តម្លៃដីនៅកណ្តាលក្រុងភ្នំពេញស្ថិតក្នុងសភាពទ្រឹងនៅបំណាច់ត្រីមាសទី២នេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ តម្លៃដីនៅកណ្តាលក្រុងភ្នំពេញ បានស្ថិតនៅទឹ្រងគិតត្រឹមបំណាច់ត្រីមាសទី២ ឆ្នាំ២០២០នេះ ខណៈតម្លៃដីនៅជាយក្រុងមានការប្រែប្រួល ធៀបនឹងដើមឆ្នាំ២០២០នេះ ខណៈអ្នកជំនាញអះអាងថា ការវិនិយោគដីធ្លីអំឡុងពេលនេះ គឺមានឱកាសចំណេញ។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីៗនេះឱ្យដឹងថា តម្លៃដីនៅតាមបណ្តាខណ្ឌនៅភ្នំពេញ នាដំណាច់ត្រីមាសទី២ ឆ្នាំ ២០២០ នេះបានស្ថិតនៅទ្រឹងសម្រាប់តំបន់នៅកណ្តាលក្រុង និងមានការប្រែប្រួលតិចតួច សម្រាប់តំបន់ជាយក្រុង បើធៀបទៅនឹងដើមឆ្នាំ២០២០។

របាយការណ៍ដដែលបានបង្ហាញថា កាលពីចុងត្រីមាសទី២ ឆ្នាំ២០២០ ដីនៅក្នុងខណ្ឌសំខាន់ៗ នៅកណ្តាលក្រុងភ្នំពេញរួមមានខណ្ឌដូនពេញ ចំការមន និងខណ្ឌបឹងកេងកង មានតម្លៃជាមធ្យម៥,៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។ចំណែកដីក្នុងខណ្ឌ៧មករាមានតម្លៃ៥០០០ដុល្លារ។

តម្លៃទាំងអស់នេះ គឺរក្សានៅដដែលបើធៀបទៅនឹងដើមឆ្នាំ២០២០ ខណៈដីនៅខណ្ឌទួលគោក និងសែនសុខបានកើនឡើងប្រមាណ២ភាគរយ ដោយមានតម្លៃជាមធ្យមរៀងគ្នា៣ ៥៥០ដុល្លារ និង១ ៤២៥ ដុល្លារ កើនពី៣ ៥០០ដុល្លារ និង១៤០០ដុល្លារ។

ចំណែកដីក្នុងខណ្ឌមួយចំនួនទៀត ដូចជា ខណ្ឌឫស្សីកែវរក្សាតម្លៃដដែល១ ២៥០ ដុល្លារ និងខណ្ឌជ្រោយចង្វារតម្លៃ១១៥០ ដុល្លារ។ ដោយឡែកខណ្ឌផ្សេងៗទៀតដូចជា ខណ្ឌដង្កោ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ ព្រែកព្នៅ និងខណ្ឌកំបូលមានតម្លៃជាមធ្យមចន្លោះពី១៥០ដុល្លារ ទៅដល់៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា រាល់ការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យក្នុងដំណាក់កាលនេះ មិនថាផ្នែកសំណង់លំនៅដ្ឋានឬផ្នែកដីធ្លីនោះទេ គឺមានឱកាសចំណេញដូចគ្នា ប្រសិនបើរាល់អចលទ្រព្យវត្ថុទាំងអស់នោះ ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ។

លោកស្រីបញ្ជាក់ថា សកម្មភាពនៃការទិញ លក់ក្នុងពេលនេះ មានភាពស្ងប់ស្ងាត់បន្តិចបើប្រៀបធៀបទៅនឹងដើមឆ្នាំ ឬអំឡុងពេលត្រីមាសទី១ ប៉ុន្តែសម្រាប់តម្លៃវិញគឺមិនមានការធ្លាក់ចុះនោះទេ។ លោកស្រីបន្តថានៅក្នុងឆមាសទី២នៃឆ្នាំនេះ តម្លៃទីផ្សារអាចនឹងមានភាពល្អប្រសើរឡើងវិញបន្តិចបន្តួច ក្រោមវិធានការរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យផ្នែកមួយចំនួនបើកដំណើរការឡើងវិញ

ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យទាំងមូលអាចវិលត្រឡប់ ទៅរកសភាពដើមដូចចុងឆ្នាំ២០១៩ អាចត្រូវការពេលវេលាយូរបន្តិច យ៉ាងហោសណាស់១ឆ្នាំឬអាចលើសពីនេះ។នេះតាមការបញ្ជាក់ឲ្យដឹងពីលោកស្រីអាន សុធីតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here