តើទីក្រុងណាខ្លះដែលមានកំពូលមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត នៅលើពិភពលោក

ដោយ វល័ក្ខ

ភ្នំពេញៈ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក បានដាក់ចេញនូវតារាងកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ដែលមានលុយច្រើនជាងគេបំផុត សម្រាប់ឆ្នាំ២០១៩ ដោយក្នុងនោះមានកំពូលមហាសេដ្ឋី ​រហូតដល់២១៥៣នាក់ មកពីបណ្ដាប្រទេសផ្សេងៗគ្នា។

សម្រាប់ពេលនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច propertyarea.asia បានលើកយកទីក្រុងទាំង១០ ដែលមានកំពូលមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត។

លោកអ្នកអាចសាកល្បងទាញមើលថា តើទីក្រុងណាមួយដែលមានកំពូលមហាសេដ្ឋី​ច្រើនជាងគេ?។ យោងតាមការចុះផ្សាយពីទស្សនាវដ្តីForbesបានឱ្យដឹងថា ចិនជាប្រទេសមួយដែលមានទីក្រុងចំនួន៣ សម្បូរទៅដោយ​កំពូល​មហាសេដ្ឋីរស់នៅច្រើនជាងគេ ក្នុងនោះរួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងShenzhen។

ខាងក្រោមនេះគឺជាតារាងទីក្រុងទាំង ១០ ដែលមានកំពូលមហាសេដ្ឋីរស់នៅ​ច្រើន​ជាងគេបំផុតសម្រាប់ឆ្នាំ ២០១៩។

១០)ទីក្រុង Mumbai ប្រទេសឥណ្ឌា

ទីក្រុងមួយឥណ្ឌានេះ មានកំពូលមហាសេដ្ឋីរស់នៅចំនួន៣៧នាក់ បើធៀបនឹងឆ្នាំ ២០១៨ បានថយចុះ៨នាក់។ បើសរុបលុយមហាសេដ្ឋីទាំង៣៧នាក់នោះចូលគ្នា មានលុយប្រមាណ១៨៤.៤ពាន់លានដុល្លារអាមេរិក។ ទីក្រុងមួយនេះផងដែរ ត្រូវបានគេចាត់ទុកថា ជាតំបន់រស់នៅបែបស៊ីវិល័យ និងទំនើប ព្រោះគ្រប់យ៉ាងនៅទីនោះសុទ្ធតែមានតម្លៃថ្លៃៗ។

០៩) ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង

គិតត្រឹមពាក់កណ្ដាលខែមីនាកន្លងទៅនេះ នៅក្នុងទីក្រុងSeoul មានមហាសេដ្ឋីចំនួន៣៨នាក់ បើធៀបនឹងឆ្នាំ២០១៨ថយចុះ៣នាក់។ ទឹកប្រាក់ដែលពួកមហាសេ​ដ្ឋីទាំង៣៨នាក់មាន បូកសរុបចូលគ្នាមានប្រមាណជា៩៩.៩ពាន់់លានដុល្លារអាមេរិក​។ មហាសេដ្ឋីដែលរស់នៅក្នុងទីក្រុងនេះ ភាគច្រើនគឺកាន់កាប់ក្រុមហ៊ុន​បច្ចេកវិទ្យា ដូចជា Samsung និង Hyundai ជាដើម។ មួយវិញទៀត មានកំពូលមហាសេដ្ឋីមួយចំនួន រកចំណូលបាន តាមរយៈការបង្កើតក្រុមហ៊ុនហ្គេមអនឡាញ (កូរ៉េខាត្បូងជាប់លេខ៤ ជាប្រទេសផលិតហ្គេមអនឡាញធំជាងគេបំផុត)។

០៨) ទីក្រុង Shenzhen ប្រទេសចិន

ទីក្រុងមួយនេះត្រូវបានគេកំណត់ថាជា «តំបន់សេដ្ឋកិច្ចពិសេស» នៅក្នុងអំឡុងពេលកំណែទម្រង់សេដ្ឋកិច្ច​ របស់ប្រទេសចិននៅទសវត្សរ៍ឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានមហាសេដ្ឋីរស់នៅចំនួន៣៩នាក់ ធៀបនឹងឆ្នាំ២០១៨ ថយចុះ៥នាក់ បើគិតជាទឹកប្រាក់សរុបដែលពួកមហាសេដ្ឋីមានគឺ១៩០.៥ពាន់លានដុល្លារអាមេរិក។

ដោយឡែកគ្រាន់តែលោកMa Huateng ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tencent មានលុយរហូតដល់៣៨.៨ពាន់លានដុល្លារអាមេរិក។ មហាសេដ្ឋីនៅក្នុងទីក្រុងមួយនេះភាគច្រើនគឺរកចំណូលបានឱ្យខ្លួនឯង មិនពឹងផ្អែក​លើ​ទ្រព្យសម្បត្តិគ្រួសារ ដោយក្នុងនោះពួកគេរកស៊ីនៅក្នុងវិស័យបច្ចេកវិទ្យា ​​និងអចលនទ្រព្យ។

០៧) ទីក្រុង Sam Francisco សហរដ្ឋអាមេរិក

ទីក្រុងមួយនេះ ជាបេះដូងនៃបដិវត្តន៍បច្ចេកវិទ្យារបស់អាមេរិក ព្រោះវាជាផ្ទះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូច​ជា Uber, Airbnb និង Pinterest ជាដើម។ យោងតាមការបញ្ជាក់ពី Forbes បានឱ្យដឹងថា ទីក្រុងមួយនេះមានមហាសេដ្ឋីរស់នៅ៤២នាក់ បើធៀបនឹងឆ្នាំ២០១៨ កើនឡើង៨នាក់ ហើយបើសរុបជាលុយវិញមានចំនួន១០៩.២ពាន់លានដុល្លារ។ ក្នុងចំណោមមហាសេដ្ឋីទាំងអស់ គឺមានលោកDustin Moskovitz សហស្ថា​បនិកFacebook ដោយបច្ចុប្បន្នលោកមានលុយ១១.១ពាន់លានដុល្លារអាមេរិក។

