សណ្ឋាគារលំដាប់ផ្កាយប្រាំរបស់អាមេរិកនឹងបើកដំណើរការក្នុងទីក្រុងភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ

ដោយ ប៊ី

ភ្នំពេញៈ សណ្ឋាគារ Hyatt Regency Phnom Penh ដែលមានស្លាកយីហោពីអាមេរិកនឹងបើកដំណើរការនៅចុងខែ កញ្ញា ឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិនេះ។

សណ្ឋាគារនេះ នឹងបម្រើដល់អ្នកជំនួញ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា។

សណ្ឋាគារ Hyatt Regency Phnom Penh នឹងក្លាយជាសណ្ឋាគារលំដាប់ផ្កាយប្រាំដែលមាន២៤៨បន្ទប់ និងរួមបញ្ចូលភោជនីយដ្ឋាន សាលសន្និសីទ ស្ប៉ា និងស្កាយបារ។

សណ្ឋាគារនេះ មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យវិចិត្រសិល្បៈ ផ្សាររាត្រី និងទល់មុខទន្លេមេគង្គ។ ផ្តល់ទីតាំងល្អសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅក្នុងទីក្រុង។

សណ្ឋាគារ Hyatt Regency Phnom Penh បានថែរក្សាស្ថាបត្យកម្មសម័យអាណានិគមបារាំងដើមរបស់ខ្លួន ខណៈពេលដែលបន្ថែមអគារចម្រុះ ជាច្រើនបែបនេះបានធ្វើឱ្យសណ្ឋាគារមួយ សំបូរទៅដោយប្រវត្តិសាស្ត្រ តែក៏អាចផ្តល់នូវប្រណីតភាពទំនើបៗផងដែរ៕

ចំណេះដឹង! តើអ្វីជាយន្តការនៃភាពជាដៃគូគយ និងវិស័យឯកជន?

ដោយវុត្ថា

ភ្នំពេញៈ យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ៩០៦ សហវ.ប្រកចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការប្រកាសនេះធ្វើឡើងតាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមរបស់ផ្នែកឯកជន ក្នុងការជម្រុញនូវអនុលោមភាពច្បាប់ និងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។

យន្តការនេះ ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ក្នុងគោល បំណងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចល្អ ប្រកបដោយសមធម៌សម្រាប់ផ្នែកឯកជនបន្ថែមទៀត។

យោងតាមឯកសាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរយន្តការនេះ ដោយឈរលើស្មារតីភាពជាដៃគូស្នើភាពគ្នារវាងគយ និងផ្នែកឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចចេញ ប្រកាសលេខ ៣២០ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ស្តីពី ការកែសម្រួលសមាសភាពនិងកិច្ចដំណើរការភាពជាដៃគូគយផ្នែកឯកជន ដោយកែសម្រួលឲ្យមានសហប្រធាន ជាតំ​ណា​ង អគរ និងផ្នែកឯកជនក្នុងសមសភាពថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងបី។

ក្រុមការងារបច្ចេកទេសទាំងបីមាន ទី១. ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ ទី២. ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញ វិស័យមិនមែនកាត់ដេរ និងទី៣. ក្រុមការងារគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក។

យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាយន្តការសម្របសម្រួលឲ្យមានកិច្ចសហការ និងការយោគយល់គ្នាទៅវិញ ទៅមក រវាងរដ្ឋបាលគយ និងផ្នែកឯកជនពាក់ព័ន្ធដើម្បីដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងគយ ឲ្យអស់លទ្ធភាពជាមុន មុននឹងឈានទៅដោះស្រាយកម្រិតអន្តរក្រសួង ឬដាក់ជូនវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

នេះគឺជាយន្តការមួយដ៏សំខាន់ ក្នុងការធានានូវប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយនៃកិច្ចសម្រួល ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តយន្តការភាពជាដៃគូគយ និងផ្នែកឯកជនប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ នូវរាល់បាតុភាពអសកម្ម ដែលនាំឲ្យកំណើនសេដ្ឋកិច្ចជាតិ មិនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

