តើតំបន់អរិយក្សត្រមានការប្រែប្រួលដូចម្ដេចក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចសាកលនៅពេលបច្ចុប្បន្ន?

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ ស្រដៀងគ្នាទៅនឹងតំបន់ជាយក្រុងនានាដែលនៅតែបន្តមានសកម្មភាពទិញ-លក់ដីធ្លីនៅលើទីផ្សារធម្មតា សម្រាប់តំបន់ត្រើយម្ខាងនៃអរិយក្សត្រត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះអះអាងថាមិនមានការធ្លាក់ចុះនោះទេ ខណៈគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួននៅតែបន្តសាងសង់។ 

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា ទោះជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺ Covid-19 ដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះក្ដី ប៉ុន្តែសម្រាប់ចរន្តទីផ្សារនៃការលក់ដីធ្លី នៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ នៅតែបន្តមានសកម្មភាពធម្មតាមិនមានការប្រែប្រួល ឬធ្លាក់ចុះស្ងប់ស្ងាត់នោះទេ។ 

លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “មិនថាពីមុន ឬពេលនេះទេ ការទិញ-លក់ ដីធ្លីនៅតំបន់នេះនៅតែមាន ជាពិសេសសម្រាប់អ្នករកស៊ីនៅក្នុងវិស័យនេះនៅតែព្យាយាមស្វែងរកដីដែលមានទីតាំងល្អដែលសមស្របទៅនឹងគម្រោងអភិវឌ្ឍន៍របស់ពួកគេ ប៉ុន្តែបញ្ហាត្រង់ថា ការចរចាតម្លៃមិនត្រូវគ្នាតែប៉ុណ្ណោះ”។ លោកស្រីបន្តថា “អ្នកនិយាយថាទីផ្សារដីធ្លីនៅអរិយក្សត្រគាំង គឺចេះតែថាតាមគ្នាតែប៉ុណ្ណោះ ប៉ុន្តែភាពជាក់ស្ដែងទីផ្សារនៃការទិញ-លក់នៅតែមានធម្មតា ហើយតម្លៃក៏នៅតែថ្លៃមិនការធ្លាក់ចុះនោះទេ លើកលែងតែម្ចាស់ដីមួយចំនួនតូចដែលគាត់មានបញ្ហាថវិកាចាំបាច់ដែលត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងទីផ្សារ តែក៏មិនចុះច្រើនដែរ គឺក្នុងរង្វង់ប្រមាណ១៥-២០ភាគរយនៃតម្លៃទីផ្សារប៉ុណ្ណោះ”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kraty Realty Co,.Ltd បានមានប្រសាសន៍ថា “បើមើលតាមភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ នៅតំបន់អារិយក្សត្រ និងតំបន់ស្វាយជ្រុំ ហាក់មិនមានសកម្មភាពពុះខ្លាំងដូចកាលពីជាងមួយឆ្នាំ មុននោះទេ ជាពិសេសក្រោយពេលដែលប្រមុខរដ្ឋាភិបាលប្រកាសពីគម្រោងសាងសង់ស្ពាន និងគម្រោងអភិវឌ្ឍន៍ជាក្រុងរណបនោះទេ ដែលជាធម្មតានៅពេលដែលមានគម្រោងអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីនោះតែងមានភាពពុះកញ្ច្រោល។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តថា “ទោះជាមិនមានភាពពុះកញ្ជ្រោលខ្លាំង ប៉ុន្តែការទិញ-ការទិញលក់ដីធ្លីនៅតំបន់ខាងលើនេះ នៅតែបន្តមាន គ្រាន់តែតម្លៃមិនថ្លៃខ្លាំងនោះទេ។ បច្ចុប្បន្ននេះ តម្លៃដីគឺមិនមានភាពស្មើគ្នានោះទេ ដែលវាអាស្រ័យទៅតាមទីកន្លែង ស្ថានភាពដី និងទំហំ ហើយតម្លៃនឹងនៅតែបន្តឡើងថ្លៃសម្រាប់ថ្ងៃអនាគត ខណៈដែលមានមនុស្សកាន់តែច្រើនចូលទៅរស់នៅ” ៕

រដ្ឋាភិបាលចេញលិខិតអនុញ្ញាតសាងសង់ចំនួនជាង ៥ម៉ឺនគម្រោង មានទុនប្រមាណ ៥៦ពាន់លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០០០ ដល់ខែមេសា ឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសមានចំនួនជាង ៥ម៉ឺនគម្រោងដែលមានផ្ទៃក្រឡាកម្រាលសំណង់ប្រមាណ១៤៣ លានម៉ែត្រការ៉េ និងទុនវិនិយោគសរុបប្រមាណ៥៦ម៉ឺនពាន់លានដុល្លារអាមេរិក។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនៅក្នុងខែឧសភា ឆ្នាំ ២០២០នេះ ថា ក្នុងនោះមានគម្រោងអគារខ្ពស់ចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ១៨៦៦ អគារ។ ដោយឡែក អគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង ដល់ ៩ ជាន់មានចំនួន ៩៨៣ អគារ។

