ការស្ថាបនាផ្លូវជាតិលេខ៣៣ ក្នុងខេត្តកែប សម្រេចបាន ៧០% ហើយ

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ការងារជួសជុលផ្លូវជាតិលេខ៣៣ (គម្រោងជំនន់ទឹកភ្លៀង) ដោយក្រាលកៅស៊ូDBST ទទឹង៧m មាន១០កំណាត់ សម្រេចការអនុវត្តបាន៧០% ដែលតាមការប៉ាន់ស្មាននឹងហើយរួចរាល់នៅមុខចូលឆ្នាំខ្មែរមកដល់នាពេលខាងមុខនេះ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូបានផ្សព្វផ្សាយនៅលើគេហទំព័រ ហ្វេសបុកផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះថា បន្ថែមពីនោះបន្តស្តារលូអ៊ុយលើកំណាត់ផ្លូវជាតិលេខ៣៣A ផងដែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។

លោក ជិន វុទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានមានប្រសាសន៍ថានាអំឡុងពេលចុងក្រោយនេះ កម្លាំងនៃមន្ទីររបស់លោកបាន និងកំពុងមមាញឹកក្នុងការងារជួលជុល ថែទាំផ្លូវសំខាន់ៗ ជាច្រើនខ្សែនៅទូទាំងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ លោកបន្តថា ជាធម្មតារាល់ចុងសប្តាហ៍ ឬថ្ងៃបុណ្យទានម្តងៗ ភ្ញៀវជាតិ និងអន្តរជាតិតែងមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តកែបយ៉ាងច្រើនកុះករ។

លោកអនុប្រធានមន្ទីរបានបន្តថា ដើម្បីលម្អសោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ មន្ទីរបានធ្វើការបែងចែកជាច្រើនក្រុមសម្រាប់កិច្ចការងារដ៏មមាញឹកនេះ។ កម្លាំងទាំងនោះ រួមមានក្រុមប៉ះអ៊ុតផ្លូវ ក្រុមរៀបចំសួនច្បារតាមបណ្តោយផ្លូវជាតិលេខ៣៣ តភ្ជាប់ជាមួយផ្លូវទៅខេត្តកំពតជាដើម។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងថា ក្រសួងបានជួសជុលកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពតនេះ ដោយសារផ្លូវនេះបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។

លោកបន្តថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិ ជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាហេដ្ឋារចនាស្ពានថ្នល់ដែលជាសម្បត្តិដ៏មហាសាល របស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង៕

មេSME អំពាវនាវឱ្យមានការរឹតបន្តឹងការនាំចូលផលិតផលបរទេសដែលកំពុង ដណ្តើមទីផ្សារផលិតផលក្នុងស្រុក

ដោយ ហ្សូលី

ភ្នំពេញៈ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME) បានអំពាវនាវ ឱ្យមានការរឹតបន្តឹង លើការអនុញ្ញាតឱ្យផលិតផលនាំចូលពីបរទេស ចូលទីផ្សារក្នុងស្រុក និងងាកមកជម្រុញទីផ្សារផលិតផលក្នុងស្រុកបន្ថែមវិញ។

លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានមានប្រសាសន៍ថា “ការនាំចូលដោយគ្មានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងការបង់ពន្ធនោះ គឺប៉ះពាល់ដល់ផលិតផលក្នុងស្រុក ដែលផលិតក្នុងតម្លៃខ្ពស់”។

ការអនុញ្ញាតឱ្យនាំចូលផលិតផលពីបរទេស ដែលមានតម្លៃថោកជាងផលិតផលក្នុងស្រុក ក្នុងទម្រង់ជាការតាំងពិព័រណ៍ និងលក់ផលិតផលសម្រេចទីផ្សារក្នុងស្រុក គឺជាការសម្លាប់សហគ្រាសធុនតូចនិងមធ្យមក្នុងកម្ពុជា។

លោកតែ តាំងប៉បានបន្តថា «ខ្ញុំសូមអំពាវនាវដល់ក្រសួង ដែលផ្តល់អាជ្ញាប័ណ្ណសម្រាប់ការតាំងពិព័រណ៍ ផលិតផលបរទេសដើម្បីពង្រឹងលក្ខខណ្ឌ និងរឹតបន្តឹងការនាំចូលបន្ថែមដើម្បីធានាថា រាល់ផលិតផលដែលបាននាំចូល សម្រាប់ការតាំងពិពណ៌នៅក្នុងទីផ្សារកម្ពុជា ត្រូវប្រាកដថានឹងបញ្ជូនទៅវិញ បន្ទាប់ពីបញ្ចប់ការតាំងពិពណ៌ឬបង់ពន្ធមុនពេលអនុញ្ញាតឱ្យទំនិញនោះចូលប្រទេសស្របច្បាប់”។

ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥ ២០២៥ រដ្ឋាភិបាលបាននិយាយថា ខ្លួនមានគោលបំណងបង្កើនផលិតផលក្នុងស្រុក ពីព្រោះប្រទេសកម្ពុជាជាប្រទេសកសិកម្មសំបូរ ទៅដោយវត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ បានមានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា“ ការតាំងពិព័រណ៍ផលិតផលពីបរទេស ត្រូវបានធ្វើឡើងស្របតាមនីតិវិធីច្បាប់។ ក្រសួងចេញលិខិតអនុញ្ញាត សម្រាប់ការតាំងពិព័រណ៍ ដូច្នេះក្រសួងធ្វើតាមនីតិវិធីត្រួតពិនិត្យការនាំចូលពីបរទេសមកកាន់ប្រទេសកម្ពុជា”។

