លោក គង់ វិបុល៖ បើទោះបីមិនបង់ពន្ធ ប៉ុន្តែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ចាំបាច់ត្រូវដាក់លិខិតប្រកាសពន្ធ

ដោយវុត្ថា

សៀមរាប៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការដើម្បីជួយដល់វិស័យ ទេសចរណ៍ ដោយការលើកលែងមិនយកពន្ធផ្ទះសំណាក់ និងសណ្ឋគាររយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០នេះ។

លោក គង់ វិបុល នៅក្នុងសិក្ខាសាលា ស្តីពីវិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ-ផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ កាលពីថ្ងៃទី ២ ខែមីនា ម្សិលមិញនេះ ឱ្យងដឹងថា ការមិនយកពន្ធនេះ គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពជម្ងឺឆ្លង Covid-19 ដែលធ្វើឲ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំងនោះ ។

លោកថា “យ៉ាងណាក៏ដោយ បើទោះជាមានការលើកលែងនេះក៏ដោយ ក៏ប៉ុន្តែម្ចាស់សណ្ខាគារ និងផ្ទះសំណាក់ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដាក់លិខិតប្រកាសពន្ធ ដូចដែលធ្លាប់បានអនុវត្តកន្លងមក”។

លោកបន្តថា “ការបំពេញកាតព្វកិច្ចរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ លើការដាក់លិខិតប្រកាសពន្ធ គឺជាវិធានការប្រមូលទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការជំនាញរបស់រដ្ឋ ក្នុងការលើកបង្ហាញឲ្យដឹងថា តើរដ្ឋត្រូវបានចំណាយថវិកាក្នុងទំហំប៉ុនណា លើការលើកលែងពន្ធរយៈពេល៤ខែនេះ”។

លោកថា “ការលើកលែងពន្ធនេះ ជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការជួយឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប បន្តនិរន្តរភាពរបស់ខ្លួន និងជាឱកាសនៃការដាក់ចេញតម្លៃសេវាកម្មទាក់ទាញភ្ញៀវទេសចរ ផងដែរ” ។

លោកបន្ថែមថា “អគ្គនាយកដ្ឋានពន្ធដារ ពុំមានការធ្វើសវនកម្មពេញលេញនោះទេ សម្រាប់កាលបរិច្ឆេតឆ្នាំ២០២០នេះ ហើយជាមួយនឹងការមិនធ្វើសវនកម្មនេះ សូមឲ្យវិស័យឯកជនដែលជាអ្នកជាប់ពន្ធ ប្រើប្រាស់កាតព្វដាក់លិខិតប្រកាសពន្ធ ក្នុងភាពស្មោះត្រង់ជាមួយគ្នា រួមចំណែកទាំងអស់គ្នាដើម្បីកំណើនសេដ្ឋកិច្ចជាតិ”។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកស្នាក់នៅ និងមកលំហែកម្សាន្តនៅក្នុងខេត្តសៀមរាបដោយរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ខណៈនៅក្នុងឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០២០ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានមកក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបន្ថែមថា “ដោយសារតែវិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយនៃការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រមូលចំណូលចូលថវិការដ្ឋ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិទាំងមូល ដូចនេះការថមថយនៃចំណូលពីវិស័យទេសចរណ៍ បានជះឥទ្ធពល ដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ជាពិសេសគឺប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលពីវិស័យទេសចរណ៍ នៃខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ នៃព្រះរាជណាចក្រកម្ពុជាយើង”។

