កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន​បូក៣ នឹង​មានការ​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​រង្វង់ជាង ៥ភាគរយ​នៅ​ឆ្នាំ២០២១

ដោយ ប៊ី

ភ្នំពេញៈ កំណើន​ក្នុង​តំបន់​អាស៊ាន​បូក៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដល់២ភាគរយ​នៅ​ឆ្នាំ២០២០ បន្ទាប់មក​នឹងមាន​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងខ្លាំង​ដល់៥.៥ភាគរយ​នៅ​ឆ្នាំ២០២។  នេះ​បើ​យោងតាម​ការ​របាយការណ៍​ចុងក្រោយ​របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន (AMRO) ។

ការិយាល័យ AMRO រំពឹងថា​កំណើន​ក្នុង​តំបន់​អាស៊ាន​បូក៣ នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដល់២ភាគរយ​នៅ​ឆ្នាំ២០២០ បន្ទាប់មក​នឹងមាន​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងខ្លាំង ដល់ ៥.៥ភាគរយ​នៅ​ឆ្នាំ២០២។ ជា​លទ្ធផល​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ចុះខ្សោយ​ជាង​មុន​នៅ ៣,៥ ភាគរយ​ក្នុង​ឆ្នាំ ២០២០ ។

បណ្តា​ប្រទេស​អាស៊ាន កំពុងមាន​ការរីក​រា​ល​ដាល​នៃ​ការឆ្លង COVID-19 ហើយ​រដ្ឋាភិបាល​បាន​ចាត់វិធានការ យ៉ាង​តឹងរឹង​រួមទាំង​ការបិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង និង​បានអនុម័ត​កញ្ចប់​ថវិកា​ដ៏​ធំ​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​របស់​ពួកគេ។

ទោះជា​យ៉ាងណាក៏ដោយ សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​រំពឹងថា នឹង​ចុះខ្សោយ​យ៉ាងខ្លាំង និង​កើន​ឡើងជា​មធ្យម១,១ភាគរយ​ក្នុង​ឆ្នាំ២០២០ មុននឹង​ងើបឡើង​ដល់ ៥,២ ភាគរយ​នៅ​ឆ្នាំ ២០២១ ។

បណ្ឌិត Hoe Ee Khor ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់​ការិយាល័យ AMRO មានប្រសាសន៍ថា “ឆ្នាំ២០១៩ជា​ឆ្នាំ​ដែលមាន​ព្រឹត្តិការណ៍​ខ្ពស់​មួយ ដែល​ត្រូវបាន​កត់សម្គាល់​ដោយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ជម្លោះ​ក្នុងភូមិ​សាស្ត្រ​នយោបាយ​ភាព ចលាចល​នយោបាយ និង​លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់។

លោក​បន្ថែមថា “ដូច​យើង​កំពុង​បិទ​ជំពូក​ឆ្នាំ២០១៩ លើ​កំណត់សំគាល់​ភ្លឺ​ជាង​មុន ជាមួយនឹង​ការបញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក-ចិន​ដំណាក់កាល​ទី១ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​បាន​ឆាបឆេះ​ឡើង ធ្វើឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ មិនយូរ មិនឆាប់ ជំងឺ COVID-19បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន ហើយ​ប្រែ​ទៅជា​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក។

ទីផ្សារ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលមាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស ពី​ការរីក​រាលដាល​ជំងឺ COVID-19 យ៉ាង​ឆាប់រហ័ស បាន​បណ្តាលឱ្យមាន​តម្រូវការ​ដើម្បី​វាយតម្លៃ​ទស្សនវិស័យ​សេដ្ឋកិច្ច​ឡើង​វិញ។

ដោយឡែក​ទស្សនវិស័យ​សេដ្ឋកិច្ច សម្រាប់​ប្រទេសនីមួយៗនៅ​អាស៊ាន មានការ​ផ្លាស់ប្តូរ និង​មាន​ទម្លាក់​កំណើនសេដ្ឋកិច្ច ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19  ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ជាស​កល។

របាយការណ៍​ខាងលើ​បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ ត្រូវបាន​ព្យាករ​ថា​នឹងមាន​ចំនួន២,៧ភាគរយ ប៉ុន្តែ​នឹង​កើនឡើង​ដល់៦,៨ ភាគរយ​នៅ​ឆ្នាំក្រោយ។

បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​ផ្តា COVID-19 ការិយាល័យ AMRO បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ថៃ​នឹង​ប្រឈម​នឹង​ឱនភាព៦,០ ភាគរយ​និង​ងើបឡើង​វិញ​ដល់៤.០ ភាគរយ​នៅ​ឆ្នាំក្រោយ។

សឹង្ហ​បូរី​នឹង​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ១.០ ភាគរយ​ហើយ នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់២ភាគរយ ខណៈដែល​ប្រទេស​ម៉ាឡេស៊ី នឹង​ប្រឈមមុខ​នឹង​កំណើន​អប្បបរមា០,១ និង​ងើប​ឡើងដល់ ៤,៦ ភាគរយ។

