រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងបង្កើតរោងចក្រចំនួន២បន្ថែមទៀត មានទំហំទុនសរុបជិត៥លានដុល្លារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រចំនួន២ ស្ថិតនៅខេត្តកំពង់ស្ពឺ និងក្រុងសួងខេត្តត្បូងឃ្មុំ ដែលមានទំហំទុនវិនិយោគសរុបចំនួន ៤,៧លានដុល្លារ។

ក្រុមហ៊ុនដែលទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលទាំង២រួមមានដូចខាងក្រោម៖

១-ក្រុមហ៊ុន “JIN MING LI JIAN ONE CO., LTD.”គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

២-ក្រុមហ៊ុន “SUZEN (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៦កន្លែង។

ការដាក់លក់អចលនទ្រព្យតាមប្រព័ន្ធអនឡាញនៅប្រទេសចិនកំពុងល្បីល្បាញ

ដោយ ហ្សូលី

ប្រទេសចិនៈ ប្រទេសចិនលើកទឺកចិត្តដល់ក្រុមហ៊ុនអចនទ្រព្យនានា ឱ្យប្រើប្រាស់ការលក់អចនទ្រព្យតាមប្រព័ន្ធអនឡាញ ជៀសវាងការចេញទៅខាងក្រៅ ដែលអាចឆ្លងមេរោគ និងបង្កើនអត្រាការលក់អចលនទ្រព្យកុំឱ្យជាប់គាំង។


ក្រុមហ៊ុនអចនទ្រព្យធំជាងគេនៅចិនEvergrande បានបង្កើតសហគមន៍លក់អចលនទ្រព្យនេះ ដោយមានការបញ្ចុះតម្លៃជាច្រើនភាគរយ ក្នុងនោះមានខុនដូ អូហ្វីស និងលំនៅដ្ឋានជាដើម។ កម្មវិធីនេះអនុញ្ញាតឱ្យគ្រប់ក្រុមហ៊ុនអចនលទ្រព្យ ប្រើប្រាស់បាន ហើយអ្នកទិញ ក៏អាចស្វែងរកអចលនទ្រព្យដែលខ្លួនពេញចិត្ត និងអាចស្រាវជ្រាវព័ត៌មានបានតាមចិត្ត។

ព័ត៌មាននោះមានដូចជា ការបង្ហាញនូវបន្ទប់និមួយ ទិដ្ឋភាពនៅជុំវិញអចនទ្រព្យនោះ ទីតាំង និងការផ្តល់ជូនពិសេសៗជាច្រើន។

ចាប់តាំងពីមានការធូរស្បើយពីវីរុសកូរ៉ូណា ការបញ្ចុះតម្លៃអចលនទ្រព្យហាក់បីដូចជាមិនខ្ពស់នោះទេ។ ត្រឹមតែរយៈពេល៣ថ្ងៃ អចលនទ្រព្យប្រមាណជាជិត៥ម៉ឺន ដែលស្មើនឹងជាង៩ពាន់លានដុល្លារ ត្រូវបានធ្វើសកម្មភាពលក់ ទិញយ៉ាងសកម្មតាមប្រព័ន្ធអនឡាញ។

ទោះបីជាយ៉ាងណាក៏ចំនួននេះ នៅតែមានភាពធ្លាក់ចុះ ប្រសិនបើធៀបនឹងតួលេខកាលពីពេលដែលមិនទាន់មានមេរោគឆ្លង។

អ្នកវិភាគបានឱ្យដឹងថា ការដាក់លក់របស់ក្រុមហ៊ុនអចលនទ្រព្យ ជាបណ្តោះអាសន្ននេះ អាចនឹងជួបប្រទះហានិភ័យ ព្រោះថារោងចក្រផ្គត់ផ្គង់សំណង់ និងសម្ភារៈផ្សេងៗ មិនទាន់ដំណើរការល្អ អាចទ្រទ្រង់តម្រូវការទាន់ពេលវេលានៅឡើយទេ៕


