ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីនឹងដឹកទេសចរជាង២០០នាក់មកទស្សនា ប្រទេសកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសអូស្ត្រាលីQuantas បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការនាំយកទេសចរប្រមាណជាង២០០នាក់ ហោះហើរមកកាន់កម្ពុជា ដែលជាដំណើរកម្សាន្តនៅតាមបណ្តាតំបន់រមណីយដ្ឋាននានា ទូទាំងប្រទេស ជាពិសេសខេត្តសៀមរាប។

ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោក Plabo Kang បានបង្ហាញពីគោលបំណង នៃការនាំយកបណ្តាភ្ញៀវទេសចរណ៍ មកកាន់ទឹកដីកម្ពុជានៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ព្រឹកមិញនេះ ។

លោកPlabo Kang បានកោតសរសើរប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចំពោះទំនាក់ទំនងការទូតរយ:ពេល៧០ឆ្នាំកន្លងទៅ រវាងប្រទេសទាំង២ មានភាពល្អប្រសើរ និងជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍អូស្ត្រាលីប្រមាណ១៥ម៉ឺននាក់មកទស្សនាប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា “វិស័យអាកាសចរប្រទេសកម្ពុជា មានការរីកចម្រើ​នគួរឲ្យកត់សំគាល់ បើទោះបីជាធ្លាក់ចុះតិចតួចដោយសារតែវិបត្តិ មេរោគ COVID 19 នៅពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែវាជាព្រឹត្តិការណ៍នៃការធ្លាក់ចុះជាសកល ហើយសង្ឃឹមថានឹងមានការរីកចម្រើនខ្លាំងបន្ទាប់ពីវិបត្តិមេរោគ COVID 19 ត្រូវបញ្ចប់”។

លោកបានបន្តទៀតថា ប្រសិនបើមានការគាំទ្រពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Quantas នឹងធ្វើការហោះហើរត្រង់Charter Flight ពីប្រទេសអូស្ត្រាលី មកកាន់កម្ពុជា ដែលមានទេសចរកម្រិតអភិជនសរុបជាង២០០នាក់ មកទស្សនាប្រទេសកម្ពុជាមុនគេ ជាពិសេសមកទស្សនាខេត្តសៀមរាប មុននឹងបន្តទៅទិសដៅប្រទេសផ្សេងៗទៀត ហើយសង្ឃឹមថានឹងបានចូលរួមចំណែកធ្វើឱ្យវិស័យទេស​ចរណ៍កម្ពុជា មានការកើនឡើងនាពេលឆាប់ខាងមុខ”។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយកករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគាំទ្រ និងស្វាគមន៏ចំពោះការហោះហើរត្រង់ Charter Flight ពីប្រទេសអូស្ត្រាលី ដែលរៀបចំដោយក្រុមហ៊ុនទេសចរណ៍មកទស្សនានៅប្រទេសកម្ពុជានាពេលឆាប់ខាងមុខ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ លោក Plabo Kang ចំពោះជំនួបប្រក​បដោយផ្លែផ្កា និងបានស្នើសុំឱ្យភាគីអូស្ត្រាលី ជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលើ​​ជំនួយបច្ចេកទេសផ្នែកសុវត្ថិភាព សន្តិសុខ និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័​យអាកាសចរស៊ីវិល៕

ក្រុមហ៊ុន Samsungវិនិយោគ២២០លានដុល្លារសាងសង់អគារស្រាវជ្រាវនៅ កណ្តាលទីក្រុងហាណូយ

ដោយ ហ្សូលី

វៀតណាមៈ ក្រុមហ៊ុនអេឡិចត្រូនិចSamSung កំពុងសាងសង់អគារស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយបោះទុនវិនិយោគប្រមាណ២២០លានដុល្លារអាមេរិក នៅប្រទេសវៀតណាម។

