ស្ថានទូតចិន អះអាងថា ការផ្គត់ផ្គង់វត្ថុធាតុដើមមកចិនជាង ៦០កុងតឺណ័រ នឹងមកដល់កម្ពុជាមុនគេ នៅថ្ងៃទី៩ ខែមីនា នេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្នុងនាមជាបងប្អូនដែកថែប ពេលនេះរដ្ឋាភិបាលចិន បាន និងកំពុងតែចាត់វិធានការនិងធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការជួយដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នាវាដឹកជញ្ជូនវត្ថុធាតុដើមជាង ៦០កុងតឺណឺ នឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថាកាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។
លោកបានបញ្ជាក់ទៀតថា “ក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការសម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ និងចិត្ត”។

លោក Wu Guoquanមានប្រសាសន៍ថា “យើងជឿជាក់ថាស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស”។

ក្រុមហ៊ុន SITCដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង ៦០កុងតឺណឺ នឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ទំនិញចុះ និងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់, ជួយផ្តល់អទិភាពក្នុងការបើកច្រកបៃតងសម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺតាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។

ក្រុមហ៊ុនដឹកជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូន COSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូន Oriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ៕

ធនាគារអភិវឌ្ឍន៍អាស៊ីៈការផ្ទុះឡើងនៃវីរុសCOVID-19 នឹងកាត់បន្ថយកំនើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីនៅឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានព្យាករណ៍កាលចុងសប្តាស៍នេះថា ការ​ផ្ទុះឡើងនៃវីរុស COVID-19 នេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍ និងនៅជុំវិញពិភពលោកនៅឆ្នាំនេះ។

មនុស្សជាង៣,២០០នាក់ នៅទូទាំងពិភពលោកបានស្លាប់ ដោយសារជំងឺផ្លូវដង្ហើម ដែលអាចបណ្តាលឱ្យមានជំងឺរលាកសួតនេះ ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច។

ធនាគារ ABD ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបានឱ្យដឹងថា ការផ្ទុះឡើងនេះអាចកាត់បន្ថយផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោកពី០,១ ទៅ០,៤ភាគរយដោយការព្យាករណ៍អំពីការបាត់បង់ហិរញ្ញវត្ថុ អាចឈានដល់ចន្លោះពី៧៧ពាន់លានដុល្លារទៅ ៣៤៧ពាន់លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា នៅក្នុងការវិភាគដែលបានគូសបញ្ជាក់ពីសេណារីយ៉ូដែលល្អបំផុត និងអាក្រក់បំផុតថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនអាចត្រូវបានកាត់បន្ថយត្រឹម០,៣ភាគរយ ស្មើនឹង១,៧ភាគរយ និងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ដោយមិនរាប់បញ្ចូលប្រទេសចិន អាចត្រូវបានកាត់បន្ថយត្រឹម០,២ភាគរយ ស្មើនឹង ០,៥ភាគរយ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងទៀតថា ការផ្ទុះឡើងនៃវីរុសនេះ អាចនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្រូវការក្នុងស្រុក ទេសចរណ៍ និងការធ្វើដំណើរអាជីវកម្ម ពាណិជ្ជកម្ម និងផលិតកម្ម ការរំខានដល់ការផ្គត់ផ្គង់ ការធ្វើឱ្យប៉ះពាល់ដល់កំណើននៅអាស៊ីដែលកំពុងអភិវឌ្ឍន៍។

លោក Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធកន្លងមកនេះថា “ការរីករាលដាលនៃវីរុសនេះ បានធ្វើឱ្យបាត់ក្តី     សង្ឃឹ​មសម្រាប់កំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅឆ្នាំនេះ ហើយនិងធ្វើឱ្យទិន្នផលសកលលោក២០២០ ឈានដល់ល្បឿនយឺតបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩”។

ធនាគារពិភពលោកបានឱ្យដឹងថា ខ្លួនកំពុងផ្តល់ថវិកាចំនួន១២ពាន់លានដុល្លារជាបន្ទាន់ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ កែលម្អសេវាកម្មសុខភាព ការឃ្លាំមើលជំងឺ ការទទួលបានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងដើមទុនសម្រាប់អាជីវកម្ម៕

