សម្ដេចតេជោ ៖ ប្រជាជនត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ទាក់ទងនឹងបញ្ហា Covid-19 បើទោះបីជានៅក្នុងប្រទេសកម្ពុជា ពុំទាន់កើតមានករណីឆ្លងទាក់ទងទៅនឹងមេរោគនេះក៏ដោយ។

សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រថា “សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារ ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសល្អបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។ សូមរួមគ្នាកុំទុកអ្នកណាម្នាក់ឱ្យនៅឯកោ ដោយពុំបានទទួលភោគផលពីកិច្ចអភិវឌ្ឍ”។

ជាមួយនឹងភាពផ្ញាក់ផ្អើលសារជាថ្មីបន្ទាប់ពីពិនិត្យឃើញថា បុរសជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគ Covid-19 នៅក្នុងប្រទេសជប៉ុន ខណៈដែលបុរសម្នាក់នេះបានធ្វើដំណើរចាក់ចេញពីព្រលានយន្តហោះក្រុងសៀមរាប ប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាល រួមនឹងស្ថានប័នអន្តរជាតិដែលពាក់ព័ន្ធកំពុងតែព្យាយាមធ្វើការពិនិត្យ និងស្រាវជ្រាវដើម្បីទទួលបានលទ្ធផល។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសជាថ្មីម្ដងទៀតថា រហូតមកដល់ថ្ងៃនេះ គ្មានវត្តមានវីរុសកូរ៉ូណាថ្មី ឬ Covid-19 កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ។ ដោយឡែកពាក់ព័ន្ធទៅនឹងអ្នកដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលជាមួយបុរសជនជាតិជប៉ុនដែលមានផ្ទុកមេរោគ គឺកំពុងតែស្ថិតនៅក្នុងការតាមដាន និងពិនិត្យ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកជំនាញនៅឡើយ៕

ចិនបានសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាឥតខ្សែល្បឿនលឿនជំនាន់ទី ៥ នៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនចិន Kingtel Communication Ltd បានសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាឥតខ្សែល្បឿនលឿនជំនាន់ទី ៥ របស់ខ្លួនសម្រាប់បណ្តាញឌីជីថលដែលត្រូវបានស្គាល់ថាជាបណ្តាញបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា។

សមិទ្ធិផលនេះបានកើតឡើង បន្ទាប់ពីអាជីវកម្ម និងក្រុមហ៊ុនចិន Huawei Technologies Co Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៅទីក្រុងសិនជិនប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន។
ក្រុមហ៊ុន Kingtel នឹងបន្តសហការជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើតបណ្តាញនាយករដ្ឋមន្រ្តី 5G ដំបូងគេនៅកម្ពុជា និងធ្វើការជាមួយគ្នាឆ្ពោះទៅរកសមិទ្ធិផលនាពេលអនាគត។

ក្រុមហ៊ុន Kingtel មានផែនការមេដើម្បីសាងសង់ស្ថានីយ៍មូលដ្ឋាន 5G ប្រមាណ ៣០០០ នៅកម្ពុជាក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខរួមមានដំណាក់កាលទី ១ នៃបណ្តាញស្នូល 5G បណ្តាញបញ្ជូន និងឧបករណ៍បច្ចេកទេស។
តាមការគ្រោងទុក បណ្តាញចប្ចេកវិទ្យា 5G នឹងត្រូវដាក់ឱ្យដំណើរការជាលក្ខណៈពាណិជ្ជកម្ម និងអាចបម្រើដល់ប្រជាជនកម្ពុជាជាង ៩០ ភាគរយនៅចុងឆ្នាំ ២០២០។

បច្ចេកវិទ្យា 5G នឹងអនុញ្ញាតឱ្យមនុស្សយន្តនៅក្នុងមុខងារឧស្សាហកម្ម និងរដ្ឋាភិបាលដំណើរការបានយ៉ាងមានប្រសិទ្ធិភាពនៅលើអ៊ីនធឺណិតក្នុងចំណោមគុណសម្បត្តិផ្សេងទៀត។ នេះនឹងបង្កើនពេលវេលាទាញយកយ៉ាងច្រើន ហើយអាចឱ្យប្រទេសកម្ពុជាចូលរួមក្នុងបដិវត្តឧស្សាហកម្មទី ៤ ដែលចាំបាច់សម្រាប់សេដ្ឋកិច្ចឌីជីថលនាពេលអនាគតដែលទទួលបានជោគជ័យ។