ឥណ្ឌូណេស៊ី​នឹងមាន​កំណើន២,៣ភាគរយ និង​ងើប​ឡើងដល់៥,៣ភាគរយ។ ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម នឹង​ប្រឈម​នឹង​ធ្លាក់ចុះ៣,០ភាគរយ និង​ធ្លាក់ចុះ​បន្ថែមទៀត​ដល់ ២,៩ ភាគរយ ខណៈដែល​ប្រទេស​ឡាវ​នឹង​ប្រឈម​នឹង៣,៨ ភាគរយ និង​ងើប​ឡើងវិញ​ដល់៦,២ ភាគរយ។

មី​យ៉ាន់​ម៉ា​នឹង​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ៤,៥ ភាគរយ និង​ងើប​ឡើងវិញ​ដល់៦,៩ ភាគរយ។ ហ្វីលីពីន​នឹង​ប្រឈមមុខ​ធ្លាក់ចុះ៤,៥ ភាគរយ​និង​ងើបឡើង​វិញ​ដល់៦,៧ ភាគរយ។ ប្រទេស​វៀតណាម នឹង​ប្រឈមមុខ​ធ្លាក់ចុះ៤,៥ ភាគរយ និង​ងើប​ឡើងវិញ​ដល់ ៧,០ភាគរយ៕

គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ព​ពក​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ជាប់គាំង​ដោយសារវិបត្តិ Covid-19

ដោយ វុត្ថា

ភ្នំពេញៈ គម្រោង​អគារ​ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​មួ​យ​ចំនួន នៅក្នុង​ទីក្រុង​ភ្នំពេញ កំពុងមាន​ភាពជាប់គាំងបណ្តើរៗហើយ នៅក្នុង​អំឡុង​ពេលដែល​កម្ពុជា​បាន និង​កំពុង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ Covid-19 ។

មិន​ត្រឹមតែ​សកម្មភាព​នៃ​សាងសង់​ត្រូវ​ជាប់គាំង​នោះទេ សកម្មភាព​ពាណិជ្ជកម្ម​នានា​ហាក់​មិន​ដំណើរ និង​សេដ្ឋកិច្ច​ត្រូវបាន​ព្យាករណ៍​ថយ មក​ត្រឹម​ជាង២ភាគរយ ដោយសារតែ​បង្កឡើង​ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ។

គម្រោង​ដែល​ត្រូវបាន​គេ​មើល​ជាប់គាំង នៅក្នុង​កំឡុងពេល​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំ​ងឹ Covid-19  ដូច​នៅ​ខាងក្រោម៖

១) អគារ Glory International Centre

អាគារ​ពាណិជ្ជកម្ម Glory International Centre ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន​ចិន​វិនិយោគ​ប្រមាណ២០០លាន​ដុល្លារ​អាមេរិក ស្ថិតនៅ​ក្បែរ​ទីក្រុង​រណប​កោះ​ពេជ្រ ស្ថិតនៅ​ខាងក្រោយ​អគារ​The Bridge  ហាក​គ្មាន​សកម្មភាព​សង​សង់ ហើយ​ត្រូវបាន​រំពឹងថា​នឹង​បើក​ឲ្យ​ដំណើរកា​នៅ​ឆ្នាំ២០២។ គំរោង​នេះ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក រាជធានី​ភ្នំពេញ។

អគារ Glory International Centre

អគារ Glory International Centre អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Yuan Chuang Real Estate រួមមាន អគារ​ខុន ផ្សារ​ទំនើប អា​ផាត​មិន សណ្ឋាគារ និង​អគារ​ការិយាល័យ។ អគារ​ពាណិជ្ជកម្ម Glory បានចាប់ផ្តើម​ការងារ​សាងសង់​កាលពី​ពី​ឆ្នាំ ២០១៧ ត្រូវការ​រយៈពេល​សាងសង់​បួន​ទៅ​ប្រាំ​ឆ្នាំ ពោលគឺ​អគារ​ពាណិជ្ជកម្ម​មួយ​នេះ​រំពឹងថា នឹង​បើក​សម្រាប់​ការធ្វើ​អាជីវកម្ម​នៅ​ឆ្នាំ២០២៣ ឬ​ឆ្នាំ២០២៤ខាងមុខ។

២) គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម CITY KEY

គំរោង​នេះ​មានឈ្មោះ CITY KEY មាន​ចំនួន៥២ជាន់ និង​កំពស់២០៨ម៉ែត្រ​ជា​គំរោង​ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ  ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន។

គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម CITY KEY

គំរោង​ដ៏​ធំ​នេះ ស្ថិតនៅ​ក្រោយ​អាគារ Bali Scenary និង​អាគារ ​The Bridge ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

៣) គម្រោង Sino Plaza

គម្រោង Sino Plaza នេះ គឺ​ត្រូវបាន​សាងសង់ឡើង​នៅ​នៅ​ទល់មុខ​ផ្សារ​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមាន​ទំហំ២១៧,០០០ម៉ែត្រការ៉េ ដែល​នឹងមាន​អគារ​លំនៅឋាន ការិយាល័យ ផ្សារ​ទំនើប ភោជនីយដ្ឋាន រោងភាពយន្ត និង​ស​ណ្ឋា គារ​ផ្កាយ៥មួយ​ផងដែរ។