ការដ្ឋានសាងសង់នេះ នឹងស្ថិតនៅចំកណ្តាលទីក្រុងហាណូយ ប្រទេសវៀតណាម និងបញ្ចប់ការសាងសង់ឱ្យបាននៅឆ្នាំ២០២២។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន SamSung និងបានបន្ថែមព័ត៌មានថា ខ្លួននឹងរើសបុគ្គលិកប្រមាណជា២០០០ទៅ ៣០០០នាក់ទៀត។

ក្រុមហ៊ុន SamSung គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលចាយទុនវិនិយោគច្រើននៅក្នុងប្រទេសវៀតណាម ដែលមានទំហំទឹកប្រាក់ដល់ទៅ១៧ពាន់លានដុល្លារ។

មជ្ឈមណ្ឌលស្រាវជ្រាវមួយនេះ នឹងក្លាយទៅជាអគារស្រាវជ្រាវធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ វានឹងជម្រុញ ពីសមត្ថភាពនៃការសិក្សាស្រាវជ្រាវបន្ថែម របស់ក្រុមហ៊ុននេះដូចជា មនុស្សយន្តសិប្បនិម្មិត បណ្តាញអ៊ីនធឺណែត ទិន្នន័យធំៗ និងប្រព័ន្ធ 5G។

ប្រទេសវៀតណាម គឺជាប្រទេសដែលបណ្តុំទៅដោយរោងចក្រផលិត និងតម្លើងគ្រឿងអេឡិចត្រូនិច ហើយប្រទេសនេះបាននាំចេញនូវទូរសព្ទឆ្លាតវៃ ព្រមទាំងគ្រឿងបន្លា​ស់ជាច្រើនប្រភេទ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ប្រទេ​សវៀតណាម បាននាំចេញគ្រឿងអេឡិចត្រូនិក ក្នុងទឹកប្រាក់រហូតដល់៥០ពាន់លានដុល្លារ៕

(Channel News Asia)

កម្ពុជាបានជួបនឹងឱនភាពពាណិជ្ជកម្មជិត៧,៦៦ពាន់លានដុល្លារ

ដោយ ប៊ី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជានៅថ្ងៃពុធនេះបានអះអាងថា ប្រទេសកម្ពុជាបានជួបនឹងឱនភាពពាណិជ្ជកម្មជាង៣០ភាគរយ ស្មើនឹង៣១,២ពាន់ពាន់លានរៀល (៧,៦៦ ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ ២០១៩។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃពុធទី៤ មិនានេះបានឲ្យដឹងថា ទំហំនាំចូល និងនាំចេញសរុបមានតម្លៃ ១៤៩,៦ ពាន់ពាន់លានរៀល (៣៦,៧ ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន។

ការនាំចេញបានកើនឡើង១២,៧ភាគរយ ឬ៥៩,២ពាន់ពាន់លានរៀល(១៤,៥៣​ពាន់លានដុល្លារ) ខណៈដែលការនាំចូលកើនឡើង១៨,៦ភាគរយ ដល់៩០,៤ ពាន់ពាន់លានរៀល(២២,១៩ ពាន់លានដុល្លារ) នាំឱ្យមានឱនភាពពាណិជ្ជកម្មចំនួន៣១,២ ពាន់​​ពាន់លានរៀល (៧,៦៦ ពាន់លានដុល្លារ) ។ នេះបើយោងតាមរបាយការណ៍ខាងលើ។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាគឺចិន សហរដ្ឋអាមេរិក អឺរ៉ុប ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី កូរ៉េខាងត្បូង និងជប៉ុន។

ផលិតផលចម្បងរបស់ខ្លួនសម្រាប់ការនាំចេញរបស់កម្ពុជា រួមមានសម្លៀកបំពាក់ ស្បែកជើង អង្ករ និងកង់ ខណៈដែលប្រទេសនេះដឹកជញ្ជូនចូលវត្ថុធាតុដើម សម្រាប់ស  ម្លៀកបំពាក់ រថយន្ត ប្រេងឥន្ធនៈ សម្ភារៈសំណង់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ៕

