ចំណេះដឹង! តើសម្បទានដីសង្គមកិច្ច និងភោគៈមានចំណុចខុសគ្នាត្រង់ណាខ្លះ?

ចំណេះដឹង! តើសម្បទានដីសង្គមកិច្ច និងភោគៈមានចំណុចខុសគ្នាត្រង់ណាខ្លះ?

ដោយ វុត្ថា

ភ្នំពេញ៖ ទាំង​ភោគី និង​សម្បទា​និក​ដី​សង្គមកិច្ច សុទ្ធតែ​អាច​សុំ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ដែល​ខ្លួន​កាន់កាប់​បាន ក្រោយពី​បាន​កាន់កាប់​ដី ក្នុង​រយៈពេល៥ឆ្នាំជាប់ៗគ្នា។

ចំណុច ដែល​ខុសគ្នា គឺ​ត្រង់​ថា នៅក្នុង​រយៈពេល​កំពុង​កាន់កាប់៥ឆ្នាំនេះ ភោគី អាច​ផ្ទេរសិទ្ធិ​របស់ខ្លួន​ទៅ​ឲ្យ​អ្នក​ដ៏​ទៃ​បាន(ដូចជា លក់ ឬ​ធ្វើជា​អំណោយ​នូវ​ដី​របស់ខ្លួន​បាន)។

ចំណែក​សម្បទា​និក​ដីស​ង្គ​ម​កិច្ច​វិញ ក្នុងពេល​រង់ចាំ​បានក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ (៥ឆ្នាំ) មិនអាច​ធ្វើការ​ផ្ទេរសិទ្ធិ​របស់ខ្លួន​បានទេ គឺ​អាចមាន​សិទ្ធិ​ត្រឹមតែ​ប្រើប្រាស់ (សាងសង់​លំនៅដ្ឋាន ដាំ​ដុះ បង្កបង្កើនផល) និង​អាស្រ័យ​ផល (ជួល ប្រវាស់) តែប៉ុណ្ណោះ។

– ប្រសិនបើ​នៅក្នុង​រយៈពេល​កាន់កាប់​ដី​មិនទាន់​គ្រប់៥ឆ្នាំ សម្បទា​និក​ទទួលមរណភាព សម្បទាន​ដី​សង្គមកិច្ច​ត្រូវ​រលាយ​ជា​ស្វ័យប្រវត្តិ ហើយ​ដី​សម្បទាន​ត្រូវប្រគល់​ទៅ​ឲ្យ​រដ្ឋ​វិញ​ឬក៏​កូនចៅ ដែលជា​ទាយាទ​របស់​អ្នកស្លាប់​នេះ អាច​កាន់កាប់​បន្តបាន។

សម្បទាន​ដី​សង្គមកិច្ច មិនអាច​រលាយ​ជា​ស្វ័យប្រវត្តិ ដោយ​មកពី​ហេតុតែ​សម្បទា​និក​ទទួលមរណភាព​នោះទេ។ កូនចៅ (ទាយាទ) របស់​សព អាច​បន្តកាន់កាប់​ដី​សម្បទាន​នេះ​តទៅទៀតបាន។

-នៅក្នុង​ករណី​ដែល​សម្បទាន​ដី​សង្គមកិច្ច ត្រូវ​ផ្ទេរ​ជា​មរតក​ទៅ​ឲ្យ​កូនចៅ​តើ​រយៈពេល៥ឆ្នាំ ដែល​ច្បាប់​តម្រូវ​ឲ្យ​កាន់កាប់ ដើម្បី​បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ហ្នឹង ត្រូវ​ចាប់ផ្តើម​រាប់​ឡើងវិញ​ឬក៏​អាច​រាប់​បន្ត​ពីមុន?។

ចំណុច​នេះ មិន​មានចែង​លម្អិត​នៅក្នុង​ច្បាប់​ភូមិបាល ឬ​អនុ​ក្រឹ​ត​ស្តីពី​សម្បទាន​ដី​សង្គមកិច្ច​នោះទេ។ ក៏ប៉ុន្តែ​តាម​គោលការណ៍​ទូទៅ​នៃ​ច្បាប់ រយៈពេល៥ឆ្នាំ​ត្រូវ​ចាប់​រាប់​បន្ត មិនមែន​រាប់​ឡើងវិញ​នោះទេ។