ការហូរចូលនៃក្រុមហ៊ុនឌីជីថល បានប្រែក្លាយទីក្រុងមួយដែលទំនើប និងស៊ីវិល័យ របស់គ្រប់យ៉ាងបានឡើងថ្លៃ។

០៦) ទីក្រុង Shanghai ប្រទេសចិន

បើធៀបនឹងឆ្នាំ២០១៨ ទីក្រុងមួយនេះបានថយចុះមហាសេដ្ឋី មកនៅត្រឹម៤៥នាក់ និងមានលុយសរុបប្រមាណ១១០.៧ពាន់លានដុល្លារអាមេរិក។ ក្រៅពីជាទីក្រុងស៊ីវិល័យហើយនោះ Shanghai គឺជាទីក្រុងដែលមានភាពមម៉ាញឹកជាងគេ ក្នុងវិស័យដឹកជញ្ជូន។

០៥) ទីក្រុង London ប្រទេសអង់គ្លេស

Londonជាប្រទេសមួយ ដែលមានសណ្ឋគារលំដាប់ផ្កាយ៥ច្រើនជាងគេ នៅក្នុងពិភពលោក ហើយក៏ជាទីក្រុងដែលសម្បូរដោយមហាសេដ្ឋីរស់នៅផងដែរ បើតាមរបាយការណ៍គិតត្រឹមពេលនេះ គឺមានមហាសេដ្ឋី៥៥នាក់ កំពុងរស់នៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ។

០៤) ទីក្រុង Beijing ប្រទេសចិន

ជាទីក្រុងមួយដែលមានសេដ្ឋីវ័យក្មេងច្រើនជាងគេ នៅក្នុងប្រទេសចិន ដោយពួកសេដ្ឋីទាំងនោះ ភាគច្រើនរកស៊ីក្នុងវិស័យបច្ចេកវិទ្យា និងអចលនទ្រព្យ។ គិតត្រឹមពេលនេះ Beijing មាន​មហាសេដ្ឋីរហូតដល់៦១នាក់ ថយចុះ៣នាក់ បើធៀបឆ្នាំមុន ប៉ុន្តែបើសរុបទឹកប្រាក់វិញ គឺមានរហូតដល់១៩៣.៣ពាន់លានដុល្លារអាមេរិក ហើយកំពូលមហាសេដ្ឋីដែលឈរជើងនៅទីក្រុងនេះយូរ និងមានជាងគេគឺលោកWang Jianlin ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំបំផុតរបស់ចិន ដែលមានឈ្មោះថាDalian Wanda Group។

០៣) ទីក្រុង Moscow ប្រទេសរុស្ស៊ី

មហាសេដ្ឋីដែលរស់នៅក្នុងទីក្រុងនេះ មានរហូតដល់៧១នាក់ ដោយបានថយចុះ ៦នាក់ បើធៀបនឹងឆ្នាំ២០១៨។ យោងតាមរបាយការណ៍បានបង្ហាញថា ជិត៨០ភាគរយនៃមហាសេដ្ឋីរុស្ស៊ីទាំងអស់ គឺរស់នៅក្នុង​ទីក្រុងមួយនេះ ព្រោះវាជាទីក្រុងស៊ីវិល័យជឿនលឿន។ មហាសេដ្ឋីភាគច្រើននៅក្នុងទីក្រុងនេះ គឺមានប្រភពចំណូលបានមកពីឧស្ម័នធម្មជាតិ ជាពិសេសគឺលោក Leonid Mikhelson ដែលជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុនឧស្ម័នរុស្ស៊ី Novatek។

០២) ទីក្រុង Hong Kong

ទីក្រុងមួយនេះ មានមហាសេដ្ឋីរស់នៅ៧៩នាក់ បើធៀននឹងឆ្នាំ២០១៨ កើនឡើង ២នាក់។ ប្រហែលជា​ទីក្រុង​មួយនេះ សម្បូរទៅដោយពួកមហាសេដ្ឋីរស់នៅបែបនេះហើយ ទើបតម្លៃផ្ទះនៅក្នុងទីក្រុងនេះកើនឡើង៤ដង ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចថយចុះ ប៉ុន្តែតាមការប៉ាន់ប្រមាណ តម្លៃផ្ទះនឹងធ្លាក់ចុះបន្តិចវិញនៅឆ្នាំ២០១៩នេះ។ មហាសេដ្ឋីជាស្ដេចក្រាញ់ប្រចាំទីក្រុងនេះ គឺលោក Li Ka-shing។

០១) ទីក្រុង New York សហរដ្ឋអាមេរិក

ជាទីក្រុងប្រជុំទៅដោយក្រុមហ៊ុនធំៗ និងការរស់នៅបែបស៊ីវិល័យ ដែលគិតត្រឹមពេលនេះមានមហាសេដ្ឋីរស់នៅ​៨៤នាក់ កើនឡើង១នាក់បើធៀបនឹងឆ្នាំមុន។ លោក Michael Bloomberg គឺជាអ្នកមានលុយច្រើនជាងគេប្រចាំទីក្រុងមួយនេះ ដែលបច្ចុប្បន្នគាត់មានលុយរហូតដល់៥៥.៥ពាន់លានដុល្លារអាមេរិក។ មហាសេដ្ឋីដែល​រស់នៅទីក្រុងនេះគឺចម្រុះជាតិសាសន៍ និងចម្រុះជំនួញ៕

