថែម​ជាច្រើន​ទៀត​ដូចជា ក្រុមហ៊ុន​បម្រើសេវា​ទូរស័ព្ទ​ចល័ត Smart Shop, ធនាគារ BIC, ហាង​មី​ហឹរ សេ​អ៊ូ​ល , ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ផ្ទះបាយ Lock and Lock, ក្រុមហ៊ុន​ចំណីអាហារ Burger King, ក្រុមហ៊ុន Park Café រួម​ជាមួយនឹង​ក្រុមហ៊ុនផ្សេងៗមួយចំនួនទៀត ដើម្បី​ធ្វើយ៉ាងណា​ផ្តល់​ភាព​កាន់តែ​ងាយស្រួល និង​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន។

ផ្សារ​ទំនើប FURI Times Square មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ បាន​នាំមក​ជូន​នូវ​បទពិសោធន៍​ថ្មី​នៅក្នុង​តំបន់ ដោយ​ការនាំ​យកមក​នូវ​បណ្តា​ផលិតផល មុខទំនិញ​ចំរុះ​គ្រប់​ប្រភេទ​យ៉ាង​សម្បូរបែប សុទ្ធតែជា​ម៉ាក​យីហោល្បីៗលំដាប់​សាកលលោក ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាង​អាហារ​មកពី​ប្រទេស​សាំង​ហ្គា​ពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ G-Shock ក្រុមហ៊ុន​លក់​រថយន្ត HGB Group រួមជាមួយ​ក្រុមហ៊ុនល្បីៗជាច្រើន​ទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផងដែរ។

សប្បាយ​ទិញ សប្បាយ​ដើរ សប្បាយ​ញាំ​អាហារឆ្ងាញ់ៗ គឺ​មាននៅ​ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ ៕

កម្ពុជា​ប្រែក្លាយ​ពី​ដី​ដែល​សម្បូរ​ទៅដោយ​គ្រាប់​មីន និង​ដី​កសិកម្ម​ក្លាយជា​ព្រលានយន្តហោះ​អន្តរជាតិ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជា​បាន​នឹង​កំពុង​ប្រែក្លាយ​ដី​កសិកម្ម និង​ទីតាំង​សម្បូរ​ទៅដោយ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​តោន​នៅក្នុង​ទឹកដី​ខេត្តកណ្តាល និង​តាកែវ ឱ្យទៅជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​លំដាប់​ទី៩ នៅលើ​ពិភពលោក ខណៈ​បច្ចុប្បន្ន​ក្រុមការងារ​សាងសង់​របស់​ក្រុមហ៊ុន OCIC បាន​នឹង​កំពុង​សាងសង់​យ៉ាងសកម្ម។

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​បានឱ្យដឹង​កាលពី​សប្តាហ៍​មុននេះ​ថា វា​ជា​ភ​ព្វ​សំណាង​របស់​ខេត្តកណ្តាល​ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បានជ្រើសរើស និង​ប្រែក្លាយ​ដី​សម្បូរ​គ្រាប់មីន និង​ដី​ក​សកម្ម ដើម្បី​អភិវឌ្ឍន៍​ទៅជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ  ដែល​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​បណ្តាក់ទុន​វ​វិនិយោគ​នៅក្នុង​ខេត្ត​កាន់តែច្រើន។

លោក​បន្តថា “ទឹកដី​ដែល​ត្រូវ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ សម្បូរ​ទៅដោយ​គ្រាប់មីន គ្រាប់បែក និង​គ្រាប់​មិនទាន់​ផ្ទុះផ្សេងៗដែល​បាន​ទម្លាក់​ពី​យន្តហោះ និង​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​រាប់រយឆ្នាំ​កន្លងមកនេះ ហើយ​ត្រូវបាន​ក្រុម​អ្នករាវ​មីន​របស់​អង្គភាព​ស៊ីម៉ាក់​យកចេញ​មុននឹង​ធ្វើការ​អភិវឌ្ឍ​ទៅជា​ព្រលានយន្តហោះ​ថ្មី​នេះ។