ក្រុមហ៊ុន Kingtel បាននិយាយថា ខ្លួននឹងពង្រីកស្ថានីយ៍មូលដ្ឋានចំនួន ៦៥០ កន្លែងដើម្បីគាំទ្រដល់ 5G និងបម្រើអតិថិជននៅភ្នំពេញក្រុងព្រះសីហនុ សៀមរាប បាត់ដំបង បាវិត ប៉ោយប៉ែត និងទីក្រុងធំៗ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ ២០២១ ក្រុមហ៊ុន Kingtel នឹងបន្ថែមស្ថានីយ៍មូលដ្ឋានចំនួនជាង ១២០០ កន្លែងដើម្បីគាំទ្រដល់ 5G នៅទូទាំងប្រទេស៕

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ និស្សិតដែលសិក្សាផ្នែកវិស្វកម្មផ្នែកផ្លូវថ្នល់មានត្រឹមប្រមាណ ៣,៤ភាគរយប៉ុណ្ណោះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធនធាននិស្សិតដែលកំពុងតែសិក្សានៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តុះ និងសាកលវិទ្យាល័យនានានៅកម្ពុជា ចំនួននៅមានកម្រិតនៅឡើយទៅលើជំនាញផ្នែកវិស្វករសំណង់ផ្លូវថ្នល់ដែលមានត្រឹម ៣,៤ ភាគរយតែប៉ុណ្ណោះ ដែលទាមទារឱ្យមានការយកចិត្តទុកបណ្តុះបណ្តាលបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងឱកាសអនុញ្ញាតឱ្យលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាទៅលើជំនាញវិស្វករផ្នែកផ្លូវថ្នល់គឺមានចំនួនតិចតួច ពោលគឺត្រឹមប្រមាណ៣,៤ភាគរយតែប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា “សព្វថ្ងៃនេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពជូនអំពីស្ថានភាពនៃការអភិវឌ្ឍបណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា គម្រោងពង្រីកបណ្តាញផ្លូវថ្នល់ពី២គន្លងទៅ៤គន្លង និងការលើកកម្ពស់ គុណភាពផ្លូវ ពីផ្លូវចាក់កៅស៊ូ ២ស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា”។

នៅក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវ Road Care Mobile App ការប្តេជ្ញាជួសជុលផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូចឱ្យបាន៥០ភាគរយក្នុងរយៈពេល៣០ថ្ងៃតាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងកង្វះខាតវិស្វករផ្លូវថ្នល់នៅកម្ពុជាផងដែរ។

ស្ថិតនៅក្នុងគោលដៅនៃការស្ដារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួមមានស្ពាន និងផ្លូវថ្នល់ នៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរប្រកបដោយគុណភាពយូរអង្វែង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើសុំដល់រដ្ឋាភិបាលអូស្ត្រាលី ជួយបណ្តុះបណ្តាលជំនាញបន្ថែមដល់មន្ត្រីក្រសួងនៅកម្ពុជា ដើម្បីបានធ្វើការអភិវឌ្ឍទៅលើផ្នែកធនធានមនុស្សក្នុងវិស័យពាក់ព័ន្ធ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ចំពោះសំណើរបស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានលើកឡើង និងបានសន្យាថានឹងពិនិត្យមើលទៅលើសំណើក្នុងការជួយបង្កើតវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សដល់មន្ត្រីក្រសួងដូចដែលការស្នើសុំផងដែរ៕

