អ្នកជំនាញ​បង្ហើប​ពី​ប្រភេទ​អចលនវត្ថុ​ដែល​ទទួលបាន​ការគាំទ្រ និង​ចំនេញ​សម្រាប់​ការវិនិយោគ

0

ដោយ ហ្សូ​លី

ភ្នំពេញ៖ ស្ថានភាព​អចលនទ្រព្យ ការវិនិយោគ និង​ការអភិវឌ្ឍ​លើ​គម្រោង​នានា​ក្នុងប្រទេស​កម្ពុជា នៅតែ​បន្តសកម្មភាព បើទោះបីជា​មេរោគ​រាតត្បាត​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​រួម​ទាំង​កម្ពុជា​ស្ថិតក្នុង​ភាពស្រពេចស្រពិល​ក៏ដោយ។

ជាមួយគ្នា អ្នកជំនាញ​បាន​បង្ហើប​ប្រាប់​ពី​ប្រភេទ​អចលនវត្ថុ​មួយ​ប្រភេទ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង និង​មាន​ចរន្ត​ទិញ​លក់​ជា​ហូរហែ ជាពិសេស​ចំណាយលុយ​វិនិយោគ​ហើយ​ទទួលបាន​ផលចំណេញ​ខ្ពស់។ អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century 21 Advance មានប្រសាសន៍ប្រាប់​គេហទំព័រ Property Area Asia ថា សម្រាប់​ទីផ្សារ​ដីធ្លី​គឺ​នៅតែមាន​លទ្ធភាព​លក់​ចេញ​បាន​គ្រប់ពេល ព្រោះ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​ទៅមុខ​ជាហេតុ​ធ្វើឱ្យមាន​តម្រូវការ​ខ្ពស់។   លោក​បន្តទៀតថា ការបោះ​ទុនវិនិយោគ​លើ​វិស័យ​ដីធ្លី​គ្រប់​ទំហំ សុទ្ធតែ​ទទួលបាន​ផលចំណេញ អាស្រ័យ​ទៅតាម​ទីតាំង ដោយ​អ្នកខ្លះ​អាច​អភិវឌ្ឍ​ទៅជា​សំណង់​លំនៅឋាន ឬ​ក្នុង​វិស័យ​នានា។

ដោយឡែក លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់បាន​លើកឡើងថា ទីផ្សារ​អចលនទ្រព្យ​មិនមាន​អ្វី​ប្រែប្រួល​នោះឡើយ គឺ​នៅតែ​ដូច​កាលពីដើមឆ្នាំ​ដដែល តែ​យ៉ាងណា សម្រាប់​តម្រូវការ​គឺ​ដីធ្លី ដូច​ជាមាន​សកម្មភាព​ទិញ​លក់។   លោក​ថា ស្ថិតក្នុង​ដំនាក់កាល​ស្រពិចស្រពិល​បែបនេះ ទីផ្សារ​ដីធ្លី​មិនមាន​ការប្រែប្រួល​ឡើងថ្លៃ​អ្វី​ឡើយ ព្រោះ​អត្រាកំណើន​សេដ្ឋកិច្ច​មោ​ន​ទាន់​ខ្ពស់​គ្រប់គ្រាន់​ដែល​អនុញ្ញាត​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ត្រូវ​ឡើង​តម្លៃ​នោះឡើយ។

បើតាម​ទស្សនវិស័យ​របស់​អ្នកជំនាញ​បង្ហាញថា ការអភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​មិនមែនជា​សកម្មភាព​វិនិយោគថ្មីៗមកពី​បរទេស​ឡើយ ភាគច្រើន​ម្ចាស់​គម្រោង​អភិវឌ្ឍ​ជា​អ្នក​នៅក្នុង​ស្រុក ឬ​ជា​គម្រោង​ចាស់​ដែល​មិនទាន់​បញ្ចប់​គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here