លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្តជំរុញការយល់ដឹងច្បាប់សំណង់ចាប់ពីនិស្សិតឡើងទៅ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជំរុញការយល់ដឹងពីច្បាប់សំណង់ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅចាប់ពីនិស្សិតឡើងទៅ ដើម្បីពង្រឹងការអនុវត្តដែលអាចធានាបាននូវប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនក្រុមហ៊ុនសំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ថា ការផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ទៅដល់និស្សិត និងប្រជាពលរដ្ឋ គឺដើម្បីជំរុញឱ្យការអនុវត្តន៍ច្បាប់សំណង់នេះ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិ និងធានាបាននូវគុណភាពសំណង់រឹងមាំល្អ ដែលមិនបង្កជាហានិភ័យខ្ពស់។

លោកបានមានប្រសាសន៍បន្តទៀតថា “សព្វថ្ងៃនេះ ក្រសូងដែនដី បានជំរុញការផ្សព្វផ្សាយពីច្បាប់សំណង់ទៅដល់និស្សិត និងប្រជាពលរដ្ឋបានចំនួន៣ខេត្ត រួចមកហើយ ហើយក្រសួងនឹងបន្តផ្សព្វផ្សាយបន្ថែមទៀតនៅទូទាំងប្រទេស អំពីនីតិវិធីក្នុងការសុំសិទ្ធិសាងសង់ ជួសជុល ឬរុះរើ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងធានាសុវត្ថិភាពសំណង់។ លោកបានបន្តទៀតថា “ខ្ញុំនឹងធ្វើការផ្សព្វផ្សាយទៅដល់និសិ្សតនៅតាមវិទ្យាស្ថានជាច្រើនទៀត និងប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តទាំង២៥ រួមទាំងក្រុងភ្នំពេញផងដែរ”។

ជាមួយនឹងការបង្ហាញពីឆន្ទៈក្នុងការផ្សព្វផ្សាយពីច្បាប់សំណង់នេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងថា ក្រសួងនឹងជួបប្រជុំជាមួយព្រះរាជអាជ្ញា និងមេធាវីទៀតអំពីច្បាប់សំណង់ ដើម្បីឱ្យការអនុវត្តន៍ច្បាប់ស្របទៅតាមលិខិតបទដ្ឋានស្របតាមផងដែរ ។ គោលបំណងនៃច្បាប់ស្តីពីសំណង់ គឺទប់ស្តាត់ និងធានាបាននូវគុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ រួមទាំងអ្នកប្រើប្រាស់សំណង់ និងសាធារណៈជន៕

រោងចក្រផលិតកម្មនៅប្រទេសមីយ៉ាន់ម៉ាផ្អាកដំណើរការ ដោយសារខ្វះវត្ថុធាតុដើមពីប្រទេសចិន

ដោយ ប៊ី

ភ្នំពេញ៖ បើទោះបីជាប្រទេសចិនកំពុងជំរុញរោងចក្រឱ្យបើកដំណើរការជាថ្មីបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ COVID-19 ក៏ដោយ ក៏បណ្តាប្រទេសនៅអាស៊ីជាពិសេសនៅអាស៊ីអាគ្នេយ៍កំពុងរងផលប៉ះពាល់អវិជ្ជមាន។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា រោងចក្រជាច្រើនកំពុងកាត់បន្ថយម៉ោងធ្វើការ រឺផ្អាកប្រតិបត្តិការ ដោយសារតែការខ្វះខាតវត្ថុធាតុដើមមកពីប្រទេសចិនដើម្បីផលិត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ News From Myanmar។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា រោងចក្រខ្លះដែលផលិតស្បែកជើង និងកាបូបពឹងផ្អែកលើប្រទេសចិនសម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមបង្ខំឱ្យរោងចក្រខ្លះបញ្ឈប់ផលិតកម្ម។

