ក្រុមហ៊ុនដេញថ្លៃលក់អចលនទ្រព្យដំបូងគេត្រៀមចាប់ផ្តើមបង្ហាញវត្តមាននៅកម្ពុជា

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនCPA Property Co, Ltd ដែលជាបុត្រសម្ព័ន្ឋរបស់CPA Group បាននិងកំពុងចាប់ផ្តើមដំណើរការ ដោយផ្តល់សេវាកម្មអចលនទ្រព្យថ្មីមួយ តាមរយៈសេវាកម្ដេញថ្លៃអចលនទ្រព្យ។

នាយកប្រតិបត្តិក្រុមហ៊ុនCPA Group លោកសន សំរេចភារៈបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ មិនានេះថា ការចាប់ផ្តើមក្រុមហ៊ុនថ្មី ដោយមានអ្នកជំនាញជាតិ អន្តរជាតិ ក្នុងស្ថានភាពអចលនទ្រព្យបែបនេះជាឳកាសល្អ ដើម្បីអាចជួយអ្នកទិញលក់អច​ល​នទ្រព្យទទួលបានសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ ពិសេសសេវាកម្មដេញថ្លៃអចលនទ្រព្យ ដែលម្ចាស់អចលនទ្រព្យអាចដាក់អចលនទ្រព្យ របស់ខ្លួនដេញថ្លៃនៅក្រុមហ៊ុនបាន ដោយគ្រាន់តែម្ចាស់អចលនទ្រព្យ បង់សេវាកម្មវាយតម្លៃទីផ្សារជាមុន មុនពេលម្ចាស់អចលនទ្រព្យនោះអាចដាក់ចូលដេញថ្លៃនៅទីផ្សារបាន។

លោកបន្តថា “សេវាកម្មដេញថ្លៃអចលនទ្រព្យ នឹងជួយឲ្យម្ចាស់អចលនទ្រព្យលក់បានតាមស្ថានភាពទីផ្សារជាក់ស្តែង និងអាចលក់អចលនទ្រព្យរបស់ខ្លួនបានលឿន និងទទួលបានតម្លៃអចលនទ្រព្យរបស់ខ្លួនពិតប្រាកដ”។ លោកបន្តថា “យើងនឹងរៀបចំការដេញថ្លៃអចលនទ្រព្យ ដោយមានការចូលរួមពីអ្នកវិនិយោគជាតិ អន្តរជាតិច្រើន តាមរយៈកម្មវិធីពិសេសរបស់យើង”។

លោកសន សំរេចភារៈបានបន្តថា ក្នុងស្ថានភាពទីផ្សារអចលនទ្រព្យ ហាក់ស្ថិតក្នុងសភាពទ្រឹងបែបនេះ ម្ចាស់អចលនទ្រព្យនានាដែលត្រូវលក់ មិនគួរប្រញាប់ប្រញាល់ទេ ប៉ុន្តែពួកគេគួរដាក់អចលនទ្រព្យរបស់ពួកគេ តាមរយៈអ្នកជំនាញរបស់CPA Property Co, Ltd ដែលយើងមានអ្នកជំនាញជាតិ អន្តរជាតិរង់ចាំជួយប្រឹក្សាយោបល់ លើការទិញលក់ វាយតម្លៃ និងផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ផ្តល់សេវាកម្មប្រកបដោយភាព​ស្មោះត្រង់ គុណធ៌ម និងប្រកបដោយស្នាមញញឹមរួសរាយរាក់ទាក់។

សេវាកម្មនេះនឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ ជាមួយការិយាល័យមានទីតាំងនៅលើបណ្តោយផ្លូវ២៧១ (ហួសពីច្រកចូលវត្តសន្សំកុសល ឆ្ពោះមកក្បាលថ្នល់២០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ការប្រមូលពន្ធគយក្នុងខែកុម្ភៈ មានការធ្លាក់ចុះនៅត្រឹម ២៣៥លានដុល្លារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងការដាក់ចេញឱ្យអនុវត្តតាមផែនការដោយការប្រមូលចំណូលពីផ្នែកពន្ធគយនៅទូទាំងប្រទេសក្នុងឆ្នាំ២០២០ មានចំនួន២៥០លានដុល្លារក្នុង១ខែ ប៉ុន្តែសម្រាប់ខែកុម្ភៈកន្លងទៅនេះ ថវិការជាតិដែលប្រមូលបានពីពន្ធគយបានធ្លាក់ចុះនៅត្រឹម ២៣៥ លានដុល្លារតែប៉ុណ្ណោះ។

នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានមានប្រសាសន៍ថា តាមផែនការដែលបានដាក់ចេញឱ្យអនុវត្តនៃការប្រមូលចំណូលថវិការដ្ឋតាមរយៈពន្ធគយ បានកំណត់ចំនួន២៥០លានដុល្លារក្នុងមួយខែ។

លោកបានមានប្រសាសន៍បន្តទៀតថា “នៅដើមឆ្នាំ២០២០ កាលពីខែមករា ការប្រមូលពន្ធគយ ទទួលសម្រេចបានចំនួន២៥៥លានដុល្លារ ដែលជាចំនួនលើសផែនការ ប៉ុន្តែសម្រាប់ការប្រមូលពន្ធគយនៅក្នុងខែកុម្ភៈ គឺមានការធ្លាក់ចុះនៅត្រឹមតែ២៣៥លានដុល្លារតែប៉ុណ្ណោះ ហើយនៅក្នុងខែមីនា អាចនឹងរំពឹងថាមានការធ្លាក់ចុះបន្តទៀត”។

លោកបានបន្តទៀតថា “ហេតុផលដែលបណ្តាលឱ្យមានការធ្លាក់ចុះនូវចំនួនប្រមូលពន្ធ គឺមានកត្តាចំនួន៣ ទី១ ដោយសារតែនៅក្នុងខែកុម្ភៈ ជារដូវបុណ្យចូលឆ្នាំចិន ដែលមនុស្សមួយចំនួន ជាពិសេសជនជាតិចិនដែលប្រកបអាជីវកម្មនៅក្នុងប្រទេសចាកចេញទៅប្រទេសចិនដែលជាស្រុកកំណើត ។ ទី២ បណ្តាលមកពីបញ្ហានៃការរាតត្បាតមេរោគ Covid-19 ដែលជាវិបត្តិសាកលកំពុងតែបន្តកើតមានគួរឱ្យព្រួយបារម្ភ ហើយទី៣ ដោយសារតែខែកុម្ភៈមានត្រឹម២៩ថ្ងៃ”។

ជាមួយនឹងការធ្លាក់ចុះនូវចំណូលថវិកាជាតិពន្ធគយនៅក្នុងខែកុម្ភៈ ដើមឆ្នាំ២០២០នេះ អាចជាសញ្ញាអវិជ្ជមានមួយដែលនឹងបន្តការធ្លាក់ចុះនៅក្នុងខែបន្ទាប់ ប្រសិនបើឥទ្ធិពលនៃភាពភ័យខ្លាចមេរោគ Covid-19 នៅតែបន្ត៕

លោកហេង សួរ៖ រោងចក្រសហគ្រាសចំនួន៤០ បានស្នើសុំព្យួរការងារ ព្រោះតែកង្វះវត្ថុធាតុដើមនាំចូលពីចិន

ដោយវុត្ថា

ភ្នំពេញ៖ លោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតរហូតដល់ត្រឹមថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០នេះ មានរោងចក្រសហគ្រាសចំនួន៤០ ស្នើសុំព្យួរការងារ ព្រោះតែកង្វះវត្ថុធាតុដើម និងដោយសារផ្ទុះឡើង នៃជំងឺផ្លូវដង្ហើមកូវីដ១៩នៅក្នុងប្រទេសចិន។

លោក ហេង សួរ បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការសុំព្យួរការងារនេះ បានធ្វើឱ្យប៉ះពាល់ដល់កម្មករ-កម្មការិនីចំនួនជាង២ម៉ឺននាក់លើតួរលេខ៦ម៉ឺននាក់ដែលមានន័យថា រោងចក្រចំនួន៤០ដែលបានព្យួរការងារនេះមានកម្មករសរុបជាង៦ម៉ឺននាក់។

លោកបន្តថា តាមការគិតទុក ក្នុងករណីដែលដែលបង្ករឡើងដោយវីរុសកូវិដ១៩នេះគឺអាចប៉ះពាល់ដល់រោងចក្រជាង២០០នៅទូរទាំងប្រទេស។ប៉ុន្តែយ៉ាងណាក៏ដោយ ទាំងក្រសួងការងារ និងក្រសួងជំនាញជាប់ពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងរិះរកវិធីសាស្រ្តធ្វើយ៉ាងណាពន្លឿនការនាំចូលវត្ថុធាតុដើមពីចិនឲ្យបានឆាប់រហ័សបំផុត ដែលពេលនេះវត្ថុធាត់ដើមទាំងនោះបាន កំពុងដឹកចេញពីប្រទេសចិន ហើយកម្ពុជា និងបានទទួលមុនគេ។

