ចំណេះដឹង! តើត្រូវត្រៀមឯកសារអ្វីខ្លះសំរាប់ចុះបញ្ជីអចលនទ្រព្យ?

ដោយវុត្ថា

ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដើម្បីផ្ដល់ភាពងាយស្រួល និងច្បាស់លាស់ ជូនម្ចាស់អចលនទ្រព្យ ក្នុងការបង់ពន្ធលើអចលនទ្រព្យ

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ទៀតថា ការចុះផ្ដល់សេវានេះ មានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ដោយធ្វើការចុះស្រង់ស្ថិតិ ថតរូបទីតាំងអចលនទ្រព្យ និងសាកសួរព័ត៌មានមួយចំនួនដូចជា អត្តសញ្ញាណម្ចាស់អចលនទ្រព្យ អត្តសញ្ញាណអចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។

ដើម្បីបង្កភាពងាយស្រួល ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវត្រៀមលក្ខណៈជាមុននូវឯកសារពាក់ព័ន្ធមួយចំនួនជូនក្រុមការងារ ដូចខាងក្រោម៖

ក៖ ករណីអចលនទ្រព្យ ដែលបានចុះបញ្ជីពន្ធដាររួចរាល់

១៖ បង្កាន់ដៃបង់ពន្ធលើអចលនទ្រព្យ ឬ/និង

២៖ ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាត)

ខ៖ ករណីអចលនទ្រព្យ ដែលមិនទាន់បានចុះបញ្ជីពន្ធដារ

១៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ

២៖ ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ៕

រដ្ឋាភិបាលវិនិយោគទឹកប្រាក់ចំនួន៦៦លានដុល្លារសំរាប់កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច

ដោយ: រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានចំណាយទឹកប្រាក់៦៦លានដុល្លារនៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច ដែលស្ថិតនៅតំបន់បឹងទន្លេសាបក្នុងនោះ ថវិកាចំនួន៥០លានដុល្លារបានមកពីដៃគូអភិវឌ្ឍន៍ ADB ថវិកាចំនួន១០លានដុល្លារបានមកពី IFAD ហើយថវិកាចំនួន៦លានដុល្លារជាបដិភាគរបស់រដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងទីស្ដីការក្រសួងថា ក្រោមការជួយរបស់រាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) នឹងត្រូវប្រើប្រាស់ថវិកាសរុប៦៦លានដុល្លារ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំគម្រោង និងអង្គភាពសម្របសម្រួលគម្រោង ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និងជនបទ ធ្វើយ៉ាងណាលើកកម្ពស់ពិពិធកម្មខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីរួមគ្នាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើន ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះមកនៅក្នុងរង្វង់៦ភាគរយនៅក្នុងឆ្នាំ២០២០ ដោយសារផលប៉ះពាល់ដោយប្រយោល ពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA រួមទាំងការប្រែប្រួលធាតុអាកាស។

ស្ថិតក្នុងស្ថានភាពចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់វិធានការជាច្រើនដើម្បីរក្សាសុខភាពសេដ្ឋកិច្ចជាតិ តាមរយ:ទ្រទ្រង់ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មផងដែរ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម មាន លទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែមតាមរយៈការផ្តល់ទឹកប្រាក់រហូតដល់៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប។

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) ប្រើប្រាស់ថវិកាសរុប ៦៦លានដុល្លារ ដែលក្នុងនោះជំនួយពី ADBមានចំនួន៥០លានដុល្លារ ជំនួយពី  IFAD ១០ លានដុល្លារ និងថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន៦លានដុល្លារ ដោយការអនុវត្តគម្រោងនេះមានរយៈពេល៥ឆ្នាំ ២០១៨ -២០២៣ ដែលមានខេត្តគោលដៅចំនួន៧ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួន២៧០៕

កម្ពុជាចាប់ផ្តើមពិភាក្សាច្បាប់ស្តីពីពាណិជ្ជកម្មទំនិញជាមួយអាស៊ាន

ដោយវុត្ថា

ភ្នំពេញ: រដ្ឋសភាជាតិកម្ពុជា បាននឹងកំពុងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន  ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ច មុននឹងអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។

លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅក្នុងកិច្ចប្រជុំថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន គឺក្នុងគោលបំណងបើកផ្លូវប្រទេសសមាជិកអាស៊ាន មានមូលដ្ឋានគតិយុត្តិ ក្នុងការអនុវត្តនូវស្វ័យបញ្ជាក់ដើមកំណើតទូទាំងអាស៊ាន( ASEAN Wide Self Certification AWSC )

លោកបន្តថា សេចក្តីព្រាងច្បាប់នេះ សំដៅរួមចំណែកក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ និងវិនិយោគិន ពិសេសសហគ្រាសធុនតូច និងមធ្យម តាមរយៈការធ្វើសាមញ្ញកម្ម លើនីតិវិធីនៃការបញ្ជាក់ដើមកំណើត ដែលកត្តានេះនឹងរួមចំណែកជម្រុញពាណិជ្ជកម្ម តាមតំបន់អាស៊ានតាម    រយៈការបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន ស្របតាមផែនការមេ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។

សមាជិកអាស៊ានទាំងអស់ បានឯកភាពចាប់ផ្តើមអនុវត្តជាផ្លូវការAWSC ក្នុងតំបន់អាស៊ានចាប់ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីការផ្តល់សច្ចាប័នលើពិធីសារនេះ ត្រូវបានបំពេញរួចរាល់ដោយសមាជិកអាស៊ានទាំងអស់៕

រដ្ឋាភិបាលអនុម័តលើគម្រោងបង្កើតរោងចក្រកាត់ដេរចំនួន១ទៀតក្រោម ទុនវិនិយោគចំនួន៥,៥លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តគំរោងវិនិយោគ រោងចក្រថ្មីមួយទៀតដែលមានតម្លៃទឹកប្រាក់៥,៥លានដុល្លារអាមេរិក។ គម្រោងនេះមានទីតាំង នៅស្រុកអង្គស្នួល ខេត្តកណ្តាល។

តបតាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទរបស់ក្រុមហ៊ុន “QI YOU FOOTWEAR (CAMBODIA) CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៨៣៤កន្លែង៕

ការកែលម្អផ្លូវជាតិលេខ៥ព្រែកក្តាម-ធ្លាម្អម ភាគខាងត្បូងប្រវែងជាង១៣០គីឡូម៉ែត្រ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២

ដោយ ហ្សូលី

ភ្នំពេញៈ គម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អមភាគខាងត្បូង ដែលមានប្រវែងសរុប១៣៥.២៤គីឡូម៉ែត្រ នឹងត្រូវបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២២ ខាងមុខ។

ផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អមភាគខាងត្បូងនេះ គឺជាកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានស្ថាបនាតាំងពីខែមេសា ឆ្នាំ ២០១៨ មកម្ល៉េះ ដែលមកទល់ពេលនេះសម្រេចបាន១៥%ហើយ។

គម្រោងកែលម្អផ្លូវជាតិលេខ៥នេះ បានពង្រីកទទឹងផ្លូវពី២គន្លងទៅ៤គន្លង មានសួនពុះចែកទ្រូងផ្លូវ៣ម៉្រែត ជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ បរិក្ខារសុវត្ថិភាពជាច្រើនផ្សេង​ៗទៀត និងមានសាងសង់ផ្លូវវាងចំនួន២ រួមមានទី១ ផ្លូវវាងក្រុងឧត្តុងមានប្រវែង២៣.៩២គីឡូម៉្រែត នឹងទី២ ផ្លូវវាងក្រុងកំពង់ឆ្នាំង មានប្រវែង១២.០៧គីឡូម្រ៉ែត និងបានសាងសង់ស្ពានថ្មីចំនួន២។

បន្ថែមពីនេះ មានការជួសជុលពង្រីកស្ពានចាស់ចំនួន១៣កន្លែង និងសាងសង់ជំនួ​សស្ពានចាស់ចំនួន១៨កន្លែង សាងសង់ប្រអប់លូ១១៥នឹងលូមូលចំនួន១២១តម្លើងប   ង្គោ​លភ្លើង LED នៅផ្លូវប្រសព្វសំខាន់ៗក្នុងទីប្រជុំជន ។