លោក ទៀ សីហាបន្តថា “ដូចយើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា វត្តមានរបស់វីរុស COVID-19 ដែលបានផ្ទះឡើងក្រុងវូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន កន្លងមកនេះ ហើយដែលកំពុងតែវាយលុកប្រទេសចំនួន៥៧ នៅលើពិភលោក បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ហើយបើទោះបីជាប្រទេសកម្ពុជា យើង នៅមិនទាន់មានករណីឆ្លងវីរុសដ៏កាចសាហាវនេះក្តី ក៏ប៉ុន្តែយើងក៏បានទទួលរងនូវផលប៉ះពាល់ផងដែរ ព្រោះការរីករាលដាលនេះ ធ្វើឱ្យស័យទេសចរណ៍ និងវិស័យអចលទ្រព្យទាំងនៅក្នុងប្រទេសកម្ពុជា និង នៅទូទាំងពិភពលោក បានជួបប្រទះនូវបញ្ហាជាច្រើន ជាពិសេសចំនួនភ្ញៀវទេសចរ ធ្លាក់ចុះយ៉ាងគំហុកគួរឱ្យកត់សំគាល់”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បញ្ហាបង្កដោយជំងឺ COVID-19 នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ និង បានអំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុកបង្វែមកលេងនៅក្នុងស្រុក ដើរឱ្យស្គាល់គ្រប់កន្លែងកម្សាន្តនៅក្នុងស្រុក ពិសេសពលរដ្ឋខ្មែរទៅលេងរមណីយដ្ឋានអង្គរ គួរប្រើមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបានយល់ដឹងពីប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់អ្នកមគ្គុទ្ទេសក៍ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលធ្លាប់និយមចូលចិត្តចេញដើរលេងកម្សាន្តនៅក្រៅប្រទេស សូមវិលមកធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវិញ ដើម្បីជំរុញឲ្យចលនាទេសចរក្នុងស្រុកកាន់តែមានសកម្មភាពខ្លាំងឡើង។

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវយ៉ាងដូច្នេះថា «ឥឡូវនេះ ជើងហោះហើរមួយចំនួនក៏ត្រូវបានផ្អាក ហើយភាពមិនច្បាស់លាស់នៃជំងឺ Covid-19 នៅក្រៅប្រទេសក៏ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយដែរ ដូច្នេះសូមប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសក្នុងមួយឆ្នាំជាង ១លាននាក់ សូមបកមករកការធ្វើដំណើរក្នុងស្រុកទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះត្រូវគិតជាអាទិភាពខ្ពស់ទៅខេត្តសៀមរាប»។

សម្តេច ហ៊ុន សែន បានបន្តថា ការធ្វើយ៉ាងដូច្នេះ កម្ពុជាអាចសន្សំរូបិយបណ្ណផង ឱ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសរបស់ខ្លួនកាន់តែច្បាស់ផង និងដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍ជាតិ នាកំលុងពេលនៃការធ្លាក់ចុះភ្ញៀវទេសចរបរទេស ហើយសម្តេចតេជោក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ សូមបន្ធូរបន្ថយថ្លៃស្នាក់នៅដល់ភ្ញៀវទេសចរ ជាជាងទុកបន្ទប់ឱ្យនៅទំនេរចោល ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ផ្ទះសំណាក់ និងសណ្ឋាគារ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប រាជរដ្ឋាភិបាល នឹងលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០ ។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ថា នៅក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២០ កន្លងទៅនេះ ដោយសារតែបញ្ហាជំងឺរលាកផ្លូវដង្ហើម ឬ Covid-19 បានធ្វើឱ្យអ្នកទេសចរថយចុះប្រមាណ ១០ភាគរយ ដោយក្នុងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥ភាគរយ នៅទូទាងប្រទេសកម្ពុជា ដោយក្នុងនោះតំបន់ទេសចរណ៍ដែលមានភាពប្រឈមខ្លាំងគឺនៅក្នុងខេត្តសៀមរាប អាចថយចុះច្រើនជាង ១៥ភាគរយ។
លោកបន្តថា “សម្រាប់សណ្ឋាគារនៅខេត្តសៀមរាបប្រមាណជា ៧ភាគរយ បានផ្អាកអាជីវកម្ម ដោយការធ្លាក់ចុះភ្ញៀវទេសចរ អំឡុងពេលវីរុសកូរ៉ូណាកំពុងវាយលុកនៅប្រទេសចិន និងទូទាំងពិភពលោក”។
លោបន្តថា “នៅសៀមរាបមានសណ្ឋាគារសរុបទាំងអស់ ទាំងផ្ទះសំណាក់ផង មានប្រមាណជាជិត ៣០០ ប៉ុន្តែក្នុងនោះមានប្រមាណជា ៧ ឬ៨ សណ្ឋាគារដែលមានការផ្អាកបណ្តោះអាសន្ន”។
លោកបានបន្តទៀតឱ្យដឹងទៀតថា “ជាយុទ្ធនាការបន្ទាន់ រដ្ឋាភិបាលបានអនុគ្រោះពន្ធចំនួន៤ខែសម្រាប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារនៅទូទាំងខេត្យតសៀមរាបដែលមានសរុបប្រមាណជាង៣០០ទីតាំង ដើម្បីជាការជួយសម្រួលដល់ភាពប្រឈម ក៏ដូចជាការលើកទឹកចិត្តរបស់ម្ចាស់អាជីវកម្មផងដែរ”៕

