រដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួនពីររុករករ៉ែទង់ដែងនៅក្នុងប្រទេសកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃអាទិត្យបានប្រកាសថា ក្រុមហ៊ុនចំនួនពីរត្រូវបានផ្តល់ការអនុម័តដំបូង ដើម្បីអនុវត្តការរុករករ៉ែទង់ដែងនៅក្នុងប្រទេសកម្ពុជា។

លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ  ត្រូវបានរាយការណ៍ថា ពាក្យសុំរបស់ក្រុមហ៊ុនHT Kuang Ye Cambodia Development Co Ltd និងក្រុមហ៊ុន Cambodia K88 Industry ទទួលបានការយល់ព្រមដំបូង។

ទោះយ៉ាងណា ក្រុមហ៊ុនទាំងពីរនៅតែត្រូវបញ្ជូនឯកសារមួយចំនួន មុនពេលអាជ្ញាប័ណ្ណអាចចេញបាន។

លោកមុនីរ៉ាត់បានមានប្រសាសន៍ថា “នៅជំហានបន្ទាប់ ពួកគេនឹងត្រូវបានស្នើសុំឱ្យដាក់ផែនការមេ និងការវាយតំលៃផលប៉ះពាល់បរិស្ថាន”។

ក្រុមហ៊ុនចំនួន៦បានដាក់ពាក្យសុំអាជ្ញាប័ណ្ណ។ ពាក្យសុំរបស់ក្រុមហ៊ុន DSN Inter Mining Import Export Co Ltd ក្រុមហ៊ុន Hou Socheat Investment (HSI) Co Ltd ក្រុមហ៊ុន, Inspire Geological Exploration (Cambodia) Co Ltd និងក្រុមហ៊ុន Sichuan Xinhe Mining Co Ltd មិនត្រូវបានអនុម័តឡើយ។

ក្រុមហ៊ុន HT Kuang Ye បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ខ្លួននឹងរុករករ៉ែទង់ដែង នៅលើប្លុកពីរដែលមានទំហំ៨២,២៥គីឡូម៉ែត្រការ៉េ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រុមហ៊ុន Cambodia K88 Industry នឹងរុករកលើផ្ទៃក្រឡា៩៣.៩៤ គីឡូម៉ែត្រការ៉េនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោកមុនីរ៉ាត់ បន្តថា ក្រុមហ៊ុនផ្សេងទៀត នៅតែអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណរុករករ៉ែផ្សេងទៀត។

បើតាមលោកមុនីរ៉ាត់ ក្រសួងបានចេញអាជ្ញាប័ណ្ណរុករករ៉ែទង់ដែង ចំនួន៣៩កន្លែ​ងនៅទូទាំងប្រទេស។

ក្រុមហ៊ុនរុករករ៉ែដែលចុះបញ្ជីនៅអូស្រ្តាលី Emerald Resources NL កំពុងអភិ​វ  ឌ្ឍគម្រោងរ៉ែមាស អូខ្វាវនៅខេត្តមណ្ឌលគីរី។ ការទាញយកលើកដំបូងត្រូវបានគេរំពឹងថានឹងកើតឡើងនៅឆ្នាំនេះ៕

សម្តចតេជោៈនាវាចិន៧គ្រឿងនឹងដឹកជញ្ជូនវត្ថុធាតុដើមមកកម្ពុជាដើម្បីសង្រ្គោះ វិស័យកាត់ដេរ

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា នឹងនាវានាវាចិន៧គ្រឿង នឹងដឹកជញ្ជូនវត្ថុធាតុដើម ដើម្បីសង្គោះវិស័យកាន់ដេរ ខណៈមានរោងចក្រមួយចំនួនបានស្នើសុំបិតបណ្តោះអាសន្នដោយសារកង្វះវត្ថុធាតុដើម។

សម្តេចតេជោហ៊ុន សែន នៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា  នាវា៥គ្រឿង ដែលដឹកទំនិញវត្ថុធាតុដើម និងចូលកំពង់សោម និង២គ្រឿងទៀតឆ្លងកាត់តាមទីក្រុងហូជីមិញរបស់ប្រទេសវៀណាម ដើម្បីផ្គត់ផ្គង់រោងចក្រនៅស្វាយរៀង។

សម្តេចតេជោបន្តថា នាវា៧គ្រឿងនេះ  មិនត្រឹមតែដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនានាសម្រាប់តែខែបី (ខែមីនា)នេះទេ ដឹករហូតដល់ខែ៥ (ខែឧសភា) ពោលរហូតដល់សភាពការធូស្រាលឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការព្យួររោងចក្រខ្លះនៅក្នុងប្រទេសកម្ពុជា

