ADB បញ្ជាក់​ជាថ្មី​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ទុះ​ឡើង ៥,៩ភាគរយ​វិញ​នៅ​ឆ្នាំក្រោយ

0

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញ​សេចក្តី​ព្យាករ​ជាថ្មី​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ស្ទុះ​ឡើង៥,៩ភាគរយ​វិញ​នៅ​ឆ្នាំ២០២១ ទោះបីជា​យ៉ាង​ក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី ជំងឺ​កូ​វីដ-១៩ អាច​នឹងធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា (GDP) ធ្លាក់ចុះ​ដល់​ទៅ-៥,៥ភាគរយ​ឯណោះ ក្នុង​ឆ្នាំ២០២០ ។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្និដ្ឋានថា នៅ​ឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹងមាន​កំណើន​ឡើងវិញ៥,៩ភាគរយ។

តារាង​ប្រៀបធៀប​អំពី​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​ទាំង១១ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បង្ហោះ​លើ​គេហទំព័​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២០ បង្ហាញថា ក្នុង​ឆ្នាំ២០២០កំណើនសេដ្ឋកិច្ច​ថៃ នឹង​ធ្លាក់ចុះ​ខ្លាំងជាងគេ គឺ-៦,៥ភាគរយ បន្ទាប់មក​គឺ​សឹង្ហ​បុរី ដែល​នឹង​ធ្លាក់​ចុ -៦ភាគរយ ហើយ​ទី៣គឺ​កម្ពុជា ដែល​នឹង​ធ្លាក់ចុះ -៥,៥ភាគរយ។

ការព្យាករណ៍​រវាង​ធនាគារ​អភិឌ្ឍន៍​អាស៊ី និង​រដ្ឋាភិបាល​កម្ពុជា គឺ​ខុសគ្នា​ឆ្ងាយ។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​ធ្លាក់ចុះ​តែ​ក្នុង​រង្វង់១,៩ភាគរយ​ទេ។

ក្នុងឱកាស​ចុះទៅ​ពិនិត្យមើល​ការដ្ឋាន សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ឃុំ​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រមុខ​រដ្ឋាភិបាល​បាន​ហៅ​ការធ្លាក់ចុះ១,៩ភាគរយ នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ថា មិន​ធ្លាប់​កើតមាន​ក្នុង​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកនេះ។

ទោះ​សេដ្ឋកិច្ចកម្ពុជា ត្រូវ​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ហើយ​ចំណូល​រដ្ឋ ធ្លាក់ចុះ​ក្តី តែ​សម្តេចនាយក​រដ្ឋមន្ត្រី​អះអាងថា រដ្ឋាភិបាល នៅតែមាន​លទ្ធភាព​បើក​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ដដែល។ សម្តេចនាយក​រដ្ឋមន្ត្រី​ប្រកាសប្រាប់​អ្នកប្រឆាំង​ដូច្នេះ​ថា “កូ​វីដ-១៩ មិនអាច​សម្លាប់​រដ្ឋាភិបាល ហ៊ុន សែន បានទេ” ។

មុន​ជំងឺ​កូ​វីដ-១៩ផ្ទុះឡើង កំណើនសេដ្ឋកិច្ច​កម្ពុជា ស្ថិតក្នុង​រង្វង់៧,៥ភាគរយ ក្នុង​ឆ្នាំ២០១៩ និង៧,១ភាគរយ ក្នុង​ឆ្នាំ២០១៩ (របាយការណ៍​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី) ។

រដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​វិធានការ​ជាច្រើន ជាមួយនឹង​ការត្រៀម​ថវិកា​ពី៨០០លាន​ដុល្លារ ទៅដល់​ជាង៣ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​នានា ដូចជា ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់ក​ម្មករ ដែល​ត្រូវ​ព្យួរការងារ និង​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ ជាដើម។

ជាមួយគ្នានេះដែរ បើ​មើល​តាម​តារាង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដដែល កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស៨ទៀត ក្នុង​ឆ្នាំ២០២០ គឺ​ម៉ាឡេស៊ី នឹង​ធ្លាក់ចុះ -៤ភាគរយ ហ្វីលីពីន នឹង​ធ្លាក់ចុះ -៣,៨ភាគរយ ទី​ម័​រ​ឡេស នឹង​ធ្លាក់ចុះ -៣,៧ភាគរយ ឥណ្ឌូណេស៊ី នឹង​ធ្លាក់ចុះ -១ភាគរយ ឡាវ នឹង​ធ្លាក់ចុះ -០,៥ភាគរយ  ព្រុយ​ណេ ធ្លាក់​មក​នៅត្រឹម១,៤ភាគរយ មី​យ៉ាន់​ម៉ា ធ្លាក់​មក​នៅត្រឹម១,៨ភាគរយ វៀតណាម ធ្លាក់​មក​នៅត្រឹម៤,១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here