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ជប៉ុនជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពលសម្រាប់កម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពលសម្រាប់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការលើកឡើងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសមពី លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា “ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពល សម្រាប់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ”។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនលោកឯកអគ្គរាជទូត អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងសហការជិតស្និទ្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងក្រសួង/ស្ថាប័ន ទីភ្នាក់ងារ JICA និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចក្រព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន (កម្ពុជា-ថៃ) និងចក្រព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ (កម្ពុជា-វៀតណាម) ក្នុងរយៈពេលបីខែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់។

លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងវិនិយោគរបស់ជប៉ុនទាំងនោះនៅកម្ពុជាផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

លោកបន្តថា ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ប្រមាណជាង ២,២៩២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានចំនួនទឹកប្រាក់ជាង ១,៧២៩ លានដុល្លារ និងកម្ពុជានាំចូលពីជប៉ុនមានទំហំទឹកប្រាក់ជាង ៥៦២ លានដុល្លារ។

លោកបន្ថែមទៀតថា ជាមួយគ្នានេះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ (ឧស្សាហកម្ម ៤.០) ដែលសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ ការគណនាធំៗ និងស្មុកស្មាញ ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្ម។

ឧស្សាហកម្ម ៤.០ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០៕

ការខ្វះខាតនៃវត្ថុធាតុដើមក្នុងរោងចក្រកម្ពុជាធ្លាក់ដល់កម្រិតគួរឱ្យបារម្ភ

ដោយ ហ្សូលី

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចេញវិធានការណ៍មួយចំនួន ដើម្បីជួយដល់វិស័យដឹកជញ្ជូននិងសម្លៀកបំពាក់ ដែលបច្ចុប្បន្នកម្ពុជាមានការខ្វះខាតវត្ថុធាតុដើម ខណៈមានភាពទន់ខ្សោយនៅក្នុងការផ្គត់ផ្គង់មកពីប្រទេសចិន។

វិធានការនេះ ធ្វើតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលថា រដ្ឋាភិបាលបានធ្វើសេចក្តីព្រាងផែនការគាំទ្រអាជីវកម្ម នៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ នៅពេលដែលពួកគេបានដោះស្រាយជាមួយនឹងផលវិបាកនៃការដកផ្នែកខ្លះ នៃសហភាពអ៊ឺរ៉ុប នូវគម្រោងអ្វីគ្រប់យ៉ាងលើកលែងអាវុធ (EBA) និងការផ្ទុះឡើងនូវមេរោគថ្មីនៅចិន។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានណែនាំមន្រ្តីឱ្យជួយសម្រួល ដល់ការដឹកជញ្ជូនសម្រាប់ក្រុមហ៊ុនដែលគោរពតាមបទប្បញ្ញត្តិ និងក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

GDCE បានស្នើឱ្យមន្រ្តីធ្វើការឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើសកម្មភាពប្រកប​ដោ​យវិជ្ជាជីវៈ​ និងសហការយ៉ាងជិតស្និទ្ធជាមួយតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ និងអាជ្ញាធរអាកាសយានដ្ឋាន ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន។

សេចក្តីប្រកាសនោះបានកត់សំគាល់ថា “យើងស្នើឱ្យមន្ត្រីគយទាំងអស់នឹងធ្វើការ​ប្រកបដោយប្រសិទ្ឋភាព និងពន្លឿនការបំពេញឯកសារ សម្រាប់ការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ។ មន្ត្រីគយទាំងអស់ ត្រូវតែអនុវត្តតាមគោលការណ៍ណែនាំថ្មីប្រកបដោយប្រសិទ្ធភាពភ្លាមៗ” ។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិយាយថា វត្ថុធាតុដើមប្រហែល៦០ភាគរយដែលត្រូវបានប្រើ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងស្រុកគឺមកពីប្រទេសចិន។

ស្ថានទូតបានឱ្យដឹងថា “ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសចិនកំពុងតែធ្វើឱ្យរោងចក្រនានាឈឺចាប់។ ឥឡូវនេះមនុស្សជាច្រើនប្រឈមមុខ នឹងកង្វះខាតវត្ថុធាតុដើម។ រដ្ឋាភិបាលចិនប្តេជ្ញាស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សបំផុត”៕