ការកែលម្អផ្លូវជាតិនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់ ព្រោះថាផ្លូវនេះ នឹងក្លាយជាលូវហាយវ៉េមួយក្នុងតំបន់អាស៊ាន និងជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។

ជាពិសេស ដើម្បីចូលរួមចំណែកការរីកចម្រើន ដល់វិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងការអភិវឌ្ឍព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ នឹងអន្តរជាតិផងដែរ៕

អាជ្ញាធរខេត្តសៀមរាបនឹងវាយកម្ទេចនូវសំណង់ ដែលសាងសង់បំពានច្បាប់នៅក្នុងឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញៈ អាជ្ញាធរខេត្តសៀមរាប បានព្រមាននឹងវាយកម្ទេចចោលនូវសំណង់គ្មានច្បាប់ដែលបាននឹងកំពុងសាងសង់នៅក្នុងឆ្នាំ២០២០នេះ ខណៈសំណង់ដែលសាងសាងនៅក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលគ្មានច្បាប់ត្រឹមត្រូវ អាជ្ញាធរនិងចេញលិខិតអនុញ្ញាតជូនម្ចាស់សំណង់។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ បានឱ្យដឹងថា សំណង់ដែលបានសាងសង់ក្នុងឆ្នាំ២០១៨ និង២០១៩ ទោះមានច្បាប់និងគ្នានច្បាប់ក្តី នឹងសុំអោយមន្រ្តីពាក់ព័ន្ធចុះត្រួតពិនិត្យ គុណភាពសំណង់ និង ចេ​ញច្បាប់សាងសង់អោយ តែសំណង់ដែលសាងសង់ មិនទាន់មានច្បាប់ទាំងអស់ ក្នុងឆ្នាំ ២០២០ ស្នើសុំវាយកម្ទេចចោលទាំងអស់។

ជាមួយគ្នានេះ លោក ទៀ សីហា ក៏បានផ្តល់ការណែនាំ និងជំរុញឱ្យដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់សហការគ្នាអនុវត្តការងារ ដោយសង្កត់ធ្ងន់លើ ការសាងសង់សំណង់ មិនត្រូវអនុញ្ញាតឱ្យសាងសង់សំណង់ មុនលិខិតអនុញ្ញាត។ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ សិក្សាស្ថានភាព និងលើកជាយោបល់រៀបចំទិសចរាចរក្នុងខេត្ត តម្លើងស្លាកសញ្ញាចរាចរ ភ្លើងសញ្ញាចរាចរ គំនូសសញ្ញាចរាចរ និងគំនូសកាត់ទ្រូងផ្លូវ ឬចិញ្ចើមផ្លូវដោយលុបបំបាត់ការហុយដីក្នុងក្រុង។

រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០ បានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុន ច្បាប់ស្តីពីសំណង់ ចូលជាធរមានកន្លងមកនេះ បានជំរុញឱ្យម្ចាស់សំណង់ទាំងអស់ បានសាងសង់រួចមុនច្បាប់ស្តីពី សំណង់ចូលជាធរមាន ដែលពុំបានស្នើសុំលិខិតអនុញ្ញាតសា​ង​សង់ពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ ប្រើប្រាស់សំណង់របស់ខ្លួន ពីអាជ្ញាធរមានសមត្ថកិច្ចឱ្យបានមុន២ឆ្នាំ ក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន ។

សេចក្តីជូនដំណឹងនេះសរសេរបន្តថា “សំណង់ដែលគ្មានលិខិតអនុញ្ញាត សំណង់ដែលដែលសាងសង់ខុសពីលិខិត អនុញ្ញាតសាងសង់ សំណង់ ដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែគ្មានវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវ ឬលិខិតបិទការដ្ឋាន ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួន”។

លិខិតដដែលបញ្ជាក់ថា “ក្នុងករណីដែលម្ចាស់សំណង់ ពុំអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត និងអាជ្ញាធរមានសត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងចាត់វិធានការតាមច្បាប់ជាធរមាន”៕