លោកបានបញ្ជាក់ថា “ការបិទទ្វារបណ្តារោងចក្រទាំងអស់នេះ អាចប្រឈមក្នុងរយៈពេលបណ្តោះអាសន្ន ដោយសារយើងដឹងថា ខាងរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិននឹងចាប់ផ្តើមដំណើរឡើងវិញនៅត្រឹមអំឡុងខែក្រោយ ហើយកម្ពុជា គឺជាប្រទេសអាទិភាពក្នុងការទទួលបានវត្ថុធាតុដើម ដើម្បីបន្តដំណើរការឡើងវិញ”។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាដែលកំពុងប្រឈមរបស់បណ្តារោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជា ដែលអាចជះឥទ្ធិពលអាក្រក់មកលើកម្មករ-កម្មាការិនីជាច្រើនដែលអាស្រ័យចំណូលពីការងារនៃវិស័យរោងចក្រ។

ជាមួយគ្នានេះ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការបន្ទាន់ដែលអាចជួយសម្រួលនូវផលលំបាករបស់កម្មករ-កម្មការិនី ដោយការផ្តល់នូវប្រាក់បៀវត្សរ៍ចំនួន៦០ភាគរយនៃប្រាក់ខែគោល ដោយក្នុងនោះក្រុមហ៊ុនចំណាយ៤០ភាគរយ។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិយាយថា វត្ថុធាតុដើមប្រហែល៦០ភាគរយដែលត្រូវបានប្រើ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជាគឺនាំចូលមកពីប្រទេសចិន។

ស្ថានទូតបានឱ្យដឹងថា “ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសចិនកំពុងតែធ្វើឱ្យរោងចក្រនានាទទួលរងនៅផលប៉ះពាល់ និងធ្វើឱ្យរោងចក្រជាច្រើនប្រឈមមុខ នឹងកង្វះខាតវត្ថុធាតុដើម។ រដ្ឋាភិបាលចិនប្តេជ្ញាស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សបំផុត។

រដ្ឋាបាលចិនកាលពីសប្តាហ៍មុន បានបញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធ តាមរយៈអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិនបានមកកាន់ប្រទេសកម្ពុជា ស្វែងយល់ពីផលប៉ះពាល់ នៃកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរ និងពីការព្យួរផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់រោងចក្រសហគ្រាសនានា និងលទ្ធភាពនៃការគាំទ្ររបស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ក៏ដូចជាការលើកទឹកចិត្តដល់សហគ្រាសចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

កម្ពុជានឹងមានជើងហោះហើរត្រង់ពីទីក្រុងដាកា ប្រទេសបង់ក្លាដែស

ដោយ ប៊ី

ភ្នំពេញ៖ ក្រសួងការបរទេសជាមួយសមភាគីបង់ក្លាដែសបានប្រកាសផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផ្តល់ការណែនាំជើងហោះហើរត្រង់ពីដាកា មកភ្នំពេញ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងទេសចរណ៍។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងបង់ក្លាដែសពេញចិត្តនឹងនិន្នាការកើនឡើងនៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ហើយមានឆន្ទៈចំណាយបន្ថែមទៀតដើម្បីរក្សាការផ្លាស់ប្តូរទៅមុខ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា “ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចុះកិច្ចព្រមព្រៀងក្នុងសេវាកម្មអាកាសដើម្បីត្រួសត្រាយផ្លូវសម្រាប់ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ និងជំរុញការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ”។

ផែនការនេះត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែសនៅទីក្រុងដាកាកាលពីថ្ងៃទី ២៧ ខែកុម្ភៈ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបង់ក្លាដែសនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ឈានដល់ ៧,៨ លានដុល្លារ។

