តើអាគារដែលរចនាស្អាតជាងគេរបស់ទីក្រុងឌូបៃមានឈ្មោះអ្វី?

ដោយ ប៊ី

ភ្នំពេញ៖ ទីក្រុងឌូបៃគឺជាសទិសន័យនៃអាជីវកម្ម និងភាពប្រណីតដែលបានក្លាយជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរ។ ដោយត្រូវបានគេស្គាល់ថាជាទីក្រុងទំនើប និងមិននឹកស្មានដល់ វាបានផ្លាស់ប្តូរសោភណភាពរបស់ខ្លួនជាមួយនឹងស្ថាបត្យកម្មច្នៃប្រឌិត និងបំផុសគំនិត។

ជាកន្លែងដែលមានគម្រោងធំៗដូចពេលអនាគតដ៏អស្ចារ្យបំផុតនៅលើពិភពលោក ទីក្រុងឌូបៃមានអាគារខ្ពស់ជាងគេនៅលើពិភពលោក សណ្ឋាគារខ្ពស់ជាងគេ ផ្សារទំនើបធំជាងគេ កោះដើមដូង (Palm Island) និងកោះល្បីៗ នៅលើពិភពលោក ហើយក៏មានសួនច្បាររីកដុះដាល និងរមណីយដ្ឋានជិះស្គីនៅកណ្តាលនៃវាលខ្សាច់។ ដូច្នេះសូមឱ្យយើងនាំអ្នកស្គាល់អាគារដែលស្អាតជាងនៅគេនៅទីក្រុងឌូបៃ។

អាគារ Burj Al Arab (ប៊ឺកជែល អារ៉ាប់) គឺជាសណ្ឋាគារលំដាប់ផ្កាយ ៧ តែមួយគត់នៅលើពិភពលោកដែលមានស្កាយបារភោជនីយដ្ឋានក្រោមទឹក និងទីធ្លាកីឡាវាយកូនបាល់នៅខាងក្រៅ។

វាក៏ជាអាគារនិមិត្តរូបមួយ ដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ឌូបៃ និងជាវិមានដែលត្រូវបានថតរូបច្រើនបំផុតនៅលើពិភពលោក។

អាគារនេះត្រូវបានរចនាឡើងស្រដៀងនឹងសំពៅរបស់កប៉ាល់ដឹកទំនិញរបស់អារ៉ាប់។ នៅពេលយប់វាត្រូវបានបំភ្លឺដោយរូបចម្លាក់ពណ៌ស្រស់ឆើតឆាយនៃទឹក និងភ្លើង៕

វិស័យសំណង់និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានឹងកើនឡើង ៦% ក្នុងឆ្នាំ ២០២០

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យសំណង់និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានឹងកើនឡើងប្រមាណ ៦% នៅក្នុងឆ្នាំ ២០២០។ នេះបើតាមការព្យាករណ៍របស់អត្រាកំណើនប្រចាំឆ្នាំសកលលោក (CAGR) កាលពីថ្ងៃទី ១២ មីនា ឆ្នាំ ២០២០។

កម្ពុជាកំពុងទទួលបានការវិនិយោគជាច្រើនជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបរិស្ថាន ដើម្បីជម្រុញតម្រូវការទីផ្សាររបស់ក្រុមហ៊ុនសំណង់និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ប្រទេសកម្ពុជាទាក់ទាញការវិនិយោគលើហេដ្ឋារចនាម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ការបញ្ជូនថាមពលនិងទឹក។

បើតាមឱ្យដឹងពីប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាលបានចំណាយថវិកាអស់ប្រហែល ៤០០លានដុល្លារ ដោយក្នុងនោះមានរួមបញ្ចូលទាំងការថែរក្សាផ្លូវតាមបណ្តារខេត្ត និងការកសាងប្រឡាយនានាជាដើម។

