ក្រុមហ៊ុនកាណាដានឹងចុះកិច្ចព្រមព្រៀងរុករកប្រេងជាមួយកម្ពុជានៅប្លុកទី៨ នៅខេត្តព្រះសីហនុ

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនកាណាដាEnerCam Co នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរុករកប្រេង សម្រាប់ប្លុកទី៨ ខេត្តខេត្តព្រះសីហនុ។ នេះបើយោងតាមលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាត។

លោកជៀប សួរ អគ្គនាយកអគ្គនាយកដ្ឋានប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល ក្រសួងរ៉ែ និងថាមពល ត្រូវបានរាយការណ៍ថា ខ្លួនកំពុងចរចាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាណាដា EnerCam Co ដើម្បីរុករកប្លុកទី៨។

លោកបន្តថា “ខ្ញុំសង្ឃឹមថា យើងនឹងឈានដល់កិច្ចព្រមព្រៀងស្តីពី ការរុករកប្រេងជាមួយក្រុមហ៊ុន ខណៈការចរចាកំពុងដំណើរការ”។លោកបន្តថា “ក្រសួងកំពុងផ្តល់អាទិភាព ក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត មកវិស័យរ៉ែ និងថាមពលនៅក្នុងប្រទេសកម្ពុជា”។

ក្រុមហ៊ុន Angkor Gold Corp បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន EnerCam Resources Co Ltd (EnerCam) បានទទួលការយល់ព្រមពីរដ្ឋាភិបាលលើការស្នើសុំសម្បទានប្រេង និងឧស្ម័នចំនួន៧៣០០គីឡូម៉ែត្រនៅកម្ពុជា។

ជាមួយនឹងការយល់ព្រមនេះ ក្រុមហ៊ុនAngkor កំពុងបន្តការចរចារលើកិច្ចព្រមព្រៀង ចែករំលែកផលិតផលទាក់ទងនឹងអាជ្ញាប័ណ្ណ។

ការអនុម័តនេះ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនAngkor បន្តការរុករកប្រេង និងឧស្ម័ននៅប្លុកទី៨ផងដែរ។

ក្រុមហ៊ុនបានឱ្យដឹងថា ប្លុកប្រេងទី៨ មានទីតាំងស្ថិតនៅក្នុងដែនសមុទ្រកំពង់សោម ដែលជាកន្លែងមិនទាន់ត្រូវបានរុករកប្រេង នៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា៕

តើអង់គ្លេសទទួលបានអ្វីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-អង់គ្លេស បន្ទាប់ពីដកខ្លួនចេញពីសហគមន៍អឺរ៉ុប?

ដោយ ហ្សូលី

ភ្នំពេញៈ បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអង់គ្លេស កាលពីចន្ទបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេស និងអាមេរិក បន្ថែមទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចអង់គ្លេស១៥ឆ្នាំទៅមុខទៀត។

កម្មវត្ថុនៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ត្រូវបានលាតត្រដាង ហើយនាយករដ្ឋមន្ត្រីអង់គ្លេស លោកBoris Johnson ដែលគេតាំងនាមថាជា “អ្នកពូកែចរចាបំផុតលើមុខជំនួញ”បានសន្យាថា នឹងរារាំងកិច្ចព្រមព្រៀងមួយ ធ្វើយ៉ាងណាជំរុញការនាំចេញផលិតផលអង់គ្លេស រាប់ចាប់ពីទឹកដោះគោរហូតដល់រថយន្ត។

រដ្ឋាភិបាលបាននិយាយថា កិច្ចព្រមព្រៀងមួយនេះ អាចធ្វើឱ្យទំហំសេដ្ឋកិច្ចអង់គ្លេ​សកើនឡើងដល់៣,៤ពាន់លានផោន (៤,៣ ពាន់លានដុល្លារ) ឬ០,១៦% ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ លំហូរពាណិជ្ជកម្មអាត្លង់ទិក នឹងកើនឡើងប្រមាណ១៥,៣ពាន់លានអឺរ៉ូ (១៩,៥ ពាន់លានដុល្លារ)ក្នុងរយៈពេលដូចគ្នា។

រដ្ឋលេខាធិការពាណិជ្ជកម្មអន្តរជាតិអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានមហិច្ឆតា ជាមួយដៃគូរបស់យើងនៅជុំវិញពិភពលោក ជាឱកាសសំខាន់មួយរបស់ចក្រភពអង់គ្លេស ដែលបានក្លាយជាប្រទេសពាណិជ្ជកម្មឯករាជ្យម្តងទៀត”។ លោកបន្តថា “រដ្ឋាភិបាលបាននិយាយថា ខ្លួនសង្ឃឹមថា កិច្ចព្រមព្រៀងថ្មីនឹងគ្របដណ្ដប់លើពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស៨០% នៅឆ្នាំ២០២២”។

ការឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិកអាចជាការពិបាក ទោះយ៉ាងណាទីក្រុងវ៉ាស៊ីនតោន ខ្វះការលើកទឹកចិត្តដ៏ធំមួយ៖ ក្រុមហ៊ុនអាមេរិកបាននាំចេញទៅចក្រភពអង់គ្លេសច្រើនជាងចក្រភពអង់គ្លេសននាំចូលអាមេរិក ហើយវាក៏ទំនងជាធ្វើឱ្យមានការទាមទារដែលមិនអាចពិពណ៌នាបាន។

សហរដ្ឋអាមេរិកនឹងជំរុញយ៉ាងខ្លាំង ក្នុងការបើកទីផ្សារចក្រភពអង់គ្លេសទៅកាន់ការនាំចេញកសិកម្មបន្ថែមទៀត រួមទាំងសាច់មាន់ ដែលលាងជាមួយក្លរីន និងសាច់គោដែលត្រូវបានព្យាបាលដោយអរម៉ូន។ វាក៏អាចទទូចឱ្យមានការផ្លាស់ប្តូរច្បាប់តម្លៃឱសថផងដែរ។

កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលអង់គ្លេសបានសន្យា ការពារសេវាកម្មសុខភាពជាតិរបស់ខ្លួន និងធានានូវស្តង់ដារខ្ពស់សម្រាប់កម្មករ និងអ្នកប្រើប្រាស់ចក្រភពអង់គ្លេស៕

ក្រសួងដែនដី អំពាវនាវដល់ស្ថាបត្យករ និងវិស្វករក្នុងប្រទេសចូលរួមអភិវឌ្ឍជាតិ តាមរយៈការពង្រឹងសមត្ថភាព

ដោយៈ រ៉ាណេត

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់ទុកសមត្ថភាពរបស់ស្ថាបត្យករ និងវិស្វករក្នុងប្រទេស ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការអនុវត្តស្របតាមច្បាប់សំណង់ គឺជាសក្តានុពលដ៏ធំធេងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងពិធី បើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់លើកទី៤ ជូនក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងរូបវន្ដបុគ្គ​លសិក្សាគម្រោងប្លង់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឱ្យមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីជំរុញឱ្យក្រុមហ៊ុនសាងសង់ ឬវិស្វករ ស្ថាបត្យករក្នុងស្រុកមានការងារធ្វើទាំងអស់គ្នា។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា “រាល់ការដ្ឋាននីមួយៗត្រូវមានវិស្វករ ឬស្ថាបត្យករប្រចាំការដ្ឋានយ៉ាងតិច២នាក់ ដោយយើងបានគាំទ្រដល់ក្រុមហ៊ុនសាងសង់មកពីបរទេសទាំងអស់ ឱ្យបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអនុវត្តន៍ច្បាប់ស្តីពីសំណង់ និងច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

លោកបានបញ្ជា​ក់ថា ការផ្សព្វផ្សាយនេះ ដើម្បីប្រមូលបាននូវធនធានមនុស្សដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់អំពី ច្បាប់សំណង់ដែលចាត់ទុកថា ជាសមិទ្ធផលរួមរបស់ជាតិ និងប្រជាជនបានខិតខំកសាងធនធានមនុស្សនេះ រយៈពេល៤១ឆ្នាំកន្លងមក។ រាល់ចំណេះដឹង និងវិជ្ជាជីវៈពិតប្រាកដដ៏កម្រនេះ ចាត់ទុកថាយើងអាចមានសមត្ថភាពក្នុងការទ្រទ្រង់ រ៉ាប់រងវិសាលភាពការងារ ហើយក៏មិនចាញ់ស្ថាបត្យករឬវិស្វករមកពីបរទេសនោះដែរ។

ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ ត្រូវចូលរួមគាំទ្រនូវច្បាប់ស្តីពីសំណង់ឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់។ ការចូលរួមទទួលការបណ្តុះបណ្តាល គឺដើម្បីបានយល់ដឹងអំពីច្បាប់ស្តីពីសំណង់នេះ  និងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការចូលរួមវគ្គផ្សព្វផ្សាយ ដែលជាសារជាសារវន្តនៃច្បាប់សំណង់ បានកំណត់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់។

ក្រោយពេលក្រសួងបានរៀបចំផ្សព្វផ្សាយនូវច្បាប់សំណង់ ដែលមានលក្ខណៈគ្រប់គ្រាន់ ទូលំទូលាយរួចរាល់ មន្ត្រីជំនាញរបស់ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិកា​រកិច្ចសំណង់នៅតាមបណ្តាការដ្ឋាន ហើយប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិនោះ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់៕