បុរី ប៉េង ហួត ប្រារព្ធពីធីបើកសម្ពោធគម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ជាមួយនឹងឱកាសចំណេញ ១៥% ភ្លាមៗ មិនធ្លាប់មានពីមុនមក

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ បុរី​ ប៉េង ហួត បានប្រារព្ធពីធីសម្ពោធជាផ្លូវការ គម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលរៀបចំ ឡើងនៅទីតាំង ការិយាល័យលក់ បុរី ប៉េង ហួត (បឹងស្នោ) ដែលមានចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង នៃក្រុមហ៊ុន ប៉េង ហួត គ្រុប និងអតិថិជន យ៉ាងច្រើនកុះករ ។

ក្នុងពិធីបើកសម្ពោធជាផ្លូវការនេះផងដែរ លោក នីកូឡាស វាឡាសូស នាយកផ្នែករចនាស្ថាបត្យកម្មនៃក្រុមហ៊ុន បុរី ប៉េង ហួត បានឡើងធ្វើបទបង្ហាញយ៉ាងលម្អិតនិងក្បោះក្បាយ អំពីសក្តានុពលដ៏សម្បូរបែប នៃគម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលទទួលបានចាប់អារម្មណ៍ខ្លាំង ពីអតិថិជនផងដែរ។ បន្ទាប់មកលោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់ នៃក្រុមហ៊ុន បុរី ប៉េង ហួត បានថ្លែបញ្ជាក់ថា” គម្រោងថ្មីនេះ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានអាជីវកម្មបែបហ្សបហោស៍ទំនើប លាតសន្ធឹងលើផ្ទៃដី ប្រមាណជាង ២០ហិកតា ជាមួយនឹងហ្សបហោស៍ទំនើបចម្រុះ រាប់រយខ្នង ដែលមានទីតាំងស្ថិតនៅលើដងវិថី សាន់រ៉ាយ អេវេនញូ តែម្តង ដែលធ្វើអោយគម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម វគ្គពីរ អេកូខលឡិកសិន ជាពិសេស​ និងអ្នកដែលរស់នៅជុំវិញផងដែរ”។ លោកស្រី បានបន្ថែមទៀតថា គម្រោងថ្មីខាងលើនេះ​ អភិវឌ្ឍលំនៅឋានអាជីវកម្មបែបហ្សបហោស៍ទំនើប ចំនួន៣ ប្រភេទដែលមានដូចជា ហ្សបហោស៍ ឌី មានតម្លៃចាប់ពី១២ម៉ឺនដុល្លារជាងឡើងទៅ ហ្សបហោស៍ ស៊ី មានតម្លៃចាប់ពី១៤ម៉ឺនដុល្លារជាងឡើងទៅ និងហ្សបហោស៍ ក្លាសស៊ិក មានតម្លៃចាប់ពី២១ម៉ឺនដុល្លារជាងឡើងទៅ។

ដើម្បីអបអរសាទរការបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ បុរី ប៉េង ហួត សូមផ្តល់ជូន អតិថិជន នូវការបញ្ចុះតម្លៃចំនួន៧% និង ការបញ្ចុះតម្លៃពិសេសរហូត ១៥% សម្រាប់ការបង់ផ្តាច់ទៅលើការជាវ ប្រភេទហ្សបហោស៍ណាមួយក្នុងគម្រោងខាងលើដែលមានតម្លៃចាប់ពី ១២ម៉ឺនដុល្លារជាងឡើងទៅ។

កម្មវិធីនេះធ្វើឡើងមានរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ៨ព្រឹក ដល់ ម៉ោង ៧យប់ នាទីតាំងនៅការិយាល័យលក់ បុរី ប៉េង ហួត (បឹងស្នោ) ដែលមានចម្ងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។ សូមរួសរាន់ឡើងកុំឱកាសដ៏កម្រនេះកន្លងផុតអោយសោះ ព្រោះចំនួន និង ពេលវេលាមានកំណត់។ សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល១ ម៉ោងដំបូងប៉ុណ្ណោះ គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ទទួលបានការកក់ពី អតិថិជនយ៉ាងច្រើន លើសពីការរំពឹងទុក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 67 89, Email: [email protected] ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ…!