សម្តេចតេជោហ៊ុន សែនៈ អគ្គិសនីកម្ពុជានិងរដ្ឋាករទឹកត្រូវផ្តល់ការយោគយល់ឱ្យកម្មកររោងចក្រដែលព្យួរការងារជំពាក់សិន

ដោយ ហ្សូលី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក គួរតែផ្តល់ការយោគយល់ដល់កម្មករ កម្មការិនីរោងចក្រ ឱ្យជំពាក់ថ្លៃទឹកភ្លើងសិន ខណៈដែលកម្មករកម្មការិនីកំពុងត្រូវបានផ្អាកការងារ។

សម្តេចតេជោហ៊ុន សែន បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៩ មីនា ២០២០។

សម្តេចបានមានប្រសាសន៍ថា “ខ្ញុំស្នើឱ្យអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក នៅកន្លែងខ្លះកម្មករគ្នាត្រូវព្យួរការងារ អញ្ចឹងទៅត្រូវខ្វះលុយបង់ថ្លៃភ្លើង បង់ថ្លៃទឹក អញ្ចឹងអាចផ្តល់ការយោគយល់ឱ្យជំពាក់សិន”។សម្តេចបន្តថា “ការពិតទៅកម្មករកម្មការិនីគ្នាប្រើទឹកប្រើភ្លើងក្រោម ៥០គីឡូវ៉ាត់ទេ វាអត់ច្រើនទេ តែគ្នាមានតម្រូវការ ព្រោះខ្ញុំបានទទួលត្រឹមតែ៦០% ថៅកែចេញ៤០% រដ្ឋចេញ២០% ដូច្នេះយោគយល់ការលំបាក”។

ទន្ទឹមនេះ សម្តេចបានបញ្ជាឱ្យ លោកស៊ុយ សែម និង លោកកែវ រតនៈ ពិនិត្យអំពីបញ្ហានេះ ដោយសម្តេចបញ្ជាក់ថា ផលប៉ះពាល់ទៅលើបញ្ហានេះមានមិនច្រើនទេ ប៉ុន្កែក៏មិនមែនប៉ាវទូទៅដែរ ព្រោះថាបើផ្ទះសំណាក់ សណ្ឋាគារ ក៏សុំឱ្យជំពាក់ឬមិនបង់ថ្លៃដែរនោះក៏មិនកើតដែរ កាលណាសណ្ឋាគារមិនដំណើរការមានអីត្រូវប្រើភ្លើង។

សម្តេចបានសង្កត់ធ្ងន់ថា “ជំហានដំបូងដែលត្រូវដោះស្រាយនោះ គឺកម្មករជាមុនសិន”៕

រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា៤០០លានដុល្លារសម្រាប់ទប់ទល់នឹង មេរោគCovid-19

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលត្រៀមបម្រុងទុកចំនួន៤០០លានដុល្លារ សម្រាប់ទប់ទល់ជាមួ​យនឹងភាពប្រឈម នៃការរាតត្បាតមេរោគCovid-19 ដែលកំពុងកើតមានមួយករណីមកលើជនជាតិកម្ពុជាលើកដំបូងនៅក្នុងក្រុងសៀមរាប។ នេះបើតាមការឱ្យដឹងពីសំណាក់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ថ្លែងនៅក្នុងពិធីបើកអង្គសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ” កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានលើកឡើងថា “ជាមួយនឹងបញ្ហានៃភាពប្រឈមមេរោគCovid-19 រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខមាលភាពរបស់កម្ពុជា ជាពិសេសពង្រឹងនិងបង្កើនការចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយពីកិច្ចការពារខ្លួន ទៅដល់ប្រជាពលជនទូទាំងប្រទេសដោយការព្យាយាមរក្សានូវអនាម័យឱ្យបានជាប់ជាប្រចាំ។