បច្ចុប្បន្ននេះ មានការតាំងពិព័រណ៍ចំនួន២លើកនៅកម្ពុជា មួយគឺផលិតផលក្នុងស្រុក និងមួយទៀតសម្រាប់ផលិតផលបរទេស ដែលភាគច្រើនមកពីប្រទេសថៃនិងវៀតណាម៕

អាមេរិកក្លាយជាអ្នកនាំចូលផលិតផលធ្វើដំណើរធំជាងគេបំផុតរបស់កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ការនាំចេញផលិតផលធ្វើដំណើររបស់កម្ពុជា មានតម្លៃ១,២ពាន់ដុល្លារទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាបាននាំចេញប្រហែល៨០ភាគរយ នៃផលិតផលធ្វើដំណើរសរុបទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ទំហំនៃការនាំចេញនេះ ស្មើនឹងទំហំទឹកប្រាក់ប្រហែល៩៦០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចេញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៩។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឱ្យដឹងថា ការនាំចេញផលិតផលធ្វើដំនើររបស់កម្ពុជា ទៅពិភពលោកមានចំនួនលើស១,២ ដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ ដោយចាប់ផ្តើមពីកម្រិតទាបខ្លាំង ប្រហែល៥០ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០១៦។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឱ្យដឹងទៀតថា “សហរដ្ឋអាមេរិកជាទីផ្សារនាំចេញបំផុតរបស់យើង សម្រាប់ផលិតផលនេះ ដែលមានចំនួនប្រហែល៨០ភាគរយនៃការនាំចេញសរុបៗ។

កំណើននៃការនាំចេញដ៏សម្បើមនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់នៅកម្ពុជា (GMAC) ក្នុងការដាក់ពាត្តិបញ្ចុះបញ្ចូលទៅសភាសហរដ្ឋអាមេរិក ដែលនាំឱ្យមានការពិនិត្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិកក្នុងឆ្នាំ ២០១៦ ហើយអាមេរិកបានបញ្ចូលមុខទំនិញ ផលិតផលធ្វើដំណើរនៅក្នុងបញ្ជីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។

ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកមានតម្លៃជាង៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ កើនឡើងយ៉ាងខ្លាំងស្មើនឹង៤០ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈទំនាក់ទំនងធុរកិច្ចមានភាពកាន់តែប្រសើរឡើង និងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

ទិន្នន័យចុងក្រោយពីការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានបង្ហាញកាលពីខែកុម្ភៈថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន មានតម្លៃ៥,៣៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយ។

ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាបាននាំចូលទំនិញ ពីសហរដ្ឋអាមេរិកត្រឹមតែ ៥១៣,៤លានដុល្លារ ការកើនឡើង១៥ភាគរយកាលពីឆ្នាំមុន។

នេះជាដំណឹងល្អ សម្រាប់សហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានប្រកាសដកហូតផ្នែកខ្លះ នៃគម្រោងអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)។

ថ្លែងនៅក្នុងសន្និសីទមួយ នៅទីក្រុងភ្នំពេញកាលពីខែមុនលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានកោតសរសើរ ចំពោះទំនាក់ទំនងធុរកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ។

លោកបានថ្លែងថា “ការដោះដូរពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ ពិតជាសំខាន់ណាស់។ វាជាសរសរគ្រឹះនៃទំនាក់ទំនងរបស់យើង ហើយវាកាន់តែរឹងមាំ។ មិនមែនគ្រប់គ្នា សុទ្ធតែដឹងនិងពេញចិត្តចំពោះបញ្ហានេះទេ ប៉ុន្តែសហរដ្ឋអាមេរិកគឺជាទីផ្សារប្រទេសធំជាងគេតែមួយគត់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា”។

លោកបានមានប្រសាសន៍ថា ប្រទេសកម្ពុជានាំចេញទំនិញជាច្រើន ទៅកាន់សហរដ្ឋអាមេរិក ដែលបង្កើតការងារជាងមួយលាននៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា “វាជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ សូមអរគុណមួយផ្នែកចំពោះអ្វីដែលខ្ញុំហៅថា សុភាពរាបសារបស់សភាអាមេរិក និងសភាសហរដ្ឋអាមេរិក ប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ពាណិជ្ជកម្ម ហើយបានទាញយកផលប្រយោជន៍ពីអត្ថប្រយោជន៍ពាណិជ្ជកម្មទាំងនោះ”។

លោកបានថ្លែងទៀតថា ការនាំចេញទៅអាមេរិក បានកើនឡើងដល់៥ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយផ្នែកដ៏ល្អមួយ ដោយសារប្រព័ន្ធអនុគ្រោះពន្ធទូទៅ។ ផ្នែកមួយនៃទំនាក់ទំនងនោះគឺកសិកម្ម។

លោកបានថ្លែងបន្តថា “វាជាសមាសធាតុសំខាន់មួយ នៅក្នុងរបៀបដែលយើងធ្វើពាណិជ្ជកម្ម។ បច្ចុប្បន្នអង្ករកម្ពុជាស្ថិតនៅលើធ្នើផ្សារទំនើបរបស់អាមេរិក”៕