ក្រសួងសេដ្ឋកិច្ចព្រមានចាត់វិធានការលើម្ចាស់លំនៅដ្ឋានធ្វើអាជីវកម្មមិនអនុវត្តតាមច្បាប់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្ដីជូនដំណឹងជាសាធារណៈទៅលើម្ចាស់លំនៅដ្ឋានធ្វើអាជីវកម្ម ដែលមិនព្រមអនុវត្តទៅតាមច្បាប់កំណត់ជាកំហិត ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណត្រឹមត្រូវទៅតាមច្បាប់ជៀសវាងមានការទទួលរងនូវការផាកពិន័យ។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រសួងបានចេញលិខិតជូនដំណឹងមួយច្បាប់ដោយបានព្រមានចាត់វិធានការចំពោះគម្រោងសំណង់ផ្ទះល្វែងមួយ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើមិនព្រមបង់ផាកពិន័យ រឿងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ។

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានអញ្ជើញម្ចាស់គម្រោងសំណង់ផ្ទះល្វែង LS Signature Home នេះឱ្យទៅដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន តាមរយៈលិខិតអញ្ជើញចំនួនពីរលើកប្រគល់ដល់ទីតាំងការដ្ឋានសំណង់ ប៉ុន្តែម្ចាស់សំណង់មិនបានទៅដាក់ពាក្យសុំអាជ្ញាបណ្ណឡើយ។ ដូច្នេះអនុលោមតាមច្បាប់ ក្រសួងសម្រេចផាកពិន័យចំពោះអាជីវកម្មគ្មានអាជ្ញាបណ្ណនេះ៕

ADB នឹងផ្តល់ប្រាក់២០០លានដុល្លារដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្ម ប្រឆាំងនឹងវីរុសCOVID-១៩

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបង្កើនប្រាក់២០០លានដុល្លារតាម     រយៈកម្មវិធីផ្គត់ផ្គង់ខ្សែសង្វាក់ហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនដែលផលិត និងចែកចាយថ្នាំនិងរបស់របរផ្សេងទៀត ដែលត្រូវការដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគឆ្លងមេរោគថ្មី COVID-១៩។

ក្រុមហ៊ុនដែលផលិត និងចែកចាយផលិតផល រួមទាំងថ្នាំពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលផលិតកម្មនិងការចែកចាយបានកើនឡើងដើម្បីឆ្លើយតបនឹង COVID-19។ ការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលធ្វើការក្នុងភាពជាដៃគូ ជាមួយធនាគារពាណិជ្ជកម្ម នឹងផ្តល់ឱ្យក្រុមហ៊ុនបែបនេះនៅអាស៊ី និងប៉ាស៊ីហ្វិកនូវដើមទុនការងារបន្ថែម ដើម្បីបំពេញការពង្រីក និងតម្រូវការផ្សេងទៀត។

លោក Steven Beck ប្រធានផ្នែកពាណិជ្ជកម្ម និងផ្គត់ផ្គង់សង្វាក់ហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា “ការគាំទ្រនេះ នឹងផ្តោតលើក្រុមហ៊ុននៅក្នុងបណ្តាញផ្គត់ផ្គង់ ដែលមានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ យើងកំពុងស្វែងរកការគាំទ្រ ដល់ក្រុមហ៊ុនដែលចង់បង្កើនផលិតកម្ម ហើយដូច្នេះចាំបាច់ត្រូវមានការចូលរួមពីអ្នកផ្គត់ផ្គង់”។