ទុនវិនិយោគថ្មីក្នុងវិស័យទេសចរណ៍ប្រមាណ ២៤៧លានដុល្លារបានហូរចូល កម្ពុជាដើមឆ្នាំ២០២០

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២០កន្លងទៅនេះទំហំទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា បានបន្តកើនឡើងបន្ថែមទៀត ក្រោមការបណ្តាក់ទុនពីក្រុមហ៊ុនអន្តរជាតិចំនួន៣គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ២៤៧លានដុល្លារ។

រដ្ឋលេខាធិកាក្រសួងទេសចរណ៍ លោកទិត ចន្ថាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះថា បើទោះបីជាកម្ពុជាកំពុង ស្ថិតនៅក្នុងដំណាក់កាលដែលប្រឈមនឹងការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ដែលបណ្តាលមកពីការរាត​ត្បាតនៃមេរោគ Covid-19 ប៉ុន្តែក្នុងរយៈពេល២ខែកន្លងទៅ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត និងគាំទ្រទៅលើគម្រោងស្នើសុំវិនិយោគ មកពីក្រៅប្រទេសចំនួន៣គម្រោង ដែលមានទំហំទុនសរុបប្រមាណ២៤៧លានដុល្លារ។

លោកបន្តទៀតថា “គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ ដែលក្រុមប្រឹក្សាអភិវ​ឌ្ឍន៍កម្ពុជា និងក្រសួងទេសចរណ៍ បានគាំទ្រអោយធ្វើការវិនិយោគនោះ មានគម្រោងសាងសង់សួនទឹក កន្លែងលេងកំសាន្តសប្បាយដ៏ធំមួយ កន្លែងនៅខេត្តសៀមរាប គម្រោ​ងសាងសង់ផ្សារទេសចរណ៍ទំនើប នៅក្នុងរាជធានីភ្នំពេញ និងគម្រោងសាងសង់សណ្ឋា​គារលំដាប់ផ្កាយប្រាំនៅខេត្តព្រះសីហនុ ដែលបូកជាមួយគម្រោងវិនិយោគដែលកម្ពុជាមានស្រាប់កាលពីឆ្នាំ២០១៩ ទំហំទុនសរុបបានកើនឡើងរហូតដល់៦,៩០២លានដុល្លារ ”។

តាមរបាយការណ៍ដែលបង្ហាញ ដោយក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០១៩រដ្ឋាភិបាលបានសម្រេចគាំទ្រ និងអនុម័តទៅលើគម្រោងវិនិយោគក្នុងវិស័យទេស ចរណ៍ចំនួន២០ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៦៦៥៥លានដុល្លារ ដែលក្នុងនោះរួមមាន គម្រោងវិនិយោគខ្នាតធំៗចំនួន៤បានលេចធ្លោ ដូចជា គម្រោងសាងសង់តំប ន់ទេសចរណ៍ពិសិដ្ឋ គម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ នៅក្នុងខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍កោះសេះក្នុងខេត្តកំពត និងគម្រោងនាគរាជដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ៕

ភាពល្អឥតខ្ចោះនៃវីឡាកូនកាត់ប្រភេទ LA ជាមួយនឹងតម្លៃ១០ម៉ឺនដុល្លារជាងឡើងទៅ

ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការងាកមករក របៀបរស់នៅតាមបែបស៊ីវីល័យ ទំនើបទាន់សម័យ កាន់តែច្រើនឡើង ការបំពេញតម្រូវការដល់អតិថិជនក៏កាន់តែមានភាពមមាញឹក ហើយការវិនិយោគទៅលើគម្រោងបុរី ក៏កាន់តែធ្វើឲ្យគ្រួសារភាគច្រើនពិបាកក្នុងការសម្រេចចិត្ត ជ្រើសរើសគម្រោងនិង គេហដ្ឋានដែលមានគុណភាពខ្ពស់​ និងអាចជឿជាក់បាន។

ជាការពិតណាស់ បុរី ប៉េង ហួត អាចផ្តល់ឲ្យលោកអ្នកនូវគម្រោងដែលស្របច្បាប់ យ៉ាងត្រឹមត្រូវ ដោយផ្អែកទៅលើការទទួលបានអជ្ញាប័ណ្ណពីក្រសួងដែលពាក់ព័ន្ធ​ លើសពីនេះទៅទៀតបុរី ប៉េង ហួត គ្រុបក៏តែងតែទទួលបានពានរង្វាន់ជាបន្តបន្ទាប់ពីស្ថាប័នអចលនទ្រព្យនានាទាំងជាតិនិងនៅលើឆាកអន្តរជាតិ ព្រមជាមួយបទពិសោធ៍ជាង១៥ឆ្នាំទៅលើគុណភាពសំណង់ និងការរចនាច្នៃប្រឌិតល្អឯក ធ្វើឲ្យគម្រោងបុរី ប៉េង ហួត គ្រុបទទួលបានការទុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើនឡើងៗ។

