រដ្ឋាភិបាលសម្រេចលើកពេលរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចលើកកាលបរិច្ឆេទ នៃការរៀបចំកម្មវិធីវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ទៅថ្ងៃក្រោយវិញ ដើម្បីបង្ការឆ្លងជំងឺ Covid-19


លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះ ថា សម្តេចតេជោបានសម្រេចដ៏ខ្ពង់ខ្ពស់លើកកម្មវិធី វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលបានគ្រោងរៀបចំនៅថ្ងៃទី១ខែមេសា ទៅថ្ងៃក្រោយ ដើម្បីបង្ការ និងការជៀសវាងការរីករាលដាលជំងឺកូវី ១៩។

វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានីខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

វេទិការាជរដ្ឋាភិបាលផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។


ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនចំនួន១៣ក្រុម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ ដើម្បីចូលរួមសន្ទនាដោះស្រាយបញ្ហាផ្សេងៗជាមួយរាជរដ្ឋាភិបាល។

គិតរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន១២ករណី ក្នុងនោះមានលើជនជាតិខ្មែរចំនួន៤ករណី និងក្រៅពីនោះគឺកើតលើជនបរទេស ដែលមានជនជាតិអង់គ្លេស៣ករណី ជនជាតិបារាំង២ករណី ជនជាតិកាណាដា១ករណី ជនជាតិចិន១ករណី និងជនជាតិប៊ែលហ្សិក១ករណី។ ក្នុងចំណោម១២ករណីនេះ មាន១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន៕

ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកអាចប្រឈមនឹងការខាតបង់ទឹកប្រាក់ ១០០ពាន់លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកម្ពុជា និងពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសកលលោក ដែលអាចខាតបង់ទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារ ដោយសារការរឹតបន្តឹងការធ្វើដំណើរក្នុងស្រុកនិងក្រៅស្រុក។


ក្រុមហ៊ុនអាកាសចរណ៍មួយចំនួននៅក្នុងទីក្រុងភ្នំពេញ បានទទួលស្គាល់ថាដោយសារតែភ្ញៀវទេសចរ ត្រូវបានរឹតបន្តឹងការធ្វើដំណើរ ដូច្នេះហើយទើបបណ្តាលឱ្យមានការធ្លាក់ចុះនៃជើងហោះហើរ។ បញ្ហានេះភ្ជាប់គ្នាទៅនឹងការចាកចេញរបស់ជនជាតិចិន ដែលពួកគេចាកចេញពីកម្ពុជាប្រមាណ១ម៉ឺននាក់ ពីព្រលានយន្តហោះទាំង៣របស់កម្ពុជា។

អាកាសយានដ្ឋានក្រុងព្រះសីហនុ កំពុងប្រឈមមុខនឹងបញ្ហាធំបំផុតរបស់ខ្លួន បន្ទាប់ពីទទួលបានបទពិសោធន៍ ពីការមកដល់ និងការចាកចេញរបស់អ្នកដំណើរក្នុងឆ្នាំ ២០១៩ ដែលក្រុមហ៊ុនអាកាសចរណ៍ស្ទើរតែទាំងអស់ បានបង្កើតនៅទីនោះ បានផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅកាន់ទីក្រុងឆ្នេរសមុទ្រ ដើម្បីបំពេញតម្រូវការអ្នកទេសចរចិនភាគច្រើន។

សរុបមក ឧស្សាហកម្មអាកាសចរណ៍ កំពុងប្រឈមមុខនឹងភាពច្របូកច្របល់បន្ទាប់ពីការផ្ទុះឡើង នៃមេរោគឆ្លងពិភពលោក ដោយអ្នកជំនាញប៉ាន់ស្មានថា ការខាតបង់ប្រាក់ចំណូលអាចមានលើសពី១០០ពាន់លានដុល្លារ។

លោក Alexandre de Juniac អគ្គនាយកនិងជានាយកប្រតិបត្តិនៃសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានមានប្រសាសន៍ថា ក្នុងរយៈពេលតែជាង ខែទៀតក្តីរំពឹងនៃឧស្សាហកម្មអាកាសចរណ៍ នៅក្នុងពិភពលោកភាគច្រើន បានផ្លាស់ប្តូរយ៉ាងខ្លាំង។