បញ្ហានេះបានធ្វើឱ្យមានការពន្យាពេលផលិតកម្ម។ នេះបើយោងតាមរបាយការណ៍របស់ Quartz។ ជីវភាពរស់នៅរបស់កម្មកររោងចក្រនៅក្នុងប្រទេសទាំងនេះអាចនឹងមានហានិភ័យ ប្រសិនបើរោងចក្រដែលជួលពួកគេមិនអាចនឹងចាប់ផ្តើមអាជីវកម្មធម្មតាឡើងវិញឆាប់ៗនេះ។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ដែលជាអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់បានព្យាករណ៍ពីតម្លៃសេដ្ឋកិច្ចឆ្នាំ ២០១៩ ពីផលប៉ះពាល់នៃជំងឺ COVID-19 នឹងឃើញថាផលិតផលក្នុងស្រុកសរុបរបស់ចិនធ្លាក់ចុះ ០.៥ ភាគរយ និងអាស៊ានបូក ៣ (ចិ នជប៉ុន កូរ៉េខាងត្បូង) នឹងធ្លាក់ចុះ ០,២ ភាគរយក្នុងឆ្នាំបច្ចុប្បន្ន។

ផ្អែកលើការធ្វើលំហាត់ប្រាណគំរូនិងភស្តុតាងពីផលប៉ះពាល់នៃ SARS ការិយាល័យAMRO ព្យាករណ៍ថា ការធ្លាក់ចុះនៅក្នុងប្រទេសចិនអាចប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ាន +៣ បើនិយាយពីការធ្លាក់ចុះនៃអត្រាកំណើនរបស់ពួកគេ។ បញ្ហាដែលអាចកើតមាននៃការថយចុះអាចមកពីការថយចុះនៃការធ្វើដំណើរ និងទេសចរណ៍ពីប្រទេសចិនការកាត់បន្ថយទេសចរណ៍ក្នុងតំបន់ ការធ្លាក់ចុះការនាំចូលរបស់ចិនពីតំបន់ និងការរីករាលដាលនៃជំងឺនៅក្នុងប្រទេសដទៃទៀតនៃតំបន់។ ទាំងអស់នេះជះឥទ្ធិពលយ៉ាងខ្លាំងទាក់ទងនឹងការធ្លាក់ចុះនៃកំណើនក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់ AMRO ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ៕

ខេត្តសៀមរាបបន្តសិក្សាគម្រោងទីក្រុងវៃឆ្លាតដើម្បីប្រកួតប្រជែងជាមួយទីក្រុងនានា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)សិក្សាលើគម្រោងទីក្រុងវៃឆ្លាត ( Smart City in Siem Reap ) ដែលជាគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយទីក្រុងនានា ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក ។

យោងតាមកិច្ចប្រជុំរវាង លោក ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នាថ្ងៃទី២ ខែមីនា ឆ្នាំ ២០២០ នេះបានជំរុញឱ្យក្រុមការងារទាំងពីរនឹងបន្តជួបគ្នា ដើម្បីសិក្សាលើគម្រោងនេះ ឲ្យបានស៊ីជម្រៅបន្ថែមទៀត និងប្រកបដោយការទទួលខុសត្រូវ ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍមួយដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានចេញមុខសិក្សាគម្រោងអភិវឌ្ឍន៍ក្រុងសៀមរាបឱ្យទៅជាទីក្រុងវៃឆ្លាតអាស៊ានសៀមរាបឱ្យក្លាយជាទីក្រុងវៃឆ្លាតដោយបានបែងចែកជា ២ផ្នែករួមមានទី១ សិក្សាពីគម្រោងចាប់ពីខែកក្ដដា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០១៩និង ទី២ ចាប់ផ្ដើមអនុវត្តគម្រោង ចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២០។

បើតាមឯកសារទស្សនាទានស្តីពីបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានបង្ហាញថា ទីក្រុងចំនួន ២៦ នឹងត្រូវដាក់ក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន ហើយក្នុងចំណោមនោះមានទីក្រុងចំនួន៣ របស់កម្ពុជាក៏ត្រូវបានដាក់បញ្ចូលរួមានទីក្រុងសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញផងដែរ៕

ស្ពានមិត្តភាព កម្ពុជា-វៀតណាម នៅខេត្តក្រចេះតម្លៃជិត ៦០ម៉ឺនដុល្លារ ចាប់ផ្ដើមបុកគ្រឹះសាងសង់

ដោយ ៖ រ៉ាណេត

ក្រចេះ ៖ ស្ពានមិត្តភាពកម្ពុជា-វៀតណាម ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសវៀតណាម នៅក្នុងខេត្តក្រចេះ ត្រូវបានសម្ពោធបុកគ្រឹះបើកការដ្ឋានសាងសង់ក្រោមវត្តមានរបស់ក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តក្រចេះ ។

លោកអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កាលពីចុងសប្ដាហ៍កន្លងទៅនេះថា តាមរយៈវត្តមាននៃស្ពានថ្មថ្មី ដែលមានតម្លៃសាងសង់ ៥៦១ ២៥០ ដុល្លារនេះ នឹងចូលរួមចំណែកក្នុងការជួយសម្រួលដល់វិស័យដឹកជញ្ជូន ការធ្វើចរាចរណ៍ បម្រើដល់វិស័សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។

លោកអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា “ស្ពានថ្មថ្មីនេះ មានឈ្មោះ “ស្ពាន មិត្តភាព ខេត្តក្រចេះ ខេត្តប៊ិញយឿង“ ស្ថិតនៅក្នុងសង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ដោយក្នុងគម្រោងសាងសង់នឹងត្រូវបានបញ្ចប់ដាក់ឱ្យដំណើរប្រើប្រាស់ជាសាធារណៈនៅត្រឹមដំណាច់ឆ្នាំ២០២០ខាងមុខនេះ”។ លោកបានបន្តទៀតថា “កាលពីពេលកន្លងទៅនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានចាស់ដែលសាងសង់ពីដែកនៅតំបន់នេះ តែងមានការព្រួយបារម្ភទៅលើសុវត្ថិភាព ជាពិសេសការដឹកជញ្ជូនដែលមានទម្ងន់ធ្ងន់ ប៉ុន្តែនៅពេលឆាប់ៗខាងនេះនឹងត្រូវដោះស្រាយដោយវត្តមានស្ពានថ្មថ្មីមួយនេះ”។

ប្រធានមន្ទីរសាធារណៈការខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មី ជំនួសស្ពានដែកចាស់នេះ មានប្រវែង ៣៦ម៉ែត្រ ទទឹង ៨ម៉ែត្រ អាចអនុញ្ញាតឱ្យចរាចររណ៍បានរថយន្តគ្រប់ប្រភេទ ដោយសងជា២គន្លង ដោយក្រុមបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ។ លោកបញ្ជាក់ថា គម្រោងសាងសង់នឹងត្រូវបានបញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២០ ដើម្បីបម្រើអោយវិស័យគមនាគមន៍ ជាសរសៃឈាមសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាខេត្តមួយចំនួនទៀតដែលស្ថិតនៅភាគឦសាន ជាពិសេសចូលរួមបម្រើផលប្រយោជន៍ដល់វិស័យទេសចរណ៍របស់ខេត្តក្រចេះផងដែរ៕

ពន្ធដារបញ្ចប់ការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មាន ជូនម្ចាស់អចលនទ្រព្យនៅខណ្ឌចំនួន ៩ នៃរាជធានីភ្នំពេញ

ដោយវុត្ថា

ភ្នំពេញ៖ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់ការចុះបញ្ជីផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ ជូនម្ចាស់អចលនទ្រព្យនៅខណ្ឌចំនួន ៩ នៃរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន បាននឹងកំពុងត្រៀមបន្តចុះអនុវត្តការងារ នៅគ្រប់ភូមិសាស្ត្រខណ្ឌនៃរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ នេះ បង្ហាញថា ខណ្ឌចំនួន ៩ នៃរាជធានីភ្នំពេញ ដែលបានបញ្ចប់ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ រួមមាន៖ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ។

អគ្គនាយដ្ឋានពន្ធដារពន្យល់ថា ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ម្ចាស់អចលនទ្រព្យនឹងទទួលបានភាពងាយស្រួលក្នុងការបង់ពន្ធ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ដើម្បីបង់ពន្ធនៅតាមធនាគារជាដៃគូ ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអភិវឌ្ឍកម្មវិធីសម្រាប់ការបង់ពន្ធលើអចលនទ្រព្យតាមរយៈ E-Payment ដើម្បីឱ្យកាន់តែផ្តល់ភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់។

