តើគម្រោងបង្កើតឧស្សាហកម្មថ្មីលើផ្ទៃដីទំហំ៥០០ហិកតារបស់អ្នកឧកញ៉ាពុង ឃាវសែ នឹងជំរុញការអភិវឌ្ឍដូចម្ដេចនៅតំបន់ផ្លូវជាតិលេខ៥១

ដោយៈ រ៉ាណេត

ភ្នំពេញៈ ភ្ជាប់ទៅនឹងគម្រោងអភិវឌ្ឍន៍ដ៏ធំ របស់ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ដែលគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ផ្លូវជាតិលេខ៥១ នៅលើផ្ទៃដីទំហំ៥០០ហិកតា ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលើកឡើងថា គឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍តំបន់នេះ ឱ្យកាន់តែមានសក្ដានុពលខ្ពស់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ថា តំបន់ផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងប្លង់គោលរបស់រាជរដ្ឋាភិបាលជាច្រើន បន្ថែមពីលើគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន។

លោកបានបញ្ជាក់ថា“គម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងប្លង់គោលរបស់រដ្ឋាភិបាលនៅផ្លូវជាតិ៥១ នឹងចាប់ផ្ដើមបង្ហាញរូបរាងជាបណ្តើរៗ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មរោងចក្រ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តន៍”។ លោកបន្ថែមថា “តានគោលការណ៍របស់រដ្ឋាភិបាល នឹងបង្វែររោងចក្រចេញពីក្រុងភ្នំពេញ ទៅតាំងនៅតំបន់ជាយក្រុងតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដែលក្នុងនោះតំបន់ផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងតំបន់ដែលមានអាទិភាព និងមានសក្ដានុពលក្នុងរយៈពេលយូរ ដោយសារតែកត្តាភូមិសាស្ត្រ មានអំណោ​យផលលើការដឹកជញ្ជូន”។

លោកបន្តថា ពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសដូចបានលើកឡើងខាងលើនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវ និងស្របទៅនឹងគោលនយោ​បា​យរបស់រដ្ឋាភិបាល ហើយវានឹងជួយចូលរួមក្នុងការអភិវឌ្ឍតំបន់នេះ ឱ្យកាន់តែមានសក្ដានុពលខ្ពស់ និងជះឥទ្ធិពលទៅលើវិស័យលំនៅដ្ឋានផងដែរ ជាពិសេសលំនៅដ្ឋានស្នាក់នៅសម្រាប់បណ្តាកម្មករ-កម្មការិនីដែលបម្រើការងារនៅក្នុងវិស័យឧស្សាហកម្ម។

អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា តំបន់ផ្លូវ៥១ បើប្រៀបធៀបជាមួយតំបន់ជាយក្រុងដទៃទៀត ត្រូវបានអ្នកជំនាញអះអាងថា មានសក្ដានុពលជាងគេ ដោយសារតែតំបន់នេះភាគច្រើនមានការអភិ​វឌ្ឍស្រាប់ និងមានប្រជាជនរស់នៅច្រើន ហើយអ្វីដែលជាភាពទាក់ទាញ និងធ្វើឱ្យបណ្តាអ្នកវិនិយោគចូលទៅអភិវឌ្ឍន៍តំបន់នេះ ដោយសារតែកត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤១ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដែលសុទ្ធតែជាផ្លូវសំខាន់ៗសម្រាប់សេដ្ឋកិច្ច។

លោកបានបន្តទៀតថា “នៅពេលដែលមានការអភិវឌ្ឍ ជាពិសេសវិស័យឧស្សាហកម្ម វានឹងជម្រុញឱ្យការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកើតមានឡើង ដែលជាកត្តាធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីកើតមាន ហើយតម្លៃដីធ្លីក៏កើនឡើងខ្ពស់ផងដែរ”។ លោកបញ្ជាក់ថា “សម្រាប់ពេលនេះ វានៅតែជាឱកាសសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនៅឡើយ ដោយសារតែតែតម្លៃដីនៅមានកម្រិតនៅឡើយ”។

ក្នុងកិច្ចសម្ភាសន៍ដល់ទស្សនាវដ្តីអចលនទ្រព្យ​ កាលពីថ្ងៃទី១៣ មិនាកន្លងមកនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប អ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ថា អ្នកឧកញ៉ា នឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀតនាពេលខាងមុខ។

អ្នកឧកញ៉ា ពុង ឃាវសែ ថ្លែងថា “ចំពោះខ្ញុំដែលជាវិនិយោគិនក្នុងស្រុក ខ្ញុំនឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍគម្រោងជាច្រើនទៀតដែរ។ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំដីប្រមាណ៥០០ហិកតានៅជាប់ផ្លូវជាតិ៥១ និងគម្រោងអភិវឌ្ឍលំនៅឋាន និងពាណិ​ជ្ជកម្ម នៅកោះនរារិ៍ និងសាលពិព័រណ៍អន្តរជាតិជ្រោយចង្វាជាដើម”។

អ្នកឧកញ៉ាបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនជាពិសេសមានសន្តិភាព និង ស្ថេរភាពនយោបាយ៕

បុគ្គលិកនៅការិយាល័យកណ្តាលADBនឹងតម្រូវឱ្យធ្វើការពីផ្ទះជាបណ្តោះអាសន្ន

ដោយ ប៊ី

ម៉ានីលៈ បុគ្គលិកនៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កំពុងធ្វើការជាបណ្តោះអាសន្ន ពីផ្ទះចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីមានការណែនាំថា អ្នកមកទស្សនកិច្ចម្នាក់នៅធនាគារបានធ្វើតេស្ត៍វិជ្ជមាន ចំពោះវីរុសកូវីដ ១៩។

ទីតាំងការិយាល័យកណ្តាលទីក្រុងម៉ានីល នឹងត្រូវបិទចាប់ពីថ្ងៃទី១២ ខែ មីនាដើម្បីធ្វើការសំអាត និងសម្លាប់មេរោគ។ ប្រតិបត្តិការធនាគារនឹងបន្ត។ គណៈគ្រប់គ្រងធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការសម្រេចចិត្តនៅថ្ងៃខាងមុខ នៅពេលដែលត្រូវបើកទីតាំងធនាគារឡើងវិញ។

លោកស្រីDeborah Stokes អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការ និងរដ្ឋបាលនៃធនាគារអភិវឌ្ឍន៍ស៊ីបានឱ្យដឹងថា “សុវត្ថិភាពបុគ្គលិក អ្នកធ្វើទស្សនកិច្ចធនាគារ និងគ្រួសាររបស់ពួកគេ គឺមានសារៈសំខាន់បំផុតសម្រាប់យើង។ យើងកំពុងផ្តល់ការគាំទ្រដល់បុគ្គលិក ដែលមានទំនាក់ទំនងជាអ្នកធ្វើទស្សនកិច្ច”។

ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាថា នឹងសម្រេចបាននូវវិបុលភាព រាប់បញ្ចូលធន់ និងនិរន្តរភាពអាស៊ី និងប៉ាស៊ីហ្វិក ស្របពេលដែលការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលុបបំបាត់ភាពក្រីក្រ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេសពោលគឺ៤៩មកពីតំបន់៕

ក្រសួងអប់រំប្រកាសវិស្សមកាលតូចមុនកាលកំណត់នៅភ្នំពេញ និងខេត្តសៀមរាប ដោយសារបញ្ហាCovid19

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសវិស្សមកាលតូច នឹងអនុវត្តមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃទី១៤ ខែមីនានេះតទៅ។

យោងតាមចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី១៤ ខែមីនាខែមីនា ឆ្នាំ ២០២០នេះ ស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺវីរុស COVID-19 ជាបន្តបន្ទាប់ទៅលើជនជាតិបរទេស និងជនជាតិខ្មែរ។

ក្រសួងអប់រំបន្តថា ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់នេះ គឺចាប់អនុវត្តពីថ្ងៃដែលខ្លួនចេញសេចក្តីប្រកាសព័ត៌មានតទៅ។ សម្រាប់គ្រឹះស្ថាន ដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលពិន្ទុឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សា ជាមធ្យមភាគនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០។

ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តវិធានការបង្ការ និងទប់ស្កាត់របស់អង្គការសុភាពពិភាពលោក។

ក្នុងអំឡុងវិស្សមកាលតូច មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបត្រូវជំរុញ កូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែ​ល​ប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារនិងកន្លែងផ្សេងទៀត ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩៕

លោក Bill Gates ចុះចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft

ដោយ ប៊ី

ភ្នំពេញ៖ សហស្ថាបនិកក្រុមហ៊ុន Microsoft Corp លោក Bill Gates ដែលបានបង្កើតក្រុមហ៊ុននេះជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយនៅលើពិភព បានលាឈប់ពីក្រុមប្រឹក្សាភិបាលកាលពីថ្ងៃ សុក្រ ដើម្បីផ្តោតលើការងារមនុស្សធម៌ទាក់ទងនឹងសុខភាពការអប់រំ និងការប្រែប្រួលអាកាសធាតុ។

មហាសេដ្ឋីរូបនេះ និងភរិយារបស់លោកគឺលោកស្រី Melinda គ្រប់គ្រងមូលនិធិសប្បុរសធម៌ដ៏ធំមួយរបស់ពិភពលោក មូលនិធិហ្គេត ដែលមានទ្រព្យសម្បត្តិរាប់ពាន់លាន និងផ្តល់មូលនិធិដល់កម្មវិធីសុខភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ និងភាពក្រីក្រ។

លោក Bill Gates បានលាឈប់ពីតួនាទីជានាយកប្រតិបត្តិពេញម៉ោងនៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ ហើយនៅតែបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក លោកបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល។

លោក Satya Nadella នាយកប្រតិបត្តិបានមានប្រសាសន៍ថា “វាជាកិត្តិយស និងឯកសិទ្ធិដ៏ធំធេងដែលបានធ្វើការជាមួយ និងរៀនសូត្រពីលោក Bill ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ”។

ក្រុមហ៊ុនបានឱ្យដឹងថា ជាមួយនឹងការចាកចេញរបស់លោក Bill Gates ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft ឥឡូវនេះក្រុមហ៊ុននឹងមានសមាជិក ១២ រូប។

លោកហ្គេតក៏លាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Berkshire Hathaway Inc ដែលលោកបានបម្រើការងារតាំងពីឆ្នាំ ២០០៤៕

សម្តេចក្រឡាហោម ស ខេង ប្រកាសសាងសង់ស្ពានបេឡេ មួយទៀតឆ្លងកាត់ស្ទឹងសង្កែនៅស្រុកបាណន់ ខេត្តបាត់ដំបង

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសសាងសង់ស្ពានបេឡេ ១ កន្លែងទៀត ឆ្លងកាត់ស្ទឹងសង្កែដែលស្ថិតនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិផលកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

សម្តេចក្រឡាហោម ស ខេង នៅក្នុងពិពីចុះពិនិត្យអគារសិក្សាវិទ្យាល័យកន្ទឺ២ អគារសាលាមត្តេយ្យសិក្សាស្រុកបាណន់ កសិដ្ឋានចិញ្ចឹមគោយកសាច់ នៅឃុំឈើទាលនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី ១៣ ខែមីនា ម្សិលមិញនេះ បានប្រកាសថានឹងសាងសង់ស្ពានបេឡេនេះនៅពេលឆាប់ៗខាងមុខនេះ។ តែយ៉ាងណាក៏ដោយ សម្តេចមិនបញ្ជាក់ពេលពេលវា និងថវិកាគ្រោងចំណាយលើការសាងស្ពាននេះនៅឡើយទេ។

លោក ម៉ៃ វីរៈ ប្រជាពលរដ្ឋដែលរស់ក្នុងស្រុកបាណន់ បានសម្តែងការត្រេកអរនៅពេលដែលសម្តេចក្រឡាហោម ស ខេងប្រកាសសាងសង់ស្ពានបេឡេឆ្លងកាត់ស្ទឹងសង្កែនេះ ព្រោះតំបន់នេះមានស្ពានដែរតែមានសភាពចាស់ដែលធ្វើឱ្យមានការលំបាក់ធ្វើដំណើរ ដែលអាចបង្កជាយថាហេតុណាមួយកើតឡើងដល់ប្រពលរដ្ឋនៅក្នុងតំបន់នេះ។

លោកបន្តថា តំបន់នេះ មានប្រជាពលរដ្ឋរស់នៅច្រើន និងមានចរាចរណ៍មានភាពមមាញឹកខ្លាំង ដោយសារតែមានការដឹកញ្ជូនទំនិញ និង ផលិផលកសិកម្មផ្សេងៗទៅដាក់នៅក្នុងទីផ្សារនានានៅក្នុងខេត្ត និងក្រៅខេត្ត។នៅពេលដែលមានស្ពាននេះ នេះ កើតឡើងនឹងជួយសម្រួលបន្ថែមទៀតដល់ការដឹកជញ្ជូន និងធ្វើដំណើរ។