សម្ដេចតេជោបង្ហាញគោលបំណងសាងសង់ផ្លូវមួយខ្សែថ្មីតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប

ដោយៈ រ៉ាណេត

បាត់ដំបងៈ សម្ដេចតេជាហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញពីគោលបំណង់ក្នុងការសាងសង់ផ្លូវចំនួនមួយខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប។


ផ្លូវមួយខ្សែនេះ អាចកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងចំណេញចម្ងាយផ្លូវប្រមាណ៦៩គីឡូម៉ែត្រ បើប្រៀបធៀបជាមួយផ្លូវដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសបើកពិធីបុណ្យទន្លេលើកទី៦ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព និង ទន្លេនៃវិបុលភាព» នៅខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃចុងសប្ដាហ៍មុនថា យើងនឹងខំរៀបចំ ដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប

សម្តេចបន្តថា ផ្លូវនោះនឹងធ្វើ អាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលមុននេះធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោម នៃការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង។

ទោះជាយ៉ាងណាសម្តេចមិនទាន់់បានបញ្ជាក់ពីឈ្មោះ ឬលេខផ្លូវថ្មីនោះនៅឡើយទេ។

សម្តេចតេជោបញ្ជាក់ទៀតថា ផ្លូវថ្មីតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះ ក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា ខេត្តប៉ៃលិន និងពោធិ៍សាត់ ជាដើម។ ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគំរោងនៅឆ្នាំ២០២១ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីក្នុងខេត្តរបស់ខ្លួន បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញ រួមមានខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ហើយតភ្ជាប់ទៅពោធិ៍សាត់ និងតភ្ជាប់ទៅខេត្តកោះកុង


គម្រោងដីឡូតិ៍ថ្មីដែលរួមបញ្ចូលនូវផ្សារ សាលារៀន តម្លៃត្រឹមតែ២៥០០ដុល្លារបានចាប់ផ្តើមបើកលក់

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងដីឡូតិ៍ថ្មីមួយ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានចាប់ផ្តើមបើកលក់ក្នុងតម្លៃទាបត្រឹមតែ២៥០០ដុល្លារ ជាគំរោងដែលមានភាពសមស្របទៅនឹងការសាងសង់លំនៅដ្ឋាន ស្ថិតក្នុងតំបន់មានសក្ដានុពល ដែលផ្តល់ជូនដោយក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍SHOW UP REAL ESTATE Co,.Ltd

នាយកក្រុមហ៊ុនSHOW UP REAL ESTATE Co,.Ltd លោក អ៊ិន ណាង បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៥ មិនាកន្លងមកថា នេះគឺជាការផ្ដល់ឱកាសសម្រាប់បងប្អូនដែលមានថវិកាតិច ចំណូលទាប ប៉ុន្តែចង់បានដីឡូតិ៍ទុកសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅជាកម្មសិទ្ធិ ស្ថិនៅភូមិខ្នាយកកោះចាស់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចុះពីផ្លូវជាតិលេខ៥ប្រមាណ២គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលមានទំហំផ្ទៃដីរហូតដល់ជាង១៣ហិកតា។

លោកបន្តទៀតថា វាជាឱកាសដ៏ល្អ និងកម្រមានណាស់ សម្រាប់គម្រោងដីឡូតិ៍លំនៅដ្ឋាន ដែលមានតម្លៃទាបនៅពេលបច្ចុប្បន្ននេះ រួមជាមួយនឹងការផ្ដល់ជូននូវជម្រើសកាន់តែងាយស្រួល ក្នុងការទិញដោយការបង់ផ្ដាច់ និងការរំលោះក្នុងរយៈពេលវែងផងដែរ លោកបានបន្តទៀតថា សម្រាប់អតិថិជនដែលទិញដីឡូតិ៍ នៅក្នុងគម្រោងថ្មីមួយនេះ នឹងទទួលបានផលចំណេញយ៉ាងច្រើន ដែលក្រៅពីមានតម្លៃទាបមិនធ្លាប់មាន ថែមទាំងអាចអាស្រ័យផលពីការរស់នៅ ក្នុងតំបន់ខាងលើនេះ តាមរយៈការបើកអាជីវកម្មលក្ខណៈគ្រួសារបានយ៉ាងប្រសើរថែមទាំងផង ជាពិសេសផ្តល់ឱកាសចំណេញក្នុងអត្រាខ្ពស់សម្រាប់អ្នកដែលទិញទុកលក់បន្ត