នៅក្នុងការវិភាគថ្មីៗនេះ សមាគមកំពុងប៉ាន់ប្រមាណថា អាជីវកម្មដឹកអ្នកដំណើរតាមជើងហោះហើរពិភពលោក នឹងខាតបង់ពី៦៣ពាន់លានដុល្លារ ទៅ១១៣ពាន់លានដុល្លារ អាស្រ័យលើការរីករាលដាលនៃមេរោគ។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយIATA ការខាតបង់ដែលបានប៉ាន់ប្រមាណមានតិចជាង៣០ពាន់លានដុល្លារ ដោយសមាគមនេះសន្មត់ថា មានតែផលប៉ះពាល់ទីផ្សារ ដែលទាក់ទងនឹងប្រទេសចិនប៉ុណ្ណោះ។ រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងរឹតបន្តឹងគោលនយោបាយធ្វើដំណើរ ខណៈពេលដែលទាំងអាជីវកម្ម និងបុគ្គលមានការប្រយ័ត្នប្រយែងជាងមុន អំពីនិន្នាការហោះហើរ ដែលបង្កការគំរាមកំហែងដល់ឧស្សាហកម្មអាកាសចរណ៍។

យោងតាមការស្ទង់មតិថ្មីៗនេះ ដោយសមាគមន៍ទេសចរណ៍ធុរកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមហ៊ុនជាង៤០ភាគរយ នៃក្រុមហ៊ុនជាសមាជិកបានលុបចោល ឬបញ្ឈប់រាល់ការធ្វើដំណើរអន្តរជាតិ ហើយ៩៥ភាគរយបានលុបចោលឬផ្អាកដំណើរអាជីវកម្មភាគច្រើនឬទាំងអស់ទៅប្រទេសចិន៕

ទីក្រុងភ្នំពេញទទួលបានគម្រោងវិនិយោគវិស័យសំណង់ថ្មីចំនួន ១០៣០ មានទុន៣,៤ពាន់លានដុល្លារ

ដោយ វុត្ថា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោងដែលមានទំហំទុនវិនិយោគប្រមាណប្រហែលជា៣,៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩កន្លងមកនេះ ខណៈវិស័យសំនៅក្នុងប្រទេសមានការរីកចំរើនឥតឈប់ឈរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ មិនានេះឱ្យដឹងថាវិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ ក្រុងភ្នំពេញមានសំណង់បុរីនិងបណ្តុំផ្ទះល្វែងចំនួន២៣៧កន្លែង អគារខ្ពស់ៗចំនួន៤ជាន់ឡើងទៅមានចំនួន១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ ចំនួន៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន២៦០ទីតាំង។

លោក ឃួង ស្រេងបន្តថា វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះធ្វើឡើងគឺក្នុងគោលបំណងដើម្បីបញ្ជ្រៀបការយល់ដឹងច្បាប់ស្តីពីសំណង់ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់មន្ត្រីរបស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង ស្របទៅនឹងការរីកចំរើនក្នុងវិស័យសំណង់របស់ប្រទេសកម្ពុជា។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានឱ្យដឹងថា ច្បាប់សំណង់ដែលមានចំនួន២២ជំពូកនិង១១១មាត្រាមានគោលបំណងចំនួន៣គឺទី១ ចង់អោយអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្តអោយបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកបទៅដោយការទទួលខុសត្រូវ។

លោកបន្តថា គោលបំណងទី២ គឺការជម្រុញការលើកកំពស់ក្រមសីលធម៌វិជ្ជាជីវនិងក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់និងទី៣ បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគគិននិងអតិថិជនគ្រប់វិស័យទាំងអស់។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្ថែមថា ពាក់ព័ន្ធនិងការងារនេះក្រសួងបានបណ្តុះបណ្តាលរួចហើយ នៅតាមបណ្តាខេត្ត រាជធានីមួយចំនួន ក្នុងនោះ នៅបន្ទាយមានជ័យ សៀមរាប ព្រះសីហនុភ្នំពេញ ខណៈ ខេត្តនិងរាជធានីនេះកើតឡើងនូវសំណង់ច្រើន ហើយចំពោះការផ្សព្វផ្សាយវិញក៏បានផ្សព្វផ្សាយរួចហើយដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ចាម ខេត្តកែបនិង ត្បូងឃ្មុំជាដើម៕