អគារចាប់ពីកំពស់ ១០ ជាន់ឡើងទៅ ១៩ ជាន់ មានចំនួន ៥៤២ អគារ។ អគារដែលមានកំពស់ចាប់ពី ២០ជាន់ទៅ ២៩ ជាន់ មានចំនួន ១៨០ អគារ ។ អគារដែលមានកំពស់ចាប់ពី៣០ ជាន់ឡើងទៅ៣៩ ជាន់ មានចំនួន ១០៨ អគារ ។ និង អគារកម្ពស់ចាប់ពី៤០ ជាន់ឡើងទៅមានចំនួន ៤៣ អគារ។

ដោយឡែកនៅខេត្តព្រះសីហនុ មានអគារកំពស់ចាប់ពី ៥ ជាន់ឡើងទៅចំនួន ៣២៤ អគារ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈបុរីមានចំនួន ៣៣៨ គម្រោង។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញទៀតថា គិតចាប់ពីឆ្នាំ ២០០០ ដល់ខែមេសា ឆ្នាំ ២០២០ ការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និង សាងសង់បានចំនួន ២៧៧៤ ក្រុមហ៊ុន នៅមានសុពលភាពចំនួន ១២០៦ ក្រុមហ៊ុន៕

រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់​នឹង​បញ្ចប់សាងសង់​នៅក្នុង​ឆ្នាំ២០២២

ដោយ ​វុត្ថា

ព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់ នៅ​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នឹងត្រូវ​បញ្ចប់​សាងសង់​នៅ​ចុងឆ្នាំ២០២២ខាងមុខ ខណៈ​ក្រុមហ៊ុន​បានចាប់ផ្តើម​សាងសង់​ឡើងវិញ ក្រោយ​ផ្អាក​ក្នុង​រយៈពេល​ខ្លី​ដោយសារ​បញ្ហា​ជំងឺ Covid-19 ។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យដឹង​នៅ​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០នេះ​ថា តាម​តំណាង​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៉ិ​ន​ធើ​ណេ​ស្យូ​ណ​ល អ៉ិ​ន​វេស​មែន ឌី​វេឡុ​ប​មែន​គ្រុប​បានឱ្យដឹងថា ក្រុមហ៊ុន​ទទួល​សិទ្ធិ​សាងសង់ គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម​មាន​អនុភាព​២x៣៥០មេ​ហ្គា​វ៉ា​ត់ នៅ​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ហើយ​គម្រោង​សាងសង់​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ២០២២ខាងមុខ។

លោក​បន្តថា  បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល នៅ​ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន​បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ​ឆ្នាំ២០១៩ ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ Covid-១៩ គួបផ្សំ​នឹង​ការខ្វះខាត​អគ្គិសនី កាលពី​រដូវប្រាំង​ឆ្នាំកន្លងមក ទើប​រាជរដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​ពេលវេលា។

លោក​បន្ថែមថា “ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៉ិ​ន​ធើ​ណេ​ស្យូ​ណ​ល អ៉ិ​ន​វេស​មែន ឌី​វេឡុ​ប​មែន​គ្រុប ដែល​បានមក​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម ដែលមាន​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់ ហើយ​រដ្ឋបាលខេត្ត នឹងចូលរួម​សហការ ដើម្បីឱ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុងការ​សាងសង់​ស្ពាន​ជញ្ជូន​ធ្យូងថ្ម និង​ឈានទៅ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម នៅ​ស្រុក​ស្ទឹងហាវ​ប្រកបដោយ​រលូន” ។

លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ធ្លាប់បាន​ឱ្យដឹងថា រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដុត​ធ្យូងថ្ម​នេះ នឹង​ត្រូវបាន​សាងសង់ឡើង ក្នុង​គម្រោង​ទឹកប្រាក់​ប្រមាណ១ពាន់​លាន​ដុល្លារ​អាមេរិក ដែល​អាច​បញ្ចេញ​ថាមពល ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​នៅ​ដើមឆ្នាំ២០២៣ ។

លោក​បន្តថា  រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​នេះ ត្រូវបាន​រំពឹងថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ប្រទេស​កម្ពុ​ជានា​រដូវប្រាំង និង​ចូលរួមចំណែក​កាត់បន្ថយ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា។ ព្រម​ជាមួយគ្នានេះ ការ​វិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ដ៏​ធំ​របស់​កម្ពុជា និង​ចិន នៅពេលនេះ​ក៏​ជាការ​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ រវាង​ប្រទេស​កម្ពុជា និង​ចិន​ផងដែរ។

រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដុត ធ្យូងថ្ម ដែលមាន​អានុភាព​ផលិត​ថាមពល​២x៣៥០មេ​ហ្គា​វ៉ា​ត់ (សរុប៧០០មេ​ហ្គា​វ៉ា​ត់) ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែន គ្រុប ដែល​ហៅ​កាត់​ថា (CIIDG) របស់​កម្ពុជា ជា​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅ​កាត់​ថា (CHDHK) របស់​ចិន ជា​ដៃគូ​អនុវត្ត​គម្រោង៕

មុននឹង​ទិញ​លំនៅដ្ឋាន ខុន​ដូ តើ​អ្នកទិញ​គួរ​សម្លឹងមើល​លើ​ចំនុច​អ្វីខ្លះ?

