ឥណ្ឌានឹងទម្លាក់ជប៉ុនដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៣ លើពិភពលោក

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋមន្រ្តី លោក Anurag Thakur បាននិយាយកាលពីថ្ងៃអាទិត្យកន្លងមកនេះដោយអះអាងថា ពិភពលោកមានទំនុកចិត្តលើប្រទេសឥណ្ឌា និងសេដ្ឋកិច្ចរបស់ខ្លួន ខណៈរដ្ឋាភិបាលមានគោលបំណងធ្វើឱ្យប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំពូលទាំងបីនៅឆ្នាំ ២០២៥។

នេះជាលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងកិច្ចការសាជីវកម្មរូបនេះ ដែលបានថ្លែងសុន្ទរកថាសន្និសីទកាសែត បន្ទាប់ពីបានជួបជាមួយភាគីពាក់ព័ន្ធមកពីពាណិជ្ជកម្ម និងឧស្សាហកម្មផ្សេងៗក្នុងកំឡុងពេលប្រជុំអន្តរកម្មដែលរៀបចំឡើងដោយនាយកដ្ឋានពន្ធលើប្រាក់ចំណូល។

រដ្ឋមន្រ្តី បាននិយាយថា “យើងបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៥ របស់ពិភពលោក ហើយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គោលដៅគឺធ្វើឱ្យប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងបីលើពិភពលោក”។

លោកក៏បានផ្តោតលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះដែលឈ្មោះ Vivaad se Vishwa ជាគ្រោងការណ៍ដើម្បីដោះស្រាយជម្លោះរវាងអ្នកធ្វើការពាក់ព័ន្ធនឹងពន្ធ និងអ្នកបង់ពន្ធ។

លោក Thakur បាននិយាយថា ស្ថាប័នហិរញ្ញវត្ថុផ្សេងៗគ្នារួមទាំង IMF និង RBI បានព្យាករថា ប្រទេសឥណ្ឌានឹងទទួលបានកំណើនសេដ្ឋកិច្ចជាថ្មីម្តងទៀត។

ជាមួយនឹងផលិតផលសរុបក្នុងស្រុកនៅត្រីមាសទី ៣ ធ្លាក់ចុះដល់ ៤,៧ ភាគរយ សភាបានចោទប្រកាន់រដ្ឋាភិបាលថាបានបំផ្លាញសេដ្ឋកិច្ចដោយ “ការគ្រប់គ្រងមិនត្រឹមត្រូវ” ។

លោករដ្ឋមន្ត្រី បានថ្លែងថា “ពួកគេ (ស្ថាប័ន IMF ស្ថាប័ន RBI) បាននិយាយថា ប្រទេសឥណ្ឌានឹងរីកចម្រើនក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០-២១ ក្នុងអត្រា ៦-៦.៥ ភាគរយដែលបង្ហាញយ៉ាងច្បាស់ថា ពិភពលោកមានទំនុកចិត្តលើសេដ្ឋកិច្ចឥណ្ឌា និងឥណ្ឌា ហើយរដ្ឋាភិបាលម៉ូឌីនឹងធ្វើគ្រប់ជំហានក្នុងទិសដៅនោះ។

លោក Thakur បានបន្ថែមថា “ប្រសិនបើអ្នកក្រឡេកមើលលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសពួកគេនឹងលើស FDI ក្នុងរយៈពេល ១០ ឆ្នាំមុន”៕

រដ្ឋាភិបាលកម្ពុជាពង្រីកការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនដើម្បីជំរុញពាណិជ្ជកម្មជាមួយប្រទេសជិតខាង

