រដ្ឋបាលខេត្តកែបគ្រោងរៀបចំអភិវឌ្ឍន៍កោះទន្សាយ និងតំបន់ឆ្នេរអង្កោល

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកែបគ្រោងរៀបចរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅលើកោះទន្សាយ និងតំបន់ឆ្នេរអង្កោល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត ។

នេះបើយោងតាមកិច្ចប្រជុំកាលពីពេលថ្មីនេះ រវាងមន្ត្រីជាន់ខ្ពស់ខេត្តកែប និងលោក សុខ សុគុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍផលិតផល និងសហប្រតិបត្តិការអន្តរជាតិនឹងជាប្រធានចាត់ចែងគម្រោងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងមហាអនុតំបន់មេគង្គ នៃក្រសួងទេសចរណ៍។

លោក កែន សត្ថា អភិបាលខេត្តកែបឱ្យដឹងថា ការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋាននានា ជាពិសេសនៅតំបន់មាត់សមុទ្រក្នុងខេត្តកែប និងតាមបណ្តាកោះក្នុងទឹកដីខេត្ត ទោះបីករណីផ្ទុះឡើងនូវ ជម្ងឺ ខូវីដ១៩ ខណៈនៅតាមបណ្តាប្រទេសមួយចំនួនក៏មានការធ្លាក់ចុះភ្ញៀវទេសចរណ៍។

លោកបន្តថា តែអាជ្ញាធរខេត្តនៅតែបន្តក្នុងការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរណ៍ និងផ្តោតលើការយកចិត្ត ទុកដាក់ខ្ពស់ពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំខាន់ សន្តិសុខ ទេសចរណ៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីចុងឆ្នាំ ២០១៩ កន្លងមកនេះ ប្រាប់ឱ្យអ្នកវិនិយោគជប៉ុន បោះទុនរកស៊ីនៅលើឆ្នេរអង្កោល និងកោះទន្សាយ នៅខេត្តកែបនេះ ខណៈពួកគេបានបង្ហាញចំណាប់វិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យទេសចរណ៍។

លោក ថោង ខុន បាននិយាយថា ខេត្តកែបកំពុងមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ជាពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរធម្មជាតិនេះ មិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។

លោករដ្ឋមន្ត្រីថ្លែងថា “ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់។ ហើយខេត្តកែបបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន”។

បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ហើយកំពុងត្រូវការអ្នកជំនាញបន្ថែមទៀត ដើម្បីសម្រេចកិច្ចការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តនេះ ឱ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើង ខណៈឆ្នេរសមុទ្រកម្ពុជាបានជាប់ជាឆ្នេរស្អាតជាងគេបំផុតលើពិភពពលោក របស់ក្លឹបឆ្នេរសមុទ្រស្អាត។

ចំណែកផ្សារក្ដាមនៅខេត្តកែប ក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទេសចរណ៍ ដែលមានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ទៀតផង។ នេះបើតាមក្រសួងទេសចរណ៍៕

ក្រុមហ៊ុនជប៉ុនគ្រោងចូលរួមវិនិយោគប្រព័ន្ធអំពូលLED នៅក្នុងខេត្តបាត់ដំបង

ដោយវុត្ថា

បាត់ដំបងៈ លោក Aoki Tabashz តំណាងឱ្យក្រុមហ៊ុនជប៉ុនផលិតអំពូលភ្លើងក្នុងប្រទេសកម្ពុជា បានស្នើសុំរដ្ឋបាលខេត្តបាត់ដំបង ចូលរួមវិនិយោគឱ្យមានការប្រើប្រាស់ប្រព័ន្ធLED នៅក្នុងខេត្ត ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍។

លោក Aoki Tabashz នៅក្នុងជំនួបជាមួយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះឱ្យដឹងថា ទក្រុមហ៊ុនជប៉ុនផលិតអំពូលភ្លើងក្នុងស្រុក ដែលផលិត និងជាស្នាដៃរបស់កូនខ្មែរសម្រាប់បំរើ ដល់ប្រជាពលរដ្ឋ និងនៅតាមបណ្តាខេត្តនានារបស់កម្ពុជា។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងបានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនផលិតអំពូលភ្លើងក្នុងស្រុករបសជប៉ុន ដែលជាស្នាដៃកូនខ្មែរ ក្នុងការផលិតផល និងមានបច្ចេកទេសខ្ពស់ជួយសន្សុំសំចៃថវិកា ដោយប្រើប្រាស់ប្រព័ន្ធ LED និងមានបច្ចេកវិទ្យាខ្ពស់ផង ហើយម៉្យាងវិញទៀតជាផលិតផលក្នុងស្រុកផងដែរ។