រដ្ឋាភិបាលអនុម័តលើគម្រោងបង្កើតរោងចក្រកាត់ដេរចំនួន១ទៀតក្រោមទុនវិនិយោគចំនួន២,៥លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តគំរោងវិនិយោគ រោងចក្រថ្មីមួយទៀតដែលមានតម្លៃទឹកប្រាក់២,៥លានដុល្លារអាមេរិក។ គម្រោងនេះមានទីតាំងនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនននារសៀលថ្ងៃទី៣​ មិនានេះថា តបតាមសំណើសុំវិនិយោគពីក្រុមហ៊ុន “TEXSSEL (CAMBODIA) CO., LTD.” ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង។

គំរោងវិនិយោគនេះ ផ្តោតលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ (Home Textiles)។

ជាមួយនឹងការគាំទ្រទៅលើគម្រោងវិនិយោគខាងលើនេះ បានបង្ហាញឱ្យឃើញពីភាពមានជំនឿពីសំណាក់ធុរកិច្ចអន្តរជាតិ ដែលជឿជាក់មកលើកម្ពុជា ដែលអាចធានាបាននូវសុខសុវត្ថិភាពខ្ពស់នៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងជំរុញការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ឋ បាននិងកំពុងជំរុញការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា ខណៈអ្នកជំនាញអចលនទ្រព្យបានទទួលស្គាល់នូវកត្តាដ៏សំខាន់នេះ ដោយពួកគេអះអាងស្រដៀងគ្នានឹងការលើកឡើងខាងលើ។

លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia  កាលពីពេលថ្មីៗនេះថា សកម្មភាពនៃការទិញលក់ដីធ្លី នៅនៅតាមបណ្តោយផ្លូវជាតិចេញពីភ្នំពេញ នៅតែមានស្ថានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ពុំមានជាបញ្ហាចោទនោះទេ ដោយសារហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរ។

លោកស្រីបន្តថា “យើងឃើញសកម្មភាព នៃការទិញលក់ដីនៅតែមានសកម្មភាពល្អប្រសើរ ហើយរហូតមដល់ពេលនេះ មានតំបន់ខ្លះទៀតគឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀតជាពិសេស ផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។

ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានឱ្យដឹងដែរថា សកម្មភាពនៃការទិញលក់ដីធ្លីនៅតាមបណ្តោ យផ្លូវជាតិគឺមិនមានអ្វីថមថយនោះទេ ពោលគឺសកម្មភាពនេះ នៅតែមានសកម្មភាពធម្មតា។ អ្នកទិញក៏មិនមានសកម្មភាពផ្អាក់ការទិញដែរ ហើយនេះ ក៏ជាឪកាសល្អសម្រាប់ពួកគេផងដែរ។

លោកបន្តថា “ដោយសារម្ចាស់ដីមួយចំនួនបាន នឹងកំពុងព្រួយបារម្ភខ្លាចលក់ដីរបស់ខ្លួនមិនចេញនោះបាន ជំរុញឱ្យមានការលក់នៅក្នុងតំលៃថោក ដូច្នេះចរន្តនៃការទិញលក់នៅមានសកម្មភាពច្រើន ឬច្រើនជាងធម្មតាតែបើគិតជាភាគរយវិញ គឺមិនច្រើននោះទេ”។

លោកបញ្ជាក់ទៀតថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣  ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក  ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា នៅកម្ពុជានៅពេលរដ្ឋាភិបាលប្រកាសការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណា តំបន់នោះដីបានឡើងថ្លៃ ដោយសារសកម្ម​ភាពនៃការអភិវឌ្ឈនឹងសាយភាយទៅកាន់តំបន់នោះ។

លោកបន្តថា “នេះជានិន្នាការកើតមានជាធម្មតា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឈន៍នានា ព្រោះពេលណារដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នឹងមានសកម្មភាពសេដ្ឋកិច្ចកើតនៅតំបន់នោះជាស្វ័យប្រវត្តិ”។

ទាក់ទងនឹងវិស័យអចលនទ្រព្យ លោកសុខនីមបានបញ្ជាក់ថា “ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ ដែលប្រជាជនក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិគួរតែចាប់ផ្តើមឡើងវិញ”។

លោកច្រឹក សុខនីមថា ក្នុងស្ថានភាពបច្ចុប្បន្នសកម្មភាពនៃការវិនិយោគ ទិញលក់ដីធ្លី ក្នុងស្រុកនៅតែមានសកម្មភាពធម្មតា ប៉ុន្តែអ្នកវិនិយោគបរទេសហាក់មានភាពស្ងប់ស្ងាត់បន្តិច ហើយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក៏មិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ព្រោះការវិវត្តន៍នៃស្ថានភាពពិភពលោក និងសេដ្ឋកិច្ចមិនមានអ្វីដែលត្រូវអូសបន្លាយយូរនោះទេ៕

រោងចក្រកាត់ដេររបស់កម្ពុជានិងវៀតណាមជួបហានិភ័យធ្វើឱ្យប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច

ដោយ ហ្សូលី

ភ្នំពេញៈ រោងចក្រកាត់ដេរ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងវៀតណាម កំពុងជួបហានិភ័យជាច្រើន ដូចជា ផ្អាកអាជីវកម្ម បិទដំណើរការ ខ្វះខាតធនធាន ជាដើម ដែលបង្កឱ្យមានការប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

រោងចក្រកាត់ដេរសម្លៀកបំពាក់ តម្លៃរាប់ពាន់លានដុល្លារនៅកម្ពុជា កំពុងប្រឈមនឹងហានិភ័យ និងការរំខានខ្សែសង្វាក់ផលិតកម្ម ដោយសារការផ្ទុះឡើងនៃមេរោគកូរ៉ូណា ខណៈការរាលដាលនេះ ធ្វើឱ្យឧស្សាហកម្មក្នុងអាស៊ីអាគ្នេយ៍ជាប់គាំង ដែលជាហេតុប ណ្តាលឱ្យពាណិជ្ជកម្មព្រំដែនមានការរអាក់រអូល។

