ចំណេះដឹងៈតើការកែប្រែគម្រោងវិនិយោគក្នុងពេលប្រតិបត្តិការមាននិតិវីធីដូចម្តេច?

ដោយៈ វុត្ថា

ភ្នំពេញៈ ក្នុងពេលប្រតិបត្តិការវិនិយោគរយៈពេលវែង និងរយៈពេលខ្លី ក្នុងកំឡុងពេលវិនិយោគនេះ អ្នកវិនិយោគអាចធ្វើការកែប្រែគម្រោងវិនោយោគបាន។

ការកែប្រែគម្រោងវិនិយោគ សំដៅដល់ការផ្លាស់ប្តូរមួយចំនួន ដូចជា អាស័យដ្ឋាន ទីស្នាក់ការ ទីតាំងអាជីវកម្ម នាមករណ៍ ភាគហ៊ុន ជាដើម ។ ដើម្បីធ្វើការកែប្រែនេះឲ្យមានប្រសិទ្ធិភាព ជាគោលករណ៍អ្នកស្នើសុំត្រូវដាក់ពាក្យសុំទៅ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ឬ អនុគណៈកម្មាធិការរាជធានី ខេត្ត រងចាំការចេញសេចក្តីសម្រេច ក្នុងរយៈពេលមួយកំណត់។

មូលហេតុដែលតម្រូវឲ្យមានការ កែប្រែនេះឡើងបណ្តាលមកពី ករណីដូចខាងក្រោម៖

  • ការទិញវិនិយោគ
  • ការរំលាយបញ្ចូលគ្នា

ក១.ការទិញវិនិយោគ

ដោយយោងតាមច្បាប់ស្តីពីវិនិយោគ មានការហាមឃាត់ដោយប្រយោល លើគម្រោងវិនិយោគ ព្រោះច្បាប់បានហាមឃាត់ក្នុងការលក់ ឬផ្ទេរវិនិយោគឡើយ ។ ប៉ុន្តែច្បាប់នេះ ត្រូវបានលុបចោលដោយច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការវិនិយោគ ដែលជំនួសដោយច្បាប់វិសោធនកម្មឆ្នាំ២០០៣ បានអនុញ្ញាតឲ្យមានការផ្ទេរ និងទិញ លក់ ឬរំលាយចូលគ្នាកាលណា គម្រោងវិនិយោគនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អ្នកទិញជាបុគ្គល មិនបានចុះបញ្ជីអ្នកសុំទិញត្រូវដាក់ពាក្យទៅ (CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីចុះបញ្ជី និងផ្ទេរវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៃគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនីតិបុគ្គលថ្មីក្នុងរយៈពេល ១០ ថ្ងៃមុនធ្វើការផ្ទេរ ។ (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត ត្រូវធ្វើការត្រួតពិនិត្យព្រម ឬមិនព្រម និងត្រូវជូនដំណឹងទៅនីតិបុគ្គលជាអ្នកទិញ ក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលពាក្យស្នើសុំ។

អ្នកទិញជាបុគ្គលបានចុះបញ្ជី ត្រូវអនុវត្តដូចនីតិវិធី អ្នកទិញជាបុគ្គលមិនបានចុះបញ្ជីដែរ ។

ក២.ការរំលាយបញ្ចូលគ្នា

ប្រសិនបើមានការព្រមព្រៀងគ្នារវាង អ្នកវិនិយោគពីរ ឬច្រើនបានយល់ព្រមដាក់បញ្ចូលគ្នានូវវិនិយោគរបស់ខ្លួន តាមការព្រមព្រៀង បង្កើតទៅជានីតិបុគ្គលថ្មី ដែលបានទទួលការលើកទឹកចិត្ត និង ការការពារ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖

  • ដាក់ពាក្យទៅ (CDC) ឬ អនុគណៈកម្មាធិការរាជធានី ខេត្ត តាមនីតិវិធីសុំចុះបញ្ជីវិនិយោគ និងធ្វើការផ្ទរវិញ្ញាបនបត្រស្ថាពរ នៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់មក ឲ្យនីតិបុគ្គលថ្មី ក្នុងរយៈពេល១០ថ្ងៃ មុនធ្វើការរំលាយបញ្ចូលគ្នា។
  • (CDC) ត្រូវធ្វើការត្រួតពិនិត្យថា តើព្រមឬមិនព្រម នៃការចុះបញ្ជី និងការផ្ទេរវិញ្ញា​បនបត្រស្ថាពរ និងជូនដំណឹងទៅអ្នកទិញក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ៕