តើតម្លៃដីនៅលើមហាវិថីព្រះសីហនុហក់ឡើងដល់កម្រិតណាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ មហាវិថីព្រះសីហនុដែលគិតចាប់ពីត្រឹមម្តុំអាងទឹកអូឡាំពិក រហូតមកដល់ចំណុចបំបែកផ្លូវសុធារស់ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា គឺជាផ្លូវដ៏សំខាន់មួយ និងមានតម្លៃអចលនទ្រព្យខ្ពស់ មិនចាញ់មហាវិថីអាជីវកម្មចម្រុះដទៃទៀត នៅក្នុងរាជធានីភ្នំពេញនោះឡើយ ហើយក្នុងនោះមានផ្ទះល្វែងខ្លះ អាចមានតម្លៃរហូតដល់ជាង១លានដុល្លារក៏មានដែរ។

នៅក្នុងរាជធានីភ្នំពេញ ចំពោះមហាវិថី និងផ្លូវសំខាន់ៗមួយចំនួនដែលត្រូវបានអ្នកជំនាញ ក៏ដូចជាបណ្តាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ចាត់ទុកថាជាផ្លូវមេផ្នែកអាជីវកម្មរួមមានដូចជា ផ្លូវកម្ពុជាក្រោម ផ្លូវព្រះមុនីវង្ស ផ្លូវម៉ៅសេទុង មហាវិថីព្រះនរោត្តម រួមជាមួយនឹងផ្លូវហ្សាឌឺហ្គោល នោះ សម្រាប់មហាវិថីព្រះសីហនុ ក៏ជាផ្លូវមួយដែលស្ថិតនៅក្នុងចំណោមផ្លូវសំខាន់ៗទាំងអស់ខាងលើនេះផងដែរ។

នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រីតាំង ហួរបានមានប្រ​សាសន៍ប្រាប់តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថា មហាវិថីព្រះសីហនុ ក៏ត្រូវបានចាត់ជាផ្លូវដែលមានសក្ដានុពល ក្នុងការប្រកបអាជីវកម្មចម្រុះផងដែរ ហើយនៅតាមបណ្តោយផ្លូវមួយខ្សែនេះក៏មិនសូវមានដីធំៗ និងទំនេរសម្រាប់ធ្វើការអភិវឌ្ឍ ជាមជ្ឍមណ្ឌលពាណិ​ជ្ជកម្ម ដែលមានទំហំធំនោះដែរ។

លោកស្រីបន្តថា “ភាគច្រើននៅតាមបណ្តោយផ្លូវនេះ ជាប្រភេទផ្ទះល្វែងទាំងអស់ ហើយក៏សុទ្ធតែមានបើកអាជីវកម្មទាំងអស់”។លោកបន្តថា “ដោយសារតែតំបន់នេះមិនសូវមានផ្ទៃដីទំនេរ ហើយជាទីតាំងអំណោយផល ដល់ការប្រកបមុខជំនួញផងដែរនោះ បានធ្វើឱ្យតម្លៃអចលនទ្រព្យមានការកើនឡើងជារៀងរាល់ឆ្នាំ”។

អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រូបនេះបានបន្តឱ្យដឹងទៀតថា តម្លៃអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមហាវិថីមួយនេះ គឺមិនស្មើគ្នានោះទេ ដែលវាក៏អាស្រ័យទៅតាំមទីតាំង តំបន់ ជាពិសេសគឺទំហំនិងប្រវែង។ ចំពោះផ្ទះល្វែងខ្លះដែលមានប្រវែងខ្លី និងមានជាន់តិច អាចលក់ក្នុងចន្លោះក្រោមមួយលាន ប៉ុន្តែផ្ទះខ្លះមានប្រវែង(Eo, E1, E2) អាចលក់បានជាង១លានដុល្លារឬអាចលើសពីនេះ ប្រសិនបើជាប្រភេទលំនៅដ្ឋានដែលមានម្ចា​ស់ច្រើនគ្នា។

