ដោយ ហ្សូលី
ភ្នំពេញៈ លំនៅដ្ឋានប្រកបអាជីវកម្ម (shop house) ជាប្រភេទលំនៅដ្ឋានដែលកំពុងមានប្រជាប្រិយភាព និងមានការអភិវឌ្ឍច្រើន ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍលំនៅ ដ្ឋាននានា។
អ្នកជំនាញបានលើកឡើងថា ភាគច្រើនលំនៅដ្ឋានប្រភេទនេះ បានរីកសាយភាពពាសពេញទីក្រុង និងជាយក្រុង ដោយសារតែអត្ថប្រយោជន៍ជាច្រើនខុសពីប្រភេទដទៃ។
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានថ្លែងឱ្យដឹងមកកាន់គេហទំព័រ Property Area Asia ថា សម្រាប់អ្នកដែលមានជីវភាពមធ្យមពួកគេនិយមរស់នៅ ជាប្រភេទលំនៅដ្ឋានប្រកបអាជីវកម្មច្រើន ព្រោះវាផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ ដែលអនុញ្ញាតឱ្យអ្នកទិញចង់រកស៊ីប្រកបមុខរបរក៏បាន ឬរស់នៅក៏បាន។
លោកស្រីបន្តថា “សម្រាប់តម្លៃវាស្ថិតទៅលើទីតាំងនិងតំបន់ បើនៅឯជាយក្រុងអាចមានត្រឹមចាប់ពី៧ម៉ឺនឡើងទៅ”។
បន្ថែមពីនេះ លោកម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានលើកឡើងពីមូលហេតុថា ភាគច្រើនគម្រោងលំនៅដ្ឋានប្រភេទនេះ ច្រើនតែសាងសង់នៅក្បែរតំបន់ទីប្រជុំជន និងជាទីតាំងល្អ ក្នុងការរកស៊ី និងរស់នៅ។ ចំណុចខ្លាំងនោះមានផ្សារនៅក្បែរ ដែលបង្ករឱ្យពលរដ្ឋងាយស្រួលបង្កើតជំនួញ និងធ្វើឱ្យការរស់នៅមានភាពទាន់សម័យ និងងាយស្រួលរស់នៅ។ ហេតុផលទាំងអស់នេះហើយ ដែលបណ្តាលឱ្យប្រភេទលំនៅដ្ឋាននេះ ហាក់បីដូចជាមានតម្រូវការច្រើន។
លោកលើកឡើងថា “អ្នកមានថវិកាក្រោម១០ម៉ឺនដុល្លារ អាចទិញលំនៅដ្ឋានបាននៅក្នុងតំបន់ខណ្ឌដង្កោរ ឬខណ្ឌកំប៉ូល ព្រោះថានៅតំបន់នេះកំពុងមានការអភិវឌ្ឍជាហូរហែទៅលើវិស័យលំនៅដ្ឋាន”។ លោកបន្ថែមថា “ម្យ៉ាងទីតាំងនោះគឺសាកសមសម្រាប់គ្រួសារខ្នាតតូចដែលចង់រស់នៅក្នុងទីក្រុងភ្នំពេញ ថ្វីត្បិតតែឆ្ងាយពីកណ្តាលក្រុងក៏ពិតមែន តែហ៊ុមព័ទ្ធទៅដោយផ្សារ ឬតំបន់រកស៊ី”។
អ្នកជំនាញអចលនទ្រព្យអន្តរជាតិមួយរូបទៀត និងជាអគ្គនាយកក្រុមហ៊ុន Century 21 Advance Property ធ្លាប់បានពន្យល់ស្រដៀងគ្នាថា សម្រាប់ប្រភេទលំនៅដ្ឋានប្រកបអាជីវកម្ម ត្រូវបានអ្នកទិញទិញមានគោលបំណង២ ដែលក្រៅពីអាចរស់នៅប្រកបដោយផាសុកភាព តែអាចប្រកបអាជីវកម្មបានថែមទៀត។ ដោយឡែកតម្លៃផ្ទះប្រភេទនេះមានតម្លៃថ្លៃជាងផ្ទះល្វែងបន្តិច ព្រោះទីតាំងអាចស្ថិតនៅក្នុងទីប្រជុំជន និងប្រមូលផ្តុំដោយអាជីវកម្មចម្រុះ៕