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​លំនៅដ្ឋាន​មាន​ភាព​ទាក់ទាញ​ខ្លាំង ទៅលើ​ចំណង់​ចំណូលចិត្ត​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយហេតុថា​ជា​តម្រូវ​ការចាំបាច់។ ដូច្នេះ​មុននឹង​ទិញ​លំនៅដ្ឋាន​និមួយៗ តើ​អ្នកទិញ​ចាំបាច់​គួរតែ​សម្លឹងមើល​លើ​ចំនុច​ណាខ្លះ?។

យោងតាម​ការដកស្រង់​សម្តី​ពី​អ្នកជំនាញ​អចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បានបង្ហាញ​ពី​គំនិតខុសៗគ្នា ដោយ​ក្នុងនោះ​ពឹង​ផ្អែកលើ​កត្តា​មួយចំនួន​ដូចជា៖

ទីតាំង​គម្រោង

ទីតាំង​ជា​រឿង​សំខាន់បំផុត មិន​ថា​ជាការ​ទិញ​ទុក​រស់នៅ ឬ​វិនិយោគ​លើ​ផលចំណេញ​ឡើយ។ ព្រោះ​វា​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នករស់នៅ និង​ផ្តល់ឱកាស​ឱ្យនៅ​ពេល​លក់​ចេញ​វិញ​ទទួលបាន​តម្លៃ​ខ្ពស់​ផងដែរ។ ជាពិសេស​ពិនិត្យមើល​ទៅលើ​ហេ​ដ្ឋា​រ​ចា​សម្ព័ន្ធ​លើ​ទីតាំង​នោះ​ថា​តើ​មាន​ប្រព័ន្ធ​ផ្លូវថ្នល់ ឬ​ប្រព័ន្ធធារាសាស្ត្រ​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាងណា?។

អ្នកជំនាញ​អចលនទ្រព្យ​លោក ហៃ រ៉ាវី នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Daily Realty Group ធ្លាប់មាន​ប្រសាសន៍ថា ហេតុផល​ដែល​គួរ​ទិញ​លំនៅដ្ឋាន​នៅ​តំបន់​ណាមួយ​នោះ ត្រូវ​ពិចារណា​ថា​ទីនោះ​មាន​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ច្រើន អាច​ប្រកប​អាជីវកម្ម មាន​រោងចក្រ សហគ្រាស នៅ​ជុំវិញ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាពរលូន​ស្រួល​ដែរ​ឬ​អត់។

តម្លៃ

នេះ​គឺជា​រឿង​សំខាន់បំផុត​មុននឹង​ចាប់ផ្តើម​ជ្រើសរើស ពី​គម្រោង​លំនៅដ្ឋាន ព្រោះថា​លុយ​គឺជា​អ្នក​កំណត់ថា​តើ​អចលនវត្ថុ​ប្រភេទ​ណា នៅ​ទីតាំង​ណា ដែល​អ្នកទិញ​អាចមាន​សមត្ថភាព​ទិញ។

លោកស្រី តាំង ហ៊ួ​រ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service បាន​លើកឡើងថា ចំណុចខ្លាំង​របស់​លំនៅដ្ឋាន​មួយទៀត​នោះ គឺ​លក្ខខណ្ឌ​បង់ប្រាក់ ព្រោះ​ម្ចាស់​លំនៅដ្ឋាន ឬ​ម្ចាស់​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​មួយចំនួន ផ្តល់ជូន​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល​ដូចជា ការបង់​រំលស់ សម្រួល​រយៈពេល​បង់​ឱ្យមាន​រយៈពេល​វែង និង​មានការ​យោគយល់​ដល់​អ​តិ​ថិ​ជន ដោយ​បត់បែន​ទៅតាម​ស្ថានភាព​អតិថិជន។

ប្រវត្តិ​ម្ចាស់​គម្រោង

នៅក្នុង​ក្រុង​ក្តី តាម​បណ្តារ​ខេត្ត​ក្តី មាន​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ជាច្រើន ដែល​ខ្លះ​មានការ​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ខ្លះទៀត​ក៏​មិនមាន​ការចុះបញ្ជី​ដែរ។ ដូច្នេះ​មុននឹង​ទិញ ត្រូវតែ​ស៊ើបសួរ​ឱ្យបាន​ល្អិតល្អន់ ចៀសវាង​ការចាញ់បោក​ខាត​ថវិកា និង​ពេលវេលា។