លោកបានបន្តទៀតថា “រដ្ឋបាលខេត្តបាត់ដំបង បានជាប់កុងត្រាជាមួយក្រុមហ៊ុនមួយទៀតដែលជួយរៀបចំបំភ្លឺផ្លូវសាធារណៈ ដូច្នេះលោកនឹងធ្វើការរាយការណ៍ជូនអភិបា​លខេត្ត ដើម្បីស្នើសុំគោលការណ៍ និងលើកជាយោបល់ជូនឯកឧត្តម ដើម្បីធ្វើការពិនិត្យ និងគ្រោងថវិកាសម្រាប់អនុវត្តក្នុងឆ្នាំណាមួយផងដែរ”។

ខេត្តបាត់ដំបង គឺជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ កសិកម្មរបស់កម្ពុជា និងជាខេត្តគោលដៅរបស់រាជរដ្ឋាភិបាល ដាក់ចូលជាទីក្រុងវៃឆ្លាត (Smart City) ក្នុងចំណោមក្រុងផ្សេងទៀត៕

កម្ពុជានិងUNពិភាក្សាលើការរៀបចំគោលនយោបាយជាតិដឹកជញ្ជូនផ្លូវគោកដោយផ្តោតសំខាន់លើច្រកទ្វារអន្តរជាតិចំនួន២

ដោយគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពិភាក្សាជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាតិជាតិ(UN) ដើម្បីឈានទៅរៀបចំ គោលនយោបាយជាតិដឹកជញ្ជូនផ្លូវគោក។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកNick Beresford តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលមាននិវេសនដ្ឋានប្រចាំកម្ពុជា លោកទេសរដ្ឋមន្រ្តី បានផ្តោតជា សំខាន់លើដំណើរការរៀបចំ គោលនយោបាយជាតិដឹកជញ្ជូនផ្លូវគោក ការអភិវឌ្ឍវិស័យដឹកជញ្ជូន បញ្ហាប្រឈម និងដំណោះស្រាយចំពោះគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ការលើកកម្ពស់ប្រព័ន្ធភស្តុភារកម្ម ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកផងដែរ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវអំពីគម្រោង បំពាក់ជញ្ជីងស្វ័យប្រវត្តិ (Weight in Motion) និងកាមេរ៉ាឆ្លាតវៃ (AI Camera) តាមដានយានយន្តចូល និងមិនចូលស្ថានីយថ្លឹង រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីជូនដំណឹ​ងទៅសមត្ថកិច្ចពាក់ព័ន្ធដោយស្វ័យប្រវត្តិដើម្បីចាត់វិធានការ។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានប្រសាសន៍ថា ក្រសួងនឹងរៀបចំប្រព័ន្ធអនឡាញ ដើម្បីឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស អាចរាយការណ៍ជាប្រចាំមកកាន់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពីសកម្មភាពបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិតរបស់ខ្លួន អំពីច្បាប់ចរាចរណ៍ផ្លូវគោក៕

សញ្ញាវិជ្ជមានៈទំនិញលក្ខណៈពាណិជ្ជកម្មសំរាប់ផ្គត់ផ្គង់វិស័យរោងចក្រចាប់ផ្ដើម មានភាពប្រសើរឡើង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ដោយភាពប្រឈមទៅនឹងកង្វះខាតវត្ថុធាតុដើម ដែលផ្គត់ផ្គង់ដោយប្រទេសចិន បានធ្វើឱ្យបណ្តារោងចក្រជាច្រើន ដែលដំណើរការនៅកម្ពុជាបង្ខំចិត្តបិទទ្វារផ្អាកជាបណ្តោះអាសន្ន ខណៈដែលសញ្ញានៃការផ្គត់ផ្គង់វត្ថុធាតុដើម ចាប់ផ្តើមបង្ហាញសញ្ញាល្អវិញជាបណ្ដើរៗ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះថា បន្ទាប់ពីជួបបញ្ហាប្រឈមរហូតបិទទ្វារជាបណ្តោះអាសន្ននោះ ពេលនេះសញ្ញាល្អនៃការនាំយកវត្ថុធាតុដើមសម្រាប់វិស័យរោងចក្រចាប់ផ្តើមបង្ហាញជាបណ្តើរៗហើយ។