សម្តេចតេជោ បន្ថែមថា “ខ្ញុំសូមអំពាវដល់រោងចក្រនានា ឆ្លៀតពេលដែលបញ្ឈប់ការងារ ហើយលប់ចោលកិច្ចសន្យារជាមួយកម្មករ ព្រោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ប្រកាសរួចរាល់ហើយដែរ។ ចឹងទេកុំមានបញ្ឈប់ការងារ ហើយលុបកិច្ចសន្យាការងាររបស់កម្មករកម្មរិនីចោលឱ្យសោះ”។

បើតាមសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបញ្ជាក់ថា កម្មករកម្មរិនិជិត៧ម៉ឺននាក់ នឹងទទួលរោងផលប៉ះពាល់ពីការព្យួការងារ និងបិតរោងចក្រនៅក្នុងប្រទេ​សកម្ពុជា។

លោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងកាលពីសប្តាហ៍មុននេះថា គិតរហូតដល់ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២០នេះ មានរោងចក្រសហគ្រាសចំនួន៤០ ស្នើសុំព្យួរការងារ ព្រោះតែកង្វះវត្ថុធាតុដើម និងដោយសារផ្ទុះឡើង នៃជំងឺផ្លូវដង្ហើមកូវីដ១៩នៅក្នុងប្រទេសចិន។

លោកបន្តថា តាមការគិតទុក ក្នុងករណីដែលដែលបង្ករឡើង ដោយវីរុសកូវិដ១៩នេះគឺអាចប៉ះពាល់ ដល់រោងចក្រជាង២០០នៅទូរទាំងប្រទេស ប៉ុន្តែយ៉ាងណាក៏ដោយ ទាំងក្រសួងការងារ និងក្រសួងជំនាញជាប់ពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងរិះរកវិធីសាស្រ្តធ្វើយ៉ាងណា ពន្លឿនការនាំចូលវត្ថុធាតុដើមពីចិនឲ្យបានឆាប់រហ័សបំផុត ដែលពេលនេះវត្ថុធាត់ដើមទាំងនោះបាន កំពុងដឹកចេញពីប្រទេ​សចិន ហើយកម្ពុជានឹងបានទទួលមុនគេ។

លោកបានបញ្ជាក់ថា “ការបិទទ្វារបណ្តារោងចក្រទាំងអស់នេះ អាចប្រឈមក្នុង    រយៈពេលបណ្តោះអាសន្ន ដោយសារយើងដឹងថា ខាងរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិន នឹងចាប់ផ្តើមដំណើរឡើងវិញនៅត្រឹមអំឡុងខែក្រោយ ហើយកម្ពុជា គឺជាប្រទេសអាទិភាព ក្នុងការទទួលបានវត្ថុធាតុដើម ដើម្បីបន្តដំណើរការឡើងវិញ”។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាដែលកំពុងប្រឈមរបស់បណ្តារោងចក្រកាត់ដេរ នៅទូទាំងប្រទេសកម្ពុជា ដែលអាចជះឥទ្ធិពលអាក្រក់មកលើកម្មករ -កម្មការិនីជាច្រើន ដែលអាស្រ័យចំណូលពីការងារនៃវិស័យរោងចក្រ។

ជាមួយគ្នានេះ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការបន្ទាន់ ដែលអាចជួយសម្រួលនូវផលលំបាករបស់កម្មករ កម្មការិនី ដោយការផ្តល់នូវប្រាក់បៀវត្សរ៍ចំនួន៦០ភាគរយនៃប្រាក់ខែគោល ដោយក្នុងនោះក្រុមហ៊ុនចំណាយ៤០ភាគរយ។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិយាយថា វត្ថុធាតុដើមប្រហែល៦០ភាគរយដែលត្រូវបានប្រើ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជាគឺនាំចូលមកពីប្រទេសចិន។

ស្ថានទូតបានឱ្យដឹងថា “ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសចិនកំពុងតែធ្វើឱ្យរោងចក្រនានាទទួលរងនៅផលប៉ះពាល់ និងធ្វើឱ្យរោងចក្រជាច្រើនប្រឈមមុខ នឹងកង្វះខាតវត្ថុធាតុដើម។ រដ្ឋាភិបាលចិនប្តេជ្ញាស្វែងរកដំណោះស្រាយ ឱ្យបានឆាប់រហ័សបំផុត។

រដ្ឋាបាលចិនកាលពីសប្តាហ៍មុន បានបញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធតាមរយៈអគ្គនាយ​​កដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិនបានមកកាន់ប្រទេសកម្ពុជា ស្វែងយល់ពីផលប៉ះពាល់ នៃកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរ និងពីការព្យួរផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់រោងចក្រសហគ្រាសនានា និងលទ្ធភាពនៃការគាំទ្ររបស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ក៏ដូចជាការលើកទឹកចិត្តដល់សហគ្រាសចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