គម្រោងអភិវឌ្ឍន៍ បុរី លំនៅដ្ឋានទំនើប តម្លៃមធ្យម កំពុងសម្រុកបាញ់ឆ្ពោះទៅតំបន់ផ្លូវជាតិលេខ៣

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្របពេលដែលគម្រោងស្ថាបនាផ្លូវជាតិលេខ៣ ពង្រីករហូតដល់៤គន្លង ដែលកំពុងសម្រុកសាងសង់ដើម្បីបញ្ចប់ទៅតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលនេះមានក្រុមហ៊ុនធំៗ ដែលជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម បាន និងកំពុងចាប់អារម្មណ៍បាញ់ឆ្ពោះទៅកាន់តំបន់នេះ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងតំបន់ត្រូវបានរដ្ឋាភិបាលស្ថាបនាកាន់តែមានភាពល្អប្រសើរ។

នាយកគ្រប់គ្រងទូទៅ បុរី វឌ្ឍនៈ ដែលអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យ ស៊ីវិល័យបែបថៃ ដែលកំពុងមានភាពទាក់ទាញ លោក កន សុខគា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីបើកសម្ពោធលក់គម្រោងជាផ្លូវការថា ការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានសន្ទុះខ្លាំង ជាពិសេសនៅតាមបណ្តាទីប្រជុំជន និងតំបន់ជាយក្រុង ជាក់ស្ដែងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៣ ដែលក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏ទាន់សម័យបែបថៃលើកដំបូងនៅកម្ពុជាផងដែរ។

លោកបានបញ្ជាក់ថា “ដូចដែលយើងមើលឃើញច្បាស់ហើយថា នៅតំបន់ជាយក្រុងផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ ក៏ដូចជានៅតំបន់ខណ្ឌសែនសុខ គឺមានបុរីជាច្រើនចូលទៅអភិវឌ្ឍន៍ដែលជំរុញឱ្យតម្លៃអចលនទ្រព្យមានការឡើងថ្លៃ។ ដោយឡែកនៅតំបន់ផ្លូវជាតិលេខ៣ ដែលស្ថិតនៅប៉ែកខាងត្បូងក្រុង គឺនៅមានវិសាលភាពធំទូលាយ អនុគ្រោះដល់ការវិនិយោគ និងសមស្របទៅនឹងកាអភិវឌ្ឍន៍”។

លោកបានបន្តទៀតថា “បច្ចុប្បន្ន តំបន់ស្ថិតនៅប៉ែកខាងត្បូង ឈាងខាងលិចរាជធានីភ្នំពេញ ជាពិសេសតំបន់ស្ថិតនៅផ្លូវជាតិលេខ៣ គឺកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ទាំងការទិញលក់ដី ក៏ដូចជាការអភិវឌ្ឍលំនៅដ្ឋាន ហើយក៏មានតម្រូវការទីផ្សារខ្ពស់ផងដែរ។ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍ បុរី វឌ្ឍនៈ ដែលមានទីតាំងស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន ចម្ងាយប្រមាណ៣គីឡូម៉ែត្រពីរង្វង់មូលចោមចៅ តាមផ្លូវជាតិលេខ៣ (បត់ឆ្វេងចូលតាមខ្លោងទ្វារវត្តព្រៃស្ពឺប្រមាណ៦០ម៉ែត្រ) ដែលទើបតែបើកលក់ក្នុងដំណាក់កាលដំបូងបានសម្រេចជាង៣០ភាគរយ”។

បុរី វឌ្ឍនៈ គឺជាគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យ តម្លៃសមរម្យ ដោយការរចនាម៉ូត និងប្លង់មេតាមបែបថៃលើកដំបូងនៅកម្ពុជា ដែលប្រកបដោយសោភ័ណភាព ប្រណីតភាព គុណភាពកម្រិតស្ដង់ដារ ក្រោមការសាងសង់ដោយអ្នកជំនាញ ដែលមានបទពិសោធន៍ខ្ពស់ផ្នែកសំណង់ជាច្រើនឆ្នាំនៅក្នុងប្រទេសថៃ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។

គម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យ បុរី វឌ្ឍនៈ នឹងត្រូវអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ១ហិកតា ស្មើនឹង៧៨ខ្នង ដោយមានការបែងចែកជា ២ប្រភេទ រួមមានប្រភេទផ្ទះអាជីវកម្ម ចំនួន៦ខ្នង និងប្រភេទផ្ទះវីឡាកូនកាត់ ចំនួន ៧២ខ្នង តម្រូវតាមការចង់បានរបស់អតិថិជនដែលចង់បានបទពិសោធន៍ថ្មីនៃការរស់នៅតាមបែបស៊ីវិល័យប្រកបដោយផាសុកភាពខ្ពស់។

