សម្តេតេជោ ត្រៀមទំលាក់ថវិកាបម្រុងប្រមាណ៦០០ លានដុល្លារទៅឱ្យធនាគារឯកទេស

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងពិចារណាទំលាក់ថវិកាបំរ៉ុងរបស់ជាតិប្រមាណ ៥០០ ទៅ៦០០លានដុល្លារអាមេរិកទៅឱ្យធនាគារឯកទេសខ្ចីក្នុងអត្រាការប្រាក់ទាបដើម្បីផ្តល់ទៅឱ្យម្ចាស់អាជីវកម្មនានាក្នុងអត្រាការប្រាក់ទាបដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន នាយដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងពិនិត្យមើលលើបញ្ហានេះ តែយ៉ាងណាក៏មិនទាន់ឈានដល់ដំណាក់នេះនៅឡើយទេ។

សម្តេចតេជោ បន្តថា ផែនការនេះ នឹងឈានដល់ជុំទី ២ ឬ ជុំទី ៣ ក្នុងការបញ្ចេញទុនបំរ៉ុងរបស់រដ្ឋ ៥០០ ឬ ៦០០ លានដុល្លារអាមេរិកនេះ ទៅឱ្យធនាគារឯកជនខ្ចី ដោយអត្រាការប្រាក់ទាបហើយប្រើប្រាស់ថវិកានេះ ទៅអោយអ្នកខ្ចីក្នុងអត្រាការប្រាក់ទាបតគ្នា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមថវិកាបំរ៉ុងប្រមាណ ៨០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែ ក្នុងជួយសង្គ្រោះសេដ្ឋកិច្ច និងវិស័យឯកជនខណៈដែលប្រទេសកំពុងជួបវិបត្តិនៃការរីករាលដាល់ជំងឺគូវីដ ១៩៕

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យម្ចាស់អគារមានការយោគយល់លើតម្លៃជួលក្នុងវិស័យឯកជនដូចគ្នា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈមនឹងឱនភាពសេដ្ឋកិច្ច សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់វិស័យឯកជនដោយស្នើសុំឱ្យមានការយោគយល់ទៅលើផ្នែកឯកជនដូចគ្នា ជាពិសេស លើការជួលទីតាំង និងអគារផ្សេងៗសម្រាប់អាជីវកម្មដែលកំពុងតែប្រឈមនឹងការបាត់បង់ចំណូលនៅក្នុងដំណាក់កាលនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពីធីសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ដោយធ្វើការអំពាវនាវដល់វិស័យឯកជនថា “ខ្ញុំបានស្ដាប់មនុស្សមួយចំនួនដែលបានរកស៊ីជួលអគារជួលទីតាំងគេ ឥឡូវម្ចាស់ដើមជួពេញថ្លៃក្នុងពេលដែលគ្នារកចំណូលអត់បាន ចឹងទេ…សូមកុំកាប់មេមាន់ស្ងោរស៊ី គួរត្រូវរក្សាមេមាន់នេះ ដើម្បីឱ្យថ្ងៃក្រោយមានពង់ មានកូនតទៅទៀត បើកាប់មេមាន់នៅពេលនេះ បានសេចក្ដីថាហាងហ្នឹងគ្នាត្រូវបិត ហើយបិទរហូតគ្មានអ្នកណាជួលទៅថ្ងៃក្រោយ ប៉ុន្តែបើសិនជាអនុគ្រោះឱ្យគ្នា ១ខែ ២ខែ ឬបញ្ចុះថ្លៃឱ្យគ្នា ៥០-៦០ ឬ ៧០ភាគរយ យើងរក្សាអតិថិជននេះឱ្យជួលត្រឡប់មកវិញនៅពេលដែលសភាពការណ៍វាបានរើបំរាស់មកវិញ”។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា “ការបង់ថ្លៃជួលផ្ទះ ការបង់រំលោះផ្ទះ បង់រំលោះរថយន្ត បង់រំលោះស្អីៗច្រើនណាស់នៅក្នុងប្រទេសយើង គឺគប្បីធ្វើរវាងម្ចាស់ជាមួយនឹងអ្នកបង់រំលោះដោយផ្តល់នូវការយោគយល់ នេះគឺគ្រាន់តែជាការអំពាវនាវទេ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា រដ្ឋមិនមានសិទ្ធិតម្រូវទៅលើការកំណត់តម្លៃនៃការលក់នៅលើទីផ្សារផ្សេងៗខណៈដែលប្រទេសនៅតែមានស្ថេរភាពល្អ ប៉ុន្តែប្រសិនបើក្នុងស្ថានភាពដែលច្បាប់ត្រូវដាក់ប្រទេសនៅក្នុងភាពប្រកាសអាសន្ន រដ្ឋអាចនឹងកំណត់នូវតម្លៃមុខទំនិញមួយចំនួន ប៉ុន្តែពេលនេះ សេដ្ឋកិច្ចទីផ្សារធម្មតា រដ្ឋអត់មានកំណត់ថ្លៃនោះទេ ត្រឹមតែចរចាថ្លៃឱ្យមានការសម្រសសម្រួលគ្នា ឱ្យមានការយោគយល់គ្នា ៕