ទោះបីជាមានការព្យាករណ៍ថាកើនឡើងមែនពិត ប៉ុន្តែបើតាមការថ្លែងសុន្ទរកថារបស់សម្តេចតេជោកាលពីពេលថ្មីៗនេះថា រាល់គម្រោងសាងសង់ដែលជាថវិការរបស់រដ្ឋាភិបាលកម្ពុជាដែលមិនទាន់បើកការដ្ឋាននោះត្រូវពន្យាពេលការបើកការដ្ឋាន លើកលែងតែគម្រោងវិនិយោគហិរញ្ញប្បទានពីបរទេសតែប៉ុណ្ណោះ។

គិតមកត្រឹមខែមីនា ឆ្នាំ ២០២០នេះ កម្ពុជាបានការវិនិយោគនិងជំនួយជាច្រើនពីសំណាក់បរទេសក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារហើយកាលពីថ្មីៗនេះទើបតែសម្ពោធនិងបើកការដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចជា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ៥៥ និងការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតផងដែរ៕

ក្រសួងទេសចរណ៍បង្កើតផលិតផលថ្មី រមណីយដ្ឋាន ឡូរី ជើងភ្នំបាណន់

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ ក្រសួងទេសចរណ៍បានសម្រេចបង្កើតផលិតផលទេសចរណ៍ថ្មី ដែលមានឈ្មោះថា រមណីយដ្ឋាន ឡូរី ស្ថិតនៅជើងភ្នំបាណន ស្រុកបាណន ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ និងជំរុញកំណើនទេសចរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមពីលើព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា តំបន់ជើងភ្នំបាណនត្រូវបានរៀបចំ និងកែច្នៃបង្កើតជាទីរមណីយដ្ឋានបែបធម្មជាតិ និងជាទីចាប់អារម្មណ៍ក្នុងន័យជាផលិតផលទេសចរណ៍ថ្មីនៅក្នុងតំបន់។

ជាមួយនឹងការបង្កើតផលិតផលទេសចរណ៍ថ្មី រមណីយដ្ឋាន ឡូរី ជើងភ្នំបាណន នៅថ្ងៃដំបូងនៃពិធីបុណ្យទន្លេ គណៈប្រតិភូក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង បានធ្វើដំណើរទស្សនកិច្ច ដោយជិះឡូរីកម្សាន្ត រួមជាមួយក្រុមកីឡាករជិះកង់ និងភ្ញៀវទេសចក្នុងស្រុកប្រហែល ៣០០នាក់។ ឡូរីនេះ ជាផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ហើយទេសចរទាំងអស់មានក្តីរំភើបសប្បាយរីករាយ ដោយបានទស្សនាទេសភាព និងធម្មជាតិដ៏ស្រស់ស្អាតនៅតាមជើងភ្នំបាណន់។

រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទស្សនកិច្ចទេសចរក្នុងស្រុក ពិសេសក្នុងឱកាសបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ ហើយរមណីយដ្ឋាននេះ បាននិងកំពុងផ្តល់ឱកាសការងារ បង្កើតមុខរបរ និងប្រាក់ចំណូលជាច្រើនជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៅស្រុកបាណន់ និងខេត្តបាត់ដំបង។

ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ប្រមាណ ៤៦កន្លែង ដែលអាចឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តបាន មានដូចជា រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ប្រាសាទឯកភ្នំ ភ្នំសំពៅ ល្អាង១០០ អាងកំពីងពួយ ទឹកធ្លាក់ចំការស្វាយ សេកសក សារៈមន្ទីរប្រវត្តិសាស្រ្តខេត្ត ជាដើម ។ល។

សម្រាប់បុណ្យទន្លេត្រូវសម្រេចឱ្យប្រារព្ធជារៀងរាល់ឆ្នាំដោយអនុក្រឹត្យ គឺ៖ លើកទី១នៅឆ្នាំ២០១៥នៅខេត្តក្រចេះ លើកទី២នៅឆ្នាំ២០១៦នៅខេត្តកំពង់ចាម លើកទី៣នៅឆ្នាំ២០១៧នៅខេត្តស្ទឹងត្រែង លើកទី៤នៅឆ្នាំ២០១៨នៅខេត្តកណ្តាល និងលើកទី៥នៅឆ្នាំ២០១៩នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ប្រារព្វនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០។ ពិធីបុណ្យទន្លេត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍មួយដែលចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសចូលរួមគាំទ្រដោយផ្ទាល់ដល់ការបង្កើតផលិតផលទេសចរណ៍ថ្មី និងការជម្រុញចលនាទេសចរណ៍ក្នុងស្រុក៕