បុរី ប៉េង ហួត បានរចនាវីឡាកូនកាត់ ប្រភេទ LA មួយប្រភេទ ដែលមានរចនាបថបែបសហសម័យ ជាមួយមុខងារពិសេសរបស់បន្ទប់នីមួយៗក្នុងគេហដ្ឋានល្អឥតខ្ចោះសាកសមជាមួយគ្រួសារសម័យថ្មី។ វីឡាកូនកាត់ប្រភេទនេះមានទំហំ 5.1m x 12m រួមមានបន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណចំអិនអាហារមួយ បរិវេណទទួលទានអាហារ បរិវេណទទួលភ្ញៀវ និងកន្លែងចតឡានទូលាយ ផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់លោកអ្នក​។

ជាការបន្ថែមនូវភាពល្អឥតខ្ចោះ វីឡាកូនកាត់ ប្រភេទ LA ដែលមានកំពស់បីជាន់នេះរចនាផ្តល់នូវលក្ខណៈពិសេលនៃផាសុខភាព ភាពផ្ទាល់ខ្លួន ជួយឱ្យការរស់នៅរបស់គ្រួសារទាំងមូលមានភាពស្រស់ថ្លា រស់រវើក និងសុខដុមរមនា ដែលត្រូវបានតុបតែងលម្អផ្ទៃខាងក្នុងដ៏ប្រណិត ការរចនាយ៉ាងផ្ចិតផ្ចង់ ព្រមទាំងការបំពាក់ គ្រឿងសង្ហារឹមបែបទំនើបមួយចំនួនរួចជាស្រេចថែមទៀតផង។

អ្វីដែលធ្វើឲ្យវីឡាកូនកាត់ប្រភេទនេះអាចផ្តល់វិសាលភាពនៃភាពសម្បូរបែបដល់លោកអ្នកបានយ៉ាងច្រើននោះ ក៏ព្រោះតែ គ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត គ្រុប សុទ្ធតែជាទីតាំងដែលអភិវឌ្ឍន៍ និងមានសក្តានុពុលល្អដល់ការរស់នៅ ព្រមតាំងបានរៀបចំឲ្យមាន កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ អាងហែលទឹក និងសួនកំសាន្ត ថែមទៀតផង។

ដើម្បទទួលបានបទពិសោធ៍រស់នៅដ៏អស្ចារ្យ និង ភាពស៊ីវីល័យ វីឡាកូនកាត់ប្រភេទ LA  គឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នក ជាមួយនឹងតម្លៃចាប់ពី ១០ម៉ឺនដុល្លារជាងឡើងទៅ ជាមួយម៉ូតកំពុងពេញនិយម សាងសង់ប្រកបដោយស្តង់ដារ ដោយផ្តោតសំខាន់លើគុណភាព សោភ័ណភាព និងផាសុកភាពនៃការរស់នៅ ស័ក្តិសមជាផ្ទះសុភមង្គលរបស់លោកអ្នក។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 67 89, Email: [email protected]​​ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ…!

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា៖ ពលរដ្ឋចិនដែលស្នាក់នៅកំពុងប្រកបអាជីវកម្មនៅកម្ពុជាមានប្រមាណ២០ម៉ឺននាក់

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ពលរដ្ឋចិនដែលមកវិនិយោគ និងប្រកបមុខជំនួញនៅកម្ពុជាជាអចិន្រ្តៃយ៍មានប្រមាណ២០ម៉ឺននាក់ ហើយបានចាត់ទុកកម្ពុជាជាមាតុភូមិរបស់ខ្លួនហើយបានខិតខំយ៉ាងសកម្មក្នុងមុខជំនួញរបស់ខ្លួនដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

លោក ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តីជូនចំពោះប្រតិភូសមាគមសម្ព័ន្ធខ្មែរចិន និងសមាគមនិកាយចិនហុកគៀននៅកម្ពុជាព្រមទាំងក្រុមគ្រួសារសាច់ញាតិរបស់សមាគមខ្មែរចិនដែលមានជាងមួយលាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះមានពលរដ្ឋខ្មែរសែស្រឡាយចិនចំនួន៨០ម៉ឺននាក់ ។