សម្តេចតេជោ បញ្ជាឱ្យផ្អាកការនាំអង្ករស និងស្រូវចេញពីកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកនាំអង្ករស និងស្រូវចេញទៅក្រៅប្រទេស ដើម្បីសម្រាប់ផ្គត់ ផ្គង់នៅក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងមានវិបត្តិ និងការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ។

សម្តេចតេជោ ហ៊ុន សែន នាយដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ថា ប្រទេសកម្ពុជាបាននាំអង្ករ និងស្រូវចេញមានតែប្រទេសវៀតណាម និងប្រទេសថៃតែប៉ុណ្ណោះ ។

ជាមួយគ្នានេះ សម្តេតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំទំលាក់ថវិកាទៅឱ្យរោងមាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញាអង្ករ និងស្រូវពីប្រជាពលរដ្ឋកម្ពុជា និងរក្សាតម្លៃស្រូវ របស់កម្ពុជាផងដែរ។

សម្តេចតេជោបញ្ជាក់ថា បទរបស់សម្តេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមអនុវត្តចាប់ពីវេលាម៉ោង ២៣: ៥៩ ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២០ ខាងមុខនេះ រហូតដល់មានការចេញបទបញ្ជាថ្មី៕

សម្តេចតេជោគ្រោងរៀបចំធ្វើច្បាប់ថ្មីមួយទៀតសម្រាប់ត្រៀមបម្រុងដាក់ប្រទេសក្នុងគ្រាអាសន្ន

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសពីបំណងក្នុងការធ្វើច្បាប់ថ្មីមួយទៀត សម្រាប់ត្រៀមបំរ៉ុង ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្នសម្រាប់ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដែលកំពុងមានរាតត្បាតជាសកល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់។

តែយ៉ាងណាក៏ដោយ សម្តេចតេជោថា ការធ្វើច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើង មិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នឹងកំពុងពិចារណា និងសិក្សា មាត្រា ២២នៃច្បាប់រដ្ឋធម្មនុញ ក្នុងការទូលថ្វាយស្នើសុំព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈកំណើនជំងឺកូវីដ១៩ កំពុងមានការកើនឡើង។

សម្ដេចតេជោ ថា នៅពេលប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្នហើយ សិទ្ធិស៊ីវិលត្រូវកាត់ផ្តាច់ហើយ។ ម្យ៉ាងទៀត នេះជាវិធានការតឹងរឹង ដើម្បីការពារ កុំឲ្យប្រជាជនកម្ពុជា ឆ្លងជំងឺកូវីដ។

សម្តេចតេជោថ្លែងថា “ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព”។

សម្តេចតេជោបន្ថែមថា “មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ៕

រដ្ឋាភិបាល សម្រេចឱ្យបិទកាស៊ីណូទូទាំងប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចេញបញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ដើម្បីជាការទប់ស្កាត់ជំងឺ Covid-19 ដែលកំពុងតែរីករាយដាលនៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជារបន្ទាន់នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះថា ដើម្បីទប់ស្កាត់នូវភាពប្រឈមនៃការរីករាលដាលជំងឺ Covid-19 នៅពេលបច្ចុប្បន្ននេះ បានសម្រេចបញ្ជារឱ្យបិទកាស៊ីណូទាំងអស់នៅទាំងប្រទេស។