សម្តេចតេជោជំរុញឱ្យមានការបើកច្រកព្រំដែនថ្មីមួយទៀតជាមួយថៃដើម្បីបង្កើនពាណិជ្ជកម្ម

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយទៀតនៅត្រង់ចំណុច “ច្រកថ្មដា” ដែលមានព្រំប្រទល់ជាមួយខេត្តពោធិ៍សាត់របស់កម្ពុជា និង ខេត្តត្រាតរបស់ថៃ ដើម្បីបង្កើនទំហំពាណិជ្មកម្ពុជារវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ នៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុងបានណែនាំឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចស ខេង លោក ប្រាក់ សុខុន ពិភាក្សាជាមួយភាគីថៃ ឲ្យបើកច្រកទ្វារអន្តរជាតិ ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ឲ្យក្លាយជាព្រំដែនអចិន្រ្តៃយ៍ដើម្បីឲ្យទំហំពាណិជ្ជកម្មកម្ពុជាកើនឡើង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណ ការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅថៃ ក៏ដូចពីថៃមកកម្ពុជា ព្រមទាំងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងស្រុកវាលវែង ទៅកាន់ខេត្តពោធិ៍សាត់ផងដែរ។

លោកបន្តថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបជាង ១៨២គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមកម្ចីហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដែលមានទឹក ប្រាក់ប្រមាណ ១៣២លានដុល្លារអាមេរិក។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចាត់ទុកផ្លូវជាតិលេខ៥៥ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជា ព្រោះថាផ្លូវនេះ ប្រើសម្រាប់ដឹកជញ្ជូនទំនិញពីកម្ពុជាទៅកំពង់ផែទឹកជ្រៅលឹមជាបាង នៅក្នុងប្រទេសថៃ ដើម្បីឆ្លងកាត់ទៅប្រទេសផ្សេង ក៏ដូចជាដឹកទំនិញ ពីប្រទេសផ្សេងចេញពីកំពង់ផែលឹមជាបាង មកក្នុងប្រទេសកម្ពុជា។

លោកថា “ក្រៅពីនោះផ្លូវមួយខ្សែនេះ ក៏នឹងជួយឲ្យប្រជាពលរដ្ឋក្នុងស្រុក វាលវែងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ខេត្តពោធិ៍សាត់ផងដែរ”។

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងតែមួយ បានកើនឡើងជិតដល់១០ពាន់លានដុល្លារហើយ នៅឆ្នាំ២០១៩កន្លងទៅនេះ ខណៈប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មនេះ កើនឡើង១៥ពាន់លានដុល្លារ៕

សម្តេចតេជោ ហ៊ុន សែនដាក់ឈ្មោះផ្លូវជាតិលេខ ៥៥ ជា “ផ្លូវបុប្ផាលាក់ខ្លួន”

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យផ្លូវជាតិ៥៥ ឬផ្លូវវាលវែងថាជា “ផ្លូវបុប្ផាលាក់ខ្លួន” ខណៈផ្លូវនេះពីមុនមិនងាយអ្នកណាមកដល់ និងស្គាល់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ឈ្មោះ បែបនេះ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ នៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។

ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលមានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អ្នកជំនាញៈ អ្នកវិនិយោគគេសម្លឹងមើលលើតម្រូវការ មិនមែនមើលពីព្រឹត្តិការណ៍ សង្គមនោះទេ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាទូទៅមនុស្សជាច្រើនបានផ្ដោតសំខាន់ ទៅលើព្រឹត្តិការណ៍សង្គមដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ដែលក្នុងនោះភាគច្រើនតោងភ្ជាប់ ទៅនឹងបញ្ហានៃការាតត្បាតនៃមេរោគCovid-19 ខណៈដែលអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានហាក់មិនមានភាពព្រួយបារម្ភនោះទេ។

នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ បុរី វឌ្ឍនៈ ដែលមានទីតាំងស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកកន សុខគា បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងនេះថា នៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានបែងចែកជាច្រើនផ្នែក ដែលក្នុងនោះគម្រោងអភិវឌ្ឍន៍វិស័យសំណង់ និងលំនៅដ្ឋានបានឈានមុខគេ។

លោកបន្តទៀតថា “ជាទូទៅមុនពេលបណ្តាក់ទុនវិនិយោគ នៅក្នុងគម្រោងណាមួយ គេតែងតែគិត និងសិក្សាទៅលើតម្រូវការជាក់ស្ដែង ពេលអនាគត រួមជាមួយនឹងហានិភ័យដែលអាចកើតមាន”។ លោកបន្តថា “បានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់មិនត្រូវបានធ្វើឡើងដោយភាពប្រថុយប្រថាននោះទេ”។

ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន បែបទំនើបនៃបុរីលំនៅដ្ឋាន វឌ្ឍនៈ គឺបានសិក្សាយ៉ាងលម្អិតពីភាពប្រឈម និងបញ្ហាប៉ះពាល់រួចជាស្រេច ហើយជាលទ្ធផល គឺយើងមានទំនុកចិត្តខ្ពស់ នៅក្នុគម្រោងផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងតែមាននៅពេលបច្ចុប្បន្ននេះ។