ទន្ទឹមនេះ លោកស្រី តាំង ហ៊ួ​រ ក៏បាន​បន្ថែមថា អ្វីដែល​សំខាន់​គឺ​គម្រោង​នោះ​មាន​ភាពច្បាស់លាស់ មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ត្រឹមត្រូវ មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ ជាពិសេស​លក់​ក្នុងតម្លៃ​ល្អ អ្នកវិនិយោគ​ឬ​អ្នក​ចង់​ជាវ​អចលនវត្ថុ​គួរតែ​ចាប់យក​ឱកាស​នេះ៕

កម្ពុជា​គ្រោង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​បណ្តាប្រទេស​ដទៃ​កាន់តែច្រើន

ដោយ ​វុត្ថា

ភ្នំពេញៈ កម្ពុជា​គ្រោង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ជាមួយ​ដៃគូ​ដទៃទៀត ក្រៅពី​ប្រទេស​ចិន និង​បាន​ប្រឹងប្រែង​ចរចា​យ៉ាងសកម្ម ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ស្វែងរក​ទីផ្សារថ្មីៗបន្ថែម​ជូន​វិស័យ​ឯកជន​ក្នុងការ​នាំចេញ​ទំនិញ និង​ផលិតផល។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​របស់លោក ហៀវ វណ្ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ធំ​ថ្មី ជំនួស​លោក ស៊ុន ហេង ដែល​ចូលនិវត្តន៍​នា​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០កន្លងមក​ឱ្យដឹងថា  ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ធ្វើ​ការចរចា​យ៉ាងសកម្ម លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន ហើយ​ការចរចា​នេះ​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

លោក​ថ្លែងបន្តថា “កម្ពុជា​នឹង​បង្កើត​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​កូរ៉េ ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​ក្រសួងពាណិជ្ជកម្ម នឹង​ពិនិត្យ​បញ្ចប់​ការសិក្សា​រួម​លើ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី​កម្ពុជា-កូរ៉េ ហើយ​ត្រៀម​ចាប់ផ្ដើម​ការចរចា​នៅ​ខែកក្កដា ឆ្នាំ២០២០នេះ​ផងដែរ” ។

លោក​រដ្ឋមន្ត្រី​បន្ថែមថា ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម​ក៏បាន​បង្កើត​ក្រុមការងារ​ចរចា និង​សិក្សា​លើ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី​ជាមួយ​ដៃគូ​ដទៃទៀត រួមមាន សាធារណរដ្ឋ​កូរ៉េ ចក្រភព​អង់គ្លេស សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ជប៉ុន ឥណ្ឌា ម៉ុង​ហ្គោ​លី និង​សហរដ្ឋអាមេរិក។

លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ដែរថា ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បាន​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា២០១៩-២០២៣ ជា​ផែនទី​បង្ហាញផ្លូវ​ដែលមាន​ភាពស៊ីចង្វាក់​គ្នា និង​ប្រទាក់ក្រឡា​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​មួយចំនួនទៀត។

លោក​រដ្ឋ​ម​ន្ថែ​ម​ថា ទន្ទឹមគ្នានេះ ក្រសួង​ក៏​កំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ និង​ពិនិត្យ​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ដើម្បី​បម្រើ និង​ធានា​ការពារ​អត្ថប្រយោជន៍​វិស័យ​ជន និង​សាធារណជន ជាពិសេស​ធ្វើ​ទំនើបកម្ម​ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​បច្ចុប្បន្ន៕

តម្រូវការ​លំនៅដ្ឋាន​នៅ​ថៃ​ដាំ​ក្បាល​ចុះ​ក្នុង​ត្រីមាស​ទី១ ឆ្នាំនេះ

ដោយ ប៊ី

បាងកកៈ លោក Vichai Viratkapan អធិការ​ធនាគារ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​របស់​ប្រទេស​ថៃ (REIC) បានឱ្យដឹងថា វិបត្តិ Covid-19 បាន​ជះឥទ្ធិពល​ដល់ទី​ផ្សា​រលំ​នៅ​ដ្ឋា​ន របស់​ប្រទេស​ថៃ​នៅក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ មិន​ត្រឹមតែ​នៅក្នុង​ការវិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការលក់​លំនៅដ្ឋាន​ផងដែរ។

ទោះយ៉ាងណា​លោក​មានប្រសាសន៍ថា ការធ្លាក់ចុះ​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​បានធ្វើ​ឱ្យមាន​តុល្យភាព​ទីផ្សារ ដោយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពី​ការផ្គត់ផ្គង់​លើស។

នៅក្នុង​ត្រីមាស​ទី១ អាគារ​កម្មសិទ្ធិ៨៩.០២៤យូ​នី​ត ត្រូវបាន​ផ្ទេរ​ទូទាំងប្រទេស ដែល​ធ្លាក់ចុះ១៦,៧ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី៤កាលពី​ឆ្នាំមុន ប៉ុន្តែ​កើនឡើង២,៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​តម្លៃ​សរុប២១០ពាន់​លាន​បាត (៦,៦ ពាន់​លាន​ដុល្លារ) ។

