រដ្ឋបាលខេត្តកំពតសម្រេចបង្កើតក្រុមការងារចម្រុះសិក្សាផលប៉ះពាល់លើគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជាង២៤លានដុល្លារ

0

ដោយវុត្ថា

កំពតៈ រដ្ឋបាលខេត្តកំពត បានសម្រេចបង្កើតក្រុមការងារចម្រុះ ដែលមានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះសិក្សា ទីតាំងជាក់ស្តែងសិក្សាផលប៉ះពាល់ វាយតម្លៃលក្ខណៈភូមិសាស្ត្រ លើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍តម្លៃ២៤,៨លានដុល្លារអាមេរិក។

លោកជាវ តាយ អភិបាលខេត្តកំពត កិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តលើកទី២ ពិនិត្យលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ បានស្នើឲ្យក្រុមហ៊ុនសហការ ជាមួយអង្គភាពជំនាញ ធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ ដើម្បីស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចលើគម្រោងវិនិយោគនេះ។

គម្រោងស្នើសុំវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល២៤,៨ លានដុល្លាអាមេរិករបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ៤២ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ខេត្តកំពតជាខេត្តមួយ ដែលមានកំពុងមានសក្តានុពលខ្ពស់ លើការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទីទាំងជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តនៅក្នុងខេត្តមួយនេះ ដោយសារតែខេត្តមួយនេះ មានអំណោយផលផ្នែកធម្មជាតិ សមុទ្រ ព្រែក ភ្នំ និងសក្តានុពលផ្សេងទៀត ហើយនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដោយចំណាយពេលធ្វើដំណើរប្រមាណតែ២ ទៅ៣ម៉ោងពីភ្នំពេញ។

ខេត្តកំពត បើទោះបីកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចសកល ដោយសារការរាតត្បាតជំងឺកូវីដ ១៩យ៉ាងណាក្តី កន្លងមកនេះ បានទតទទួលនៅគម្រោងវិនិយោគជាច្រើន តាមរយៈការបោះទុនពីអ្នកវិនិយោគក្នុងស្រុក លើរមណីយដ្ឋាន តំបន់ទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច និង អគារពាណិជ្ជកម្មជាច្រើនផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here