គម្រោង Sino Plaza

ដើម្បី​ប្រកួតប្រជែង​នឹង​គម្រោង​វិនិយោគ ដែលមាន​ទំហំ​យក្ស​ផ្សេងទៀត គម្រោង Sino Plaza នឹងមាន​អគារ​ចំនួន៤ រួមមាន​អគារ​អា​ផាត​មិន៤២ជាន់​ចំនួន២ អគារ៣៦ ជាន់​ចំនួន១ សម្រាប់​ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​រោងភាពយន្ត និង​អគារ៤៣ជាន់​មួយ សម្រាប់​យូ​នី​ត​ការិយាល័យ និង​ខុន​ដូ។

៤) អគារ Thai Boon Roong Commercial Centre Twin Towers

អគារ​នេះ មាន​កម្ពស់៥៦៨ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​ដំណើរការ​សាងសង់។ នៅពេល​សាងសង់​បញ្ចប់​អគារ​នេះ នឹង​ក្លាយជា​អគារ​ប្រើប្រាស់​រួម មាន​ទាំង​ការិយាល័យ​ធ្វើការ ផ្សារ​ទំនើប អា​ផាត​ម៉ិ​ន ខុន​ដូ​លំដាប់​អន្តរជាតិ សណ្ឋាគារ​កម្រិត​ផ្កាយ៦ និង​សេវាកម្ម​កំសាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត។

អគារ Thai Boon Roong Commercial Centre Twin Towers

អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Thai Boon Roong របស់​ប្រទេស​កម្ពុជា ជាប់​ជា​អគារ​ខ្ពស់​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ក្នុងនាម​អាគារ​ភ្លោះ​នៅលើ​ពិភពលោក។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ ស្ថិតក្នុង​ចំណោម​អគារ​ខ្ពស់កប់ពពក​ចំនួន៦ផ្សេងទៀត មកពី​ប្រទេស​ចំនួន៦នៅក្នុង​តំបន់​អាស៊ាន ហើយ​អគារ​ទាំងនេះ នឹង​ក្លាយជា​អគារ​ខ្ពស់កប់ពពក​នៅក្នុង​តំបន់​អាស៊ាន។

យ៉ាងណា​សកម្មភាព​សាងសង់​ជញ្ជាំង​ទប់​ដី​របស់​គំរោង​នេះ ហាក់​ត្រូវបាន​ផ្អាក​ហើយ និង​មិនដឹង​ពី​ការ​បរិច្ឆេទ​បើក​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់ នៅពេលណា​ជាក់លាក់​នៅឡើយ​ទេ។

៥) គម្រោង KOWLOON BAY

គម្រោង KOWLOON BAY

គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​ចំរុះ​បែប​ទំនើប ដែលមាន​កម្ពស់​រហូត​ដល់៥៩ជាន់ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សុធារស់ ជិត​ផ្សារ​ទំនើប AEON 1 នៅលើ​ផ្ទៃដី​ទំហំ១,៥០ហិកតា​បាន​ផ្អាក​ការសាងសង់​ជា​ផ្លូវការ​ហើយ។ គំរោង​នេះ​បាន​សិក្សា​តាំងពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ២០១៧នោះ រហូតមកដល់​ពេលនេះ​នៅតែ​មិនទាន់មាន​សកម្ម​នៅឡើយ ខណៈដែល​ធ្លាយ​ដំណឹង​មក​ថា​គំរោង​នេះ បានប្រកាស​ផ្អាក​សម្រេច​ផ្អាក​មួយរយៈ​សិន។

៦) គម្រោង​អភិវឌ្ឍន៍​ចម្រុះ អ & អេ​ហ្វ

គម្រោង​អភិវឌ្ឍន៍​ចម្រុះ អ & អេ​ហ្វ ស៊ី​ធី មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​មាន​សក្តានុពល​ថ្មី លើ​មហាវិថី​ព្រះមុន្នីវង្ស និង​ជិត​មហាវិថី​សម្តេច​ហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)។ គម្រោង​អ & អេ​ហ្វ ស៊ី​ធី​សាងសង់​ឡើងលើ​ផ្ទៃដី ៧៦០,០០០ ម៉ែត្រការ៉េ​មាន​សួនច្បារ​ឯកជន​ដ៏​ស្រស់ស្អាត ទំហំ​រាប់ពាន់​ម៉ែត្រការ៉េ ដែល​បាន​រចនា​ដោយ​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​របស់​ពិភពលោក  Pierre Landscape។

គម្រោង​អភិវឌ្ឍន៍​ចម្រុះ អ & អេ​ហ្វ

គម្រោង អ & អេ​ហ្វ​នេះ​បាន​ជាប់គាំង​ហើយ ប៉ុន្តែ​គំរោង​របស់​ក្រុមហ៊ុន​យក្ស R&F ស្ថិតនៅលើ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​បាននិងកំពុង​ដំណើរកា​រ​សាងសង់​នៅឡើយ៕

តើ​ក្តី​ស្រ​ម៉ៃ​នៃ​គម្រោង​ខ្សែក្រវ៉ាត់១ផ្លូវ១ របស់​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​អាចសម្រេចបាន​ឬទេ?