លោក​បន្តថា ជាមួយគ្នានេះ ទីតាំង​ដែល​ត្រូវ​អភិវឌ្ឍន៍​ព្រលានយន្តហោះ​នេះ​ផងដែរ ក៏​ជា​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ ដី​របស់​ក្រុមហ៊ុន ព្រមទាំង​ដី​របស់​រដ្ឋ ដែល​រដ្ឋាភិបាល​បាន​ដោះស្រាយ​គោលនយោបាយ​ជូន​គាត់​ជា​បន្តបន្ទាប់ ដោយ​ឈរលើ​ភាពទន់ភ្លន់ និង​ម៉ឺងម៉ាត់ ហើយអ្វីៗនឹង​សម្រេច​ទៅតាម​ផែនការ។ ព្រលាន​យន្ត​អន្តរជាតិ​ថ្មី​នេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ក​ណ្តា​ល​ស្ទឹង ស្រុក​ស្អាង  និង​តាខ្មៅ​សប្បាយរីករាយ ហើយក៏​ជា​ចំណងដៃ​ដ៏​ធំ​របស់​ខេត្តកណ្តាល និង​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​លំដាប់​ទី១ របស់​ខេត្តកណ្តាល​ផងដែរ ក្នុងចំណោម​គម្រោង​វិនិយោគ​ជាច្រើន​ផ្សេងទៀត។

លោក​បន្តថា ក្នុង​រយៈពេល​កន្លងមក​នេះ មាន​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ទេសចរណ៍ សណ្ឋាគារ និង​សេវ​កម្មផ្សេងៗ បាន​ចាប់អារម្មណ៍​លើ​ព្រលាន​យន្ត​អន្តរជាតិ​ថ្មី​នេះ ខណៈ​ខេត្ត​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រកចេញចូល​យ៉ាង​ល្អប្រសើរ​ដែល​ជួយ​ក្នុងការ​ដឹកទំនិញ​បាន​លឿន និង​ទាន់​ចិត្ត​កាត់បន្ថយ​ពេលវេលា។

គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ២៦០០ ហិកតា ស្ថិតនៅ​ខេត្តកណ្តាល និង​តាកែវ ដោយ​ក្នុងនោះ​ទំហំ​ដី​នៅ​ខេត្តកណ្ដាល​មាន ២២២៧ ក្បាលដី ស្មើនឹង ២៤៤១ ហិកតា និង​ខេត្តតាកែវ ៣៦០ ក្បាលដី ស្មើនឹង​ប្រមាណ ១៥៨ ហិកតា។ ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ មាន​ទុន​វិ​ន​យោគ ១៥០០ លាន​ដុល្លារ ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ដោយ​ដំណាក់កាល​ទីមួយ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ២០២។ ជាមួយគ្នានេះ រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​សំណង់​មិន​រៀបរយ​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ដី​ព្រលានយន្តហោះ​ថ្មី​នេះ  សរុប ១៧៦ គ្រួសារ ក្នុងនោះ ១១គ្រួសារ​ទទួល​ប្រាក់​គោលនយោបាយ ២០០០ដុល្លារ ក្នុង១គ្រួសារ និង១៦៥ គ្រួសារ​ទៀត ទទួលយក​ការដោះដូរ​ដី​ទៅ​កន្លែង​ផ្សេង​សម្រាប់​សង់​លំនៅដ្ឋាន​រស់នៅ៕

ចំណេះដឹង ! តើ​មាន​លក្ខខណ្ឌ​អ្វីខ្លះ​ក្នុងការ​ចុះបញ្ជី​ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជករ​ជា​នីតិបុគ្គល​បរទេស ?