មានន័យថា ប្រសិនបើ​សម្បទា​និក​កាន់កាប់​បាន៣ឆ្នាំ ហើយ​ទទួលមរណភាព ទាយាទ​របស់​សព អាច​ទទួល​កាន់កាប់​ដី​សម្បទាន​នេះ រយៈពេល២ឆ្នាំ​ទៀត រហូត​គ្រប់៥ឆ្នាំ ហើយ​អាច​សុំ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន៕

អ្នកជំនាញប្រាប់ពីវិធីសាស្រ្តដើម្បីលក់អចលនទ្រព្យឱ្យបានច្រើនអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារតែការរងឥទ្ធិពលពីសេដ្ឋកិច្ចពិភពលោក ដូចនេះវិស័យអចលនទ្រព្យ ក៏រងនូវហានិភ័យបន្តិចបន្តួចដែរ ប៉ុន្តែដើម្បីលក់អចលនវត្ថុ ឱ្យបានច្រើនទោះបីជាមានស្ថានភាពលំបាក អ្នកជំនាញបានចេញមកបង្ហាញគន្លឺះមួយចំនួន។

លោកម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTRUST បានមានប្រសាសន៍ថា តាមពិតការផ្សព្វផ្សាយវាមានច្រើន ដូចជា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទំនាក់ទំនងផ្សេងៗទៀត ហើយនិងការចុះផ្ទាល់។

លោកពន្យល់ថា ដោយឡែកក្នុងអំឡុងពេលបច្ចុប្បន្ននេះ តាមបញ្ញត្តិរបស់រដ្ឋាភិបាល គឺមិនចង់ឱ្យមានការជួបជុំច្រើន អញ្ចឹងការដែលទៅរកអតិថិជនផ្ទាល់ៗ ក៏ត្រូវបានបន្ថយដែរ។ សូម្បីតែការ Boost នៅលើទំព័រហ្វេកប៊ុកផេក ក៏មិនសូវមានប្រសិទ្ធភាពដែរ ដោយសារហ្វេសប៊ុកមានមុខងារប្រាប់ថា ក្នុងអំឡុងពេលកូវីដ១៩នេះ ការBoost ត្រូវបានពន្យារដែលអាចឱ្យមានចំណាយច្រើន។

លោកបន្តថា អញ្ចឹងសកម្មភាពដែលត្រូវធ្វើគឺត្រូវផ្ញើសារទៅភ្ញៀវ ធ្វើសកម្មភាពប្រូម៉ូតផ្សព្វផ្សាយ តាមរយៈអ្នកលក់ទៅកាន់គម្រោងដោយផ្ទាល់ ដោយការថតវីដេអូឬក៏រូបភាពជាសន្លឹកៗ ដើម្បីផ្សព្វផ្សាយបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នគម្រោងអភិវឌ្ឍដល់ណា ច្បាស់លាស់កម្រិតណា

អគ្គនាយករូបនេះបានចែករំលែកបន្ថែមថា រាល់គម្រោងអចលនទ្រព្យទាំងឡាយណា មិនថាជាដីឡូតិ៍ឬផ្ទះល្វែងឬវីឡាទេ អោយតែជាគម្រោងរបស់ក្រុមហ៊ុនច្បាស់លាស់មានប្រវត្តិត្រឹមត្រូវ គាត់ធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជន តាមប្រព័ន្ធទំនាក់ទំនងសង្គមគឺនៅតែមានប្រសិទ្ធភាពនៅឡើយទេ។

ទន្ទឹមនេះលោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service ធ្លាប់បានមានប្រសាសន៍ថា «ម្ចាស់គម្រោងអចលនទ្រព្យនានា គួរណាតែមានការបញ្ចុះតម្លៃឱ្យបានច្រើន ឬផ្តល់ជាតម្លៃពិសេសដើម្បីឱ្យអតិថិជនបានកក់ប្រាក់។

លោកស្រីបញ្ជាក់ថា ម្ចាស់គម្រោងនានាត្រូវសម្រួលដល់ការបង់ប្រាក់ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួល មានន័យថា ម្ចាស់អចលនវត្ថុអនុញ្ញាតឱ្យអតិថិជនបង់តិច តែរយៈពេលយូរនោះច្បាស់ជាអាចលក់ចេញបាន”។

លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment ក៏បានលើកឡើងស្រដៀងគ្មាដែរថាដើម្បីលក់អចលនវត្ថុឱ្យបានមានតែការបញ្ចុះតម្លៃពិសេសនិងផ្តល់ជម្រើសបង់រំលស់សុទ្ធដោយមិនមានលុយកក់តែប៉ុណ្ណោះទើបអាចទាក់ទាញអតិថិជនឱ្យមកជាវអចលនវត្ថុនោះ៕

ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃ ១៦០លានដុល្លារ សាងសង់សម្រេចបានប្រមាណ៨០ភាគរយ

ដោយ រ៉ាណេត

ភ្នំពេញ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានតម្លៃ១៦០លានដុល្លារ ក្រោមហិរញ្ញប្បទានឥតសំណង់ពីរដ្ឋាភិបាលចិន នៅលើផ្ទៃដីទំហំជាង១៦ហិកតា ត្រូវបានមន្ត្រីជំនាញអះអាងថា ការសាងសង់មានភាពរលូនស្របតាមផែនការ ដែលរហូតពេលនេះជាលទ្ធផលសម្រេចបានប្រមាណ៨០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានអះអាងថា កាលពីពេលថ្មីៗនេះថា គម្រោងសាងសង់កីឡដ្ឋានដ៏ធំ ដែលមានឈ្មោះថា កីឡដ្ឋានមរតកតេជោ កំពុងពន្លឿនសកម្មភាពការងារបន្ថែម ឯការដំឡើងគ្រឿងផ្គុំសំខាន់ៗក៏ជិតរួចរាល់ហើយដែរ។

លោកបានបញ្ជាក់ថា វិស្វករជំនាញបានបញ្ជាក់ប្រាប់លោកថា ការងារសាងសង់ នៅប្រមាណតែ២០ភាគរយ ទៀតប៉ុណ្ណោះ ពោលគឺនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ លោកបន្តទៀតថា ទោះស្ថានភាពបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុង ប្រឈមនឹងបញ្ហានៃការរីករាលដាលមេរោគកូវីដ១៩ ក្តី ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ឡើយ ព្រោះក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសមានវិធានការល្អ ដើម្បីបង្ការទប់ស្កាត់វីរុសកូរ៉ូណានេះហើយ  

ពហុកីឡដ្ឋានជាតិមរតកតេជោ  ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ១៦ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ ត្រូវបានរំពឹងថា អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់។ បច្ចុប្បន្ននេះ នៅក្នុងការដ្ឋានមានកម្លាំងកម្មករជំនាញជាជនជាតិចិនប្រមាណ៥៨០នាក់ និងកម្មករជាជនជាតិខ្មែរ២៤០នាក់ កំពុងពន្លឿនសម្មភាពយ៉ាងមមាញឹក។

សម្រាប់តែកៅអីអង្គុយបេតុង នៅក្នុងពហុកីឡដ្ឋានជាតិដ៏ទំនើបនេះ មានទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ៩.៧៤តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ជាមួយប្រពន័្ធQR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ពោលគឺដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះ ដូចជា ភាពស្មើក្នុងការលើកដាក់ជាដើម។ ក្នុងនោះដែរ កៅអីបេតុងចំនួន៤៦២៤ដុំ កាំជណ្តើរចំនួន២៣៩២កាំ បង្កាន់ដៃចំនួន១៩២ សរុបចំនួន ៧.២០៨ដុំ

ក្រុមហ៊ុនGoogleបញ្ចេញលុយ៨០០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19

ដោយ ប៊ី

អន្តរជាតិ ក្រុមហ៊ុនយក្សសហរដ្ឋអាមេរិក (Google) បរិច្ចាគប្រាក់ជាង៨០០ លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្ម អង្គការ និងបុគ្គលិកថែទាំសុខភាព ដែលជាផ្នែកមួយនៃការឆ្លើយតបនឹងជំងឺឆ្លង COVID-19 ដែលភាគច្រើនជាទម្រង់នៃការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ។

ក្រុមហ៊ុនបច្ចេកវិទ្យានេះបានឱ្យដឹងថា ខ្លួននឹងផ្តល់ឱ្យអង្គការសុខភាពពិភពលោក និងទីភ្នាក់ងាររដ្ឋាភិបាលសរុបចំនួន២៥០លានដុល្លារ ក្នុងការផ្តល់ការផ្សាយពាណិជ្ជកម្ម ដែលកើនឡើងពី២៥លានដុល្លារ ដែលខ្លួនបានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីចែករំលែកព័ត៌មាន អំពីវិធីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ នេះបើតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុនលោក Sundar Pichai នៅក្នុងការបង្ហោះប្លក់កាលពីថ្ងៃសុក្រ។

