ចំណេះដឹងៈ តើអ្វីជាការរឹតត្បិតនៃក្របខ័ណ្ឌគតិយុត្តកម្ពុជាលើការវិនិយោគ

ដោយៈ វុត្ថា

ភ្នំពេញៈ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា យោងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានប្រែក្លាយទីផ្សារផែនការទៅជាទីផ្សារសេរី ។

ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសគ្រប់ជាតិសាសន៍ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំអនុមត័ច្បាប់ស្តីពីការវិនិយោគ និងវិសោធនកម្មច្បាប់ស្តីពីវិនិយោគ តាមគោលការ​ណ៍ និងការរឹតត្បិត។

អ្វីជាគោលការណ៍និងការរឹតត្បិត ?

ដោយកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ពេលនោះកម្ពុជាបានអនុវត្តនូវគោលការណ៍(១)មួយចំនួននៃសេដ្ឋកិច្ចទីផ្សារ ក្នុងនោះកម្ពុជាមានបុព្វសិទ្ធិអំណាចសាធរណៈ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងសណ្តាប់ធ្នាប់សង្គម លើសេរីភាពនៃការធ្វើជំនួញ និងវិនិយោគ (២)។ តាមគោលការណ៍បុព្វសិទ្ធិនៃអំណាចសាធារណៈ រដ្ឋអាចកំណត់ពីការរិតត្បិតចំពោះអ្នវិនិយោគ។

១. សេរីភាពនៃការធ្វើជំនួញ និងវិនិយោគ

ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យអ្នកវិនិយោគិន ធ្វើជំនួញដោយសេរី នៅក្នុងក្របខ័​ណ្ឌច្បាប់កំណត់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ។ ក្នុងនោះច្បាប់បានកំណត់ឱ្យពលរដ្ឋ មានសិទ្ធិធ្វើជំនួញដោយសេរី ដោយលក់នូវផលិតផល ទំនិញដែលមានការផលិតក្នុស្រុក និងនាំចូលពីបរទេសក្តី ។ ដូចនេះរដ្ឋាភិបាលកម្ពុជាមានភាពបើកទូលាយលើអ្នកវិនិយោគឯកជនលើទីផ្សារកម្ពុជា។

២.សមភាពនៃប្រតិកម្ម

តាមលិខិតបទដ្ឋានគតិយុត្តិ ទាក់ទងនឹងការវិនិយោគ មិនមានការរើសអើងពូជសាសន៍លើសញ្ជាតិឡើយ ពិសេសអ្នកវិនិយោគបរទេសក្រៅស្រុក និងអ្នកវិនិយោគខ្មែរក្នុងស្រុក សុទ្ធតែទទួលបាននូវប្រព្រត្តិកម្មដូចគ្នា (មានត្រា៨ថ្មីនៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ២០០៣)។

រាល់ការវិនិយោគទាំងអស់ រដ្ឋាភិបាលបានទទួលស្វាគមន៍ លើកលែងតែមានការលើកលែងនូវសកម្មភាពពាណិជ្ជកម្មមួយចំនួន ដែលមានការរិតត្បិត (ដូចមានចែងក្នុងមាត្រា៣ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគឆ្នាំ ២០០៥ )៕

រដ្ឋាភិបាលចាប់ផ្តើមកាត់បន្ថយការចំណាយនៅតាមស្ថាប័នសាធារណៈ

ដោយៈរ៉ាណេត

ភ្នំពេញៈ ស្របទៅនឹងវិធានការបន្ទាន់ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ទល់ទៅនឹងវិបត្តិសេដ្ឋកិច្ច បង្កឡើងយ៉ាងធ្ងន់ធ្ងរនៃមេរោគ Covid-19 ដែលកំពុងរាតត្បាតជាសាកល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំស្ដីពីការកាត់បន្ថយការចំណាយនានា របស់ក្រសួងស្ថាប័នរដ្ឋទាំងអស់សម្រាប់ឆ្នាំ២០២០នេះ។

តាមរយៈសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញពីការកាត់បន្ថយការចំណាយ តាមក្រសួងស្ថាប័ននេះ ដើម្បីសន្សំថវិកា សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើបធ្ងន់ធ្រ (COVID-19) និងទប់ទល់ផលប៉ះពាល់ អវិជ្ជមានលើកសេដ្ឋកិច្ចជាតិ។