ដោយឡែកនៅក្នុងបុរី ក៏ត្រូវបានរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្របតាមបទដ្ឋាន ដែលរួមមានផ្លូវភ្លោះដ៏ធំទូលាយងាយស្រួលចរាចរណ៍ មានបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី មានទីធ្លាសួនច្បារសាធារណៈ ឧទ្យានកម្សាន្តកុមារ ពិភពបៃតង និងការរក្សាអនាម័យ ហើយជាពិសេសមានសេវាគ្រប់គ្រងសន្ដិសុខខ្ពស់២៤ម៉ោង។

លោក កន សុខគា បានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលគាំទ្រគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានក្នុងបុរី វឌ្ឍនៈ នៅពេលនេះ នឹងទទួលបានអត្ថប្រយោជន៍ និងផលចំណេញយ៉ាងច្រើន ដែលក្រៅពីទទួលបានលំនៅដ្ឋានដ៏ស្រស់ស្អាតស្ថិតក្នុងតំបន់អភិវឌ្ឍន៍ដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងងាយស្រួលចរាចរណ៍ និងប្រកបអាជីវកម្ម អំណោយផលដល់ការរស់នៅ ថែមទាំងមានឱកាសចំណេញខ្ពស់នៅពេលលក់បន្តនៅថ្ងៃខាងមុខ។ បន្ថែមពីនេះ រាល់ការរៀបចំឯកសារ រត់ការផ្ទេរសិទ្ធិ កាត់ប្លង់ និងប្រថាប់ត្រា គឺជាការទទួលបន្ទុករបស់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីទាំងអស់ រួមជាមួយនឹងការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល និងច្រើនជម្រើសដោយការបង់រំលោះក្នុងរយៈពេលយូរជាមួយធនាគារ។

រួសរាន់ឡើង លំនៅដ្ឋានស្រស់ស្អាត ប្រណីតភាព ស្ថិតនៅទីតាំងមានសក្ដានុពលល្អខាងលើនេះ ចំនួនមានកំណត់៕

ក្រុមហ៊ុន ណាហ្គា គ្រោងសង់អគារកាស៊ីណូ ៣០០ លានដុល្លារនៅប្រទេសរុស្ស៊ី

ដោយ ហ្សូលី

ភ្នំពេញ៖ លោក Chen Lip Keong មហាសេដ្ឋីនិងជាស្ថាបនិកក្រុមហ៊ុនណាហ្គាខប ដែលជាក្រុមហ៊ុនចុះបញ្ជីល្បែងនិងបដិសណ្ឋារកិច្ចនៅហុងកុង និងជាម្ចាស់កាស៊ីណូរបស់ណាហ្គាវើលនៅកម្ពុជា កំពុងសិក្សាពីគម្រោងសាងសង់អគារនៅប្រទេសរុស្សី។ នេះបើតាមវេបសាយស្ថាប័នប្រមូលព័ត៌មានអំពីកាស៊ីណូ Casino.org របស់អាមេរិក ចេញផ្សាយកាលពីថ្ងៃទី ០៦ មីនា ឆ្នាំ ២០២០ ថ្មីៗនេះ។

គម្រោងស្ថាបនាអគារកាស៊ីណូនេះស្ថិតនៅទីក្រុងមួយឈ្មោះថា Vladivostock ក្នុងប្រទេសរុស្សី ដែលគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ៣០០លានដុល្លារ។

ខណៈទីផ្សារនៅជុំវិញពិភពលោកកំពុងតែធ្លាក់ចុះដោយសារតែវីរុសកូរ៉ូណានោះ ចំណែកក្រុមហ៊ុនបដិសណ្ឋារកិច្ចនេះវិញកំពុងមើលឃើញពីការចំណាយយ៉ាងច្រើនក្នុងការវិនិយោគលើកាស៊ីណូ។

ប៉ុន្តែលោក Chen Lip Keong មិនមានប្រតិកម្មខ្លាំងចំពោះការផ្ទុះជំងឺដ៏សាហាវនេះទេ ហើយផ្ទុយទៅវិញលោកនិយាយថាក្រុមហ៊ុនរបស់លោកកំពុងឈានទៅមុខជាមួយនឹងកាស៊ីណូចំនួន ៣០០ លានដុល្លារនៅក្នុងទីក្រុងដែលមានឈ្មោះថា Naga Vladivostok។