ធនាគារជាតិចាប់ផ្តើមដាក់ចេញវិធានការចំនួនបីដើម្បីទប់ទល់ការរីករាលដាល នៃវីរុស Covid-19

ដោយវុត្ថា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងគោលបំណងពិភាក្សា និងស្វែងរកយន្តការការពារផលប៉ះពាល់ជាសក្តានុពល ដែលបណ្តាលមកពីការរីករាលដាលជាសកល នៃវីរុស Covid-19 មកលើវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានបង្ហាញពីវិធានការផ្ទៃក្នុងរបស់ខ្លួន ដែលបានត្រៀមរួចជាស្រេច ក្នុងការទប់ទល់ការរីករាលដាលនៃវីរុសCovid-19 និងផលអវិជ្ជមានជាយថាហេតុផ្សេងទៀត។

ជាមួយគ្នានេះផងដែរធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ លើចំណុចមួយចំនួនដូចជា ទី១ ត្រូវបន្តផ្តល់ឥណទានឱ្យបានកាន់តែសកម្មដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ ទី២ រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ជាពិសេសចំពោះម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ ជាដើម។

ទី៣ បន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិកា ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រក្រតី៕

បុរីច័ន្ទខាស់សលនឹងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៥ មិនាខាងមុខនេះ

ដោយបញ្ញា

ភ្នំពេញៈ បុរី ច័ន្ទខាស់សល  ( Borey ChanCastle) នឹងរៀបចំពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ  និងសម្ពោធការិយាល័យថ្មី  នៅពីថ្ងៃ ស្អែកទី5  ខែមីនា ឆ្នាំ2020 កន្លងទៅនេះមានទីតាំងនៅផ្លូវ50ម (ផ្លូវក្រវ៉ាត់ក្រុងទី2) ផ្លូវប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ ធ្វើដំណើរចំងាយពីផ្សារចំការដូន ប្រហែល៣នាទី។

ជាបុរីដែលសាងសង់ប្រកបដោយ គុណភាពខ្ពស់ រចនាបទបែបទំនើប ទាន់សម័យ មានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពល និងកាអភិវឌ្ឍន៍ខ្លាំង ដោយ ហំព័ទ្ឋទៅដោយហេដ្ឋារចនាសម្ព័ន្ធ និងគំរោងធំៗជាច្រើន ដូចជាផ្សារទំនើប សាលាអន្តរជាតិ  និងហាងល្បីៗជាច្រើន។

គួរបញ្ជាក់ផងដែរថា បុរី ច័ន្ទខាស់សល សាងសង់ទៅលើទំហំផ្ទៃដី20 000ម៉ែតការេ ក្នុងនោះ មានប្រភេទលំនៅដ្ឋាន3ជម្រើស សមស្របទៅតាមតំរូវការអតិថិជន សំរាប់ស្នាក់នៅ ធ្វើអាជីកម្ម  និងវិនិយោគន៍ សំរាប់លក់ចំនេញនាពេលអនាគត រួមមាន Commercial House នៅខាងមុខ,  Shop House និងវិឡាភ្លោះយ៉ាងប្រណិត។

ក្នុងឳកាស ការបើកលក់ជាផ្លូវការនេះ បុរី ច័ន្ទខាស់សល ផ្តល់ជូន នូវតម្លៃពិសេស បញ្ជុះតម្លៃ រហូតដល់30 000ដុល្លារ រាល់ការទិញផ្ទះប្រភេទណាមួយរបស់បុរី ចាប់ពីថ្ងៃបើកសម្ភោធនេះ រហូត ដល់ចុងខែមីនា ហើយអតិថិជន អាចកាត់ឈ្មោះមិនគិតថ្លៃ ទទួលបានប្លង់រឹងថែមទៀតផង។