សម្ដេចតេជោ បានមានប្រសាសន៍ថា “គ្រប់កាស៊ីណូទាំងអស់ នឹងត្រូវបិទនៅត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដោយគ្រប់ម្ចាស់កាស៊ីណូត្រូវដោះស្រាយជាមួយបុគ្គលិករបស់ខ្លួន។ ការបិទនេះ គឺគ្រាន់តែជាបិទបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយពេលណាមានភាពស្រាកស្រាន្តនឹងអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មជាធម្មតាឡើងវិញ”។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានបញ្ជាក់សាជាថ្មីផងដែរថា រដ្ឋាភិបាលមិនមានគម្រោងបិទប្រទេស បិតទក្រុង បិទផ្សារ ឬហាងកាហ្វេ ដូចពាក្យចចាមអារាម ដែលកំពុងផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់ពីជនបំពុលសង្គមមួយក្រុមនោះទេ៕

រដ្ឋសភា​សម្រេច​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល​កម្ពុជា៩ រូប ដែល​ស្នើ​តែងតាំង និង​កែសម្រួល​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត នៅក្នុង​សម័យប្រជុំ​វិសាមញ្ញ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា រួមទាំង​តំណាងរាស្ត្រ​សរុប​ចំនួន១២១រូប។

សម្រាប់​តំណែង​រដ្ឋមន្ត្រី​ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​នេះ​មាន៖

លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍

លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្សវឌ្ឍានា

លោក ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជំនួស​លោក ត្រាំ អ៉ី​វ​តឹក

លោក ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម

លោក ព្រំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជំនួស​លោក ពេជ្រ ប៊ុនធិន

* សម្រាប់​តំណែង​ទេសរដ្ឋមន្ត្រី​ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​នេះ​មាន

លោក ចម ប្រសិទ្ធ ជា​ទេសរដ្ឋមន្ត្រី (រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍)

លោក ហ៊ឹម ឆែម ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស

លោក អង្គ វង្សវឌ្ឍានា ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស

លោក ត្រាំ អ៉ី​វ​តឹក ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស

លោក ពេជ្រ ប៊ុនធិន ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស

គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី០៦ ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​បង្កើតឡើង កាលពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​ក្នុងការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី០៦ ដោយ​ទទួលបាន​អាសនៈ​ទាំងអស់​ក្នុង​រដ្ឋសភា។ រហូតមកដល់​ពេលនេះ គណៈរដ្ឋមន្ត្រី​អាណត្តិ​ថ្មី​នោះ មាន​សមាសភាព​សរុប​ចំនួន៤៩រូប ក្នុងនោះ​មាន​នាយករដ្ឋមន្ត្រី១រូប ឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី១៩រូប (បូក​ថ្មី៣) និង​រដ្ឋមន្ត្រី ២៩រូប​ជាដើម៕

រដ្ឋាភិបាល​ហ្វីលីពីន​ស្វែងរក​ជំនួយ​អង្ករ​ចំនួន ៣០ម៉ឺន​តោន​បន្ថែម​ពី​សមាជិក​អាស៊ាន អំឡុងពេល​វិបត្តិ COVID-19

ដោយ ប៊ី

ភ្នំពេញ៖ ប្រទេស​ហ្វីលីពីន​កំពុង​ស្វែងរក​ជំនួយ ពី​សមាជិក​អាស៊ាន​ដទៃទៀត​សម្រាប់​ការ​នាំចូល​អង្ករ​ចំនួន ៣០០,០០០​តោន​បន្ថែមទៀត តាមរយៈ​កិច្ចព្រមព្រៀង​រវាងរ ដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​នៃ​ក្រុមការងារ​អន្តរ​ទីភ្នាក់ងារ​ស្តីពី​អ្នក​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 និង​លេខាធិការ​ខុទ្ទកាល័យ​លោក Karlo Nograles កាលពី​ចុង​សប្តាហ៍​មុន។