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងនឹងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែន និងលើកកម្ពស់សេវាកម្មច្រកចេញចូលតែមួយជាមួយប្រទេសវៀតណាម និងប្រទេសថៃក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្នុងចំណោមប្រជាជាតិអាស៊ាន។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានធ្វើសេចក្តីប្រកាសនេះនៅក្នុងកិច្ចប្រជុំស្តីពីសេវាកម្មច្រកចេញចូលតែមួយរវាងកម្ពុជាវៀតណាម និងថៃកាលចុងសប្តាស៍នេះ។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីជំរុញការដឹកជញ្ជូនឆ្លងព្រំដែន ការត្រួតពិនិត្យ និងការពិនិត្យឡើងវិញនូវសេវាកម្មច្រកចេញចូលតែមួយជាមួយប្រទេសថៃ និងវៀតណាមគឺត្រូវការជាបន្ទាន់។

គណៈកម្មាធិការនេះ បានបន្ថែមថា “ដើម្បីលើកកម្ពស់ពាណិជ្ជកម្មនាពេលអនាគតរដ្ឋាភិបាលកម្ពុជាត្រូវតែផ្តោតលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃនៅខេត្តស្វាយរៀង”។

គណៈកម្មាធិការ បានបន្តថា “ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធភ្ជាប់នឹងព្រំដែន និងដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនយើងត្រូវតែបន្តកិច្ចសហប្រតិបត្តិការតឹងរឹងជាមួយអាជ្ញាធរវៀតណាម”។

គណៈកម្មាធិការនេះក៏បានគាំទ្រដល់ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងតំបន់ត្រួតពិនិត្យរួមមួយនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

របាយការណ៍បានបញ្ជាក់ថា “កិច្ចការនេះនឹងជួយសម្រួលដល់នីតិវិធីឆ្លងកាត់ព្រំដែនជាមួយ នឹងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ជាពិសេសទាក់ទងនឹងសេវាកម្មច្រកចេញចូលតែមួយ”។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានថ្លែងនៅក្នុងវេទិកាមួយកាលពីខែធ្នូ ថាសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកំពុងរីកចម្រើននិងទាក់ទាញក្រុមហ៊ុនកាន់តែច្រើន។

ស្របពេលដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតមិនអាចឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន រដ្ឋាភិបាលកំពុងជំរុញឱ្យប្រទេសថៃបើកច្រកអន្តរជាតិបណ្តោះអាសន្នស្ទឹងបត់-Ban Nong Iang ក្នុងខេត្តបន្ទាយមានជ័យឲ្យបានពេញលេញ។

ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ៥ ពាន់លានដុល្លារកាលពីឆ្នាំមុនបើប្រៀបធៀបទៅនឹង ៤,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ ពាណិជ្ជកម្មកម្ពុជា និងថៃមានតម្លៃប្រហែល ៩ ពាន់លានដុល្លារកាលពីឆ្នាំមុន៕

សម្ដេចតេជោ ៖ ផលប៉ះពាល់សេដ្ឋកិច្ចបានចាប់ផ្ដើមរំជួលលើពិភពលោក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដោយសារតែវិបត្តិដែលបណ្តាលមកពីការរាតត្បាតនៃមេរោគ Covid-19 បច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក និងក្លាយទៅជាក្ដីបារម្ភមួយយ៉ាងខ្លាំង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះថា ពេលនេះផលប៉ះពាល់នៃសេដ្ឋកិច្ចបានចាប់ផ្ដើមរំជួលអង្រួននៅលើសាកលលោកហើយ។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា “ទីផ្សារនៅគ្រប់ទ្វីបទាំងអស់ គឺគ្មានទីផ្សារណាមួយឡើងនោះទេ គឺដាំក្បាលចុះទាំងអស់។ សង្វាក់ផលិតកម្មនៅប្រទេសមួយចំនួនត្រូវបានបិទទាំងអស់តែម្ដង ព្រោះវត្ថុធាតុដើមគឺត្រូវបាននាំចេញពីប្រទេសចិន។ បើនិយាយពីវិស័យកាត់ដេរនៅក្នុងប្រទេសយើងការផ្គត់ផ្គង់វត្ថុធាតុដើម គឺ៦០ភាគរយនាំមកពីប្រទេសចិន ចឹងហើយបានជាយើងស្នើសុំឱ្យមិត្តចិនជួយក្នុងការចញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជាឱ្យឆាប់បំផុតតាមដែលអាចធ្វើបាន ដើម្បីជៀសវាងការព្យួរការងារកម្មករនៅក្នុងដំណាក់កាលនេះ”។

កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ មានរោងចក្រចំនួន១០ បានស្នើសុំបិទទ្វារជាបណ្តោះអាសន្នដោយសារតែកង្វះវត្ថុធាតុដើមសម្រាប់សង្វាក់ផលិតកម្ម ខណៈដែលមានរោងចក្រប្រមាណ២០០បានស្នើសុំផ្អាកបណ្តោះអាសន្ននៅក្នុងខែមីនា ឆ្នាំ២០២០នេះ និងបណ្តាលឱ្យកម្មករសរុបប្រមាណ១៦ម៉ឺននាក់ត្រូវប្រឈមនឹងការព្យួរការងារ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា “នៅខេត្តព្រះសីហនុ មានរោងចក្រចំនួន២បានស្នើសុំផ្អាកសង្វាក់ផលិតកម្មបណ្តោះអាសន្ន ដែលមានចំនួនកម្មករសរុបទាំងប្រមាណ៣៥០នាក់ ត្រូវព្យួរការងារជាបណ្ដោះអាសន្ន និងទទួលប្រាក់បៀរវត្ស៥០ភាគរយ”។ សម្ដេចបានបន្តទៀតថា “យើងមិនចង់ឱ្យមានការព្យួរទេ បានជាយើងសំណូមពរឱ្យមិត្តចិន ហើយកាលពីពេលកន្លងទៅរដ្ឋាភិបាលចិនក៏បានបញ្ជូនមន្ត្រីជំនាញមកសិក្សា និងគិតគូរទៅលើបញ្ហានៃការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ដែលនេះគឺជាការឆ្លើយតបភ្លាមៗជាមួយនឹងបញ្ហារបស់កម្ពុជា”៕

គម្រោងវិនិយោគចំនួន១៦៦ ហូរចូលខេត្តមួយនៅវៀតណាមនៅឆ្នាំនេះ

ដោយ ហ្សូលី

វៀតណាមៈ បញ្ជីរាយនាមគម្រោងវិនិយោគចំនួន១៦៦គម្រោង ដែលជាជំនួយមកពីបណ្តារប្រទេសនានា និងដើមទុននៅក្នុងស្រុក ត្រៀមហូរចូលទៅក្នុងខេត្តGia Lai ប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២០នេះ។

ក្នុងចំណោមគំរោងវិនិយោគទាំងនោះ មាន៩១គម្រោងគឺវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ចំណែកឯ២៨ផ្សេងទៀត គឺសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ គម្រោង១៦ ទៀត ផ្តោតលើកីឡា វប្បធម៌ និងទេសចរណ៍ ហើយ២៤បន្ថែមទៀតផ្តោតលើវិស័យកសិកម្ម ព្រៃឈើ និងនេសាទ។ រីឯការវិនិយោគ៧គំរោងទៀត ផ្តោតលើផលិតកម្មនៃការសាងសង់ សម្ភារៈសំណង់ និងទំនិញប្រើប្រាស់ទូទៅ។

គម្រោងធំៗត្រូវការវិនិយោគនៅតំបន់សេដ្ឋកិច្ច ស្ថិតព្រំដែនខេត្តGia Lai នៅលើផ្ទៃដីជាង២០០ ហិចតា និងបណ្តុំរោងចក្រសហគ្រាសមូយចំនួន ដែលត្រូវការផ្ទៃដីបន្ថែមជាង៣០ហិកតានៅខេត្ត Dak Khoa ដែលគម្រោងនិមួយៗ ស្មើនឹងទឹកប្រាក់ប្រមាណជិត ២២លានដុល្លារអាមេរិក។