ដោយយល់ឃើញថា ហិរញ្ញវត្ថុខ្សែសង្វាក់ផ្គត់ផ្គង់តែមួយ ត្រូវបានប្រើជាធម្មតាសម្រាប់ការចែកចាយបន្តក្នុងរយៈពេល ១២០-១៨០ ថ្ងៃ ប្រាក់ ២០០ លានដុល្លារអាចគាំទ្រហិរញ្ញប្បទានជាង៤០០ លានដុល្លារក្នុងរយៈពេល១២ខែបន្ទាប់។ ការចែករំលែកហានិភ័យចំនួន៥០-៥០ ពីធនាគារពាណិជ្ជកម្មដៃគូ អាចជំរុញការគាំទ្រក្រោមគ្រឹះនេះ រហូតដល់៨០០លានដុល្លារក្នុងរយៈពេលដូចគ្នា។

ថវិកានឹងត្រូវបានផ្តល់ជូន តាមរយៈកម្មវិធីហិរញ្ញប្បទាន ខ្សែសង្វាក់ផ្គត់ផ្គង់របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងផ្តល់ដល់ក្រុមហ៊ុន ដែលបានជ្រើសរើសក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងតាមដានយ៉ាងដិតដល់ពីផលប៉ះពាល់នៃ COVID-19 លើហិរញ្ញវត្ថុពាណិជ្ជកម្ម និងកំពុងទាក់ទងជាទៀងទាត់ជាមួយធនាគារអតិថិជន ដើម្បីវាយតម្លៃថា តើត្រូវការការគាំទ្របន្ថែមឬអត់៕

ត្រឹមមួយថ្ងៃមហាសេដ្ឋី៥០០នាក់ខាតបង់ទឹកប្រាក់សរុបជាង៣០០ពាន់លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញៈ មហាសេដ្ឋីជុំវិញពិភពលោកដូចជា អាមេរិក បារាំង ប្រេស៊ីល និងហុងកុង សរុប៥០០នាក់ ខាតបង់ចំណូលប្រមាណ៣០០ពាន់លានដុល្លារ ដែលនេះជាចំនួនដ៏មហាសាលនិងជាការធ្លាក់ចុះមិនធ្លាប់មាន។

ទឹកប្រាក់ចំនួន៣៣១ពាន់លានដុល្លារ ត្រូវបាត់បង់ ហើយតទៅថ្ងៃអនាគតអាចនឹងប្រឈមការបាត់បង់ខ្លាំងជាងគេ ដែលអាចរហូតដល់ជិត១ទ្រីលានដុល្លារ។ នៅក្នុងសប្តាហ័នេះ ទីផ្សារលុយបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្ទុះនៃមេរោគឆ្លងវិរុសកូរ៉ូណានិង តម្លៃប្រេង។

បើនិយាយពីដើមឆ្នាំវិញ អ្នកមានជាច្រើនជុំវិញពិភពលោក ត្រូវខាតបង់ដល់ទៅ ១៦% មិនត្រឹមតែមានផលប៉ះពាល់សកលលោកប៉ុណ្ណោះទេ តែក៏ត្រូវប៉ះទង្គិចមកកាន់វិស័យឧស្សាហកម្មផងដែរ។

ការបារម្ភរបស់អ្នកមានស្ដុកស្ដម្ភ គឺត្រូវបានបង្ហាញដោយការកើនឡើង នៃការលុបចោលជើងយន្តហោះនានាស្ទើរតែពេញពិភពលោក ។

Sheldon Adelson ម្ចាស់ភាគច្រើននៃ Las Vegas Sands Corp ដែលជាប្រតិបត្តិករកាស៊ីណូធំជាងគេបំផុតនៅលើពិភពលោក បានខាតបង់អស់ចំនួន១១,៧ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំនេះ ខណៈដែលកន្លែងលេងល្បែង ត្រូវបានលុបចោលហើយពិព័រណ៍ពាណិជ្ជកម្មត្រូវបានលុបចោល។

បុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ឡើងៗ បានទទួលនូវការខាតបង់យ៉ាងខ្លាំងក្នុងរយៈពេលមួយថ្ងៃ។