យោងតាម​លោក ​Nograles ក្រុមការងារ​អន្តរ​ទីភ្នាក់ងារ​ស្តីពី អ្នក​ប្រយុទ្ធប្រឆាំង បាន​យល់ព្រម​លើ​សំណើ​របស់​ក្រសួងកសិកម្ម ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​របស់​ពួកគេ​កាលពី​ចុង​សប្តាហ៍​នេះ ដែល​ក៏បាន​អំពាវនាវ​ដល់ដៃ​គូ​ពាណិជ្ជកម្ម​អាស៊ាន ឱ្យ​ជៀសវាង​ពី​ការដាក់ចេញ​នូវ​វិធានការ​រឹតត្បិត​ពាណិជ្ជកម្ម។

លោក Nograles មានប្រសាសន៍ថា “ក្រសួងកសិកម្ម រួមទាំង​ក្រសួង​ពាក់ព័ន្ធ​នឹងធ្វើ​ការ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាស៊ាន និង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ជៀសវាង​ពី​ការដាក់ចេញ​នូវ​វិធានការ​រឹតត្បិត​ពាណិជ្ជកម្ម ដើម្បី​ធានាថា​កិច្ចសន្យា​ផ្គត់ផ្គង់ ដែលមាន​ស្រាប់​ត្រូវ​បានផ្តល់​អាទិភាព។

រដ្ឋាភិបាល​ហ្វីលីពីន បានប្រគល់​ភារកិច្ច​ឱ្យ​ក្រសួងកសិកម្ម និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ធ្វើការ​លើ​ការ​នាំចូល​អង្ករ​ចំនួន៣០ម៉ឺន​តោន​បន្ថែមទៀត តាមរយៈ​ការរៀបចំ​រដ្ឋាភិបាល និង​រដ្ឋាភិបាល ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាស៊ាន​និង ឬ​ពី​ប្រភព​ទាំងអស់​រួមទាំង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ក្នុង​អត្រាពន្ធ​កម្រិត​អាស៊ាន។

ដើម្បី​ធានាបាន​នូវ​ភាព​គ្រប់គ្រាន់ នៃ​ស្បៀងអាហារ​នៅក្នុង​ប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ខណៈពេលដែល​ប្រទេស​នេះ ស្ថិតក្នុង​ស្ថានភាព​គ្រោះមហន្តរាយ។

លោក​ Nograles បាន​និយាយថា ក្រុមការងារ​បាន​ដឹកនាំ​ក្រុមហ៊ុន​ LGUs ដើម្បី​អនុញ្ញាត​ឱ្យធ្វើ​កសិកម្ម និង​នេសាទ​បន្ត និង​អនុញ្ញាត​ឱ្យមាន​ចរាចរ ដោយ​សេរី​នៃ​ការផ្គត់ផ្គង់​ទាំងអស់ ដែល​ត្រូវបាន​ប្រើ​សម្រាប់​វិស័យ​កសិកម្ម រួមទាំង​ការ​វេច​ខ្ចប់​ស្បៀងអាហារ និង​សម្ភារៈ​ផលិតកម្ម។

រដ្ឋាភិបាល​ក៏បាន​ដឹកនាំ​ការធ្វើឱ្យ​សកម្ម​ឡើងវិញ នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​តម្លៃ​ក្នុងស្រុក និង​សម្រាប់​ក្រុមហ៊ុន LGUs និង​ម្ចាស់​ផ្សារ ដើម្បី​អនុវត្ត​ការ​បង្កក​តម្លៃ​យ៉ាង​តឹងរឹង និង​ស្នើឱ្យ​មានការ​អនុវត្តន៍​នូវ​តម្លៃ​លក់រាយ (SRP) ដោយ​ផ្អែកលើ​អនុស្សារណៈ​សារាចរ៧។

ដើម្បី​អនុវត្តន៍​ពង្រីក និង​បង្កើន​ភាព​គ្រប់គ្រាន់​ស្បៀងអាហារ នៅក្នុង​ប្រទេស​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ចំនួន៣១ពាន់​លាន​ប៉េ​សូ (រូបិយវត្ថុ​ហ្វីលីពីន)សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19៕

ក្រុមហ៊ុន Huawei គ្រោងបោះទុនវិនិយោគចំនួន ១,៥ពាន់លានដុល្លារសម្រាប់ប្រព័ន្ធអេកូឡូស៊ីកុំព្យូទ័រ