យោងតាមក្រសួងទេសចរណ៍ចំនួនភ្ញៀវទេសចរបង់ក្លាដែសដែលមកទស្សនាប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ២០៦ នាក់នៅឆ្នាំ ២០១៨ ដល់ ៧,០៨១ នៅឆ្នាំ២០១៩៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ វិស័យឯកជនរួមចំណែកសំខាន់ជាមួយរដ្ឋក្នុងការអភិវឌ្ឍវិស័យលំនៅដ្ឋាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ការអភិវឌ្ឍវិស័យលំនៅដ្ឋានពីឯកជនបានក្លាយទៅជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយពង្រឹង និងពង្រីកភាពរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ដែលក្នុងនោះក៏មានការចូលរួមអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារសំរាប់ឆ្នាំ២០២០ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ថា នៅពេលបច្ចុប្បន្ននេះ គិតត្រឹមតែគម្រោងអភិវឌ្ឍន៍បុរីនៃវិស័យលំនៅដ្ឋានមានរហូតដល់ ៣២០ បុរី ខណៈដែលទុនវិនិយោគក្នុងវិស័យសំណង់គិតត្រឹមឆ្នាំ២០១៩ មានរហូតដល់ ១១ ០០០ លានដុល្លារ។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរដល់អ្នកអភិវឌ្ឍន៍បុរីលំនៅស្ថានដែលបានកែច្នៃបុរីនិមួយៗអោយមានសោភណ្ឌភាពនិងរឹងមាំដែលអាចចូលរួមលើកកំពស់បរិស្ថានដោយបានរួមចំណែកបង្កើតផ្ទៃបៃតងសំដៅទប់ស្កាត់បំរែបំរួលអាកាសធាតុ។នៅក្នុងបុរីនិមួយៗយ៉ាងហោចណាស់ក៏មានហេដ្ឋារចនាសម្ព័ន្ធបង្កប់ក្រោមដីប្រវែង៥ទៅ៦km បើមិនមានការស្ថាបនាផ្លូវ លូ រឺភ្លើងបំភ្លឺទេនោះគឺមិនអាចងាយស្រួលលក់ដូរសម្រួលដល់ការរស់នៅរបស់អតិថិជននោះឡើយដូច្នេះយើងទទួលស្គាល់និងអោយតំលៃថានេះគឺជាការរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងនិងទីប្រជុំជនដោយឯកឯងហើយវិស័យឯកជនគឺបានរួមចំណែកជាមួយនឹងរដ្ឋ។

លោកបានបញ្ជាក់ថា “យើងបានទទួលស្គាល់ថា ទីណាដែលមានបុរី គឺចាត់ទុកថាជាភូមិមួយ ជាបណ្តុំនៃសហគមន៍មួយដែលប្រជាពលរដ្ឋមានទុនដើម្បីទិញលំនៅស្ថានក្នុងបុរីដែលមានសន្តិសុខប្រចាំការ មានអ្នករៀបចំជួសជុលក្នុងការឆ្លើយតបជាមួយនឹងអតិថិជនរបស់ខ្លួនហើយសន្តិសុខនៅទីនោះត្រូវបានធានាដែលនេះក៏អាចនិយាយបានថាជាការរួមចំណែកនៅក្នុងការអភិវឌ្ឍភូមិឃុំមានសុវត្ថិភាព កាត់បន្ថយបាននូវក្តីកង្វល់រឺការភ័យខ្លាចរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងបុរីនោះ។ ក្រៅពីនេះក៏យើងវាយតំលៃខ្ពស់ថាដោយសារការអភិវឌ្ឍបែបនេះហើយទើបយុវជនមានការងារធ្វើ បន្ថែមពីនេះចំពោះការអភិវឌ្ឍលំនៅស្ថានរបស់ម្ចាស់បុរីហាក់ដូចជាបានជួយរកការងារធ្វើអោយវិស្វករស្ថាបត្យករ អ្នកសិក្សាគំរោងប្លង់ផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុរបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការគាំទ្រ និងបើកទូលាយដល់វិស័យឯកជនដែលជាគំនាស់សេដ្ឋកិច្ចបន្ថែមទៀត ដែលការផ្តល់ការគាំទ្រដល់វិស័យឯកជននេះ។ រាជរដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍មកវិញតាមរយះការបង់ពន្ធ ការលក់ដូរអចលនទ្រព្យជាដើម។ ជាមួយនេះលោកក៏បានកោតសរសើរដល់សហគ្រិនវ័យក្មេងដែលមានសេចក្តីក្លាហាន និងកិត្តិយសចំពោះការប្រកាសពន្ធដោយត្រឹមត្រូវប្រកបដោយឆន្ទះនិងមានមោទនភាពហើយរីករាយក្នុងការរួមចំណែកដោយមិនមានការលួចលាក់ពន្ធដែលសហគ្រិនវ័យក្មេងជំនាន់ថ្មីទាំងនេះជាធនធានមនុស្សក្រោមការបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលពួកគាត់មានសីលធម៌ខ្ពស់ និងវិជ្ជាជីវៈពិតប្រាកដ៕