ក្រសួងរៀបចំដែនដីៈ សំណង់ខុសច្បាប់១៤កន្លែងនៅក្រុងព្រះសីហនុត្រូវបាន បញ្ជាឲ្យរុះរើ

ដោយ ប៊ី

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យមានការរុះរើសំណង់ខុសច្បាប់១៤កន្លែង នៅខេត្តព្រះស៊ីហនុ ខណៈសំណង់ជាង១០០ តម្រូវឱ្យមានការត្រួតពិនិត្យដំណើរការសាងសង់ឡើងវិញ។

លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះថា គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៃក្រសួងរៀបចំដដែនដី នគរូបនីយកម្មនិងសំណង់បានត្រួតពិនិត្យសំណង់ជាង៥០០ គម្រោងនៅក្នុងខេត្តព្រះសីហនុ។

លោកបានថ្លែងថា “សំណង់ខុសច្បាប់១៤កន្លែង ត្រូវបានបញ្ជារុះរើ និងសំណង់ជាង១០០ទាមទារឱ្យមានពិនិត្យគុណភាព និងត្រូវបានណែនាំ បន្ទាប់ពីគណៈកម្មការត្រួត​ពិនិត្យគុណភាពសំណង់ បានរកឃើញភាពមិនត្រឹមត្រូវបទដ្ឋានសំណង់”។

នៅក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅលើភ្នំបូកគោ (កំណប់ឋានសួក៌) កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានធ្វើការក្រើនរំលឹកសាជាថ្មីម្ដងទៀត ទៅដល់បណ្តាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនម៉ៅការសាងសង់ ជាពិសេសមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវតែគោរព និងអនុវត្តទៅតាមច្បាប់សំណង់ ដែលក្រសួងបានដាក់ចេញ ជៀសវាងធ្វើតាមការបង្គាប់បញ្ជាពីសំណាក់ម្ចាស់គម្រោង ដែលជាអ្នកមានលុយ ដែលប្រាស់ចាកពីច្បាប់កំណត់។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “គ្រប់ការដ្ឋានសាងសង់ នៅពេលមន្ត្រីក្រ​សួងឬមន្ទីរចុះឆែក បើអត់មានច្បាប់សំណង់ទេ ព្រះរាជអាជ្ញាត្រូវចេញដីកាឃាត់ភ្លាម”។

លោកបន្តថា “ជាងនេះទៅទៀត អ្នកសាងសង់ ត្រូវរក្សានូវផែនការ គឺសាងសង់គោរពតាមប្លង់គោល ប្លង់នគររូបនីយកម្ម មិនត្រូវសង់លើផ្លូវ ប្រឡាយទឹក សង់មិនគោរព ទៅតាមបទដ្ឋានបច្ចេកទេស សង់អត់មានវិស្វករ ស្ថាបត្យករ នៅប្រចាំការដ្ឋាននោះទេ”៕

គម្រោងអភិវឌ្ឍន៍វិស័យសំណង់នៅដើមឆ្នាំ២០២០នៅតែបន្តកើនឡើងជិតទ្វេដង

ដោយៈ រ៉ាណេត

ភ្នំពេញៈ បើទោះជាកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រឈម នៃការរាតត្បាតជំងឺ Covid-19 ប៉ុន្តែសម្រាប់វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ចំនួន៥២៣គម្រោង កើនឡើងជិត៥០ភាគរយ ប្រើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បា​នមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលើកទិសដៅបន្តកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ គម្រោងសាងសង់សំណង់ជាច្រើន នៅតែមានសកម្មភាពក្នុងការអភិវឌ្ឍដដែល ដោយចំនួនសរុបមានរហូតដល់៥២៣គម្រោង គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួនត្រឹមជាង៣០០គម្រោងតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “ជាមួយនឹងការកើនឡើងនូវចំនួនគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យសំណង់នេះ បានជំរុញឱ្យទុនវិនិយោគកើនឡើងស្ទើរទ្វេដង ហើយវានឹងនៅតែបន្តកើនឡើងទៀត ប្រសិនបើបញ្ហានៃជំងឺCovid-19 ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពក្នុងពេលដ៏ខ្លីខាងមុខនេះ”។