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីបានទទួលស្គាល់បញ្ហាប្រឈមកង្វះចំណតនៅតាមអាគារនានា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ភាពកង្វះទីចំណតយានយន្តបានចូលរួម នៅក្នុងបញ្ហាដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែមានកំណើនអគាពា​ណិ​ជ្ជកម្មធំៗ និងខ្ពស់ៗ ដែលចាំបាច់ត្រូវមានការពិចារណា ទៅលើការសាងសង់ទីចំណ​តនេះ ដើម្បីបញ្ចៀសបញ្ហា និងកាត់បន្ថយការកកស្ទះចរាចរណ៍។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូតបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានទទួលស្គាល់ចំពោះភាពខ្វះខាតទីចំណតរបស់អគារមួយចំនួន ដែលកំពុងតែបង្កជាបញ្ហាប៉ះពាល់ដល់សណ្តាប់ធ្នាប់ ជាពិសេសការកកស្ទះចរាចរណ៍។

លោកបានមានប្រសាសន៍ថា “មុនឆ្នាំ១៩៩៧រាល់ការសាងសង់សំណង់មួយចំនួនធំ មិនមានសុំច្បាប់សាងសង់នោះទេ ហើយក៏មិនបានគិតគិតទៅលើបទដ្ឋានផ្សេងៗផងដែរ”។ លោកបន្ថែមថា “សំណង់ដែលសុំច្បាប់អនុញ្ញាតសាងសង់ ក្នុងចន្លោះឆ្នាំ១៩៩៧ -២០១៥ ចាប់ផ្តើមស្របតាមបទដ្ឋាននៃអនុក្រឹត្យលេខ៨៦ ដោយសំណង់ទាំងនោះបានគិតគូរពីបទដ្ឋានទីចំណត ប៉ុន្តែជាបទដ្ឋាននៅមិនទាន់សមស្រប ទៅតាមស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដូចដែលយើងបានឃើញសព្វថ្ងៃនោះទេ”។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា នៅក្នុងអំឡុងពេលខាងលើនេះ បទដ្ឋានសំណ​ង់ មិនបានលម្អិតទៅលើទីចំណតជាសំខាន់នោះទេ ដោយសារតែគ្រានោះយើងចង់បាន និងចង់ឃើញមានការអភិវឌ្ឍ មានភាពរីកដុះដាលនៃសំណង់អគារនានា នៅទូទាំងប្រទេ​ស ហើយការធ្វើចរាចរណ៍ក៏មិនទាន់កកកុញដូចសព្វថ្ងៃនេះដែរ។ ភាពកកស្ទះចរាចរណ៍នៅពេលបច្ចុប្បន្ននេះ វាពិតណាស់ថាមិនមែនជារឿងល្អនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងគំហុករបស់ប្រទេសកម្ពុជា។

ចាប់តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤២ ស្ដីពីនគរូបនីយកម្មនៅក្នុងរាជធានី និងតាមបណ្តាខេត្តក្រុង ក្រសួងចាប់ផ្ដើមកំណត់ពីបទដ្ឋានទីចំណត ដោយគ្រប់សំណើរសុំលិខិតអនុញ្ញាត សាងសង់ទាំងអស់ត្រូវបានកំណត់បទដ្ឋានចំណត ទាំងប្រភេទជាអគារពាណិជ្ជកម្ម ជាភោជនីយដ្ឋាន រោងចក្រ រោងកុន អគារស្នាក់នៅរួម ក៏ដូចជាសណ្ឋាគារជាដើម គឺសុទ្ធតែមានការកំណត់បទដ្ឋានចំណ​តទាំងអស់។

សម្រាប់អគារស្នាក់នៅរួមឬខុនដូ គឺកំណត់១២០ម៉ែត្រការ៉េនៃសំណង់ ត្រូវមានចំណតមួយ អគារសណ្ឋាគារដែលមានចំនួន៥បន្ទប់ គឺមានចំណតមួយ ហើយបើមាន៣០បន្ទប់ ត្រូវមានចំណតរថយន្តក្រុងមួយ។

អគ្គលេខាធិការរងគណៈកម្មកាស្ថាបត្យកកម្ពុជា-អាស៊ាន លោកសាស្ត្រាចារ្យ ទួស សាភឿន ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងគម្រោងសាងសង់អគារនីមួយៗ គេតែងតែបានគិតទៅលើទីចំណតយានយន្ត ដែលជាចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំខា​ន់ជាច្រើនទៀតនៅក្នុងតួអគារ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា “មិនថាចំពោះតែខុនដូ អាផាតមិន មជ្ឈមណ្ឌលពាណិជ្ជកម្ម ឬជាអគារសម្រាប់បម្រើវិស័យការិយាល័យនោះទេ ទីចំណតសម្រាប់យានយន្តគ្រប់គឺចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់”។

ជាទូទៅទីចំណត គេតែងសាងសង់ប្រមាណ៦០ទៅ៧០ភាគរយ ធៀបទៅនឹងចំនួ​នយូនីតសរុប ដោយមានច្រកចេញ-ចូលទូលាយងាយស្រួលបត់ និងមានសុវត្ថិភាពខ្ពស់។