ការផ្ទេរកម្មសិទ្ធិ​ផ្ទះ​នៅ​តំបន់​ទីក្រុង​បាងកក ក្នុង​ត្រីមាស​ទី១ មាន​ចំនួន៤៥.៦៧៨ យូ​នី​ត ធ្លាក់ចុះ ១៨.៣ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី៤ និង៤,៤ភាគរយ ធៀប​នឹង​ឆ្នាំមុន។ តម្លៃ​នៃ​ការផ្ទេរកម្មសិទ្ធិ​ផ្ទះ​មាន​ចំនួន១២៩.៤០៦ ពាន់​លាន​បាត ធ្លាក់ចុះ ២៤,៤ ភាគរយ ធៀ​នឹង​ត្រីមាស​ទី៤ និង២,៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

តម្លៃ​ផ្ទេរកម្មសិទ្ធិ​លំនៅឋាន​ក្នុង​ត្រីមាស​ទី១ មាន​ចំនួន​សរុប៤៣.៣៤៦យូ​នី​ត ធ្លាក់ចុះ១៤,៩ ភាគរយ​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស ប៉ុន្តែ​កើនឡើង១០,៩ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ តម្លៃ​នៃ​ការផ្ទេរ​ភាពជា​ម្ចាស់​មាន​ចំនួន៨០,៨៨៨ ពាន់​លាន​បាត​ធ្លាក់ចុះ ១៣,៥ភាគរយ ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស ប៉ុន្តែ​កើនឡើង២៥,០ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

REIC រំពឹងថា នឹងមាន​ការផ្ទេរកម្មសិទ្ធិ៣១១.៧១៩ យូ​នី​ត​នៅ​ទូទាំងប្រទេស​នៅ​ឆ្នាំនេះ​គឺ​ធ្លាក់ចុះ១៦,៧ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន។ តម្លៃ​សរុប​នៃ​ការផ្ទេរកម្មសិទ្ធិ​នឹងមាន​ចំនួន៧៤៦.២០៦ ពាន់​លាន​បាត​ធ្លាក់ចុះ១៤,៨ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

មិន​ធ្លាប់មាន…ព្រឹត្តិការណ៍​លក់​បញ្ចុះតម្លៃ​អចលនទ្រព្យ​ដំបូង​គេ​នៅ​កម្ពុជារហូតដល់ ៤០%

ដោយ ហ្សូ​លី

ភ្នំពេញៈ តើ​លោក អ្នក​ចំណេញ​ចំណាយលុយ​តិច តែ​ចំណេញ​ច្រើន​មកវិញ​ទេ? អ្នកជំនាញ​អចលនទ្រព្យ​បានបញ្ជាក់ ជា​ច្រើនដង​មកហើយ​ថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គឺជា​ការវិនិយោគ​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុងពេល​បច្ចុប្បន្ន ព្រោះ​លោកអ្នក​អាច​ទិញ​អចលនវត្ថុ​បាន​ក្នុងតម្លៃ​ទាប ហើយ​នាពេល​អនាគត​អាច​ទទួលបាន​ផលចំណេញ​វិញ​លើសពី​ការរំពឹងទុក។

ដូច្នេះ​ឱកាស​នេះ​បានមក​ដល់​ហើយ ដែល​លោកអ្នក​គួរតែ​ចាប់​ឱ្យបាន​មុនគេ​ជាមួយ​កម្មវិធី Black Friday Property Sale ដែល​លោកអ្នក​អាច​ចំណាយ​ថវិកា​តិច​និង​ទទួលបាន​ផលចំណេញ​ច្រើន ជាពិសេស​ទិញ​បាន​ពី​គម្រោងល្អៗដូចជា The Skyline, Urban Village, The Parkway, តារា​សាគរ រំដួល​ស៊ី​ធី បុរី​វី​អាយ​ភី និង​គម្រោង​ជាច្រើន​ទៀត។ គម្រោង​ដែលមាន​ការដាក់​លក់​នៅ​ក្នុង​កម្មវិធី​សុទ្ធសឹង​ជា​គម្រោង​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យល្បីៗ និង​មានការ​ទទួលស្គាល់​ច្បាស់លាស់​ពី​អាជ្ញាធរ​កម្ពុជា។

ដើម្បី​បញ្ចៀស​និង​ការពារ ព្រមទាំង​រួមគ្នា​ទប់ស្កាត់​ជំងឺ Covid-19 អ្នករៀបចំ​កម្មវិធី​បានរៀបចំ​ឱ្យ​កម្មវិធី មាន​ការបញ្ជាទិញ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមាន​ភាពងាយស្រួល និង​ទំនុកចិត្ត។ លក្ខខណ្ឌ​នៃ​ការបញ្ជាទិញ​មាន​ភាពងាយស្រួល មិន​ស្មុគស្មាញ លោកអ្នក​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ និង​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយចំនួន តាមរយៈ​តំណ​ភ្ជាប់​នេះ https://propertysale.realestate.com.kh/property-area តែប៉ុណ្ណោះ។