លោកបន្តថា “មកទល់នឹងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើសុខមាលភាព របស់ប្រជាជនទូទាំងប្រទេស ជាមួយនឹងការត្រៀមបម្រុនូវកញ្ចប់ថវិកាចំនួន៤០០លានដុល្លារ សម្រាប់ទប់ទល់ជាមួយនឹងវិតបត្តិមេរោគ Covid-19 នេះ”។ លោកបានបន្តទៀតថា “ដូចប្រមុខរាជរដ្ឋាភិបាលធ្លាប់បានមានប្រសាសន៍រួចមកហើយថា ភាពប្រឈមខ្លាំងមិនមែនបញ្ហានៃមេរោគCovid-19 នោះទេ ប៉ុន្តែភាពភ័យខ្លាច និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ទើបជាបញ្ហា”។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូមនេះ បានមានប្រសាសន៍បន្តទៀតថា “គិតមកទល់នឹងបច្ចុប្បន្ននេះ ភាពប្រឈមនៃការមេរោគCovid-19 ត្រូវបានកាត់បន្ថយក្នុងអត្រាខ្ពស់ ដែលការទប់ស្កាត់នៃការរីករាលដាល ត្រូវបានធ្វើឡើងប្រកបដោយលទ្ធផលវិជ្ជមាន ហើយថ្នាំបង្ការប្រឆាំងនឹងមេរោគនេះ គ្រោងនឹងត្រូវបានដាក់ចេញឱ្យប្រើប្រាស់នៅត្រឹមចុងខែមីនា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ខណៈដែលប្រទេសចិន និងសហរដ្ឋអាមេរិក ទទួលបានភាពជោគជ័យខ្ពស់ក្នុងការពិសោធន៍ និងកំពុងជម្រុញការផលិត”៕

រដ្ឋាភិបាលអំពាវនាវឲ្យរក្សាថ្លៃទំនិញលើទីផ្សារនៅកម្ពុជាមានស្ថេរភាពជាប្រក្រតី

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មឱ្យដឹងថា បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសិទសារព័ត៌មានស្តីពី ការរកឃើញករណីមេរោគCOVID-19 លើជនជាតិខ្មែរមួយរូប នៅខេត្តសៀមរាប ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញធំៗ បងប្អូនអាជីវករ អ្នកលក់ដូរទំនិញទូទៅភាគច្រើន នៅរក្សាការផ្គត់ផ្គង់ទំនិញ និងបន្តលក់ទំនិញតាមតម្លៃធម្មតា ទោះបីមានប្រជាពលរដ្ឋមួយចំនួន សម្រុកទិញទំនិញច្រើនមុខខុសប្រក្រតីក៏ដោយ។

យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ នេះ ក៏បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះម្ចាស់ហាងលក់ទំនិញ និងបងប្អូនអាជីវករទាំងនោះជាខ្លាំង។

ក្រសួងពាណិជ្ជកម្មឱ្យដឹងទៀតថា ក្នុងពេលជាមួយគ្នានេះ មានហាងលក់ទំនិ​ញមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាកុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះ អាចបង្កឲ្យមានចលា​ចលក្នុងសង្គមធ្ងន់ធ្ងរ។

ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ដូចជា ទី១ សូមប្រជាពលរដ្ឋមេត្តាជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមានក្នុងប្រទេស អាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង។ ទី២ សូមប្រជាពលរដ្ឋមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយម អាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុសមផល។

ទី៣ សូមម្ចាស់ហាងទំនិញទូទៅ ប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញស្រេចតែអំពើចិត្ត។ ក្នុងករណីរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងសហការជាមួយស្ថាប័ន ផ្សេងទៀត ចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរទំនិញទូទៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់បម្រើជីវភាពរបស់ប្រជាជនយើងនៅក្នុងកាលៈទេសៈនេះ។

ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញ ឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេ​ញជ្រុលហួសហេតុ៕

កូរ៉េរងការឈឺចាប់ដោយសារសេដ្ឋកិច្ចដាំក្បាលចុះជាងមុនទ្វេរដង

ដោយ ហ្សូលី

កូរ៉េ៖ កំណើនសេដ្ឋកិច្ចនៅប្រទេសកូរ៉េរងការឈឺចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការធ្លាក់ចុះខ្លាំងជាងមុន នេះបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មានជាតិកូរ៉េនៅព្រឹកថ្ងៃចន្ទ ទី ០៩ មីនា ឆ្នាំ ២០២០នេះ។

របាយការណ៍នេះបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីមានការឆ្លងមេរោគពីជប៉ុននិងកូរ៉េ បញ្ហាមិនច្បាស់ចាប់ផ្តើមរះថ្មីម្តងមួយៗមកលើសេដ្ឋកិច្ចប្រទេសមួយនេះ ដែលគេបានគិតទុកមុនថា សេដ្ឋកិច្ចនៅកូរ៉េនឹងមានកំណើនយឺតខ្លាំងដល់ទៅ ១.១ ភាគរយ ចំណែកឯជប៉ុនវិញគឺ 0.៤ ភាគរយ។

មូលហេតុដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងនេះដោយសារតែមានការរឹតបន្តឹងអំពិការនាំចេញរបស់កូរ៉េទៅកាន់ទីផ្សារប្រទេសដទៃ ព្រោះថា កូរ៉េកំពុងនាំមុខគេនៅក្នុងការឆ្លងមេរោគលឿនជាងគេបំផុត។ នៅពេលនេះការទំហំនាំចេញរបស់កូរ៉េទៅកាន់ សហរដ្ឋអាមេរិក និងចិន ដែលជាទីផ្សារធំជាងគេបំផុតក្នុងការនាំចូលទំនិញកូរ៉េនោះ ក៏ត្រូវមានការចរចាឡើងវិញអំពិតម្លៃនិងជម្លោះពាណិជ្ជកម្ម។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបញ្ជាក់ថា ទិន្នផលសរុបរបស់កូរ៉េនៅឆ្នាំ ២០២០ នឹងធ្លាក់ចុះរហូតដល់ ១៦.៥ពាន់លានដុល្លារ ដែលនេះគឺជា សេណារីយ៉ូអាក្រក់បំផុត។

ក្រឡេកទៅមើលរបាយការណ៍របស់ ក្រុមហ៊ុនពិគ្រោះនិងស្រាវជ្រាវហិរញ្ញវត្ថុធំនៅអាមេរិក S&P បានផ្សាយថា ការចំណាយរបស់ប្រជាជនកូរ៉េចាប់ផ្តើមបន្ធូរបន្ថយ ដោយសារមានការព្រួយបារម្ភអំពីមេរោគកូរ៉ូណានេះ ខណៈប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចដូច្នេះពួកគេមិនអាចចាយលុយខ្ជះខ្ជាយបានឡើយ៕

សមាគមធនាគារ និង ហិរញ្ញវត្ថុ លើកទឹកសមាជិកខ្លួនឱ្យបន្តផ្តល់ឥណទានដល់វិស័យអទិភាព

ដោយវុត្ថា

ភ្នំពេញ៖ សមាគមធនគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់សមាជិកខ្លួនឱ្យបន្តផ្តល់ឥណទានដល់វិស័យអាទិភាពជាពិសេស ផ្នែកអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីនិរន្តភាពអាជីវកម្មទាំងនេះ។

យោងតាមសេចក្តីថ្លែងការណ៍រួមនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីពីវិធានការការពារផលប៉ះពាល់បណ្តាលមកពីការរីករាលដាលជាសកលនៃវីរុស កូវីដ ១៩ ចេញផ្សាយនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ បានឱ្យដឹងថា សមាជិកសមាគមគប្បីរក្សាភាពទន់ភ្លន់ និងពិនិត្យតាមលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយបំណុលយឺតយ៉ាវដែលបណ្តាលមកពីផលប៉ះពាល់វីរុសកូវីដ ១៩ ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា សមាជិកសមាគម៍ ត្រូវបន្តតាមដាន និងដាក់ចេញវិធានការ ការពាររីករាលដាលនៃវីរុសកូវីដ ១៩ ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តភាពប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវដល់សមាជិកខ្លួនទាំងអស់រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចូលរួមអនុវត្តនូវធាំនការខាងលើដើម្បីកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

បន្ថែមលើវិធានការ ការពារខាងលើ សមាជិកសមាគមទាំងពីរក៏បាននឹងកំពុងចូលរួមជាមយយរាជរដ្ឋាភិបាលកម្ពុជាំក្នុងគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគា្រសធុនតូច និងធម្យមតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គម្រោងនេះ នឹងផ្តល់ទុនក្នុងអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូចនិងធម្យមនៅកម្ពុជាំ លើវិស័យអាទិភាព ហើយដែលគ្រោងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានប្រកាសគាំទ្រចំពោះធនាគារជាតិនៃកម្ពុជាដែលបានដាក់ចេញកាលពី៥ ខែមីនា ឆ្នាំ ២០២០កន្លងមកនេះផងដែរលើការទប់ទល់ការរីករាលដាលនៃវីរុស Covid-19 និងផលអវិជ្ជមានជាយថាហេតុផ្សេងទៀត៕