នៅពេលបច្ចុប្បន្ននេះ សំណង់អគារខ្ពស់ៗនៅកម្ពុជា មានចំនួនជិត២០០០អគារ ដែលក្នុងនោះ អគារបម្រើវិស័យសណ្ឋាគារមានចំនួនជាង១០០០អគារ ហើខុនដូមានចំនួន២៣,០០០យូនីត។  ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍន៍ លើវិស័យលំនៅដ្ឋានមានចំនួន៣២៧ទីតាំង រួមមានទាំងគម្រោងអភិវឌ្ឍន៍បែបបុរី និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានលក្ខណៈបែបបុរី។

ក្រុមហ៊ុនអន្តរជាតិដែលចូលមកវិនិយោគ នៅក្នុងវិស័យសំណង់នៅកម្ពុជា សរុបមានចំនួន១៨ប្រទេស ដែលក្នុងនោះការវិនិយោគមកពីប្រទេសចិន ឈរនៅលំដាប់ទី១ ប្រទេសកូរ៉េស្ថិតនៅតំដាប់ទី២ ហើយប្រទេសជប៉ុនស្ថិតនៅលំដាប់ទី៣៕

ក្រសួងរៀបចំដែនដីបានសម្រេចកំណត់ប្លង់គោលប្រើប្រាស់ដីនៅតំបន់ក្រុង-ស្រុក ទូទាំងប្រទេសបានចំនួន១៣

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចកំណត់ការប្រើប្រាស់ដីដែលស្ថិតនៅក្នុងប្លង់គោលនៅតាមបណ្តាស្រុក-ក្រុង នានានៅទូទាំងប្រទេសបានចំនួន១៣ ក្នុងចំណោមស្រុក-ក្រុងសរុបចំនួន២៦ ស្មើនឹង៥០ភាគរយ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលើកទិសដៅបន្ត កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះថា “គិតមកត្រឹមព្រឹកថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចធ្វើការកំណត់នៃការប្រើប្រាស់ដីតាមប្លង់គោលនៅតាមបណ្តាស្រុក-ក្រុងនៅទូទាំងប្រទេសបានចំនួន១៣ ក្នុងចំណោមស្រុក-ក្រុងចំនួន២៦”។

លោកបានបន្តទៀតថា “សម្រាប់ផែនការរៀបចំដែនដីថ្នាក់រាជធានី-ខេត្តបានចំនួន៣ខេត្ត គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលផែនការនៃការរៀបចំដែនដីនេះ ពិតជាមានសារសំខាន់បំផុតក្នុងការរៀបចំ និងកំណត់នូវផែនការយុទ្ធសាស្ត្រសម្រាប់បែងចែកនៃការប្រើប្រាស់ដី ដើម្បីឈានទៅរកការអភិវឌ្ឍន៍”៕

ចង់លក់អចលនទ្រព្យរបស់លោកអ្នកបានលឿនដែរឬទេ ម្ចាស់អចលនទ្រព្យអាចដាក់អចលនទ្រព្យដេញថ្លៃបាន

ដោយភារៈ

ភ្នំពេញៈ ក្រុមហ៊ុនដេញថ្លៃអចលទ្រព្យកម្ពុជា​ (Cambodian Property Auction Co., Ltd.) ឬហៅកាត់ថា​CPA ដែលជាក្រុមហ៊ុន​មានអ្នកជំនាញជាតិនិងអន្តរជាតិ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ បានចាប់ផ្តើមទទួលអចលនទ្រព្យពីម្ចាស់អចលនទ្រព្យនានា ដើម្បីរៀបចំកម្មវិធីដេញថ្លៃ ដោយមានការចូលរួមពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើន។