ប្រទេសកម្ពុជាកំពុងមានភាពតានតឹង ជាមួយនឹងវិស័យកាត់ដេរ ដែលមានទឹកប្រាក់សរុបចំនួន៧ពាន់លានដុល្លារអាមេរិក ដែលពឹងផ្អែកលើវត្ថុធាតុដើមប្រទេសចិនដល់ទៅ៦០%។

កាលពីសប្តាហ៍មុន ក្រសួងការងារបានប្រកាសថា រោងចក្រចំនួន១០បានកាត់បន្ថយផលិតកម្មរបស់ខ្លួន និងរោងចក្រជិត២០០ ត្រូវបានគេរំពឹងថា នឹងអស់ស្តុកវត្ថុធាតុដើម។ នេះអាចបង្កហានិភ័យដល់កម្មករ និងនិយោជិក១៦០.០០០នាក់ ដែលច្រើនជាង ២០ភាគរយ នៃកម្លាំងពលកម្ម៧០០.០០០នាក់នៅក្នុងវិស័យនេះ។

រីឯវៀតណាមវិញក៏នឹងខាតបង់ទឹកប្រាក់ចំនួន២ពាន់លានដុល្លារដែរ ប្រសិនបើវត្ថុធាតុដើម ដែលមានប្រភពមកពីប្រទេសចិន ត្រូវបានពន្យាពេលសម្រាប់មួយសប្តាហ៍ទៀត។

ដូចប្រទេសកម្ពុជាដែរ ឧស្សាហកម្មរបស់ប្រទេសនេះ បានពឹងផ្អែកលើប្រទេសចិនសម្រាប់ក្រណាត់ចំនួន៦០ភាគរយ ដើម្បីជម្រុញខ្សែសង្វាក់ផលិតកម្ម សម្លៀកបំពាក់រប​ស់​ខ្លួន។

រហូតមកដល់ពេលនេះ ការនាំចេញសម្លៀកបំពាក់របស់វៀតណាម បានធ្លាក់ចុះ ១,៧ភាគរយស្មើនឹង៤,៥ពាន់លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។

សូម្បីតែប្រព័ន្ធដឹកជញ្ជូនក៏មានភាពយឺតយ៉ាវដែរ ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់ដល់ដំណើរការផលិតកម្ម និងរាំងស្ទះដល់ចរន្តសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

(AFP)

ខេត្តបាត់ដំបងត្រៀមបន្ទប់ស្នាក់នៅនិងតង់ជាង៤០០០សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យទន្លេ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមបន្ទប់ស្នាក់នៅទាំងសណ្ឋាគារ ផ្ទះសំណាក់ និងតង់ជាង៤០០០ សម្រាប់ទទទួលផ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងមកកម្សាន្ត ក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦នាពេលខាងមុខនេះ ខណៈតាមការព្យាករណ៍នឹងមានភ្ញៀវជាតិ និងអន្តជាតិមកលេងកម្សាន្តច្រើន។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោកនី រស្មី បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៣ ខែមីនាឆ្នាំ ២០២០កន្លងមកនេះថា រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ជិត៤០០០បន្ទប់ និងតង់ជាង១០០តែចំនួននេះ គឺមិនអាចទទួលគ្រប់នោះទេ ខណៈភ្ញៀវទេសចរណ៍ត្រូវបានរំពឹងថានឹងមកលេងកម្សាន្តច្រើន។

លោកបន្តថា “ជាមួយគ្នានេះរដ្ឋបាលខេត្ត បានស្នើសុំសហការជាមួយខេត្ត ដែលនៅជាប់នឹងខេត្តបាត់ដំបង ឱ្យគេត្រៀមបន្ទប់ស្នាក់នៅផងដែរ ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពងាយស្រួល”។

លោកបន្ថែមទៀតថា តាមការព្យាករណ៍នឹងមានភ្ញៀវជាតិ និងអន្តរជាតិច្រើនមកកំសាន្តក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ដូច្នេះតម្រូវឱ្យរដ្ឋបាលខេត្ត ត្រូវរៀបចំផ្ទះស្នាក់នៅទីក្រុង សម្រាប់ជួលជូនភ្ញៀវ ដែលបានមកកំសាន្តក្នុងពិធីបុណ្យទន្លេឆាប់នេះ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំបុណ្យទន្លេនេះ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិជាច្រើន ក្រុមការងាររៀបចំបុណ្យ បានធ្វើការរៀបចំផ្ទះស្នាក់ទីក្រុង ដើម្បីរៀបចំទទួលភ្ញៀវជាតិ និងអន្តរជាតិ នឹងនឹងមកលេងកម្សាន្ត និងបានណែនាំដល់មន្ទីរទេសចរណ៍ សហការណ៍ជាមួយបណ្តាមន្ទីរ អង្គភាព និងក្រុងបាត់ដំបង ដើម្បីរៀបចំបន្ទប់ស្នាក់នៅ តាមសមាគមន៍ និងទីតាំងមន្ទីរ អង្គភាពមួយចំនួនទៀត។

លោកសឿម ប៊ុនរិទ្ធិ បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រជុំផ្សព្វផ្សាយតាមបណ្តាផ្ទះជួលក្នុងក្រុងបាត់ដំបង ដែលនៅសល់បន្ទប់ ត្រូវរៀបចំទុកសម្រាប់ជួលស្នាក់នៅប្រចាំថ្ងៃវិញ ម្យ៉ាងវិញត្រូវរៀបចំបោះតង់ស្នាក់នៅ ទៅតាមទីតាំងជាក់ស្តែង ដូចជានៅមន្ទីរទេសចរណ៍ជាដើមផងដែរ ។