ដោយ វុត្ថា

ប្រទេស​ចិន៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei Technologies គ្រោង​បោះទុន​វិនិយោគ​ចំនួន១,៥ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ដោយ​ផ្តោតលើ​អ្នក​អភិវឌ្ឍន៍​ចំនួន៥លាន​នាក់ ដើម្បី​អភិវឌ្ឍន៍​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​កុំព្យូទ័រ Kunpeng របស់ខ្លួន។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Xinhou ចុះផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមក​បានឱ្យ​ដឹងថា ក្រុមហ៊ុន​នឹង​វិនិយោគ​ទឹកប្រាក់២០០លាន​ដុល្លារ​អា​មេ​រិ ក​ពេញ​មួយឆ្នាំ២០២០ ដើម្បី​គាំទ្រ​ដល់​គម្រោង​សាកលវិទ្យាល័យ គម្រោង​នៃ​ការចាប់ផ្តើម​អាជីវកម្ម គម្រោង​អ្នក​អភិវឌ្ឍន៍​បុគ្គល និង​ដៃគូ​របស់ខ្លួន​នៅក្នុង​ឧស្សាហកម្ម​កុំ​ព្យូ​រ​ទ័​រ Kunpeng ។

លោក Hou Jinlong ប្រធាន​ក្រុម​អាជីវកម្ម cloud and AI របស់​ក្រុមហ៊ុន Huawei បានឱ្យដឹង​នៅក្នុង​សន្និសីទ​ស្តីពី អ្នក​អភិវឌ្ឍន៍​ស្មា​ត​ហ្វូ​ន Huawei ឆ្នាំ ២០២០ កាលពី​ចុង​សប្តាហ៍​កន្ល​មកនេះ ដែល​បាន​ធ្វើឡើង​តាម​អ៊ី​ន​ធើ​ណិ​ត ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពិភពលោក ដែល​ត្រូវបាន​ពន្យារពេល​អស់​ជាច្រើន​សប្តាហ៍​ដោយសារតែ​ការផ្ទុះ​ឡើង​នៃ ជំងឺ COVID-19 ។

ក្រុមហ៊ុន​នេះ ក៏បាន​ប្រកាស​ពី​ការសហការ​ជាមួយ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយទៀត​ឈ្មោះថា Tencent ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Shenzhen ដោយ​ប្រើ​ថាមពល​កុំព្យូទ័រ​របស់ខ្លួន Kunpeng ដើម្បី​គាំទ្រ​ដល់​វេទិកា​ហ្គេម Tencent’s GameMatrix។

ក្រុមហ៊ុន​ទាំងពីរ នឹង​បង្កើត​មន្ទីរពិសោធន៍​ច្នៃប្រឌិត​រួមគ្នា​មួយ ដែល​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ នៅក្នុង​ហ្គេម​ពពក​ចល័ត ម៉ាស៊ីន​ហ្គេម និង​បច្ចេកវិទ្យា​ទំនើប។ នេះ​បើ​យោងតាម​លោក Ma Xiaoyi អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Tencent ។

លោក Ma Xiaoyi បាន​និយាយថា “នៅ​ក្រុមហ៊ុន Tencent យើង​បាន​បង្កើត​វេទិកា GameMatrix ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​ហ្គេម​ពពក​ចល័ត។ លោក​បន្ថែមថា “នៅពេល​អនាគត យើង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ក្រុមហ៊ុន Huawei Kunpeng ដើម្បី​បង្កើត​ដំណោះស្រាយ​ហ្គេម​ពពក តាម​ទូរស័ព្ទ​ចល័ត ដែលមាន​គុណភាព​និង​ចំណាយ​តិច”។

ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដូចជា 5G, AI និង​អ៊ី​ន​ធឺ​ណេ​ត​ឧស្សាហកម្ម​បានចាប់ផ្តើម​បង្កើនល្បឿន នៅក្នុង​ប្រទេស​ចិន​ដោយមាន​ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Huawei, Alibaba, Tencent និង Suning.com ធ្វើ​ប្លង់​មុន​ដើម្បី​ចាប់យក​ទីផ្សារ៕