ស្រដៀងនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានដ៏ល្បីឈ្មោះផងដែរនោះ បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ក្នុងវិស័យលំនៅដ្ឋាន គឺអ្នកអភិវឌ្ឍន៍ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងចាំបាច់របស់ទីផ្សារក្នុងស្រុក។

លោកឧកញ៉ាបន្តទៀតថា “បច្ចុប្បន្ន ខ្ញុំអភិវឌ្ឍន៍សាងសង់លំនៅដ្ឋាន គឺដើម្បីឆ្លើយតបទៅនឹងទីផ្សារជាក់ស្ដែងដែលកំពុងតែមានសព្វថ្ងៃ”។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា សព្វថ្ងៃនេះ ដោយសារតែមានវិបត្តិនៃបញ្ហាមេរោគជាសាកល បានធ្វើឱ្យមនុស្សភាគច្រើនយល់ឃើញ ពីទីផ្សារអចលនទ្រព្យផ្សេងគ្នា ប៉ុន្តែសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍របស់លោក គឺតម្រូវទៅតាមតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងមាន។

លោកបន្ថែមថា សម្រាប់បញ្ហាសង្គមដែលកំពុងតែជួប នៅពេលបច្ចុប្បន្ននេះ គ្រាន់តែជាព្រឹត្តិការណ៍ប៉ុណ្ណោះ។ លោកឧកញ៉ាបានបន្តថា មិនថាក្នុងឆ្នាំនេះ ឬឆ្នាំបន្ទាប់នោះទេ តម្រូវការទីផ្សារលំនៅដ្ឋានក្នុងស្រុកនៅតែបន្តមាន ហើយវាក៏នៅតែជាឱកាសសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ដដែល៕

ការអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធក្នុងខេត្តសៀមរាបនៅតែបន្តជាប្រក្រតី ដើម្បីទប់ទល់ វិបត្តិកូវីដ១៩

ដោយហ្សូលី

សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការណែនាំបន្តឱ្យមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ដែលមាននៅក្នុងខេត្តសៀមរាបដដែល បើទោះបីជាមានការផ្ទុះវីរុសកូរ៉ូណាឬកូវីដ១៩ក៏ដោយ។

លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន កាលពីព្រឹកថ្ងៃទី៨ មីនា ឆ្នាំ ២០២០កន្លងទៅ ក្នុងគោលបំណងដោះស្រាយ និងចាត់វិធានការផ្សេងៗ ខណៈវីរុសកូរ៉ូណាបានកំពុងផ្ទុះ។

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានណែនាំនិងដាក់វិធានការឱ្យអាជ្ញាធរខេត្តទាំងអស់នៅតែបន្តដំណើរការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាធម្មតា ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្រោយពីចប់វិបត្តិមេរោគកូរ៉ូណាឬកូវីដ១៩នេះ។

មិនតែប៉ុណ្ណោះ ការវិនិយោគស្ទឹងសៀមរាបទៀតសោត ក៏ត្រូវប្រញាប់រួសរាន់ក្នុងការជម្រុញបើកការដ្ឋានផងដែរ។

ក្នុងកិច្ចប្រជុំបន្ទាន់នោះ លោកទៀ សីហា ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស និយោជិត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ ត្រូវចូលរួមសហការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវិរុសកូវីដ នៅតាមទីប្រជុំជន កន្លែងសំខាន់ៗ ក្នុងក្រុងសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរៀងៗខ្លួន។

លើសពីនេះ លោកទៀ សីហា បានណែនាំដល់ក្រុង/ស្រុកទាំង១២ ត្រូវតែបន្តការរៀបចំសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យក្លាយជាអេកូទេសចរណ៍ និងវប្បធម៌ យ៉ាងយូរមិនឱ្យលើសពីមួយឆ្នាំ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឡើងវិញ៕

ចិនគ្រោងបរិច្ចាគប្រាក់២០លានដុល្លារដើម្បីគាំទ្រអង្គការសុខភាពពិភពលោកធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដោយវុត្ថា

ប៉េកាំងៈ រដ្ឋាភិបាលចិនបានសម្រេចថា នឹងបរិច្ចាគប្រាក់២០លានដុល្លារអាមេរិកជូនដល់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រអង្គការសុខភាពពិភពលោកធ្វើកិច្ចសហប្រតិបតិ្តការអន្តរជាតិ លើវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី ឫកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានចិនកាលពីពេលថ្មីៗនេះ។

បន្ទាប់ពីកើតមានសភាពការណ៍ឆ្លងនៃជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី ក្រោមការដឹកនាំរបស់លោកTedros អគ្គនាយកអង្គការសុខភាពពិភពលោក អង្គការមួយនេះបានដើរតួនាទីសំខាន់ ក្នុងការជំរុញឱ្យបណ្តាប្រទេសនានា បង្កើនមនសិការបង្ការនិងប្រកាន់ខ្ជាប់ការទប់ទល់ ដោយវិទ្យាសាស្ត្រនិងវិចារណញ្ញាណ ក៏ដូចជាបានជួយប្រទេសពាក់ព័ន្ធលើកកម្ពស់សមត្ថភាព នៃប្រព័ន្ធសុខាភិបាលផងដែរ ដែលទទួលបានការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ ។