រោងចក្រដំណើរការដំណាំផ្លែឈើ ឱ្យបាន១សែនតោន និងរោងចក្រផលិតចំណីសត្វ គឺមានទុនសរុបជិត៤០លានដុល្លារ ព្រមទាំងគម្រោងដទៃទៀតដែលមិនទាន់បញ្ចេ​ញនូវទំហំថវិការ។

ខេត្តGia Lai គឺជាខេត្តទី២ ដែលមានផ្ទៃដីធំជាងគេ និងមានចំនួនប្រជាជនច្រើនជាង២,៥លាននាក់ ដែលមានផ្ទៃដីចំនួន១៥,៥០០ គីឡូម៉ែត្រការ៉េ។ ទីតាំងអំណោយផលរបស់ខេត្តនេះ និងការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ – វៀតណាម រួមទាំងច្រកទ្វារអន្តរជាតិឡេថាញ់ ជាប់នឹងខេត្តរតនគិរីរបស់ប្រទេសកម្ពុជា បានបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មនិង អភិវឌ្ឍសេដ្ឋកិច្ចឱ្យជឿនលឿនរវាងប្រទេសទាំងបី៕

បណ្តាសហគមន៍នៅបឹងទន្លេសាបចាប់ផ្ដើមអនុវត្ត “គម្រោង អ” របស់រដ្ឋាភិបាល ក្រោមការគាំទ្រពីប្រទេសអូស្ត្រាលី

ដោយៈ រ៉ាណេត

សៀមរាបៈ បណ្តាសហគមន៍ដែលមានប្រជាជនកំពុងតែរស់នៅ និងប្រកបអាជីវកម្ម ជាពិសេសសាលារៀនដែលស្ថិតនៅលើទន្លេសាប ចាប់ផ្តើមអនុវត្តគម្រោងការពារ និងថែរក្សាបរិស្ថាន ដែលមានឈ្មោះថា “គម្រោង អ” ក្រោមការរៀបចំពីសំណាក់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការជឿជាក់ លើសិស្សជនបទកម្ពុជា ដែលស្ថាបនិកមកពីប្រទេសអូស្ត្រាលីគាំទ្រយ៉ាងពេញទំហឹង។

រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសបណ្តាសិស្សានុសិស្ស ដែលកំពុងរស់នៅ និងសិក្សានៅតំបន់ទន្លេ​សា​បកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅក្នុងពិធីសម្ពោធគម្រោងថែរក្សាបរិស្ថានថា បឹងទន្លេសាបមានទេសភាពស្អាត សម្បូណ៌ដោយជីវៈចម្រុះ ជាពិសេសមច្ឆាជាតិជាច្រើនប្រភេ​ទ មានប្រព័ន្ធអេកូឡូស៊ី ដែលចាំបាច់ត្រូវតែទប់ស្កាត់ កុំឲ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ដើម្បីប្រយោជន៍ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនា។

លោកបានបន្តទៀតថា តាមរយៈពាក្យស្លោក «យើងស្អាត សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក» ជាការលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍រស់នៅតាមតំបន់ទន្លេសាប និងប្រជាពលរដ្ឋក្នុងសហគមន៍នេះ ផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីសហគមន៍នីមួយៗ ពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ ដោយមិនបោះចោលពាសវាល ពាសកាលតាមទីសាធារណៈ ឬក្នុងទឹកទន្លេ។

ការបោះបង់សំណល់ ជាពិសេសប្លាស្ទីក គឺជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណបរិស្ថា ជាពិសេសគឺការបំពុលប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេ និងសម្បូរត្រីច្រើនជាងគេនៅក្នុងតំបន់។