លោកទួស សាភឿនបានបន្តថា “ជួនកាលគេអាចសាងសង់នៅជាន់ក្រោមដី ឬជាន់ផ្ទាល់ដីឡើងលើជាដើម ដែលវាអាស្រ័យទៅតាមគម្រោងប្លង់មេ។ ជាទូទៅសម្រាប់ទីចំណតរថយន្តមួយគ្រឿង គេត្រូវការទំហំចាប់ពី៣០ ទៅ៣៥ម៉ែត្រការ៉េ ប៉ុន្តែបើផ្ទៃអគាររបស់អាផាតម៉ិនឬអគារការិយាល័យ គេត្រូវគិតចន្លោះពី៤០-៥០ ម៉ែត្រការ៉េ”៕

តើចិនអាចសម្រេចក្តីស្រម៉ៃខ្លួនដោយបញ្ចប់គម្រោងស្ថាបនាខ្សែក្រវ៉ាត់១ផ្លូវ១ នៅឆ្នាំ ២០៤៩ ដែរឬទេ?

ដោយ ហ្សូលី

ភ្នំពេញៈ គម្រោងខ្សែក្រវ៉ាត់១ផ្លូវ១របស់ចិនបានកំណត់ថា នឹងត្រូវស្ថាបនាឱ្យចប់ជាស្ថាពរនៅឆ្នាំ២០៤៩ ដែលជាគម្រប់១០០ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន។ មហិច្ឆិតារបស់ចិន គឺចង់សម្រេចគោលដៅនេះនៅរយៈពេល២៩ឆ្នាំក្រោយ ខណៈពេលដែលបច្ចុប្បន្នស្ទើរតែទូទាំងពិភពលោក កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយសារការផ្ទុះវីរុសឆ្លងកូវីដ១៩។

យោងទៅតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុក និងក្រៅស្រុកបានឱ្យដឹងថា រាល់គម្រោងធំៗនៅក្នុងតំបន់អាស៊ី ត្រូវបានពន្យាពេលគ្រប់គម្រោង។ មន្ត្រីភ្នាក់ងាររបស់គម្រោងស្ថាបនាប្រទេសចិនបានបញ្ជាក់ថា ចិននឹងបន្តស្ថាបនានៅពេលដែលឧប​សគ្គកំពុងកើតមានបច្ចុប្បន្នកន្លងផុតសិន។

គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងត្រូវវិនិយោគនៅតាមបណ្តារប្រទេសជាច្រើននៅជុំវិញអាស៊ី និងអ៉ឺរ៉ុប ដែលក្នុងនោះមានដូចជា កម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជាដើម។ និយាយជារួម គឺមានភាពជាដៃគូជាមួយប្រទេសសរុប១៣៧ប្រទេស ដែលមានការផ្គត់ផ្គង់គ្រឿងសំណង់ ធនធានមនុស្ស វត្ថុធាតុដើម ពីខាងប្រទេសចិនទាំងស្រុង។

មិនមែនត្រឹមតែផលប៉ះពាល់ពីវីរុសតែមួយមុខទេ ធនាគារពិភពលោក (WHO) បានឱ្យដឹងថា ហានិភ័យនៃអំពើពុករលួយ បញ្ហាបរិស្ថាន និងហិរញ្ញវត្ថុដែលត្រូវវិនិយោគមួយចំនួន អាចជួបប្រទះនាពេលខាងមុខ ដែលមិនប្រាកដថានឹងមាននិរន្តភាពឬយ៉ាងណានោះទេ។

គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ មិនបញ្ជាក់តែនៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តែប៉ុណ្ណោះទេ តែក៏មានដូចជា ការអភិវឌ្ឍលើបណ្តាញផ្លូវដែក និងកំពង់ផែផងដែរ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម ងាយស្រួលនៅក្នុងការដឹកជញ្ជូនទំនិញ ដើម្បីជម្រុញសេដ្ឋកិច្ចប្រទេសនិមួយៗមានកំណើនកាន់តែខ្ពស់។

ជាក់ស្តែងគម្រោងបណ្តាញផ្លូវដែកល្បឿនលឿន តម្លៃជាង៥ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី និងទំនប់វារីអគ្គិសនី ត្រូវផ្អាកដំណើរការ ដោយសារខ្វះខាតធនធានមនុស្ស និងការដាក់រឹតបន្តឹងការធ្វើដំណើរ។ កត្តាទាំងអស់នេះ អាចជាឧបសគ្ករារាំងនៃគម្រោងខ្សែក្រវ៉ាតមួយផ្លុវមួយរបស់ចិន មកទល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ៕

ការផ្គត់ផ្គង់វិស័យលំនៅដ្ឋានបន្តកើនឡើង ប៉ុន្តែនៅមិនទាន់លើសតម្រូវការនោះទេ

ដោយៈ រ៉ាណេត

ភ្នំពេញៈ តាមការសិក្សារបស់អ្នកជំនាញ នៅក្នុងវិស័យអចលនទ្រព្យបានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងកំណើននៃចំនួនប្រជាសាស្ត្រ បានធ្វើឱ្យតម្រូវការលំនៅដ្ឋានកើនឡើង រហូតដល់ប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ ដែលជម្រុញអ្នកវិនិយោគ និងអភិវឌ្ឍន៍ ក្នុងវិស័យជាច្រើនបណ្តាក់ទុនសាងសង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងផុលផុស ដែលក្នុងរួមមានបណ្តុំលំនៅដ្ឋានលក្ខណៈបែបបុរី និងគម្រោងអភិវឌ្ឍន៍បុរីបានកើនឡើងដល់៣២៧ទីតាំងរួចទៅហើយ។

អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ថា បើទោះជាវិស័យសំណង់លំនៅដ្ឋាន នៅពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងគំហុកក៏ដោយ ប៉ុន្តែចំនួននៃការផ្គត់ផ្គង់ទាំងនេះ នៅមិនទាន់លើសពីតម្រូវការជាក់ស្ដែងនោះឡើយ។

លោកបានបញ្ជាក់ថា “ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ផ្នែកវិស័យឯកជនបានខិតខំ ក្នុងការអភិវឌ្ឍទៅលើគម្រោងសំណង់លំនៅដ្ឋានជាច្រើន ជាពិសេសនៅតាមតំបន់ទីប្រជុំជននៃបណ្តាស្រុកខេត្ត ក៏ដូចជានៅតាមតំបន់ជាយក្រុងផងដែរ ដែលគិតមកដល់ពេលនេះ គម្រោងសំណង់លំនៅដ្ឋានមានលក្ខណៈដូចជាបុរី និងគម្រោងអភិវឌ្ឍន៍បុរីបានកើនឡើងរហូតដល់៣២៧ទីតាំងនៅទូទាំងប្រទេស”។

លោកបានមានប្រសាសន៍បន្តទៀតថា អ្វីដែលក្រសួងដែនដីចង់បាន គឺការអភិវឌ្ឍ ការវិនិយោគ ការសាងសង់វិស័យសំណង់ ដែលជាការបង្កើនធនធាន និងសេដ្ឋកិច្ចសម្រា​ប់ប្រទេសជាតិ ហើយកំណើននៃការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានដ៏ផុសផុលនៅពេលនេះ នៅមិនទាន់លើសតម្រូវការនៅឡើយនោះទេ។

លោកបញ្ជាក់ថា តាមទ្រឹស្ដីសេដ្ឋកិច្ចបានបញ្ជាក់ថា បើការផ្គត់ផ្គង់លើស លុះត្រាតែតម្លៃត្រូវបានធ្លាក់ចុះ ប៉ុន្តែសម្រាប់តម្លៃលំនៅដ្ឋាន នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានការធ្លាក់ចុះនោះទេ ផ្ទុយទៅវិញមានតែការរក្សាតម្លៃទីផ្សារ និងអាចបន្តកើនឡើង ដែលជាសញ្ញាបញ្ជាក់ថា តម្រូវការទីផ្សារនៅតែបន្តមាន។

ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថាកាលពីចុងសប្ដាហ៍កន្លងទៅថា សំណង់លំនៅស្ថាន នៅតែជាតម្រូវការយ៉ា​ងខ្ពស់ទៅថ្ងៃអនាគត ដូច្នេះសមាគមក៏ត្រូវតែបន្តការខិតខំទៅមុខយូរអង្វែង និងបន្តពង្រីកសក្តានុពលរបស់ខ្លួន ឈរលើចក្ខុវិស័យនិងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជ   រដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នសមាគមរបស់លោក មានសមាជិកសរុប៥៨ក្រុ​ម​ហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងមានការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាតិ និងអន្តរជាតិព្រមទាំងរដ្ឋាភិបាលកម្ពុជាផងដែរ”។

លោកឧកញ៉ាលី ហួរបានបន្តទៀតថា ឈរលើភាពរីកចំរើននៃវិស័យអភិវឌ្ឍលំនៅស្ថានឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនោះ សមាគមបានរួមចំណែ​កអភិវឌ្ឍវិស័យអចលនទ្រព្យមិនថា នៅរាជធានីភ្នំពេញទេ សូម្បីតែនៅតាមបណ្តាខេត្តផងដែរ ដោយបានប្រែក្លាយដី អោយមានតំលៃពោរពេញ ទៅដោយសំណង់អគារទំនើប បុរីលំនៅស្ថាន មជ្ឈមណ្ឌលពាណិជ្ជកម្ម  អគារការិយាល័យ ផ្សារទំនើបនិងសំណង់បែបទំនើបៗមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹកនិងមានប្រព័ន្ធអគ្គិសនី លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានសមរម្យ”៕

ចំណេះដឹង! តើមូលដ្ឋានកំណត់ពន្ធដីមិនប្រើប្រាស់ត្រូវបានគិតយ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ អនុលោមតាមមាត្រា២៧នៃច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ពន្ធលើដីធ្លីមិនបាន ប្រើប្រាស់នេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយ​​គណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

ដីដែលធ្វើស្រែចំការ ដែលមានការ ដាំដំណាំពេញ ហើយត្រូវបានចាត់ទុកជាដីមានការប្រើប្រាស់។ ដូចនេះដីប្រភេទនេះ មិនជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ។មូលដ្ឋានកំណត់ពន្ធtax base គឺជាតម្លៃដីគិតតាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗ ដែល កំណត់ជាម៉ែត្រក្រឡា ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។

នៅក្នុងការគិតពន្ធ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញពីមូលដ្ឋាន កំណត់ពន្ធនូវផ្ទៃដីចំនួន១.២០០ម៉ែត្រក្រឡាក្នុងដីមួយកន្លែង ប៉ុន្ដែបទបញ្ញត្ដិ ដែលអនុញ្ញាតឱ្យមានការកាត់ចេញពីមូលដ្ឋានកំណត់ពន្ធចំនួន១.២០០ម៉ែត្រក្រឡា ក្នុងដីមួយកន្លែងខាងលើនេះ ត្រូវបានទុកជានិរាករណ៍ ដោយមាត្រា៣នៃច្បាប់ស្ដីពីហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧។