លោកបានបន្តថា “សញ្ញាល្អនៃការផ្គត់ផ្គង់វត្ថុធាតុដើម ដែលអគ្គនាយកដ្ឋានគយមិនប្រមូលចំណូលសម្រាប់វិស័យកាត់ដេរ ពន្ធអាករបន្ទុករដ្ឋទាំងអស់កត់សម្គាល់ថា ឃើញងើបឡើងវិញ”។ លោកបន្ថែមថា “ទន្ទឹមនោះ ទំនិញដែលនាំចូលមកជាលក្ខណៈពាណិជ្ជកម្ម ដើម្បីយកមកលក់នៅក្នុងទីផ្សារក្នុងស្រុក ក៏ចាប់ផ្ដើមងើបឡើងវិញបន្ដិចផងដែរ។ ចឹង នេះជាសញ្ញាល្អ ដែលយើងនឹងតាមដានបន្តទៀត”។

គិតត្រឹមដើមសប្ដាហ៍កន្លងទៅនេះ មានរោងចក្រកាត់ដេរមួយចំនួនដែលអាស្រ័យលើការផ្គត់ផ្គង់វត្ថុធាតុដើម នាំយកមកពីប្រទេសចិន បានបិទទ្វារបណ្តោះអាសន្នជាបន្តបន្ទាប់ ដែលបណ្តាលឱ្យកម្មករ-កម្មការិនីប្រមាណ១៨,០០០នាក់ បាត់បង់ការងារ ជាមួយនឹងការព្យាករណ៍ថា នៅមានរោងចក្រច្រើនជាង២០០ទៀតដែលរងនូវផលប៉ះពាល់។

លោកគុណ ញឹម បានមានប្រសាសន៍ថា ជាការជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យរោងចក្រ អគ្គនាយកដ្ឋានគយ នៅកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅពេលនេះ ធ្វើការមិនកំណត់ពេលនោះទេ ពោលប្រសិនបើទំនិញមកដល់ម៉ោង១២ ឬម៉ោង១រំលងអធ្រាត្រ ក៏ត្រូវបំពេញបែបបទបញ្ជូនចេញដែរ មិនអាចពន្យាពេលបាននោះទេ ដើម្បីសម្រួលដល់រោងចក្រដែលកំពុងកង្វះវត្ថុធាតុដើម៕

អាល្លឺម៉ង់ផ្តល់ប្រាក់កម្ចី ១៨ លានដុល្លារដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយរបស់កម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាល្លឺម៉ង់ Deutsche Investitions- und Entwicklungsgesellschaft (DEG) បានផ្តល់ប្រាក់កម្ចីចំនួន ១៨ លានដុល្លារ ដល់ ហត្ថាកសិករលីមីតធីតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទទួលប្រាក់បញ្ញើ។ នេះបើយោងតាមការបង្ហាញ DEG។

យោងតាម DEG ប្រាក់កម្ចីនេះនឹងជួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករផ្តល់មូលនិធិដល់ក្រុមហ៊ុន MSMEs នៅក្នុងប្រទេសកម្ពុជាដែលវិស័យហិរញ្ញវត្ថុនៅមិនទាន់មានការអភិវឌ្ឍនៅឡើយ ជាពិសេសនៅតំបន់ជនបទ ការទទួលបានហិរញ្ញវត្ថុគឺមិនគ្រប់គ្រាន់ទេ។ DEG មានតួនាទីជាអ្នកផ្តល់ប្រាក់កម្ចីរយៈពេលវែង។

យោងតាមព័ត៌មានដែលមាននៅលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ប្រតិបត្តិការនេះរួមចំណែកដល់យុទ្ធសាស្រ្តរបស់យើងក្នុងការគាំទ្រដល់ក្រុមហ៊ុន MSME។