ប្រទេសចិនក៏កោតសរសើរខ្ពស់ ចំពោះអង្គការសុខភាពពិភពលោក ដែលបានផ្តល់ការគាំទ្រ និងការយោគយល់ទៅលើការងារបង្ការ និងគ្រប់គ្រងរបស់ប្រទេសចិនផងដែរ ។

បច្ចុប្បន្ននេះ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី បានផ្ទុះឡើង និងរីករាលដាលនៅតំបន់ជាច្រើននៅលើពិភពលោក ដូច្នេះការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរួមគ្នាបង្ការ និងគ្រប់គ្រងជំងឺឆ្លង គឺកាន់តែមានភាពបន្ទាន់ថែមមួយកម្រិតទៀត។

ប្រទេសចិនបរិច្ចាគប្រាក់ ឆ្លើយតបនឹងសេចកី្តអំពាវនាវ របស់អង្គការសុខភាពិភពលោក ព្រមនិងផ្តល់ការគាំទ្រ ដល់អង្គការសុខភាពពិភពលោក តាមរយៈប្រតិបតិ្តរបស់ខ្លួន ក្នុងន័យឱ្យអង្គការមួយនេះ បន្តពង្រីកឧត្តមភាពឯកទេសរបស់ខ្លួន និងដើរតួនាទីសម្របសម្រួលឱ្យបានកាន់តែល្អ ក្នុងប្រតិបតិ្តការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាពិសេសជួយប្រទេសមធ្យម និងតូច ដែលមានប្រព័ន្ធសុខាភិបាលសាធារណៈដ៏ទន់ខ្សោយបង្កើនការងារទប់ស្កាត់ជំងឺឆ្លងផងដែរ។

ករណីឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី លើពិភពលោកទាំងមូលមានចំនួនលើសពី១សែនករណី អង្គការសុខភាពពិភពលោកអំពាវនាវ បណ្តាប្រទេសនានាឱ្យចាត់វិធានការទប់ស្កាត់ដ៏ខ្លាំងក្លា។

កាលពីថ្ងៃទី៧ខែមីនា អង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍ឱ្យ​ដឹងថា បច្ចុប្បន្ន អ្នកឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី លើពិភពលោកទាំង​មូលមានចំនួនលើសពី១សែនករណីហើយ ប្រទេសទាំងអស់គួរចាត់វិធានការទប់ស្កាត់ដ៏ខ្លាំងក្លា ដើម្បីកាត់បន្ថយនិងកែប្រែនិន្នាការរីករាលដាលនៃជំងឺឆ្លង។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា បទពិសោធន៍របស់ចិន និងប្រទេសដទៃទៀតសុទ្ធតែបានបញ្ជាក់ថា ឆ្លងតាមរយៈការចាត់វិធានការ វិសាលភាពជាទូទៅមួយចំនួន គឺអាចបន្ធូរបន្ថយយ៉ាងពិតប្រាកដ នូវការរីករាលដាលនៃវីរុស ព្រមទាំងកាត់បន្ថយការជះឥទ្ធិពលរបស់ជំងឺឆ្លង។

ក្នុងសេចក្តីថ្លែងការណ៍ អង្គការសុខភាពពិភពលោកបានបង្ហាញថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ តាមបណ្តាញអ៊ីនធើណេតជាមួយ ប្រទេសដៃគូសហប្រតិបត្តិការ និងអ្នកជំនាញទាំងអស់ ធ្វើកិច្ចសម្របសម្រួលចំពោះប្រតិកម្មអន្តរជាតិ គ្រោងគោលណែនាំ ចែកចាយសម្ភារៈ ចែករំលែកចំណេះវិជ្ជានិងព័ត៌មាន ក៏ដូចជាផ្តល់ព័ត៌មានការពារដល់មនុស្សទាំងឡាយផងដែរ៕

រដ្ឋាភិបាលជំរុញឱ្យក្រុមហ៊ុននាវាបង្កើតសមាគម

ដោយវុត្ថា

ភ្នំពេញៈ តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុននាវាបង្កើតសមាគមភ្នាក់ងារតំណាងក្រុមហ៊ុននាវា ដើម្បីផ្តល់សេវាកាន់តែមានភាពងាយស្រួល និងប្រសិទ្ធិភាពខ្ពស់។

នេះបើតាមកិច្ចប្រជុំពិភាក្សាជាមួយភ្នាក់ងារតំណាងក្រុមហ៊ុននាវាស្តីពី ការផ្តល់សេវាដល់ក្រុមហ៊ុននាវា នៅរវាងលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍កន្លងមកនេះ ។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងភ្នាក់ងារតំណាងក្រុមហ៊ុននាវា។

លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យភ្នាក់ងារតំណាងក្រុមហ៊ុននាវា ចងក្រងគ្នាបង្កើតជាសមាគមឡើង ដើម្បីងាយស្រួលក្នុងការបង្កើត និងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារតំណាងក្រុមហ៊ុននាវាជាមួយនិងរាជរដ្ឋាភិបាល ជាប្រភពលំហរព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ភ្នាក់ងារតំណាងក្រុមហ៊ុននាវា និងការផ្តល់ព័ត៌មានត្រឡប់ និងទទួលបាននូវផលប្រយោជន៍សម្រា​ប់គ្រប់ក្រុមហ៊ុនជាសមាជិកផ្ទាល់។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីការយកកម្រៃសេវា ចំពោះក្រុមហ៊ុននាវាប្រកបដោយភាពមិនច្បាស់លាស់ និងប្រែប្រួលខ្លាំង រវាងភ្នាក់ងារតំណាងក្រុមហ៊ុននាវានីមួយៗ ដែលបណ្តាឱ្យតម្លៃនៃការដឹកជញ្ជូន នៅតែមានកម្រិតខ្ពស់ ជាហេតុធ្វើឱ្យក្រសួងបានផ្តួចផ្តើមឱ្យក្រុមហ៊ុន ពិចារណាលើការកំណត់តារាងតម្លៃសេវាស្តង់ដា ទៅដល់ក្រុមហ៊ុននាវា៕

ស្ពានអាកាសបត់ឆ្វេងខ្សែទី១នៅក្បាលថ្នល់បានបញ្ចប់ការសាងសង់រង់ចាំការ ដាក់ឱ្យដំណើរការ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីទី១ ដែលនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ បានបញ្ចប់ការសាងសង់រួចរាល់ហើយ នៅឡើយចាំពេលវេលានៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។

ជំនន់នៃការកកស្ទះចរាចរណ៍ នៅចំណុចស្ពានភ្លោះព្រះមុនីវង្ស ច្បារអំពៅ នឹងត្រូវបានដោះស្រាយ និងកាត់បន្ថយឱ្យមានភាពល្អប្រសើរ ជាមួយនឹងវត្តមានថ្មីនៃខ្នែងស្ពានថ្មីដែលទើបតែបញ្ចប់ការសាងសង់ទាំងស្រុង និងគ្រោងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

មន្ត្រីជំនាញបច្ចេកទេស ប្រចាំការនៅការដ្ឋានសាងសង់ខ្នែង ស្ពានអាកា​សថ្មីដែលភ្ជាប់ពីផ្លូវព្រះមុនីវង្សទៅផ្លូវព្រះនរោត្តម បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០កន្លងមកថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេងនេះ ត្រូវបានបញ្ចប់ការសាងសង់រួចជាស្ថាពរ ហើយរង់ចាំតែរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យប្រើប្រាស់តែប៉ុណ្ណោះ។

ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ ម៉ែត្រសរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។

បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាន និងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្ម ដូចគ្នាទៅនឹងស្ពានអាកាសក្បាលថ្នល់នេះដែរ៕

តើក្តីស្រមៃរបស់ក្រុងព្រះសីហនុក្នុងការក្លាយជាក្រុងសិនជិនថ្មីដើម្បីធ្វើដំណើរទៅរកអនាគតភ្លឺស្វាងអាចទៅរួចឬទេ?

ដោយ ប៊ី

ភ្នំពេញៈ បន្ទាប់ពីអនុញ្ញាតឱ្យនាវា MS Westerdam ដែលផ្ទុកអ្នកដំណើរ និងនាវិកជាង២០០០ នាក់ចូលចតនៅកំពង់ផែរបស់ខ្លួន កាលពីខែ កុម្ភៈ កំពង់ផែព្រះសីហនុនៅក្នុងប្រទេសកម្ពុជា ទទួលបានចំណាប់អារម្មណ៍ខ្លាំងពីពិភពលោក។

ក្រៅពីផ្តល់ជូនការចាកចេញប្រកបដោយសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរ ខេត្តព្រះសីហនុ កំពុងស្ថិតនៅក្នុងឱកាសផ្តល់ជូនដល់ប្រជាជន និងអ្នករស់នៅក្នុងតំបន់។

ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន បាននាំមកនូវសួនឧស្សាហកម្ម រោងចក្រ លំនៅដ្ឋានពាណិជ្ជកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងកាស៊ីណូផងដែរ។ ទីក្រុងទេស​ចរណ៍ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ កំពុងផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាក្បាលម៉ា​ស៊ីនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អ្នកខ្លះបានចាប់ផ្តើមសំដៅទៅលើក្រុងព្រះសីហនុថាជាក្រុងសិនជិនថ្មី។ ប៉ុន្តែផ្លូវឆ្ពោះទៅការអភិវឌ្ឍមិនងាយស្រួលទេ ព្រោះទីក្រុងនៅតែប្រឈមនឹងបញ្ហាអភិវឌ្ឍន៍ជាច្រើន។ ប៉ុន្តែការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បានក្លាយជាការមូលមតិគ្នាលើវិធីដើម្បីឆ្ពោះទៅមុខ។