លោកឧកញ៉ាលី ហួរៈកម្ពុជានៅតែមានតម្រូវការលំនៅដ្ឋានខ្ពស់ទាំងបច្ចុប្បន្ននិងអនាគត

ដោយៈ រ៉ាណេត

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាលោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា  សំណង់លំនៅស្ថាន នៅតែជាតម្រូវការយ៉ាងខ្ពស់ទៅថ្ងៃអនាគត ដូច្នេះសមាគមក៏ត្រូវតែបន្តការខិតខំទៅមុខយូរអង្វែង និងបន្តពង្រីកសក្តានុពលរបស់ខ្លួនឈរលើចក្ខុវិស័យនិងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាលី ហួរបានមានប្រ​សា​សន៍ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសំរាប់ឆ្នាំ២០២០កាលពីថ្ងៃទី៤ មិនាកន្លងមកថា បច្ចុប្បន្នសមាគមរបស់លោក មានសមាជិកសរុប៥៨ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងមានការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាតិ និងអន្តរជាតិព្រមទាំងរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកឧកញ៉ាបានបន្តទៀតថា សមាគមមានទស្សនវិស័យមួយទៀត គឺលើកកំពស់ស្តង់ដាវិស័យអចលនទ្រព្យនៅកម្ពុជាអោយកាន់តែខ្ពស់ ដោយមិនមែនផ្តោតសំខាន់លើតែសំណង់លំនៅស្ថាន រឺបុរីប៉ុណ្ណោះទេតែក៏ផ្តោតលើអគារខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗជាសំខាន់ព្រោះថា អគារខ្ពស់ៗទាំងនោះគឺជាប៉ូលដ៏សំខាន់ នៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ជាមួយពាណិជ្ជកម្មអន្តរជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសេវាពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកឧកញ៉ាលី ហួរបានបន្តថា ឈរលើភាពរីកចំរើននៃវិស័យអភិវឌ្ឍលំនៅស្ថានឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនោះ សមាគមបានរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យមិនថា នៅរាជធានីភ្នំពេញទេ សូម្បីតែនៅតាមបណ្តាខេត្តផងដែរ ដោយបានប្រែក្លាយដី អោយមានតំលៃពោរពេញទៅដោយសំណង់អគារទំនើប បុរីលំនៅស្ថាន មជ្ឈមណ្ឌលពាណិជ្ជកម្ម  អគារការិយាល័យ ផ្សារទំនើបនិងសំណង់បែបទំនើបៗមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹកនិងមានប្រព័ន្ធអគ្គិសនី លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានសមរម្យផ្តល់អោយពួកគាត់មានការងារធ្វើ រួមចំណែកជួយដល់រាជរដ្ឋាភិបាលតាមរយះការបង់ពន្ធ ជម្រុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកំពស់កិត្តិយសកិត្យានុភាពជាតិកម្ពុជា ចំពោះអន្តរជាតិផងដែរក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអន្តរជាតិទទួលស្គាល់ថា កម្ពុជាមានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ថា វិស័យអចលនវត្ថុជាវិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៩ ដោយក្នុងនោះឃើញមានការវិនិយោគលើវិស័យនេះ ក្នុងព្រះរាជាណាចក្រកម្ពុជាមានរហូតដល់១១,០០០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានទំហំទុនវិនិយោគតែ៥៥០០លានដុល្លារ សហរដ្ឋអាមេរិកប៉ុ​ណ្ណោះ គឺមានការកើនឡើងរហូតដល់៩០ភាគរយ។