អាជ្ញាធរជាតិអប្សរាប្រកាសឱ្យភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាសារមន្ទីរចំនួន៣ ដោយឥតគិតថ្លៃពេញមួយឆ្នាំ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ក្នុងគោលបំណងចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងបើកឱ្យបណ្តាភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនានៅតាមសារមន្ទីរចំនួន៣ ដោយមិនគិតថ្លៃក្នុងរយៈពេលពេញមួយឆ្នាំ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ថា សារមន្ទីរចំនួន៣ ដែលអនុញ្ញាតឱ្យបណ្តាភ្ញៀវទេសចរជាតិ -អន្តរជាតិចូលទស្សនាដោយមិនគិតថ្លៃពេញមួយឆ្នាំរួមមាន សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី ដោយឥតគិតថ្លៃឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា “សារមន្ទីរចំនួន៣ ដែលអនុញ្ញាតឱ្យបណ្តាភ្ញៀវទេសចរជាតិ -អន្តរជាតិចូលទស្សនាដោយមិនគិតថ្លៃពេញមួយឆ្នាំរួមមាន សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី ដោយឥតគិតថ្លៃឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០”។

គោលបំណងនៃការបើកសារមន្ទីរទាំង៣ ឱ្យភ្ញៀវចូលទស្សនាដោយសេរីនេះ ទី១ គឺដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប។ ទី២ បង្កើនចំណេះដឹងតាមរយៈការស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្តខ្មែរឱ្យបានទូលំទូលាយ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ពិសេសសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សាអប់រំនានា និងទី៣ គឹបង្កើនមោទនភាពជាតិអំពីប្រវត្តិសាស្រ្ត អតីតកាលរបស់ខ្លួនកាន់តែខ្លាំងដល់យុវជនជំនាន់ក្រោយ។

ចំពោះសមុច្ច័យសំខាន់ៗដែលបានតាំងបង្ហាញនៅក្នុងសារមន្ទីរនីមួយៗ លោក ឡុង កុសល បញ្ជាក់ថា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺបានសហការជាមួយឥណ្ឌា តាំងបង្ហាញនូវផលិតផលប្រពៃណី មានសម្លៀកបំពាក់ធ្វើពីសូត្រនៅតាមបណ្តាប្រទេសទាំង៦នៅជុំវិញដងទន្លមេគង្គដូចជា ថៃ ឡាវ ភូមា កម្ពុជា វៀតណាម និងឥណ្ឌា។ រីឯសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរតាំងបង្ហាញនូវបដិមាដែលកំណាយបានពីប្រាសាទបន្ទាយក្តី បដិមានៅសម័យអង្គរ ពិសេសសមុច្ច័យដែលបានពីកំណាយនៅបារាយណ៍ខាងលិច គោកប៉ាទ្រី និងកន្លែងផ្សេងៗទាក់ទងនឹងការរស់នៅរបស់មនុស្សសម័យបុរាណ ការកប់សព សម្ភារប្រើប្រាស់ផ្សេងៗ ដែលបង្ហាញពីប្រវត្តិសាស្រ្តខ្មែរដ៏ឧត្តុងឧត្តម។

សារមន្ទីរឡតានី ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី គឺជាកន្លែងផលិតកុលាលភាជន៍ ត្រូវបានរកឃើញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានាទស្សវត្សរ៍ឆ្នាំ១៩៩០។ សារមន្ទីរនេះ បានផ្តល់នូវព័ត៌មានដ៏សំខាន់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរបុរាណតាមរយៈការប្រើប្រាស់ភាជន៍ ការរស់នៅប្រចាំថ្ងៃរបស់បុព្វបុរស និងដឹងថាពួកគាត់បានផ្តល់តម្លៃអ្វីខ្លះក្នុងទិដ្ឋិភាពសង្គមនាពេលនោះ។ ទាំងនេះជាការណ៍សំខាន់ណាស់ ដើម្បីឱ្យសាធារណជនបានសិក្សាស្រាវជ្រាវ បណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិទាំងអស់គ្នា។

ក្នុងនាមជាអ្នកនាំពាក្យ និងតំណាងអាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសបណ្តាគ្រឹះស្ថានសិក្សាអប់រំនានា សូមអញ្ជើញដឹកនាំសិស្សានុសិស្សមកចូលរួមទស្សនាឱ្យបានច្រើនកុះករ ហើយការមកទស្សនា ស្វែងយល់ផ្ទាល់ ជាផ្នែកមួយនៃការអប់រំដ៏សំខាន់ ដែលសិស្សានុសិស្សអាចនឹងទទួលបានចំណេះដឹងថ្មីដែលមិនធ្លាប់ដឹងកន្លងមក៕