ប្រវត្តិវិទូលោក Bernard Arnault ប្រធានក្រុមហ៊ុន LVMH បានខាតបង់ទឹកប្រាក់ចំនួន៩,៥ពាន់លានដុល្លារ និងទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុន Jeff.com Inc បានធ្លាក់ចុះចំនួន៨,១ ពាន់លានដុល្លារ។ សរុបមហាសេដ្ឋីចំនួន៥៣នាក់ បានឃើញទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ចុះ ដល់កំរិតទាបបំផុតចាប់តាំងពីចូលរួមសន្ទស្សន៍នេះ៕

វាគ្មិនជំនាញ៣រូប នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីយុទ្ធសាស្ត្រផ្សព្វផ្សាយជោគជ័យក្នុងវិស័យអចលនទ្រព្យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញចំនួន៣រូប សុទ្ធតែមានភាពជោគជ័យនៅក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំ នឹងចូលរួមធ្វើការចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់ខ្លួន រួមជាមួយនឹងយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយដ៏ជោគជ័យ តាមរយៈកម្មវិធីសិក្ខាសាលាស្ដីពី “យុទ្ធសាស្ត្រផ្សព្វផ្សាយជោគជ័យក្នុងវិស័យអចលនទ្រព្យ” នៅចុងសប្ដាហ៍ក្រោយនេះ។

នាយកប្រតិបត្តិ សាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) លោក ខាត់ បូរ៉ា ដែលជាវាគ្មិនមួយរូបនៅក្នុងសិក្ខាខាងលើនេះបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា តាមរយៈសិក្ខាសាលាមួយនេះ បណ្តាសិក្ខាកាមដែលចូលរួមទាំងអស់ នឹងទទួលបានចំណេះដឹង និងអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ជាទុនអនុវត្តន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានបញ្ជាក់ថា “នៅក្នុងសិក្ខសាលានេះ ខ្ញុំនឹងចែករំលែកនូវចំណេះដឹងដែលផ្ដោតសំខាន់ ទៅលើតួនាទីរបស់ភ្នាក់ងារអចលនទ្រព្យ និងការអនុវត្តតាមគោលនយោ​បាយនៃច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។លោកបន្ថែមថា “ដោយសារតែការសម្លឹងមើលឃើញពីចន្លោះប្រហោង របស់ភ្នាក់ងារអចលនទ្រព្យមួយចំនួន នៅមិនទាន់អនុវត្តស្របទៅនឹងគោលការណ៍ច្បាប់នៅឡើយ ដែលវាគឺជាបញ្ហានៃភាពប្រឈមរបស់ពួកគាត់នៅថ្ងៃក្រោយ”។

លោកបានបន្តទៀតថា ក្រៅពីការបង្ហាញពីការអនុវត្ត ដោយអនុលោមតាមច្បាប់កំណត់ សិក្ខាកាមទាំងអស់ក៏បានដឹងពីនីតិវិធី ក្នុងការស្មើសុំអជ្ញារប័ណ្ណក្នុងនាមជាភ្នាក់​ងារអចលនទ្រព្យស្របច្បាប់ ជាពិសេសគន្លឹះនៃការទទួលបានភាពជោគជ័យ នៅក្នុងវិស័យអចលនទ្រព្យ ក្នុងនាមជាភ្នាក់ងារដែលកំពុង តែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សាររួមនាពេលបច្ចុប្បន្ននេះ។

អគ្គនាយកក្រុមហ៊ុន Estate Xchange  លោក រស់ សុវណ្ណថា ដែលអ្នកជំនាញលើការផ្សព្វផ្សាយ Digital Marketing បានមានប្រសាសន៍ថា “ភ្នាក់ងារអចលនទ្រព្យដែលអាចមានឱកាសទទួលបានភាពជោគជ័យ នៅក្នុងអាជីពរបស់ខ្លួន គឺទាមទារឱ្យមានចំនេះ​ដឹងទូលំទូលាយ មានបណ្តាញច្រើន ជាពិសេសមានជំនាញគ្រប់គ្រាន់ក្នុងការស្វែងរកព័ត៌មានអចលនទ្រព្យដែលពាក់ព័ន្ធ យល់ច្បាស់ពីវិធីសាស្ត្រផ្សព្វផ្សាយនៅលើបណ្តាញ Online ក៏ដូចជាការចេះប្រើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធ្វើជាប្រយោជន៍”។

