ដោយ ហ្សូលី
ភ្នំពេញៈ ក្នុងឆ្នាំ ២០២០នេះ វិស័យអចលនទ្រព្យ ហាក់បីដូចជាមានភាពស្រពេចស្រពិលលើចរន្តទិញ-លក់បន្តិច ប៉ុន្តែនៅតែមានចរាចរណ៍ដដែល។ ម្យ៉ាង សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ នឹងវិបត្តិសេដ្ឋកិច្ច ដែលជាហេតុនាំឱ្យមានសំណួរចោទថា តើឆ្នាំ ២០២០នេះ អាចទិញឬលក់អចលនទ្រព្យបានដែរឬទេ?។

-->
អ្នកជំនាញអចលនទ្រព្យដែលាមានបទពិសោធន៍ច្រើនឆ្នាំ និងជានាយិកាក្រុមហ៊ុន Amatak Property Service លោកស្រី តាំង ហ៊ួរ ធ្លាប់បានមានប្រសាសន៍មកកាន់គេហទំព័រ Property Area Asia ថា មិនថាបុរីលំនៅដ្ឋាន លំនៅដ្ឋាន នៅតំបន់ណានោះទេ ជាយក្រុងក៏ដោយ ក្នុងក្រុងក៏ដោយសុទ្ធសឹងតែជាឱកាសទាំងអស់។ អ្វីដែលសំខាន់ឱ្យតែគម្រោងនោះមានភាពច្បាស់លាស់ មានក្រុមហ៊ុនអភិវឌ្ឍត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរ ជាពិសេសលក់ក្នុងតម្លៃល្អ អ្នកវិនិយោគឬអ្នកចង់ជាវអចលនវត្ថុគួរតែចាប់យកឱកាសនេះ។
ទន្ទឹមនេះ នាយិការរូបនេះសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះស្ថានភាព Covid-19 មានភាពប្រសើរក៏ពិតមែន ប៉ុន្តែវិស័យអចលនទ្រព្យ មិនទាន់វិលរកសភាពនៅឡើយទេ ដូចនេះមានគម្រោងជាច្រើន ដែលកំពុងធ្វើការបញ្ចុះតម្លៃទាបជាងទីផ្សារច្រើន។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌបង់ប្រាក់ ក៏មានភាពងាយស្រួលផងដែរ ដោយសារក្រុមហ៊ុនយល់ចិត្តអតិថិជនដោយសម្រាលនូវការប្រាក់ និងរយៈពេលបង់ប្រាក់ផងដែរ។
ដោយឡែក បើតាមឱ្យដឹងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ដែលបានចេញផ្សាយ កាលពីពេលកន្លងទៅបានឱ្យដឹងទៀតថា ទីផ្សារលក់រាយអចលនទ្រព្យក្នុងប្រទេសកម្ពុជា អាចនឹងមានការប្រែប្រួល សូម្បីតែការជួលអចលនទ្រព្យក៏ដោយ។ រដ្ឋាភិបាលកម្ពុជា មិនទាន់បានដាក់ចេញនូវច្បាប់ ដែលកំណត់ឲ្យម្ចាស់ជួលត្រូវបញ្ចុះតម្លៃដល់អ្នកជួលក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាផ្លូវការនៅឡើយទេ។ ជាក់ស្តែង ការបញ្ចុះតម្លៃទិញ-លក់គឺផ្តើមចេញពីការចរចារវាងម្ចាស់អចលនទ្រព្យនិងអ្នកទិញតែប៉ុណ្ណោះ
ជាមួយគ្នានេះ លោកឧកញ៉ា តេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានលើកឡើងថា អ្នកវិនិយោគអចលនទ្រព្យមានច្រើនប្រភេទ ទី១ អ្នកវិនិយោគអចលនទ្រព្យពាក់ព័ន្ធវិស័យទេសចរណ៍ ដូចជាការអភិវឌ្ឍទៅជា លំនៅឋានលំហែកាយ សណ្ឋាគារនិងរមណីយដ្ឋានផ្សេង។ ទី ២ គឺអ្នកដែល ស្វែងរកទិញអចលនទ្រព្យទុកវិនិយោគបន្តយកចំណេញជាដើម។

ក្រៅពីការបង្កើតប្រភេទអចលនទ្រព្យ ដូចបានរៀបរាប់ខាងលើ អ្នកជំនាញមួយរូបក៏បានរៀបរាប់ថា អចលនទ្រព្យអាចផ្តល់ឱកាសជាច្រើន ប្រភេទមិនថាទៅជា ការវិនិយោគលើការសាងសង់លំនៅដ្ឋាន រោងចក្រ ផ្សេងៗផងដែរ។
យ៉ាងណាមិញ អ្នកជំនាញអចលនទ្រព្យ លោក ហៃ រ៉ាវី នាយកក្រុមហ៊ុនអចលនទ្រព្យ Daily Realty Group បានក្រើនរំលឹកថា មុននឹងទិញលំនៅដ្ឋាននៅតំបន់ណាមួយនោះ ត្រូវពិចារណាថា ទីនោះមានប្រជាពលរដ្ឋសម្រុកទៅច្រើនន អាចប្រកបអាជីវកម្ម មានរោងចក្រ សហគ្រាស នៅជុំវិញ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធមានភាពរលូនស្រួលដែរឬយ៉ាងណា៕