គម្រោងថែរក្សាបរិស្ថាន «គម្រោង អ» រៀបចំឡើងជាមួយគ្នា នឹងការបង្រៀនមេរៀនស្តីពីបរិស្ថាន និងចែកដបទឹកបរិស្ថានដល់សិស្សានុសិស្ស ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋអោយចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស យកចិត្តទុកដាក់លើផាសុកភាព។

ស្ថាបនិកមកពីប្រទេសអូស្ត្រាលី ដែលបានបង្កើតអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលមានទីតាំងនៅខេត្តសៀមរាប លោក Aviv Palti  បានថ្លែងថា នេះជាចលនាមួយជំរុញឱ្យសាលារៀនដទៃទៀត ចូលរួមអនុវត្តវិធានកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន និងសហគមន៍ឱ្យបានសកម្ម ជាមួយ «យុទ្ធនាការនិយាយថា ទេ» ចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់ ហើយបោះចោល (single use plastic) និងងាកមកប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានជំនួសវិញ។

សំណល់ថង់ប្លាស្ទិក បានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន ធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូ ដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងទីប្រជុំជន៕

ជប៉ុនជួយកម្ពុជាក្នុងការទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម៤.០

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសជប៉ុនកំពុងជួយជំរុញ បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសកម្ពុជាឆ្ពោះ​ទៅរកបដិវត្តឧស្សាហកម្ម៤.០។

ព័ត៌មាននេះ ត្រូវបានចែករំលែកដោយលោក Yasushi Ishida តំណាងមជ្ឈ​មណ្ឌលអាស៊ាន ជប៉ុនក្នុងសិក្ខាសាលាស្តីពីពាណិជ្ជកម្មក្រៅប្រទេស និងអាជីវកម្មនៅនៅរាជធានីភ្នំពេញកាលពីចុងសប្តាស៍កន្លងមកនេះ។

លោកYasushi Ishida បានគូសបញ្ជាក់ថា សិក្ខាសាលានេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងការស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាសូហ្វវែររបស់ជប៉ុន ឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាយធីរបស់កម្ពុជាឆ្ពោះទៅបដិវត្តឧស្សាហកម្ម៤.០។

លោកបន្ថែមថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍសម​ត្ថ​ភាពប្រជាជន ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្តល់សិក្ខាសាលាបណ្តុះបណ្តាលទាក់ទងនឹងវិស័យនេះ។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកប៊ុន ចន្ធី បានមានប្រសាសន៍ថា ប្រទេ​សកម្ពុជាសូមស្វាគមន៍ រាល់ការខិតខំរបស់ជប៉ុន ក្នុងការរក្សានូវបដិវត្តឧស្សាហកម្ម៤.០​។

លោកបានបន្ថែមទៀតថា “គំនិតផ្តួចផ្តើមបែបនេះ មិនត្រឹមតែជាឱកាសសម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវគ្នាទៅនឹងការធ្វើទំនើ​បកម្មនៃការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ”​​​៕

ស៊ីមកាតទូរស័ព្ទចល័តជិត២២លានស៊ីមកំពុងត្រូវបានប្រើប្រាស់នៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស៊ីមកាតទូរស័ព្ទចល័តគ្រប់ប្រព័ន្ធ ដែលមានប្រតិបត្តិករចំនួន៦ កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះមានចំនួនយ៉ាងលើសលប់រហូតដល់ជិត២២លានស៊ីម ខណៈដែលចំនួនប្រជាជនសរុបនៅក្នុប្រទេសកម្ពុជាមានជាង១៦លាននាក់តែប៉ុណ្ណោះ។