បើតាម លោក ម៉ៃ វីរៈ បានប៉ាន់ស្មានថា ចំងាយស្ពានស្ទឹកសង្កែដែលនឹងត្រូវសាងសង់ស្ពានបេឡេនេះ មានប្រវែងប្រមាណជាង ១០០ ម៉ែត្រ ខណៈបច្ចុប្បន្នមានស្ពាន ២ កន្លែងគឺស្ពានយោល១ និងបេឡេ១ ដែលមិនឆ្លើយទៅនឹងតម្រូវការដឹកជញ្ជូនឆ្លងកាត់ និងធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាត់ដំបងបាននឹងកំពុងសាងសង់ស្ពានឆ្លងស្ទឹងសង្កែថ្មីមួយទៀតនៅក្នុងក្រុងបាត់ដំបងជំនួយឱ្យស្ពានថ្មចាស់ដែលមានសភាពទ្រុឌទ្រម ស្របតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

រដ្ឋាភិបាលហាមក្រុមហ៊ុនអាកាសចរណ៍ដឹកជនបរទេសមកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានប្រកាសណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍និងព្រលានយន្តហោះទាំង៣ ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងលើព្រលានយន្តហោះ ហាមដឹក និងមិនអនុញ្ញាតឱ្យជនបរទេសមកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជាដើម្បី ការការពារទប់ស្កាត់នូវការចម្លងនាំចូលជំងឺ Covid-19 ។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះចូលកម្ពុជាមិនឱ្យមានការដឹក ជនបរទេសមកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជាឡើយ បន្ទាប់ពីទទួលបានលិខិតរបស់ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ ប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានសរសេរថា “ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា។ ដូច្នេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ”។

រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមានបុរសជនជាតិចិន១ រូប បុរសជនជាតិខ្មែរ ១រូប ស្ត្រី និងបុរសអង់គ្លេស៣ រូប បុរសជនជាតិកាណាដា១រូប និង ជនជាតិប៊ែលហ្សិក១រូប៕

រោងចក្រផលិតដែកដ៏ធំមួយនឹងបង្ហាញខ្លួននៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង

ដោយៈ រ៉ាណេត

កោះកុងៈ រោងចក្រផលិតដែកដ៏ធំ ដែលវិនិយោគជាច្រើនលានដុល្លារ នឹងបង្ហាញវត្តមាននៅក្នុងភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ខណៈដែលតំណាងក្រុមហ៊ុនវិនិយោគ និងអជ្ញាធរក្នុងតំបន់បាន និងកំពុងចុះពិនិត្យមើលទីតាំងសាងសង់។

លោក ណឹម ភិរម្យ អភិបាលរងស្រុកគិរីសាគរ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមកាងារថ្នាក់ស្រុក និងមន្ត្រីដែលពាក់ព័ន្ធឧទ្យានជាតិបុទុមសាគរ ព្រមទាំងអ្នកតំណាងក្រុមហ៊ុន Celestial ចុះពិនិត្យរកទីតាំង សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រផលិតដែក ភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។

អភិបាលរងស្រុករូបនេះ បានចូលរួមចុះពិនិត្យវាស់វែង និងកំណត់ទីតាំងដីទំហំ ៨៣៦ហិកតា ស្ថិតក្នុងឃុំព្រែកខ្សាច់ និងទីតាំងមួយកន្លែងទៀត ស្ថិតនៅតំបន់អតីតក្រុមហ៊ុនឋានសួគ៌ សម្រាប់សាងសង់រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី ព្រមទាំងទីតាំងដីទំហំ៤០០ហិចតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេ សរបស់អ្នកឧកញ៉ាលី យ៉ុងផាត់ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅ របស់ក្រុមហ៊ុន CELESTIAL STARS LIMITED COMPANY ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ភូមិសាស្រ្តស្រុកគីរីសាគរ ខេត្តកោះកុង។

សម្រាប់ខេត្តកោះកុង រាជរដ្ឋាភិបាលកម្ពុជានៅតែធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ដោយផ្តោតអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចឱ្យមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិនិងទ្រទ្រង់កម្តៅខ្ពស់ ប្រកប​ដោ​យចីរភាព បរិយាប័ន្ន និងសមធម៌ ដោយជំរុញការវិនិយោគសាធារណៈ និងវិនិយោគឯកជន ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច៕