លោកបានបន្តទៀតថា “តាមរយៈសិក្ខាសាលាមួយនេះ ថ្វីត្បិតមានរយៈពេលខ្លី ប៉ុន្តែសិក្ខាកាម ដែលចូលរួមនឹងបានយល់កាន់តែច្បាស់ ពីរបៀបនៃការធ្វើ Digital Marketing សម្រាប់ការផ្សព្វផ្សាយផលិតផលអចលទ្រព្យ របស់ពួកគាត់ទៅឱ្យដល់អតិថិជនគោលដៅ និងទទួលបានប្រយោជន៍ពីការផ្សព្វផ្សាយត្រឡប់មកវិញ”។

លោកបានមានប្រសាសន៍បញ្ជាក់ថា យើងទទួលស្គាល់ថា បណ្តាញ Online គឺជាមធ្យោបាយមួយយ៉ាងសំខាន់ និងចាំបាច់ក្នុងការផ្សព្វផ្សាយពីផលិតផល អចលនទ្រព្យចូលទៅកាន់ទីផ្សារ ប៉ុន្តែត្រឹមតែបណ្តាញ facebook ឬPage facebook  តែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ ដែលវាទាមទារនូវចំណេះដឹង និងវិធីសាស្ត្រផ្សេងទៀត ដើម្បីជំរុញផលិតផលឱ្យទៅដល់អតិថិជនគោលដៅ ដែលវិធីសាស្ត្រទាំងអស់នេះ នឹងត្រូវបានចែករំលែកនៅក្នុងសិក្ខាសាលា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ”។

អគ្គនាយកក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចPropertyarea.asiaលោក យិន លាងគង់ ដែលជាវាគ្មិននៅក្នុងកម្មវិធីសិក្ខាសាលាដ៏មានសារសំខាន់មួយនេះបានមានប្រសាសន៍ផងដែរថា នៅពេលនិយាយពីការផ្សព្វផ្សាយមានប្រសិទ្ឋភាព គេត្រូវគិតដល់បច្ចេកវិទ្យា ដែលបាននិងកំពុងដើរតួនាទីសំខាន់ ពិសេសក្នុងបដិវត្តន៍ឧស្សាហកម្មទី៤.0 ព្រោះបច្ចេកវិទ្យាឌីជីថល នឹងជួយលោក អ្នកឲ្យចំណេញប្រាក់លើការផ្សព្វផ្សា​យ តាមរយៈការចំណាយតិច និងមានប្រសិទ្ឋភាពខ្ពស់។

លោកបន្តថា “តាមរយៈសិក្ខាសាលានេះ ខ្ញុំនឹងចែករំលែកពីវិធីសាស្រ្តផ្សព្វផ្សាយ ឲ្យមានប្រសិទ្ឋភាព ចំណាយលុយតិច ចំគោលដៅអតិថិជនចង់បាន ពិសេសខ្ញុំនឹងលើកឡើងពីមូលហេតុអ្វី ដែលសារព៌តមានOnlineដើរតួនាទីសំខាន់ក្នុងអាជីវកម្ម”។លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំនឹងចូលរួមចែករំលែក វិភាគនូវបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះថា តើម្ចាស់អាជីវកម្មគួរឈរលើមូលដ្ឋានបែបណា ដើម្បីអាជីវកម្មរបស់ខ្លួនមានភាពរីកចម្រើន និងកាត់បន្ថយបញ្ហាប្រឈមនាពេលវិបត្តិសេដ្ឋកិច្ច”។

លោកបន្តថា ការចូលរួមសិក្ខាសាលាបែបនេះ អ្នកចូលរួមពិតជាមានផលចំណេញខ្លាំងណាស់ ព្រោះវាគ្មិនជំនាញៗ សុទ្ឋតែឆ្លងកាត់បទពិសោធន៍១០ទៅ២០ឆ្នាំ ទើបអាចយកមកចែករំលែកចំណេះដឹងរយៈពេល១ម៉ោង ឬ២ម៉ោងបាន ហេតុនេះវាជាការវិនិយោគ ហើយជាការចំណាយប្រាក់ចំគោលដៅ។