អគ្គនាយកដ្ឋានពន្ធដារបាននឹងកំពុងចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដើម្បីផ្តល់ភាពងាយស្រួល និងច្បាស់លាស់ ជូនម្ចាស់អចលនទ្រព្យក្នុងការបង់ពន្ធលើអចលនទ្រព្យ ។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការចុះផ្តល់សេវានេះ មានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ដោយធ្វើការចុះស្រងស្ថិតិ ថតរូបទីតាំងអចលនទ្រព្យ និងសាកសួរព័ត៌មានមួយចំនួន ដូចជាអត្តសញ្ញាណម្ចាស់អចលនទ្រព្យ អត្តសញ្ញាណអចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យរបស់អគ្គនាយកដ្ឋានពន្ធដារ៕

ក្រុមហ៊ុន Oxley Holdings ប្រកាសពន្លឿនការសាងសង់អគារចម្រុះ៥៥ជាន់ The Peak បន្ទាប់ពីរកបានក្រុមហ៊ុនម៉ៅការថ្មី

ដោយ ប៊ី

ភ្នំពេញ៖ គម្រោង The Peak ដែលជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅ ផ្សារទំនើប និងចំណតរថយន្តជាច្រើនជាន់ បានប្រកាសពន្លឿនការសាងសង់ បន្ទាប់ពីរកបានក្រុមហ៊ុនម៉ៅការថ្មី ដើម្បីបន្តការសាងសង់។

ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) ជាក្រុមហ៊ុនរដ្ឋចិន មានស្ថានភាពហិរញ្ញវត្ថុរឹងមាំល្អ បានក្លាយជាក្រុមហ៊ុនម៉ៅការថ្មី នឹងចាប់ផ្តើមការងារសាងសង់គម្រោង The Peak បន្តក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
គម្រោង The Peak ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន អកស៍ឡី ជេម (ខេមបូឌា) ខូ អិលធិឌី ហៅថា «ក្រុមហ៊ុន អកស៍ឡី ជេម» ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oxley Holdings Limited។

ក្រុមហ៊ុន អកស៍ឡី ជេម គឺបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (SGW) ធ្វើជាអ្នកម៉ៅការសាងសង់គម្រោង The Peak នេះ។ ជាអកុសល ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន SGW និងដោយសារក្រុមហ៊ុន SGW គ្រប់គ្រងគម្រោងមិនត្រឹមត្រូវ ជាហេតុនាំឱ្យការសាងសង់គម្រោងជួបប្រទះការលំបាក និងមានភាពយឺតយ៉ាវជាខ្លាំង។

ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍នៃគម្រោងនេះ បានស្នើផ្តល់ជំនួយដល់ក្រុមហ៊ុន SGW ដើម្បីឱ្យក្រុមហ៊ុននេះ អាចសាងសង់ឱ្យរួចទាន់ពេលវេលា ស្របតាមកិច្ចសន្យា ហើយថែមទាំងបានពន្យារពេលជូនក្រុមហ៊ុន SGW សម្រាប់ធ្វើការបញ្ចប់ការសាងសង់ទៀត។

យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនបានខិតខំបំពេញកាតព្វកិច្ចសាងសង់របស់ខ្លួនឱ្យប្រសើរឡើងឡើយ ដែលជាកត្តាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះពិតជាមិនមានសមត្ថភាព ក្នុងការបញ្ចប់ការសាងសង់គម្រោង ទៅតាមពេលវេលាកំណត់ឡើយ។ ដូច្នេះ ដើម្បីជៀសវាងការយឺតយ៉ាវបន្ថែមទៀត ក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចចិត្តរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW នាខែតុលា ឆ្នាំ២០១៩។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន អកស៍ឡី ជេម បានតែងតាំងក្រុមហ៊ុនសំណង់ថ្មីមួយទៀត សម្រាប់បន្តសាងសង់អគារ ពោលគឺ ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ហៅថា «ក្រុមហ៊ុន CRUCG» ដែលជាក្រុមហ៊ុនរដ្ឋចិន ដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំល្អ។

នៅពេលដែលកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW ត្រូវបានរំលាយ ក្រុមហ៊ុននេះមានកាតព្វកិច្ចក្នុងការចាកចេញពីទីតាំងគម្រោង ដើម្បីឱ្យក្រុមហ៊ុន CRUCG ចូលកាន់កាប់ទីតាំងដើម្បីបន្តការសាងសង់គម្រោង។

យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW បានបំពានកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន ដោយមិនព្រមចាកចេញពីទីតាំងគម្រោង និងធ្វើការកាន់កាប់គម្រោងយ៉ាងខុសច្បាប់។ សកម្មភាពនេះ បង្កឱ្យការសាងសង់គម្រោងកាន់តែយឺតយ៉ាវខ្លាំង ដោយសារក្រុមហ៊ុន CRUCG មិនអាចចូលក្នុងទីតាំងគម្រោងដើម្បីចាប់ផ្តើមការងាររបស់ខ្លួនបាន។

ហេតុដូចនេះ ក្រុមហ៊ុន អកស៍ឡី ជេម បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពារនៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឱ្យតុលាការបង្គាប់ឱ្យក្រុមហ៊ុន SGW ចាកចេញពីទីតាំងគម្រោង ដើម្បីអាចឱ្យក្រុមហ៊ុន អកស៍ឡី ជេម អនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងនាមជាម្ចាស់ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង។

នៅក្នុងនីតិវិធីរក្សាការពារនេះ តុលាការបានធ្វើការកោះហៅ និងបានផ្តល់ឱកាសសមរម្យឱ្យក្រុមហ៊ុន SGW ចូលរួមក្នុងនីតិវិធី ដើម្បីធ្វើការតតាំង និងការពារខ្លួនតាមផ្លូវតុលាការ។

យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនអើពើចំពោះការកោះហៅរបស់តុលាការឡើយ ដែលនាំឱ្យសាលាដំបូងរាជធានីភ្នំពេញ សម្រេចយល់ស្របតាមការស្នើសុំរបស់ ក្រុមហ៊ុន អកស៍ឡី ជេម។ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបង្គាប់ឱ្យក្រុមហ៊ុន SGW អ្នកម៉ៅការបន្ត និងបុគ្គលិករបស់ពួកគេ ចាកចេញពីទីតាំងគម្រោងជាបន្ទាន់។

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តដីកាសម្រេចរក្សាការពារ នៅទីតាំងគម្រោង ស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយមានជំនួយពីអាជ្ញាធរមានសមត្ថកិច្ច។ នាពេលអនុវត្តនោះ ក្រុមហ៊ុន SGW ប្រកែកមិនព្រមសហការជាមួយអាជ្ញាសាលា និងអាជ្ញាធរឡើយ ហើយថែមទាំងធ្វើការរារាំងការអនុវត្តដីកាតុលាការ ដោយបានប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ច។

ចំពោះសកម្មភាពរបស់ក្រុមហ៊ុន SGW ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការ និងការរារាំងអាជ្ញាធរនៅពេលកំពុងអនុវត្តភារកិច្ច មេធាវីរបស់ក្រុមហ៊ុន អកស៍ឡី ជេម បានលើកឡើងថាទង្វើនេះអាចចាត់ទុកជាបទល្មើស ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាមានការរារាំងយ៉ាងនេះក្តី ក្រោយមកអាជ្ញាសាលាបានធ្វើការនាំខ្លួនក្រុមការងាររបស់ក្រុមហ៊ុន SGW ចេញពីទីតាំងគម្រោងដោយជោគជ័យ ហើយគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន អកស៍ឡី ជេម អាចកាន់កាប់ និងគ្រប់គ្រងទីតាំងគម្រោងបានវិញយ៉ាងពេញលេញហើយ ដូច្នេះ ក្រុមហ៊ុន CRUCG អាចនឹងចាប់ផ្តើមការងារសាងសង់គម្រោងបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។

នាពេលនេះ ក្រុមហ៊ុន អកស៍ឡី ជេម កំពុងបង្គាប់ឱ្យមេធាវីរបស់ខ្លួន ធ្វើការសិក្សាទិដ្ឋភាពតាមផ្លូវច្បាប់ និងរៀបចំឯកសារក្នុងការទាមទារសំណងការខូចខាតពីក្រុមហ៊ុន SGW សម្រាប់រាល់ការខូចខាតដែលខ្លួនទទួលរង ដោយសារការបំពានកាតព្វកិច្ច និងសកម្មភាពបំពានច្បាប់ជាច្រើនរបស់ក្រុមហ៊ុន SGW៕

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ វិស័យធានារ៉ាប់រងបន្តរីកចំរើនប្រកបដោយភាពរឹងមាំ

