ដោយៈ ប៊ី
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ផ្លូវជាតិសំខាន់ៗចំនួន៣បាននិងកំពុងក្លាយជា មជ្ឈមណ្ឌលសម្រាប់ការវិនិយោគអចលនទ្រព្យ បែបឧស្សាហកម្ម និងដឹកជញ្ជួន។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានបង្ហាញកាលពីសប្តាហ៍មុនថា តម្លៃដីបាននិងកំពុងកើនឡើងក្នុងទីក្រុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ។ តម្លៃដីនៅដងផ្លូវ ២០០៤ និងវេងស្រេងមានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ ដូច្នេះ ទីតាំងឧស្សាហកម្មត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ។
របាយការណ៍ដដែលបានឱ្យដឹងថា “ទីតាំងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវក្រវ៉ាត់ទី៣ បានក្លាយជាមជ្ឈមណ្ឌល សម្រាប់ការវិនិយោគអចលនទ្រព្យ បែបឧស្សាហកម្ម និងដឹកជញ្ជួន។ ផ្លូវទាំងនេះផ្តល់ការតភ្ជាប់យ៉ាងល្អ ទៅកាន់មជ្ឈមណ្ឌលនាំចេញ និងនាំចូលក្នុងប្រទេស”។
ជាមួយគ្នានេះដែរ តម្លៃជួលខ្ពស់បំផុតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលតម្លៃចាប់ពី ២.៨០ ដុល្លារ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលទបបំផុតអាចរគជួលបានចាប់១.៨០ ទៅ ២.៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃឃ្លាំងជួល អាចរកជួលបានក្នុងតម្លៃ១.៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលរោចចក្រ ដែលមានគុណភាពលក្ខណៈអន្តរជាតិ អាចរកបានក្នុងតម្លៃ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សរុបមក តម្លៃដីនៅទីក្រុងភ្នំពេញ នៅតែមានតម្លៃថេរក្នុងត្រីមាសទី២ ខណៈការទិញលក់ដីធ្លីនៅក្នុងត្រីមាសនេះ មិនសូវមានជាចលនា ដោយសារកង្វះខាតនៃទីទំនេរនៅទីក្រុង៕