ដោយ ហ្សូ​លី

ភ្នំពេញៈ គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ដែលជា​ការផ្តួចផ្តើមរ​បស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង នឹងត្រូវ​ស្ថាបនា​នៅតាម​បណ្តា​ប្រទេស រួមមាន កម្ពុជា ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​ជាដើម ប៉ុន្តែ​ត្រូវបាន​ជាប់គាំង​ដោយសារតែ​វិបត្តិ​ជំងឺ Covid-19 ។

ជាក់ស្តែង​ប្រទេស​ចិន បាន​ស្ថិតនៅ​ក្នុងស្ថានភាព​ធូរស្បើយ​ច្រើន​ហើយ ពាក់ព័ន្ធ​វិបត្តិ​ជំងឺឆ្លង​នេះ ប៉ុន្តែ​នៅឡើយ​តែ​បណ្តារ​ប្រទេស​ជា​ដៃគូ ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​នេះ​ជា​បន្តបន្ទាប់​ឥតឈប់ឈរ។ បច្ចុប្បន្ន​ការងារ​នៃ​គម្រោង​នេះ ត្រូវបាន​បញ្ឈប់​រួចហើយ​នៅ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ និង​របៀង​សេដ្ឋកិច្ច​ចិន-ប៉ា​គី​ស្ថាន។

កត្តា​រារាំង​ក្តី​ស្រ​ម៉ៃ​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ពីង មួយទៀត​នោះ គឺ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ចេញចូល​របស់​ប្រទេស​និមួយ។ ថ្វីត្បិតតែ​កម្មករ​ចិន បាន​ត្រៀម​ខ្លូន​រួចជាស្រេច ក្នុងការ​វិលត្រឡប់​ទៅ​បំពេញការងារ​ក្តី ប៉ុន្តែ​ការធ្វើដំណើរ​ឆ្លងកាត់​តំបន់ អាស៊ី និង អ៉ឺ​រ៉ុ​ប នៅតែ​ចង​ជា​បញ្ហា។ ប្រទេស​ចំ​នួ ១៣០ ជុំវិញ​ពិភពលោក​បានធ្វើការ​រឹតបន្តឹង​ដាក់​បម្រាម​មិនឱ្យ​ជនជាតិ​ចិន ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ចិន ចូលមកក្នុង​ទឹកដី ប្រទេស​គេ​ឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាល​ចិន​កំពុង​ចរចា ដោយ​យក​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ធ្វើជា​ខែល​ដោះស្រាយ​បម្រាម​នេះ។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា ទំនាក់ទំនង​បរទេស (CFR) ដែលមាន​ចំណងជើង​ថា “តើ​ជំងឺ Covid-19 មានន័យ​អ្វី​ចំពោះ​គម្រោង​ខ្សែក្រវ៉ាត់១ផ្លូវ១” បាន​កត់សម្គាល់ថា កម្មករ​ចិន​មិនអាច​វិលត្រឡប់​ទៅរក​គម្រោង​នៅក្រៅ​ប្រទេស​បានទេ គម្រោង​នឹងមិន​មាន​លក្ខណៈ​ពេញលេញ​ទេ ហើយ​អាច​ត្រូវគេ​បោះបង់ចោល​ទាំងអស់គ្នា។

ប្រសិនជា​ប្រធានាធិបតី​ចិន ចង់ឱ្យ​ល្បឿន​នៃ​គម្រោង​នេះ​សម្រេច​កាន់តែ​ឆាប់​នោះ លុះត្រាតែ​ប្រទេស​ចិន​ស្វះស្វែង​ជួយ​ប្រទេសជិតខាង ទ្រទ្រង់​សង្វាក់​ផលិតកម្ម ទប់ស្កាត់​មេរោគ​ឆ្លង និង​ព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​ឱ្យបាន​ឆាប់រហ័ស​បំផុត ទើប​អាច​មើលឃើញ​ក្តីសង្ឃឹម​នៃ​គម្រោង​នេះ​បាន។ នេះ​បើតាម​របាយការណ៍​ដដែល​បានបញ្ជាក់។

អ្នកសិក្សា​ថាមពល និង​បរិស្ថាន​មកពី Gateway House មាន​មូលដ្ឋាន​នៅ​ទីក្រុង Mumbai លោក Amit Bhandari បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ​ថា ជំងឺ Covid-19 នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​យឺត ប្រសិនបើ​មិនមាន​ការថយចុះ​ជាក់ស្តែង នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។

ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ នឹង​កាន់តែ​ឈឺចាប់។ ការធ្លាក់ចុះ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី Covid-19 នឹង​ធ្វើឱ្យ​ស្ថានភាព​បំណុល​របស់​ប្រទេសមួយ​ចំនួន​ជា​ដៃគូ​គម្រោង​រឹតតែ​គ្មាន​និរន្តរភាព៕

ចំណេះដឹង! តើ​សម្បទា​និក​លើដី​មាន​សិទ្ធិ​អ្វីខ្លះ?