នៅពេល​ដល់​ថ្ងៃ​ព្រឹ​ត្ត​ការណ៍​គឺ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពី​ម៉ោង ៤ រ​សៀ ល​ដល់ ម៉ោង៨យប់ នោះ​លោក​អ្នកនឹង​ទទួលបាន​ការសម្របសម្រួល ការទិញ​ពី​ក្រុមការងារ។ របៀប​នៃ​ការទិញ​អចលនទ្រព្យ​ក្នុង​កម្មវិធី Black Friday Property Sale ងាយស្រួល​មែនទែន បើសិនជា​លោកអ្នក​រកឃើញ​ប្រភេទ​អចលនវត្ថុ ដែល​ពេញចិត្ត​បន្ទាប់មក​ត្រូវតែ​ធ្វើការ​កក់​ប្រាក់ ៥០០ដុល្លារ​ជាមុនសិន។ សូមកុំ​បារម្ភ​ព្រោះ​អ្នកមាន​រយៈពេល ១៤ថ្ងៃ ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស និង​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​បាន។

លើសពីនេះ មាន​ពេលវេលា​សមស្រប ក្នុងការ​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​អចលនទ្រព្យ​ជាក់លាក់​នោះ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ ដើម្បី​ជួបពិភាក្សា​និង​ចុះ​កុងត្រា​ព្រមព្រៀង​ទិញ។

កាន់តែ​ពិសេស អ្នក​ក៏មាន​សិទ្ធ​ដក​ប្រាក់​កក់៥០០ដុល្លារ នោះ​មកវិញ​ផងដែរ ប្រ​សិ ន​បើ​អ្នក​មិន​ពេញចិត្ត​ឬ​សម្រេចចិត្តថា​មិន​ចង់​ទិញ​វិញ៕

ការស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ សម្រេចបាន​ប្រមាណ ៩៧ភាគរយ​ហើយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មនុស្ស​ជាច្រើន​នឹក​ឃើញតែ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​ដ៏​សំខាន់ ប៉ុន្តែ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២រឹង​តែ​សំខាន់ ព្រោះ​គ្មាន​ក្រវ៉ាត់​ក្រុង​ទី២ ក៏​គ្មាន​ទី៣ដែរ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​សាធារណកា​រៈ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៩ ខែឧសភា​ឆ្នាំ២០២០ ជា​លទ្ធផល​នៃ​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ បានសម្រេច​ប្រមាណ ៩៧ភាគរយ។

ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ធ្លាប់បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្វះស្វែង ក្នុងការ​ពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដើម្បី​ធ្វើ​យ៉ាណា សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​រវាង​កំណាត់​ទី២ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រុស្សី (ត្រង់​ស្តុ​ប​ផ្សារ​ដី​ហុយ) ឆ្ពោះទៅ​ផ្លូវជាតិ​លេខ២(ត្រង់​ព្រែក​សំរោង តាខ្មៅ)។

បើ​និយាយ​ឱ្យ​ងាយ​យល់ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ ត​ភ្ជាប់​ពី​ស្តុ​ប​ផ្សារ​ដី​ហុយ ទៅ​ផ្លូវ​លេខ១០១៩ កាត់​តាមផ្លូវ North Bridge ផ្លូវ​ទ្រុងមាន់ ផ្លូវ​មុខរ​រោងចក្រ​អគ្គិសនី ផ្លូវ​មុខ​សហគមន៍​អន្លង់​គង ផ្លូវ​ទំនប់៧មករា ដល់​ផ្លូវជាតិ​លេខ២ ភ្ជាប់​ស្ពាន​ព្រែក​សំរោង​តាខ្មៅ។

ផ្លូ​ក្រវ៉ាត់​ក្រុង​ភ្ជាប់​ទៅ​ភាគខាងត្បូង នៃ​រាជា​ធានី​ភ្នំពេញ​នេះ មាន​ប្រវែង១៧ គីឡូម៉ែត្រ គ្រោង​ចំណាយ​ជិត៦២លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​រដ្ឋាភិបាល​ប្រជាមានិត​ចិន ដោយ​ប្រើ​រយៈ​សាងសង់៣៦ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០១៩ខាងមុខ។