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងដាក់ឱ្យដំណើរការនៅជិតចុងឆ្នាំ២០២២

ដោយ ហ្សូលី

ភ្នំពេញៈ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ នឹងចាប់បើកដំណើរការនៅចុងក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយបច្ចុប្បន្នបាននឹងសាងសង់ប្រមាណ២០ភាគរយហើយ។នេះបើតាមការលើកឡើងរបស់លោក Zhang Zhongqi  អគ្គនាយកនៃការិយាល័យគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

លោកបានមានប្រសាសន៍ ក្នុងជំនួបជាមួយប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី២ មិនាកន្លងមកថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនមួយខ្សែនេះគឺតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបដល់ទៅ១៩០គីឡូម៉ែត្រ។

លោកគង់ សារាជ ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភាបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាច្រកប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយការសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីធ្វើការឱ្យដឹកជញ្ជូនទំនិញបានលឿន ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចំរើន។ ផ្លូវល្បឿនលឿននេះជំរុញឱ្យខេត្តព្រះសីហនុ មានកំពង់ផែកាន់តែល្អប្រសើរ មានកំពង់ផែទឹកជ្រៅកាន់តែឆាប់រហ័ស ដែលអាចឱ្យកប៉ាល់ដឹកជំនិញធំៗ អាចចូលមកបានផងដែរ។

​លោកបន្តថា រដ្ឋាភិបាលមិនសាងសង់់តែផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមួយនេះនោះទេ គឺនៅមានការធ្វើផ្លូវល្បឿនលឿនផ្សេងៗទៀត ដោយសារនៅលើពិភពលោកនេះ ការដឹកជញ្ជូនមានសារៈសំខាន់ណាស់ បើសិនជាការដឹកជញ្ជូន មិនបានលឿននោះទេ កម្ពុជាមិនអាចដើរទាន់ការរីកចំរើន នៃសកលលោកបាននោះទេ ដូចនេះហើយទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវតែធ្វើយ៉ាងសម្រួលឱ្យការដឹកជញ្ជូនបានលឿន៕

អ្នកជំនាញៈកំណើនប្រជាជននៅក្នុងក្រុងបានជំរុញឱ្យមានការអភិវឌ្ឍខុនដូកាន់តែច្រើន

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា កំណើនប្រជាពលរដ្ឋនៅក្នុងស្រុក និងបរទេសនៅក្នុងទីក្រុងភ្នំពេញពីមួយឆ្នាំ ទៅមួយឆ្នាំបានជំរុញឱ្យមានការផ្គត់ផ្គង់ខុនដូជាច្រើន ក្នុង រយៈពេលប៉ុន្មានឆ្នាំងកន្លងមកនេះ ខណៈតាមការព្យាករណ៍បានបង្ហាញក្នុងរយៈពេល៥ ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍រស់នៅក្នុងខុនដូកាន់តែច្រើន។

លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន V Trust Appraisal បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២ ខែមីនាកន្លងមកឱ្យដឹងថា កំណើនប្រជាជន និង ជនបរទេសដែលមករស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យខុនដូបន្តកើនឡើង​ជាប្រចាំឆ្នំា ដែលខុនដូភាគច្រើនបានទិញដោយជនជាតិចិន និងជនបរទេសមកពីតំបន់អាស៊ីដែលមករស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា “ក្នុងរយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកជាពិសេសប្រជាពលរដ្ឋដែលទើបរៀបការ និងវ័យក្មេងជាច្រើនក៏បានទិញខុនដូ សម្រាប់រស់នៅផងដែ”។ លោកបន្ថែមថា “ការសម្រួលឱ្យមានការបង់រំលស់ មានភាពងាយស្រួល បានបង្កើនលទ្ធភាពដល់អ្នកទិញ និងជាកត្តាជំរុញដល់ការបង្កើនទីផ្សារខុនដូ”។

លោកហ៊ឹម សីហាបានបន្ថែមថា ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសបានជំរុញឱ្យវិស័យដីធ្លី មានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យទីតាំងសម្រាប់សាងសង់អគារស្នាក់ក្នុងកំពស់ទាបកាន់មានភាពតិច ខណៈដែលការរស់នៅតាមបែបថ្មី (រស់នៅក្នុងខុនដូ)បាននឹងកំពុងទទួលបានការគាំទ្រ និងពេញនិយមក្នុងចំណោមប្រជាពលរដ្ឋក្នុងស្រុកវ័យក្មេង និងជនបរទេសបានធ្វើឱ្យគម្រោងខុនបន្តកើនឡើងជាលំដាប់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោកខន គង្គា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា នៅក្នុងឆ្នាំនេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែ​លមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។