ក្រុមហ៊ុន Alibaba ផ្តល់​ប្រអប់​សារធាតុ​តេស្ត​រក​ជម្ងឺ​វីរុស COVID-19 ចំនួន ២០,០០០សម្រាប់​ដល់​កម្ពុជា

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Alibaba បានប្រគល់​ប្រអប់​សារធាតុ​តេស្ត រក​ជម្ងឺ​វីរុស COVID-19(Detection Reagent)ចំនួន ២០,០០០សម្រាប់ ដែល​ផ្តល់​ដោយ​មូលនិធិ Jack Ma និង​មូលនិធិ​ Alibaba ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង​រាតត្បាត​ជាស​កល ដោយ​ក្នុងនោះ​កម្ពុជា​ក៏​កំពុង​ឈម​ផងដែរ។

លោក ​Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានឱ្យដឹង​នៅក្នុង​ពិធី​ប្រគ ល់-ទទួល​កាលពី​ចុង​ស​ប្តា​យ៍​កន្លងមកនេះ​ថា ចិន និង​កម្ពុជា​ជា​សហគមន៍​ជោគវាសនា​រួម​ដែល​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ក៏​ជា​បងប្អូន​ល្អ​ដែល​ប្រៀប​ដូច​ដៃ​និង​ជើង ហើយ​ភាគី​ចិន​បច្ចុប្បន្ននេះ​ក៏មាន​អារម្មណ៍​ដូច​ភាគី​កម្ពុជា​ដែរ។

លោក​បន្តថា “ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ពិនិត្យ​រក​ជម្ងឺ​វីរុស​ COVID-19 ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​មូលនិធិ ​Jack Ma និង​មូលនិធិ​ Alibaba ជាបន្ទាន់ ដើម្បី​ធ្វើការ​ផ្តល់នូវ​សារធាតុ​តេស្ត​រក​ជម្ងឺ​វីរុស មួយចំនួន​ជូន​ដល់​ភាគី​កម្ពុជា។លោក​បន្តថា “យើង​សង្ឃឹមថា វា​អាចជួយ​ជា​កម្លាំង​គាំទ្រ​ជូន​ដល់​ភាគី​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​វីរុស​ប្រភេទ​ថ្មី​មួយ​នេះ។

លោក​ទូត​បន្ថែមថា ភាគី​ចិន​នឹង​បន្ត​ផ្តល់​រាល់​ជំនួយ ទៅតាម​លទ្ធភាព​ជូន​ដល់​ភាគី​កម្ពុជា ជួយ​ជា​កម្លាំង​ទាំងស្រុង​ដល់​ភាគី​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​យក​ជម្នះ​ជាមួយនឹង​ជម្ងឺ​វីរុស​ប្រភេទ​ថ្មី​នេះ។

លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​បានឱ្យដឹងថា ក្រោយពី​កម្ពុជា មានការ​ផ្ទុះឡើង​នូវ​ជម្ងឺ​វីរុស ​COVID-19 ភាគី​ចិន​បាន​ជំនួយសម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​វីរុស​ជាច្រើន និង​បាន​ចាត់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន នេះ​បាន​ជួយ​បង្កើន​ជំនឿ​ចិត្ត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​វីរុស​ជូន​ដល់​កម្ពុជា។

លោក​បន្តថា “ភាគី​កម្ពុជា​នឹង​ចងចាំ​រាល់​ការជួយ​របស់​ភាគី​ចិន ក្នុង​ក្រអៅបេះដូង នឹង​សហការ​ទំនាក់​ទំនងជា​មួយ​ភាគី​ចិន​យ៉ាង​ស្អិតរ​មួ​ត ដើម្បី​យក​ជម្នះ​លើ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​វីរុស​ក្នុងពេលឆាប់ៗនេះ។

គិត​ត្រឹម​ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ១៩ (COVID-19) ថ្មី​ចំនួន​តែ១នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឡើងដល់១០៣នាក់​ហើយ ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ថ្មី​រហូតដល់​ចំនួន៨នាក់ ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់២១នាក់ និង​កំពុង​សម្រាក​ព្យាបាល៨២នាក់ នៃ​អ្នក​ឆ្លង​សរុប១០៣នាក់៕