ក្រសួងរៀបចំដែនដី៖ ការផ្ទុះវីរុស Covid-19 មិនប៉ះពាល់ដល់ការសាងសង់លំនៅឋាននៅកម្ពុជានោះទេ

ដោយ ប៊ី

ភ្នំពេញ៖ ការផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 នៅតាមប្រទេសមួយចំនួននៅលើពិភពលោកមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍសំណង់លំនៅឋាននៅកម្ពុជានោះទេ ខណៈក្រសួងស្នើបណ្តាក្រុមហ៊ុនសាងសង់លំនៅដ្ឋានទាំងអស់ កុំមានព្រួយបារម្ភខ្លាំងពេក។ នេះយោងតាមការអះអាងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការអះអាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា “អញ្ចឹងហើយប្រហែលជាយឺតបន្តិចដោយសារ បញ្ហាការធ្វើហេដ្ឋារចនាសម្ព័ន្ធ ម្យ៉ាងទៀត ដោយសារជំងឺ …! ខ្ញុំមិនចង់និយាយ វាប្លែក អញ្ចឹងវាអត់យូរ ហើយប្រហែលខ្ញុំដឹង នឹងមានអ្នកវិនិយោគិនបរទេសជាច្រើន នឹងមកវិនិយោគនៅកម្ពុជា បងប្អូនត្រូវសន្និដ្ឋានមួយថា អ្វីដែលជាដំណាក់កាលខ្លី កុំឱ្យមានការតក់ស្លុត ហើយត្រូវប្រកាន់ជំហររឹងប៉ឹង ដើរទៅតាមគោលនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជន ១៥លាននាក់”។

មិនតែប៉ុណ្ណោះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមបានទទួលផែនការពីសម្តេចតេជោ ហ៊ុន សែន បានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែឆាប់រហ័ស ដើម្បីរង់ចាំការចូលមកវិនិយោគពីសំណាក់ក្រុម អ្នកវិនិយោគិននៅក្រៅប្រទេស នៅក្នុងខេត្តព្រះសីហនុ និងតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ហើយបញ្ហារាំងស្ទះមួយចំនួន នឹងបំពេញមកវិញ ទោះបីពិភពលោកជួបប្រទះបញ្ហាក្តី ក៏ប៉ុន្តែវិស័យដីធ្លីនៅខេត្តព្រះសីហនុ ក៏នៅទ្រឹងក្នុងរយៈពេលខ្លីផងដែរ។

ឯកឧត្តមឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តថា វិស័យអចលនវត្ថុ គឺជាវិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិនៅក្នុងឆ្នាំ២០១៩ ដោយមានសម្លឹងមើលឃើញថា ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានរហូតទៅដល់ ១,១០០០លានដុល្លារ។ បើប្រៀបធៀបនឹងឆ្នាំ២០១៨ កន្លងទៅ គឺមានចំនួនតែ ៥,៥០០លានដុល្លារ តែប៉ុណ្ណោះ ដូច្នេះការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា មានការកើនឡើងរហូតដល់ ៩០ភាគរយឯណោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការអភិវឌ្ឍវិស័យសំណង់ ជាឱកាសរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បូកសរុបលទ្ធផល នាពេលនេះ គឺជាការផ្លាស់ប្តូរនូវបទពិសោធកម្រិតជំនាញ ការយល់ដឹង ការផ្លាស់ប្តូរគំនិតយោបល់ លើការអភិវឌ្ឍ។ ជាពិសេសបច្ចុប្បន្ននេះ ការសាងសង់លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា មានគុណភាពខ្ពស់ ប្រកបដោយស្តងដារ ដែលបានលើកកម្ពស់បញ្ហាបរិស្ថាន ដោយម្ចាស់បុរីនីមួយៗ មានចូលរួមចំណែកយ៉ាងខ្លាំងដាំដើមឈើ ប្រកបដោយផ្ទៃបៃតង ដែលបានចូលរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ដោយសារតែមានការអភិវឌ្ឍន៍សំណង់លំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យយុវជនខ្មែរសម្បូរការងារធ្វើ ដែលក្នុងមួយឆ្នាំមានចំនួនជាង៣០ម៉ឺននាក់ ទាំងអស់មិនទាន់មានជំនាញ និងអ្នកមានជំនាញ ជាដើម។

បើតាមលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថា សំណង់លំនៅឋាន នៅតែជាតម្រូវការយ៉ាងខ្ពស់ ទៅថ្ងៃអនាគត ការខិតខំរបស់សមាគមក៏ត្រូវតែបន្ត ការខិតខំទៅមុខលើផ្លូវដ៏យូរអង្វែង សមាគមនឹងបន្តពង្រឹងអានុភាពរបស់ខ្លួនឈរលើចក្ខុវិស័យ និងទិសដៅវែងឆ្ងាយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ មិនតែប៉ុណ្ណោះ សមាគមមានទស្សនវិស័យមួយទៀត គឺលើកកម្ពស់ស្តងដារ វិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែខ្ពស់មិនផ្តោតសំខាន់លើតែសំណង់លំនៅឋាន ឬប្តី ប៉ុណ្ណោះទេ សមាគមផ្តោតលើអគារ ខុនដូរ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗ ព្រោះអគារខ្ពស់ៗ ជាប៉ូលដ៏សំខាន់ នៃការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយពាណិជ្ជកម្មអន្តរជាតិ ការធ្វើសេវាកម្មពាណិជ្ជកម្មអន្តរជាតិ ព្រមទងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកឧកញ៉ា លី ហួរ បានបន្តថា ដោយយោងលើការភាពរីកចម្រើនលើវិស័យអភិវឌ្ឍន៍លំនៅឋានឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នង របស់សេដ្ឋកិច្ចជាតិ សមាគមបានចូលរួមចំណែក អភិវឌ្ឍន៍វិស័យអចលនទ្រព្យ មិននៅទីក្រុងភ្នំពេញ សូម្បីតែនៅតាមបណ្តាខេត្ត បានប្រែក្លាយដី មានតម្លៃពោរពេញទៅដោយដំណង់ អគារទំនើប បុរីលំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់ទំនើបៗ ដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងមានប្រព័ន្ធអគ្គិសនី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបានសមរម្យ ជួយផ្តល់ការងារដល់ប្រជាជន ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយ:ការបង់ពន្ធ ចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានចូលរួម លើកកិត្តិយស កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕

ទីលានប្រណាំងរថយន្តលំដាប់ពិភពលោកលើកដំបូងនៅកម្ពុជារបស់ឧកញ៉ា ម៉ុង ឫទ្ធី ចាប់ផ្ដើមដំណើរការសាកល្បង

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ទីលានប្រណាំងរថយន្តលំដាប់ពិភពលោកទី២ ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ម៉ុង ឫទ្ធី និងក្រុមហ៊ុនជំនាញមកពីប្រទេសជប៉ុន ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាកល្បងជាជំហ៊ានដំបូង។

ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានសហការជាមួយនឹងក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Co.Ltd កាលពីដើមខែមករា ឆ្នាំ២០១៩កន្លងមកនេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គំរោងសហប្រតិបត្តិការអាជីវកម្ម សាងសង់ទីលានប្រណាំ​ងរថយន្តលំដាប់ថ្នាក់លេខ២នៅលើពិភពលោក ដែលជាគម្រោងវិនិយោគលើកដំបូងបំផុតនៅលើទឹកដី ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។

តាមការឱ្យដឹងពីលោកឧកញ៉ា ម៉ុង ឫទ្ធី កាលពីពេលកន្លងទៅបានបញ្ជាក់ថា ទីលានកីឡាយានយន្តនេះ មិនសូវទទួលបានប្រាក់ចំណេញច្រើនទេ តែវានឹងអាចធ្វើជាស្ពានចម្លងនៃកិច្ចទំនាក់ទំនង រវាងក្រុមកីឡាករនៃប្រទេសជប៉ុន-កម្ពុជា រួមជាមួយនឹងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក ដែលស្រឡាញ់ចូលចិត្តកីឡាយានយន្តនេះផងដែរ។