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឱ្យដឹងថា សព្វថ្ងៃនេះ វិស័យធានារ៉ាប់រងក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើន និងបោះជំហានទៅមុខដោយភាពរឹងមាំ ដោយចំនួនប្រតិបត្តិករមានការកើនឡើង ជាបន្តបន្ទាប់ជាច្រើន ក្នុងនោះរួមមាន ទាំងក្រុមហ៊ុនធានារ៉ាប់រងធំៗ កម្រិតអន្តរជាតិជាច្រើនក៏បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ាណែត នៅក្នុងបើកសម្ពោធជាផ្លូវការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone Life Insurance PLC កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ម្សិលមិញឱ្យដឹងថា នេះសបញ្ជាក់ឲ្យឃើញថា កម្រិតជីវភាព និងចំណេះដឹងក្នុងការថែទាំសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការរីកចម្រើនលឿន ហើយជាមួយនឹងលទ្ធភាពនេះ ពួកគាត់ក៏ចាប់ផ្តើមមានផែនការគិតគូរវែងឆ្ងាយ ដើម្បីបង្ការហានិភ័យក្នុងពេលអនាគតរបស់ខ្លួន និងរបស់សមាជិកក្រុមគ្រួសារពួកគាត់។

លោកឧត្តមសេនីយ៍បន្តថា វឌ្ឍនភាពនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយថាមពល នៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព ហើយក៏ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ផងដែរអំពីទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ចំពោះបរិយាកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសចីរភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងសូមអរគុណវិនិយោគិនទាំងអស់ ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគសម្រាប់អាជីវកម្មរបស់ខ្លួន ហើយសូមបន្តធ្វើការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីទទួលនូវប្រយោជន៍អតិបរមាពីសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលកម្ពុជាកំពុងតែមាន ទៅតាមសមត្ថភាព និងគំនិតច្នៃប្រឌិតរៀងៗខ្លួន។

លោកថា “រាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពនៃវិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជា ដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន និងភាពធនមាំសម្រាប់ដំណើរការ រយៈពេលវែងខាងមុខរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីៗជាច្រើន សំដៅកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ចនៅកម្ពុជាកាន់តែមានភាពទាក់ទាញ”៕

រយៈពេល២ខែ ដើមឆ្នាំ២០២០ កំណើនភ្ញៀវទេសចរធ្លាក់ចុះប្រមាណ ១០ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃបញ្ហាដែលបណ្តាលមកពីការរីករាលដាល និងរាតត្បាតនៃជំងឺរលាកផ្លូដង្ហើម Covid-19 បានធ្វើឱ្យកំណើនភ្ញៀវទេសចរជួបភាពប្រឈមគួរឱ្យព្រួយបារម្ភ ដោយត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២០នេះ មានធ្លាក់ចុះប្រមាណ១០ភាគរយនៅទូទាំងប្រទេស។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ថា នៅក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២០ កន្លងទៅនេះ ដោយសារតែបញ្ហាជំងឺរលាកផ្លូវដង្ហើម ឬ Covid-19 បានធ្វើឱ្យអ្នកទេសចរថយចុះប្រមាណ ១០ភាគរយ ដោយក្នុងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥ភាគរយ នៅទូទាងប្រទេសកម្ពុជា ដោយក្នុងនោះតំបន់ទេសចរណ៍ដែលមានភាពប្រឈមខ្លាំងគឺនៅក្នុងខេត្តសៀមរាប អាចថយចុះច្រើនជាង ១៥ភាគរយ។

លោកបានបន្តទៀតឱ្យដឹងទៀតថា “ជាយុទ្ធនាការបន្ទាន់ រដ្ឋាភិបាលបានអនុគ្រោះពន្ធចំនួន៤ខែសម្រាប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារនៅទូទាំងខេត្យតសៀមរាបដែលមានសរុបប្រមាណជាង៣០០ទីតាំង ដើម្បីជាការជួយសម្រួលដល់ភាពប្រឈម ក៏ដូចជាការលើកទឹកចិត្តរបស់ម្ចាស់អាជីវកម្មផងដែរ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ដោយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានគម្រោងទេសចរណ៍នៅតាមបណ្តាប្រទេសនានា គួរតែពិចារណា និងងាកមកកម្សាន្តនៅតាមតំបន់កម្សាន្តក្នុងស្រុកនានាវិញ ដែលអាចធានាបាននូវសុខសុវត្ថិភាពពីបញ្ហានៃជំងឺ Covid-19 ហើយក៏ជាការចូលរួមនៅក្នុងការលើកកម្ពស់ក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ៕