បន្ថែមពីលើនេះ យើងសង្កេតឃើញមានសេចក្ដីជូនដំណឹងលេខ០១០ សហវ. ប្រក.ពដ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពី ការគ្រប់គ្រងប្រមូលពន្ធលើដី ធ្លីមិនបានប្រើប្រាស់ ដែលបញ្ជាក់ឡើងវិញអំពីការមិនអនុញ្ញាតឱ្យកាត់ចេញពីមូលដ្ឋានកំណត់ពន្ធនូវចំនួន១.២០០ ម៉ែត្រក្រឡា ក្នុងដីមួយកន្លែងទៀតទេ។

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់តាមអត្រា ០២ % លើមូលដ្ឋានកំណត់ពន្ធ (មាត្រា ៣១ នៃច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥)។

ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានកំណត់ពន្ធ x អត្រាពន្ធ

មូលដ្នានកំណត់ពន្ធ =ផ្ទៃដីសរុប x តម្លៃដីក្នុង១ម៉ែត្រក្រឡា៕

សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាបចាប់ផ្តើមបញ្ចុះតម្លៃ

ដោយវុត្ថា

សៀមរាប៖ សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាបបានចាប់ផ្តើមបញ្ចុះតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកស្នាក់នៅ និងមកលេងកម្សាន្តចាប់ពីពេលនេះតទៅរហូតដល់ខែឧសភា ឆ្នាំ ២០២០ខាងមុខនេះនៅក្នុងខេត្តសៀមរាប។

លោក សេង សេរីវុទ្ធ ប្រធានទីផ្សារនៃក្រុមហ៊ុន ម៉េម័រ ហូថែល និងរីស្សត មានឲ្យដឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ
ថា សណ្ឋាគារចំនួន០៣ ដែលលោកកំពុងគ្រប់គ្រងជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ៥ និង សណ្ឋាគារលំដាប់ផ្កាយ៤ បានសម្រេចបញ្ចុះតម្លៃពិសេស៥០ភាគរយជាកញ្ចប់ក្នុងរយៈពេល១០ថ្ងៃ ចំពោះការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចាប់ពីពេលនេះទៅដល់ខែឧសភា ឆ្នាំ២០២០ ។

លោកបន្តថា ការបញ្ចុះតម្លៃពិសេសនេះ គឺសម្រាប់តែភ្ញៀវណាដែលមកស្នាក់នៅក្នុងសណ្ឋាគារក្នុងរយៈពេល១០ ហើយអតិថិជនដែលជាវយកកញ្ចប់ពិសេសនេះ នឹងទទួលបាននាមប័ណ្ណពីសណ្ឋាគារ ដែលមានសុពលភាពរហូតដល់ខែកញ្ញាឆ្នាំ២០២០ និងអាចយកនាមប័ណ្ណនោះ ទៅឱ្យអ្នកផ្សេងមកស្នាក់នៅជំនួស ហើយខាងសណ្ឋាគារនឹងដកចំនួនថ្ងៃចេញទៅតាមនោះ លុះត្រាតែអស់ចំនួនថ្ងៃដែលបានកក់ ។

លោក សេង សេរីវុទ្ធ បានឲ្យដឹងទៀតថា ការបញ្ចុះតម្លៃនេះ គឺស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងជាពិសេសតបតាមការសំណូមពររបស់អាជ្ញាធរខេត្ដសៀមរាប ក៏ដូចជាក្រសួងទេសចរណ៍ ធ្វើយ៉ាងណារៀបចំកញ្ចប់តម្លៃនិងផ្តល់សេវាឱ្យបានសមរម្យ ដើម្បីទាក់ទាញអ្នកទេសចរមកកំសាន្ដស្នាក់នៅក្នុងខេត្ដសៀមរាបឱ្យបានយូរ។

លោកបន្ថែមទៀតថា ការបញ្ចុះតម្លៃនេះ គឺចាប់ពីខែមីនា ដល់ដំណាច់ខែឧសភាឆ្នាំ២០២០ខាងមុខនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដសៀមរាប តាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជាពិសេសជុំវិញបញ្ហាសកលដែលបណ្ដាលមកពីបញ្ហាវីរុសខូវីដ-១៩នេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗនេះ បានសម្រេចលើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាបដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប រយៈពេល៤ខែ ចាប់អនុវត្តន៍ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។

ទោះបីយ៉ាងណាក៏ដោយ សម្តេចតេជោថា អាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាការលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា “ការលើកលែងពន្ធនេះ គឺមានន័យថារដ្ឋទទួលបង់ពន្ធជំនួស ព្រោះយើងធ្លាប់បានបង់ពន្ធហើយ នៅទីនេះ ប្រើពាក្យលើកលែងការបង់ពន្ធដើម្បីឲ្យស្រួលស្តាប់ ប៉ុន្តែធាតុពិតរបស់វាគឺរដ្ឋបង់ពន្ធជំនួស ហើយអ្វីដែលយើងធ្វើនៅពេលនេះ មិនគ្របដណ្តប់ទូទៅនោះទេ អ្វីដែលសំខាន់ គឺយើងធ្វើនៅខេត្តសៀមរាប ដែលជាខេត្តមួយភ្ញៀវទេសចរបរទេសធ្លាប់មកកាន់ទីនោះ ប៉ុន្តែឥឡូវនេះភ្ញៀវទេសចរមកកាន់ទីនោះ គឺធ្លាក់ចុះដល់កម្រិតមួយយ៉ាងខ្លាំង”។