ដោយ វុត្ថា

ភ្នំពេញៈ សម្បទាន​ជា​សិទ្ធិ​ស្របច្បាប់ ដែល​មានចែង​ក្នុង​ច្បាប់ រាជរដ្ឋាភិបាល​ចេញ​អាជ្ញាប័ណ្ណ​ផ្តល់​ឲ្យ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​កាន់កាប់​ដី និង​ប្រើប្រាស់​ដី​តាមច្បាប់​វិនិយោគ ។

ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្តល់ទៅឱ្យ​សម្បទា​និក ជា​ដី​ដែល​ឆ្លើយតប​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច ដែល​អាច​ទាញយក​ផល​ពី​កសិកម្ម ឧស្សាហកម្ម។

ច្បាប់​ភូមិបាល ឆ្នាំ២០០១ មាត្រា ៥៦ សិទ្ធិ​របស់​សម្បទា​និក​លើដី ដែល​បានផ្តល់​ជា​សម្បទាន​ក្នុងអំឡុងពេល​នៃ​សម្បទាន ។ សម្បទាន​និក​អាច​ទាញយក​ផល​ពី​ការធ្វើ​ស​កិក​ម្ម ដែល​រួមទាំង​ការ​អារ​សាងសង់​សិប្បកម្ម រោងចក្រ​ផងដែរ។

លើសពីនេះ​សិទ្ធិ​របស់​សម្បទា​និក ត្រូវបាន​ការពារ​ដោយ​ច្បាប់​ដូចជា​កម្មសិទ្ធិករ​ដែរ។ រយៈពេល​កន្លង​មករា​ជ​រដ្ឋាភិបាល បាន​ធ្លាប់​ផ្តល់​ដី​សម្បទាន​ដល់​វិនិយោគិន​ដែរ ប៉ុន្តែ​ហាក់ដូចជា​មិនមាន​ប្រ​សិ​ទិ្ធ​ភាព​ទេ ថែមទាំង​បង្ក​ឲ្យ​មាន​វិវាទ​ជាច្រើន​ករណី រវាង​វិនិយោគិន និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​សម្បទាន​នោះ។

ហេតុនេះ​រាជរដ្ឋាភិបាល បានចេញ​បទបញ្ជា​កំណត់​វិធាន​ការពង្រឹង និង​បង្កើន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​ត្រូវបាន​ផ្អាក់​ជា​បណ្តោះអាសន្ន (បទបញ្ជា​ស្តីពី​វិធាន​ពង្រឹង និង​បង្កើន​ប្រសិទ្ធិភាព នៃ​ការគ្រប់គ្រង​សម្បា​ទាន​ដី​សេដ្ឋកិច្ច ឆ្នាំ២០១២)។

យោងតាម​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា គ្រប់​បុគ្គល​ទាំ​អស់​ទទួលបាន​សិទ្ធិ​ស្របច្បាប់​លើដី​ធ្លី តាម​ទម្រង់ កម្មសិទ្ធិ ភោះ​គៈ ផលុបភោគ សិទ្ធិ​ជួល​អចិន្ត្រៃយ៍ ដែល​អាច​សាងសង់​សំណង​នៅលើ​ដី​ទាំងអស់​នោះបាន៕

ក្រុមហ៊ុនអ៊ឺរ៉ុប ស្នើឱ្យពន្យាការដក EBA ពីកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ សម្ព័ន្ធសម្លៀកបំពាក់យីហោអ៊ឺរ៉ុប (European Branded Clothing Alliance) បានស្នើឱ្យសហភាពអឺរ៉ុបពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងកម្មវិធី “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ” (EBA) របស់សហភាពអឺរ៉ុប។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen កាលពីសប្តាហ៍មុន ប្រធានសម្ព័ន្ធសម្លៀកបំពាក់យីហោអ៊ឺរ៉ុប លោក Ignacio Sierra Armas បាននិយាយ ថា ជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 បាន បង្កើតជាបញ្ហាប្រឈមដែលមិនធ្លាប់មាននៅក្នុងសាកលភាវូបនីយកម្មរបស់យើង” ។

លោកបន្តថា ការបិទហាងលក់ដូរសម្លៀកបំពាក់លក់រាយក្នុងរយៈពេលមិនប្រាកដប្រជានៅក្នុងប្រទេសដែលជាហភាពអឹរ៉ុប ខណៈការកើតឡើងនូវជំងឺCovid-19 កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍការងារ និងកំណើន។
លោក Sierra បានស្នើសុំវិធានការគាំទ្រចំនួន ៧ ពីសហគមន៍អ៊ឺរ៉ុបនិងបណ្តាប្រទេសជាសមាជិក ដើម្បីបង្កើនភាពប្រាកដប្រជានិងអនុញ្ញាតឱ្យបន្តគាំទ្រដល់និយោជិករបស់យើងនៅក្នុងសហភាពអ៊ឺរ៉ុបក៏ដូចជាកម្មករនៅក្នុងប្រទេសផលិតកម្ម” ។

វិធានការណ៍នេះរួមមានសំណើទៅសហភាពអឺរ៉ុប ឲ្យ ពន្យារពេលការដកប្រព័ន្ធ EBA របស់កម្ពុជាដោយសារកាលៈទេសៈពិសេស និងប៉ះពាល់ដល់ឧស្សាហកម្មពិភពលោកយ៉ាងខ្លាំងរួចទៅហើយ។

គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកខ្លះនៃមុខទំនិញនាំចូលពីប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែកុម្ភៈដោយអះអាងថា“ រំលោភសិទ្ធិមនុស្ស” ជាប្រព័ន្ធ។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះនឹងជះឥទ្ធិពលដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងដែលបានជ្រើសរើសក៏ដូចជាទំនិញធ្វើដំណើរ និងស្ករទាំងអស់របស់កម្ពុជាដែលមានតម្លៃប្រហែល ១ ពាន់លានអឺរ៉ូឬមួយភាគប្រាំនៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។