លោកបញ្ជាក់ទៀតថា ក្រៅពីការរៀបចំកន្លែងស្នាក់នៅ ក្នុងឱកាសពិធីបុណ្យទន្លេនេះ ក៏មានរៀបចំស្តង់ដើម្បីដាក់តាំងពិព័ណ៌ផលិតផលក្នុងស្រុក ការរៀបចំមហាស្រពម្ហូបអាហារ និងវិថីម្ហូបអាហារ ការរៀបចំតុបតែកែលម្អតាមដងផ្លូវ និងសួនសាធារណៈព្រមទាំងរៀបចំក្លោងទ្វារច្រកចូលមកក្រុងបាត់ដំបង និងក្លោងទ្វារច្រកចូលតូចៗមួយចំនួនទៀតនៅតាមបណ្តាលផ្លូវសំខាន់ផងដែរ។

រដ្ឋបាលខេត្តបាត់ដំបង កាលថ្ងៃទី២ខែមីនាឆ្នាំ២០២០ កន្លងមកនេះ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីសម្របសម្រួលរៀបចំទីតាំង ផ្តល់ជូនភ្ញៀវសម្រាប់បោះតង់សម្រាប់បរិវេណវាលបែកចាន និងតាមបណ្តាមន្ទីរ អង្គភាពនានា ក្នុងខេត្តបាត់ដំបងដើម្បីផ្តល់ភាពងាយស្រួល ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានបំណងមកកម្សាន្តក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦ខាងមុខនេះ។

យោងតាមកម្មវិធីដែលគ្រោងទុក ពិធីបុណ្យទន្លេលើកទី៦នេះ នឹង មានរៀបចំជាព្រឹត្តិការណ៍មុនពិធី (Pre Event) និងសកម្មភាពជាច្រើន រួមមាន៖  ពិធីដាំដើមឈើ សិក្ខាសាលាស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិធីបួងសួង និងក្រុងពាលី កីឡាជិះកង់កម្សាន្ត១០គម រត់ប្រណាំងកំសាន្ត ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាព  កីឡាប៉េតង់  ប្រដាល់គុណខ្មែរអន្តរជាតិ  កីឡាចំបាប់បុរាណ  កីឡាទាញព្រាត់  ការប្រកួតអុកចត្រង្គ ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិ​តផលបរទេស  មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី  និង ការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ។

ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ហើយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

រដ្ឋាភិបាលគ្រោងទាញយកថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យកម្លាំង៤១០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០២២

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងបង្កើនថាមពលអគ្គិសនី ដោយបំលែងចេញពីពន្លឺព្រះអាទិត្យឱ្យបាន៤១០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០២២  ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៅទូទាំងប្រទេស។

យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គម្រោងទាញយកថាមពលពីពន្លឺព្រះអាទិត្យនេះ បានចាប់ផ្តើមតាំងពីគម្រោងមួយ ដែលមានថាមពលត្រឹមតែ១០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៨ ហើយឥឡូវនេះសមត្ថភាពផលិតបានកើនឡើងដល់៩០មេហ្កាវ៉ាត់ ។

ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា គម្រោងកែច្នៃថាមពលពន្លឺព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីនេះ ជាគំរោងចំនួន៧ផ្សេងទៀត ដែលត្រូវបានអនុម័តហើយរហូតដល់ឆ្នាំ២០២២ ដោយសមត្ថភាពបន្ថែមរហូតដល់ទៅ៤១០មេហ្គាវ៉ាត់ ហើយប្រសិនបើគេប្រៀបធៀបជាមួយនឹងថាមពលអគ្គិសនី ដែលមានកាលពីឆ្នាំ២០១៩ ដែលកម្ពុជាមានអនុភាពថាមពលអគ្គិសនី២.៦៥០មេហ្កាវ៉ាត់ គឺប្រភពថាមពលពីពន្លឺព្រះអាទិត្យនឹងគ្របដណ្តប់ជិត២០ភាគរយ។

ការស្រូបទាញថាមពលពន្លឺព្រះអាទិត្យ មកធ្វើជាថាមពលអគ្គិសនី ត្រូវបានអនុម័តចាប់តាំងពីរាជរដ្ឋាភិបាលព្យាយាម បំពេញតម្រូវការថាមពលសម្រាប់ប្រជាជន និងការអភិវឌ្ឍថ្មីៗបន្ថែម ទៅលើគម្រោងផែនការដែលមានដូចជា ទំនប់វារីអគ្គីសនី រោងចក្រថាមពលដើរដោយធ្យួងថ្ម។

ដោយឡែក គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន៧ ដែលទទួលបានការអនុម័ត និងកំពុងសាងសង់ រួមមាននៅក្នុងខេត្តកំពង់ឆ្នាំង បាត់ដំបង ស្វាយរៀង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះ ស្ថានីយស្រូបទាញថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០មេហ្គាវ៉ាត់ មាននៅក្រុងបាវិតនិងឧទ្យានសូឡា មានកម្លាំង៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ហើយក្នុងកំឡុងពេលសាងសង់ ជាការលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនបានគិតពន្ធលើការនាំចូលវត្ថុធាតុដើម នាំចូលពីក្រៅប្រទេសរយៈពេល៩ឆ្នាំ ជាពិសេសក្នុងគោលបំណងជំរុញ ឱ្យការធ្វើពិពិធកម្មបង្កើនថាមពលអគ្គិសនី បានគ្រប់តាមផែនការដែលមានកម្លាំង៤១០មេហ្គាវ៉ាត់៕