កំពង់ផែទឹកជ្រៅ

ខេត្តព្រះសីហនុ ត្រូវបានសាងសង់នៅជុំវិញកំពង់ផែរបស់ខ្លួន ហើយត្រូវបានគេដាក់ឈ្មោះតាមអតីតព្រះមហាក្សត្រខ្មែរនរោត្តមសីហនុ។

ក្នុងចំណោមការនាំចូល និងនាំចេញរបស់កម្ពុជាដឹកជញ្ជូន តាមសមុទ្រ៩០ភាគរយឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកស៊ុន ចាន់ថុល មានប្រ​សាសន៍ថា ច្រកឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ អាចឡើងដល់៧០០,០០០ កុងតឺន័រនៅឆ្នាំ២០២០ និង១លានកុងតឺន័រនៅឆ្នាំ២០២៣។

ក្រុងព្រះសីហនុបានក្លាយជាទីក្រុងធំទី ២ នៅកម្ពុជាបន្ទាប់ពីភ្នំពេញ។

ទីក្រុងកំពង់ផែមានធនធានច្រើន សម្រាប់វិស័យទេសចរណ៍។ ទីក្រុងនេះបានចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ហើយត្រូវបានចុះបញ្ជីជាឆ្នេរមួយ ក្នុងចំណោមឆ្នេរស្អាតបំផុតនៅលើពិភពលោក។

ដោយមានកំពង់ផែល្អ និងការវិនិយោគបរទេស ក្រុងព្រះសីហនុមានភាពស្រដៀងគ្នាជាច្រើនជាមួយហ្សេនជឺ នៅខេត្តក្វាងទុងប្រទេសចិនខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល និងសង្គមស៊ីវិលនៅក្រុងព្រះសីហនុ បានទាក់ទាញការប្រៀបធៀបបែបនេះ។

លោកវង្សី វិស្សុត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជាបានឱ្យដឹងថា ក្រោមការគាំទ្រពីអង្គការអភិវឌ្ឍន៍ ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ វិទ្យាស្ថានរៀបចំផែនការ និងរចនាប្លង់ទីក្រុងស៊ីនជិន កំពុងជួយក្រុងព្រះសីហនុ ក្នុងការបញ្ចូលទីក្រុងទៅជា“ ទីក្រុងសិនជិនកម្ពុជា” ដើម្បីទាក់ទាញការវិនិយោគបន្ថែម។

ការចាប់ផ្តើមងើបឡើងវិញ

ស្ថានភាពទូទៅនៅក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២០នេះ បាននិងកំពុងតែបង្ហាញពីភាពល្អប្រសើរជាបណ្តើរៗវិញហើយ បន្ទាប់ពីជួបភាពអាប់អួរ កាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ ជាពិសេសក្រោយពេលរដ្ឋាភិបាលបានខិតខំស្ដារ នូវហេដ្ឋារចនាសម្ព័ន្ពនានានៅទូទាំងខេត្ត រួមជាមួយនឹងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិមកបន្ថែមទៀត។

តាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ នៅទូទាំងខេត្តព្រះសីហនុ កំពុងតែត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស នៅក្នុងតំបន់កណ្តាលក្រុង ដែលជាទីបណ្តុំនៃសំណង់មណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ។

ស្ថិតនៅក្នុងតំណាក់កាលនៃការស្ដារឡើងវិញ នូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់ទីកន្លែងបន្ថែមពីលើសកម្មភាព ដែលកំពុងសាងសង់បញ្ចប់គម្រោង ដែលទើបតែសម្រេចបានប្រមាណ៣៤ភាគរយ ក្រោយពេលកម្លាំងពលកម្មជនជាតិចិនចាកចេញ បច្ចុប្បន្ននេះ ក្រុងព្រះសីហនុបានចាប់ផ្តើម មានភាពទាក់ទាញសារជាថ្មី ដោយមានកំណើ​នទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្តសារជាថ្មី។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីលីនបានថ្លែងកាលពីចុងខែនេះថា “កំនើនខាងលើនេះ បើទោះជាវាមានកម្រិតតិចតួច ប៉ុន្តែវាជាសញ្ញា​​វិជ្ជមានមួយដែលបង្ហាញថា ភាពល្អប្រសើរបានវិលត្រឡប់មកវិញជាបណ្តើរៗ ហើយនឹងកាន់តែល្អជាងនេះទៀត ក្រោយការរៀបចំតំបន់កម្សាន្តសាធារណៈនានា ដូចជាតំបន់ឆ្នេរ សួនច្បារ ការកំណត់គុណភាពសេវាកម្ម និងតម្លៃ ដែលក្រសួងបានដាក់ចេញ”។