ផ្អែកតាមស្ថិតិសេវាទូរគមនាគមន៍ ដែលទើបតែបង្ហាញមុននេះបន្តិចបានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៩កន្លងទៅនេះ សេវាទូរគមនាគមន៍ដែលកំពុងដំណើរនៅកម្ពុជាមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលទិន្នន័យទាំងនេះគិតត្រឹមចុងឆ្នាំ២០១៩តែប៉ុណ្ណោះ ដែលក្នុងនោះរួមមានដូចជា ១) សេវាទូរស័ព្ទចល័ត (មានប្រតិបត្តិករចំនួន ៦)៖ មានចំនួនលេខកំពុងប្រើប្រាស់ ២១ ៦៧៥ ៥២៣ លេខ/ស៊ីមកាត ត្រូវនឹង ១២០,៨៣ ភាគរយ នៃចំនួនប្រជាជនសរុប ហើយមានកំនើន១២ភាគរយ បើធៀបជាមួយនឹងតួលេខចុងឆ្នាំ២០១៨។

២) សេវាទូរស័ព្ទអចល័ត (មានប្រតិបត្តិករចំនួន ៧) មានចំនួនលេខកំពុងប្រើប្រាស់៥៧,៤៣៨លេខ ត្រូវនឹង០,៣៦ភាគរយ នៃចំនួនប្រជាជនសរុប ហើយមានកំនើនថយចុះ៣៥ភាគរយ បើធៀបជាមួយនឹងតួលេខចុងឆ្នាំ២០១៨។

៣) សេវាអ៉ីនធឺណិតទាំងចល័ត ទាំងអចល័ត (មានប្រតិបត្តិករអ៉ីនធឺណិតចល័តចំនួន ៧ និងអ៉ីនធឺណិតអចល័តចំនួន៣៣) មានចំនួនបណ្តាញកំពុងតភ្ជាប់ប្រើប្រាស់សរុប១៦,៣៥០,៤៦០ ត្រូវនឹង១០០,៣៨ភាគរយ នៃចំនួនប្រជាជនសរុប ដែលក្នុងនោះ ចំនួនលេខទូរស័ព្ទចល័ត តភ្ជាប់បណ្តាញអ៉ឺនធឺណេត3G/4G សរុប១៦,១២៦, ៣៥៦ លេខ/ស៊ីមកាត និងបណ្តាញអ៉ីនធឺណិតអចល័តចំនួនសរុប ២២៤,១០៤ ខ្សែ ។ ចំនួននៃការប្រើប្រាស់អ៉ីនធឺណិតសរុបនេះ មានកំណើនកើនឡើងចំនួន២០ភាគរយ បើធៀបជាមួ យនឹងតួលេខចុងឆ្នាំ២០១៨។

៤) ចំនួនគណនីហ្វេសបុក៨,៨០០,០០០ កើនឡើង២៩,៤១ភាគរយ បើធៀបនឹងចំនួនតួលេខឆ្នាំ២០១៨។ ៥) ការគ្របដណ្តប់សេវាតាមបច្ចេកវិទ្យា (ធ្វើបច្ចុប្បន្នភាពចំនួន ៣ខែ ម្តង)។ ក) បណ្តាញទូរស័ព្ទចល័ត 2G ៖ គ្របដណ្តប់ចំនួន ៩៩ភាគរយ នៃប្រជាជនសរុប និងគ្រប់ដណ្តប់ចំនួន ៨៥,៧០ភាគរយ នៃផ្ទៃប្រទេស។ ខ) បណ្តាញទូរស័ព្ទចល័ត 3G ៖ គ្របដណ្តប់៨៥,១០ភាគរយ នៃប្រជាជនសរុប និងគ្រប់ដណ្តប់ចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស។

គ) បណ្តាញទូរស័ព្ទចល័ត 4G ៖ គ្របដណ្តប់៨០,៣០ភាគរយ នៃប្រជាជនសរុប និងគ្រប់ដណ្តប់៥២,៧០ភាគរយនៃផ្ទៃប្រទេស។ ៦) បណ្តាញខ្សែកាប្លិ៍អុបទិកក្នុងប្រទេ​ស (ប្រតិបត្តិករចំនួន ៣) ៖ មានប្រវែងសរុប ៤១ ៦៤៣ គីឡូម៉ែត្រ កើនឡើងចំនួន ៣ភាគរយ បើធៀបជាមួយនឹងតួលេខឆ្នាំ២០១៨។