អតិថិជនដែលមានចំនាប់អារម្មណ៍ អាចអញ្ជើញចូលរួមទស្សនា និងកកចាប់ពីថ្ងៃស្អែករសៀលនេះបាន នៅទីតាំងបុរីផ្ទាល់។- នៅចាំអីទៀត  មកកក់នៅពេលនេះ ដើម្បីទទួលបានទីតាំងល្អៗ!!!! បុរី ច័ន្ទខាស់សល ពន្លឺនៃលំនៅដ្ឋានសុភមង្គល។

សម្រាប់ពត៌មានលំអិត និងកក់លោកអ្នកអាចទូរស័ព្ទ តាមរយៈលេខ៖ 010 50 80 80 និង095 50 80 80

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ការសាងសង់សំណង់អគារនៅតែមានភាពរស់រវើក

ដោយវុត្ថា

ត្បូងឃ្មុំ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹង នៅឆ្នាំ២០១៩ និង២០២០នេះវិស័យសំណង់អគារមានភាពរស់រវើកដោយសារការចូលរួមចំណែកកែលម្អទ្រទ្រង់ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ជា សុផារ៉ា បានព្រមានបែនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ក៏បានស្នើដល់បណ្តារាជធានីខេត្ត ត្រូវបង្កើនការគ្រប់គ្រងសំណង់អគារផ្សេងៗ ពិសេសសំណង់អគារធំៗ ខ្ពស់ៗ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់។
ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា ក៏បានព្រមានថា ចាប់ពីពេលនេះទៅ នឹងប្តឹងទៅកាន់ព្រះរាជអាជ្ញា ចាត់វិធានការម្ចាស់សំណង់អត់មានច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសសរសើរចំពោះរដ្ឋបាលខេត្ត ដែលខិតខំកែលម្អលើកកម្ពស់សោភ័ណភាពទីប្រជុំជនទីរួមខេត្ត ដែលបានដាក់ភ្លើងបំភ្លឺផ្លូវនាពេលរាត្រី ធ្វើសួនច្បារ បង្កើតកម្មវិធីសប្បាយៗ សម្រាប់ប្រជាពលរដ្ឋមកជួបជុំលេងកំសាន្តក្រោមម្លប់សន្តិភាព ព្រមទាំងជំរុញឲ្យបន្តលើការងារនេះបន្ថែមទៀត។

លោកបន្ថែមថា ទន្ទឹមនឹងការពង្រឹងគុណភាពវិស័យនានា ពាក់ព័ន្ធដល់វិស័យទេសចរណ៍ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀតក្នុងមូលដ្ឋាន ការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេសសំដៅបង្កើនការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕

លោកគួច ចំរើន៖ ទេសចរណ៍ម្ហូបអាហារកំពុងតែទទួលបានការពេញនិយមពីភ្ញៀវទេសចរ

ដោយវុត្ថា

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងថា ទេសចរណ៍ម្ហូបអាហារកំពុងតែទទួលបានការពេញនិយមពីភ្ញៀវទេសចរ ព្រោះទេសចរណ៍នឹងធ្វើដំណើរទៅតំបន់ណាមួយ គឺដើម្បីភ្លក់រសជាតិអាហារនៅតំបន់គោលដៅ ក្នុងន័យនេះការរៀបចំវិថីម្ហូបអាហារនៅតាមទីក្រុង ដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចចាំបាច់គ្រប់ក្រុងស្រុក ទាំងអស់ត្រូវមានវិធីម្ហូបអាហារមួយយ៉ាងតិច។

លោក គួច ចំរើន នៅក្នុងពិធីទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ” ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ” នៅឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុនាថ្ងៃទី ៤ ខែមីនា នេះ ឱ្យដឹងថាការរៀបចំឱ្យមានវិថីម្ហូបអាហារនៅតាមរាជធានីខេត្ត មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងប្រពៃណីបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតការងារបន្ថែមឱ្យសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិតផងដែរ។