បុរី ខេស៊ី ផ្តល់ជម្រើសកាន់តែច្រើន និងងាយស្រួលសម្រាប់អតិថិជនក្នុងការបង់រំលោះ

ដោយៈ រ៉ាណេត

ភ្នំពេញ ៖ ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការទិញផ្ទះដោយការបង់រំលោះកាន់តែមានភាពងាយស្រួល និងល្អប្រសើរ បុរី ខេស៊ី បានបង្កើតលក្ខខណ្ឌ និងជម្រើសកាន់តែច្រើនសម្រាប់អតិថិជនរបស់ខ្លួន ជាមួយនឹងការផ្គត់ផ្គង់លំនៅដ្ឋានអាជីវកម្មយ៉ាងស្រស់ស្អាត ទាន់សម័យ នៅក្នុងតម្លៃសមរម្យ។

ស្ថិតនៅលើទីតាំងដ៏ល្អដែលមានសក្ដានុពល ងាយស្រួលក្នុងការរស់នៅ និងផ្ដល់ភាពល្អប្រសើរដល់ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ បុរី ខេស៊ី បាន និងកំពុងតែបង្ហាញពីភាពទាក់ទាញ និងចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងការផ្ដល់ជូននូវលក្ខខណ្ឌដ៏ល្អក្នុងការបង់រំលោះក្នុងអត្រាការប្រាក់ទាបបំផុតថែមទៀតផង។

បុរី ខេ ស៊ី ត្រូវបានហ៊ុព័ទ្ធទៅដោយបណ្តុំលំនៅដ្ឋាន ដែលជាមានការអភិវឌ្ឍស្រាប់នាតំបន់ជាយក្រុង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានសំណង់លំនៅដ្ឋានដ៏ទំនើបៗ និងទាន់សម័យដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងតម្លៃទាប គុណភាពសំណង់ខ្ពស់ និងងាយស្រួលក្នុងការប្រកបអាជីវកម្មបានយ៉ាងប្រសើរ។

អ្វីដែលជាលក្ខណៈពិសេសរបស់បុរី លំនៅដ្ឋាន ខេស៊ី ក្រៅពីមានម៉ូដរចនាដ៏ស្រស់ស្អាត និងទាន់សម័យគួរជាទីទាក់ទាញ គុណភាពសំណង់ខ្ពស់ ដែលផ្តល់ផាសុកភាពដល់ការរស់នៅ ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅអមសងខាង ដូចជានៅខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះ ឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥។
បន្ថែមពីនេះ នៅមានគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាល រាជធានីភ្នំពេញផងដែរ។

គម្រោងសំណង់លំនៅដ្ឋាន ដែលកំពុងតែមានភាពទាក់ទាញមួយនេះ បច្ចុប្បន្ន បាន និងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១។ ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។

ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏ទាន់សម័យមួយនេះបានយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើសំណង់់បែបបៃតង ដែលជាការជួយសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឱ្យលំនៅដ្ឋានក្នុងគំរោងនេះទទួលពន្លឺ និងលំហូរខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។

ដោយឡែកនៅក្នុងគម្រោងបុរី ខេស៊ី ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

លោកអ្នកអាចធ្វើការសម្រេចចិត្តប្រភេទលំនៅដ្ឋាននៅក្នុង ខេស៊ី បានតាមសេចក្ដីប្រាថ្នា ទៅលើលំនៅដ្ឋាន៣ប្រភេទខុសគ្នា រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបាន តាមរយៈទូរស័ព្ទលេខ ៖ ០៧៨ ៩៥ ៩៥ ៦៧ / ០៨៧ ៣៦៩ ៥៣៦ / ០៨៩ ៧៨ ៧៧ ២១ ៕

ក្រុមហ៊ុនសុខាបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានធំមួយលើភ្នំបូកគោ

ដោយ ប៊ី

កំពត៖ ក្រុមហ៊ុន សុខា អូតែល បានបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានធំមួយលើភ្នំបូកគោដែលឈ្មោះ “កំណប់ឋានសួគ៌” ខណៈគម្រោងនេះគឺជាផ្នែកមួយនៃគំរោងអភិវឌ្ឍក្រុងបូកគោដែលមានទីតាំងនៅក្នុងខេត្តកំពត ខេត្តកែបនិងខេត្តព្រះសីហនុដែលទីតាំងខេត្តទាំង៣នេះមានការផ្សារភ្ជាប់ជាមួយនឹងតំបន់នោះ
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុន សុខា អូតែល ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅភ្នំបូកគោ ខេត្តកំពត។