លោកPichaiបាននិយាយថា ទឹកប្រាក់ចំនួន៣៤០លានដុល្លារ បន្ថែមទៀតសម្រាប់ឥណទាន ផ្សាយពាណិជ្ជកម្មរបស់Google នឹងត្រូវបានផ្តល់ជូនសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលគណនីរបស់ពួកគេ បានដំណើរការកាលពីឆ្នាំមុន ដោយទទួលបានទឹកប្រាក់២០លានដុល្លារបន្ថែម សម្រាប់ការប្រកាសអំពីមូលនិធិសង្គ្រោះ និងការគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច។

Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដែលដាក់ធនធានហិរញ្ញវត្ថុ និងបច្ចេកទេសដ៏ធំរបស់ពួកគេ ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតសកលនៃជំងឺCOVID-19។

ក្រុមហ៊ុន Apple (AAPL) កាលពីថ្ងៃសុក្រ បានចេញផ្សាយគេហទំព័រ និងកម្មវិធី iOS ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើលខ្លួនឯង ចំពោះរោគសញ្ញានៃជំងឺ COVID-19 បន្ទាប់ពីប៉ុន្មានថ្ងៃ បន្ទាប់ពីបានប្រកាសថាខ្លួន នឹងបរិច្ចាគម៉ាសការពារដង្ហើមជាង១០ លាននៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។

ក្រុមហ៊ុន ហ្វេសប៊ុក (អេហ្វអេ) ដូចជា Google ដែរ បានផ្តល់ការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់អង្គការសុខភាពពិភពលោក និងស្ថាប័នដទៃទៀតដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវអំពីវីរុសនេះ ប៉ុន្តែអង្គការសុខភាពពិភពលោក មិនទាន់បានដាក់ការផ្សាយពាណិជ្ជ​​កម្មណាមួយនៅលើហ្វេសប៊ុកជាផ្លូវការនៅឡើយទេ។

អង្គការនេះកំពុងធ្វើការជាមួយហ្វេសប៊ុក ក្នុងសមត្ថភាពផ្សេងៗទៀតរួមមានមជ្ឈមណ្ឌលព័ត៌មាន COVID-19 របស់ក្រុមហ៊ុន និងគណនីជូនដំណឹងអំពីសុខភាពនៅលើ WhatsApp ដែលបានបើកដំណើរការកាលពីសប្តាហ៍មុន៕ CNN

រដ្ឋាភិបាលអំពាវនាវឱ្យរក្សាថ្លៃទំនិញលើទីផ្សារឲ្យមានស្ថេរភាព

ដោយវុត្ថា

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីអំពាវនាវឱ្យរក្សាថ្លៃទំនិញ នៅលើទីផ្សារ បន្ទាប់ក្រសួងសង្កេតម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ិនធើណេត(Online) មួយចំនួនបានឆ្លៀងឪកាសលក់ដំឡើងតម្លៃ ទំនិញហួសហេតុ ក្នុងអំឡុងនៃការផ្ទុះជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

សេចក្តីអំពាវនាវដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ក្នុងកាលៈទេសៈដែលប្រទេសជាតិ ំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រសួពាណិជ្ជកម្មសង្កេតម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ិនធើណិត (Online) មួយចំនួនបានឆ្លៀងឪកាសលក់ដំឡើងតម្លៃទំនិញដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ  ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគបរិភោគ ចាំបាច់សម្រាប់ប្រើបា្រស់ប្រចាំថ្ងៃលើទីផ្សារ នៅទូទាំងប្រទេសដែលសកម្មភាពនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ។

ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវ៣ ចំណុចដូចេះជា ទី សូមសាធារណៈជនមេត្តា រក្សនូវភាពហ្នឹងនរកុំជ្រួលច្របល់ហួសហេតុ នាំឱ្យជនឆ្លៀងឪកាសយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល ទី សូមម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធើណែត (Online) ទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀងឪកាសដំឡើងថ្លៃទំនិញ កេញចំណេញហួសហេតុ