ការវិវត្តរីកចម្រើននៃវិស័យសំណង់ស្រប នឹងឱកាសដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅស្ថានកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួននេះ ក៏អាចនិយាយបានថា នេះគឺជាការផ្លាស់ប្តូរនូវបទពិសោធន៍កម្រិតជំនាញ ការយល់ដឹងនិងគិតគូរអំពីគំនិតយោបល់សំរាប់ជំរុញនូវការអភិវឌ្ឍ បើគ្មានការរៀបចំបូកសរុបលទ្ធផលការ​ងារប្រចាំឆ្នាំទេ នោះវាមិនបានចងក្រងជាដុំឯកភាពគ្នាតែមួយ ហើយនេះក៏ជាផែនមួយសំរាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមកដែលកាលពីមុនយើង នៅដាច់ដោយឡែកពីគ្នាហើយទុន ក៏នៅមានការខ្វះចន្លោះមិនទាន់គ្រប់គ្រាន់ ក្រោយពេលដែលយើងមានបទពិសោធន៍ និងរកបានដៃគូហើយនោះរហូតមកទល់ពេលនេះ យើងឃើញថាការវិវត្តន៍រីកចំរើន មានកំណើនកាន់តែកើនឡើងថែមទៀត ដោយបច្ចុប្បន្នមានសំណង់លំនៅដ្ឋានល្អទំនើបខ្ពស់ៗ រីឯសំណង់បុរីមានរហូតដល់៣២០បុរី ដែលកាលពីមុនមិនមានបុរីបែបនេះឡើយ៕

រដ្ឋាភិបាលដាក់ចេញយុទ្ធសាស្រ្តជាច្រើន ដើម្បីពង្រឹងខឿនសេដ្ឋកិច្ច

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា កិច្ចសហការជាវិជ្ជមានរវាងក្រសួង និងស្ថាប័នរដ្ឋាភិបាលជាមួយវិស័យឯកជនបានរួមចំណែកដល់វឌ្ឍនភាពល្អក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ។

លោក អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាក់ទងនឹងវឌ្ឍនភាពនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៧-២០១៨ នៅថ្ងៃកាលពីពេលថ្មីនេះ នៅឯក្រសួងបានមាន ប្រសាសន៍ថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ កំពុងត្រូវបានអនុវត្តដើម្បីបម្រើជាយុទ្ធសាស្ត្រសម្រាប់កំណើន។

លោកបានមានប្រសាសន៍ថា ការផ្តោតសំខាន់របស់ខ្លួនគឺការកែទម្រង់តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាពកាន់តែប្រសើរ និងការកើនឡើងនូវកម្លាំងជំនាញ។

គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ឱ្យដឹងថា រដ្ឋាភិបាលមានគោលបំណងបង្កើនចំណែកផលិតផលក្នុងស្រុកសរុបនៃឧស្សាហកម្មឧស្សាហកម្មពី ២៤,១ ភាគរយដល់ ៣០ ភាគរយនៅឆ្នាំ ២០២៥ ។

គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ក៏មានគោលបំណងធ្វើពិពិធកម្មការនាំចេញទំនិញ ដោយបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌដល់ ២០ ភាគរយ និងមិនមែនវាយនភណ្ឌដល់ ១៥ ភាគរយ ខណៈជំរុញការនាំចេញផលិតផលកសិកម្មកែច្នៃដល់ ១២ ភាគរយនៃការនាំចេញទាំងអស់នៅឆ្នាំ ២០២៥។

លោក អូន ព័ន្ធមុនីរ័ត្ន “យើងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ។

លោក បន្តថា “យើងលើកទឹកចិត្តក្រសួងទាំងអស់ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា”៕

សម្តេចតេជោប្រកាសផ្អាកគម្រោងស្ថាបនារបស់រដ្ឋទាំងអស់ក្នុងអំឡុងពេលរីករាលដាលកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសពីការផ្អាកគម្រោងរបស់រដ្ឋទាំងអស់ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានិងសាងសង់នៅក្នុងឆ្នាំនេះជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការទប់ទល់ការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ ១៩ ឬ កូរ៉ូណាវីរុស លើកលែងតែការដ្ឋាន ដែលហិរញ្ញប្បទានដោយបរទេស ដែលមានថវិកាបដិភាគរបស់កម្ពុជា ។

សម្តេចតជោ ហ៊ុន សែន នៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា ការផ្អាកជាបណ្តោះអាសន្ននេះគឺនឹងត្រូវធ្វើរហូតដល់ទៅដល់ការបញ្ចប់ នៃជំងឺកូវីដ១៩ តែ ចំពោះពិធីបើកការដ្ឋានសាងសង់ផ្លូវ ជាតិលេខ១០ និងសម្ពោធឱ្យដំណើការផ្លូវជាតិលេខ ៥៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ មិនត្រូវបានផ្អាក ឬពន្យាពេលនោះទេ ពោលត្រូវធ្វើឡើងតាមពេលកំណត់។