ក្នុងឱកាសនោះលោក ជាវ តាយ បានមានប្រសាសន៍ថា ដោយសារកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំក្នុងខេត្តកំពតដែលចាំបាច់តម្រូវអោយមានសេវាកម្មឆ្លើយតបសមស្របពិសេសការបង្កើននូវសេវាកម្មស្នាក់នៅកំរិតខ្ពស់ សេវាម្ហូបអាហារនិងទីផ្សារមានស្តង់ដាសមស្របបំរើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចាត់ទុកការបើកការដ្ឋានសាងសង់គំរោងអភិវឌ្ឍលំនៅស្ថានកំណប់ឋានសួគ៌លើភ្នំបូកគោនាពេលនេះថា ជាផ្នែកមួយនៃគំរោងអភិវឌ្ឍក្រុងបូកគោដែលមានទីតាំងនៅក្នុងខេត្តកំពត ខេត្តកែបនិងខេត្តព្រះសីហនុដែលទីតាំងខេត្តទាំង៣នេះមានការផ្សារភ្ជាប់ជាមួយនឹងតំបន់នោះ។

បូកគោគឺជារមណីយដ្ឋានដ៏កម្រ មានអាកាសធាតុត្រជាក់គ្រប់រដូវកាលដែលមិនមានចំងាយឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ដែលថ្ងៃខាងមុខហេដ្ឋារចនាសម្ព័ន្ធនឹងមានការតភ្ជាប់ធ្វើអោយមានលក្ខណះងាយស្រួលហើយទីតាំងភ្នំបូកគោនេះមានកំពស់1075mពីផ្ទៃបាតសមុទ្រ ដែលមានន័យថាទីតាំងនេះមានលក្ខណះភូមិសាស្រ្តល្អ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សុខសន្តិភាពនិងស្ថេរភាពនយោបាយនេះគឺមានលក្ខណះអំណោយផលណាស់សំរាប់យើងទាំងអស់គ្នាបន្តដល់កូនចៅជំនាន់ក្រោយដូច្នេះដើម្បីភាពសុខដុមរមនានិងការអភិវឌ្ឍ ទាំងអស់គ្នាគួរតែដើរតាមនិងគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោស្នើដល់ក្រុមហ៊ុនលក់ផ្ទះបង់រំលោះជួយពន្យាពេលការបង់ដល់អតិថិជន ក្នុងអំឡុងពេលមានការព្យួរការងារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈម ជាមួយនឹងការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគ Covid-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាក្រុមហ៊ុនលក់លំនៅដ្ឋាន ទៅឱ្យកម្មករដោយការបង់រំលោះ ជួយអនុគ្រោះ និងពន្យាពេលក្នុងបង់ប្រាក់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានស្នើសុំដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់លំនៅដ្ឋានដោយកាតបង់រំលោះ ជួយសម្រួល និងពន្យាពេលក្នុងការបង់ប្រាក់សម្រាប់អតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ជាពិសេសសម្រាប់អតិថិជនដែលជាកម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ និងអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានាដែលត្រូវព្យួរការងារនេះ ពន្យាការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលហ្នឹង…ព្រោះ បើតាមដឹង… អាកុងត្រាសម្រាប់បង់រំលោះនេះ…កាលណា ពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មាន គឺគេផ្ដាច់កុងត្រាតែម្ដង ហើយដេញយើងចុះពីផ្ទះ…ចឹងទេ សុំឱ្យមានការយោគយល់ទៅលើបញ្ហានេះ”។

នៅក្នុងភាពប្រឈមនៃវិបត្តិមេរិគ Covid-19  សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីចូលរួមជួយសម្រួលដល់ទីផ្សារអចលនទ្រព្យ និងសំណង់ផងដែរ ដោយការរាល់ទិញអចលនទ្រព្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារចុះក្រោម នឹងទទួលបានការរួចផុតពីការបង់ពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំផងដែរ៕