នៅក្នុងសារាចរណែនាំនេះបានបញ្ជាក់ថា នៅឆ្នាំ២០២០ តម្រូវឱ្យក្រសួងស្ថាប័នទាំងអស់អនុវត្តដូចជា ទី១- គ្រប់គ្រងចំណាយបន្ទុកបុគ្គលិកឲ្យម៉ឺងម៉ាត់បំផុត ដោយអនុវត្តន៍គោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលរក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាលដូចនៅក្នុងឆ្នាំ ២០១៩។

ទី២- កាត់សន្សំចំណាយ បេសកកម្មក្រៅប្រទេស៥០% ចំពោះក្រសួងស្ថាប័នទាំងអស់ លើកលែងតែទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម កាត់ត្រឹម២៥% ទី៣- កាត់សន្សំចំណាយលើសម្ភារការិយាល័យ ១៥% គ្រប់ក្រសួងស្ថាប័ន។

ទី៤- កាត់បន្ថយចំណាយសម្ភារ និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន១៥% គ្រប់ក្រសួងស្ថាប័ន។ ទី៥-កាត់សន្សំចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល១៣% សម្រាប់គ្រប់ក្រសួងស្ថាប័ន និងទី៦- ព្យួរការអនុវត្តន៍រាល់ការទិញរថយន្ត សម្រាប់បម្រើការងាររដ្ឋបាលរបស់គ្រប់ក្រសួងស្ថាប័ន លើកលែងតែការទិញរថយន្តអគ្គិភ័យ រថយន្តដឹកឱសថជាដើម ដើម្បីបំពេញតម្រូវការជាចាំបាច់ ក្នុងការផ្តល់សេវាសាធារណៈ។

សេចក្ដីលម្អិត មានបង្ហាញជូននៅក្នុងសារាចរណែនាំនៅខាងក្រោមនេះ ៖

ក្រុមហ៊ុនផលិតដែកសំណង់ធំជាងគេនៅវៀតណាមគ្រោងនាំចូលមកកាន់ទីផ្សារកម្ពុជា

ដោយ ប៊ី

វៀតណាមៈ ក្រុមហ៊ុន Hoa Phat Group រោងចក្រផលិតដែកធំជាងគេ នៅប្រទេសវៀតណាម គ្រោងនាំចូលដែកថែបមកកាន់ទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

អត្រាលក់កាលពីខែមុននៃដែកសំណង់របស់ក្រុមហ៊ុននេះ មានចំនួនប្រមាណជាង ២សែនតោន ហើយត្រឹមរយៈពេល២ខែ ឆ្នាំ២០២០នេះ បានផលិតប្រមាណជិត៤សែនតោន។ កម្ពុជាគឺជាទីផ្សារធំជាងគេ ព្រោះក្រុមហ៊ុនHoa Phat បាននាំចូលដែកសំណង់មកកាន់កម្ពុជាដល់ទៅ១៥១,០០០តោន ស្មើនឹងជាង៥០ភាគរយ នៃបរិមាណនាំចេញសរុប។

ក្រៅពីទីផ្សារកម្ពុជា ក្រុមហ៊ុននេះក៏បាននាំចេញទៅកាន់ប្រទេសដទៃ នៅអាស៊ីបាស៊ីហ្វិក និងតំបន់អាស៊ីអាគ្នេយ៍ដូចជា អាមេរិក អូស្រ្តាលី កាណាដា ជប៉ុន ម៉ាឡេស៊ី ឡាវ ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ។

ក្រុមហ៊ុននេះបន្តថា ទំហំនៃការនាំចេញទៅប្រទេសជប៉ុន មានចំនួន៥៥.០០០ តោនកាណាដា (២ ម៉ឺនតោន) អាមេរិកនិងម៉ាឡេស៊ី ដែលជាទីផ្សារបន្ទាប់បន្សំ ដែលតម្រូវឱ្យមានការប្រកួតប្រជែង និងគុណភាពទៅកាន់ទីផ្សារសកលលោក ព្រោះថា ប្រទេសទាំងនោះក៏ជាប្រទេស ដែលមានការផលិតគ្រឿងសំណង់ដោយខ្លួនឯងផងដែរ។

សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនពហុវិស័យមានបំណង នាំចេញដែកថែបសំណង់ចំនួន៤០ម៉ឺនតោនទៅបរទេស ស្មើនឹងជិត១០ភាគរយនៃទិសដៅលក់របស់ខ្លួន។

សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ ។ ភាគីទាំងពីរខិតខំជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឡើងដល់៥ពាន់លានដុល្លារនៅឆ្នាំ២០២០។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កំពុងនាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់សេដ្ឋកិច្ចនៃប្រទេ​សទាំងពីរ៕

សេដ្ឋកិច្ចអាស៊ីបាស៊ីហ្វិកខាតបង់ទឹកប្រាក់ប្រមាណ ២១១ពាន់លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចអាស៊ីបាស៊ីហ្វិកបានធ្លាក់ចុះមកត្រឹម ៤% ក្នុងឆ្នាំ ២០២០នេះ ចាប់តាំងពីសកលលោកកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ ដោយសារការផ្ទុះឡើងនៃមេរោគ។ នេះបើយោងតាមក្រុមហ៊ុនពិគ្រោះនិងស្រាវជ្រាវហិរញ្ញវត្ថុធំនៅអាមេរិក S&P។

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីបាស៊ីហ្វិកបានឈានចូលដល់ហានិភ័យហើយដែលអាចខាតបង់ទឹកប្រាក់ជាង ២១១ពាន់លានដុល្លារ។

ប្រធានសេដ្ឋកិច្ចប្រចាំក្រុមហ៊ុន S&P បានឱ្យដឹងថា ប្រទេសចិនត្រឡប់មកធ្វើការវិញជាមួយនឹងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងការឆ្លងជំងឺ ម្យ៉ាងវិញទៀត ពីដើមឡើយគេមិនរំពឹងថា វានឹងជះឥទ្ធិពលដល់ពលកម្មនិងផ្សារហ៊ុនដល់ថ្នាក់នេះឡើយ។

លោកពន្យល់ថា ដើម្បីស្តារសេដ្ឋកិច្ចត្រឡប់មកវិញ ក្រុមហ៊ុនគួរតែរើសបុគ្គលិកបន្ថែមវិញនៅចុងឆ្នាំ ២០២១ក្នុងករណីដែលសភាពការណ៍តានតឹងរសាយបាត់អស់។

S&P រំពឹងថា ប្រទេសចិននឹងកើនឡើងត្រឹមតែ ៤,៨% ក្នុងឆ្នាំ ២០២០ នឹងស្ទុះងើបឡើងវិញយ៉ាងខ្លាំងត្រឹម ៦,៦% ក្នុងឆ្នាំ ២០២១ ។ សេដ្ឋកិច្ចដែលរងគ្រោះខ្លាំងជាងគេគឺ នៅហុងកុង សិង្ហបុរី វៀតណាម និងថៃដែលប្រជាជនហូរចូលច្រើននិងជាបណ្តាញផ្គត់ផ្គង់ទំហំធំ។ មិនតែប៉ុណ្ណោះក៏ត្រូវប្រឈមនឹងការខាតបង់លើវិស័យទេសចរណ៍មួយផ្នែកដែរ។

ទន្ទឹមនេះ ទីផ្សារនៅអាស៊ីដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា មើលទៅហាក់ដូចជាមិនសូវមានការប៉ះពាល់ជាមួយចិន និងបណ្តាញផ្គត់ផ្គង់ពិភពលោកប៉ុន្មានទេ៕

(CNA)

ច្បាប់ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកអាចនឹងត្រូវចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ដើម្បីបង្កភាពកាន់តែងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាងាយស្រួលក្នុងការគ្រប់គ្រង ក្រសួងពាណិជ្ជកម្ម បាន និងកំពុង រៀបចំនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលអាចនឹងគ្រោងចូលជាធរមាននៅចុងឆ្នាំ២០២០ខាងមុខនេះ។

នាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជូនដល់វិស័យឯកជន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោមវត្តមានរបស់លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងអ្នកតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម ពាណិជ្ជករ អាជីវករ ផងដែរ ។

លោក សុខ សុភ័ក្រ្ត បានមានប្រសាសន៍ថា “ការផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវការយល់ដឹងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានទូលំទូលាយដល់វិស័យឯកជន ជាពិសេសបុគ្គលដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត គ្រឹះស្ថានធនាគារ និងក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុនដឹកជញ្ជូន និងបុគ្គលពាក់ព័ន្ធសំខាន់ៗផ្សេងទៀត”។

លោកបានមានប្រសាសន៍បន្តទៀតថា “ដើម្បីអនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះឱ្យមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្មបាននឹងកំពុងរៀបចំនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលនឹងកំណត់អំពីការលើកលែង ការកំណត់ប្រភេទអាជ្ញាបណ្ណ បែបបទ និងនីតិវិធីនៃការផ្តល់ការអនុញ្ញាត ឬអាជ្ញាបណ្ណ និងប្រកាសរួមជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