ទីសូមម្ចាស់ហាងលក់ទំនិញ និងអាជីវករទាំងអស់ ត្រូវបិទស្លាកថ្លៃជាប្រាក់រៀលលើមុខទំនិញដែលចរាចរណ៍នៅលើទីផ្សារ សំដៅធនាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរី ការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយដល់ចរាចររូបិយវត្ថុ ក្នុងស្រុកក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជនទូទៅ។ ចំពោះមុខទំនិញជាម៉ាស់ការពារមុខ អាល់កុលលាងដៃ និងឧបករណ៍ស្ទង់កំដៅ អ្នកលក់ត្រូវលើកស្លាកថ្លៃជាប្រាក់រៀលដែលមានទំហំធំអាចឱ្យសាធារណជនមើលឃើញច្បាស់ពីចំងាយ។

ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញចូលរួមសហការជាមយស្ថាប័ន មានសមត្ថកិច្ច ពាក់ព័ន្ធចុះស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងថ្លៃទំនិញព្រមទាំង អនុវត្តវិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀងឪកាសលក់ទំនិញឡើងថ្លៃ កេញចំណេញហួសហេតុ។

សម្តេតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីនេះ បានព្រមានខ្លាំងៗក្នុងការបិទអាជីវកម្មទាំងស្រុង ចំពោះហាងលក់ទំនិញ ឳសថស្ថានស៊ី កន្លែងលក់ដូរផ្សេងទៀតដែលបានលក់ ទៅអោយពលរដ្ឋខ្មែរក្នុងតម្លៃថ្លៃហួសហេតុ ក្នុងពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩នាពេលនេះ៕

រដ្ឋាភិបាលប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសក្នុងរយៈពេល ១ខែ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០នេះ សម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្នការចូលក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ ១៩) បន្ថែមលើវិធានការរបស់ក្រសួងសុខាភិបាល ដោយចាប់អនុវត្តពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ២៣: ២៩ ដូចខាងក្រោម៖

១)ផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរណ៍ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក (e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa On Arrival) ជូនជនប្រទេសទាំងអស់ក្នុងរយៈពេល ១ ខែ។

២) ជនបរទេសដែលមានបំណងចូលមកកម្ពុជា ត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសទាំងនោះ ត្រូវផ្តល់នូវវិញ្ញាបនបត្របញ្ជាក់សុខភាពដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាម៉ី ដែលមានសុពលភាពមិលើសពី ៧២ ម៉ោង មុនពេលធ្វើដំណើរ បញ្ជាក់ថា ខ្លួនពុំមានវីរ៉ុសកូរ៉ូណា (កូវីដ ១០) ។

បន្ថែមពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥០០០០ ដុល្លារអាមេរិក ក្នុងំឡុងពេលស្នាក់នៅកម្ពុជា។

៣)តម្រូវការវិញ្ញាបនបត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព មិនត្រូវបានអនុវត្តចំពោះជនបរទេសដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) ឬ ទិដ្ឋាការផ្លូវការ (ទិដ្ឋាការប្រភេទ B) របស់កម្ពុជា។

៤) នៅពេលចូលមកកម្ពុជាជនបរទេសនឹងត្រូវត្រួតពិនិត្យហានីភ័យសុខភាព ដោយមន្ត្រីមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មុននឹងអនុញ្ញាតឱ្យចូលក្នុងប្រទេស។ ជនបរទេសនោះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ស្របតាមវិធានការចត្តាឡីស័ក ឬ វិធានការនានដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់វីរ៉ុសនេះ។

៥) រាល់ការរឹតបន្តឹងក្នុងការធ្វើកដំណើរខាងលើ គឺមាលក្ខណៈជាបណ្តោះអាសន្នហើយនឹងត្រូវពិនិត្យឡើងវិញជាប្រចំា ដោយរាជរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើការវិវត្តន៍នៃស្ថានភាពជាកលនៃវីរ៉ុសនេះ៕

លោកជា ចាន់តូ បានចេញសារាចរណែនាំឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញសម្រាប់វិស័យដែលជាសសរស្តម្ភសេដ្ឋកិច្ចទាំង ៤