លោកបន្តថា “ការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូបអាហារពិតជានាំមកនូវការរីកចម្រើនក្នុងវិស័យទេសចរណ៍ ពិសេសចូលរួមទប់ស្កាត់ការចំណាកស្រុក និងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ”។

ខេត្តព្រះសីហនុ បានរៀបចំទិវាជាតិទីក្រុងស្អាត ឆ្នាំទី៨ក្រោមប្រធានបទ “ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ប្រធានបទនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការផ្ដល់នូវបទពិសោធន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរ តែងប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារប្រកបដោយអនាម័យ និងជឿទុកចិត្ត ម្ហូបអាហារផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ទៅនឹងជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យលូតលាស់យ៉ាងមានប្រសិទ្ធភាព។

វិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជាសារវ័ន្តពីរ គឺម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ ( Gastronony Tourism Product) ម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ (Market Segment) ដ៍ទាក់ទាញ។

ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបានបង្កើតភាពចងចាំដល់ទេសចរណ៍អំពីគោលដៅដែលបានទស្សនា ចាំបាច់យើងត្រូវកែច្នៃចងក្រងខ្លឹមសារបង្ហាញនិងលើកគុណតម្លៃអំពីម្ហូបអាហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ បម្រើឱ្យសេវាកម្មទេសចរណ៍ផង និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ ព្រោះការចំណាយជាមធ្យមនៃភ្ញៀវទេសចរគឺមានប្រមាណ២៥ភាគរយ លើចំណីអាហារ និងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន៕

លោកសាយ សំអាល់ៈ ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទំនើបស៊ីវិល័យ និងជាគោលដៅវិនិយោគលើពហុវិស័យ

ដោយនៅ ស៊ីវុត្ថា

ព្រះសីហនុៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ឱ្យដឹងថា ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទំនើប ស៊ីវិល័យ និងជាគោលដៅវិនិយោគលើពហុវិស័យដ៏ទាក់ទាញបំផុត ខណៈខេត្តមួយនេះ រាជរដ្ឋាភិបាលបានបោះទុនស្តារ និងស្ថាបនាហេដ្ឋារសម្ព័ន្ធនៅក្នុងក្រុងឱ្យមានភាពទាក់ទាញ និងបរិស្ថានស្អាត។

លោក សាយ សំអាល់  នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី៣ ខែមីនា ម្សិលមិញនេះឱ្យដឹងថា បច្ចប្បន្ននេះ តាមរយៈគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត របស់រដ្ឋាភិបាល  កញ្ចប់ថវិកាជាតិប្រមាណ៣០០លានដុល្លាអាមេរិក ត្រូវបានអនុម័តដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ បណ្តាញលូ ប្រឡាយបង្ហូរទឹកនិងបរិស្ថាន។

លោកបន្តថា “ស្របជាមួយគ្នានេះផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែកពីរាជធានីភ្នំពេញចូលមកកាន់ក្រុងព្រះសីហនុ ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ កំព​ង់ផែទឹកជ្រៅ បណ្តាញទឹកស្អាត អគ្គីសនី ប្រពន្ធ័ចម្រោះទឹកកខ្វក់ ការកែលម្អតំបន់ឆ្នេរខ្សាច់ តំបន់រម្យណីដ្ឋាននានាក្នុងខេត្ត…។ល។ បាននឹងកំពុងធ្វើការស្តារឡើងវិញជាអាទិភាពនិងធ្វើឡើងព្រមគ្នាដែរ”។

លោកសាយ សំអាល់បានបន្តថា ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តទំនើប ស៊ីវិស័យ និងជាគោលដៅវិនិយោគពហុវិស័យដ៏ទាក់ទាញបំផុត។ ប្រជាជនទូទៅជាពិសេសអ្នកខេត្តព្រះសីហនុ ផ្ទាល់មានឱកាសទទួលបានផ្លែផ្កានៃការអភិវឌ្ឍនេះច្រើន ដើម្បីធ្វើអោយមានជីវភាពល្អប្រសើរឡើង។