ADB ព្យាករណ៍ថាកម្ពុជាអាចប្រឈមការបាត់បង់សេដ្ឋកិច្ចជិត ៤០០លានដុល្លារ

ADB ព្យាករណ៍ថាកម្ពុជាអាចប្រឈមការបាត់បង់សេដ្ឋកិច្ចជិត ៤០០លានដុល្លារ

ដោយ ហ្សូ​លី

ភ្នំពេញ៖ ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ព្យាករណ៍​ថា កម្ពុជា​អាច​ប្រឈម​នឹង​ការខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​គិត​ជា​ទឹកប្រាក់​ដល់​ទៅជិត ៤០០លាន​ដុល្លារ ដោយសារតែ​ផលប៉ះពាល់​នៃ​កូ​វីដ១៩ នៅ​ដើមឆ្នាំ២០២០នេះ។

កម្ពុជា​បាន​រង​ឥទ្ធិពល​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​មេរោគ​រាតត្បាត ដែល​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ព្យាករណ៍​កាលពី​សប្តាហ៍​មុននេះ​ថា កម្ពុជា​អាច​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តារ​ប្រទេស​នៅ​តំបន់​អាស៊ាន ដែល​រងគ្រោះ​ការខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជា៣៩០លាន​ដុល្លារ។

រដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់​ការព្យាករណ៍​របស់ខ្លួន​ដែលថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២០ មក​នៅត្រឹម​កម្រិត៦.១%ប៉ុណ្ណោះ ដែល​កាលពីមុន​បាន​ព្យាករណ៍​ថា ៦.៥%។ បញ្ហា​នេះ​គឺ​បណ្តាលមកពី​កត្តា​អាកាសធាតុ ភូមិសាស្ត្រ​នយោបាយ​និង​ជំងឺ​រាតត្បាត។

លោក​ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​ថ្លែងឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​ព្រោះតែ​ជំងឺ​កូ​វីដ១៩ ហើយ​ស្ថានភាព​អាច​ប្រែប្រួល​ដែល​អាច​ខាតបង់​ច្រើនជាង​អ្វីដែល ADB ព្យាករណ៍​ទៅទៀត។

លោកនាយក​រូបនេះ​បាន​ប្រមើល​ថា ទំហំ​នៃ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩នេះ អាចធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រហែល១ពាន់​លាន​ដុល្លារ។

ធនាគារ​អភិវឌ្ឍ​អាស៊ី ADB មិនមែន​ព្យាករណ៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា តែមួយ​មុខ​នោះទេ តែ​ក៏បាន​ព្យាករណ៍​បណ្តារ​ប្រទេស​ទាំងអស់​នៅ​តំបន់​អាស៊ាន អំពី​ទំហំ​ទឹកប្រាក់​ដែល​ខាតបង់។ ទិន្នផល​សរុប​ប្រទេស​ថៃ អាច​បាត់បង់​ជាង៥ពាន់​លាន​ដុល្លារ ឬ​ទិន្នផល​សរុប​ធ្លាក់ចុះ​សល់​ត្រឹម១.១១%។ រីឯ​សិង្ហ​បុរី​វិញ​រង​ផលប៉ះពាល់ ជាង១ពាន់​លាន​ដុល្លារ និង​វៀតណាម​វិញ​ក៏​ជាង១ពាន់​លាន​ដុល្លារ​ផងដែរ។

ទោះបីជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជា​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស បាន​រៀបចំខ្លួន​រួចជាស្រេច​អំពី​ការខាតបង់​សេដ្ឋកិច្ច ដោយ​សម្តេច​បាន​ចាត់វិធានការ​ឱ្យ​រដ្ឋាភិបាល ត្រៀម​ទឹកប្រាក់​ប្រមាណ​ពី៨០០លាន​ដុល្លារ ដល់២ពាន់​លាន​ដុល្លារ សម្រាប់​ទប់ទល់​នូវ​ផលប៉ះពាល់​សេដ្ឋកិច្ច ដែល​ក្នុងនោះ​ថវិកា៣០លាន​ដុល្លារ​ត្រូវ​ឧបត្ថម្ភ​ដល់​វិស័យ​សុខាភិបាល ដើម្បី​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ៕

(VNA)