ជាបណ្ឌិតផ្នែកពាណិជ្ជកម្មលោក Chen បានទទួលជោគជ័យយ៉ាងខ្លាំងនៅពេលចូលធ្វើអាជីវកម្ម ជាពិសេសលើវិស័យអចលនទ្រព្យ។ គំរូអាជីវកម្មរបស់លោកគឺការវិនិយោគនៅក្នុងតំបន់ជាមួយយុទ្ធសាស្រ្ត“ ឈ្នះឈ្នះ” សម្រាប់លោកនិងសហគមន៍មូលដ្ឋាន។

នៅដើមទសវត្សឆ្នាំ ១៩៩០ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពងើបឡើងវិញបន្ទាប់ពីសង្គ្រាម នោះគឺជាពេលដែលលោក Chen បានឃើញឱកាសមួយនិងបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យប្រគល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនលោករយៈពេល ៧០ ឆ្នាំលើការលេងល្បែងកាស៊ីណូ ជាថ្នូរនឹងការដែលលោកប្រឹងប្រែងបង្កើតទិសដៅដ៏ធំមួយដែលអាចជួយជំរុញដល់វិស័យទេសចរណ៍ដែលជួយដល់សេដ្ឋកិច្ចជាតិមួយផ្នែកដែរ៕

រាជរដ្ឋាភិបាលសម្រេចកែសម្រួលបែបបទភ្ញៀវទេសចរថៃដើម្បីសម្រួលការធ្វើដំណើរចូលសៀមរាប

ដោយ ប៊ី

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល សម្រេចកែសម្រួលបែបបទជូនភ្ញៀវទេសចរពីថៃចូលសៀមរាប និងបង្កើតមណ្ឌលផ្តល់ព័ត៌មានសម្រាប់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះទាំងអស់។

កិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឯកភាពក្នុងការសម្រួលបែបបទ នៃការធ្វើដំណើរបស់ភ្ញៀវទេសចរ ពីប្រទេសថៃចូល មកខេត្តសៀមរាប និងសម្រេចឲ្យមានការរៀបចំ ជាមណ្ឌលផ្តល់ព័ត៌មាន និងជំនួយ (Information desks) សម្រាប់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះទាំងអស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។

ការសម្រេចនេះ បានធ្វើឡើងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមការដឹកនាំឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចប្រជុំផ្តោតសំខាន់ លើរបៀបវារៈ២ គឺទី១៖ ប្រកាសសមាសភាព និងការចាប់ផ្តើមប្រតិបត្តិការងាររបស់ គណៈកម្មាធិការជាតិ និងទី២៖ ពិភាក្សាអំពីវិធានការ សម្រាប់ទ្រទ្រង់ បន្ថែមវិស័យទេសចរណ៍ក្នុងដំណាក់កាលនៃការ រីករាលដាលជំងឺខូវីដ ១៩។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលលើកឡើងដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្នុងការទ្រទ្រង់បន្ថែមដល់វិស័យទេសចរណ៍ក្នុងដំណាក់កាលរីករាលដាលនៃជំងឺខូវីដ ១៩ និងដោយផ្អែកលើស្មារតីនៃ សន្និបាតបូកសរុបការងារវិស័យទេសចរណ៍កាលពីថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងកិច្ចប្រជុំផ្សព្វផ្សាយជាមួយ វិស័យឯកជន ស្តីអំពីវិធានការអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់វិស័យទេសចរណ៍ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅខេត្តសៀមរាបកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឲ្យក្រសួងសុខាភិបាល ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការតាមដានភ្ញៀវទេសចរ ដែលចូលមកកម្ពុជា ដើម្បីការពារ ឲ្យអស់លទ្ធភាព កុំមានជំងឺខូវីដ១៩ ចូលមកកម្ពុជា។

រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ តាមរយៈអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន៕

ផ្លូវ ២៧១ ក្លាយជាវិថីពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ

ដោយ ប៊ី

ភ្នំពេញ: ផ្លូវ ២៧១ ដែលជាផ្លូវក្រវ៉ាត់ក្រុងកាលពីមុន និងជាផ្លូវទី១ បាននិងកំពុងបង្ហាញវត្តមានសំណង់ អាគារពាណិជ្ជកម្មជាច្រើន និងមានភាពទាក់ទាញ ដោយសារកំនើនប្រជាសាស្រ្ត និងការរីកចម្រើនសេដ្ឋកិច្ចសង្គម បានធ្វើឲ្យផ្លូវនេះក្លាយជាវិថីពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ។

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានប្រាប់ Propertyarea.asia នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ផ្លូវ ២៧១ ពីមុនជាក្រវ៉ាត់ក្រុង ប៉ុន្តែបច្ចុប្បន្នវាមានការប្រែប្រួលខ្លាំងដោយបណ្តុំទៅដោយអាគារការិយាល័យ អាផាតមិន ខណៈផ្លូវនេះមិនសូវស្ទះដូចមុន ដោយសារមានផ្លូវ ៣៧១ សម្រាប់រំដោះចរាចណ៍ពីផ្លូវ២៧១។

