វឌ្ឍនភាពទីក្រុងកោះនរាដែលមានទុនវិនិយោគ២០០០លានដុល្លារកំពុងវិវត្តន៍ យ៉ាងដូចម្តេច

0

ដោយគង់ សូរិយា

        ភ្នំពេញៈ រហូតមកទល់ពេលនេះ ការស្ថាបនាទីក្រុងកោះនរា ដែលជាទីក្រុងថ្មីមួយស្ថិតនៅទល់មុខទីក្រុងកោះពេជ្រ សម្រេចបាន៥ភាគរយហើយ លើការចាក់ច្រាំងនិងរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ។

          អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ មិថុនានេះថា ការស្ថាបនាទីក្រុងថ្មីកោះនរារហូតមកទល់ពេលនេះ បាននិងកំពុងដំណើរការយ៉ាងសកម្ម លើផែនការរយៈពេលបីឆ្នាំ ដើម្បីរៀបចំបញ្ចប់ការ​កសាងហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះទាំងមូល ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ​២ពាន់លានដុល្លារអាមេរិក។

លោកបន្តថា “ការសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាបានបញ្ចប់គំរូប្លង់រួចហើយ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញមិនទាន់ឲ្យបញ្ចេញនៅឡើយទេ”។​លោកបន្តថា “វាជាស្ពានយោងដោយខ្សែកាប ដែលមានរចនាបទខ្មែរហើយទំហំស្ពានធំជាងស្ពានតភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់ទីក្រុងរណបជ្រោយចង្វារ”។

ការស្ថាបនាស្ពានតភ្ជាប់រវាងទទីក្រុងរណបទាំងពីរនេះ គ្រោងចំណាយទឹកប្រាក់​៥០លានដុល្លារអាមេរិក ហើយស្ពាននេះនឹងរួមចំណែកសម្រួល ការធ្វើចរាចរណ៍ពីផ្លូវជាតិលេខ១ ដើម្បីតភ្ជាប់មកកាន់រាជធានីភ្នំពេញ។

លោកទូច សំណាងបានបន្តថា ក្រុមហ៊ុននិងរដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីការរៀបចំចរាចរណ៍នៅតំបន់នេះថា តើរថយន្តប្រភេទណាត្រូវឲ្យឆ្លង និងមិនឲ្យឆ្លងស្ពាននេះ ឬបើកឲ្យយានយន្តចរាចរណ៍ធម្មតា។ ផែនការនេះស្ថិតក្នុងការពិចារណានៅឡើយ។

លោកបន្តថា ទីក្រុងរណបកកោះនរា មានទំហំជាង១០០ហិកតា និងស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ដែលមានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here