ម្ចាស់អាជីវកម្មនានា ឬអ្នកជំនួញ និស្សិត ដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០១៥ ៨៥៥ ៥៣៨, 077 855 508៕

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់សំណង់ស្រាលដល់អ្នកស្រុកអង្គរ ចំនួន១៧៩៩គ្រួសារ

ដោយវុត្ថា

សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាត ឱ្យមានការជួសជុលកែលម្អលំនៅ   ដ្ឋាន និងសាងសង់សំណង់ស្រាល តូចតាចបានចំនួន១៧៩៩គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្នុងចំណោមអ្នកស្រុកចំនួន២៨៦៧គ្រួសារ។

យោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ ក្រុមនៃអាជ្ញាធរជាតិអប្សរាផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ចំណោមអ្នកស្រុក១៧៩៩គ្រួសារ ដែលទទួលបានការអនុញ្ញាតរួមមាន៖ ស្រុកប្រាសាទបាគងចំនួន២៥៩គ្រួសារ ស្រុកអង្គរធំ ចំនួន២០២គ្រួសារ ស្រុកពួកចំនួន៤៣៦ករណី ក្រុងសៀមរាបចំនួន៦៦០គ្រួសារ និងស្រុកបន្ទាយស្រីចំនួន២៤២គ្រួសារផងដែរ។

របាយការណ៍ដដែលបន្តថា ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាល តូចតាច ដែលទទួលបានការអនុញ្ញាតរួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេស ក្នុងការវាយតម្លៃថាពួកគាត់ គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែង ក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

អាជ្ញាធរជាតិអប្សរា មិនត្រឹមតែផ្តល់ការជួសជុលដល់ផ្ទះចាស់ និងសាងសង់សំ​ណង់ស្រាលតូចតាច ក្នុងនោះក៏បានដោះស្រាយបញ្ហាប្រឈមនានា ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌ ដល់ប្រជាជនគ្រប់ៗគ្នា។

ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះ ជាការចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរា ក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋ ឱ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលា និងការធ្វើដំណើរទៅមក។

អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែ​ត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២៕

កប៉ាល់ដឹកវត្ថុធាតុដើមពីប្រទេសចិន១៦គ្រឿងទៀតនឹងមកដល់កម្ពុជា នៅសប្តាហ៍ក្រោយនេះ

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានឱ្យដឹងថា កប៉ា​ល់ដឹកវត្ថុធាតុដើម ពីប្រទេសចិនសម្រាប់បំរើ និងផ្គត់ផ្គង់ឱ្យតរោងចក្រកាត់ដេរនៅកម្ពុជា១៦គ្រឿងទៀត នឹងមកដល់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយនេះ ខណៈរោងចក្រមួយចំនួនបាននឹងកំពុងជួបបញ្ហាប្រឈមខ្វះខាតវត្ថុធាតុដើម។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករលោកគុន ញឹមបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងពិធីបាឋកថា «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលូយ»នាថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ នេះថា កប៉ាល់ដឹកកុងតឺន័រចំនួន៧គ្រឿង បាននឹងកំពុងបន្ដដឹកចូលកម្ពុជា៥គ្រឿង មកតាមកំពង់ផែ ក្រុងព្រះសីហនុ និង២គ្រឿងទៀត ចូលតាមកំពង់ផែ ហូជីមិញ ប្រទេសវៀតណាម ដែលនឹងដឹកបន្ដតាមផ្លូវគោក មកផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ក្នុងនោះកប៉ាល់៤គ្រឿងហើយបានដល់កំពង់ផែ និងចាត់ចែងបញ្ចូនទៅរោងចក្ររួចរាល់ហើយដែរ។

