រយៈពេល៤ឆ្នាំខេត្តព្រះសីហនុទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់បាន ជាង៧ពាន់លានដុល្លារ

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ រយៈពេល៤ឆ្នាំចុងក្រោយនេះ លំហូរទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ បានកើនឡើងរហូតដល់ជាង៧ពាន់លានដុល្លារ ទៅគម្រោងសាងសង់សរុបចំនួន១៣៥៥ គម្រោង។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការគណរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជាង៧ពាន់លានដុល្លារ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាតមានចំនួន១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបជាង៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់សំណង់អាគារខ្ពស់ៗនៅទូទាំងខេត្ត គិតចាប់ពីឆ្នាំ២០០៥ – ២០២០ត្រឹមខែឧសភា មានកម្ពស់ចាប់ពី៥ដល់៥៣ជាន់ មានចំនួន៥២៩គម្រោង។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដីលោក ចេង ស្រុង បានមានប្រសាសន៍ថា ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ ត្រូវបានបង្កើនការយកចិត្តទុកដាក់ ដែលគោរពទៅតាមវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល ទៅលើការរឹតបណ្តឹងទៅលើគុណភាពសំណង់។

លោកបានបន្តទៀតថា “ការអភិវឌ្ឍវិស័យសំណង់នៅក្នុងខេត្តនេះ មានល្បឿនលឿនយ៉ាងគំហុក ហើយបច្ចុប្បន្ននេះ ក្រោមការចូលរួមសហការពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាម្ចាស់គម្រោងផងដែរ បានធ្វើឱ្យវិស័យសំណង់នៅទូទាំងខេត្តគឺកាន់តែមានភាពល្អប្រសើរជាខ្លាំង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here