ផ្លូវ​ក្រវ៉ាត់​ក្រុង​កំណាត់​ទី២ តម្លៃ​ជិត៦២លាន​ដុល្លារ​អាមេរិក​នេះ ត្រូវបាន​បើក​ការ  ដ្ឋា​ន​សាងសង់​នៅ​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ចំ​ថ្ងៃ​ដែល​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី២ កំណាត់​ទី១ បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២នេះ បែង​ចែកជា​ពីរ​កំណាត់ ដោយ​កំណាត់​ទី១ មាន​ប្រវែង១០ គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង១០ លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​វៀតណាម ហើយ​ត​ភ្ជាប់​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ (ឬ​ផ្លូវ​១២០K) ឆ្ពោះទៅកាន់​មហាវិថី​សហព័ន្ធ​រុស្សី។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល​បានឱ្យដឹងថា ផ្លូវ​ក្រវ៉ាត់​ក្រុង​នេះ នឹងចូលរួម​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ជម្រុញ​ការដឹកជញ្ជូន ភស្តុភារ និង​ទំនិញ មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ពី​ផ្លូវជាតិ​លេខ៥ ទៅ​ផ្លូវជាតិ​លេខ២ និង​ទៅ​ផ្លូវជាតិ​លេខ១បាន​ឆាប់រហ័ស ជាពិសេស​ការតភ្ជាប់​ទៅកាន់​តំបន់​ទំនប់​កប់​ស្រូវ។

លោក​បន្តថា “តំបន់​ទំនប់​កប់​ស្រូវ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង និង​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​ស្តុក​ផ្គត់ផ្គង់ និង​ចែកចាយ​ទំនិញ នៅ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ផ្លូវជាតិ​លេខ១) និង​ទៅ​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ផងដែរ” ៕

ក្រុមហ៊ុន Oxley Holdings ម្ចាស់​គំរោង The PeAk បាន​លក់​អាជីវកម្ម​របស់ខ្លួនមួយចំនួន​នៅ​សឹង្ហ​បុរី

ដោយ ប៊ី

សឹង្ហ​បុរី៖ ក្រុមហ៊ុន Oxley Holdings បានឱ្យដឹង​នៅក្នុង​ឯកសារ​ផ្សារ​ហ៊ុន​មួយ​កាលពីថ្មីៗនេះ​ថា អ្នកទិញ​សក្តានុពល​មួយ​បាន​ឈាន​ការយល់ព្រម ទិញ​លក់​ដំណាក់​ដំបូង (EOI) ជាមួយ​ក្រុមហ៊ុន Oxley Beryl ដែលជា​ម្ចាស់​អតីត​អគារ Chevron House ដើម្បី​ទិញយក​ផ្នែក​លក់រាយ  និង​ធនាគារ​នៅក្នុង​តំបន់ Raffles Place នៅក្នុង​ប្រទេស​សឹង្ហ​បុរី ក្នុងតម្លៃ៣១៥លាន​ដុល្លារ​សឹង្ហ​បុរី។


អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ខាងលើ មិនបាន​កំណត់​អត្តសញ្ញាណ​អ្នកទិញ​នេះ​ទេ ហើយ​មិនបាន​បញ្ជាក់ថា តើ​វា​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន Golden Compass (BVI) អ្នកទិញ​ដែលមាន​ឈ្មោះ​ក្នុង​សំណើ​រលក់ អចលនទ្រព្យ​របស់​ក្រុមហ៊ុន Oxley Holdings ក្នុង​ទឹកប្រាក់១,០២៥ ពាន់​លាន​ដុល្លារ​សឹង្ហ​បុរី ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែមេសា។

ក្រុមហ៊ុន Oxley Holdings បានឱ្យដឹងថា នៅក្នុង​ខែឧសភា ឆ្នាំ២០១៩ ថា ដំណើរ​ផ្នែក​លក់រាយ និង​ធនាគារ​របស់ខ្លួន​នឹងត្រូវ​ធ្វើឡើង តាមរយៈ​ការយល់ព្រម​ទិញ​លក់​ដំ​ណា ក់​ដំបូង (EOI) មួយ​ជុំ​ឬ​ច្រើន​ជុំ ដែល​បើក​ដំណើរការ​ជា​សាធារណៈ ហើយនឹង​ត្រូវ​បង់​ជា​សាច់ប្រាក់។

ក្រុមហ៊ុន​បានឱ្យដឹងថា ប្រាក់​កក់ ដែល​អាច​សង​វិញ​បាន​ចំនួន៣,១៥លាន​ដុល្លារ​សឹង្ហ​បុរី ត្រូវបាន​ទទួល​ពី​អ្នកទិញ ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​សម្រាប់ សម្រាប់​ការទិញ​ខាងលើ។

ក្រោម​ការយល់ព្រម​ទិញ​លក់​ដំណាក់​ដំបូង (EOI)  អ្នកទិញ​សក្តានុពល​ខាងលើ​អាច​ជ្រើស​យក​កិច្ចព្រមព្រៀង​លក់ និង​ទិញ​ជាប់​ជាមួយ​ក្រុមហ៊ុន Oxley Beryl នៅ​ថ្ងៃទី ១៥ ខែមិថុនា​ឆ្នាំ ២០២០ ។ បន្ទាប់មក ដំណើរ​ការទិញ​ខាង​រំពឹងថា នឹង​បញ្ចប់​នៅ​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០២០ ។