រូបសំណាកប្រាសាទអង្គរវត្តកម្ពុជា ត្រូវបានដាក់តាំងនៅការិយាល័យកណ្ដាលអង្គការសហប្រជាជាតិ

ដោយវុត្ថា

ភ្នំពេញ៖ រូបចម្លាក់ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានរៀបចំដាក់តាំងជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេស និងសប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០នេះ។

ក្រសួងការបរទេសឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានកិច្ចសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក បានរៀបចំដាក់តាំងរូបចម្លាក់អង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉ក កាលពីថៃ្ងទី៦ ខែមីនា ឆាំ្ន២០២០ ។

ក្រសួងបញ្ជាក់ទៀតថា ការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ អង្គការសហប្រជាជាតិ នេះ នឹងបង្ហាញអំពីវប្បធម៌សំបូរបែប និងជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចំរុះផ្សេងៗក្នុងចំណោមរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ ៕

មហាសេដ្ឋីចិន Jack Ma ជួយអឺរ៉ុបដោយបរិច្ចាគសម្ភារៈមួយចំនួន ខណៈអឺរ៉ុបមានបញ្ហាខ្វះខាតផលិតកម្ម

ដោយ ហ្សូលី

ចិន៖ ស្ថាបនិកក្រុមហ៊ុន Alibaba និងជាមហាសេដ្ឋីនៅប្រទេសចិន លោក Jack Ma បានសម្រេចចិត្តជួយដល់អ៉ឺរ៉ុប នូវការផ្គត់ផ្គង់សម្ភារៈចាំបាច់មួយចំនួនដើម្បីការពារពីមេរោគឆ្លង ខណៈប្រទេសមួយចំនួននៅអ៉ឺរ៉ុបកំពុងជួបប្រទះបញ្ហាខ្វះខាតផលិតកម្ម។

មហាសេដ្ឋី Jack Ma បរិច្ចាគស្បៀង ដោយដឹកជញ្ជូនទៅដល់ព្រលានយន្តហោះ Leige របស់ប្រទេសប៊ែលហ្សិក។ មិនតែប៉ុណ្ណោះ ក៏មានសម្ភារៈធ្វើតេស្តរកមេរោគចំនួន ១០០,០០០ និងម៉ាសជិត ២លានផងដែរ។

ទំនិញទាំងអស់នេះត្រូវបានបញ្ជូនបាចសាចតាមប្រទេសផ្សេងក្នុងអ៉ឺរ៉ុបដូចជា អេស្ប៉ាញ និង អ៉ីតាលីជាច្រើន ខណៈប្រទេសទ្រុតទ្រោមជាមួយមេរោគឆ្លងនេះធ្ងន់ធ្ងរ។
ជាក់ស្តែងដូចជាប្រទេសអ៉ីតាលី អ្នកជំនាញសេដ្ឋកិច្ចបានព្យាករណ៍ថា ប្រទេសនេះកំពុងរងនូវវិបត្តិសេដ្ឋកិច្ចហើយដែលទិន្នផលសរុបក្នុងត្រីមាសទី ១ នេះ នឹងធ្លាក់ចុះប្រមាណដល់ ៧.៥% ឯណោះ។

សង្វាក់ផលិតកម្មនៅក្នុងប្រទេសក៏ចាប់ផ្តើមថយចុះ ក្នុងនោះក៏មានរោងចក្រឧស្សាហកម្មមួយចំនួនបានរងផលប៉ះពាល់ឈានទៅដល់ការបិទរោងចក្រទៀតផង។