លោកបន្តថា តាមកាលវិភាគពីកំពង់ផែ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមីនានេះ ក៏មានកប៉ាល់ដឹកវត្ថុធាតុដើមរោងចក្រ ក្រុមទី២ប្រមាណ៩គ្រឿងបន្ថែមទៀត សរុបប្រមា​ណ​៧៤៩កុងទីន័រ បាននិងកំពុងធ្វើដំណើរមកដល់កម្ពុជា ជាបន្តបន្ទាប់ផងដែរ។លោករំពឹងថា នឹងមានកប៉ាល់បន្ដបន្ទាប់ទៀតបន្ដចូលមកកម្ពុជា ដោយយោងទៅតាមស្ថានភាពកែលម្អល្អប្រសើររបស់ប្រទេសចិន ខណៈដែលប្រទេសចិន ជាប្រទេសមួយផលិតវត្ថុធាតុដើមសម្រាប់ប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានណែនាំវិធានការពិសេសចំពោះមុខ និងសម្រេ​ចបើកច្រកទ្វារកំពង់ផែពិសេសមួយ ដែលមានឈ្មោះហៅថា Green Land ទុកសម្រាប់ផ្តល់អាទិភាពទី១ អោយបណ្តាកប៉ាល់ដឹកវត្ថុធាតុដើម បំរើអោយវិស័យឧស្សាហកម្មកាត់ដេរទាំងអស់ចូលចតមុនគេ និងសម្រួល បែបបទឯកសារមុនគេអោយចេញមុនគេ ដើម្បីជំរុញធ្វើយ៉ាងណាដឹកជញ្ជូនវត្ថុធាតុដើម អោយទៅដល់រោងចក្រ អោយបានលឿនបំផុត ជៀសវាងកកស្ទះ សង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រនានា និងការងារនានារបស់កម្មករ កម្មការិនី៕

កម្ពុជាសម្រេចបិទការធ្វើដំណើរតាមនាវាទេសចរណ៍ ដើម្បីបង្ការមេរោគកូវីដ១៩

ដោយ ហ្សូលី

ភ្នំពេញ៖ កម្ពុជាសម្រេចបិទការធ្វើដំណើរតាមនាវាទេសចរណ៍ដឹកអ្នកដំណើរមកពីបណ្តារប្រទេសនានាជាបណ្តោះអាសន្ន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាឬកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០នេះ។

ក្រុមហ៊ុនភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរឬអ្នកទេសចរទាំងអស់ មិនអាចចូលមកក្នុងប្រទេសកម្ពុជាបានទេ ដោយហេតុថា រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនអនុញ្ញាតឱ្យនាវាទាំងនោះចូលមកបណ្តោះអាសន្ន ក្នុងគោលបំណងបង្ការមេរោគឆ្លងកូវិដ១៩។

យ៉ាងណាមិញ អគ្គនាយកដ្ឋានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់ប្រកាសពីថ្ងៃជាក់លាក់ដែលអាចអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលមកកាន់កម្ពុជាវិញនៅឡើយទេ។

ការផ្អាកនេះគឺបន្ទាប់ពីកម្ពុជារកឃើញថា មានភ្ញៀវទេសចរជនជាតិអង់គ្លេសចំនួន ៣នាក់ ជាស្ត្រីមានផ្ទុកវីរុសដែលពួកគេបានធ្វើដំណើរតាមនាវា Cruise Journey រួចចូលចតនៅក្នុងខេត្តកំពង់ចាម។

ដោយឡែក មិនមានការប្រកាសផ្អាកនាវាដឹកទំនិញចូលមកកាន់កំពង់ផែនៅឡើយទេ។ ជាក់ស្តែងកាលពីពេលថ្មីនេះ កម្ពុជាចាំបាច់ត្រូវទទួលយកនាវាដឹកទំនិញចំនួន ៧គ្រឿងដែលធ្វើដំណើរមកពីប្រទេសចិនចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្គង់ផ្គង់វត្ថុធាតុដើមក្នុងរោងចក្រកម្ពុជាក្នុងគោលបំណងជួយសង្គ្រោះវិស័យកាត់ដេរ៕