លោកឧបនាយករដ្ឋមន្ត្រីថា “ដូចដែលលោកឧកញ្ញ៉ាបានលើកឡើងថាយើងទាំងអស់គ្នាបានឆ្លងកាត់ឧបសគ្គជាច្រើនរហូតមកដល់ពេលនេះ។ការខិតខំប្រឹងប្រែងរបស់យើងបានរួមចំណែកយ៉ាងពិតប្រាកដប្រកបដោយបញ្ញានិងគំនិតប៉ិនប្រសប់ដែលអាចនិយាយបានថាជាអ្នកទ្រទ្រង់នៅក្នុងការអភិវឌ្ឍសង្គមជាតិ”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា “ម្យ៉ាងទៀតទាំងអស់គ្នាសុទ្ធតែជាអ្នកបានមើលឃើញផ្ទាល់និងរួមចំណែកដោយផ្ទាល់ក្នុងប្រទេសកម្ពុជាដែលចាត់ទុកថានេះជាមាតុភូមិរបស់យើង ជាកន្លែងដែលយើងរស់នៅប្រកបដោយមោទនភាព មានជាតិសាសនាព្រះមហាក្សត្រនិងមានវប្បធម៌ប៉ុន្តែផ្ទុយទៅវិញបើយើងទាំងអស់គ្នាមិនមានទឹកដីហើយទៅរស់នៅពឹងអាស្រ័យនៅឯបណ្តាប្រទេសដទៃទៀតក៏អាចរស់នៅបានដែរប៉ុន្តែនឹងបាត់បង់អ្វីមួយដែលហៅថាមាតុភូមិរបស់ខ្លួនដែលទាំងអស់គ្នាបានរួមចំណែកជាមួយគ្នាគ្រប់បែបយ៉ាងនិងគ្រប់កាលះទេសះហើយនឹងកត់ត្រាទុកនូវអ្វីដែលយើងបានខិតខំប្រឹងប្រែងជាមួយគ្នារយះពេល៤១ឆ្នាំមកនេះហើយកសាងបាននូវសមិទ្ធិផលជាច្រើនទុកអោយកូនចៅជំនាន់ក្រោយ”។

ចំពោះគំរោងប្រើប្រាស់ដីរបស់សមាគមសម្ព័ន្ធខ្មែរចិន និងសមាគមនិកាយចិនហុកគៀននៅកម្ពុជាក្នុងការកសាងមណ្ឌលថែទាំជនចាស់ជរាគ្មានទីពឹងវិញ លោក ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានផ្តល់ការឯកភាពនិងគាំទ្រលើគំរោងនេះព្រមទាំងបានសន្យានឹងឆ្លើយតបតាមការអញ្ជើញ របស់សមាគមក្នុងការចូលរួមបើកការដ្ឋានសាងសង់មណ្ឌលថែទាំជនចាស់ជរានេះនាពេលខាងមុខផងដែរ។

លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានឱ្យដឹងថា ការទទួលបាននូវកម្មសិទ្ធដី១៧១២៥៥ម៉ែត្រក្រឡានេះវិញគឺដោយសារទឹកចិត្តអនុគ្រោះដ៏ស្មោះសររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងទទួលបាននូវក្តីអាណិតគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានផ្តល់នូវក្តីស្រលាញ់ដល់បងប្អូនខ្មែរចិនជាពិសេសផ្តល់លទ្ធភាពអោយសមាគមទទួលថែរក្សាមរតកដូនតាដែលបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។

លោកឧកញ្ញាបន្ថែមថា សមាគមសម្ព័ន្ធខ្មែរចិននិងសមាគមហុកគៀន បានព្រមព្រៀងគ្នានឹងប្រើប្រាស់ដីនេះមួយចំណែកសំរាប់កសាងមណ្ឌលថែទាំជនចាស់ជរាគ្មានទីពឹង ក្នុងន័យរួមចំណែកបំរើដល់កិច្ចការសង្គមកិច្ចនិងមនុស្សធម៌។

លោកឧកញ្ញ៉ាបន្តថា ក្រៅពីនេះសមាគមអាចនឹងដាក់ជួលដីនេះដើម្បីទទួលបានប្រាក់ចំណូលមកទ្រទ្រង់មណ្ឌលថែទាំជនចាស់ជរា និងការងារមនុស្សធម៌របស់សមាគមផងដែរ។ក្នុងនាមតំណាងអោយសមាគម លោកឧកញ្ញាបានសន្យាថានឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់កិច្ចអភិវឌ្ឍជាតិ និងចូលរួមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជាចិនអោយកាន់តែមានភាពជិតស្និទ្ធនិងរឹងមាំថែមទៀត៕

ក្រុមហ៊ុន Realestate.com.kh សម្ពោធជាផ្លូវការនៃពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយទទួលបានជោគជ័យទៅលើការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Real Estate.con.kh បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។

ក្រុមហ៊ុន Realestate.com.kh បានសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពរបស់ខ្លួនកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមការចូលរួមពីបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ដែលព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងជួយលើកតម្កើងវិស័យអចលនទ្រព្យ និង វិស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀតឲ្យឈានទៅដល់សករាជថ្មីមួយ។

ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រូវបានផ្ដួចផ្ដើតគំនិតធ្វើឡើងដោយស្ថាបនិកក្រុម ហ៊ុន Realestate.com.kh លោក មុឹក ចិន្ដា និង នាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O’Sullivan។ ពិព័រណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតនូវព្រឹត្តិការណ៍មួយដែលអតិថិជនអាចទទួលបាន ការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ការជាវ ផ្ទះ យានយន្ដ ជាមួយការផ្ដោតសំខាន់ក្នុងការទាក់ទាញជនជាតិ ខ្មែរដែលមានជីវភាពមធ្យម និងទ្រព្យច្រើន និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាឲ្យចូលរួម។

ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០១៩ ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយការ បំបែកកំណត់ត្រាក្នុងការលក់ដាច់បានច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានតម្លៃច្រើន
ជាង៣០លានដុល្លារ ហើយបានទាក់ទាញអ្នកមកទស្សនាច្រើនជាង ២ម៉ឺននាក់។

លោក Thomas O’Sullivan មានប្រសាសន៍ថា “បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន លើសពីការរំពឹងទុករបស់គ្រប់គ្នា យើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថាពិព័រណ៍ំលំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០នឹងក្លាយទៅជាព្រឹត្តិការណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំជាង គេប្រចាំប្រទេសម្ដងទៀតជាមួយចំនួនអ្នកចូលរួមតាំងបង្ហាញ អ្នកទស្សនា និង ការលក់បានច្រើន ជាងមុនដែលពុំធ្លាប់មាន។ យើងពិតជារំភើបខ្លាំងណាស់ក្នុងការនាំយកព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុង ការទិញផ្ទះដំបូង វិនិយោគលើអចលនទ្រព្យ ទិញឡាន គ្រឿងអលង្ការ និងរបស់ផ្សេងៗជាច្រើនទៀត”

លោក O’Sullivan បានបញ្ជាក់បន្ថែមថា “គោលបំណងធំបំផុតរបស់យើងគឺផ្ដល់ឲ្យក្រុមគ្រួសារជនជាតិ កម្ពុជានូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ពិព័រណ៍នេះ និង បង្កើតកន្លែងមួយដែលក្រុមគ្រួសារទាំងអស់អាចចំណាយពេលយ៉ាងសប្បាយរីករាយជាមួយគ្នានាចុង
សប្ដាហ៍។”

“ចូរធ្វើការស្រមៃថាអ្នក និងក្រុមគ្រួសាររបស់អ្នកកំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍មួយដែលអ្នកមិន ត្រឹមតែអាចមកចូលរួម និងទិញផ្ទះ ឬ ទិញអចលនទ្រព្យសម្រាប់ការវិនិយោគនោះទេ ឧទាហរណ៍៍ដូចជា គម្រោង The Flora ប៉ុន្ដែអ្នកក៏អាចចូលរួមនៅក្នុងសិក្ខាសាលា ប្រឹក្សាយោបល់ជាមួយសាលាល្បីនៅក្នុង ប្រទេសកម្ពុជា ឲ្យកូនៗរបស់អ្នកលេងកំសាន្ដនៅក្នុងតំបន់ដែលរៀបចំសម្រាប់ក្មេងលេង ញ៉ាំអាហារពេល ថ្ងៃជុំគ្នានៅតំបន់ស្ដង់ចំណីអាហារដែលរៀបចំឡើងដោយក្រុមហ៊ុន foodpanda ទិញគ្រឿងអលង្ការម៉ូត ចុងក្រោយបំផុតពីហាងលក់គ្រឿងអលង្ការដ៏ល្បី Lukfook Jewellery Cambodia និង បញ្ចប់សកម្មភាព របស់អ្នកសម្រាប់ថ្ងៃនេះជាមួយការបើកឡានសាកល្បងពីក្រុមហ៊ុន MG។ ព្រឹត្តិការណ៍នេះផ្ដល់ឲ្យប្រជាជន កម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជានូវទិដ្ឋភាពស៊ីជម្រៅនូវអ្វីដែលប្រទេសកម្ពុជាអាចផ្ដល់ ជូនបាន មិនត្រឹមតែក្នុងវិស័យអចលនទ្រព្យនោះទេ គឺបូករួមទាំងវិស័យ បច្ចេកវិទ្យា ទំនិញលក់រាយ និងរបស់របរជាច្រើនផ្សេងទៀត” លោក Thomas O’Sullivan មានប្រសាសន៍បន្ថែម។

ព្រឹត្តិការណ៍ពិព័រណ៍ លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០ នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែមេសា ឆ្នាំ២០២០ នៅសាលពិព័រណ៍៍កោះពេជ្រ ដោយថ្ងៃទី១ត្រូវនឹងថ្ងៃសុក្រសាលពិព័រណ៍នឹងបើកទ្វារស្វា គមន៍អ្នកចូលរួមចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៧ ល្ងាច ដើម្បីអាចអនុញ្ញាតឲ្យអ្នកដែលចេញពី ធ្វើការអាចទស្សនាបាន ហើយសម្រាប់ថ្ងៃបន្ទាប់ត្រូវនឹងថ្ងៃសៅរ៍ពិព័រណ៍នឹងបិទនៅម៉ោង ៦ល្ងាច។

