ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបោះទុនរាប់ពាន់ដុល្លារអាមេរិក ក្នុងការពង្រីក និងស្ថាបនាផ្លូវថ្មីពីភ្នំពេញ ឆ្ពោះទៅកាន់តំបន់ខេត្តជាប់មាត់សមុទ្រ និងព្រំដែន ដើម្បីបង្កើនការដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវយុត្តិសាស្ត្រ និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចំរើនបន្ថែមទៀត។

-->
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មានកាលពីកន្លងមកថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយស ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រម៉ែប្រមូលថវិកាពីប្រទេសជាដៃគូ និងកម្ចីនានានា ហើយបានចំណាយរាប់ពាន់លានដុល្លារអាមេរិក លើការធ្វើផ្លូវនានានៅទូទាំងទេស។
លោកបន្តថា “បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូ បាននឹងកំពុងពង្រីក សាងសង់ និងធ្វើឱ្យប្រសើរឡើងវិញនូវជាតិសំខាន់ៗ ពីភ្នំពេញទៅកាន់ខេត្តជាប់មាត់សមុទ្រ និងទៅកាន់ជាយដែននៃប្រទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង កាត់បន្ថយគ្រោះថ្នាក់ចរណ៍នៅក្នុងប្រទេស” ។
លោកបន្ថែមថា យើងបាននឹងកំពុងពង្រីក និងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅកាន់ខេត្តកំពត-កែប ដែលជាខេត្តនៅជាប់មាត់សមុទ្រ ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ។ ជាមួយគ្នានេះ យើងក៏បានស្តារឡើងវិញផ្លូវជាតិលេខ២ ដែលអាចធ្វើដំណើរទៅកាន់ខេត្តកំពតផងដែរ។
បច្ចុប្បន្ននេះ ក្រសួងពង្រីកផ្លូវជាតិលេខ៥ប្រវែង ៣០៤គីឡូម៉ែត្រ ពីភ្នំពេញ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ និងជាផ្លូវតភ្ជាប់អាស៊ាន ដែលមានតម្លៃប្រមាណ៥០០ លានដុល្លារអាមេរិក និងការស្ថាបនផ្លូវល្បឿនពីភ្នំពេញល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តព្រះសីនុ រួមជានឹងការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤ផងដែរ ។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា ក្រៅពីនេះរដ្ឋាភិបាល តាមរយៈក្រសួងក៏បាននឹងកំពុងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវជាតិសំខាន់ៗជាច្រើនខ្សែរនៅក្នុងប្រទេស ដើម្បី ធ្វើពិពិធកម្មភស្តុភារ ឱ្យកាន់តែសម្បូរបែប និងការចំណាយលើការដឹកជញ្ជូនកាន់តែមានតម្លៃថោក ព្រមទាំងទាន់ពេលវេលានៃការដឹកជញ្ជូន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានដាក់ចេញទិសស្លោក «មានផ្លូវ មានក្តីសង្ឃឹម» ដើម្បីជំរុញការកសាងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ តាមរយៈទិសស្លោករាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយថ្ងៃរំដោះ៧ មករា១៩៧៩ បានប្រឹងប្រែងរកគ្រប់លទ្ធភាពទាំងអស់ សាងសង់ផ្លូវ និងស្ពាន ដែលជាសរសៃឈាម ដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផងដែរ។
មកដល់ពេលបច្ចុប្បន្នផ្លូវ និងស្ពានជាច្រើនខ្សែត្រូវបានលើកកម្ពស់ កែលម្អ និងសាងសង់ឡើងថ្មី តភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡានៅទូទាំងប្រទេស។ តាមរយៈសមិទ្ធផលផ្លូវ និងស្ពានដែលសម្រេចបានទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទឹកជញ្ជូនទំនិញ។ ជាពិសេសក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្តរក្សាមហិច្ឆតាសាងសង់ផ្លូវ និងស្ពាន ព្រមទាំងលើកកម្ពស់គុណភាពឲ្យកាន់តែល្អប្រសើរ។ ជាពិសេសសាងសង់ស្ពានឆ្លងកាត់ទន្លេ ឲ្យបានកាន់តែច្រើនទៀត ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេង៕