យ៉ាងណាក៏ដោយ លោកស្រីតាំង ហួរ ក៏បានបញ្ជាក់ផងដែរថា ចំពោះតម្លៃទាំងនេះ នៅមិនទាន់ឈានដល់ចំណុចកំពូលនៅឡើយនោះទេ ដែលវានៅមានឱកាសឡើងខ្ពស់ជាងនេះបន្តិចទៀតនៅឆ្នាំបន្ទាប់។

លើកឡើងស្រដៀងគ្នានេះ លោក វ៉ា វីរៈ នាយកក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ Century21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹងផងដែរថា មហាវិថីព្រះសីហនុ គឺត្រូវបានបែងចែកចេញតំបន់ផ្សេងគ្នា ដូចជាចាប់ពីចំណុចស្តុបមន្ទីរពេទ្យចិន (ស្តុបអាគារ៤២ជាន់) រហូតមកដល់ចំណុចម្ដុំរង្វង់មូលវិមានឯករាជ្យ ដែលស្ថិតនៅក្នុងសង្កាត់បឹងកេង គឺមានតម្លៃថ្លៃ ហើយទីតាំងខ្លះអាចថ្លៃលើសតម្លៃដី ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង១(ផ្លូវខាងក្នុង) ថែមទៀតផង ដោយសារតែវាស្ថិតនៅលើមហាវិថី ដែលអាចក្នុងតម្លៃជាង៦,០០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។

ដោយឡែកចាប់ពីចំណុចខាងក្រោយវិទ្យាល័យព្រះយុគន្ធរ រហូតដល់ចំណុចស្តុបវត្តមហាមន្ត្រី ដែលស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា អាចមានតម្លៃទាបអាចក្នុងចន្លោះ៤,៥០០ទៅ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ព្រោះនៅតំបន់នេះភាគច្រើនលំនៅដ្ឋាន ដែលមានអាជីវកម្មលក្ខណៈគ្រួសារច្រើន។ ប៉ុន្តែចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់តំបន់ស្តុបអាងទឹកអូរឡាំពិក ដែលស្ថិតក្នុងសង្កាត់អូរឡាំពិក អាចមានតម្លៃថ្លៃបន្តិចឡើងវិញ៕

អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញបានធ្លាក់ចុះប្រមាណ៣០ភាគរយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងស្ថានភាពកំពុងប្រឈមនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតនៃមេរោគ Covid-19 សម្រាប់ទីផ្សារអចលនទ្រព្យ ក៏ដូចជាការទិញ-លក់នៅក្នុងរាជធានីភ្នំពេញ គឺមានភាពស្ងប់ស្ងាត់ ហើយបានធ្លាក់ចុះប្រមាណ៣០ភាគ    រយ។ នេះបើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ថា ដោយសា​រតែវិបត្តិសេដ្ឋកិច្ចជាសាកល បានជះឥទ្ធិពលមកដល់វិស័យអចលនទ្រព្យកម្ពុជា មួយភាគតូច ដែលក្នុងនោះគិតត្រឹមទីផ្សារនៅក្នុងរាជធានីភ្នំពេញ ការទិញ-លក់ អចលនទ្រព្យ មានការធ្លាក់ចុះប្រមាណ៣០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។

លោកបន្តទៀតថា “ចាប់តាំងពីកើតមានបញ្ហា ដែលបណ្តាលមកពីCovid-19 នេះ រាល់ការទិញ-លក់អចលនទ្រព្យនៅភ្នំពេញគឺមានការថមថយ ប៉ុន្តែយើងរំពឹងថា អាចនឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយ និងទប់ស្កាត់ការរាលដាល់នៃមេរោគមួយនេះជោគជ័យខ្ពស់”។ លោកស្រីបន្តទៀតថា “ប្រសិនបើការធ្លាក់ចុះនៃទីផ្សារ និងតម្រូវការអចលនទ្រព្យនៅពេលនេះ មិនមែនកើតមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ ពោលគឺស្ទើរគ្រប់បណ្តាខេត្តទាំងអស់ ជាពិសេសខេត្តដែលជាប៉ូលសេដ្ឋកិច្ចសំខាន់ៗមួយចំនួន”។