ក្រៅពីវិស័យអចលនទ្រព្យ យើងក៏មានអ្នកចូលរួមមកពីវិស័យជាប់ពាក់ព័ន្ធផ្សេងទៀតរួមមាន ធនាគារ មីក្រូហរិញ្ញវត្ថុ រចនាម៉ូត សំណង់ និង ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជា យានយន្ដ ម៉ូតូ ទូរស័ព្ទ សម្ភារក្នុង ផ្ទះ គ្រឿងសង្ហារិម គ្រឿងអលង្ការ សម្ភារកីឡា និងរបស់របរជាច្រើនផ្សេងទៀត។
អ្វីដែលកាន់តែពិសេស អ្នកចូលរួមក្នុងព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ក៏នឹងមាន ឱកាសពិភាក្សាគ្នាជាមួយអ្នកតំណាងមកពីធនាគារ និងមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេស កម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការ ឬ នីតិវិធីក្នុងការស្នើសុំកម្ចីសម្រាប់ទិញផ្ទះ ឬ យានយន្ដ។

ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍មួយដ៏ល្អសម្រាប់ឲ្យគ្រួសារ ទាំងមូលអាចចូលរួម និងចំណាយពេលជាមួយគ្នាពេញមួយថ្ងៃ។ ក្នុងពិព័រណ៍នេះក៏មានការលក់ម្ហូប អាហារ ភេសជ្ជៈ និង ការរៀបចំសកម្មភាព និងកន្លែងកំសាន្ដផ្សេងៗលក្ខណៈគ្រួសារផងដែរ។
ជាមួយការទទួលបានសិទ្ធិក្នុងការកាន់កាប់ស្របច្បាស់នៃគេហទំព័រ B2B Cambodia មានន័យថា ព្រឹត្តិការណ៍នេះនឹងបើកទ្វារស្វាគមន៍ទៅដល់ប្រជាជនក្នុងស្រុក និងអ្នកជំនួញអន្ដរជាតិដែលស្វែងរក សេវាកម្មផ្សេងៗនៅក្នុងទីផ្សារប្រទេសកម្ពុជា រួមមាន សេវាផ្នែកច្បាប់ គណនេយ្យ និង សេវកម្មផ្សេង ទៀត បូករួមទាំង អចលនទ្រព្យបែបអាជីវកម្ម ប្រាក់កម្ចី ឡាន និង ទំនិញម៉ាក់ល្បីៗជាច្រើនទៀត។

កម្មវិធីនេះអាចធ្វើទៅបានដោយមានការគាំទ្រពីដៃគូសហការជាច្រើនរួមមាន ក្រុមហ៊ុនដឹកជញ្ចូនចំណី អាហារ foodpanda ហាងលក់គ្រឿងអលង្ការយីហោមកពីទីក្រុងហុងកុង Lukfook Jewelry Cambodia ក្រុមហ៊ុនទឹកបរិសុទ្ធ Funny Water និង ក្រុមហ៊ុនប្រព័ន្ធផ្សព្វជាច្រើនទៀតរួមមាន Tnoat News, Khmer Times, Sing Meng Media, Fang.com និង Panasia Life។

ជាមួយគ្នានេះ ក្រៅពីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីវិស័យអចលនទ្រព្យ និងរបស់របរផ្សេងៗទៀត អ្នកចូលរួមនៅក្នុងពិព័រណ៍ក៏មានឳកាសឈ្នះរង្វាន់ធំៗជាច្រើនដូចគ្នាជាមួយព្រឹត្តិការណ៍ដ៏ទៃទៀតដែរ រួមមាន ធុនបាស ទូរស័ព្ទ និង របស់របសជាច្រើនផ្សេងទៀត ហើយរង្វាន់ដែលធំជាងគេនោះគឺគ្រឿង អលង្ការពិតៗ១០០%ផ្ដល់ជូនដោយហាងលក់គ្រឿងអលង្ការ Lukfook Jewellry Cambodia ។

សម្ដេចតេជោ នឹងអញ្ជើញបើកសម្ពោធជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ជាង១៣០លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបើកសម្ពោធផ្លូវជាតិលេខ ៥៥ ដែលមានតម្លៃជាង ១៣០លានដុល្លារ នៅថ្ងៃទី ០៩ មីនា ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី ០២ មីនា ឆ្នាំ ២០២០ កន្លងទៅនេះ នៅទីស្តីការក្រសួង។

ផ្លូវជាតិលេខ ៥៥ ដែលមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ គ្រោងនឹងដាក់សម្ពោធដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវជាតិមួយនេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានតម្លៃប្រមាណ ១៣២,៨០លានដុល្លារ គិតចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ)។

ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងក្លាយជាវិថីដ៏មានសក្ដានុពលទេសចរណ៍ថ្មីនៅលើដែនដីនៃខេត្តពោធិ៍សាត់ ដោយសារតែធនធានធម្មជាតិប្រចាំតំបន់ រួមជាមួយនឹងវិធានការការពារ និងកែច្នៃក្រោមការគ្រប់គ្រងដោយក្រសួងទេសចរណ៍។