ក្រុមហ៊ុននេះបាននិងកំពុងផ្តល់សេវាកម្ម ដេញថ្លៃអចលនទ្រព្យ ដែលជាសេវាកម្មដ៏ល្អបំផុតក្នុង​ការជួយលោកអ្នក លក់អចលទ្រព្យ ដូចជា ផ្ទះ ដី ឬអគារ ជាដើម បានដាច់លឿន ជាងសេវកម្មអចលទ្រព្យផ្សេងៗ។

លោកសន សំរេចភារៈនាយកប្រតិបត្តិក្រុមហ៊ុន Cambodian Property Auction​បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៦ មិនានេះថា ក្រុមហ៊ុនផ្តល់សេវាកម្មដេញថ្លៃអចលនទ្រព្យដំបូងគេនេះ បាននិងកំពុងធ្វើការងារដោយផ្តោតលើក្រមសីលធ៌មវិជ្ជាជីវៈ និងមានលក្ខណពិសេសជាច្រើនដែលលោក អ្នកគួរប្រើប្រាស់សេវាកម្មដេញថ្លៃអចលនទ្រព្យ ជាមួយនឹងក្រុមហ៊ុន CPA ដូចជា ទី១ លក់លឿន៖ ក្រុមហ៊ុន មានអ្នកជំនាញ ក្នុងការផ្តល់ប្រឹក្សា តម្លៃទីផ្សារអចលទ្រព្យឲ្យបានត្រឹមត្រូវ និង ការផ្សព្វផ្សាយដែលមានប្រសិទ្ធភាពជាច្រើនទំរង់ក្នុងការបង្ហាញអចលនទ្រព្យ ដល់អ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើន ​ទើបធ្វើឲ្យការលក់អចលនទ្រព្យរបស់លោកអ្នកលឿន ដោយលោកអ្នកចំណេញទាំងពេលវេលា​និងថវិកា។

ទី២ ភាគរយខ្ពស់នៃការលក់បានជោគជ័យ៖ ដោយសារតែកម្មវិធីដេញថ្លៃ បានបង្កើតនូវ ភាពបន្ទាន់ៗ ពិសេស ពេវេលាកំណត់ សម្រាប់អ្នកចូលរួមដេញថ្លៃ ទើបធ្វើឲ្យការលក់អាចសម្រេចបានជោគជ័យ ក្នុងភាគរយដែលខ្ពស់ចន្លោះពី​៧៥ ទៅ៨០ភាគរយ ដែលដាក់លក់នៅក្នុងកម្មវិធីដេញថ្លៃ។ ពិសេសជាងនេះទៅទៀត អ្នកដែលអញ្ជើញមកកាន់កម្មវិធីដេញថ្លៃ សុទ្ធសឹងតែជាអ្នកមានបំណងចង់ទិញពិតប្រាកដ ហើយបានឆ្លងកាត់ការមើលអលនទ្រព្យរួចហើយមុនពេលកម្មវិធីដេញថ្លៃមកដល់។

ទី៣ ដំណើរការលក់មានតម្លាភាព៖ ម្ចាស់អលនទ្រព្យលែងបារម្មណ៏ពីការលក់លើសថ្លៃ ឬដាក់គងពីលើតម្លៃរបស់អចលទ្រព្យរបស់ខ្លួន ដោយការដេញថ្លៃទទួលបានតម្លៃពិតប្រាកដ ដែលត្រូវបានប្រកាសឡើងនៅក្នុងកម្មវិធីតែម្តង ពុំមានការលាក់លាមរឿងតម្លៃឡើយ​ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមានកោលការណ៏ច្បាស់លាស់ ក្នុងការដេញថ្លៃដោយភាពសុក្រិតនិងត្រឹមត្រូវបំផុត។

ប្រសិនបើអស់លោក មានបំណងចង់លក់អចលទ្រព្យ របស់លោក អ្នកឲ្យបានលឿនសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនCPA Group មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវ២៧១ (ចម្ងាយប្រមាណ​២០០ម៉ែត្រ គិតពីច្រកចូលវត្តសន្សំកុសល ឆ្ពោះមកក្បាលថ្នល់) ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ឬសូមទំនាក់ទំនងលេខទូរស័ព្ទ 012/ 015/ 068 79 68 79៕