លោកឧកញ៉ាបានបញ្ជាក់នៅលើគណនី ទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា លោកនឹងបង្កើតព្រឹត្តិការណ៍ ឱ្យមានការជួបជុំជាមួយអ្នកស្រឡាញ់ វិស័យកីឡាយានយន្តចាប់ពីពេលនេះតទៅ។ ខ្ញុំនឹងរៀបចំឱ្យបានជួបជុំគ្នាក្នុងរយៈពេលមួយខែឱ្យបានម្តង។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅទីលានប្រណាំងរថយន្តដ៏ថ្មីសន្លាង និងទាក់ទាញលើកដំបូងនៅកម្ពុជាមួយនេះ បានទទួលក្រុមអ្នកប្រណាំងម៉ូតូជាច្រើននាក់ ជាមួយនឹងការប្រារព្វព្រឹត្តិការណ៍ ប្រណាំងម៉ូតូលក្ខណៈមិត្តភាពគួរជាទាក់ទាញផងដែរ៕

ចំណេះដឹង! តើយន្តការដោះស្រាយវិវាទដីធ្លីមានប៉ុន្មានប្រភេទ?

ដោយវុត្ថា

ភ្នំពេញៈ អនុលោមតាមស្មារតីប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ០២ (ពីរ)។

ប្រភេទ១ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លីដែលមានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ និង២៖ វិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីសុរិយោដី គឺដីធ្លីដែលពុំទាន់មានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី។

១៖ ការដោះស្រាយវិវាទរបស់គណៈកម្មការសុរិយោដី

គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើង តាមអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលក្នុងនោះរួមមានគណៈកម្មការសុរិយោដី ៣ (បី) ថ្នាក់គឺ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ។

ចំពោះវិធានស្ដីពីនីតិវិធីផ្សេងៗរបស់គណៈកម្មការសុរិយោដី ត្រូវបានកំណត់នៅក្នុងប្រកាសលេខ ១១២ ដនស/ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២ ស្ដីពីគោលការណ៍ណែនាំ និងនីតិវិធីរបស់គណៈកម្មការសុរិយោដី។

ដោយនៅក្នុងនោះ គណៈកម្មកាសុរិយោដីមានបេសកកម្ម ដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដី ដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យ ដែលមិនអាចសម្រុះសម្រួលបាន ដោយគណៈកម្មការរដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹង បណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។

២៖ ការដោះស្រាយវិវាទដោយស្ថាប័នតុលាការ

តុលាការមានសមត្ថកិច្ចដោះស្រាយលើ ទំទាស់ដីធ្លីណាដែលបានចុះបញ្ជី និងដីដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ បើយោងតាមប្រកាសរួមលេ ០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្ដិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

តុលាការក៏មានសមត្ថកិច្ចផងដែរ ចំពោះបណ្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មធិការសុរិយោដីថ្នាក់ជាតិ។ ក្រៅពីនោះតុលាការក៏មានសមត្ថកិច្ចផងដែរ ពាក់ព័ន្ធនឹងដីមិនទាន់ចុះបញ្ជី (មិនទាន់ចេញប័ណ្ណកម្មសិទ្ធិ) ដូចជាករណីបណ្ដឹងបែងចែកមត៌ក បណ្ដឹ​ងពាក់ព័ន្ធនឹងការទិញលក់ និងការអនុវត្ដសិទ្ធិប្រាតិភោគលើអចលនវត្ថុជាអាទិ៍។ ចំពោះវិវាទដីធ្លី គឺជាប្រភេទរឿងក្ដីរដ្ឋប្បវេណី។ ដូចនេះភាគី និងតុលាការត្រូវអនុវត្ដតាមគោលការណ៍នៃនីតិវិធីផ្នែករដ្ឋប្បវេណីចំពោះបណ្ដឹងពាក់ព័ន្ធនឹងដីធ្លី។

សរុបជារួមមកវិញ ចំពោះយន្ដការសម្រាប់ដោះស្រាយវិវាទដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺយន្ដការដោះស្រាយវិវាទ ដោយគណៈកម្មការសុរិយោដី ចំពោះដីដែលមិនទាន់បានចុះបញ្ជី និងការដោះស្រាយដោយស្ថាប័នតុលាការចំពោះដី ដែលបានចុះបញ្ជីរួចរាល់ និងមានប័ណ្ណកម្មសិទ្ធិ។

