ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងធ្វើពិពិធកម្មព្រលានយន្តហោះ នៅក្នុងប្រទេសដោយមានទាំងពង្រីកផ្លូវរត់ និងសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មី ក្នុងទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូនតាមផ្លូវការអាកាស និងប្រកួតប្រជែងនៅក្នុងតំបន់ ព្រមទាំងលំហូវិនិយោគមកពីបណ្តាប្រទេសនានាលើសកលលោក។

-->
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា ការធ្វើពិពិធកម្មព្រលានយន្តរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺឆ្លើយតបទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាសនាពេលខាងមុខ និងសម្រាប់ធ្វើការប្រកួតប្រជែង ការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់ និងនៅលើពិភពលោក។
លោកបន្តថា “វាជាចំណុចល្អខ្លាំងមែនទែន សម្រាប់ប្រទេសកម្ពុជា ព្រោះថាការដឹកជញ្ជូនតាមផ្លូវអាកាសនេះ គឺមានសារៈសំខាន់ណាស់ នៅក្នុងទសវត្សរ៍នេះ ពីព្រោះយើងដឹងហើយថា ការរីកចំរើននៅក្នុងប្រទេសនាមួយៗ វាមានការេប្រកួតប្រជែងគ្នាខ្លាំងណាស់” ។ លោកបន្ថែមថា “ការដឹកជញ្ជូនតាមផ្លូវការននេះ បាននឹងកំពុងមានការប្រកួតប្រជែងខ្ពស់ និងមានសក្តានុពលខ្លាំង ដោយមិនមែនប្រកួតប្រជែងឆ្នាំនោះទេ តែគេប្រកួតប្រជែងជាមួយនឹងពេលវេលា គេគិតខែ មកអាទិត្យ និងថ្ងៃ ហើយកន្លែងខ្លះគេគិតម៉ោងថែមទៀត” ។
លោកហូ វណ្ឌី បានបញ្ជាក់ថា ល្គឹកណាកម្ពុជា មិនជួបនូវវិបត្តិផ្សេងៗ ដូចជាវិបត្តិនយោបាយ វិបត្តិគ្រោះទុរភឹក្ស ឬ វិបត្តិជំងឺផ្សេងនោះទេ កម្ពុជានឹងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងការវិនិយោគកាន់តែច្រើនថែមទៀត ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញនូវការអភិវឌ្ឍន៍ដ៏លេចធ្លោ និង ការប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់ផងដែរ។
លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា ការដែលរាជរដ្ឋាភិបាលបានដាក់ទុនវិនិយោគ រាប់ពាន់លានដុល្លារអាមេរិក លើការពង្រីក និងការសាងសង់ព្រលានយន្តហោះថ្មី នៅក្នុងប្រទេសនេះ មិនមែនជាគម្រោងដែលត្រូវបានធ្វើឡើងនៅថ្ងៃនេះនោះទេ ពោលគឺរាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍតាំងពីយូរាប់ឆ្នាំណាស់មកហើយ។
លោកស្រីបន្តថា “ការធ្វើពិធកម្មព្រលានយន្តហោះនេះ គឺការឆ្លើយតបទៅនឹង ទំហំនៃការវិនិយោគ និងទេសចរណ៍ហូរចូលមកកម្ពុជាកាន់តែច្រើនឡើង ពីមួយឆ្នាំកាលពីកន្លងមកនេះ” ។ លោកស្រីបន្ថែមថា “នេះក៏ជាល្អសម្រាប់វិស័យដឹកជញ្ជូន តាមផ្លូវអាកាសរបស់កម្ពុជា ដែលមានសមត្ថភាពអាចទទួលចុះចតនូវយន្តហោះធំៗ និងទទួលជើងហោះហើរបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជានៅខ្វះខាតជើងហោះហើរត្រង់” ។
លោកស្រីបន្តថា យើងឃើញមានការហោះហើរច្រើនមែន តែអត់មានជើងហោះហើរត្រង់ពីប្រទេសឆ្ងាយៗនោះទេ ហើយនៅពេលយើងមានព្រលានយន្តហោះខ្នាតអន្តរជាតិនេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់កាន់តែច្រើន ។ កន្លងមកនេះ យើងមិនទាន់ទទួលបានជើងហោះហើរត្រង់ពីអាមេរិក អឺរ៉ុបនោះទេ ដោយយើងពឹងពាក់ទៅលើប្រទេសជិតខាង។

លោកស៊ិនចាន់ សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកាលពីកន្លងមកនេះបានឱ្យដឹងថា រដ្ឋាភិបាលបានបោះទុនជាង ៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកនិងស្តារឡើងវិញ នូវព្រលានយន្តហោះទាំង៣របស់កម្ពុជា ដើម្បីជំរុញឱ្យវិស័យអាកាសចរណ៍កម្ពុជា កាន់តែការតែទំនើប និងអាចឱ្យយន្តហោធុនធំអាចចុះចតបាន។
លោកបន្ថែមថា “ទំហំទុននៃការវិយោគចំណាយលើព្រលានយន្ត នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ រួមទាំងគម្រោងព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹងយើងគ្រោងចំណាយជាង៣០០០លានដុល្លារអាមេរិក” ។
រាជរដ្ឋាភិបាលបាន និងកំពុងតែដំណើរការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រងនិងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA)។
ក្រៅពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជាក៏គ្រោងឱ្យមានអកាសយានដ្ឋានក្នុងស្រុកមួយចំនួនទៀតដូចជា អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានប៉ោយប៉ែតជាដើមនាពេលអានាគត៕