ពាក់ព័ន្ធទៅនឹងការរៀបចំ និងអភិវឌ្ឍន៍នៅក្នុងគម្រោងដីឡូតិ៍ថ្មី របស់ក្រុមហ៊ុនអចលនទ្រព្យShow Up Real Estate Co, Lttd ដែលស្ថិតនៅជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ សុទ្ធតែត្រូវបានសិក្សាយ៉ាងលម្អិត រួមជាមួយការអនុវត្តទៅតាមដំណាក់កាល ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងគម្រោងរួមមានការកសាងផ្លូវថ្នល់ជាច្រើនខ្សែ ដែលមានទំហំ១០ម៉ែត្រ ងាយស្រួលក្នុងការធ្វើចរាចរណ៍ រួមជាមួយនឹងការបង្កើតតំបន់បៃតងអមនៅសងខាងផ្លូវ។ ក្រៅពីនេះនៅមានការបំពាក់អំពូលអគ្គិសនីសូឡា សម្រាប់បំភ្លឺតាមផ្លូវពេលយប់ មានបង្កប់បណ្តាញទឹកស្អាត មានប្រព័ន្ធបង្ហូរទឹកផងដែរ។

លោក អ៊ិន ណាង បានមានប្រសាសន៍បន្តទៀតថា នៅក្នុងគម្រោងមួយនេះ ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍបន្ថែមជាច្រើនទៀត ដែលសុទ្ធតែផ្តល់នូវភាពល្អប្រសើរដល់សហគមន៍ និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ ដូចជា ការបង្កើតផ្សារសហគមន៍ តំបន់រមណីយដ្ឋាន ទីលានកីឡាបាល់ទាត់ សួនច្បារសាធារណៈ និងទីធ្លាសម្រាប់ហាត់ប្រាណ គម្រោងបង្កើតសាលារៀនឯកជនបន្ថែម លើគម្រោងអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់ឯកជនជាច្រើនគម្រោងទៀត

ជាមួយនឹងការផ្តល់ជូននូវគម្រោងថ្មី ដីឡូតិ៍តម្លៃទាបដែលមានទីតាំង ដូចបានជម្រាបជូនខាងលើនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមបើកលក់ជាផ្លូវការនៅថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២០ឆាប់ៗខាងមុខ ដោយអតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការទាក់ទងកក់ប្រាក់មុនបានចាប់ពីពេលជូនដំណឹងនេះតទៅ។ រួសរាន់ឡើង អ្នកមកមុន មានឱកាសទទួលបានទីតាំងល្អមុនគេ។

សម្រាប់ព័ត៌មានលម្អិតអាចសាកសួរបន្ថែមបាន តាមរយៈទូរស័ព្ទលេខ ០១២ ៥៥៥ ២៦៥ / ០១០ ៧៨៤ ១៧៧

ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិនចំនួន ៧០% បានដំណើរការផលិតកម្មឡើងវិញ

ដោយវុត្ថា

ប៉េកាំងៈ រដ្ឋាភិបាលចិនបាន និងកំពុងខិតខំប្រឹងប្រែងជួយសហគ្រាស និងរោងចក្រនានាជាពិសេសក្រុមហ៊ុនបរទេស ឱ្យដំណើរការផលិតកម្ម និងជំរុញឱ្យចូលបម្រើការងារឡើងវិញ បន្ទាប់ពីការគ្រប់គ្រងលើការរីគរាលដាលបានល្អ ជាបន្តបន្ទាប់លើជំងឺកូវីដ 19


ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅទីក្រុងប៉េកាំង កាលពីចុងសប្តាហ៍មុនេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះ នៃសហគ្រាសផលិតកម្មទុនបរទេសធំៗ ក្នុងប្រទេសចិន បានដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញក្នុងអត្រាជាង៧០%

ក្រសួងបន្តថា ក្រុមហ៊ុនអន្តរជាតិកំពូលមួយចំនួនដូចជា ក្រុមហ៊ុន Costco ក្រុមហ៊ុន Yoyota  និងក្រុមហ៊ុនStarbucks ជាដើម កំពុងខិតខំពង្រីកទំហំវិនិយោគ តាមរយៈការបើករោងចក្រ ឬបើកសាខាថ្មីនៅក្នុងប្រទេសចិន។

ក្រសួងពាណិជ្ជកម្មចិនបន្តថា កាលពីខែមករា និងខែកុម្ភៈកន្លងទៅនេះ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសចិនបានរក្សានូវកំណើន ខណៈប្រទេសតាមបណ្តោយ ខ្សែក្រវាត់និងផ្លូវ និងអាស៊ាន បានបន្តពង្រីកទំហំវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសចិន។

ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមទៀតថា ទោះបីផលប៉ះពាល់នៃជំងឺកូវីដ19 មិនអាចប៉ាន់ស្មានបានក៍ដោយ ក៏ប្រទេសចិនអាចជាតំបន់គេចពីហានិភ័យល្អបំផុត នៅលើពិភពលោក សម្រាប់មូលនិធិហិរញ្ញវត្ថុនិងប្រាក់ទុនអន្តរជាតិ។

ក្រុមហ៊ុនអន្តរជាតិភាគច្រើន មិនបានផ្លាស់ប្តូរទំនុកចិត្ត និងផែនការយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសចិន ហើយឧត្តមភាពកម្លាំងប្រកួតប្រជែង ដ៏ទូលំទូលាយរបស់ចិនមិនបានផ្លាស់ប្តូរនោះទេ។ អ្វីដែលកាន់តែសំខាន់គឺ យុទ្ធសាស្ត្របើកទូលាយរបស់ចិនសមា្រប់អន្តរជាតិ នឹងបន្តអនុវត្តដោយម៉ឺងម៉ាត់មិនងាករេ។


លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិន ជំងឺCovid-19 បាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ចពិភពលោក ហើយក៏បានប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សារភាគហ៊ុនអន្តរជាតិផងដែរ កាន់តែលំបាក ប្រទេសចិន កាន់តែត្រូវបង្កើនការអនុវត្តនូវកំណែទម្រង់និងការបើកទូលាយ

លោកបន្តថា ប្រទេសចិន ត្រូវអនុវត្តជាក់ស្តែងនូវវិធានការស្តីពី កំណែទម្រង់និងការបើកទូលាយនៃតំបន់ពាណិជ្ជកម្មសេរី ពិសេសបង្កើនការបើកទូលាយ នៃមុខរបរសេវាកម្ម ដើម្បីឱ្យក្រុមហ៊ុនជាតិនិងអន្តរជាតិ អាចទទួលបានផលប្រយោជន៍ស្មើគ្នា ពីគោលនយោបាយនានាស្តីពី ការផ្តល់ជំនួយដល់ការអភិវឌ្ឍនៃក្រុមហ៊ុន។ ក្រៅពីនេះ ប្រទេសចិន នឹងផ្តល់ភាពងាយស្រួលថែមទៀត ដល់កិច្ចការឆ្លងដែន និងអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនជាដើម៕

ក្រសួងសាធារណការៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបានបញ្ចប់មុនពេលកំណត់

ដោយ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ នឹងត្រូវបានបញ្ចប់មុនពេលកំណត់។


ជាមួយនឹងការប្រើប្រាស់ថវិកាចំនួន១,៩ពាន់លានដុល្លារ គម្រោងនេះគឺជាគម្រោងដ៏មានមហិច្ឆតា ដែលនឹងតភ្ជាប់រាជធានីភ្នំពេញ ជាមួយកំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា។