ប្រើប្រាស់ទីកន្លែងស្នាក់នៅរយៈពេលខ្លី ឬរយៈពេលវែង កន្លែងទទួលទានអាហារ ក៏ដូចជាទីកន្លែងសម្រាប់ លំហែរកាយបែបកែច្នៃផ្សេងៗក៏នឹងកើតមាន ដែលទាំងអស់នេះសុទ្ធតែជាចំណែកមួយ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ដី សម្រាប់សាងសង់ទាំងអស់ ដែលអាចជួយជំរុញឱ្យភាពល្អប្រសើរ ដល់ទីផ្សារអចលនទ្រព្យក្នុងតំបន់”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co,.Ltd លោក ម៉ម សិរីបញ្ញា បានទទួលស្គាល់ពីភាពល្អប្រសើរជាបណ្តើរៗរបស់ក្រុងព្រះសីហនុ ប៉ុន្តែពាក់ព័ន្ធទៅនឹងស្ថានភាព និងតម្លៃអចលនទ្រព្យនៅទូទាំងខេត្តព្រះសីហនុ មានសភាពយ៉ាងណានោះ លោកថាត្រូវចំណាយពេលសិក្សា និងទន្ទឹងរង់ចាំមើលពីល្បឿននៃការអភិវឌ្ឍបន្តិចទៀត។

លោកបញ្ជាក់ថា “តម្រូវការនៃការប្រើប្រាស់ដីធ្លី ក៏ដូចជាសំណង់អគារស្នាក់នៅ ពេលនេះហាក់មិនទាន់មានភាពល្អប្រសើរនោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែសភាពបែបនេះអាចនឹងមានការប្រែប្រួលនៅពេលដ៏ខ្លីខាងមុខនេះ”។

លោកបានបន្តទៀតថា “ស្ថានភាពជាក់ស្ដែងនៅក្នុងក្រុងព្រះសីហនុ នាពេលនេះ ក្រៅពីសកម្មភាព នៃការសាងសង់គម្រោងដែលបន្សល់ពីឆ្នាំចាស់នោះ ហាក់នៅមិនទាន់ឃើញមានសំណង់ថ្មី ដែលជាគម្រោងថ្មីណាមួយ ដែលមានទ្រង់ទ្រាយធំនៅឡើយនោះទេ”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា “ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសក្រោយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត របស់រដ្ឋាភិបាលត្រូវបានបញ្ចប់”។

លោកឧកញ៉ាបានបន្តថា “យើងទទួលស្គាល់ថា ការចាកចេញរបស់កម្លាំងពលកម្មជនជាតិចិនកាលពីពាក់កណ្តាលឆ្នាំ២០១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យពិតមែន ប៉ុន្តែវាអាចត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ”។

លោកបានបន្តទៀតថា “តាមពិតវាគឺជារឿងល្អទៅវិញទេ ចំពោះការចាកចេញរបស់កម្លាំងពលកម្មជនជាតិជិនទាំងនោះ ដោយជំនួសមកវិញនូវវត្តមានវិនិយោគិន ដែលជាអ្នកជំនួញយ៉ាងពិតប្រាកដ ខណៈដែលរដ្ឋាភិបាលបានខិតខំ ព្យាយាមទាក់ទាញអ្នកវិនិយោគមកពីបរទេសជាច្រើនមកកាន់កម្ពុជា”។

លោកបានបញ្ជាក់ថា “នៅពេលហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍន៍ ភាពទាក់ទា​ញ​លើការវិនិយោគនឹងកើតមាន ដែលទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យវិស័យអចលនទ្រព្យមានភាពល្អប្រសើរ”៕

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ក៏បានពីជំនឿជឿជាក់ថា សម្រាប់ពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ជាពិសេសក្រោយពេលយុទ្ធនាការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តត្រូវបានបញ្ចប់ ហើយគម្រោងសាងសង់សំណង់ធំៗ ត្រូវបានរួចរាល់ជាស្ថាពរ នោះនឹងមានកំណើនទេសចរណ៍ អន្តរជាតិចូលមកស្នាក់នៅ និងកម្សាន្តក្នុងរយៈពេលវែងយ៉ាងប្រាកដ។

ភ្ជាប់ជាមួយនឹងភាពល្អប្រសើរ នៃការកើនឡើងនូវចំនួនទេសចរ នៅពេលនេះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រីចេវ សុឃុន កំណើនភ្ញៀវទេស​ចរក៏មានការជាប់ពាក់ព័ន្ធ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធផងដែរ បើទីតាំងស្អាត ប៉ុន្តែមានភាពលំបាកក្នុងការធ្វើដំណើរក៏ពិបាកក្នុងការទាក់ទាញផងដែរ។

លោកស្រីបានបន្តទៀតថា “នៅពេលមានផ្លូវល្អ ងាយស្រួលធ្វើដំណើរ និងមានសុវត្ថិភាពខ្ពស់ ភាពទាក់ទាញនឹងកើតមាន”៕