ឧកញ៉ា នួន រិទ្ធី៖ កម្ពុជានៅតែឆ្ពោះទៅមុខដោយសញ្ញាវិជ្ជមានជាមួយនឹងការពង្រីកលទ្ធភាពនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងសំណង់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងកាលៈទេសៈដែលបណ្តាប្រទេសនានាកំពុងជួបស្ថានភាពប្រឈមវិបត្តិសេដ្ឋកិច្ច សម្រាប់តែប្រទេសកម្ពុជាបាន និងកំពុងតែបន្តដំណើរទៅមុខជាធម្មតាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ជាពិសេស វិស័យសំណង់ដែលកំពុងតែមានការរីកចម្រេីនគួរអោយកត់សំគាល់។

ជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍក្នុងវិស័យសំខាន់ៗនៅកម្ពុជា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានបន្តរីកចម្រើនយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។

លោកឧកញ៉ាបានមានប្រសាសន៍បន្តថា “ដូចបានឃើញហើយថា តាមរយៈរបាយការណ៍ដែលបង្ហាញដោយក្រសួងកាលពីពេលកន្លងទៅនេះ គឺសុទ្ធសឹងតែបានបញ្ជាក់ពីតួលេខអភិវឌ្ឍន៍កើនឡើងជាមួយនឹងសំណង់អគារលំនៅដ្ឋាន ខុនដូ , អាផាតមិន , សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ និងសំណង់លំនៅដ្ឋានលក្ខណៈបុរីជាដើម។ ការសាងសង់អគារទាំងអស់នេះ គឺជាសូចនាករដែលបង្ហាញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនៅពេលខាងមុខកម្ពុជាយើង នឹងមានអាគារខ្ពស់ៗបន្ថែមទៀតទាំងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត”។

ក្រៅពីកិច្ចបន្តសកម្មភាពសាងសង់សំណង់ទាំងនេះ សម្រាប់ការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដែលបណ្តាក់ទុនវិនិយោគដោយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏កំពុងតែសម្រុកបន្តដំណើរឆ្ពោះទៅមុខជានិច្ច ជាក់ស្ដែងគម្រោងស្ថាបនាផ្លូវចំនួន៣៤ ខ្សែនៅខេត្តព្រះសីហនុទើបតែបញ្ចប់ រដ្ឋាភិបាលបានទម្លាក់ទុន១៥០លានដុល្លារសម្រាប់ស្ថាបនាផ្លូវចំនួន៣៨ខ្សែបន្ថែមទៀតនៅទូទាំងក្រុងសៀមរាប។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា “នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក៏ជាការចូលរួមលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិនៅក្នុងវិស័យសាងសង់សំណង់ផងដែរ”។

លោកឧកញ៉ាបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ ស្ពាន មានភាពល្អប្រសើរ គឺជាចលករដ៏សំខាន់មួយក្នុងការជំរុញឱ្យមានចរន្តទីផ្សារអចលនទ្រព្យនៅតាមតំបន់នានាទូទាំងប្រទេសមានតម្រូវការ ហើយតម្លៃក៏មានការកើនឡើង ដែលអាចផ្តល់ផលចំណេញដល់បណ្តាអ្នកវិនិយោគ ទាំងវិស័យដីធ្លី ទាំងវិស័យសាងសង់សំណង់លំនៅដ្ឋាន ក៏ដូចជាការអភិវឌ្ឍសំណង់ពាណិជ្ជកម្មផងដែរ”។

គិតនៅត្រឹមដើមត្រីមាសទី៣ ឆ្នាំ២០២០នេះ សម្រាប់តែនៅក្នុងរាជធានីភ្នំពេញ កំណើននៃចំនួនអាគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅបានកើនឡើងរហូតដល់ប្រមាណ១៥០០អាគារ ដែលក្នុងនោះ សំណង់អគារដែលបម្រើនៅក្នុងផ្នែកអាផាតមិនមានជាង៤០០អាគារ សំណង់បម្រើឱ្យផ្នែកខុនដូមានប្រមាណ៧០អាគារ និងសំណង់ចំរុះមានប្រមាណជិត ១០០០អាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here