ខេត្តសៀមរាប មានសេវាកម្មស្នាក់នៅជាសណ្ឋាគារចំនួន២២៨កន្លែង ស្មើនឹង១៤.៥៩៩បន្ទប់ ក្នុងនោះ សណ្ឋាគារផ្កាយ៥ចំនួន២០កន្លែង ស្មើនឹង៤០៤៦បន្ទប់ , សណ្ឋាគារផ្កាយ៤ ចំនួន២២កន្លែង ស្មើនឹង២៧២៥បន្ទប់ , សណ្ឋាគារផ្កាយ៣ ចំនួន៨កន្លែង ស្មើនឹង៤៩២បន្ទប់ , សណ្ឋាគារផ្កាយ២មួយកន្លែង និង ផ្ទះសំណាក់មានចំនួន២៤៨កន្លែង ស្មើនឹង៤.២៩៣បន្ទប់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ៕

ក្រសួងរៀបចំដែនដីគ្រោងដាក់សេវាបង់ពន្ធអចលនទ្រព្យនៅតាមអង្គភាពច្រកចេញចូលតែមួយ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី និងគរូបនីយកម្ម និងសំណង់ គ្រោងសហការជាមួយអគ្គនាយកពន្ធដារដាក់ឱ្យមានការប្រមូលពន្ធលើអចលនទ្រព្យនៅកន្លែងច្រកចេញចូលតែមួយ (One Window Service) ដើម្បីប្រមូលពន្ធលើវិស័យអចលនទ្រព្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានកាន់តែdfលឿនជូនដល់ប្រជាពរដ្ឋនាពេលខាងមុខ។

លោក សេង ឡូត អ្នកនាំពាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងមកនេះ បានពិភាក្សានៅក្នុងក្របខណ្ឌផ្ទៃក្នុងអស់រយៈពេល៣ ដងរួចហើយ តែមិនទាន់បានមានកិច្ចប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថនៅឡើយទេ ។

តែយ៉ាងណាក៏ដោយ លោកបន្តថា បានជំរាបដល់អគ្គនាយកដ្ឋានពន្ធដារដើម្បីពនិត្យមើលលទ្ធភាពទៅលើមន្ត្រីរបស់ខ្លួនមានចំនួនគ្រប់គ្រាន់អាចបញ្ជូនមកទទួលពន្ធនៅអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រដ្ឋបាលក្រោមជាតិបានឬទេ។

លោកបន្ថែមទៀតថា “ពីមុនច្រកចេញចូលតែមួយនៅមន្ទីររៀចំដែនដីនគរូបនីយកម្ម និងសំណង់ និងសូរិយោដី តែក្រោយមកយើងបានអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏ក្រសួងបានបញ្ជូនទៅនៅក្រោមរដ្ឋបាលរាជធានីខេត្តវិញ។

លោកបន្ថែមទៀតថា “ខាងពន្ធដារកំពុងធ្វើកិច្ចការនេះ ហើយខ្ញុំជឿថា មិនយូមិនឆាប់ យើងនឹងទទួលបានព័ត៌មានជាវិជ្ជមានពីអគ្គនាយដ្ឋានពន្ធដារ ដើម្បីរួមគ្នាធ្វើយ៉ាងមិចជំរុញឱ្យការផ្តល់សេវាសាធារណៈនេះ បានកាន់តែលឿន និងប្រសើរជាងមុន”។
លោកសេង ឡូតបន្ថែមថា “ហើយខ្ញុំនៅតែជឿថា កិច្ចការនេះ នៅដំណើរការទៅបានដោយសារតែមានការកើនឡើងនូវបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ”។

ការិយាល័យច្រកចេញចូលតែមួយ ជាកន្លែងដែលអតិថិជនត្រូវបានទទួលទម្រង់បែបបទ ព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់ស្ដីពីការផ្ដល់សេវារដ្ឋបាល កម្រៃសេវា និងអាករផ្សេងៗ និងជាកន្លែងផ្ដល់នូវលទ្ធផលសម្រេចជាផ្លូវការលើសេចក្ដីស្នើសុំដល់អតិថិជនវិញ។

សេចក្តីសម្រេចស្ដីពីការបង្កើតច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ស្រុក ខណ្ឌ ត្រូវបានសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាកាលពីថ្ងៃទី៣០ មិថុនា ២០០៨បានឱ្យដឹងថាការិយាល័យច្រកចេញចូលតែមួយ មានសមត្ថកិច្ចផ្ដល់ជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងសហគ្រាសនូវសេវារដ្ឋបាល ដែលប្រជាពលរដ្ឋ ក្រុមហ៊ុន និងសហគ្រាសត្រូវការជាប្រចាំ ឲ្យបានទាន់ពេលវេលា មានតម្លាភាព តាមនីតិវិធី និងមានប្រសិទ្ធភាព៕