ហេតុដូចនេះសូមបញ្ជាក់ថា រាល់វិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវតែបញ្ជូនទៅដោះស្រាយនៅគណៈកម្មការសុរិយោដីជាមុនសិន មុននឹងប្ដឹងមកតុលាការ៕

ធនាគារ SME តម្លៃ១០០លានដុល្លាររបស់កម្ពុជានឹងដាក់ដំណើរការនាពេលមុខឆាប់ៗនេះ

ដោយ ប៊ី

ភ្នំពេញៈ ធនាគារសហគ្រាសធនតូច និងមធ្យម (SME) របស់រដ្ឋដែលតម្លៃ១០០ លានដុល្លារ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា នឹងដាក់ឱ្យដំណើរក្នុងពេលឆាប់ៗក្នុងឆ្នាំនេះ។

លោកមាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ៥ ខែមីនានៅទីស្តីការគណៈរដ្ឋមន្រ្តីថា រចនាសម្ព័ន្ធរបស់ធនាគារ រួមទាំងក្រុមប្រឹក្សាភិបាល ដែលត្រូវបានតែងតាំងត្រូវបានធ្វើរួចរាល់ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការ ស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

លោកបានថ្លែងថា“ប្រតិបត្តិការធនាគារធុនតូច និងមធ្យមមានសារៈសំខាន់ណា​ស់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលជំរុញឱ្យមានដំណើរការឱ្យបានឆាប់”។

លោកមាស សុខសេនបានមានប្រសាសន៍ថា ធនាគារ SME នឹងត្រូវបើកនៅឆ្នាំនេះ ហើយវានឹងកើតឡើងឆាប់ៗ។ ធនាគារនឹងជួយសហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់អាជីវកម្ម និងផលិតភាពរបស់ពួកគេ។ វាជាវិធានការណ៍មួយ ក្នុងចំណោមវិធានការណ៍របស់រដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មក្នុងស្រុក ចំពេលមានបញ្ហាខាងក្រៅរួមទាំងការផ្ទុះឡើងនៃCovid-19”។

រដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់១០០លានដុល្លារ ដល់ការបង្កើតធនាគារធុនតូច និងមធ្យមជាដើមទុន ហើយរដ្ឋាភិបាលត្រូវបានផ្តួចផ្តើមគំនិត ដើម្បីជួយផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមដែលស្វែងរកមូលនិធិ ដើម្បីពង្រីកផលិ​តកម្ម និងកែច្នៃផលិតផលកសិកម្មក្នុងស្រុក៕

CDCអនុម័តគម្រោងវិនិយោគចំនួន២៩មានតម្លៃជាង៩១០លានដុល្លារអាមេរិក ក្នុងខែកុម្ភៈ

ដោយហ្សូ លី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) គម្រោងដែលបានអនុម័តគ្របដណ្តប់លើវិស័យរួមមាន ការផលិតសម្លៀកបំពាក់ សណ្ឋាគារប្រណីត គ្រឿងប្រើប្រាស់ក្នុងផ្ទះ អំពូលភ្លើង អាគុយ សេវាកម្មនៅមន្ទីរពេទ្យជាដើម។

គម្រោងទាំងនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនចំនួន២៩ផ្សេងៗគ្នា មានទីតាំងនៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំងតាកែវ ស្វាយរៀង ព្រះសីហនុ សៀម​រាប និងកណ្តាល។គំរោងទាំងនេះ ត្រូវបានអនុម័តក្នុងខែកុម្ភៈកន្លងមកនេះ។

សកម្មភាពវិនិយោគទាំងអស់នេះ គឺជាការអនុវត្តតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រដ្ឋាភិបាលដែលមានគោលបំណងបង្កើនចំណែកផលិតផលក្នុងស្រុកសរុប នៃឧស្សាហកម្មឧស្សាហកម្មពី២៤,១ភាគរយ ដល់៣០ភាគរយនៅឆ្នាំ២០២៥ ។