ដោយវុត្ថា

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញសម្រាប់វិស័យអាទិភាពចំនួន ៤ មានទាំងវិស័យសំណង់ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមរយៈសារាចរណែនាំស្តីពី «ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលរបស់វីរុសកូវីដ១៩» ចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានណែនាំដល់គ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ ឱ្យយកចិត្តទុកដាក់ទៅលើអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងមកពីវិស័យចំនួន៤រួមមាន៖

១៖ ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)

២៖ កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)

៣៖ សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)

៤៖ ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទូីក។

ក្នុងសារាចរនេះ ក៏បានណែនាំផងដែរថា ការរៀបចំឥណទានឡើងវិញនេះ គ្រឹះស្ថានត្រូវកំណត់ឱ្យច្បាស់ថា អតិថិជនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ មុនពេលផ្តល់ការអនុគ្រោះ។

សារាចរបានណែនាំថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជនដែលការទូទាត់សងការប្រាក់ ឬ/និងប្រាក់ដើម មិនហួសកាលកំណត់សងលើសពី៣០ថ្ងៃ (ប្រភេទឥណទានដំណើរការ) និងរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។

ឥណទានដែលទទួលបានលក្ខខណ្ឌអនុគ្រោះណាមួយដូចខាងក្រោម ត្រូវចាត់ទុកថាជា «ឥណទានរៀបចំឡើងវិញ»៖

១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន
២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
៤៖ ការពន្យារឥណទានប្រតិទាន
៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន
៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន
៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា
៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង
៩៖ ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី៕

សិង្ហបុរីរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ច២ចំនុច សង្គ្រោះប្រជាពលរដ្ឋពីភាពដុនដាប

សិង្ហបុរីរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ច២ចំនុច សង្គ្រោះប្រជាពលរដ្ឋពីភាពដុនដាប

ដោយ ហ្សូ​លី

សិង្ហ​បុរី៖ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​បានប្រកាស​អាសន្ន​ថា ប្រទេស​ខ្លួន​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ទស្សវត្សរ៍ បានធ្វើឱ្យ​រដ្ឋាភិបាល​សិង្ហ​បុរី​ចេញ​បកស្រាយ​រៀបរាប់​ពី​យុទ្ធសាស្ត្រ​ចំនួន២ ដែល​រដ្ឋាភិបាល​ត្រៀម​ស្រោចស្រង់​សេដ្ឋកិច្ច ប្រជាជន​ឱ្យ​ចាក​ឆ្ងាយ​ពី​ភាពដុនដាប។

ដើម្បី​រក្សា​ស្ថេរភាព​សេដ្ឋកិច្ច​ឱ្យមាន​ភាពរឹងមាំ និង​ជួយសង្គ្រោះ​កុំឱ្យ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពេក​នោះ លោកនាយក​រដ្ឋមន្ត្រី​លី ស៊ាន​ឡុង បាន​មានប្រសាសន៍​នៅ​ថ្ងៃទី២៧ មីនា ឆ្នាំ ២០២០កន្លងមក​ថា “រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឱ្យ​អស់ពី​សមត្ថភាព។

សិង្ហ​បុរី​បាន​ត្រៀម​ថវិកា​ប្រមាណ​ជិត៤០ពាន់​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​នឹង​ជម្ងឺ​កូ​វីដ១៩ និង​បាន​បង្ហើប​ពី​យុទ្ធសាស្ត្រ​ចំនួន២ ដើម្បី​សង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ប្រទេស​ខ្លួន​ដែលមាន​ដូចជា ដោយសារតែ​សិង្ហ​បុរី​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម។ ដូច្នេះ​នៅពេលនេះ​អាជីវកម្ម​ក្នុង​តំបន់​ដូចជា ភោជនីយដ្ឋាន ហាង​លក់ទំនិញ សណ្ឋាគារ ក្រុមហ៊ុន​អាកាសចរណ៍ និង​ទេសចរណ៍ បាន​ធ្លាក់​មកដល់​កម្រិត​សូន្យ។

ដូច្នេះ​រាជរដ្ឋាភិបាល​បាន​បម្រុង​ថវិកា​ជាង១១លាន​ដុល្លារ ប្រគល់ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​តំបន់។ សកម្មភាព​នេះ​គឺជា​ការជួយ​សង្គ្រោះ ឱ្យចេញ​ឆ្ងាយ​ពី​ភាព​លិចលង់​នៃ​វិបត្តិ​សេដ្ឋកិច្ច របស់​ពួក​ទោះបីជា​មិនបាន​ទាំងស្រុង តែ​យ៉ាងហោច​អាចជួយ​ទៅលើ​ថ្លៃ​ប្រាក់​បៀរ​វត្ស​និង​ថ្លៃ​ជួល។