វាជារឿងធម្មតាទេ នៅពេលដែលតំបន់ណាដែលមានមនុស្សចេញចូលច្រើន ធ្វើដំណើរឆ្លងកាត់ច្រើន គឺតែងកើតមានការធ្វើពាណិជ្ជកម្ម។ ដោយឡែកសម្រាប់តាមបណ្តោយផ្លូវ ២៧១ គឺវាបានអនុគ្រោះដល់ការធ្វើជំនួញជាច្រើនប្រភេទ ដែលក្នុងនោះរាប់ទាំងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា “ការរីកចម្រើនសកម្មភាពអាជីវកម្មនៅលើផ្លូវនេះ អាស្រ័យដោយតំបន់ ប៉ុន្តែតំបន់ជាច្រើនដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ បានក្លាយទៅជាតំបន់ពាណិជ្ជកម្ម បច្ចុប្បន្នតម្លៃដី ក៏ដូចជាអចលនទ្រព្យនានា បាន និងកំពុងតែមានតម្លៃកើនឡើងគួរឱ្យកត់សម្គាល់”។

លោកស្រីតាំង ហួរបានបន្តថា ដីនៅតំបន់ខ្លះ ដែលពោរពេញទៅដោយសំណង់អាគារពាណិជ្ជកម្ម សំណង់អាផាតមិន ក៏ដូចជាខុនដូរជាដើមនោះ អាចមានតម្លៃចន្លោះចាប់ពី ៣០០០ ទៅ៤០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយ អ្នកស្រី តាំង ហួរ បានថ្លែងថា ដើមឆ្នាំ២០២០ ខាងមុខនេះ នៅតាមបណ្តោយផ្លូវ271 ដែលជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់របស់រាជធានីភ្នំពេញ លេចចេញនូវវត្តមានសំណង់ អាគារពាណិជ្ជកម្មជាច្រើន និងមានភាពទាក់ទាញ មិនចាញ់ផ្លូវម៉ៅសេងទុងនាពេលបច្ចុប្បន្ននេះនោះឡើយ។

ផ្លូវ២៧១ ត្រូវបានរៀបចំស្ថាបនាជាផ្លូវក្រវ៉ាត់ក្រុងទីខ្សែ១ ដែលគ្របដណ្ដប់ខណ្ឌចំនួន៤ រួមមានខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយឆ្លងកាត់ផ្លូវទំនប់ផ្លូវ៥៩៨ ផ្លូវ២៧១ រហូតដល់តំបន់ក្បាល់ថ្នល់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនដោយយានយន្តធុនធ្ងន់ ប៉ុន្តែពេលនេះ ផ្លូវ ២៧១ បាន និងកំពុងតែរំលេចខ្លួនយ៉ាងឆាប់រហ័សក្លាយជាតំបន់ពាណិជ្ជកម្ម។

លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate Co.Ltd បានទទួលស្គាល់ពីការរីកចម្រើន នៃវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវ ២៧១ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា វារីកចម្រើនដោយតំបន់តែប៉ុណ្ណោះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា “តាមពិតផ្លូវ ២៧១ មិនមែនទើបតែរីកចម្រើននោះទេ ពោលគឺវាជាបានអភិវ ឌ្ឍខ្លួនជាតំបន់ពាណិជ្ជកម្មតាំងពីប្រមាណ10ឆ្នាំមុនមកម៉្លេះ គ្រាន់តែថាការរីកចម្រើនទាំងនោះវាមិនទាន់បង្ហាញពីភាពធំដុំកំភួន ដូចពេលបច្ចុប្បន្ន”៕

ទំហំនាំចូល និងនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ៣៦,៧ ពាន់លានដុល្លារ

ដោយ ប៊ី

ភ្នំពេញ៖ ទំហំនាំចូល និងនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ៣៦,៧ ពាន់លានដុល្លារ (១៤៩,៦ ពាន់ពាន់លានរៀល) កាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីធនាគារជាតិនៃកម្ពុជា។

តួលេខបានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ១៤,៥៣ ពាន់លានដុល្លារ (៥៩,២ ពាន់ពាន់លានរៀល)ក្នុងឆ្នាំ២០១៩ កើនឡើង ១២,៧ ភាគរយហើយការនាំចូលរបស់ខ្លួនមានចំនួន ២២,១៩ ពាន់លានដុល្លារ (៩០,៤ ពាន់ពាន់លានរៀល) កើនឡើង ១៨,៦ ភាគរយ។