ក្រៅអំពីការផ្សព្វផ្សាយខ្លឹមសារទូទៅនៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីវាគ្មិនតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក តំណាងធនាគារជាតិនៃកម្ពុជាស្តីពីការទូទាត់/ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងតំណាងអគ្គនាយកដ្ឋាពន្ធដារស្តីពីកាតព្វកិច្ចពន្ធ និងការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ៕

បណ្តាញអូរសំខាន់ៗចំនួន៥ប្រវែង៣០គីឡូម៉ែត្រក្នុងក្រុងព្រះសីហនុបានស្ដារបាន សម្រច៥៥.៩៦ភាគរយហើយ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ស្ថិតនៅក្នុងផែនការសម្រុកសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោមការតាមដាន និងយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាប៉ូលសេដ្ឋកិច្ចប្រចាំប្រទេស ជាលទ្ធផលពេលនេះសម្រាប់តែការស្ដារបណ្តាញអូររំដោះទឹកកខ្វក់ បានសម្រេចប្រមាណ៥៥,៩៦ភាគរយ ក្នុងប្រវែងសរុបចំនួនជិត៣០គីឡូម៉ែត្រ។

លោកកឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរជាមួយគណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា នៅក្នុងសប្ដាហ៍នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពនៃការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីផងដែរ។

លោកកឹម បូរី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភាថា ក្រុមការងា​ររបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនបានសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បាននិងកំពុងដោះស្រាយផលប៉ះពាល់ និងស្ដារអូរក្នុងក្រុងព្រះសីហនុយ៉ាងមមាញឹក សំដៅពន្លឿនការស្ដារឱ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ ដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ ងាយរងគ្រោះនៅក្នុងក្រុងនោះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។

អូរទាំង៥នេះ មានប្រវែងសរុបចំនួន ២៩ ៧៩១ ម៉ែត្រ រួមមាន  អូរអណ្ដូងអ៊ុនតាក់ ប្រវែង៣១១៦ម៉ែត្រ អូរស្ពានឆេះប្រវែង១១៧០ម៉ែត្រ អូរសំអាតប្រវែង៣៧៧៥ម៉ែត្រ អូរអេម៉ារីអូប្រវែង១ ៩០៦ម៉ែត្រ និងអូរឈើទាលប្រវែង១៩ ៨២៤ម៉ែត្រ គិតត្រឹមខែមីនា ឆ្នាំ២០២០នេះ ការងារស្ដារសម្រេច បានប្រវែង១៦៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦ភាគរយ ហើយ ចំណែកឯការងារដែលនៅសេសសល់ ក្រសួង និងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការងារស្ដារ ឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់៕

ក្រុមហ៊ុនផលិតវាយនភណ្ឌដ៏ធំដែលចុះបញ្ជីនៅតៃប៉ិពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាដោយសារ COVID-19

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន TST Group Holding ដែលជាអ្នកផលិតវាយនភណ្ឌដ៏ធំ ដែលបានចុះបញ្ជីនៅតៃប៉ិ បានប្រកាសផែនការពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅកម្ពុជាដើម្បីជួយដល់ការខ្វះខាតការនាំចូលវាយនភណ្ឌនា ពេលបច្ចុប្បន្នដោយសារCOVID-19។

ក្រុមហ៊ុនTST Group ដែលផ្គត់ផ្គង់នូវក្រណាត់ជាច្រើនប្រភេទ សម្រាប់សម្លៀកបំពាក់ធម្មតា និងសម្លៀកបំពាក់កីឡាសម្រាប់ម៉ាកអន្តរជាតិ ដូចជាម៉ាក Puma ម៉ាក Gap និងម៉ាក Adidas បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងបញ្ចូលទឹកប្រាក់ចំនួន២០លានដុល្លារទៅក្នុងការពង្រីកដើម្បីបង្កើនប្រព័ន្ធផលិតកម្មរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយសប្តាហ៍នេះ។

របាយការណ៍បានបញ្ជាក់ថា “ក្រុមហ៊ុនបានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយក្រុមហ៊ុនរំពឹងថា នឹងចាប់ផ្តើមផលិតសម្លៀកបំពាក់នៅឆមាសទី២ឆ្នាំក្រោយ។ នៅពេលប្រតិបត្តិការក្រុមហ៊ុនរំពឹងថា នឹងបង្កើ​តប្រាក់ចំណូលប្រចាំខែចំនួន៩,៩លានដុល្លារ”។