ការវិនិយោគនេះគឺជាការលាយបញ្ចូលគ្នារវាងភាគហ៊ុនឯកជន ការវិនិយោគរួមគ្នា និងការផ្តល់ហិរញ្ញប្បទានបំណុល។ កាលពីខែកក្កដាឆ្នាំមុន DEG បានផ្តល់ប្រាក់កម្ចីរយៈពេលវែង ២០ លានដុល្លារអាមេរិកដល់ធនាគារអេស៊ីលីដាដែលជាអង្គការក្រៅរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ និងផ្តល់ឥណទានសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ជាបុត្រសម្ព័ន្ធរបស់ធនាគារអយុធ្យា (ក្រុងស្រី) ដែលជាធនាគារពាណិជ្ជកម្មធំជាងគេទី ៥ នៅប្រទេសថៃ និងជាសមាជិកនៃធនាគារ MUFG ដែលជាក្រុមធនាគារធំជាងគេនៅប្រទេសជប៉ុន។ នៅឆ្នាំ ២០០១ ហត្ថាកសិករទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាក្រុមហ៊ុនមានកំណត់ក្នុងការផ្តល់សេវាឥណទាន និងសន្សំ ហើយបានប្រែក្លាយជាគ្រឹះស្ថានទទួលប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០១០។

បច្ចុប្បន្ន ក្រុមហ៊ុនមានមូលដ្ឋាននៅភ្នំពេញកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះដល់អាជីវកម្មខ្នាតតូច និងអតិថិជនខ្នាតតូច ដូចជាប្រាក់កម្ចីអាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យម ឥណទានគេហដ្ឋាន ប្រាក់កម្ចីកែលម្អគេហដ្ឋាន សន្សំ និងដាក់ប្រាក់ផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។

នៅឆ្នាំ ២០១៨ ហត្ថាកសិករក៏ទទួលបានទឹកប្រាក់ ២០ លានដុល្លារជារូបិយប័ណ្ណក្នុងស្រុកក្នុងមូលបត្របំណុលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាផ្នែកមួយនៃក្រុមធនាគារពិភពលោក។ គម្រោងនេះព្យាយាមកសាងសមត្ថភាពរបស់ហត្ថាកសិករដើម្បីបង្កើនហិរញ្ញប្បទានរូបិយប័ណ្ណក្នុងស្រុក។ Deal Street Asia/DEG

ការព្យាករណ៍បឋមៈកម្ពុជានឹងធ្លាក់ចុះចំនួនទេសចរអន្តរជាតិប្រមាណ១លាននាក់ ក្នុងឆ្នាំនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈមជាមួយ នឹងវិបត្តិសេដ្ឋកិច្ចពិភ​ពលោក ជាពិសេសភាពភ័យខ្លាចនៃការរាតត្បាតវីរុសCovid-19 បានជះឥទ្ធិពលអាក្រក់ និងគួរឱ្យព្រួយបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា ដោយតាមការព្យាករណ៍សាជាថ្មីរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា អាចនឹងមានការធ្លាក់ចុះរហូតដល់ប្រមាណ១លាននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងថា ដោយសារតែវិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀតដែលមានប្រភពពីកត្តាខាងក្រៅ បានបណ្ដាលឱ្យកម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករណ៍ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ។ តាមការព្យាករណ៍សាជាថ្មីរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ ១លាននាក់ ខណៈប្រទេសថៃបានព្យាករណ៍ដែរថា ប្រទេសគេនឹងជួបបញ្ហាធ្លាក់ចុះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់។

លោកបន្តថា “ប្រសិនបើភាគីពាក់ព័ន្ធមិនជួយគ្នា អនុវត្តវិធានការនានារបស់រាជរ  ដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ ដើម្បីដោះស្រាយឧបសគ្គនៅចំពោះមុខនេះទេ ភ្ញៀវទេសចរនៅកម្ពុជា នឹងមានការធ្លាក់ចុះប្រមាណ៤០ភាគរយ ប៉ុន្តែបើភាគីពាក់ព័ន្ធចូលរួមសាមគ្គីគ្នាជម្នះឧបសគ្គនេះបាន ភ្ញៀវទេសចរប្រហែលជាធ្លាក់ចុះត្រឹម១០- ១៥ភាគរយប៉ុណ្ណោះ”។

តាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនបានបញ្ជាក់ថា ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ភ្ញៀវទេសចរនៅកម្ពុជានឹងមានការកើនឡើងប្រមាណ២៥ភាគរយមកវិញ។ នេះបើតាមការព្យាករណ៍។