ដោយ ៖ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស​ទាំងអស់ ដែល​មានតែ​សាខា ឬ​ទីភ្នាក់ងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវធ្វើ​ការបំពេញ​ទំរង់​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​មាត្រា១៧ និង​មាត្រា១៨ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ដូចគ្នា​នឹង​ពាណិជ្ជករ​ជា​នីតិបុគ្គល​ដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម) ។

ផ្ទុយទៅវិញ ករណី​ដែល​ពាណិជ្ជករ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា ដែល​មិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម តាម​ការ​បញ្ញត្តិ​របស់​ក្រសួងពាណិជ្ជកម្ម​ទេ ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ចំនួន ៥០,០០០៛ (ប្រាំ​ម៉ឺន​រៀល) ទៅ ៥០០,០០០៛ (ប្រាំ​សែន​រៀល) (មាត្រា៤០ ចំណុច១ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម) ឬ​មានទោស​និទ្ធនភាព​សាមញ្ញ​ក្នុងករណី​ធនក្ស័យ (មាត្រា ៤១ នៃ​ច្បាប់​ដដែល) ។ ចំពោះ​ករណី ពាណិជ្ជករ ឬ​រាល់​អ្នកដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ទាំងឡាយណា​ដែល​ប្រើ​ឯកសារ​ក្លែងក្លាយ​នោះ ត្រូវ​ផ្ដន្ទាទោស​ចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១,០០០,០០០៛ (មួយ​លាន​រៀល) ដល់ ១០,០០០,០០០៛ (ដប់​លាន​រៀល)(មាត្រា ៤២ នៃ​ច្បាប់​ដដែល) ។

សរុបមក​សម្រាប់​ពាណិជ្ជករ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា​ដែល​បានធ្វើ​ការចុះបញ្ជី​ពាណិជ្ជកម្ម លើ​អាជីវកម្ម​របស់ខ្លួន ពួកគេ​នឹង​ទទួលបាន​នូវ​អាជីវកម្ម​មួយ​ស្របច្បាប់ ហើយ​ទទួលបាន​នូវ​ការការពារ​ចំពោះ​ឈ្មោះ និង​ផលិតផល​របស់​ក្រុមហ៊ុន​នោះ ព្រមទាំង​ដើម្បី​ធ្វើការ​បញ្ជៀ​ស​ការខាតបង់​ផលប្រយោជន៍​នានា ដែល​បណ្ដាលមកពី​ជន​ទុ​ច្ច​រឹត​ធ្វើការ​ក្លែងបន្លំ​ឈ្មោះ ឬ​ផលិតផល​របស់​ក្រុមហ៊ុន​នោះ​ផងដែរ ។

ចំពោះ​ករណីនេះ ម្ចាស់​អាជីវកម្ម ក៏​អាច​ធ្វើការ​ប្ដឹងទៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ធ្វើការ​រំលាយ​អាជីវកម្ម​របស់​ជន​ទុ​ច្ច​រឹត​នោះ​បានដែរ ប៉ុន្ដែ​បើ​អំពើ​របស់​ជន​នោះ បានធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​ធ្ងន់ធ្ងរ នោះ​ម្ចាស់​អាជីវកម្ម​ដែល​ទទួលរង​គ្រោះ​អាចធ្វើ​ការប្ដឹង​ទាមទារ សំណង​តាមផ្លូវ​តុលាការ​ដែលមាន​សមត្ថ​កិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ៕

ប្រ​ម៉ូ​សិន​ពិសេស! ទិញ​ផ្ទះ​ពី​បុរី ប៊ុនលី ឥឡូវនេះ​លោកអ្នក​នឹង​ទទួលបាន​តម្លៃ​ទាប​ជាង​ទីផ្សារ ៥០០០ដុល្លារ ព្រមទាំង​បណ្ដោង​ខ្សែ «ក» ពេជ្រ ១ភ្លាម