លោកនាយក​រដ្ឋមន្ត្រី លី ស៊ា​ង​ឡុង​បាន​ថ្លែង​បន្ថែមថា ក្នុងករណី​ដែល​ក្រុមហ៊ុន​អាជីវកម្ម​ភាគច្រើន​ប្រឈម​នឹង​ការបិទទ្វារ ដូច្នេះ​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ត្រៀម​កញ្ចប់​ថវិកា​ចំនួន​ជាង៣៣ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ស្រោចស្រង់​កម្មករ និង​ផ្តល់​ការងារ​ដល់​ជន​គ្មាន​ការងារ​ធ្វើ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ទុន​ដើម្បី​ប្រកប​អាជីវកម្ម​ខ្នាតតូច។

លោក​បន្តថា “នេះ​មិនមែន​ត្រឹមតែ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ទាំងមូល​នោះទេ ប៉ុន្តែ​ក៏​ជួយ​ជ្រោមជ្រែង​ដល់​សង្គម​ផងដែរ។

វា​អាចមាន​ផល​លំបាក​បន្តិច​ដោយសារតែ​ប្រទេស​ភាគច្រើន​បាន​បិទ​បណ្តោះអាសន្ន​ដូចនេះ​ស្បៀងអាហារ​និង សម្ភារៈប្រើប្រាស់​អាច​រង​ផលប៉ះពាល់​ដឹកជញ្ជូន​មកដល់​សិង្ហ​បុរី៕

អង្គការសហប្រជាជាតិ៖ សេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយនិរន្តរភាពនៅពេល COVID-19 ត្រូវបានគ្រប់គ្រង

អង្គការសហប្រជាជាតិ៖ សេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយនិរន្តរភាពនៅពេលCOVID-19 ត្រូវបានគ្រប់គ្រង

ដោយ ប៊ី

ភ្នំពេញៈ ប្រធាន​អង្គការសហប្រជាជាតិ បាន​ប្រាប់​កិច្ចប្រជុំ​កំពូល G-20 ថា សេដ្ឋកិច្ច​សកល នឹង​កើនឡើង​ប្រកបដោយ​និរន្តរភាព​ត្រូវតែ​កើតឡើង នៅពេលដែល​ជំងឺ COVID-19 ត្រូវបាន​គ្រប់គ្រង។

មេដឹកនាំ​ពិភពលោក​នៅឯ​កិច្ចប្រជុំ​កំពូល​និម្មិត G-20 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ ព្រហស្បតិ៍ បាន​ប្តេជ្ញា​ចាក់​បញ្ចូល​ទឹកប្រាក់​ចំនួន​ជាង៥ទ្រី​លាន​ដុល្លារ ដើម្បី​ស្តារ​សេដ្ឋកិច្ចពិភពលោក​ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ COVID-19 ។

មេដឹកនាំ​ពិភពលោក​ទាំងនេះ ក៏​នឹង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដ៏​ធំធេង និង​កើនឡើង​សម្រាប់​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ ដែល​នឹងត្រូវ​រកបាន​ក្នុងតម្លៃ​សមរម្យ និង​នៅក្នុង​រយៈពេល​ខ្លី​បំផុត​ដែល​អាចធ្វើ​ទៅបាន។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres ដែលជា​អ្នកការទូត​កំពូល​របស់​ពិភពលោក និង​ស្ថិត​ក្នុងចំណោម​អ្នកចូលរួម​កិច្ចប្រជុំ​G-20 បាន​សង្កត់ធ្ងន់ថា “យើង​កំពុង​ធ្វើសង្គ្រាម​ជាមួយ​វីរុស​នេះ…។

លោក​បាន​ថ្លែង​សារ​ទៅកាន់​ដល់​មេដឹកនាំ ដោយ​ជំរុញឱ្យមាន​សកម្មភាព​រួមគ្នា​ដើម្បី​ទប់ស្កាត់​វីរុស​នេះ និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម ពី​ការ​រាតត្បាត​រាតត្បាត​នេះ។

