ដោយ វុត្ថា
ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្សារសហគមន៍បែបទំនើប (Community Mall) មានការកើនឡើងគួរឱ្យកត់សម្គាល់ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia មានចំនួនជាង១០ទីតាំងហើយដែលកំពុងប្រតិប្តតិការ ខណៈគម្រោងវិនិយោគផ្សារបែបសហគមន៍បែបទំនើបនេះ បាននិងកំពុងមានភាពទាក់ទាញ និង ងាយស្រួលសម្រាប់ធអ្ននវិនិយោគនានា។

-->
លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹង ផ្សារសហគមន៍បែបទំនើបនេះ ខុសប្លែកពីផ្សារទំនើប ដោយសារតែមានទំហំលក្ខណៈតូចជាង និងបង្កភាពងាយស្រួល ក្នុងការចេញ ចូលជាង ជាពិសេសលក់នូវផលិតផលដែលប្រើប្រាស់ប្រចាំថ្ងៃដែលជាតម្រូវការរបស់អតិថិជន។
លោកស្រីបន្តថា ផ្សារសហគមន៍បែបទំនើបនេះ ក៏មានបំរើនូវកន្លែងកម្សាន្តផងដែរ ដូចជា រោងភាពយានយន្តផងដែរជាពិសេសនោះ មានកន្លែងចតឡាន និងភាពងាយស្រួល ដែលស្របទៅនឹងតម្រូវចិត្តអតិថិជន ចេញចូលគ្រប់ពេល ខណៈដែលផ្សារទំនើបវិញ គឺភាគច្រើនអតិថិជនទៅដើរទិញរបស់ឥវាន់រៀងរាល់ចុងសប្តាហ៍។
លោកស្រីបន្ថែមថា “ការវិនិយោគលើផ្សារសហគមន៍បែបនេះ មានភាពងាយស្រួ ល និងចំណាយក្នុងទំហំទឹកប្រាក់ចន្លោះពី៥ ទៅ១០លានដុល្លារអាមេរិក អាស្រ័យទៅលើទីតាំង ការជួលដី និងទិញដីសម្រាប់ធ្វើការវិនិយោគក្នុងគម្រោងមួយ” ។
លោកស្រីថា បើសិនជាអ្នកវិនិយោគទិញដី យកមកវិនិយោគនៅកន្លែង ដែលមានតម្លៃខ្ពស់ ការវិនិយោគផ្សារបែបនេះអាចនឹងកើនចំណាយ ដល់៥០លានដុល្លារអាមេរិក សម្រាប់ផ្សារសហគមន៍នីមួយៗ ជារួមតាមការប៉ាន់ស្មាន គឺមានតម្លៃវិនិយោគចន្លោះ៥ ទៅ៥០លានដុល្លារអាមេរិក។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ស្រី ចេវ សុឃុន បានឱ្យដឹងថា ការររីកចំរើនលើផ្សារទំនើបបែបសហគមន៍នាពេលបច្ចុប្បន្ននេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីកផ្សាររបស់ប្រទេសកម្ពុជា។
លោកស្រីបន្តថា “មនុស្សជាច្រើន ជាពិសេសអ្នកវិនិយោគ និងអ្នកធ្វើការ ចូលចិត្តទៅផ្សារប្រភេទនេះ ដោយសារតែក្រៅពីងាយស្រួល ក្នុងស្វែងទិញទំនិញគោលដៅ ពួកគាត់អាចមានជម្រើសច្រើន ក្នុងការទិញទំនិញដទៃទៀត ដែលមាននៅក្នុងផ្សារនោះស្រាប់” ។

លោកស្រីបន្ថែមទៀតថា ម្យ៉ាងទៀតពួកគាត់អាចធ្វើការណាត់ជួប ពិភាក្សាការងារផ្សេងៗជាមួយដៃគូជំនួញ និងអតិថិជននៅក្នុងផ្សារទំនើបនេះបាន ដោយងាយស្រួលផងដែរ។ លោកស្រីបញ្ជាក់ថា “ជាមួយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដែលកំពុងកើនមាននាពេលបច្ចុប្បន្ន និងបន្តទៅពេលអនាគត នៅមានតែមានតម្រូវផ្សារសហគមន៍បែបទំនើបប្រភេទនេះបន្ថែមទៀត” ។

ប្រទេសកម្ពុជាក្នុងយៈពេលប៉ុន្មានកន្លងមកនេះ មានការីកចំរើនលើគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋរចនាសម្ព័ន្ធ និងសំណង់អគារទំនើបៗជាច្រើន ដែលជំរុញឱ្យមានការផ្លាស់ប្តូរនូវឥរិយាបទរបស់ប្រជាពលរដ្ឋ ទាំងការប្រើប្រាស់ និងរស់នៅតាមបែបទំនើប និងស៊ីវិល័យ តាមរយៈការប្រើប្រាស់របស់ទំនើប និងពិសារអាហារនៅក្នុងទីកន្លែងដែលមានភាពទាន់សម័យ៕