តួរលេខបានបន្ថែមថា ឱនភាពពាណិជ្ជកម្មមានចំនួន ៧,៦៦ ពាន់លានដុល្លារ (៣១,២ ពាន់ពាន់លានរៀល) ដែលជាការកើនឡើង ៣១,៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។

ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជារួមមានសម្លៀកបំពាក់ និងផលិតផលវាយនភ័ណ្ឌ ស្បែកជើង អង្ករ និងកង់ទៅកាន់ទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចិន និងចក្រភពអង់គ្លេស។

ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ រថយន្ត ប្រេង គ្រឿងសំណង់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃដែលភាគច្រើនមកពីប្រទេសចិន ថៃ វៀតណាម ជប៉ុន និងកូរ៉េខាងត្បូង៕

ក្រសួងការងារ អំពាវនាវ ៤ចំណុចសម្រាប់ការព្យួរកិច្ចសន្យាការងារផ្នែកវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ កាបូប និងស្បែកជើង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ និងអំពាវដល់បណ្តារោងចក្រនានាផ្នែកវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប ដែលរងនូវផលប៉ះពាល់ពីបញ្ហានៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើម Covid-19 បណ្តាលឱ្យកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម ដោយតម្រូវឱ្យអនុវត្តនូវ៤ចំណុច។

តាមរយៈសេចក្តីអំពាវនាវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រសួងការងារ សូមរំឭក និងអំពាវនាវដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិតនិងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19 ត្រូវអនុវត្តនូវគោលការណ៍ ៤ចំណុចរួមមាន ៖

១.អនុវត្តឲ្យបានត្រឹមត្រូវ តាមបទបញ្ញត្តិច្បាប់ស្ដីពីការងារពាក់ព័ន្ធនឹងនីតិវិធីនៃការព្យួរកិច្ចសន្យាការងារ។

២.អនុវត្តបានត្រឹមត្រូវតាមវិធានការនិងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីលើការគ្រប់គ្រងផលប៉ះពាល់ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19 ។

៣.អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងការងារស្ដីពីការព្យួរកិច្ចសន្យាការងារការចុះឈ្មោះចូលរៀនជំនាញទន់នឹងការផ្អាកបង់ភាគទានបសសសម្រាប់វិស័យវាយនភណ្ឌដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19។

៤.មិនត្រូវឆ្លៀតឱកាសនេះ ទាមទារ ឬប្រែក្លាយជាការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ចប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារឬការបញ្ចប់កិច្ចសន្យាការងារ និងរើសអើងថ្នាក់ដឹកនាំសហេជីពឡើយ។ទង្វើនេះគឺខុសច្បាប់ ហើយបុគ្គលទាំងឡាយដែលទាមទារ ឬញុះញង់ឱ្យធ្វើទង្វើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងការងារសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិតនិងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19 នឹងចូលរួមអនុវត្តច្បាប់ស្ដីពីការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ADBហិរញ្ញប្បទានដល់កម្ពុជាចំនួន៣៤៨៥លានដុល្លារដល់កម្ពុជាក្នុងរយៈពេល២៨ឆ្នាំ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន១៧២ មានទឹកប្រាក់សរុបប្រមាណ៣៤៨៥លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ខែមករា ឆ្នាំ២០២០។

ក្នុងចំណោមជំនួយទាំងនោះ មានឥណទានសម្បទានប្រមាណ២៩៨៣លានដុល្លារ និងហិរញ្ញប្បទានឥតសំណងប្រមាណ៥០២លានដុល្លារ។

ក្នុងកិច្ចប្រជុំវិបស្សនាស្តីពី “យុទ្ធសាស្រ្តជាដៃគូ សម្រា​ប់អភិវឌ្ឍន៍កម្ពុជា២០១៩-២០២៣” ក្រោមប្រធានបទគន្លឺះ “ដំណើរប្រកបដោយបរិយាប័ន្ន ក្នុងការបង្កើនភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់កម្ពុជា”កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជាមួយលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងADBប្រចាំនៅកម្ពុជា លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់ នៅកិច្ចអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះ ទៅគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលកាន់តែរឹងមាំជាងមុន។