៣វិធីសាស្រ្តអាចធ្វើឱ្យក្ដីស្រមៃក្លាយជាការពិត

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកណាៗក៏សុទ្ធតែមានក្ដីស្រមៃរបស់ខ្លួនទាស់ត្រង់ថា ក្ដីស្រមៃមានទំហំប៉ុនណា ហើយក្ដីប្រាថ្នាទៅលើអ្វីឱ្យពិតប្រាកដ រហូតមានអ្នកខ្លះហ៊ានលះបង់ និងព្យាយា​មជំនះឧបសគ្គច្រើនរាប់មិនអស់ ដើម្បីអាចសម្រេចបាន។

នៅក្នុងប្រធានបទនេះ ត្រូវបានអ្នកជំនាញអះអាងថា ភាពជោគជ័យដែលអាចធ្វើឱ្យក្ដីស្រមៃក្លាយជាការពិតភាគច្រើន ត្រូវបានគេអនុវត្ត៣ចំណុចខាងក្រោមនេះ។

១. ចាប់ផ្ដើមបំបែកគោលដៅជាផ្នែកតូចៗ

ការបំបែកគោលដៅជាផ្នែក/កំណាត់តូចៗ ជាគនឹ្លះមួយដ៏ល្អក្នុងការត្រៀមខ្លួនដើម្បីទទួលយកភាពជោគជ័យ។ ការដែលអ្នកមិនបំបែកគោលដៅជាផ្នែកៗតូច ដើម្បីយកមកធ្វើ វានឹងធ្វើឱ្យអ្នកមានការឈឺក្បាល និងស្មុគស្មាញខ្លាំងនៅក្នុងការធ្វើការងារមួយឱ្យបានសម្រេចលទ្ធផលធំ។ បើសិនអ្នកមានគោលដៅធំ គួរតែបំបែកវាជាផ្នែកតូចៗដើម្បីឱ្យអ្នកមានភាពងាយស្រួល ក្នុងការសម្រេចគោលដៅទាំងនោះមួយដំណាក់កាលម្តងៗ។

២. ផ្ដល់អនុភាពចំពោះការធ្វើការជាប្រព័ន្ធ

ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវតែធ្វើការងារជាលក្ខណប្រព័ន្ធ ពីព្រោះការប្រើប្រាស់ប្រព័ន្ធ នឹងជួយឱ្យអ្នកមានភាពងាយស្រួល ក្នុងការធ្វើការងារយ៉ាងមានប្រសិទ្ធភាព។ ចូរពឹងផ្អែកលើប្រព័ន្ធ ឱ្យបានច្រើនជាងការពឹងផ្អែកតែទៅលើមនុស្ស។

៣. ត្រូវស្វែងរកជំនួយនៅពេលជួបបញ្ហា

យើងទាំងអស់គ្នា មិនមែនសុទ្ធតែពូកែគ្រប់រឿងនោះទេ ដោយមានពេលខ្លះក៏មានរឿងដែលធ្វើឱ្យយើងខកចិត្តដែរ។ នោះហើយគឺជាផ្នែកដ៏សាមញ្ញ នៅក្នុងជីវិតរបស់មនុស្ស​។ គន្លឹះក្នុងការទទួលបានភាពជោគជ័យ គឺជាការដែលយើងត្រូវចេះស្វែងរកជំនួយនៅពេល ដែលជួបបញ្ហាមិនអាចដោះស្រាយបាន។ មនុស្សឆ្លាត និងពូកែតែងតែស្វែងរកជំនួយពីអ្នកដទៃ នៅពេលដែលពួកគេជួបបញ្ហាពិបាកដោះស្រាយ៕

វិស័យអចនទ្រព្យក្នុងតំបន់អាស៊ីនៅតែបន្តមានភាពរីកចម្រើនទោះបីជាជួបឧបសគ្គ

ដោយ ហ្សូលី

អាស៊ីៈ នៅដើមឆ្នាំ២០២០នេះ វិស័យអចនទ្រព្យនៅក្នុងតំបន់អាស៊ី នឹងនៅតែមានភាពរីកចម្រើនដដែល បើទោះបីជាមានឧបសគ្គជាច្រើន បានកើតឡើងមកលើវិស័យនេះ និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចអាស៊ីក៏ដោយ។

សម្រាប់ទីផ្សារអចលនទ្រព្យ ការជះឥទ្ធិពលហាក់បីដូចជាមានការឡើងចុះ មិនថាផ្សារលក់រាយ បដិសណ្ឋារកិច្ចនោះទេ នៅឆ្នាំ២០២០ វាបានផ្តល់ជាជាសញ្ញា ព្រមជាមួយនឹងតម្លៃវិជ្ជមានដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ព្រមទាំងក្រុមហ៊ុនអចលនទ្រព្យនានាត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យនេះជាបន្ត។