សណ្ឋាគារនៅសៀមរាបប្រមាណ ៧% ផ្អាកអាជីវកម្ម

ដោយ ហ្សូលី

សៀមរាប៖ សណ្ឋាគារនៅខេត្តសៀមរាបប្រមាណជា ៧ភាគរយ បានផ្អាកអាជីវកម្ម ដោយការធ្លាក់ចុះភ្ញៀវទេសចរ អំឡុងពេលវីរុសកូរ៉ូណាកំពុងវាយលុកនៅប្រទេសចិន និងទូទាំងពិភពលោក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដការងារបន្ដរបស់ក្រសួងទេសចរណ៍» នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ទិត ចន្ថា បានមានប្រសាសន៍ថា « ផលប៉ះពាល់មកដល់ពេលនេះ បើនិយាយពីសណ្ឋាគារគឺមានតិចតួចទេ នៅខេត្តសៀមរាបមានការផ្អាកអាជីវកម្មខ្លះ ខ្លះក៏សុំផ្អាកដើម្បីធ្វើការជួសជុលកែលម្អដោយសារភ្ញៀវតិច អញ្ចឹងទៅគាត់ក៏យកឱកាសនោះដើម្បីធ្វើការកែលម្អ រៀបចំតែម្តងទៅ មានប្រហែលជា ៧% ក្នុងចំណោមសណ្ឋាគារ ភោជនីយដ្ឋាន យើងអត់រាប់ផ្ទះសំណាក់ទេ។»

ឯកឧត្តមបន្តថា « នៅសៀមរាបមានសណ្ឋាគារសរុបទាំងអស់ ទាំងផ្ទះសំណាក់ផង មានប្រមាណជាជិត ៣០០ ប៉ុន្តែក្នុងនោះមានប្រមាណជា ៧ ឬ៨ សណ្ឋាគារដែលមានការផ្អាកបណ្តោះអាសន្ន។ »

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ផងដែរថា « កិច្ចការហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ជាពិសេសនៅខេត្តសៀមរាប យើងបាននិងកំពុងធ្វើជាប្រចាំ។ ម្លោះហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថមិនទាន់ផ្គត់ផ្គង់ទាន់តម្រូវការទេ ដោយសារកំណើនមានភាពរហ័ស។ »

ឯកឧត្តម ទិត ចន្ថា បានបន្ថែមទៀតថា បើទោះបីជាមានកំណើនទេសចរថយចុះក៏ដោយ ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនមានការបន្ធូរដៃឡើយ ផ្ទុយទៅវិញមានតែបន្ថែមដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការនៅថ្ងៃអនាគត៕

រដ្ឋមន្ត្រីបរិស្ថាន៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឈរលើបរិស្ថាន និង កម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាអះអាងថា ការស្ថាបនាផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ ត្រូវបានអនុវត្តតាមបទដ្ឋានបច្ចេកទេស ដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន ជាពិសេសបានគិតគូរដល់ភូមិឋានដែលជាសហគមអ្នកនេសាទនៅតាមដងផ្លូវ កម្មសិទ្ធិដីធ្លី និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឲ្យកាន់តែល្អប្រសើរ ។

លោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាបានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការកាលពីចុងសប្តាហ៍កន្លងកមកនេះ បានលើកឡើងថា ការស្ថាបនាផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ តួយ៉ាងការស្ថាបនាមហាវិថីឆ្នេររាម ត្រូវបានរក្សាទុកនូវសហគមអ្នកនេសាទភូមិអុង និងសហគមអ្នកនេសាទស្ពានបាក់។

រដ្ឋាភិបាលបានស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។

ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

រដ្ឋាភិបាលបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ និងថវិការបស់រាជរដ្ឋាភិបាលចំនួនប្រមាណជាង ៣០០លានដុល្លារអាមេរិក។

ផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