លោកបន្តថា “ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូ ដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ថា តម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ ពិតជាមានអត្រាខ្ពស់ជាងប្រភេ​ទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។

លោកស្រីបានបន្តថា “ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ”។ លោកស្រីបន្ថែមថា “ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោគបន្ត”។

លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់ មានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ។

លោកស្រីបានបន្តទៀតថា និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីពេលថ្មីនេះ ក៏បានលើកឡើងពីវិធានការក្នុងរយៈពេលខ្លី ជុំវិញផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីសម្រួលដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងសាសងសង់សាងសង់ខុនដូងាយស្រួលលក់ និងអាចចំណេញលុយខ្លះ។

សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ជាថ្មីថា ចំពោះការទិញខុនដូតម្លៃសមរម្យទាំង​ឡាយណាដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ នឹងមិនត្រូវបានជាប់ពន្ធប្រថាប់ត្រា ដូចគ្នាទៅនឹងការទិញលំនៅដ្ឋានទូទៅផងដែរ ដោយមានរយៈពេលពេញមួយឆ្នាំ និងបានជំរុញឱ្យពលរដ្ឋដែលមានលុយទិញខុនដូនាពេលនេះ។

សម្ដេចតេជោថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះក្រោម អាខុនដូតម្លៃក្រោម៧ម៉ឺន អត់មានជាប់ពន្ធប្រថាប់ត្រានោះទេ”។

ចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានចំនួនជាង២លាននាក់  ដោយជាងពាក់កណ្ដាលនៃចំនួននេះ (៥៦ភាគរយ) ជាអ្នកចំណាកស្រុកពីតាមខេត្តនានា ចូលមកបន្តការសិក្សា និងធ្វើការ រកស៊ី នៅក្នុងរាជធានីភ្នំពេញ ខណៈផ្ទៃដីបានពង្រីកទំហំទ្វេដង ពីទំហំផ្ទៃដីប្រមាណជាង៣០០គីឡូម៉ែត្រការ៉េ  រហូតដល់ផ្ទៃដីប្រមាណ៧០០គីឡូម៉ែត្រការ៉េ ដោយសារតែមានកំណើនវិនិយោគ និងប្រជាជនកាន់តែច្រើននៅក្នុងទីក្រុងនារយៈពេលចុងក្រោយនេះ ៕

ទេសចរណ៍ក្នុងស្រុកបានផ្តល់ចំណូល៥០០លានដុល្លារចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ

ដោយ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់់ក្រសួងទេសចរណ៍បានអះអាងថា ទេសចរណ៍ក្នុងស្រុកបានផ្តល់ចំណូល៥០០លានដុល្លារ ខណៈទេសចរណ៍អន្តរជាតិបាន​ចាក់ចំណូល៥០០០លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជា។

លោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងសន្និសីទសារព័ត៌​មានស្តីពី “វឌ្ឍនៈភាព និងទិសដៅការងារបន្តរបស់ក្រសួងទេសចរណ៍” កាលពីថ្ងៃទី ២ មីនាកន្លងមកថា កម្ពុជាទទួលបានចំណូល ពីទេសចរណ៍អន្តរជាតិជាង៥០០០លាន ដុល្លារអាមេរិក ហើយទេសចរណ៍ក្នុងស្រុក មានប្រមាណ៥០០លានដុល្លារអាមេរិក ដែលបានចាក់បញ្ចូ​លទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ។

ប៉ុន្ដែនៅដើមឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ហាក់មានការធ្លាក់ចុះវិញ ប្រមាណ១៥ភាគរយ ដោយសារផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលជាបញ្ហាប្រឈមសកល។

ឆ្លើយតបបន្ទាន់នឹងបញ្ហានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រតិបត្តិករទេសចរ នៅក្នុងប្រទេសកម្ពុជា ពិសេសម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយជូនរដ្ឋ ស្របពេលដែលទេសចរណ៍មានការធ្លាក់ចុះនេះ។