អ្នកជំនាញអះអាងថា តម្រូវការប្រើប្រាស់ដីនៅតំបន់ភ្នំឧដុង្គកំពុងកើនឡើង ខណៈដែលគម្រោងអភិវឌ្ឍន៍ធំៗចាប់ផ្ដើមបង្ហាញវត្តមាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ជាពិសេសផ្នែកឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រួមនឹងគម្រោងអភិវឌ្ឍន៍សំណង់ លំនៅដ្ឋានកម្រិតមធ្យមជាច្រើន បាននិងកំពុងចាប់ផ្តើមបង្ហាញវត្តមាន នៅតំបន់ជុំវិញភ្នំឧដុង្គជាបន្តបន្ទាប់ ស្របទៅតាមគោលការណ៍របស់រដ្ឋាភិបាល ដែលធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីមានការកើនឡើងខ្ពស់។


ជាមួយនឹងការមើលឃើញពីសក្ដានុពលនៅក្នុងតំបន់ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់ដីខាងលើនេះ អគ្គនាយកក្រុមហ៊ុន KW Sen Sok និងជានាយកក្រុមហ៊ុនអចលនទ្រព្យ SAM SN REALTY Co,.Ltd លោកសំ សុខនឿន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះថា ដោយសារតែព្រឹត្តិការណ៍នៃជំងឺ Covid-19 បានធ្វើឱ្យមនុស្សភាគច្រើន យល់មានការប៉ះពាល់យ៉ាងខ្លាំង មកលើវិស័យអចលនទ្រព្យ ជាពិសេសការទិញលក់ដីធ្លីតែម្ដង រហូតធ្វើឱ្យអ្នកខ្លះសម្រេចចិត្តលក់ដីចេញក្នុងតម្លៃក្រោមទីផ្សារ។

លោកបានបន្តទៀតថាសម្រាប់អ្នកដែលសម្រេចចិត្តលក់ដី ឬអចលនទ្រព្យក្រោមតម្លៃទីផ្សារនៅពេលនេះ នឹងមានការស្ដាយក្រោយជាក់ជាមិនខាន ដែលក្រោយពេលការទប់ស្កាត់ជំងឺនេះ ត្រូវបានធ្វើឡើងជោគជ័យ នឹងធ្វើឱ្យតម្លៃដីឡើងថ្លៃ ហើយវាក៏ជាឱកាសសម្រាប់អ្នកមានលុយទិញដីទុកផងដែរ

ដោយឡែកងាកទៅកាន់តំបន់ភ្នំឧដុង្គ ត្រូវបានលោក សំ សុខនឿន បានបញ្ជាក់ថា តំបន់ជុំវិញភ្នំឧដុង្គ ដែលស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ក៏នឹងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ខ្លាំងផងដែរ ដែលមានតម្រូវការខ្ពស់ក្នុងវិស័យឧស្សាហកម្ម ដែលរើចេញពីរាជធានីភ្នំពេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅពេលដែលមានតម្រូវការប្រើប្រាស់ដីសម្រាប់វិស័យឧស្សាហកម្ម រោងចក្រ វានឹងជម្រុញឱ្យមានការអភិ ឌ្ឍលើវិស័យលំនៅដ្ឋានផងដែរ ជាពិសេសទៅលើលំនៅដ្ឋានសម្រាប់ផ្គត់ផ្គង់ការស្នាក់នៅរបស់កម្មករកម្មការិនីតែម្ដង។


លោកបញ្ជាក់ថា ពេលនេះសម្រាប់អ្នកដែលមានលុយ គួរទិញដីនៅតំបន់ទុកខណៈដែលតម្លៃនៅមានកម្រិត ហើយនឹងកើនឡើងនៅពេលឆាប់ៗខាងនេះ

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ ដោយទទួលស្គាល់ពីសក្ដានុពលនៃតំបន់ខាងលើនេះថា ពិតជាកំពុងតែមានតម្រូវការប្រាកមែន ហើយស្ទើរតែគ្រប់តំបន់ជាយក្រុងរាជធានីភ្នំពេញទាំងអស់ ក៏មានតម្រូវការប្រើប្រាស់ដីដូចគ្នា ជាពិសេសត្រឹមចម្ងាយចាប់ពីប្រមាណ ២០៣០គីឡូម៉ែត្រពីក្រុង។

លោកបានបន្តទៀតថា តំបន់ខាងលើនេះមានភាពល្អប្រសើរច្រើន ក្រៅពីនៅជិតក្រុង និងមានផ្លូវហាយវេ ដែលរដ្ឋាភិបាលកំពុងតែធ្វើការកែលម្អជាបណ្តើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូន វានៅមានវិសាលភាពធំទូលាយ ងាយស្រួលអភិវឌ្ឍ ហើយតម្លៃក៏នៅធូរថ្លៃ លោកបន្ថែមថា កត្តាភូមិសាស្ត្រនៅទីនេះ ល្អប្រសើរទាំងការរស់នៅ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន

លោក វ៉ា វិរៈ បានមានប្រសាសន៍បន្តទៀតថា នៅតំបន់នេះវាមានសក្ដានុពលខ្លាំងដោយសារ តែមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន នៅព័ន្ធជុំវិញ ដូចជាផ្លូវហាយវេ (ផ្លូវជាតិលេខ៥) ផ្លូវជាតិលេខ៥១ ដែលជាគោលដៅនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ធនាគារកាណាឌីយ៉ា រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍បុរី និងបណ្តុំលំនៅដ្ឋានបែបបុរី ខណៈដែលគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតរបស់រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់