ចំណេះដឹង! តើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីត្រូវមាន និតិវិធីដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ រាល់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជីត្រូវដាក់ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ នៅការិយាល័យច្រកចេញចូលតែ១ នៃសា​​លាស្រុក-ខណ្ឌ ដែលក្បាលដីស្ថិតនៅក្បែរលំនៅឋានរបស់អ្នក។

បន្ទាប់ពីបានដាក់ពាក្យត្រឹមត្រូវហើយ ខាងស្រុក-ខណ្ឌ នឹងជូនដំណឹងដល់អ្នកស្នើសុំ អំពីការចុះវាស់វែងដីធ្លី និងធ្វើកំណត់ហេតុអំពីការចុះវាស់វែង។បន្ទាប់ពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ ខាងស្រុក-ខណ្ឌ នឹងរៀបចំឯកសារ ដើម្បីអោយអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤% នៃតម្លៃលក់អចលនទ្រព្យ។ នេះ បើយោងតាមតារាងតម្លៃអចលនទ្រព្យ ដែលបានវាយតម្លៃដោយគណៈកម្មការ វាយតម្លៃអចលនទ្រព្យ។

ការបង់ពន្ធប្រថាប់ត្រា សម្រាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី គឺជាលក្ខ​ខណ្ឌ តម្រូវតាមគោលការណ៍នៃសេចក្តីណែនាំលេខ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុវត្តប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ។

សេចក្តីណែនាំនេះចែងថា ចំពោះអចលនទ្រព្យដែលពុំទាន់បានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) នៅពេលអចលនទ្រព្យនោះ ត្រូវបានផ្ទេរសិទ្ធិកាន់កាប់នូវចំណែកទាំងស្រុង ឬចំណែកណាមួយនៃអចលនទ្រព្យ (ការពុះជាឡូត៍ ឬការបំបែកក្បាលដី) អ្នកទទួលសិទ្ធិកាន់កាប់ មានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាតាមអត្រា៤% ស្របតាមច្បាប់ជាធរមាន ដូចអចលនទ្រព្យ ដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ដែរ ។

ក្រោយពីបានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅស្រុក-ខណ្ឌវិញ ដើម្បីដាក់ឲ្យស្រុក-ខណ្ឌ ពិនិត្យ និងសំរេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនអ្នកទិញ ត្រឹមថ្នាក់ស្រុក-ខណ្ឌ។ ពេលនោះលោក-អ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិ អចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវ ឲ្យទៅឈ្មោះអ្នកទិញ ដោយមានទាំង ឯកសារបញ្ជាក់ពីការបង់ពន្ធប្រថាប់ត្រា៤%៕

កម្ពុជានាំចេញអង្ករបានចំនួនជាង១៣៦,៤៩៩តោនកើនជាង២២ភាគរយ

ដោយវុត្ថា

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល២ខែ នៃឆ្នាំ ២០២០ នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន១៣៦,៤៩៩តោន កើនជាង២២% បើធៀបទៅ២ខែដើមឆ្នាំ២០១៩។

ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែកុម្ភៈបាននាំចេញជាង៨៦,០០០តោន ដែលកើនជាង៣៥,០០០តោន ធៀបទៅខែមករាឆ្នាំ២០២០។

របាយការណ៍ដដែលបានផ្សព្វផ្សាយ កាលនៅក្នុងដើមខែមីនា ឆ្នាំ ២០២០នេះ បង្ហាញថា   ក្នុងរយះពេល២ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយក៣៧% សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស៣០% ប្រទេសនៅក្នុងបណ្តារសហគមន៍អាស៊ាន១៨% និងបណ្តាគោលដៅផ្សេងមានជាង១៤%។

របាយការណ៍ដដែលបញ្ជាក់ទៀតថា បើធៀបខែកុម្ភៈ២០២០ ជាមួយ២០១៩ ឃើញថា កំនើនទៅអ៊ឺរ៉ុបកើនឡើង១២៦% ដោយកើនពី១០០៨០ តោន ទៅ២២៧៥៣តោន។ ទីផ្សារប្រទេសចិនកើន៣៣% ដោយកើនពី២៧១៨៦តោន ទៅ៣៦០៨៥តោន ទីផ្សារក្នុងប្រទេសអាស៊ាន១១៩% កើនពី៨៨២៥តោន ទៅ១៩៣៤៧តោន និងទីផ្សារផ្សេងកើនពី៦៧៧០តោន ដល់ចំនួន៧៨៦៤តោន។ ជារួមសំរាប់ខែកុម្ភៈ២០២០កើន ៦៣% ធៀបទៅខែកុម្ភៈ២០១៩។

សហព័ន្ធស្រូវអង្ករកម្ពុជាពន្យល់ថា មានកក្តាជាច្រើនដែលជំរុញអោយមានការបញ្ជារទិញកើនឡើងដែលក្នុងនោះរួមមាន ទី១ ទីផ្សារសហគមន៍អឺរ៉ុប អាត្រាពន្ធនាំចូលបានធ្លាក់ចុះពី ១៧៥ អឺរ៉ូ មក ១៥០អឺរ៉ូ។ ទី២ កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើកាផលឹតស្រូវសរីរាង្គ ការផលឹតស្រូវដែលមាននិរន្តភាព ការផលឹតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្មជាដើម។

ទី៣ ការធ្វើពិពិធកម្ម ប្រភេទទំនិញអង្ករពីអង្ករ សំរិត មកត្រឹមអង្ករសំរូប ដែលមិនជាប់ពន្ធនាំចូល និងទី៤ ទីផ្សារប្រទេសចិន ដោយសារភាពអស្ចារ្យ របស់សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទៅទស្សនៈកិច្ចក្នុងពេលថ្មីៗនេះ បានអង្រួនបេះដូងប្រជាជនចិន ហើយចាប់ផ្តើមស្គាល់កម្ពុជាកាន់តែខ្លាំង ដែលធ្វើអោយតម្រូវការអ្នកប្រើប្រាស់ និងសួររកអង្ករកម្ពុជានៅតាមទីផ្សារកាន់តែខ្លាំងឡើង(យោងតាមព័ត៌មានពីអ្នកបញ្ជារទិញអង្ករ)៕