ក្រោយទទួលបានអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន ក្រសួងទេសចរណ៍ដែលជាក្រសួងសាមី ទទួលបន្ទុកកិច្ចការងារនេះ បានផ្សព្វផ្សាយ និងកសាងផែនការយុទ្ធសាស្ដ្រ ដើម្បីជួយជំរុញក៏ដូចជាស្ដារឡើងវិញ នូវបញ្ហាប្រឈមនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ដែលបង្កដោយវីរុសកូរ៉ូណា ឬ Covid-19 នៅប្រទេសចិន។

លោកទិត ចន្ថាបានបន្តថា វិធានការណ៍ដែលក្រសួងបានដាក់ចេញ និងអនុសា​សន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើឲ្យស្ថានភាពវិស័យទេសចរណ៍ប្រសើរឡើងវិញ។លោកបានកត់សម្គាល់ថា បើទោះបីចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនានៅប្រទេសកម្ពុជា មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែសកម្មភាព និងគោលដៅទេស​ចរណ៍ទាំងអស់នៅរស់រវើក។

លោកចាត់ទុកថា “ក្នុងអំឡុងពេលនៃធ្លាក់ចុះនេះ ក៏ជាឱកាសឲ្យសម្រាប់កម្ពុជា ដើម្បីរៀបចំគោលដៅទេសចរណ៍ កាន់តែល្អបន្ថែមទៀតផងដែរ”។លោកថា “យើងបាននិងកំពុងអនុវត្តភា្លមទាន់ពេលវេលា ចំពោះវិធានការទាំងអស់នេះ ដោយយើងបានមើលឃើញ អំពីកត្ដាពាក់ព័ន្ធនេះជាច្រើនកន្លងមកហើយ ហើយយើងអត់រង់ចាំទេ យើងបានចាំផ្ដើមធ្វើកិច្ចការនេះតាំងពីចាប់ផ្ដើមដំបូងមកម្ល៉េះ”។

វិធានការ៤សំខាន់ បូកផ្សំជាមួយសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន ថែមទៀតដែលយើងកំពុងអនុវត្តន៍។ យើងសង្ឃឹមការអនុវត្តនេះ មានប្រសិទ្ធភាពខ្ពស់ យើងមានយន្ដការ យើងមានបទពិសោធន៍ យើងមានធនធានធ្វើ ហើយរួមគ្នាទាំងអស់ទាំងរដ្ឋ ឯកជន និងប្រជាពលរដ្ឋផង៕

គំរោងអភិវឌ្ឍន៍ទីក្រុងថ្មីនៅជើងភ្នំបូកគោនឹងចាប់ផ្តើមសាងសង់នៅចុងសប្តាហ៍នេះ

ដោយៈ រ៉ាណេត

កំពតៈ រដ្ឋបាលខេត្តកំពត បាននិងត្រៀមរៀបចំពិធីសម្ពោធបើកការរដ្ឋានសាងសង់គម្រោងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទីក្រុងថ្មី ដែលមានឈ្មោះថា “មរតកឋានសួគ៌” ក្នុងតម្លៃរាប់សិបលានដុល្លារ ដែលជាការវិនិយោគដោយក្រុមហ៊ុនសុខា អូតែល ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅចុងសប្ដាហ៍នេះ។

រដ្ឋបាលខេត្តកំពត ក្រោមវត្តមានរបស់លោកជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ និងរាយការណ៍ពីផែនការនៃការរៀបចំពិធីបើកសម្ពោធការដ្ឋាន សាងសង់គម្រោងអភិវឌ្ឍលំនៅដ្ឋានបែបប្រណីត ដែលមានឈ្មោះថា “មរតកឋានសួគ៌” នៅរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។

គម្រោងវិនិយោគលើការអភិវឌ្ឍ ក្នុងវិស័យលំនៅដ្ឋានបែបទំនើបមួយនេះ បានក្លាយជាការគម្រោងវិនិយោគដ៏ធំ និងលើកដំបូងគេនៅតំបន់រមណីយដ្ឋាន ឧទ្យានជាតិព្រះមុនីវង្ស ក្រោមការបោះទុនដោយក្រុមហ៊ុនសុខាអូតែល ដែលជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបាន សិទ្ធិសម្បទានធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។

ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” មានចម្ងាយប្រហែល ១៨៩ គ.ម តែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា កំពង់ផែទេសចរណ៍ខេត្តកំពត កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ផ្លូវរថភ្លើង និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុជាដើម។ មានផ្លូវគមនាគមន៍ធំៗជាច្រើន ដែលអាចធ្វើដំណើរទៅកាន់ តំបន់អភិវឌ្ឍភ្នំបូកគោនេះ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿនដែល កំពុងសាងសង់និងពង្រីកបន្ថែម ដែលគ្រោងនឹងបញ្ចប់រួចរាល់ ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ដែលជាផ្លូវជាតិដ៍សំខាន់សម្រាប់ ការធ្វើដំណើរទៅកាន់តំបន់នោះ នាពេលបច្ចុប្បន្ន លើសពីនេះ ការធ្វើដំណើរទៅទីនោះ តាមឧទ្ធម្ភាចក្រក៍បាន៕

ចំណេះដឺង! តើកិច្ចសន្យាទិញលក់អចលនទ្រព្យមានប៉ុន្មានប្រភេទ?

ដោយវុត្ថា

ភ្នំពេញៈ ជាទូទៅការទិញលក់អចលននទ្រព្យមានទម្រង់ និងរូបភាពខុសៗគ្នាដែលសកម្មភាពបែបនេះ កើតឡើងនៅគ្រប់ទីកន្លែងក្នុងជីវភាពប្រចាំថ្ងៃមាន ដូចជា ការប្រកបអាជីវកម្មនានា និងការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ។

ទោះយ៉ាងណាគេអាចសង្កេតឃើញថា កិច្ចសន្យាទិញលក់ជាធម្មតាបានធ្វើឡើងតាមរូបភាពពីរបែប គឺការទិញលក់ដែលធ្វើឡើងត្រឹមតែផ្ទាល់មាត់ និងការទិញលក់ដែលមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។

ការទិញលក់ត្រឹមតែមាត់ទទេ ជាប្រភេទនៃកិច្ចសន្យាទិញលក់មួយ ដែលការព្រមព្រៀងទិញលក់រវាងអ្នកទិញ និងអ្នកលក់បានធ្វើឡើងដោយផ្ទាល់មាត់ ដែលតាមធម្មតានេះជាសកម្មភាពដោះដូរ បែបសាមញ្ញ និងក្នុងទំហំទឹកប្រាក់តិចតួចដូចជា៖ ការទិញសំលៀកបំពាក់ ឬទិញម្ហូបអាហារជាដើម។ ប៉ុន្តែគេក៏អាចធ្វើជាលិខិតព្រមព្រៀងលាយលក្ខណ៍អក្សរបានដែរដោយធ្វើជាលិខិត ឯកជនរវាងអ្នកលក់ និងអ្នកទិញផ្ទាល់ ឬលិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្ត្រីសាធារណៈ។

កិច្ចសន្យាទិញលក់ប្រភេទនេះ ក៏មានសុពលភាពពេញលេញតាមផ្លូវច្បាប់ដែរដោយហេតុថាកិច្ចសន្យាទិញលក់ ជាទូទៅច្បាប់មិនតម្រូវថា ត្រូវតែធ្វើឡើងជាលាយ​លក្ខ​ណ៍អក្សរនោះទេនេះបើមាត្រា៥១៦នៃក្រមរដ្ឋប្បវេណី។

ទោះយ៉ាងណាក្នុងច្បាប់ដដែល នៅក្នុងករណីមានបញ្ញត្តិពិសេស ដែលសំដៅដល់កិច្ចសន្យាទិញ លក់អចលនទ្រព្យរួមមាន ផ្ទះ ឬដីធ្លីជាដើមនោះកិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដើម្បីបង្កា និងបញ្ជៀសហានិភ័យ ដែលអាចកើតឡើងនាពេលក្រោយ៕

ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ មានចំណូលជាមធ្យមជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ជាមួយភាពរីកចម្រើន និងអភិវឌ្ឍន៍លើវិស័យសំណង់យ៉ាងឆាប់រហ័ស រួមជាមួយនឹងការយកចិត្តទុកដាក់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា បានជំរុញឱ្យសេដ្ឋកិច្ចនៃខេត្តព្រះសីហនុមានភាពល្អប្រសើរដែលធ្វើឱ្យជាពលរដ្ឋមានលទ្ធភាពអាចរកបានចំណូលជាមធ្យមជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ និងបង្កើនអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៩.៩ភាគរយ។

ប្រធានក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ លោក ជាម ហ៊ីម បានមានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ថា លទ្ធផលបទពិសោធន៍ និងបញ្ហាប្រឈមនានា ជុំវិញការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរគួរជាទីមោទន។