ក្រុមហ៊ុនមានប្រភពដើម៦០ភាគរយនៃអំបោះរបស់ខ្លួន មកពីប្រទេសវៀតណាម និង៤០ភាគរយមកពីប្រទេសចិន។

ក្រុមហ៊ុនបានឱ្យដឹងថា “យើងទទួលស្គាល់ការធ្លាក់ចុះតម្រូវការពីយីហោចិន នៅពេលមានការផ្ទុះឡើងនៃមេរោគនេះ ប៉ុន្តែការបញ្ជាទិញពីយីហោលោកខាងលិច សម្រាប់យើងនៅតែមិនមានផលប៉ះពាល់។ យើងក៏បានទិញស្តុក ដែលនឹងមានរយៈពេល៦ខែចំពេលមានកង្វះខាតសក្តានុពល”។

ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ស្បែកជើង និងទំនិញធ្វើដំណើរមានតម្លៃ៩,៣៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ កើនឡើង១១ភាគរយបើធៀបនឹងឆ្នាំចាស់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕

សម្តេចតេជោទទួលស្គាល់សមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្ម កម្ពុជាអាណត្តិទី៤

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យចំនួន២ ទទួលស្គាល់ជាផ្លូវការ នូវសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤។

តាមរយៈអនុក្រឹត្យ ដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០បានបញ្ជាក់ថា សមាសភាពការិល័យប្រ​តិបត្តិសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ មានចំនួន៤០រូប ក្នុងនោះមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម និងអនុប្រធាន៣៧រូប ព្រមទាំងហិរញ្ញឹក១រូប និងលេខាធិ​ការ១រូប។

សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ មានចំនួន៤០រូបផងដែរ ដែលបែងចែកតាមប្រភេទអាជីវកម្ម ហើយអ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ នេះផងដែរ។

សេចក្ដីលម្អិតដែលបង្ហាញ ពីសមាសភាពប្រតិបត្តិសភាពាណិជ្ជកម្ម និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លម្អិតមានរាយនាមនៅក្នុងអនុក្រឹត្យដូចខាងក្រោមនេះ ៖

រដ្ឋាភិបាលនឹងរៀបចំនីតិវិធីស្នើសុំនាំចូលយថាប្រភេទទំនិញបម្រើឱ្យការអនុវត្ត គម្រោងវិនិយោគ

ដោយរ៉ា ណេត

ភ្នំពេញៈ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC  បានប្រកាស និងអញ្ជើញមន្ត្រីបច្ចេកទេសនៃសមាគមរោងចក្រកាត់ដេរ និងបុគ្គលិក បច្ចេកទេសនៃបណ្តាក្រុមហ៊ុន ដែ​លជាសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចូលរួមនៅក្នុងសិក្ខាសាលាស្ដីពី ការអនុវត្តន៍នីតិវិធីស្នើសុំនាំចូលប្រភេទទំនិញយថាប្រភេទ សំរាប់បម្រើឱ្យការអនុវត្តគម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិ។

តាមរយៈលិខិតដែលចេញ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវការពិនិត្យសំណើរសុំនាំចូល តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់ការស្នើសុំពាក់ព័ន្ធនឹងការស្នើសុំនាំចូលយថាប្រភេទទំនិញ សម្រាប់បម្រើឱ្យការអនុវត្តគម្រោងវិនិយោគ។

នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីនីតិវិធីស្នើសុំនាំចូលយថាប្រភេទទំនិញ បម្រើឱ្យការអនុវត្តគម្រោងវិនិយោគ តាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ។

ក្នុងគោលបំណងធានាបាន នូវប្រសិទ្ធភាពនៃការផ្ដល់សេវានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំសិក្ខាសាលាស្ដីពីការអនុវត្តនីតិវិធីស្នើសុំ នាំចូលយថាប្រភេទទំនិញបម្រើឱ្យការអនុវត្ត គម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៃប្រព័ន្ធបញ្ជរតែមួយជាតិនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្ដាប់នូវរាល់បញ្ហាប្រឈមនានា ដែលអ្នកដាក់ពាក្យជួបប្រទះ និងពិនិត្យរកដំណោះស្រាយឱ្យបានសមស្រប៕