បើតាមគណៈកម្មការសហភាពអឺរ៉ុប ការដកប្រព័ន្ធអនុគ្រោះពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ ខាងមុខនេះ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សារបស់សភាអឺរ៉ុប ជំទាស់ចំពោះការដកនេះ ។

លោក Sierra បាននិយាយថា ការលក់ដូរនៅក្នុងវិស័យសម្លៀកបំពាក់នៅក្នុងសហភាពអ៊ឺរ៉ុបបានធ្លាក់ចុះប្រហែល ៩០ ភាគរយដោយសារការរំខានដែលបណ្តាលមកពីជំងឺ Covid-19 ។ ស្រដៀងគ្នាដែរ និយោជិកឥឡូវនេះត្រូវបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីនិយោជិករបស់ពួកគេបន្ថែមលើការគាំទ្រពីរដ្ឋដើម្បីជៀសវាងការបាត់បង់ការងារ។

លោកបន្ថែមថា “ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់បែបនេះជះឥទ្ធិពលជៀសមិនរួចទៅលើការបញ្ជាទិញ” ។ សម្ព័ន្ធសម្លៀកបំពាក់យីហោអ៊ឺរ៉ុប (European Branded Clothing Alliance) មានមូលដ្ឋាននៅទីក្រុងព្រុចសែលស និងតំណាងឱ្យហាងលក់ទំនិញសម្លៀកបំពាក់លក់រាយជាង ៦០ ទីតាំង៕

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាសម្រេចបង្កើតក្រុមការងារបច្ចេកទេសសិក្សានិងរៀបចំអាងប្រព្រឹត្តកម្មទឹកខ្វក់ខេត្តព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសសិក្សា និងរៀបចំអាងប្រព្រឹត្តកម្មទឹកខ្វក់ ស្ថិតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមេសាឆ្នាំ ២០២០ ឱ្យដឹងថា  មានសមភាព៥រូប ដឹកនាំដោយលោកប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន។

ក្រុមការងារនេះ មានភារកិច្ចសម្របសម្រួលជាមួយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី  សិក្សាប្លង់លម្អិតនៃអាងប្រព្រឹត្តកម្មទឹកខ្វក់នៅស្ថានីយ៍ទី១ (PS1) និង ( PS2 រួមជាមួយ PS 3) ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបំរើឱ្យការងារសំណង់ស៊ីវិល។

សម្របសម្រួលជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធក្នុងដំណើរការការដ្ឋាន សិក្សា និងរៀបចំ Bypass (ផ្លូវវាង) តាមបំពង់លូសម្រាប់ទឹកហូរ ចូលផ្ទាល់ទៅសមុទ្រ  និងធ្វើមុខទឹកបិត បើក ដោយទុកតែទឹកខ្វក់ ឱ្យហូរចូលទៅក្នុងអាងចម្រោះ ដើម្បីធ្វើប្រព្រឹត្តកម្ម 

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនេះ ក៏អាចប្រើប្រាស់យន្តការក្រុមការងារ និងទីប្រឹក្សាបច្ចេកទេសដែលមានស្រា ប់ក្នុងការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ឱ្យជួយការងារតាមការចាំបាច់៕


កម្ពុជាបាននាំចេញទំនិញមានតម្លៃ១.០៨ពាន់លានដុល្លារទៅកាន់ទីផ្សារអាមេរិក ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ទិន្នន័យរបស់ការិយាល័យស្ថិតិជំរឿន របស់សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថា ប្រទេសកម្ពុជាបាននាំចេញទំនិញ មានតម្លៃប្រមាណ១.០៨ពាន់លានដុល្លារទៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ កើនឡើង៤៦,៩៦ភាគរយ បើធៀបនឹងរយៈពេលដូចកាលពីឆ្នាំមុន ការនាំចេញមានតម្លៃ៧៣៧,១លានដុល្លារ។


ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានតម្លៃប្រមាណ ១១៣៦លានដុល្លារក្នុងអំឡុងពេលនេះ កើនឡើង៣៩,៩៦ភាគរយ ពី៨១២លានដុល្លារក្នុងឆ្នាំ ២០១៩។ ការនាំចូលរបស់កម្ពុជាមានចំនួន៥៣, លានដុល្លារ ធ្លាក់ចុះ២៨,៩៧ ភាគរយពី៧៤,៩លានដុល្លារនៅឆ្នាំ២០១៩។

ប្រទេសកម្ពុជាភាគច្រើននាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលរថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចគ្រប់ប្រភេទ។

ទោះយ៉ាងណា GMAC នៅថ្ងៃទី ២៤ ខែមីនានេះបានចេញសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យអ្នកទិញកុំបញ្ឈប់ការដឹកជញ្ជូនទំនិញ ដែលបានផលិតរួចហើយ ក៏ដូចជាទំនិញដែលកំពុងផលិត។