ក្រុមហ៊ុនអូស្ត្រាលីធំមួយបន្ថែមទុន ២៣០ លានដុល្លារដើម្បីរុករុករ៉ែមាសនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Emerald Resources ដែលចុះបញ្ជីនៅអូស្រ្តាលីបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ២៣០ លានដុល្លារជាមួយក្រុមហ៊ុនរ៉ែ Mining and Civil Australia (Maca)សម្រាប់គម្រោងរុករករ៉ែមាសអូរខ្វាវរបស់ខ្លួននៅកម្ពុជា។

ក្រុមហ៊ុន Emerald Resources ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) រំពឹងថានឹងទាញយកមាសពីគម្រោងមាសអូរខ្វាវនៅត្រីមាសទី ២ ឆ្នាំ ២០២១។
ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៧ ឆ្នាំដែលរួមមានការផ្គត់ផ្គង់ឧបករណ៍ធ្វើរ៉ែ និងសេវាកម្មរ៉ែសម្រាប់គម្រោងរ៉ែមាសនៅកម្ពុជា។ កិច្ចព្រមព្រៀងក៏គ្របដណ្តប់លើសេវាកម្មដឹកទំនិញ ការខួងរក និងការបំផ្ទុះ។

ក្រុមហ៊ុន Emerald Resources បានឱ្យដឹងថា ការប្រមូលផ្តុំទៅក្នុងគម្រោងរ៉ែមាសអូរខ្វាវត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែសីហា ជាមួយនឹងប្រតិបត្តិការគ្រោងនឹងចាប់ផ្តើមនៅខែតុលា។

នាយកគ្រប់គ្រងក្រុមហ៊ុន Emerald Resources លោក Morgan Hart បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើកិច្ចសន្យារុករករ៉ែនេះធ្វើឡើង បន្ទាប់ពីមានដំណើរការយ៉ាងល្អិតល្អន់ និងសហការគ្នាជាមួយក្រុមទាំងពីរក្នុងការបញ្ចប់កាលវិភាគរុករករ៉ែសម្រាប់ការអភិវឌ្ឍ និងប្រតិបត្តិការរបស់គម្រោងរ៉ែមាសអូរខ្វាវ”។

លោក បានឱ្យដឹងទៀតថា “ការចុះហត្ថលេខាលើកិច្ចសន្យារ៉ែផ្តល់ឱ្យយើងនូវទំនុកចិត្តកាន់តែខ្លាំងដើម្បីសម្រេចបាននូវគោលដៅរបស់យើងដើម្បីក្លាយជាអ្នកផលិតមាសខ្នាតធំដ៏ទំនើបដំបូងបង្អស់នៅប្រទេសកម្ពុជាក្នុងត្រីមាសទី ២ ឆ្នាំ ២០២១”។

ប្រធានប្រតិបត្ដិប្រតិបត្ដិការក្រុមហ៊ុន Maca លោក Geoff Baker បានមានប្រសាសន៍ថា “ក្រុមហ៊ុន Maca ទន្ទឹងរង់ចាំបន្តនូវទំនាក់ទំនងការងាររឹងមាំដែលយើងបានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ ហើយឆ្លងកាត់គម្រោងជោគជ័យប្រកបដោយគុណភាពជាច្រើនជាមួយនឹងគណៈកម្មាធិការ និងការគ្រប់គ្រងរបស់ក្រុមហ៊ុន Emerald”។

លោក ថ្លែងថា “កិច្ចសន្យារុករករ៉ែនេះអនុញ្ញាតឱ្យក្រុមហ៊ុន Maca ទាញយកបទពិសោធន៍ក្រៅប្រទេសដែលទទួលបាននៅប្រេស៊ីល ហើយបន្ថែមលើការងាររបស់ក្រុមហ៊ុន Maca ក្នុងវិស័យមាស”។

ក្រុមហ៊ុនបានចេញផ្សាយការសិក្សាលទ្ធភាពច្បាស់លាស់របស់ខ្លួនកាលពីខែ ឧសភា ឆ្នាំ ២០១៧ ហើយបានបង្ហាញថា គម្រោងនេះអាចផលិតមាសបាន ១០៦,០០០ អោនក្នុងមួយឆ្នាំជាមធ្យម។