ជាបទពិសោធន៍ក្នុងគ្រាដែលពិភពលោកជួបវិបត្តិជំងឺ SARS នៅចុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែនៅខណៈនោះក្រសួងទេសចរ ណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ដើម្បីជួយទប់ទល់ការចំណាយរបស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។ ជាក់ស្ដែង ដោយអនុវត្តតាមវិធានការនេះហើយ កម្ពុជាបានទទួលនូវកំណើភ្ញៀវ ទេសចរក្នុងស្រុកដល់ទៅ៩ភាគរយ ហើយបញ្ហានានាត្រូវបានដោះស្រាយគួរជាទីគាប់ប្រសើរ។

ជាអកុសល នៅចុងឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២០នេះ ពិភពលោកបានជួបប្រទះវិបត្តិជំងឺ Covid-19 ថ្មីនេះទៀត ដែលបណ្ដាលឱ្យវិស័យទេសចរណ៍លើពិភពលោកជួបបញ្ហាឱនភាព ក្នុងនោះកម្ពុជាក៏គេចមិនផុតពីបញ្ហានេះដែរ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍បានដាក់ចេញវិធានការណ៍ ជំរុញឱ្យមានចលនាទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។

ជាមួយនឹងការរំពឹងទុកថា ភ្ញៀវទេសចរក្នុងស្រុកនឹងមានការកើនឡើងដែរនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងប្រទេស ពិសេសនៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងស្រុកឱ្យបានត្រឹមត្រូវ និងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបកស្រាយពន្យល់ប្រាប់ពួកគាត់នូវអ្វី ដែលមាននៅតាមគោលដៅទេសចរណ៍នីមួយៗ ខណៈពួកគាត់ក៏ចង់ដឹងពីព័ត៌មាន ឬអាថ៌កំបាំងផ្សេងទៀតដែលបង្កប់លើជញ្ជាំងប្រាសាទ ប្រាង្គប្រាសាទ តំបន់បេតិកភណ្ឌវប្បធម៌ អច្ឆរិយភាពរបស់ស្នាដៃដូនតាខ្មែរជាដើម៕

ក្រសួងសុខាភិបាលបញ្ជាក់កម្ពុជាមិនទាន់មានអ្នកឆ្លងវីរុសកូវីដ១៩ ខណៈជើងហោះហើរមកកម្ពុជាបានកាត់បន្ថយ

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងសុខាភិបាលបានបញ្ជាក់សារជាថ្មីថា រហូតមកដល់ពេលនេះកម្ពុជា មិនទាន់មានអ្នកដែលឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី វីរុសកូវីដ១៩ ឬកូរូណាវីរុស  ខណៈដែលជើងហោះហើរបស់ក្រុមហ៊ុនមួយចំនួន បានកាត់បន្ថយជើងហោះហើរមកម្ពុជា។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីននៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកូវីដ១៩ នៅរសៀលថ្ងៃទី៥ ខែមីនានេះ បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើមនុស្សចំនួន១៤៥នាក់ ដែលសុំមកធ្វើតេស្តរក Covid-19 តែលទ្ធផលបានបង្ហាញច្បាស់ថា១៤៤នាក់គ្មានវីរុសនេះឡើយ លើកលែងតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ដែលផ្ទុកវីរុសកូវីដ ហើយត្រូវបានព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ចំពោះករណីដួលសន្លប់ ហើយអ្នកជំងឺខ្លះរហូតដល់ស្លាប់ ដែលត្រូវចែកចាយក្នុងបណ្ដាញសង្គមថា មានផ្ទុកវីរុសកូវីដ១៩នេះ គឺជាព័ត៌មានក្លែងក្លាយដែលគេប្រឌិតឡើង ក្នុងចេតនាអាក្រក់តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រធានផ្នែកពេទ្យសួតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ក៏បានអះអាងដូចគ្នាដែរថា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៥ ខែខែមីនា មានអ្នកធ្វើតេស្តសុខភាពរកជំងឺកូវីដ១៤៥នាក់ទូទាំងប្រទេស។ ក្នុងនោះពេទ្យរុស្ស៊ីមាន៧៨ករណី ទាំងជនជាតិបរទេ​ស និងខ្មែរ។ ជនបរទេសមានចិន កាហ្សាស្ថាន ជប៉ុន កូរ៉ និងអូស្ត្រាលីជាដើម។