ផ្សារស្ទឹងមានជ័យដែលមានវ័យចំណាស់ ៦០ ឆ្នាំ ត្រៀមសាងសង់ថ្មី

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមសាងសង់ឡើងវិញនូវសំណង់ផ្សារស្ទឹងមានជ័យដែលមានវ័យចំណាស់៦០ ឆ្នាំ ខណៈផ្សារដែលមានវ័យណាស់នេះ មានសភាព ទ្រុធទ្រោមខ្លំាង ដែលអាចបង្កគ្រោះថ្នាក់ដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់។

នេះ គឺជាការបង្ហើយឱ្យដឹងបីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជធានី ចុះពិនិត្យស្ថានភាពសំណង់និងការលក់ដូរក្នុងផ្សារស្ទឹងមានជ័យចាស់នាថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២០ នេះ ខណៈសំណង់មួយនេះ ត្រូវបានគេដឹងថា បានសាងសង់តំាងពីទសវត្សរ៍ ទី៦០កន្លងមកនេះ ។

លោក ឃួង ស្រេង បានចុះត្រួតពិនិត្យសំណង់ផ្សារស្ទឹងមានជ័យចាស់ នៅថ្ងៃនេះ គឺដើម្បីសិក្សានិងវាយតម្លៃ ការជួសជុលកែលម្អសាឡើងវិញ និងបន្ទាប់ពីមានការបារម្ភពីកត្តាហានិភ័យនានា គ្រាដែលសំណង់ផ្សារដែលធ្វើពីឈើប្រ៉ក់សង្ក័សីនេះ មានសភាព ទ្រុធទ្រោមខ្លំាង ដែលអាចបង្កគ្រោះថ្នាក់ដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់។
លោក ឃួង ស្រេង ក៏បានជម្រុញដល់ប្រធានផ្សារ អាជ្ញាធរឃុំ សង្កាត់ ត្រូវពង្រឹងការផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ អោយបានយល់បានដឹង អំពីគម្រោងនានា ពាក់ព័ន្ធនឹងការជួសជុលកែលម្អផ្សារនេះ ឡើងវិញផងដែរ។
លោកថា “ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនេះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់ អាជីវករលក់ដូរ និង ប្រជាពលរដ្ឋ នៅពេលមានភ្លៀងឬខ្យល់កន្ត្រាក់ម្តងៗ”។

លោក ឃួង ស្រេងបន្តថា “ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង”។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលមានទំហំ១៣ ម៉ែត្រគុណនឹង១៨ ម៉ែត្រ។ ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះបានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុដោយ ប្រជាពលរដ្ឋនិងអាជីវករ៕

តំបន់ចំនួន៣នៅភ្នំពេញនឹងក្លាយជាមណ្ឌលដើរទិញទំនិញនិងកម្សាន្តលំដាប់ អន្តរជាតិនៅពេលខាងមុខ

ដោយៈរ៉ាណេត

ភ្នំពេញៈតំបន់ចំនួន៣ ដែលស្ថិតនៅក្នុងខណ្ឌផ្សេងគ្នា ក្នុងរាជធានីភ្នំពេញត្រូវបានអ្នកជំនាញអះអាងថា នឹងក្លាយទៅជាមជ្ឈមណ្ឌលទិញទំនិញ និងកម្សាន្តតាមរយៈការបង្កើតផ្សារទំនើបកម្រិតស្ដង់ដាអន្តរជាតិជាច្រើន នៅលើទីតាំងនៅក្នុងខណ្ឌទាំង៣ខាងលើនេះ។

មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញា គឹម គិនកេសា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បើមិនមានអ្វីប្រែប្រួលនោះទេ យ៉ាងយូរនៅត្រឹមរយៈពេល៣ឆ្នាំខាងមុខនេះ ផ្សារទំនើបលក្ខណៈអន្តរជាតិជាច្រើន នឹងបង្ហាញខ្លួននៅតំបន់ចំនួន៣សំខាន់ៗ ដែលស្ថិតនៅក្នុងខណ្ឌផ្សេងៗពីគ្នា ដែលក្នុងនោះ រួមមាន ដូចជា ខណ្ឌសែនសុខ ខណ្ឌចំការមន និងមានជ័យ ។

កញ្ញាបន្តថា តំបន់ទី១ ស្ថិតនៅក្នុងខណ្ឌសែនសុខ ពិសេសតំបន់ជុំវិញផ្សារទំនើបAEON MALL2 ជាតំបន់បណ្តុំដោយផ្សារទំនើប។ ពិសេសដោយសារកំនើននៃប្រជាសាស្ត្រកើនឡើងកាន់តែច្រើនទៅរស់នៅក្នុងតំបន់នេះ ជាពិសេស មានការកកើននូវសំណង់លំនៅដ្ឋានជាច្រើន ជាក់ស្ដែងដូចជាពេលនេះ ខណ្ឌសែនសុខបានក្លាយជាតំបន់ ដែលមានបុរីច្រើនជាងគេ នៅក្នុងចំណោមខណ្ឌនានានៅរាជធានីភ្នំពេញ។ ទាំងនេះគឺជាចំណុ​ចដ៏ទាក់ទាញបំផុត សម្រាប់បណ្តាអ្នកវិនិយោគលើផ្នែកផ្សារទំនើប ខណៈដែលសព្វថ្ងៃនេះមានផ្សារទំនើប AEON2 ផ្សារMakro និងផ្សារទំនើបChip Mong SenSok ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លី។