ភ្នំពេញ៖ ភាពជោគជ័យ​នៃ​ជំហាន​ដំបូង​នៃ​ការចូល​ទីផ្សារ ធ្វើអោយ បុរី ប៊ុន លី កាន់តែ​បង្ហាញ​នូវ​ភាព​អស្ចារ្យ​របស់ខ្លួន​បន្ថែម​ទៀត បន្ទាប់ពី​ទទួលបាន ការគាំទ្រ​ខ្ពស់​ពី​អតិថិជន កន្លងមកនេះ ហើយ​ជាការ​លើកទឹកចិត្ដដ​ល់អ​តិ​ថិ​ជន និង​ដើម្បី​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងប្រទេស ស្របពេល​ប្រទេស​មាន​វិប្បត្តិ​សុ​ខុ​មា​ភាព (Covid-19) បុរី ប៊ុនលី បានរៀបចំ​កម្មវិធី ថ្ងៃ​សំណាង (Luck day) ដែលជា​កម្មវិធី​មួយ ផ្តល់ឱកាស​ឱ្យ​អ្នក​ចង់​ទិញ​ផ្ទះ​ទិញ​បាន ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​រហូតដល់​ទៅ ៥០០០ដុល្លារ ភ្លាមៗដោយ​គ្មាន​ការចាប់​ឆ្នោត ឬ​ផ្សងសំណាង និង​បូក​បន្ថែម​ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន បណ្តោង​ខ្សែ «ក» ពេជ្រ ពី បុរី ប៊ុនលី បន្ថែមទៀត។ ការផ្តល់ជូន​នេះ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ដំណាច់ខែ​មិថុនា តែ​ប៉ុ​ន្នោះ។

គួរ​បញ្ចាក់ ផងដែ​ថា: បុរី ប៊ុនលី គឺជា​គម្រោង​សំណង់​លំនៅដ្ឋាន​ប្រណីត មួយ​ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ ៣ហិកតា មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ នឹង​ជា​តំបន់​ដែរ​ប្រមូលផ្តុំ​ដោយ អាជីវកម្ម សាលារៀន ផ្សារ​ទំនើប សហគ្រាស និង​សំណង់​លំនៅស្ថាន​ជាច្រើន កៀក​នឹង​ផ្លូវធំ ២១៧ (ចំការ​ដូង) ផ្លូវ៣៧១ ផ្លូវសម្តេច តេ​ជោ ហ៊ុនសែន (ផ្លូវ ៦០ម៉ែត​ត្រ) ។ យើង​ផ្ដល់ជូន​លោកអ្នក​នូវ​គេហដ្ឋាន​ដែរ​មាន​គុណភាព ភាពងាយស្រួល​រស់នៅ និង​ទំនុកចិត្ត ហើយ​ជា​គេហដ្ឋាន​ដែរ​អាចធ្វើ​ការិយាល័យ និង ប្រកប​អាជីវ​ក្មបាន​យ៉ាង​ងាយស្រួល មាន​ទីធ្លា​ចំណតរថយន្ត​ធំ​ទូលាយ ។

បុរី ប៊ុន លី ក៏មាន​គម្រោង​បើក​លក់​ប្រភេទ​ផ្ទះ វីឡា​កូន(Link House), វីឡា​ភ្លោះ (Twin Villa) និង​ប្រភេទ​វីឡាប្រណិតៗជាច្រើន​បន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក គម្រោង បុរី ប៊ុន លី បច្ចុប្បន្ន​មាន​លក់​ប្រភេទ ផ្ទះ​អាជីវកម្ម (Shop House), និង​ផ្ទះ​សម្រាប់​ការិយាល័យ​និង​រស់នៅ​បែប​ទំនើប (Town-House) ដែល​កំពុង​ទទួលបាន​ការពេញនិយម​និង​គាំទ្រ​ពី​សំណាក់ អតិថិជន​គ្រប់លំដាប់។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ៖ 010/068/077 22 77 89 ឬ​តាម​អាស័យដ្ឋាន ផ្លូវ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខ​ណ្ឌ័​ដង្កោ រាជធានី​ភ្នំពេញ៕