លោកសាយ អាល់បានស្នើអោយមន្ទីរអង្គភាពពាក់ពន្ធ័ទាំងអស់ ពង្រឹងការផ្សព្វ​ផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តឲ្យបានខ្លាំងក្លា ដោយជម្រុញអោយបង្កើតព្រឹត្តិការណ៍សង្រ្កានសមុទ្រ រៀបចំកម្មវិធីកំសាន្តសប្បាយផ្សេងៗ ដើម្បីអោយប្រជាជនបានចូលរួមសប្បាយ និងជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តព្រះសីហនុអោយបានច្រើនផង។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងដែរថា ដោយមានការចូលរួមមន្ត្រីរាជការគ្របជាន់ថ្នាក់ ខេត្តព្រះសីហនុ ធានាបាននិរន្តរភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យបានយូរអង្វែង ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍមួយយ៉ាងសំខាន់ទៅជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដកថវិកាសន្សំរបស់ជាតិ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង៣៤ខ្សែ ប្រវែង៨៤,៥០៥ម៉ែត្រ និងការស្តារអូរប្រឡាយទាំង៥ខ្សែ ព្រមទាំងស្ថាបនាផ្លូវបន្ថែម ចំនួន១១ខ្សែ មានប្រវែង១៦,៣៧៤ម៉ែត្រ។

លោកបន្តថា  “រដ្ឋបាលខេត្តនឹងបន្តរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្ត ពិសេសការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក”។

ខេត្តព្រះសីហនុ គឺជាខេត្តមានទីតាំងជាប់មាត់សមុទ្រ នៅភាគនិរតីនៃប្រទេសកម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់ការអភិវឌ្ឍពហុវិស័យ។ ដោយសារកត្តាសក្តានុពលដ៏ខ្លាំងសំបើម ខេត្តនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ នឹងជាខេត្តនៃកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា៕

តើអ្នកជំនាញនិយាយពីអ្វីខ្លះទាក់ទងនឹងខុនដូដែលមានតម្លៃខ្ពស់?

ដោយ: រ៉ាណេត

ភ្នំពេញ: នៅក្នុងឆ្នាំ២០២០នេះ សម្រាប់ទីផ្សារខុនដូ ដែលមានតម្លៃសមរម្យនឹងកាន់តែមានតម្រូវការទីផ្សារខ្ពស់ជាងឆ្នាំកន្លងទៅ ខណៈដែលប្រភេទខុនដូតម្លៃមធ្យម និងកម្រិតខ្ពស់អាចនឹងប្រឈមឱនភាពរាប់ទាំងការជួល និងការលក់ ដែបណ្តាលមកពីភាពភ័យខ្លាចនៃការរាតត្បាតនៃមេរោគ Covid19

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា បើទោះជាស្ថិតនៅក្នុងស្ថានភាព នៃការប្រឈមរបស់វិស័យនានានៅកម្ពុជា ដែលបណ្តាលមកពីបញ្ហានៃការរាតត្បាតនៃជំងឺ Covid19 ក៏ដោយ ប៉ុន្តែតម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ នៅតែអាចរក្សាបាននូវតម្រូវការខ្ពស់ជាងប្រភេទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។

លោកស្រីបានបន្តថា ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ លោកស្រីបន្ថែមថា ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោគបន្ត

លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ មានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យមឬតម្លៃកណ្តាល មានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ។

លោកស្រីបានបន្តទៀតថា និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោក ខន គង្គា បានមានប្រសាសន៍យល់ស្របទៅនឹងការលើកឡើងខាងលើនេះ ដោយលោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែលមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។

លោកបន្តថា ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ

 