ការអំពាវនាវរបស់GMACធ្វើឡើង បន្ទាប់ពីអ្នកបញ្ជាទិញសំខាន់ៗ របស់សហរដ្ឋអាមេរិក និងអ៊ឺរ៉ុបរួមមានក្រុមហ៊ុន H&M, Zara, Mango, Primark, Macys និង JC Penney កាលពីសប្តាហ៍មុនបានប្រកាសថា ពួកគេកំពុងបញ្ឈប់ការ ផលិតដោយសារតែការរីករាលដាលនៃ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់តម្រូវការសកល។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក មានតម្លៃប្រហែល៥.៣៦ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៤០ ភាគរយបើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៣,៨១៨ពាន់លានដុល្លារ។ ការនាំចូលបានកើនឡើង១៥ភាគរយ ដល់ ៥១៣,៤លានដុល្លារកាល ធៀបនឹងចំនួន៤៤៥, លានដុល្លារនៅឆ្នាំ២០១៨កាលពីឆ្នាំមុន៕


សម្តេចតេជោៈពលរដ្ឋខ្មែរត្រូវតែមានស្បៀងទទួលទានទោះបីប្រទេសស្ថិត ក្នុងស្ថានភាពបែបណាក៏ដោយ

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន​ ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ។

សម្តេចបានសរសេរលើគណនីផ្ទាល់ខ្លួន លើបណ្តាញទំនាក់ទំនងសង្គម នារសៀ​លថ្ងៃទី៨ មេសានេះថា នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និងត្រីទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះកាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស។ ប៉ុន្តែចំពោះអង្ករក្រអូបដែលមានកុងត្រា នាំចេញទៅប្រទេសចិនជាមិត្តគឺនៅដំណើរការធម្មតា។

ក្រៅពីអង្ករ និងត្រី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានឲ្យត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។ សម្តេចបញ្ជាក់ថា “ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ”៕

អ្នកជំនាញអចលនទ្រព្យហុងកុងប្រាប់ពីគន្លឹះដែលអាចធ្វើឱ្យវិស័យជួលអចលនវត្ថុនៅតែមានចរន្ត

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យជួលអចលនវត្ថុដូចជា ការិយាល័យ ខុនដូ អាផាតមិន និងលំនៅដ្ឋាន ហាក់មានសភាពស្ងប់ស្ងាត់មិនថា នៅប្រទេសកម្ពុជា ឬតំបន់អាស៊ាននោះទេ កំពុងជួបប្រទះនឹងភាពជាប់គាំងដោយសារវិបត្តិជំងឺ Covid-19។ ហេតុនេះហើយទើបអ្នកជំនាញអចលនទ្រព្យនៅប្រទេសហុងកុងប្រាប់ពីវិធីសាស្រ្តដែលជួយឱ្យក្រុមហ៊ុនឬម្ចាស់អចលនវត្ថុនៅតែមានចរន្តជួលដូចធម្មតា។

ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Tai Hung Fai លោក Edwin Leong Siu-hung ដែលជាមហាសេដ្ឋីលំដាប់ទី ១៩ លើពិភពលោក បានថ្លែងប្រាប់នៅក្នុងកិច្ចសម្ភាសអន្តរជាតិ កាលពីថ្ងៃទី ០៨ មេសា ឆ្នាំ ២០២០នេះថា វិស័យជួលអចលនវត្ថុដូចជា ការិយាល័យ អគារ និងអចលនវត្ថុផ្សេងៗទៀតកំពុងជាប់គាំង ព្រោះរយៈពេលប៉ុន្មានខែចុងក្រោយនេះ គ្មាននរណាមានទឹកចិត្តចង់បើកជំនួញនោះទេ ដោយសារតែតម្លៃជួលអចលនវត្ថុនៅតែខ្ពស់។

លោកបន្តថា នៅក្នុងស្ថានភាពដើម្បីឱ្យមានផ្លូវរស់ទាំងអស់គ្នា ម្ចាស់អចលនវត្ថុគប្បីយោគយល់ដល់អ្នកជួល ដោយប្រើប្រាស់វិធីសាស្ត្រធ្វើឱ្យចរន្តសាច់ប្រាក់នៅតែចូលក្នុងហោប៉ៅបានដូចជា ម្ចាស់អចលនវត្ថុគួរតែបញ្ចុះតម្លៃចន្លោះពី ២០% ទៅ ៥០% ទៅតាមទីតាំងនិងទំហំអចលនវត្ថុនោះ។ មួយទៀតនោះ ដើម្បីទាក់ទាញឱ្យអ្នកជួលព្រមចុះកុងត្រាថ្មី ម្ចាស់អចលនវត្ថុអាចស្នើលក្ខខណ្ឌពិសេសដូចជា បន្ថែមរយៈពេលជួលដោយមិនគិតថ្លៃចាប់ពី ១ ខែទៅ ៣ ខែ ប៉ុន្តែរក្សាតម្លៃនៅដដែលឬក៏បញ្ចុះតម្លៃក្នុងចំនួនតិច។

មហាសេដ្ឋីរូបនេះបញ្ជាក់ថា នេះជាការជួយដល់អ្នកជួលឱ្យមានដង្ហើមនៅក្នុងបង្វិលសាច់ប្រាក់ ព្រោះពួកគេអាចមានឱកាសនៅក្នុងការរកលុយសម្រាប់ជីវភាពរស់នៅផ្ទាល់ខ្លួនផង និងផ្គត់ផ្គង់តម្លៃជួលផង។ ប្រសិនបើអ្នកជួលមិនមានទំនុកចិត្តដែលអាចផ្គត់ផ្គង់តម្លៃជួលផងនោះ គឺស្ថានការណ៍នឹងពិបាកទាំងអស់គ្នា។