ប៉ុន្តែគេរំពឹងថា ទិដ្ឋភាពអវិជ្ជមានទាំងអស់នេះ អាចនឹងរលត់បាត់ទៅវិញនៅត្រឹមឆមាសទី២ ចុងឆ្នាំ២០២០នេះ”។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment  លោក វ៉ា វីរៈ បានទទួលស្គាល់នូវការធ្លាក់ នៃទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ជាពិសេសទៅលើគម្រោងធំៗមួយចំនួន ដែលកមពុងតែទទួលរងនូវផលប៉ះពាល់។

លោកបន្តថា “នៅពេលដែលគម្រោងទិញ- លក់អចលនទ្រព្យធំៗមួយចំនួនមានដំណើរការ វាបានជះឥទ្ធិពលល្អទៅដល់គម្រោងតូចៗ ដែលស្ថិតនៅក្នុងវិស័យរួមគ្នា ប៉ុន្តែប្រសិនបើគម្រោងធំៗជួបវិបត្តិ វាក៏បន្តជះឥទ្ធិពលអវិជ្ជមានដូចគ្នា”។ លោកបានបន្តទៀតថា “គម្រោងវិនិយោគក្នុងវិស័យអចលនទ្រព្យធំៗភាគច្រើន ជាតម្រូវការមកពីក្រៅស្រុក ជាពិសេសជនជាតិចិន ដោយឡែកនៅពេលដែលសេដ្ឋកិច្ចប្រទេសចិនជួបបញ្ហា វានឹងមានឥទ្ធិពលមកដល់កម្ពុជា ជាពិសេសបញ្ហាដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើសាកលលោកកំពុងតែប្រឈម ហើយនៅមិនទាន់អាចសន្មត់អាចបញ្ហានៅត្រឹមពេលណាឱ្យប្រាកដនៅឡើយនោះទេ”។

លោកបានបញ្ជាក់ថា ភាពប៉ះពាល់ខ្លាំងគឺភាគច្រើន ទៅលើគម្រោងធំៗដែលជាទីផ្សារមកពីក្រៅស្រុក ប៉ុន្តែសម្រាប់ការទិញ-លក់កម្រិតមធ្យម និងក្រោមមធ្យម នៅតែបន្តមានតម្រូវការពីទីផ្សារក្នុងស្រុកដដែល ដែលក្នុងនោះរួមមានដូចជាវិស័យលំនៅដ្ឋានតម្លៃសមរម្យ ដែលប្រជាជនកម្ពុជាកំពុងតែមានតម្រូវខ្ពស់៕

សម្តេចតេជោហ៊ុន សែន ប្រាប់ពីផែនការសង្គ្រោះសេដ្ឋកិច្ចកម្ពុជាអំឡុងការ វាយលុកនៃវីរុសកូរ៉ូណា

ដោយ ហ្សូលី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហើបពីផែនការ     សង្គ្រោះសេដ្ឋកិច្ចកម្ពុជា អំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដោយសារការវាយឡុកនៃវីរុសកូរ៉ូណាឬហៅថាកូវីដ១៩។

សម្តេចមានប្រសាសន៍ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះថា យើងបានដាក់ចេញនូវគោលនយោបាយមួយចំនួនគាំទ្រ ទៅលើវិស័យដែលមានផលប៉ះពាល់ដូចជា វិស័យទេសចរណ៍ និងវិស័យកាត់ដេរ ហើយក៏បានជម្រុញ ឱ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំនូវផែនការ ដើម្បីឆ្លើយតបជាមួយបញ្ហាសេដ្ឋកិច្ច នៅក្នុងបដិវត្តដែលកូវីដ១៩កំពុងរីករាលដាល។

សម្តេចបន្តថា “ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការចំណាយរហូតទៅ៥០% លើកលែងតែក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងទីស្តីការគណៈរដ្ឋមន្ត្រីទេ ដែលនឹងត្រូវកាត់បន្ថយការចំណាយត្រឹម២៥ភាគរយ”។ សម្តេចបានសង្កត់ធ្ងន់ថា “មានតែចំណា​យលើបៀរវត្ស តែប៉ុណ្ណោះដែលគ្មានការកាត់បន្ថយ ទាក់ទងនឹងចំណាយចរន្តដែលមួយខែត្រូវចាយជាង៤០០លានដុល្លារ”។