ផ្លូវហាយវេលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលមានប្រវែង១៩០គីឡូម៉ែត្រកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្ម China Road and Bridge Corporation (CRBC) តាមរយៈក្រុមហ៊ុន PPSHV Expressway Co Ltd ក្រុមហ៊ុនម៉ាឡេស៊ី Minconsult Sdn Bhd កំពុងផ្តល់សេវាប្រឹក្សា និងយោបល់។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកយិត ប៊ុណ្ណា បានថ្លែងក្នុងដំណើរទស្សនកិច្ច ទៅកាន់ការដ្ឋានស្ថាបនាផ្លូវល្បឿនលឿននេះ កាលពីពេលថ្មីនេះថា គម្រោងនេះ នឹងត្រូវបញ្ចប់នៅខែកញ្ញាឆ្នាំ ២០២២ មុនកាលបរិច្ឆេទកំណត់ដើម ដែលនៅដើមឆ្នាំ២០២៣។

លោកប៊ុណ្ណាបាននិយាយថា ប្រហែល៧០ភាគរយនៃវិវាទដីធ្លី ដែលកើតចេញពីការស្ថាបនាផ្លូវល្បឿនលឿនត្រូវបានដោះស្រាយ ជម្លោះដែលនៅសល់ នឹងត្រូវបានដោះស្រាយនៅខែ មិថុនា។ លោកបានមានប្រសាសន៍ថា ផ្លូវនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ចូន និងការដឹកជញ្ជូនក្នុងស្រុក ពីព្រោះវាភ្ជាប់ដោយផ្ទាល់ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


ផ្លូវល្បឿនលឿនគឺជាផ្នែកមួយ នៃផែនការរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានមានប្រសាសន៍កាលពីខែមករាថា រដ្ឋាភិបាលមានគោលបំណង ប្រែក្លាយខេត្តព្រះសីហនុទៅជា ទីក្រុងសិនជិនទីពីរ

លោកបានថ្លែងថា យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ដើម្បីធ្វើឱ្យក្លាយជាទិសដៅវិនិយោគកាន់តែទាក់ទាញ។ យើងកំពុងរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍ ទីក្រុងយកគំរូតាមទីក្រុងសិនជិនក្នុងប្រទេសចិន

លោកបានមានប្រសាសន៍ថា យើងមិនចង់អោយក្រុងព្រះសីហនុ ក្លាយជា មជ្ឈមណ្ឌលកាស៊ីណូទេ ប៉ុន្តែយើងចង់អោយវាក្លាយជាទីក្រុងឧស្សាហកម្ម ដែលមានបច្ចេកវិទ្យានិងវិស័យទេសចរណ៍រីកចម្រើន

នៅក្នុងខែឧសភា រដ្ឋាភិបាលបានប្រគល់ឱ្យវិទ្យាស្ថានផែនការ និងរចនាទីក្រុងនៃទីក្រុងសិនជិន ធ្វើពង្រាងផែនការមេសម្រាប់ក្រុងព្រះសីហនុ។

វិទ្យាស្ថាននេះត្រូវបានគេស្គាល់ថា បានបង្កើតផែនការមេMaster Shenzhen ឆ្នាំ ១៩៩១ ដែលបានជួយផ្លាស់ប្តូរទីក្រុងទៅជាទីក្រុងអន្តរជាតិ៕


សម្ដេចតេជោ ជំរុញឱ្យសិក្សា និងរៀបចំព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ

ដោយ រ៉ាណេត

បាត់ដំបងៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការសិក្សា និងថែរក្សាឱ្យបានល្អនូវព្រលានយន្តហោះ ខេត្តបាត់ដំបងឡើងវិញ បើទោះបីជាបច្ចុប្បន្នព្រលានយន្តហោះនេះ នៅមិនទាន់មានភាពចាំបាច់ក្នុងការសាងសង់ក្តី ប៉ុន្តែនៅពេលអនាគត នឹងត្រូវការអភិវឌ្ឍជាចាំបាច់។