លោកបានបន្តទៀតថា “ក្នុងរយៈពេលពេញមួយឆ្នាំក្នុងការដឹកនាំចាត់ចែង និងអនុវត្តតាមតួនាទីភារកិច្ចបានយ៉ាងសកម្ម តាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវ សម្រេចបានជោគជ័យថ្មីៗជាច្រើន”។ លោកបានបន្តទៀតថា “ទាំងអស់នេះកើតចេញពីសន្តិភាពពេញលេញ បរិបូណ៌ មានសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសដ៏ឆ្នើមរបស់ប្រជាពលរដ្ឋ”។

ជាមួួយនឹងកិច្ចអនុវត្តការងារទៅតាមភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បានជំរុញឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន លើគ្រប់វិស័យទូទាំងខេត្ត ដែលក្នុងរួមមានដូចជា ប្រព័ន្ធផ្លូវថ្នល់ ផ្លូវប៉្របឆ្នេរសមុទ្រ ប្រព័ន្ធលូ សួនច្បារ ឆ្នេរសមុទ្រ និងប្រព័ន្ធការពារបរិស្ថាន ដោះស្រាយទំនាស់ផ្សេងៗបានជាបន្តបន្ទាប់។ បន្ថែមពីនេះ នៅមានការពង្រឹងកិច្ចអភិវឌ្ឍតំបន់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ (កងកេង) ជម្រុញការងារវិនិយោគក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

រាល់សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ដែលអាចមានប្រាក់ចំណូលជាមធ្យមក្នុងម្នាក់ទទួលបាន ៤,១៧៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងបង្កើនអត្រាកំណើនសេដ្ឋកិច្ច ៩.៩ភាគរយ ធ្វើឱ្យអត្រាភាពក្រីក្រធ្លាក់ចុះមកត្រឹម ៤.៤៥ភាគរយ ប្រជាពលរដ្ឋមានជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងសុភមង្គលគួរជាទីមោទនៈ៕

លោក ស៊ុន ចាន់ថុលប្រាប់ពីផែនការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយវុត្ថា

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ពីផែនការ និងគម្រោងលើកម្ពស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធធំៗដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តក្រុងនានារបស់កម្ពុជា ដើម្បីលើកកម្ពស់ដល់ការដឹកជញ្ជូន និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជននាថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ នេះ បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ និងលើកគុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្ដើង 00(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងការពង្រីកផ្លូវពីពីរគន្លងទៅបួនគន្លង

លោកបន្តថា ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីអ្នកលឿងទៅដល់បាវិត ផ្លូវជាតិលេខ២ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តតាកែវ ផ្លូវជាតិលេខ៣ចាប់ពីរាជធានីភ្នំពេញទៅដល់បែកគុស(៤គន្លងផ្លូវ) និងចាប់ពីបែកគុសទៅដល់ខេត្តកំពតពង្រីកដល់១២ម៉ែត្រ ផ្លូវជាតិលេខ៤ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តព្រះសីហនុពង្រីកទៅដល់១១ម៉ែត្រ និងគម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវថ្នល់ជាច្រើនទៀតផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏លើកឡើងអំពីផែនការស្ថាបនាផ្លូវថ្មី ដែលរួមមាន៖ ផ្លូវជាតិលេខ៤១ចាប់ពីផ្លូវជាតិលេខ៤រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៧១សេចាប់ពីក្រុងសួងរហូតដល់ចំការលើ ផ្លូវជាតិលេខ៥០ ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តកំពង់ធំ ផ្លូវជាតិលេខ៧១ ចាប់ពីត្រើងរហូតដល់កំពង់ថ្ម (ចាប់ពីផ្លូវជាតិលេខ៧រហូតដល់ផ្លូវជាតិលេខ៦) និងផ្លូវជាតិលេខ១៤៨បេ ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅជម្រៅ១៤ម៉ែត្រកន្លះ និងមួយទៀតជម្រៅ១៧ម៉ែត្រកន្លះដើម្បីអាចឱ្យនាវាធំៗដឹកទំនិញក្នុងតម្លៃប្រកួតប្រជែង ឆ្ពោះត្រង់ទៅកាន់សហរដ្ឋអាមេរិក។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនដោយផ្តោតលើការពិនិត្យដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន ជាពិសេស បញ្ហាសំខាន់ៗទាក់ទងនឹងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន /ភស្តុភារ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ និងការធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការថែទាំនិងជួសជុលផ្លូវជាដើម៕