ទន្ទឹមនេះ ចំពោះគម្រោងវិនិយោគផ្ទាល់របស់កម្ពុជា ការដ្ឋានណាដែលមិនទាន់បា​ន​បើកការដ្ឋានទេ ត្រូវផ្អាកការបើកការដ្ឋានសិន លើកលែងតែការដ្ឋានដែលមានហិរញ្ញប្បទានពីបរទេសដោយមានថវិការបដិភាគរបស់កម្ពុជា។

 

ជាមួយគ្នា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “រង់ចាំឆ្នាំក្រោយក៏មិនហូសពេលដែរ រង់ចាំកូវីដហ្នឹងទៅឱ្យផុតសិន ដើម្បីយើងដឹងច្បាស់ថាទុកយើងមានប៉ុន្មានពិតប្រាកដ”៕

ក្រុមហ៊ុនចិនគ្រោងវិនិយោគលើការកែច្នៃសំរាមជាថាមពលអគ្គិសនីនៅខេត្តបាត់ដំបង

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងចាប់ផ្តើមលើការវិនិយោគលើការកែច្នៃសំរាម ជាថាមពលអគ្គិសនីនៅខេត្តបាត់ដំបង បន្ទាប់មានការសិក្សារួចរាល់។

លោកសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង នៅក្នុងជំនួបពិភាក្សាជាមួយលោ​ក GU CHUNYAO និង លោក HE YUNLU តំណាងក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០កន្លងមក​ នេះ បានសម្តែងនូវការសប្បាយរីករាយ ក្នុងការរៀបចំអនុវត្តគម្រោងប្រមូលសំរាមនៅក្រុង​បាត់ដំបង។

លោកបន្តទៀតថា “បច្ចុប្បន្នយើងក្រុមហ៊ុនប្រមូលសំរាកក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនមួយនេះ មិនមានលទ្ធភាពក្នុងការកែច្នៃសំរាមទេ។ ក្រុមហ៊ុនជាអ្នកប្រមូលសំរាមដឹកយកមកចាក់ទុកនៅទីលានចាក់សំរាម រួចក៏ធ្វើដុតកំទេច ដែលធ្វើឱ្យផ្សែងបក់ចូលមកក្រុងបាត់ដំបង និងធ្វើឱ្យមានការរអ៊ួរទ្រាំពីប្រជាពលរដ្ឋផងដែរ”។

ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មុន បានទទួលជួបពិភាក្សាជាមួយ លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តរួចម្តងមកហើយ និងមានការគាំទ្រនចំពោះការចុះសិក្សារបស់ក្រុមហ៊ុន ដែលចង់ធ្វើការវិនិយោគប្រមូល ការកែច្នៃសំរាម និងការបំឡែងសំរាមជាថាមពលអគ្គិសនីផងដែរ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក្រុមហ៊ុនបានចុះធ្វើការសិក្សាតាមបណ្តាក្រុង ស្រុកចំនួន១២ អំពីការយល់ដឹង ការទុកដាក់សំរាមនៅតាមទីប្រជុំជនផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញឲ្យដឹងថា តាមបណ្តាខេត្ត-រាជធានីធំៗ ដែលផលិតបរិមាណសំរាមច្រើនក្នុងនោះ រាជធានីភ្នំពេញ ប្រមាណជាង៣ពាន់តោនក្នុង១ថ្ងៃ។ ក្រុងព្រះសីហនុប្រមាណ៧០០តោនក្នុង១ថ្ងៃ។ ក្រុងសៀម​រាប៣៨០តោនក្នុង១ថ្ងៃ។ ដោយឡែកនៅក្នុងក្រុងបាត់ដំបង ប្រមាណពី១៣០ទៅ១៥០តោនក្នុងមួយថ្ងៃ។ សំរាមទាំងនោះ៦៥% ជាសំណល់សរីរាង្គ និង៣៥%គឺជាសំណល់ប្លាស្ទិក៕