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងកាលពីថ្ងៃចុងសប្ដាហ៍មុននេះថា បើទោះបីរយៈពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែនៅពេលខាងមុខនេះ យើងច្បាស់ជាត្រូវការនូវព្រលានយន្តហោះ សម្រាប់ខេត្តបាត់ដំបង។

សម្តេចបន្តថា ដូច្នេះបានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ស្នើឱ្យសម្តេចក្រឡាហោម ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ដីធ្លីនៅក្នុងតំបន់នេះ និងជៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការហោះហើរ នៅពេលដែលយើងពង្រីកនូវព្រលានយន្តហោះមួយនេះ

សម្តេចតេជោបានបន្តទៀតថា បើទោះបីព្រលានយន្តហោះបាត់ដំបង មិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី ប៉ុន្តែនៅពេលប្រជាជនមានការរីកចម្រើនផ្នែកជីវភាព តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ ដូច្នេះតម្រូវឲ្យមានការហោះហើរក្នុងស្រុក ទើបត្រូវរៀបចំចក្ខុវិស័យទុកជាមុនបែបនេះ


ក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ បានស្នើសុំរដ្ឋាភិបាលសិក្សា និងបើកដំណើរការឡើងវិញ នូវព្រលានយន្តចាសខេត្តបាត់ដំបង ស្របពេលដែលវិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង ឈ្មោះ  Emmanuel DIAS ដែលជាអ្នកគ្រប់គ្រងទូទៅគម្រោង Airaviata(AAT) Cambodia Regional Airlines Company បានបង្ហាញបំណង មកវិនិយោគលើវិស័យអាកាសចរនៅខេត្តបាត់ដំបង ស្របពេលដែលខេត្តមួយនេះបាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

គម្រោងវិនិយាគលើវិស័យអាកាសចរនេះ ក្នុងគោលបំណងបម្រើសេវាកម្មដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។ គំរោងនេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើន ក្នុងខេត្តបាត់ដំបង៕

ចំណេះដឹង! តើអ្វីជាវិញ្ញាបនប័ត្រសម្គាល់អាគារខុនដូ?

ដោយវុត្ថា

ភ្នំពេញៈ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) សំដៅលើការកាន់កាប់កម្មសិទ្ធិប្រភេទលំនៅដា្ឋនខុនដូមួយ ដែលត្រូវបែកចែកគ្នាដាច់ដោយឡែកៗ ប៉ុន្តែនៅតែស្ថិតនៅក្នុងអគារខុនដូតែមួយ។


ដូច្នេះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ត្រូវបានធ្វើឡើង ដើម្បីធ្វើការសម្គាល់ម្ចាស់កម្មសិទ្ធិនៅក្នុង ប្រភេទលំនៅដ្ឋានខុនដូ អគារ ដែលមានច្រើនជាន់ ជាមួយម្ចាស់សហកម្មសិទ្ធិនៃអគារនោះ។

គោលការណ៍នេះ ត្រូវបានប្រើប្រាស់ដំបូងឡើយ នៅក្នុងរដ្ឋញ៉ូសោតវ៉ែល ប្រទេសអូស្ត្រាលី ហើយចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាស្តីពី សិទ្ធិលើការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ដែលបានចេញជាផ្លូវការក្នុងខែឧសភាឆ្នាំ២០១០។

ច្បាប់មួយនេះ ត្រូវបានត្រួសត្រាយផ្លូវ សម្រាប់កំណើនវិស័យសេដ្ឋកិច្ច ក៏ដូចជាអនុញ្ញាតិឲ្យចំណែកទីផ្សារ ក្នុងតំបន់កាន់តែមានការប្រកួតប្រជែងយ៉ាងច្រើន ពីសំណាក់វិនិយោគិននានា។