ដោយសារឃើញពីសភាពការណ៍របស់អ៉ឺរ៉ុបបែបនេះ ទើបលោក Jack Ma បានបរិច្ចាគសម្ភារៈដែលអ៉ឺរ៉ុបកំពុងខ្វះខាត។ មហាសេដ្ឋីរូបនេះធ្លាប់បានបរិច្ចាគម៉ាសចំនួន ១លាន ដល់ប្រទេសជប៉ុន និងថវិការប្រមាណ ជិត ១៥លានដុល្លារដល់រដ្ឋាភិបាលចិន ស្វែងរកវ៉ាកស៊ាំង និងគាំទ្រ ការទប់ស្កាត់និងការព្យាបាលមេរោគ៕

អង្គភាពអ្នកនាំពាក្យនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»នៅសប្តាហ៍ក្រោយនេះ

ដោយវុត្ថា

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» វេលាម៉ោង៩:៣០នាទីព្រឹក នៅសាលប្រជុំB ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សន្នីសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈជនឱ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធិផល និងទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធិភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕

រដ្ឋសភាអនុម័តច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ដោយ វុត្ថា

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំ ចំនួន១១៧រូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងសម័យប្រជុំ នាព្រឹកនេះផងដែរ។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ បានលើកយកសេចក្តីព្រាងច្បាប់ចំនួន៦ មកពិភាក្សាអនុម័ត មាន សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលាយអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ច ព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើពិធិសារទី១ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងស្តីពីពាណិជ្ជទំនិញអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម។

បន្ទាប់ពីបានពិភាក្សាគ្នាតាមនីតិវិធីរួចមក រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និង យុត្តិធម៌នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តី ព្រាងច្បាប់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាច្បាប់បើកផ្លូវដល់រាជរដ្ឋាភិបាលធ្វើការប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ការប្តូរឈ្មោះក្រសួងឧស្សាហកម្មគឺដើម្បីពង្រីកសក្តានុពល វិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យទូលំទូលាយដើរស្របតាមយុគសម័យបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ សម័យប្រជុំរដ្ឋសភាបានបន្តពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់តាមរបៀបវារៈជាបន្តបន្ទាប់៕

អគ្គនាយកដ្ឋានគយ៖ វិស័យកាត់ដេរនឹងដំណើរធម្មតាឡើងវិញ បន្ទាប់វត្ថុធាតុដើមពីចិនមកដល់កម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ វិស័យកាត់ដេរនឹងត្រូវបានស្ដារឡើងវិញ បន្ទាប់ពីកប៉ាល់ដែលផ្ទុកវត្ថុធាតុដើមសម្រាប់វិស័យកាត់សរុប ១៦គ្រឿង នឹងមកដល់កម្ពុជារហូតដល់ថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២០។ នេះតាមលើកឡើងរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែល លោក គុណ ញឹម អញ្ជើញចូលរួម ក្នុងបាឋកថា «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលូយ» ដែលរៀបចំ ដោយអង្គភាពប្រឆាំង អំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅទីចាត់ការកណ្ដាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីម្សិលមិញ។

លោកបណ្ឌិត គុណ ញឹម បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កប៉ាល់ដឹកកុងតឺន័រចំនួន ៧គ្រឿង បាននឹងកំពុងបន្ដដឹកចូលកម្ពុជា ៥គ្រឿង មកតាមកំពង់ផែ ក្រុងព្រះសីហនុ និង២គ្រឿងទៀត ចូលតាមកំពង់ផែ ហូជីមិញ ប្រទេសវៀតណាម ដែលនឹងដឹកបន្ដតាមផ្លូវគោក មកផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ក្នុងនោះកប៉ាល់ ៤គ្រឿងហើយបានដល់កំពង់ផែ និងចាត់ចែងបញ្ចូនទៅរោងចក្ររួចរាល់ហើយដែរ។

លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំចង់ជម្រាបពីស្ថានភាព នៃការស្ដារឡើងវិញ ការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ…តាមសំណូមពរ ពីរាជរដ្ឋាភិបាល មានកប៉ាល់ដឹកកុងតឺន័រចំនួន ៧គ្រឿង, ៥គ្រឿង មកកំពង់ផែក្រុងព្រះសីហនុ និង ២គ្រឿង ចូលកំពង់ផែ ហូជីមិញ ដែលនឹងដឹកបន្ដតាមផ្លូវគោក មកផ្គត់ផ្គង់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត”។

លោកបណ្ឌិត គុណ ញឹម បានបន្ថែមទៀតថា “យើងបានទទួលព័ត៌មានបន្ថែមទៀត កប៉ាល់ ៧គ្រឿង មកក្រុមទី១, ក្រុមទី២ មកកប៉ាល់ ៩គ្រឿងទៀត តាមកម្មវិធីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមីនា ដែលផ្ទុកវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ចំនួន៧៤៩កុងតឺន័រ…យប់មិញនេះ បានមកដល់ ១គ្រឿងហើយ។ យើងរំពឹងថា ក្រុមទី៣ និងក្រុមទី៤ នឹងមកបន្ដបន្ទាប់ទៀត”។

លោកបណ្ឌិត គុណ ញឹម ជឿជាក់ថា នឹងមានកប៉ាល់បន្ដបន្ទាប់ទៀត បន្ដចូលមកកម្ពុជា ដោយយោងទៅតាមស្ថានភាពកែលម្អល្អប្រសើរ របស់ប្រទេសចិន ខណៈដែលប្រទេសចិន ជាប្រទេសមួយ ផលិតវត្ថុធាតុដើម សម្រាប់ប្រទេសកម្ពុជា។

លោកបណ្ឌិត បានថ្លែងថា “ចំពោះទំនិញ ដែលនាំមកកម្ពុជា មុននឹងទំនិញចេញពីប្រទេសចិន គឺមានការត្រួតពិនិត្យ…យើងដឹងហើយថា អ្វីៗដែលចេញពីប្រទេសចិន រួមទាំងអ្នកដំណើរ ប្រទេសចិន ត្រួតពិនិត្យទាំងចេញ និងចូល”។

ជាមួយគ្នានោះ លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំវិធានការពិសេសចំពោះមុខ គឺសម្រួលឲ្យបាន ជាអតិបរិមា ក្នុងបំពេញបែបបទ បញ្ចេញទំនិញពីគយ ដោយបានបង្កើតច្រកពិសេសមួយ (ច្រកបៃតង) ទំនិញមកដល់ភ្លាម គឺអាចយកចេញបានភ្លាម ហើយបើមានតម្រូវការចាំបាច់ ត្រូវតែថែមម៉ោងធ្វើការ ដើម្បីសម្រូលដល់ការបំពេញបែបបទ យកទំនិញនោះ យកទៅប្រើប្រាស់៕

ការសិក្សា៖ កម្ពុជានឹងជួបឱនភាពសេដ្ឋកិច្ចបន្ថែមទៀត ដោយសារការប្រែប្រួលអាកាសធាតុ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមការសិក្សារបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើមិនបន្ថែមការ វិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករដោយសារតែកំណើន សីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកបណ្ឌិត ទិន ពន្លក បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិភាក្សាពីការបម្រែបម្រួលអាកាសធាតុកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេស វិស័យកសិកម្ម ប្រព័ន្ធជីវៈចម្រុះនិងអេកូឡូស៊ី ធនធានទឹក សុខភាពមនុស្ស តំបន់ឆ្នេរ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ជាច្រើនក្នុងមួយឆ្នាំៗ។

តាមការសិក្សារបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើយើងមិនបន្ថែមការ វិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករដោយសារតែកំណើន សីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម។ ហេតុ ដូចនេះ វិធានការឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution-NDC)។