លោកខន គង្គា បានមានប្រសាសន៍បន្តទៀតថា ការបង្វែរគោលដៅមកកាន់ទីផ្សារខុនដូកម្រិតសមរម្យ មានអត្រាជោគជ័យខ្ពស់ ដោយសារតែមានតម្រូវការទីផ្សារស្រាប់នៅក្នុងស្រុក។ ឱ្យតែជាប្រភេទខុនដូ ដែលមានតម្លៃចាប់ពី២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម មិនពិបាកស្វងរកទីផ្សារនោះទេ ហើយវាក៏ផ្តល់ឱកាសដល់អ្នកដែលមានបំណងទិញដើម្បីវិនិយោគបន្តផងដែរ ដោយសារតែការចំណាយទៅលើការទិញខុនដូដែលមានតម្លៃត្រឹម១០ម៉ឺនក្នុងមួយយូនីត អាចមានឱកាសទទួលបានពីការជួលត្រឡប់មកវិញប្រមាណ១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬចំណូលមិនក្រោម៧០០៨០០ដុល្លារក្នុងមួយខែនោះទេ ដែលវាប្រសើរជាងការទិញផ្ទះ ក្នុងតម្លៃប្រមាណ១៥ម៉ឺន។

លោកបន្ថែមថា ប៉ុន្តែអ្នកវិនិយោគអាចទទួលបានចំណូលប្រចាំខែ ពីការជួលត្រឹម៣០០៤០០ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះការទិញឬវិនិយោគខុនដូកម្រិតតម្លៃសមរម្យ នៅតែជាជម្រើសល្អ

កម្ពុជានាំចេញទំនិញចំនួន ៥៩,២ ទ្រីលានរៀល

ដោយវុត្ថា

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញទំនិញចំនួន ៥៩,២ទ្រីលានរៀល (កើន ១២,៧% ធៀបឆ្នាំ២០១៨) ដោយឡែកបាននាំចូលទំនិញ ចំនួន ៩០,៤ទ្រីលានរៀល (កើន ១៨,៦%)។ ជាលទ្ធផលឱនភាពគណនីទំនិញមានចំនួន ៣១,២ទ្រីលានរៀល។ នេះ បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលបង្ហាញកាលពីថ្ងៃទី ៣ ខែមីនា ម្សិលមិញនេះ ។

របាយការណ៍ដដែលបន្តថា ផលិតផលសំខាន់ៗ ៥ ប្រភេទ ដែលប្រទេសកម្ពុជានាំចេញទៅអន្តរជាតិគិតជាភាគរយនៃការនាំចេញសរុបរួមមាន៖ សម្លៀកបំពាក់ ៥៦,៦៧ % ផលិតផលវាយនភ័ណ្ឌ ៨,៩១ % ស្បែកជើង ៨,៧២ % អង្ករ ២,៨៩ % និង ទោចក្រយាន ២,៨៨ % ។

សម្រាប់ផលិតសំខាន់ៗ ៥ប្រភេទ ដែលប្រទេសកម្ពុជានាំចូលពីអន្តរជាតិគិតជាភាគរយនៃការនាំចូលសរុបរួមមាន៖ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ២០,២០ % រថយន្ត ១០,៥៣ % ប្រេងឥន្ទនៈ ៨,៥២ % សម្ភារៈ និងបរិក្ខាសំណង់ ៧,៥៣ % និងម្ហូបអាហារ ៤,៤៤% ។

ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជា ក្នុងនាំទំនិញចេញរួមមានប្រទេសអាមេរិក ២៩,៦% ប្រទេសជប៉ុន ៧,៧ % ប្រទេសអាល្លឺម៉ង់ ៧,២ % ប្រទេសចិន ៦,៩ % និងចក្រភពអង់គ្លេស ៦,៦ % ។ ចំណែកប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាក្នុងនាំចូលរួមមាន៖ ប្រទេសចិន ៤៣,១ % ប្រទេសថៃ ១៥,៥ % ប្រទេសវៀតណាម ១៣,៦ % ប្រទេសជប៉ុន ៤,៧ % និងប្រទេសកូរ៉េខាងត្បូង ៣,៤ % ៕