«ទោះបីជាម្ចាស់អចលនវត្ថុគិតថា មិនខ្វះទេអ្នកជួលនិងមិនលើកលែងតម្លៃផងនោះ ច្បាស់ណាស់ទោះបីជារង់ចាំដល់ចុងឆ្នាំ ២០២០ ក៏គ្មាននរណាម្នាក់ហ៊ានមកជួលដែរ» លោក Edwin Leong Siu-hung ពន្យល់។

ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោក Stewart Leung Chi-kin បានមានប្រសាសន៍ថា ទោះយ៉ាងណាកិច្ចសន្យាបន្តមិនអាចដំណើរការបានទេពីព្រោះអ្នកជួលខ្លះអាចនឹងពិបាកបង់ថ្លៃសេវាគ្រប់គ្រង វិក័យប័ត្រ និងប្រាក់ឈ្នួល ព្រោះអាជីវកម្មកំពុងប្រឈមហានិភ័យ។

លោកបន្តថា ការអនុវត្តជាធម្មតាគឺត្រូវពិនិត្យមើលកិច្ចសន្យាជួលដែលមានស្រាប់ហើយចរចាម្តងទៀត បន្ទាប់ពីបីខែដើម្បីពិនិត្យមើលថាតើស្ថានភាពនោះយ៉ាងដូចម្តេច។ អ្នកអភិវឌ្ឍន៍នីមួយៗស្ថិតនៅក្នុងស្ថានភាពខុសគ្នា ប៉ុន្តែធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនិងត្រូវជំនះពេលលំបាកទាំងនេះជាមួយគ្នា៕

(South China Morning Post)

មជ្ឈមណ្ឌលពាណិជ្ជកម្មGold Tower42ជួបនឹងប្រវត្តិសាស្រ្តខ្មៅងងងឹតច្រំដែល

ដោយស៊ីវ ម៉េង

ភ្នំពេញៈ តើវាជាការចៃដន្យឬ? នៅពេលដែលប្រវត្តិសាស្រ្តច្រដែលបានលងបន្លាច មជ្ឈមណ្ឌលពាណិជ្ជកម្មនិងលំនៅដ្ឋានGold Tower42ដែលបានឆ្លងកាត់ទសវត្សរ៍ដ៏ខ្មៅងងឹត ម្តងហើយម្តងទៀត។

មជ្ឈមណ្ឌលពាណិជ្ជកម្មGold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយមានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត តែយ៉ាងណាក៏ដោយការប្រកាសលក់គំរោងនេះជាថ្មី មិនទាន់បានធ្វើនៅឡើយទេ ខណៈដំបូងឡើយគំរោងនេះគ្រោងបញ្ចប់ការសាងសង់ចុងឆ្នាំ២០១៩ ប៉ុន្តែការសាងសង់បានយឺតជាងការគ្រោងទុក ដែលអាចបញ្ចប់់នៅឆ្នាំនេះវិញ។

ការសាងសង់អាគារនេះ បានផ្អាកដំណើរការនៅកំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ ដែលកំឡូងពេលនោះការសាងសង់បានសម្រេចត្រឹមជាន់ទី ៣១ មុនពេលអាគារនេះបានផ្អាករយៈពេលស្ទើរមួយទសវត្សរ៍ ប៉ុន្តែការសាងសង់បានជួបភាពរអាក់រអួល ពិសេសការលក់ខុនដូ និងផ្សារនៅក្នុងគំរោងនេះ ដោយសារវិបត្តិសេដ្ឋកិច្ចកើតមានជាថ្មី ដែលបណ្តាលមកពីជំងឺCovid-19

នៅពេលបញ្ចប់ការសាងសង់ Gold Tower 42 នឹងមានកំពស់រហូតដល់១៩២ម៉ែត្រ ហើយវានឹងក្លាយជាអាគារខ្ពស់ជាងគេទី១ នៅក្រុងភ្នំពេញនាឆ្នាំ២០១៩នេះ ខណៈអាគារខ្ពស់ផ្សេងទៀតមិនទាន់បានបញ្ចប់ការសាងសង់។

លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOO ប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលប្រកាសចាប់ផ្តើមសាងសង់អាគារនេះជាថ្មីកាលពីចុងឆ្នាំមុនថា អាគារនេះបានចំណាយប្រាក់សាងសង់អស់ ១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ ខុនដូសរុបចំនួន ៣៩៩យូនីត។

នៅពេលចាប់់ផ្តើមជាថ្មីនេះ ក្រុមហ៊ុនYUNWOOបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុនសាងសង់ឈ្មោះWaiman Construction& Engineering ដែលមាមូលដ្ឋាននៅប្រទេសចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
យ៉ាងណាPropertyarea.asiaសូមជូនពរឲ្យការសាងសង់ និងដំណើរការលក់របស់អាគារនេះបានទទួលជោគជ័យតាមការគ្រោងទុក៕