រដ្ឋាភិបាលក៏មានគោលបំណងធ្វើពិពិធកម្មការនាំចេញទំនិញ ដោយបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌដល់២០ភាគរយ និងមិនមែនវាយនភណ្ឌដល់១៥ ភាគរយ ខណៈជំរុញការនាំចេញផលិតផលកសិកម្មកែច្នៃ ដល់១២ភាគរយនៃការនាំចេញទាំងអស់នៅឆ្នាំ២០២៥។

ដោយឡែក បច្ចុប្បន្នកម្ពុជាក៏កំពុងរងផលប៉ះពាល់ ពីការខ្វះខាតវត្ថុធាតុដើមពីខាងប្រទេសចិន ដែលបង្ខំចិត្តឱ្យរោងចក្រ សហគ្រាសចំនួន៤០ បានស្នើសុំព្យួរការងារមួយរយៈ ហើយប៉ះពាល់ដល់រោងចក្រជាង២០០នៅទូទាំងប្រទេស។

ប៉ុន្តែយ៉ាងណាក៏ដោយ ទាំងក្រសួងការងារ និងក្រសួងជំនាញជាប់ពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងរិះរកវិធីសាស្រ្តធ្វើយ៉ាងណាពន្លឿនការនាំចូលវត្ថុធាតុដើមពីចិនឲ្យបានឆាប់រហ័សបំផុត ដែលពេលនេះវត្ថុធាត់ដើមទាំងនោះបាន កំពុងដឹកចេញពីប្រទេសចិន ហើយកម្ពុជា និងបានទទួលមុនគេដែលការអនុម័តគម្រោងវិនិយោគនេះ បង្ហាញពីសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា៕

 

តើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុដែលបញ្ចប់ការសាងសង់នៅឆ្នាំ២០២២មានចំណុចពិសេសអ្វីខ្លះ?

ដោយគង់ សូរិយា

 ភ្នំពេញ ខណៈថ្ងៃបើកការដ្ឋានកានើតែខិតជិតមកដល់ និងការទន្ទឹងរបស់ប្រជាពលរដ្ឋកាន់តែមានសង្ឃឹម ពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រជា​ពលរដ្ឋពិតជាចង់ដឹងថាផ្លូវនេះមានចំណុចអ្វីពិសេសខ្លះមិនខាន។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ផ្លូវនេះពិតជាមានចំណុចពិ​សេសមួយចំនួន ខុសពីផ្លូវធម្មតា ដូចជា ទី១ ផ្លូវនេះមានចំណតឈប់សំរាកចំនួន៣កន្លែង ទី២ មានស្ពានតូច៥កន្លែង និងស្ពានធំចំនួន៨០កន្លែង មានប្រវែងសរុប៦០១៥ម៉ែត្រ ទី៣ មានស្ពានអាកាសដែលមានសណ្ឋាន ដូចស្ពានអាកាសស្ទឹងមានជ័យ៦កន្លែង និងសាគួរ១កន្លែង ទី៤ ការសាងសង់ផ្លូវនេះនឹងធ្វើរបងបិទជិត មិនឲ្យសត្វពាហនៈ ម៉ូតូ និងរ៉ឺម៉កម៉ូតូឆ្លងកាត់បាននោះទេ។

ទី៥ មានមណ្ឌលប្រតិបត្តិការថែរទាំយានយន្តចំនួន១កន្លែង  ពិសេសកន្លែងបង់លុយពីរថយន្តឆ្លងកាត់ ទី៦ ផ្លូវនេះមានចម្ងាយខ្លី ធៀបជាមួយផ្លូវជាតិលេខ៤ ដែលមានចម្ងាយ២២៤គីឡូម៉ែត្រ តែផ្លូវនេះមានចម្ងាយជាង១៩០គីឡូម៉ែត្របន្តិចប៉ុណ្ណោះ និងទី៧ ផ្លូវនេះតម្រូវឲ្យអ្នកបើកបរយានយន្តបើកបរ ក្នុងល្បឿន៩០ ទៅ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

         សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវនេះនៅថ្ងៃទី២២ មិនាឆ្នាំ២០១៩កន្លងមកនេះ៕