ជាក់ស្តែង បន្ទាប់ពីប្រធានាធិបតីសិង្ហបុរីបានថ្លែងសុន្ទរកថា កាលពីថ្ងៃទី ១២ មីនា ឆ្នាំ២០២០ អំពីវិធានការទប់ស្កាត់ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចមក ស្រាប់តែវិស័យអចលនទ្រព្យក្នុងប្រទេសនេះ កើនឡើងប្រមាណ១០% នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិ Colliers។

ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ និងអ្នកវិភាគអចលនទ្រព្យ ឬសេដ្ឋកិច្ចក្នុងតំបន់អាស៊ី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ខុនដូ និង ការិយាល័យ ត្រូវពង្រឹងស្មារតីដើម្បីទប់ទល់លំនឹងតម្លៃទីផ្សារ។ នៅពេលខាងមុខអចលនទ្រព្យ នឹងមានកំណើនកាន់តែខ្លាំង ដូច្នេះគួរតែបន្ទាបការប្រាក់ និងបន្តគ្រប់គ្រងលើគុណភាពសំណង់។

មួយវិញទៀត លំនៅដ្ឋានតម្លៃសមរម្យនិងមានតម្លៃទាប ជាផ្នែកមួយនៃចក្ខុវិស័យរួមដែលនៅតំបន់អាស៊ីរួមគ្នា សម្រេចគោលដៅអភិវឌ្ឍអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០៕

ការសិក្សាៈតម្រូវការខុនដូនៅកម្ពុជានឹងកើនដល់ជិត៣០ម៉ឺនយូនីតនៅត្រឹមឆ្នាំ២០៣០

ដោយវុត្ថា

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា តម្រូវការខុនដូនឹងកើនដល់២៩៥,០០០យូនីតនៅឆ្នាំ២០៣០ខាងមុខ ដែលជាការកើនឡើង៥ដងពីចំនួន៦១,៨០០ ធៀបនឹងឆ្នាំ ២០១៨។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisal។

លោកហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisalបានមានប្រសាសន៍ថា កំណើនប្រជាជន និងជនបរទេសដែលមករស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យខុនដូបន្តកើនឡើងជាប្រចាំឆ្នំា ដែលខុនដូភាគច្រើនបានទិញដោ​យ​ជនជាតិចិន និងជនបរទេសមកពីតំបន់អាស៊ី ដែលមករស់នៅ និងធ្វើការនៅក្នុងប្រទេ​សកម្ពុជា ខណៈប្រជាជនខ្មែរបានចាប់អារម្មណ៍រស់នៅក្នុងខុនដូកាន់តែច្រើន។

លោកបន្តថា ក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកជាពិសេសប្រជាពលរដ្ឋដែលទើបរៀបការ និងវ័យក្មេងជាច្រើនក៏បានទិញខុនដូ សម្រាប់រស់នៅផងដែរ ។ ការសម្រួលឱ្យមានការបង់រំលោះ មានភាពងាយស្រួល បានបង្កើនលទ្ធភាពដល់អ្នកទិញ និងជាកត្តាជំរុញដល់ការបង្កើនទីផ្សារខុនដូ។

លោកសីហាបន្ថែមថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស បានជំរុញឱ្យវិស័យដីធ្លីមានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យទីតាំងសម្រាប់សាងសង់អគារស្នាក់នៅ ក្នុងកំពស់ទាបមានកាន់តែតិច ខណៈដែលការរស់នៅតាមបែបថ្មី (រស់នៅក្នុងខុនដូ)បាននឹងកំពុងទទួលបានការគាំទ្រ និងពេញនិយមក្នុងចំណោមប្រជាពលរដ្ឋ ក្នុងស្រុកវ័យក្មេង និងជនបរទេសបានធ្វើឱ្យគម្រោងខុនបន្តកើនឡើងជាលំដាប់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោកខន គង្គា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែលមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។

លោកបន្តថា “ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូ ដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះ ក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ថា តម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ ពិតជាមានអត្រាខ្ពស់ជាងប្រភេ​ទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។

លោកស្រីបានបន្តថា “ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ”។ លោកស្រីបន្ថែមថា “ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោគបន្ត”។

លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