សម្តេចតេជោបន្តថា “ចំពោះគម្រោងវិនិយោគផ្ទាល់របស់យើង គឺការដ្ឋានណាដែលមិនទាន់ត្រូវបានបើកការដ្ឋានទេ ផ្អាកការបើកការដ្ឋានសិន លើកលែងតែការដ្ឋាន ដែលហិរញ្ញប្បទានដោយបរទេស ដែលមានថវិកាបដិភាគរបស់កម្ពុជា”។

សម្តេចតេជោបន្តថា “សូម្បីថ្ងៃទី០៩នេះ ខ្ញុំក៏ត្រូវទៅ បើកការដ្ឋានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែហើយ ផ្លូវលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ពីបាត់ដំបង ទៅខេត្តកោះកុង ត្រូវបន្ដធ្វើ។ ប៉ុន្ដែកម្មវិធីមួយចំនួនដែលមិនទាន់បើកការដ្ឋានទេ ផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើមិចឲ្យអាកូវីដនេះទៅឲ្យផុតសិន ដើម្បី យើងដឹងច្បាស់ថា ទុនយើងវាមានប៉ុន្មានពិតប្រាកដ”។

បើតាមសម្តេចតេជោ ហ៊ុន សែន កិច្ចការរបស់កម្ពុជា នៅពេលកន្លងទៅចាប់ផ្ដើមតាំងពីពេលផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 រហូតមកដល់ពេលនេះ នឹងរហូតដល់ទៅដល់ការបញ្ចប់ នៃជំងឺកូវីដ១៩នេះ ការងារអាទិភាពខ្ពស់បំផុត គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ដែលត្រូវរួមគ្នាធ្វើ។
រហូតដល់ពេលមាននេះ ជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 បានរាលដាលប្រមាណ ៨០ប្រទេស និងបានឆ្លងទៅមនុស្សចំនួន ៩៥,៤៨១ នាក់ និង ជាសះស្បើយ ៣៨ ៥០៨ នាក់ ៕

វិស័យលំនៅដ្ឋាននៅសិង្ហបុរីបានបង្ហាញសញ្ញាសុទិដ្ឋិនិយមឡើងវិញនៅឆ្នាំ២០២០

ដោយ ហ្សូលី

សិង្ហបុរីៈ ក្រុមហ៊ុនCBREបានបង្ហាញសញ្ញាសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសសឹង្ហបូរីនៅតែអាចទ្រទ្រង់បាន ទោះបីមានម៉ាក្រូសេដ្ឋកិច្ចមិនល្អក៏ដោយ។ នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ CBRE“ ទស្សនវិស័យទីផ្សារអចលនទ្រព្យ២០២០សិង្ហបុរី” ដែលផ្តល់ការព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យ លំនៅដ្ឋាន ការិយាល័យលក់រាយភ័ស្តុភារ និងទីផ្សារមូលធន។

កាលពីឆ្នាំ២០១៩ មានការកត់ត្រាចំនួនពីការបើកដំណើរការអភិវឌ្ឍន៍ មានចំនួន៥២គំរោង ។ ការលក់ថ្មីបានគ្របដណ្ដប់លើទីផ្សារលំនៅដ្ឋានឯកជន ដោយមានលំនៅ  ដ្ឋានឯកជនចំនួន៩.៩១២ ត្រូវបានលក់។ វាតំណាងឱ្យការកើនឡើង១២,៧% ដែលជាសញ្ញាបង្ហាញនូវភាពប្រសើរឡើង ដល់អារម្មណ៍អ្នកទិញ ទោះបីជាមានវិធានការណ៍បានបន្ឋូរបន្ថយក៏ដោយ។

មានគម្រោងចំនួន៤០ គ្រោងនឹងដាក់ឱ្យដំណើរការ និងស្តុកបន្ថែម៣០.៤៧៣ យូនីតក្នុងឆ្នាំ២០២០។ គម្រោងដែលមកពីតំបន់ស្នូលកណ្តាល នឹងបន្តមានតំរូវការខ្ពស់ដែ​លធ្វើឱ្យជិត៤០% នៃយូនីត អាចរកបានសម្រាប់បើកដំណើរការក្នុងឆ្នាំនេះ។