លោកបានគូសបញ្ជាក់ថា “ទោះបីបច្ចុប្បន្នសមត្ថភាពខាងថវិការបស់កម្ពុជា បានកើនឡើងជាលំដាប់ ដែលធ្វើឱ្យចំណែកសមាមាត្រ នៃប្រភពហិរញ្ញប្បទានពីក្រៅប្រទេស នៅក្នុងថវិការដ្ឋសរុបកាន់តែរួមតូច ដោយរួមទាំងហិរញ្ញប្បទានពី ADB ក្តី តែភាពជាដៃគូ និងហិរញ្ញប្បទានពីADB នៅតែមានសារៈសំខាន់ចំពោះកម្ពុជា ព្រោះក្រៅពីហិរញ្ញប្បទាន, ADB ក៏បានផ្ទេរនិងនាំមកដល់កម្ពុជានូវបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងនវានុវត្តន៍ផងដែរ។

ការរៀបចំកិច្ចប្រជុំវិប្បស្សនារួមគ្នានេះ គឺជាអភិក្រមថ្មី ដើម្បីអាចធ្វើការពិភាក្សាបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ អំពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយ ជាលក្ខណៈយុទ្ធសាស្រ្ត ទំាងក្នុងកម្រិតការអភិវឌ្ឍតាមវិស័  និងទាំងកម្រិតការរៀបចំគម្រោ​ង ក្រោមហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ ដែលនេះជាខ្លឹមសារដ៏សំខាន់ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍រួមគ្នារវាងកម្ពុជា និងADB ដែលនឹងនាំកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ កិច្ចប្រជុំវិប្បស្សនាថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីបានរៀបចំជាមួយធនាគារពិភពលោក កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងមក។

លោកវង្សី វិស្សុត បានថ្លែងថា ឯកសារយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ (CPS) ដែលត្រូវបានរៀបចំរួមគ្នារវាងកម្ពុជា និងADB ហើយត្រូវបានអនុម័ត ដោយក្រុមប្រឹក្សានាយកប្រតិបតិ្តADB កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

ឯកសារនេះគឺជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ ដោយគ្រោងហិរញប្បទានប្រមា​ណ ១៤៥០លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃកិច្ចអភិ​វ  ឌ្ឍរបស់កម្ពុជា ដោយផ្តោតលើ វិស័យអាទិភាពចំនួន៤រួមមាន ទី១ ការបង្កើតភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ទី២ ការវិនិយោគលើការអភិវឌ្ឍ ធនធានមនុស្ស ទី៣  ការអភិវឌ្ឍប្រកបដោយបរិស្ថានបៃតង ចីរភាព និងបរិយាបន្ន ទី៤  ការពង្រឹងការគ្រប់​គ្រងវិស័យសាធារណៈ។

វិស័យអាទិភាពនៅក្រោមCPS នេះ គឺបានរៀបចំឡើង ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។

លោកបានបន្តថា “បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងតែប្រឈមជាមួយនឹងការថមថយ នៃកំណើនសេដ្ឋកិច្ចពិភពលោក, ការដកដោយផ្នែកនូវប្រព័ន្ធ EBA និងការផ្ទុះឡើង នៃវីរុស Covid-19”។

ទាក់ទងនឹងការដកដោយផ្នែកនូវប្រព័ន្ធ EBA លោកវង្សី វិស្សុតបានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញនូវវិធានការ ដើម្បីគ្រប់គ្រងផលប៉ះពាល់រួចហើយ។ ក៏ប៉ុន្តែបញ្ហាការផ្ទុះឡើងនៃវីរុស Covid-19 គឺជាបញ្ហាប្រឈមថ្មី ដែលប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ប្រហែលនៅមិនមានភាពស៊ាំទៅបញ្ហានេះនៅឡើយ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើ កាន់តែច្រើនថែមទៀត ប្រសិនបើការផ្ទុះឡើងនៃវីរុស Covid-19 នេះ ត្រូវអូសបន្លាយយូរ។

ក្នុងបរិការណ៍នេះ លោកក៏បានស្នើADB ធ្វើបច្ចុប្បន្នភាពលើគម្រោងជំនួយបច្ចេក​ទេស សម្រាប់ប្រទេសជាសមាជិកក្នុងតំបន់ និងសម្រាប់ប្រទេសកម្ពុជា ដើម្បីទប់ទល់ជាមួយការផ្ទុះឡើងវីរុស Covid-19 ហើយក៏បានស្នើឱ្យ ADB ទម្លាក់ថវិកាឱ្យកាន់តែបានឆាប់រហ័ស ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក៕

ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុបន្តផ្តល់កម្ចីដល់អាជីវកម្ម ដែលងាយរងគ្រោះដោយ Covid-19

ដោយ ប៊ី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានលើកទឹកចិត្តធនាគារ និងស្ថាប័នទទួលយកប្រាក់បញ្ញើឱ្យបន្តផ្តល់ប្រាក់កម្ចី និងពន្យាពេលការប្រាក់សម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃ Covid-19 ជាពិសេសនៅក្នុងឧស្សាហកម្មទេសចរណ៍។

ការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងមកពីស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុ (MFIs) កាលពេលថ្មីៗនេះ ដើម្បីពិភាក្សានិងស្វែងយល់ពីយន្តការការពារសក្តានុពល ដោយសារការរីករាលដាលនៃ Covid-19 នៅទូទាំងពិភពលោក។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា  បានចេញវិធានការណ៍ចំនួន៣ ចំពេលមានការផ្ទុះឡើងនៃCovid-19 ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មអាចបន្តនៅក្នុងវិស័យដែលរងផលប៉ះពាល់។

លោកបានថ្លែងថា ទី១ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ត្រូវតែបន្តផ្តល់ប្រាក់កម្ចីយ៉ាងសកម្មដល់វិស័យអាទិភាពមួយចំនួន ដើម្បីធានានិរន្តរភាពនៃប្រតិបត្តិការអាជីវកម្ម។ ទី ២ ត្រូវចេះបត់បែន ក្នុងការត្រួតពិនិត្យលទ្ធភាពនៃការបន្ធូរបន្ថយ និងពន្យាពេលលើគោលការណ៍ និងការយកការប្រាក់ ពិសេសសម្រាប់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ និងអាជីវកម្មដែលទាក់ទងនឹងទេសចរណ៍។

ទី ៣ បន្តការត្រួតពិនិត្យ និងចាត់វិធានការបង្ការហានិភ័យមួយចំនួន លើបុគ្គលិក និងអតិថិជន ដើម្បីធានានូវនិរន្តរភាព នៃប្រតិបត្តិការនៅក្នុងវិស័យនេះ ដោយពិចារណាពីការរីករាលដាល Covid-១៩៕

ហេតុអ្វីGama Towerនៅតែឈរដំណែងអាគារខ្ពស់ជាងគេរបស់ឥណ្ឌូនេស៊ី

ដោយ ហ្សូលី

ឥណ្ឌូនេស៊ីៈ អគារមួយដែលមានកម្ពស់ដល់ទៅជិត៣០០ម៉ែត្រ ស្ថិតនៅកណ្តាលទីក្រុងហ្សាការតា បានក្លាយជាអគារដែលខ្ពស់ជាងគេនៅប្រទេសឥណ្ឌូនេស៊ី។

អគារនេះមានឈ្មោះថា Gama Tower ដែលមានកម្ពស់២៨៨.៦ ម៉ែត្រ និងមាន ៦៩ជាន់។ សាងសង់នៅលើផ្ទៃដីជាង១ហិចតា ដែលចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ២០១៥។

ទុនវិនិយោគសម្រាប់អគារមួយនេះ មានចំនួន២៥០លានដុល្លារ ដែលជាអគារបម្រើវិស័យសណ្ឋាគារ រីសត និងពាណិជ្ជកម្ម។

Gama Tower គឺជាអគារការិយាល័យលំដាប់ខ្ពស់ ដែលមានការអភិវឌ្ឍរចនាបថតាមអគារបៃតង ជួយដល់បរិស្ថាន មិនធ្វើឱ្យជះឥទ្ធិពលដល់ការរស់នៅដល់ប្រជាពលរដ្ឋជិតខាងឡើយ។ ចាប់ពីជាន់ទី៥០ទៅ៦៩ គឺជាសណ្ឋាគារWestin Hotel ដែលជាសណ្ឋា គារបណ្តុំទៅដោយអភិជនស្នាក់អាស្រ័យ។

ទិដ្ឋភាព៣៦០ដឺក្រេ ដែលអាចមើលឃើញពីទេសភាព និងទីក្រុងដ៏ទាន់សម័យ  ហ្សាការតាបាន ដោយគ្រាន់តែលោកអ្នកឈរនៅជាន់ទី៥១ប៉ុណ្ណោះ។

នៅអគារនោះ អាចចតយានយន្តដល់ទៅ១១០០យានយន្ត ព្រោះមានទីធ្លាចំណតធំទូលាយ បង្ករភាពងាយស្រួលដល់អតិថិជន និងបុគ្គលិក។

មកដល់បច្ចុប្បន្ន មិនទាន់មានអគារមួយណា ដែលអាចបំបែកឯទគ្គកម្មអគារមួយនេះបាននៅឡើយ ដែលជាហេតុធ្វើឱ្យគេកោតសរសើរថាGama Tower នៅតែជាអគារដែលខ្ពស់ជាងគេបំផុតនៅឥណ្ឌូនេស៊ី៕