ផ្លូវជាតិលេខ ៥១ ក្លាយជាផ្លូវក្រវ៉ាត់ក្រុងបណ្តុំដោយរោងចក្រ និងសហគ្រាសខ្នាតធំ

ដោយ ហ្សូលី

ភ្នំពេញ៖ ផ្លូវជាតិលេខ ៥១ មានចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង) បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងដែលបណ្តុំដោយរោងចក្រ និងសហគ្រាសខ្នាតធំជាច្រើននាំគ្នាទៅវិនិយោគ។

ផ្លូវជាតិលេខ៥១នេះតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ ដែលបច្ចុប្បន្នកំពុងបង្ហាញពីសក្ដានុពលអភិវឌ្ឍ និងភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងកត្តាប្រជាសាស្រ្ត ភូមិសាស្រ្ត រួមទាំងគម្រោងអភិវឌ្ឍន៍នានាជាច្រើន។ ដោយសារវិស័យឧស្សាហកម្មជម្រុញឱ្យតំបន់នេះប្រែក្លាយជា តំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម អាស្រ័យលើការដឹកជញ្ជូន ដែលអំណោយផលដល់ប្រជាពលរដ្ឋក្នុងតំបន់ប្រកបមុខរបរ ជូញដូរជាដើម។

ផ្លូវ៥១ជាផ្លូវតំបន់ឧស្សាហកម្ម ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវ៥១ ជាផ្លូវក្រវ៉ាត់ក្រុងមានទំនាក់ទំនង ជាមួយផ្លូវជាតិលេខ៥តទៅផ្លូវជាតិលេខ៤ ធ្លុះទៅដល់ផ្លូវជាតិលេខ៣ ដែលនៅជិតកំពង់ផែរ ប្រសិនបើដាក់ទីតាំងធ្វើរោងចក្រ និងកន្លែងផលិតអ្វីផ្សេងៗ ងាយស្រួលចេញចូល និងដឹកទំនិញទៅផែរអន្តរជាតិ ដែលមាននៅកំពត់ ក្រុងព្រះសីហនុ និងខេត្តកោះកុង បានន័យថា តំបន់ផ្លូវ៥១ កៀកនឹងក្រុងផង ហើយងាយស្រួលក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ផលិតផលសម្រេចចេញទៅផែរអន្តរជាតិផងដែរ ។

ហេតុនេះទើបបណ្តាលឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាច្រើន ក្នុងនោះក៏មានបុរីអូរ៉ូរ៉ាស៊ីធី បានកំពុងវិនិយោគលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់និងមានសក្តានុពលនេះផងដែរ។ គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវជាតិលេខ៥១ (ឧដុង្គ) ក៏បានគិតគូរយ៉ាងឥតខ្ចោះ ទៅលើប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ ខ្វែងខ្វាត់ធំទូលាយ ប្រព័ន្ធលូបង្ហូរទឹកស្អុយមានទំហំធំ មិនកកស្ទះ ពោរពេញដោយអំពូលភ្លើងអគ្គិសនីអមពេញដងផ្លូវ ដែលជាកត្តាមួយជម្រុញអោយតំបន់នេះកាន់តែមានសក្តានុពលសេដ្ឋកិច្ចទ្វេរដង។

ទាំងនេះជាកត្តាសំខាន់ៗសម្រាប់អតិថិជនដែលចង់ស្វែងរកលំនៅឋាន រស់នៅសមប្រកប ក្នុងទីប្រជុំជន បណ្តុំដោយសំណង់សហគ្រាសតូចធំនានា ក្បែរគម្រោង ជាពិសេសសាកសមសម្រាប់ការប្រកបអាជីវកម្ម បង្កើតមុខជំនួញ ដែលអាចរកនូវប្រាក់ចំណេញខ្ពស់ ចំពោះការទិញ-លក់ ឬដាក់ជួល ជាអគារការិយាល័យផ្សេងៗ ខណៈដែលតំបន់នេះ ជាតំបន់គោលដៅអភិវឌ្ឍបន្ថែមឱ្យក្លាយជាតំបន់រណបដែលទាក់ទាញបំផុត ។

បុរី អ៊ូរ៉ូរ៉ា ស៊ីធី គម្រោងឧត្តុង្គ ស្ថិតនៅលើផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីទទួលបានព័ត៌មានលម្អិត អាចធ្វើការអញ្ជើញទៅដល់ទីតាំងការដ្ឋានផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 017 222 099 / 086 666 375 ៕