អ្នកទិញជនជាតិចិនបានគេរំពឹងថា នឹងត្រឡប់មកវិញនៅពាក់កណ្តាលឆ្នាំនេះ ខណៈកាលពីឆ្នាំ២០១៩ ជនជាតិចិនមានរហូតដល់ចំនួន១៩,៣% នៃការទិញផ្ទះសរុបដោយមិនរាប់បញ្ចូលការទិញរបស់ជនជាតិសិង្ហបុរី។

បើនិយាយពីតម្លៃអចលនទ្រព្យវិញ មិនមានសម្ពាធអ្វីគួរឱ្យកត់សម្គាល់ ក្នុងការកាត់បន្ថយថ្លៃដើម ឬផ្តល់ការបញ្ចុះតម្លៃនោះទេ ដោយសារកម្រិតនៃអចលនទ្រព្យមិនទាន់លក់នៅតែអាចគ្រប់គ្រងបាន។

ក្រុមហ៊ុនស្រាវជ្រាវ CBRE រំពឹងថា តម្លៃនឹងមានស្ថេរភាពហើយអាចសម្រេចបានកំណើនពី០% ទៅ១% ក្នុងឆ្នាំ២០២០ ដោយសារថ្លៃដើមខ្ពស់។ សម្រាប់ឆ្នាំនេះក្រុមហ៊ុន CBRE គ្រោងថាតម្លៃ២លានដុល្លារក្នុងមួយយូនីត នឹងបន្តក្លាយជាចំណុចដ៏ល្អសម្រាប់វិនិយោគិន៕

កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួន៥៣ម៉ឺន កំពុងដំណើរការយ៉ាងសកម្ម ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងការចូលរួម និងគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននេះមានសហគ្រាសធុនតូច និងមធ្យម ចំនួន៥៣ម៉ឺនសហគ្រាស កំពុងតែធ្វើប្រតិបត្តិការលើសង្វា​ក់ផលិតកម្មនានា ដែលកំពុងតែជួបប្រទះផលលំបាកលើបញ្ហាបច្ចេកទេស ទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០កន្លងមកថា សហគ្រាសធុនតូច និងមធ្យម ដែលកពុងប្រតិបត្តិការអាជីវកម្ម ចំនួន៥៣ម៉ឺនសហគ្រាស។

លោកឧកញ៉ាបន្តថា“សេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃបានពឹងផ្អែកយ៉ាងខ្លាំងលើពួកគេ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យម កំពុងជួបប្រទះបញ្ហាលំបាកជាច្រើន ដូចជាបញ្ហាបច្ចេក​ទេស បញ្ហាហិរញ្ញវត្ថុ បញ្ហាទីផ្សារ ក៏ដូចជាបញ្ហាសហគ្តិនភាព ដែលជាចំណុះខ្សោយរបស់ពួកគេ”។

លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា រយៈពេលកន្លងមកនេះ សម្ព័ន្ធសមា​គមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតកម្មវិធីជាច្រើនជាមួយដៃគូសហការ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម ក៏ប៉ុន្តែនៅតែមានចំណុចជាច្រើនទៀត យើងត្រូវការដៃគូសហការ ក៏ដូចជា រកដំណោះស្រាយបន្ថែមទៀត និងមធ្យម។ អ្វីដែលជាចំណុចដែលសហគ្រាសធុនតូច និងមធ្យមចង់បាន និងត្រូវការបំផុតនោះ គឺការគាំទ្រហិរញ្ញវត្ថុ សង្វាក់ផលិតកម្មរបស់ពួកគេ ប៉ុន្តែពួកគាត់ក៏ត្រូវការចំណេះ​ដឹងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីអោយប្រភពហិរញ្ញវត្ថុដែលត្រូវទទួលបាននោះ នឹងត្រូវប្រើប្រាស់ទទួលបានប្រសិទ្ធភាព។

ជាមួយនឹងភាពប្រឈម និងមានតម្រូវការចាំបាច់ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យម មានដំណើរការដោយរលូន និងចូលរួមជួយដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា ធនាគារចិនដ៏ធំព្រីនស៍ បានចូលខ្លួនសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ដោយការចុះអនុស្សារណៈយោគយល់ ដោយធ្វើការបង្កើនការយល់ដឹងបន្ថែមលើ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ឲ្យមានប្រសិទ្ធភាព ជាពិសេសនោះក៏ធ្វើការសហការ ដើម្បីទាញយកប្រភពហិរញ្ញវត្ថុពីខាងក្រៅបន្ថែមទៀត៕