កាលពី​ខែមេសា​ឆ្នាំ២០១៩ Oxley Holdings បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​មូលនិធិ​អចលនទ្រព្យ​អាមេរិក​AEW តាមរយៈ​យាន​វិនិយោគ​របស់ខ្លួន គឺ​ក្រុមហ៊ុន Golden Compass ក្នុង​ការទិញ​ការវិនិយោគ​នៅក្នុង​ក្រុមហ៊ុន Oxley Beryl និង​ប្រាក់កម្ចី​ធនាគារ​ដែលមាន​ស្រាប់ ក្នុងតម្លៃ​សរុប​រហូតដល់១.០២៥ ពាន់​លាន​ដុល្លារ​សឹង្ហ​បុរី។

ក្រុមហ៊ុន Oxley Holdings បានប្រកាស​កាលពី​ខែមិថុនា​ថា នៅពេល​បញ្ចប់​ការលក់​លើកដំបូង ក្រុមហ៊ុន​ Golden Compass បាន​ចំណាយ​ប្រាក់២១០ លាន​ដុល្លារ​សឹង្ហ បុរី និង​ទទួលបាន​ភាគហ៊ុន ៨២,៣៥ ភាគរយ​នៅក្នុង​ក្រុមហ៊ុន Oxley Beryl ។

ក្រុមហ៊ុន Golden Compass ត្រូវ​ទូទាត់​សមតុល្យ និង​ទូទាត់​ប្រាក់កម្ចី​ធនាគារ​របស់ Oxley Beryl នៅពេល​បញ្ចប់​ចុងក្រោយ បន្ទាប់មក​ភាគហ៊ុន​នៅសល់​ចំនួន ១៧,៦៥ ភាគរយ​នៃ​ភាគហ៊ុន​នៅក្នុង Oxley Beryl នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន Golden Compass ។

អគារ Chevron House នៅ​តំបន់ 30 Raffles Place ជា​អគារ​ពាណិជ្ជកម្ម​កម្ពស់ ៣២ជាន់ ក្នុងនោះ២៧ជាន់​ជា​ការិយាល័យ និង៥ជាន់​ផ្សេងទៀត​ជា​កន្លែង​ផ្តល់​សេវាកម្ម​ដទៃទៀត។

ក្រុមហ៊ុន Oxley Holdings បាន​ចំណាយ​ថវិកា​ចំនួន៦៦០លាន​ដុល្លារ សឹង្ហ​បុរី​សម្រាប់​ការទិញ​យក​អគារ Chevron House ពី​ខែធ្នូ​ឆ្នាំ ២០១៧ ៕ Business Times

ចំណេះដឹង! អ្វី​ជា​នីតិ​ពាណិជ្ជកម្ម ?

ដោយ ​វុត្ថា

ភ្នំពេញៈ នីតិ​ពាណិជ្ជកម្ម ជា​បណ្តុំ​វិធាន​គតិយុត្ត​ទាំងឡាយ ដែល​អនុវត្តន៍​ទៅលើ​ពាណិជ្ជករ នៅក្នុងពេល​អនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន  និង​លើ​ពាណិជ្ជកិច្ច​ដែល​ធ្វើឡើង​ដោយ​ពាណិជ្ជករ​ឬ​ជន​ដែល​មិនមែនជា​ពាណិជ្ជករ។

ម្យ៉ាង​ទៀតថា នីតិ​ពាណិជ្ជកម្ម ជា​បណ្តុំ​នៃ​វិធាន​គតិយុត្ត​ពិសេស​មួយ ដែល​អនុវត្តន៍​លើ​ពាណិជ្ជករ ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​ពាណិជ្ជកិច្ច។

បន្ថែម​ពីនេះ នីតិ​ពាណិជ្ជកម្ម​គឺជា​ផ្នែក​មួយ នៃ​នីតិឯកជន  មានន័យថា​វិធាន​នៃ​នីតិ​នេះ​ត្រូវបាន​អនុវត្ត​លើ ទំនាក់ទំនង​នៃ​ប្រតិបត្តិការ​គតិយុត្តិ​ទាំងឡាយ​ដែល ត្រូវបាន​ធ្វើឡើង​ដោយ និង​រវាង​ពាណិជ្ជករ និង ពាណិជ្ជករ ព្រមទាំង​រវាង​ពាណិជ្ជករ និង​អតិថិជន។

នីតិ​ពាណិជ្ជកម្ម ជា​ជា​នីតិ​ពិសេស ដើម្បី​ឆ្លើយតប​នឹង​រាល់​ភាពចាំបាច់​ទាំងឡាយ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម។ ដែល​ចក្ខុ​វិស័យនេះ បាន​តម្រូវឱ្យ​នីតិ​ពាណិជ្ជកម្ម​ត្រូវតែ​ស្វែងរក​លើ​ដំណោះស្រាយ​នានា ដែល​ខុសប្លែក​ពី​ដំណោះស្រាយ ដែលមាន​ក្នុង​នីតិរដ្ឋ​ប្បវេណី និង​ត្រូវតែ​ប្រើប្រាស់​នូវ​បច្ចេកទេស​ពិសេស​ផ្ទាល់ខ្លួន​របស់​វា៕