លោកបណ្ឌិត ទិន ពន្លក បានមានប្រសាសបញ្ជាក់ថា “យើងបានរៀបចំផែនទីបង្ហាញផ្លូវស្តីពីការអនុវត្តរបាយការណ៍ NDC និងផែនការជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ ឆ្នាំ២០១៩-២០៣០ ផងដែរ។ រាជរដ្ឋាភិបាលក៏បានបញ្រ្ជាបការប្រែប្រួលអាកាសធាតុ ទៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងបានរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ និងផែនការតាមវិស័យ”។

អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ចាន់ ផលលឿន បានមានប្រសាសន៍ថា វិស័យកសិកម្ម បានកំណត់នូវគោលនយោបាយតម្រង់ទិសឆ្ពោះទៅរកការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានសំដៅការសិក្សា ស្រាវជ្រាវ និងរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព កម្មវិធីនិងគម្រោងនានាស្តីពីការប្រែប្រួលអាកាសធាតុ ដោយរួមទាំងផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យកសិកម្ម។ លោកជំទាវ បានបន្ថែទៀតថា ក្រសួងបានចាត់វិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមានបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣។

លោក អែន តូនីញ៉ូស្ស៊ែវ៉ន ប្រធានប្រតិបត្តិគម្រោងនៃអង្គការ FAO បានមានប្រសាសន៍ថា ការវាយតម្លៃលទ្ធផលដែលកើត ចេញពីការអនុវត្តសកម្មភាព និងគោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងការពង្រឹងក្របខណ្ឌតម្លាភាព វិធានការសម្រាប់ឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងវិស័យប្រើប្រាស់ដីធ្លី និងជាមូលដ្ឋានសម្រាប់រៀបចំ និងពង្រឹងប្រព័ន្ធ និងដំណើរការពិនិត្យតាមដាន និងរាយការណ៍ ស្របទៅតាម លក្ខខណ្ឌរបស់ Enhanced Transparency Framework (ETF)៕

អភិបាលខេត្តព្រះសីហនុ ដាក់ចេញផែនការចំនួន៥ដើម្បីពន្លឿនការសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់ផែនការ ៥ចំណុច ដើម្បីជំរុញឱ្យក្រុមហ៊ុននិងកងវិស្វកម្មស្ថាបនាផ្លូវទាំង៨ ពន្លឿនការសាងសង់ផ្លូវផ្លូវទាំង៣៤ ខ្សែ និងដាក់លូនៅក្នុងក្រុងព្រះសីហនុឱ្យបានទ្វេដងទើបទាន់ពេលវេលា ខណៈការការសាងសង់រហូតមកដល់ពេលនេះគឺសម្រេចបាន៤ ខែរួចហើយ។

លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ បានធ្វើការណែនាំ និងដាក់ផែនការដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ ដូចខាងក្រោម៖

១.ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និងដាក់ប្រព័ន្ធលូតាមផែនការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និងលូមិនទាន់តាមតម្រូវការនៃរយ:ពេលសាងសង់៨ខែ។

២.បញ្ហាការកកស្ទះចរាចរណ៍នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុនចង់លឿន មិនបានគិតពីផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ប្រព័ន្ធទឹកស្អាត ខ្សែកាបអគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ។

៣.ប្រព័ន្ធលូត្រូវធ្វើការកែសម្រួលតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និងបានជម្រុញឱ្យក្រុមបច្ចេកទេសចុះពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់លូមិនមានលក្ខណ:បច្ចេកទេសត្រឹមត្រូវតម្រូវឱ្យកាយចេញ ។

៤.បញ្ចៀសផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។ និង ៥.ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋានបច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និងការស្រោចទឹក ។ល។

លោក អភិបាលខេត្ត បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំង៨ ត្រូវសហការជាមួយក្រុមហ៊ុនអានកូ (ផលិតទឹកស្អាត) ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បីការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ឱ្យបានរលូនតាមការគ្រោងទុក។


ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលប្រើពេលរយ:ពេល ៨ខែ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះការអនុវត្តការងារសាងសង់អស់រយ:ពេលជិត ៤ខែហើយ៕