ត្រលប់ទៅកាលពីប៉ុន្មានឆ្នាំមុនជនបរទេស មានការលំបាកយ៉ាងច្រើនក្នុងការវិនិយោគ ប៉ុន្តែបន្ទាប់ពីចេញច្បាប់ថ្មីនេះមក សំណង់អគារខ្ពស់ៗជាច្រើន បានចាប់ផ្តើមរីកដុះដាលឡើងគួរឲ្យកត់សម្គាល់។ អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យចាត់ទុកថា នេះជាឱកាសសម្រាប់ទាក់ទាញអ្នក វិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជា តាមរយៈវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title)


មុនពេលមានការចេញច្បាប់ថ្មី នៃការគ្រប់គ្រងកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេស វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ម្ចាស់កម្មសិទ្ធិអចលនទ្រព្យមិនត្រូវអនុញ្ញាតិ ឲ្យធ្វើការបែងចែកលក់ទៅឲ្យបុគ្គលឯកជនផ្សេងទៀតទេ ជាមួយនឹងបណ្ណ័កម្មសិទ្ធិប្លង់រឹង (Hard Title)

រហូតដល់ឆ្នាំ២០១០ ទើបវិនិយោគិនបរទេស មានសិទ្ធិគ្រប់គ្រងអចលនទ្រព្យរហូតដល់៧០%ជាមួយសហកម្មសិទ្ធិ ហើយជនបរទេសអាចមានសិទ្ធិជាម្ចាស់អចលនទ្រព្យបាន តែអចលនទ្រព្យណាមួយ ដែលមានទីតាំងស្ថិតនៅចាប់ពីជាន់ទី១ឡើងទៅ។

ពីមួយជំហានទៅមួយជំហាន លើសពីអគារលំនៅដ្ឋាន តម្រូវការកាន់តែខ្ពស់ឡើងពីអន្តរជាតិ លើបន្ទប់ការិយាល័យសម្រាប់ជួលក្នុងក្រុងភ្នំពេញ ដែលនឹងក្លាយជាបណ្តុំទីផ្សារពាណិជ្ជកម្មរបស់សមាគមអាស៊ាន។

សម្រាប់វិនិយោគិនមួយចំនួនគិតថា ខុនដូហាក់បីដូចជា ត្រូវបានធ្វើការផ្គត់ផ្គង់លើសទីផ្សារមានចំនួនច្រើនពេក ធ្វើការទិញបន្ទប់ការិយាល័យ វាហាក់បីដូចជាប្រឈមមុខនឹងហានិភ័យតិច ស្របពេលនឹងកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសកម្ពុជាផងដែរ៕

ឥណ្ឌូនេស៊ីបញ្ចេញកញ្ចប់ថវិកាជាង ៨ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី

ដោយ ហ្សូលី

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា ដើម្បីគាំទ្រដល់សហគមន៍សេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ី រដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ីបានគូសបញ្ជាក់ថា នេះជាការជួយរំញោចដល់ទិន្នផលសរុបរបស់ប្រជាជនក្នុងនោះមានដូចជា លើកលែងចំណូលពន្ធរបស់កម្មករផលិតកម្ម និងបញ្ចុះតម្លៃពន្ធសម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាសផលិតកម្ម។

កិច្ចសហប្រតិបត្តិការជាមួយបណ្តារដ្ឋាភិបាលមកពីប្រទេសផ្សេង រួមជាមួយធនាគារកណ្តាលក្នុងអាស៊ី បាន ប្រកាសអំពីការគាំទ្របន្ថែមនិងជម្រុញឱ្យមានភាពជឿជាក់ ខណៈពេលដែលទីផ្សារហិរញ្ញវត្ថុលើសកលលោកកំពុងជួបប្រទះផលវិបាក។

ថវិការជាង ៨ពាន់លានដុល្លារនេះនឹងប្រើប្រាស់ ក្នុងគោលបំណងជួយសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ីឱ្យមានកម្រិតធ្លាក់តិចតួចត្រឹម ១.៨% នេះគឺជាគំនិតផ្តួចផ្តើមសម្រាប់កញ្ចប់ថវិកានេះ។