៧) បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រអន្តរជាតិ មានចំនួនពីរខ្សែ គឺ AAE-1 (Asia-Africa-Europe 1) និង MCT – Malaysia-Cambodia-Thailand ៕

រដ្ឋាភិបាលថៃគ្រោងចំណាយ២១ពាន់លានដុល្លារពង្រីកការដឹកជញ្ជូនតាមផ្លូវដែក នៅទីក្រុងបាងកក

ដោយវុត្ថា

បាងកកៈ រដ្ឋាភិបាលថៃគ្រោងចំណាយប្រាក់ រហូតដល់ជាង២១ពាន់លានដុល្លារដើម្បីពង្រីកការដឹកជញ្ជូនតាមរថភ្លើងនៅទីក្រុងបាងកក ដោយពង្រីកខ្សែរថភ្លើង និងសា​ងសង់ផ្លូវរថភ្លើងល្បឿនលឿន ជាមួយនឹងស្ថានីយ៍តម្លៃ១,៣ពាន់លានដុល្លារ ដែលនឹងក្លាយជាស្ថានីយ៍រថភ្លើងធំជាងគេនៅអាស៊ីអាគ្នេយ៍ នៅពេលដែលគំរោងនេះ បើកដំណើរការនៅឆ្នាំ២០២១ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ កន្លងមកនេះឱ្យដឹងថា  ផែនការនេះ គឺជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលដើម្បីបន្ធូរបន្ថយការបំពុលបរិយាកាសនៅក្នុងទីក្រុង។ ផ្សែងហុយចេញពីយានយន្តប្រើហ្គា​ស ក៏ដូចជាម៉ាស៊ីន បានបង្កឱ្យមានផ្សែងអ័ព្ទ ដ៏គ្រោះថ្នាក់ដល់ទីក្រុងបាងកក និងផ្នែកខ្លះ នៃប្រទេសក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។

លោក Somprawin Manprasert ប្រធានសេដ្ឋវិទូនៅធនាគារ Bank of Ayudhya Pcl បានឱ្យដឹងថា ការពង្រីវិស័យដឹកជញ្ជូនតាមរថភ្លើងនេះ វាជាការល្អសម្រាប់សេដ្ឋកិច្ច និងបរិស្ថានរបស់ប្រទេសក្នុងរយៈពេលវែង។ បញ្ហាបំពុលបានបង្ហាញថា យើងបានឈានដល់ចំណុចមួយ ដែលត្រូវចាប់ផ្តើមធ្វើសកម្មភាព កុំឱ្យយើងមានបញ្ហាទៅថ្ងៃក្រោយ។

មហិច្ឆតាផ្លូវដែករបស់ប្រទេសថៃ មិនត្រឹមតែជាឧបករណ៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញឱ្យសេដ្ឋកិច្ចរីកចំរើនផងដែរ តាមរយៈការកែប្រែប្រព័ន្ធរថភ្លើង និងទប់ទល់រូបិយប័ណ្ណរបស់ខ្លួន។

បណ្តាញផ្លូវដែក គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោមួយ ដែលត្រូវបានគេមើលឃើញថា ជាការគាំទ្រដ៏សំខាន់សម្រាប់សេដ្ឋកិច្ច បណ្តាលមកពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុសកូវីដ១៩។

រដ្ឋាភិបាលថៃបានអនុម័តថវិកា សម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធ័ ដែលមានទឹកប្រាក់៣៣ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដែលនឹងត្រូវចំណាយលើគម្រោងផ្លូវដែក ក្នុងគោលដៅទាក់ទាញវិនិយោគឯកជន និងជំរុញការប្រើប្រាស់សេវាសាធារណៈ ខណៈប្រទេសថៃមានកំណើនសេដ្ឋកិច្ចទាបបំផុត ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