តំបន់នេះ នឹងមានផ្សារទំនើបនិងពាក់កណ្តាលទំនើបដទៃទៀត នៅជុំវិញនោះ ដូចជាផ្សារស្ថិតក្នុងបុរីវិមានភ្នំពេញ ផ្សារទំនើបAEON MALLខ្នាតតូចក្នុងបុរីប៉េង ហួតជាដើម។

កញ្ញាកឹម កិនកេសាបានបន្តទៀតថា ចំណែកនៅក្នុងខណ្ឌមានជ័យ ក៏ដូចជាគ្នាពិសេសនៅតំបន់កោះពេជ្រ និងជុំវិញកោះពេជ្រ ដែលជាបណ្តុំផ្សារទំនើបដូចជាAEON Mall1 ផ្សារThe Bridge Commercial, ផ្សារទំនើបលំដាប់អន្តរជាតិក្នុងគំរោងThe PeAk​និងផ្សារទំនើបស្ថិតក្នុងគំរោងThe D.I RIVIERAស្ថិតនៅលើទីក្រុងរណបកោះពេជ្រ ដែលនឹងបើកដំណើរការនាពេលខាងមុខផងដែរ។

ចំណែកគំរោងទី៣ គឺស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ដែលមានផ្សារទំនើបធំៗក៏នឹងបង្ហា​ញវត្តមាននៅទីនោះផងដែរ ដែលក្នុងនោះ រួមមាន ផ្សារទំនើបប៉េងហួត ផ្សារទំនើប AEON 3 រួមជាមួយគម្រោងផ្សារទំនើបChip Mong មួយទៀត និងគំរោងផ្សារទំនើបនិង​មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលរួមបញ្ចូលនូវផ្សារទំនើបធំមួយផងដែរ។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនCentury21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការរីកចម្រើនផ្សារទំនើប ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកំណើ​នអំណាចនៃការទិញ ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសអ្វីដែលយើងមើលឃើញគឺចំនួនផ្សារទំនើប ដែលមានបច្ចុប្បន្ននៅមិនទាន់ច្រើននោះទេ បើធៀបទៅនឹងទំហំផ្សារ និងចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងមួយនេះ។

លោកបន្តថា “តំបន់ស្ថិតនៅក្នុងខ័ណ្ឌសែនសុខ មានការរីកចម្រើនលឿន និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ហេតុនេះអ្នកវិនិយោគ ដែលចូលមកវិនិយោគតំបន់នេះពួកគេពិតជាបានសិក្សាទីផ្សាររួចហើយ ទើបពួកគេវិនិយោគ”។លោកបន្តថា “អ្នកវិនិយោគមើលឃើញអំណាចនៃការទិញកើនឡើង ទើបពួកគេចូលទៅវិនិយោគតំបន់នេះ ដោយសា​រលំហូរប្រជាជនចូលទៅរស់នៅតំបន់នេះច្រើន”។

លោកបន្តថា បើយើងមើលមួយភ្លេតគឺផ្សារហាក់មានចំនួនច្រើន ប៉ុន្តែបើយើងមើលកំណើនប្រជាជន និងការចាប់យកចំណែកទីផ្សារខុសៗគ្នា ពីសំណាក់អ្នកវិនិយោគនៅតំបន់នោះ គឺចំនួនផ្សារទាំងនោះនៅមិនទាន់ច្រើននោះទេ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូរ វណ្ឌី បានបង្ហាញពីការសាទរចំពោះកំណើនវត្តមាន នៃបណ្តាផ្សារទំនើបបែបកម្សាន្ត នៅក្នុងរាជធានីភ្នំពេញ ដែលវាជាការចូលរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់រាជធានីមួយនេះកាន់តែច្រើន ព្រោះនៅពេលដែលមានទីផ្សារទំនើប ដែលរៀបចំជាមជ្ឈ​មណ្ឌលកម្សាន្តកាន់តែច្រើន មួយរយភាគរយ គឺពិតជាជួយចូលរួមចំណែកលើកកម្ពស់ដល់ផ្នែកទេសចរណ៍។

លោកបន្តថា ជាក់ស្ដែងដូចជាបច្ចុប្បន្ននេះ ស្ទើរតែរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅតាមបណ្តាផ្សារទំនើបនានាដូចជា ផ្សារទំនើបAEON1 ដែលស្ថិតនៅក្នុងខណ្ឌចំការមន ផ្សារទំនើបAEON2 ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ផ្សារទំនើបTK ស្ថិតនៅខណ្ឌទួលគោក ក៏ដូចជាផ្សារទំនើបសូរិយា ដែលបច្ចុប្បន្នបានកែប្រែ និងរចនាជាផ្សារទេសចរណ៍នៅជាន់ខាងលើជាដើម គឺសុទ្ធតែទាក់ទាញមហាជនក្នុងស្រុក ក៏ដូចជាជនបរទេសចូលទិញសម្ភារៈ ជាមួយនឹងការកម្សាន្តផងដែរ ប៉ុន្តែទោះជាយ៉ាងណា បណ្តាផ្សារទំនើបទាំងនេះហាក់នៅមានទំហំតូចនៅឡើយ។

លោកបានបន្តទៀតថា “ប្រសិនបើនៅថ្ងៃខាងមុខនេះ មានលេចឡើងនូវវត្តមានផ្សារទំនើបកាន់តែច្រើន ហើយផ្តោតលើកម្រិតទីផ្សារខុសគ្នា ដូចជាប្រភេទទំនិញ និងការចាប់យកវ័យអតិថិជនជាគោលដៅកាន់តែច្រើន គឺកាន់តែផ្តល់ភាពល្អប្រសើរកាន់ប្រសើរ”៕