ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ថែមពីលើគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងវិស័យឧស្សាហកម្ម ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅឋានបែបទាន់សម័យ បច្ចុប្បន្ន វិស័យដីធ្លីនៅតំបន់ផ្លូវ៥១ និងតំបន់ឧដុង្គ ត្រូវបានគេមើលឃើញថាកំពុងតែមានសកម្មភាពទិញ-លក់យ៉ាងសកម្ម ពិសេស ក្រោយមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើទំហំដី ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា តំបន់ប៉ែកខាងតំបន់ឧដុង្គ ភ្ជាប់ពីផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលស្ថិតនៅក្នុងប្លង់គោលរបស់រាជរដ្ឋាភិបាលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ថែមពីលើគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន។
លោកបានបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងប្លង់គោលរបស់រដ្ឋាភិបាលនៅផ្លូវជាតិ៥១ ឆ្ពោះទៅកាន់តំបន់ឧដុង្គ ភ្ជាប់ផ្លូវជាតិលេខ៥ នឹងចាប់ផ្ដើមបង្ហាញរូបរាងជាបណ្តើរៗ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មរោងចក្រ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តន៍”។ លោកបន្ថែមថា “តាមគោលការណ៍របស់រដ្ឋាភិបាល នឹងបង្វែររោងចក្រចេញពីក្រុងភ្នំពេញ ទៅតាំងនៅតំបន់ជាយក្រុងតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដែលក្នុងនោះតំបន់ផ្លូវជាតិលេខ៥១ ប៉ែកខាងឧដុង្គ គឺស្ថិតនៅក្នុងតំបន់ដែលមានអាទិភាព និងមានសក្ដានុពលក្នុងរយៈពេលយូរ ដោយសារតែកត្តាភូមិសាស្ត្រ មានអំណោយផលលើការដឹកជញ្ជូន”។
អ្វីដែលកាន់តែបង្កលក្ខណៈពិសេសនៅប៉ែកខាងតំបន់ឧដុង្គ និងផ្លូវ៥១ ក្រុមហ៊ុនមហាសេដ្ឋីប្រចាំកម្ពុជា កាណាឌីយ៉ា ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាម្ចាស់ បានបង្ហាញពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទំហំដី ៥០០ហិកតា ដែលកាន់តែជួយជម្រុញឱ្យតំបន់នេះមានសក្ដានុពលខ្ពស់ និងជះឥទ្ធិពលទៅលើវិស័យដីធ្លី និងលំនៅដ្ឋានផងដែរ។
ស្រដៀងគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា បើប្រៀបធៀប តំបន់ផ្លូវ៥១រហូតដល់តំបន់ឧដុង្គ គឺមានភាពល្អប្រសើរជាងតំបន់ផ្លូវ៤១ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ និងមានប្រជាជនរស់នៅរួចទៅហើយ ហើយ ឧដុង្គ ក៏ជាតំបន់ទេសចរណ៍វប្បធម៌ ដែលមានកេរ្តិ៍ឈ្មោះប្រចាំតំបន់ស្រាប់។
លោកបានបញ្ជាក់ថា “នៅពេលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន ជាពិសេសវិស័យឧស្សាហកម្ម វានឹងជម្រុញឱ្យការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកើតមានឡើង ដែលជាកត្តាធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីកើតមាន ហើយតម្លៃដីធ្លីក៏កើនឡើងខ្ពស់ផងដែរ”។ លោកបញ្ជាក់ថា “សម្រាប់ពេលនេះ វានៅតែជាឱកាសសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនៅឡើយ ដោយសារតែតែតម្លៃដីនៅមានកម្រិតនៅឡើយ”។
នាយកគ្រប់គ្រងទីផ្សារក្រុមហ៊ុន វិមាន អចលនទ្រព្យ លោក សំ ថាវី បានមានប្រសាសន៍ឱ្យដឹងផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន បាន និងកំពុងមានសកម្មភាពយ៉ាងមមាញឹកទៅគម្រោងរបស់ខ្លួន ដែលនៅក្នុងរួមមានការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ស្នាក់នៅ និងបង្កើតអាជីវកម្ម ការសាងសង់លំនៅដ្ឋានសម្រាប់ជួលដល់កម្មករ-កម្មការិនីរោងចក្រ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពុះដីឡូតិ៍ផងដែរ។
លោក សំ ថារី បានបញ្ជាក់ថា “ទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសគម្រោងដីឡូតិ៍ គឺមានសកម្មភាពទិញលក់យ៉ាងច្រើន។ ជាក់ស្ដែង គម្រោងរបស់ក្រុមហ៊ុន វិមាន អចលនទ្រព្យ ដែលខ្ញុំកំពុងកាន់សព្វថ្ងៃនេះ គឺមានអតិថិជនជាច្រើនគាំទ្រ ដោយសារតែទីតាំងរបស់គម្រោងស្ថិតកន្លែងមានសក្ដានុពល ដែលហ៊ុព័ទ្ធទៅដោយលំនៅឋានរបស់ប្រជាជន មានរោងចក្រ សហគ្រាស រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងត្រូវសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ”។
លោកបន្តទៀតថា “ចំពោះអតិថិជនដែលគាំទ្រគម្រោង មានអ្នកខ្លះទិញសម្រាប់សាងសង់លំនៅដ្ឋានស្នាក់ជាកម្មសិទ្ធិ ហើយអ្នកខ្លះគាត់ទិញសម្រាប់ទុកវិនិយោគបន្តយកចំណេញនៅថ្ងៃខាងមុខ ដោយសារពួកគាត់បានដឹងពីគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងជុំវិញតំបន់ឧដុង្គ។ ពេលនេះតម្លៃដី គឺទាបជាងទីផ្សារនៅឡើយ ដែលជាឱកាសសម្រាប់អតិថិជនដែលបំណង់ចង់ទិញទុកវិនិយោគយកចំណេញ ហើយបើរង់ចាំបន្តិចទៀត តម្លៃអាចនឹងបន្តឡើងថ្លៃ ជាពិសេសក្រោយពេលសំណង់លំនៅឋាន រោងចក្រ សហគ្រាសនានា បង្ហាញខ្លួន”។
សម្រាប់ព័ត៌មានលម្អិតពីគម្រោង វិមាន អចលនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៣១ ២២ ២២ ០៧១