សេដ្ឋកិច្ចនៅក្នុងឥណ្ឌូនេស៊ីមិនមានជាបញ្ហាចោទច្រើននោះទេ ដោយសារតែកាលពីសប្តាហ៍មុនប្រទេសនេះរកឃើញថា មានតែមួយករណីប៉ុណ្ណោះដែលឆ្លងមេរោគកូរ៉ូណាឬកូវីដ១៩។ ប៉ុន្តែប្រទេសនេះអាចនឹងរងផលប៉ះពាល់សេដ្ឋកិច្ចមកពីការជះឥទ្ធិពលពីប្រទេសជិតខាងច្រើនជាង ដែលជាហេតុធ្វើឱ្យទីផ្សារនាំចេញរបស់ឥណ្ឌូនេស៊ីមានភាពរអាក់រអួល៕

(CNA)

សម្ដេចតេជោ ៖ កុងតឺណ័រផ្ទុកវត្ថុធាតុដើមជាង ១០០០គ្រឿង បានចូលមកដល់កម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កុងតឺណ័រដឹកវត្ថុធាតុដើមជាង១០០០គ្រឿងបានចូលមកដល់កម្ពុជា ដើម្បីបម្រើ និងជួយសម្រួលដល់ដំណើរការរបស់រោងចក្រមួយចំនួន ដែលជាការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះថា មកដល់ពេលនេះ កុងតឺណ័រជាង១០០០គ្រឿង ដែលផ្ទុកវត្ថុធាតុដើមមកពីប្រទេសចិន សម្រាប់បម្រើការដល់វិស័យកាត់ដេរបានចូលមកដល់កម្ពុជាហើយ។

សម្ដេចតេជោ បានមានប្រសាន៍ជម្រាបអំពីស្ថានភាពជម្ងឺឆ្លងកូវីដ១៩ ថា “បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានប្រកាសថាអឺរ៉ុបការគឺជាមជ្ឈមណ្ឌលនៃការផ្ទុះជំងឺឆ្លងកូវីដ១៩ ហើយស្ថានភាពនៃកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយមិនមែនត្រឹមតែការប៉ះពាល់សេដ្ឋកិច្ចទេ គឺធ្វើអោយប៉ះពាល់ដល់គម្លាតយោបាយរវាងប្រទេស និងប្រទេសទៀតផង ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ពីប្រទេសដែលកំពុងមានជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជាបានដាក់ការហាមឃាត់ប្រទេសចំនួន០៥មិនអោយឆ្លងចូលកម្ពុជាចំនួន៣០ថ្ងៃគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ គឺរួមមាន ១)សហរដ្ឋអាមេរិក ២)បារាំង ៣)អាល្លឺម៉ង់ ៤)អេស្ប៉ាញ និងអ៊ី៥)ប្រទេសអ៊ីតាលី”។

នៅក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្ត្រីខេត្តដែលត្រូវយកចិត្តទុកដាក់ធ្វើរួមមាន ៖
១)⁃ត្រូវអនុវត្តអោយបានល្អនូវការងារ ភូមិឃុំមានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំអោយមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមអោយមន្ត្រីថ្នាក់ខេត្តរហូតថ្នាក់ភូមិ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។
២) ⁃ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈអោយបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើអោយបានល្អ ដោយចៀសមិនបាន ដែលក្នុងនេះមានសេវាចាំបាច់នានា(រួមមានការចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម)ដែលចាំបាច់ត្រូវតែធ្វើអោយប្រជាជន អោយបានល្អ និងរហ័សរួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែកច្បាប់ ជាដើម.. គឺត្រូវចូលរួមផ្តល់ និងដោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព។ សម្ដេចតេជោ ក៏បានណែនាំអោយអាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី អោយបានសមស្រប បានលឿន និងមានប្រសិទ្ធភាពខ្ពស់។
៣) សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ៗផងដែរថាមន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា “ យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវយកយកចិត្តទុកដាក់បម្រើប្រជាជនអោយបានល្អ៕