លោកបានបញ្ជាក់ទៀតថា “ក្នុងចំណោមនោះមាននិស្សិតខ្មែរ មកពីចិន៤២នាក់ បានចូលពិនិត្យផងដែរ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់”។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា បើទោះបី ប្រទេសកម្ពុជា មិនទាន់មានអ្នកឆ្លងជំងឺផ្លូវដង្ហើមវីរុសកូវីដ១៩យ៉ាងណាក្តី ប៉ុន្តែចំនួនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនតូច ដែលមានការតភ្ជាប់ហោះហើរមកកាន់ប្រទេសកម្ពុជាបានបន្ថយកាត់បន្ថយ។

លោកថា “វាជារឿងធម្មតាដែលប្រទេសនានានៅក្នុងតំបន់ បានកាន់បន្ថយជើងហោះហើរដូចកម្ពុជាដែរ ដោយក្រុមហ៊ុនអាកាសចរណ៍ ដែលមានការហោះហើរមកកម្ពុជាមានក្រុមហ៊ុន Korea Air, Bangkork Airway Silk Air  និង Air Asia ជាដើម បានកាត់បន្ថយជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជាដោយជំងឺវីរុសកូវីដ ១៩ ហើយនេះ ជាវិធានការបណ្តោះអាសន្នតែប៉ុណ្ណោះ”។

ក្រុមហ៊ុនអាកាសចរណ៍Silk Air របស់ប្រទេសសិង្ហបុរី បានចេញសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីនេះ បានកាត់បន្ថយជើងហោះហើរមួយចំនួនមកកាន់កម្ពុជា នៅក្នុងខែមីនា ខែមេសា និងខែឧសភា ឆ្នាំ ២០២០នេះ បន្ទាប់ពីស្ថានភាពវិរុសកូវីដ ១៩ បានបង្កផលប៉ះពាល់ដល់តម្រូវការជើងហោះហើររបស់ខ្លួន៕

រដ្ឋាភិបាលត្រៀមស្ថាបនាផ្លូវជាតិសំខាន់ៗចំនួន ៥ ក្នុងពេលឆាប់ៗ

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងអភិវឌ្ឍផ្លូវជាតិសំខាន់ៗមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលមានតម្លៃរាប់លានដុល្លារ ត្រៀមបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

ផែនការអភិវឌ្ឍផ្លូវជាតិនោះមានដូចជា ទីមួយគឺ ផ្លូវជាតិលេខ ៤១ ចាប់ពីផ្លូវជាតិលេខ ៤រហូតដល់ផ្លូវជាតិលេខ៣ ដែលជាផ្លូវដ៏មានសារៈសំខាន់ក្នុងការទាក់ទាញលើការវិនិយោគដូចជា គម្រោងរោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំង គម្រោងដីឡូតិ៍ និងគម្រោងអភិវឌ្ឍលើវិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យមនិងក្រោមមធ្យម។

ទី២ គឺ ផ្លូវជាតិលេខ ៧១សេ ចាប់ពីក្រុងសួងរហូតដល់ចំការលើ ដែលមានប្រវែង១១០គីឡូម៉ែត្រ ធ្លាប់ត្រូវបានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងសិក្សាដោយក្រុមហ៊ុនសៀងហៃ។

មួយទៀត គឺផ្លូវជាតិលេខ ៥០ ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តកំពង់ធំ ដែលជាសរសៃឈាមដ៏សំខាន់រវាងខេត្តទាំងពីរ និងជាប្រយោជន៍សេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ។

គម្រោងអភិវឌ្ឍផ្សេងបន្ថែមទៀតនោះគឺមានផ្លូវជាតិលេខ ៧១ ចាប់ពីត្រើងរហូតដល់កំពង់ថ្ម (ចាប់ពីផ្លូវជាតិលេខ៧រហូតដល់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ១៤៨បេ ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ផ្លូវជាតិទាំងអស់នេះនឹងត្រូវធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការតភ្ជាប់ ពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាត់បន្ថយការចំណាយលើការដឹកជញ្ជូន/ភស្តុភារ និងចូលរួមចំណែកនៅក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

IMF ផ្តល់ហិរញ្ញប្បទាន ១០ពាន់លានដុល្លារ ដល់ប្រទេសមានប្រាក់ចំណូលទាបទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច

ដោយ ហ្សូលី

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់ហិរញ្ញប្បទានចំនួន ១០ពាន់លានដុល្លារ ទៅដល់បណ្តារប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងគោលបំណងជួយទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការវាយលុកនៃវីរុសកូរ៉ូណាធ្ងន់ធ្ងរ។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgina បានប្រកាសកាលពីថ្ងៃទី ០៤ មីនា ឆ្នាំ២០២០ ម្សិលមិញ ក្នុងសន្និសិទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រធានធនាគារពិភពលោក (World Bank) ផងដែរ។

មូលនិធិបានរៀបចំគោលនយោបាយនិងសន្យាថាផ្តល់ការគាំទ្រជាចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយផ្តល់ហិរញ្ញប្បទានបន្ទាន់របស់ខ្លួនជូនទៅប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ១០ពាន់លានដុល្លារ។

លោកស្រី Kristalina បានមានប្រសាសន៍ថា «ខ្ញុំមានការព្រួយបារម្ភខ្លាំង ជាពិសេសចំពោះសមាជិកដែលមានប្រាក់ចំណូលទាបនិងងាយរងគ្រោះ នូវការប៉ះទង្គិចសេដ្ឋកិច្ច និងការកើនឡើងនៃមនុស្សឆ្លងវីរុសកូរ៉ូណានេះ។»

យោងតាមលោកស្រីបានឱ្យដឹងទៀតថា សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប IMF បានផ្តល់ហិរញ្ញប្បទានបន្ទាន់ (៥០ភាគរយ នៃកូតាសមាជិកដែលមានសិទ្ធិទទួលបាន) ដែលអាចទទួលបានដោយមិនចាំបាច់មានកម្មវិធី IMF ពេញលេញ។

កាលពីខែមករា IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងពី ២,៩ភាគរយ កាលពីឆ្នាំមុន ដល់ ៣,៣ភាគរយនៅក្នុងឆ្នាំនេះ។ បន្ទាប់មកនៅក្នុងខែកុម្ភៈ បានកែសម្រួលថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០ មានត្រឹម ៣,២ភាគរយប៉ុណ្ណោះ៕

(Xinhua News)

រដ្ឋាភិបាលគ្រោងចំណាយប្រាក់៣០លានដុល្លារសម្រាប់វិធានការការពារវីរុស Covid-19 និងមេរោគឆ្លងនានា

ដោយៈរ៉ាណេត

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាចំនួន៣០លានដុល្លារ សម្រាប់វិធានការការពារមេរោគឆ្លងនានា ជាពិសេសវីរុសCovid-19 ដែលកំពុងរាតត្បាតនៅលើសាកលលោកក្នុងរយៈពេល៦ខែ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយ បញ្ហារបស់វិស័យឯកជនបានបញ្ជាក់ថា ការរីករាលដាលនៃវីរុស Covid-19  នៅក្នុងពិភពលោក និងក្នុងតំបន់បានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា។

ដោយឡែក ផ្នែកឯកជនបានស្នើសុំការផ្តល់ព័ត៌មាន វិធានការរបស់រដ្ឋាភិបាលលើបញ្ហានេះ ដូចជាការរៀបចំជាច្បាប់បទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់ប្រយុទ្ធប្រ​ឆាំងនឹងវីរុស Covid-19 ប្រសិនបើវីរុសរីករាលដាលនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងសុខាភិបាលបានចាត់វិធានការណ៍ លើកពីការការ​ពារការរីករាលដាលនៃវីរុស Covid-19 ព្រមទាំងគិតគូររកវិធានការជាប្រព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រ វិធានការឆ្លើយតបបន្ទាន់ រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយនៅហ្នឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងបង្ការបញ្ហាដែលអាចកើតមានជាយថាហេតុឱ្យ បានទាន់ពេលវេលាក្នុងស្មារតីបុរេសកម្ម ក៏ដូចជាពង្រឹង និងបង្កើនធនធា​នបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈពេទ្យ រៀបចំឧបករណ៍ស្គេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន ពាក់ព័ន្ធវីរុសតាមរយៈលេខទំនាក់ទំនង បន្ទាន់លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ជាដើម។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌ រួមជាវិធានការ និងយន្តការជាកញ្ចប់ពាក់ព័ន្ធ នឹងការការពារវីរុសCovid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ដោយគ្រោងចំណាយថវិកាជាង៣០លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជាស្វែងរកអ្នកដែ​លមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស៕