មិនតែប៉ុណ្ណោះ ផ្លូវនេះផ្ដល់អត្ថប្រយោជន៍មួយផ្នែកក្នុងវិស័យទេសចរណ៍ធម្មជាតិ ទេសចរណ៍ធ្វើដំណើរ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស៕

តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌពាណិជ្ជកម្មតម្លៃជាង ៤៥០ លានដុល្លារបានបើកសម្ពោធដំណើរការ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Titan Stone Group បានសម្ពោធម្រោងវិនិយោគធំៗ ចំនួន៤ សរុបជាទឹកប្រាក់ប្រមាណជា ៤៥០លានដុល្លារអាមេរិកដែលរួមានគម្រោងក្រុមហ៊ុនធានារាប់រង គម្រោងតំបន់សេដ្ឋកិច្ចពិសេស គម្រោងអគារពាណិជ្ជកម្ម និងគម្រោងអគារ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីបើកសម្ពោធគម្រោងទំាង ៤ កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ និងកោតសរសើរអំពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group នៅក្នុងប្រទេសកម្ពុជា និងការបន្តនាំយកមកនូវបច្ចេកវិទ្យាអន្តរជាតិ និងធនធានសំខាន់ៗមកកម្ពុជា។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពនៃវិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ។

លោកបន្ថែមថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជាដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន និងភាពធនមាំសម្រាប់ដំណើរការរយៈពេលវែងខាងមុខរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីៗជាច្រើន សំដៅកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ចនៅកម្ពុជាកាន់តែមានភាពទាក់ទាញ៕

ក្រុមហ៊ុនបារាំងនឹងចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាអភិវឌ្ឍគម្រោងផលិតអគ្គិសនីដោយថាមពលខ្យល់

ដោយ ប៊ី

ភ្នំពញ៖ រដ្ឋាភិបាលរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Blue Circle ដែលគ្រប់គ្រងដោយប្រទេសបារាំងដើម្បីអភិវឌ្ឍគម្រោងផលិតអគ្គិសនីដោយថាមពលខ្យល់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើតាមយោងតាមក្រសួងរ៉ែ និងថាមពល។

អគ្គិសនីកម្ពុជា (EdC) កំពុងចរចាជាមួយក្រុមហ៊ុន ហើយភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។

ការវិនិយោគរបស់ក្រុមហ៊ុនគឺឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី និងស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់ទាំងអ្នកប្រើប្រាស់ ពាណិជ្ជកម្ម និងអ្នករស់នៅ។

បច្ចុប្បន្ននេះការចរចាគឺផ្តោតលើពន្ធគយរវាងក្រុមហ៊ុន និងEdC ដែលមានបំណងផ្គត់ផ្គង់ប្រភពថាមពលក្នុងតម្លៃទាប។

ក្រុមហ៊ុន Blue Circle គ្រោងនឹងសាងសង់ទួរប៊ីនខ្យល់យ៉ាងហោចណាស់ ១០ ដែលមានកម្លាំង ៨០ មេហ្គាវ៉ាត់នៅលើកំពូលភ្នំបូកគោក្នុងឃុំកោះតូច ស្រុកទឹកឈូ។ តម្លៃនៃការវិនិយោគលើថាមពលខ្យល់គឺស្ថិតនៅចន្លោះពី ២ ទៅ ៣ លានដុល្លារក្នុងមួយមេហ្គាវ៉ាត់។

ក្រុមហ៊ុន Blue Circle បាននិងកំពុងសិក្សាលទ្ធភាពនៅខេត្តមណ្ឌលគីរី និងកំពតចាប់តាំងពីឆ្នាំ ២០១៨ ហើយក្នុងខែ មីនា ក្រុមហ៊ុនបានបង្ហាញថា ប្រទេសកម្ពុជាមានសក្តានុពលក្នុងការវិនិយោគថាមពលខ្យល់។

ក្រុមហ៊ុននេះបានឱ្យដឹងថា ប្រទេសកម្ពុជាអាចបង្កើតថាមពលបាន ៥០០ មេហ្គាវ៉ាត់ពីថាមពលខ្យល់។ បច្ចុប្បន្នក្រុមហ៊ុននេះវិនិយោគលើថាមពលខ្យល់នៅប្រទេសថៃ និងវៀតណាម។

របាយការណ៍របស់ក្រសួងបានឱ្យដឹងថា ប្រទេសកម្ពុជាបានផលិតថាមពលសរុបចំនួន ១១ ២៦១ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំកាលពីឆ្នាំមុន កើនឡើង ២១ ភាគរយពីចំនួន ៩ ៤២៧ ជីហ្គាវ៉ាត់ឆ្នាំ ២០១៨៕