លោក​បាន​លើកឡើងថា“យើង​ត្រូវ​ធ្វើការ​ជាមួយគ្នា​ឥឡូវនេះ ដើម្បី​កំណត់​ដំណាក់កាល​នៃ​ការ​ងើប​ឡើងវិញ ដែល​បង្កើត​សេដ្ឋកិច្ច​ប្រកបដោយ​ចី​រ​ភា ព​ការដាក់បញ្ចូល​គ្នា និង​សមភាព​ដឹកនាំ ដោយ​ការសន្យា​រួម​របស់​យើង គឺ​របៀបវារៈ​ឆ្នាំ២០៣០សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

ជាមួយនឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ កាន់តែ​កើនឡើង​ជារួម​បុរស​នៅ​ជួរមុខ​នៃ​ការឆ្លើយតប ជា​សកល​បាន​ជំរុញ​ឱ្យ G-20 “ប្រយុទ្ធ​ប្រឆាំងនឹង​អ្វីដែល​លោក​ហៅថា “វិបត្តិ​សុខភាព​នៅ​សម័យ​យើង។

ដូច​អគ្គលេខាធិការ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ក៏បាន​ផ្ញើ​សារ​ចំនួន៣ ទៅ​មេដឹកនាំ​ដែរ​គឺ​ប្រយុទ្ធ បង្រួបបង្រួម និង​ចាប់ផ្តើម​សកម្មភាព៕

មជ្ឈមណ្ឌលពាណិជ្ជកម្មលំនៅដ្ឋាន The PeAk កំពស់ ៥៥ជាន់ទទួលបាន ក្រុមហ៊ុនថ្មីបន្តសាងសង់់

មជ្ឈមណ្ឌលពាណិជ្ជកម្មលំនៅដ្ឋាន The PeAk កំពស់ ៥៥ជាន់ទទួលបាន ក្រុមហ៊ុនថ្មីបន្តសាងសង់់

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd ដែលជា​ក្រុមហ៊ុន​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ចម្រុះ The Peak  បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd បានចាប់ផ្តើម​ដំណើរការ​សាងសង់​គម្រោង The Peak ជា​ផ្លូវការ​ពី​ពេលនេះ​តទៅ​ហើយ។

លោក​ជៀ រ៉ ហ័​រ (Jia Ruo Hua) នាយក​គ្រប់គ្រង​ទូទៅ​នៃ​សាខា​ក្រុមហ៊ុន China Railway ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពីពេលថ្មីៗនេះ​ថា បាន​បង្កើត​ក្រុមបច្ចេកទេស ផ្នែក​សំណង់​ដ៏​រឹងមាំ​មួយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធានាថា​គម្រោង​នេះ អាច​នឹងត្រូវ​បានបញ្ចប់​ទាន់ពេលវេលា ហើយ​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ខ្ពស់បំផុត។

ក្នុងពេល​ដ៏​ខ្លី ក្រោយពី​កាន់កាប់​ការដ្ឋាន​ជា​ផ្លូវការ ក្រុមហ៊ុន​របស់លោក បាន​បង្កើន​សន្ទុះ​នៃ​ការសាងសង់​យ៉ាង​ល្អប្រសើរ ដោយបាន​សម្រេច​ការតំឡើង នូវ​ស្រទាប់​ការពារ​ជញ្ជាំង​ផ្នែក​ខាងក្រៅ​នៃ​អគារ​ផ្សារ​ទំនើប​របស់​គម្រោង The PeAk ។

ជាមួយ​ការធានា និង​ប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត​ពី​ក្រុមហ៊ុន​ឆៃ​ណា រៀល​វ៉េ យូ​បេន , ក្រុមហ៊ុន អកស៍​ឡី ជេ​ម ជឿជាក់ថា​គម្រោង The PeAK នឹង​ក្លាយជា​អគារ​តំណាង​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល។

គម្រោង The Peak ដែល​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​គម្រោង​អភិវឌ្ឍន៍​អគារ​ចម្រុះ៥៥ជាន់ ដែល​រួមមាន​អគារ១ សម្រាប់​សណ្ឋាគារ​និង​ការិយាល័យ និង​អគារ២ទៀត សម្រាប់​អគារ​ស្នាក់នៅ​ផ្សារ​ទំនើប និង​ចំណតរថយន្ត​ជាច្រើន​ជាន់៕