តាមការប៉ាន់ស្មាន គម្រោងមាសរ៉ែនេះនឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល ៧ ឆ្នាំដោយការវិនិយោគមូលធនមានចំនួន ៩៨ លានដុល្លារអូស្ត្រាលី (៦០.៥ លានដុល្លារ)៕

រដ្ឋាភិបាលបាលបានចុះបញ្ជីក្បាលដីបានចំនួន ជាង៥ លាននៅទូទាំងប្រទេស

ដោយវុត្ថា

ភ្នំពេញ៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានចុះបញ្ជីក្បាលដីបាន ៥លាន ៦ សែនក្បាលដីនៅទូទាំងប្រទេស ខណៈរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប៉ាន់ស្មានថាមានចំនួន ៧ លានក្បាលដីនៅទូទាំងប្រទេស។

នេះ បើតាមការឱ្យដឹងពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងទិសដៅបន្តនាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល។

លោក សេង ឡូត បន្តថា ក្នុងចំណោមការចុះបញ្ជីក្បាលដីនេះ មានទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំជូនប្រជាពលរដ្ឋនៅទាំងប្រទេស ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងប្រើប្រាសដីរបស់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ក្រៅពីនេះ ក៏រដ្ឋាភិបាលបានចុះបញ្ជីដីរបស់សហគមជនជាតដើមភាគតិច ដែលរហូតមកដល់ពេលនេះ គឺបានចំនួនជាង ៣០ សហគមន៍ផងដែរ។ បន្ថែមពីនេះ ក៏បានចុះបញ្ជីដីរដ្ឋផងដែរបានជាច្រើនទីតាំងផងដែរ៕

សម្តេចតេជោ បញ្ជាឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាមមិនឱ្យចូលចត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់ទៅលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយយកនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាមមិនឱ្យចូលចត ព្រោះបារម្ភមានជំងឺ COVID-19 ។

សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាបន្ទាន់ដោយតម្រូវឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួយអន្តរាគមន៍ជួយយកនាវាទេសចរណ៍ខ្មែរចំនួន៤គ្រឿងដែលស្ថិតនៅដែកទឹកសាបក្នុងប្រទេសវៀតណាមចូលមកកាន់កម្ពុជាវិញ បន្ទាប់ពីទទួលបានការស្នើសុំផ្ទាល់ពីម្ចាស់នាវាទេសចរណ៍តាមរយៈបណ្តាញ Facebook របស់សម្ដេចកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

ម្ចាស់នាវាទេសចរណ៍ខ្មែរ លោក ផាន សុបិន្ត បានសរសេររៀបរាបលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ថា នាវាទេសចរណ៍របស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។

លោក សុបិន្ត បន្តថា លើនាវានោះមាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់។ ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។

លោក ផាន សុបិន្ត បានសុំសម្តេចតេជោជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរឱ្យនាវាទាំង៤នេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមនាវាទាំង៤គ្រឿង នាវា៣គ្រឿង មានផ្ទុកអ្នកទេសចរដែលភាគច្រើនមកពីប្រទេសនៅតំបន់អឺរ៉ុប ហើយនាវាមួយគ្រឿងទៀត មិនមានអ្នកទេសចរទេ មានតែអ្នកបម្រើលើនាវាប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា មកដល់ពេលនេះខាងនាវា ក៏ដូចជាក្រសួងកំពុងសម្របសម្រួលសុំចូលចតនៅក្នុងប្រទេសវៀតណាម។ តែបើវៀតណាម នៅតែមិនអនុញ្ញាតទៀត គឺរាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យនាវាទាំង៤គ្រឿងត្រឡប់មកវិញ ដោយត្រូវសំចតនៅច្រកក្អមសំណរ ដើម្បីត្រួតពិនិត្យសុខភាពជាមុនសិន។ ក្នុងករណីពិនិត្យឃើញថា អ្នកទេសចរលើនាវាមិនមានបញ្ហាសុខភាពទេ នឹងត្រូវដឹកជញ្ជូនពួកគាត់ចូលមករាជធានីភ្នំពេញ៕