លោកVoravuth Mala អភិបាលស្តីទីនៃផ្លូវដែករដ្ឋរបស់ថៃ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះឱ្យដឹងថា នេះគឺជាពេលវេលាដ៏ល្អបំផុត ក្នុងការវិនិ​យោគលើហេដ្ឋារចនាសម្ព័ន្ធ ខណៈសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ហើយមានអត្រាការប្រាក់ទាប។

លោកថា “ប្រសិនបើប្រជាជនអាចធ្វើដំណើរបានលឿន និងងាយស្រួល នោះសេដ្ឋ​កិច្ចនឹងល្អ ហើយវាគឺជាគំនិតដែលយើងបង្កើតឡើង”។

ការអភិវឌ្ឍផ្លូវដែកនេះ នឹងបង្កើនសមត្ថភាពដឹកអ្នកដំណើររបស់ប្រទេស កើនឡើ​ងទ្វេដង និងបង្កើនសមត្ថភាពដឹកទំនិញទ្វេដង តាមរយៈផ្លូវដែកនេះ។ បន្ថែមពីនេះការអភិវឌ្ឍផ្លូវដែកនេះ នឹងអាចបម្រើដល់អ្នកដំណើរ ជាង២២លាននាក់ក្នុងមួយឆ្នាំៗ និងដឹកជញ្ជូនទំនិញជាង៣០លានតោន។

សម្រាប់ផ្លូវដែកល្បឿនលឿន នឹងតភ្ជាប់ទីក្រុងសំខាន់ៗរបស់ថៃ ទៅកាន់ទីក្រុងបាងកក ដែលជាទីក្រុងមួយដែលមានប្រជាជន១០លាននាក់ និងភ្ញៀវទេសចរ២០លាននាក់ ជាមួយនឹងចំនួនខ្សែប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់ នឹងកើនឡើងទ្វេរដងផងដែរ៕

ស្វែងយល់ពីវិធីសាស្រ្តវិនិយោគចអចលនទ្រព្យចំនួន៤យ៉ាងរបស់មហាសេដ្ឋី លំដាប់ពិភពលោក

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យត្រូវបានមនុស្សទូទៅទទួលស្គាល់ថា ជាមុខជំនួញមួយ ដែលអាចមានលទ្ធភាពខ្ពស់ ក្នុងទទួលបានចំណេញត្រឡប់មកវិញ ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែនៅក្នុងការចូលខ្លួនប្រឡូកនៅក្នុងវិស័យមួយនេះ ក៏មានមនុស្សមួយចំនួនជួបហានិភ័យរហូតក្ស័យទុនក៏មាន ដែលប្រការនេះក៏ព្រោះអ្នកទាំងនោះ មិនបានស្គាល់ពីរបត់នៃការធ្វើជំនួញនៅលើទីផ្សារអចលនទ្រព្យ។

អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ច និងវិនយោគនៅក្នុងវិស័យអចលនទ្រព្យមួយរូបផងដែរនោះ លោក ង៉ែត ជូ បានលើកយកប្រធានបទ ដ៏មានសារសំខាន់មួយពាក់ព័ន្ធទៅនឹងវិធីសាស្ត្រក្នុងវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ដែលអាចជៀសផុតពីហានិភ័យ ហើ​យអាចទទួលបានភាពជោគជ័យខ្ពស់នៅក្នុងទីផ្សារ ដោយការលើកយកវិធីសាស្ត្រចំនួន៤របស់កំពូលអ្នកជំនួញ អចលនទ្រព្យលំដាប់ពិភពលោកមកបង្ហាញផងដែរ។

វិធីសាស្ត្រទាំង៤ដែលលោក ង៉ែត ជូ លើកយកមកបង្ហាញមានដូចខាងក្រោមនេះ១) ជ្រើសរើសការវិនិយោគលើក្រុមហ៊ុន ដែលមានភាពទាក់ទាញៈ ជាទូទៅលោក Warren Buffett វិនិយោគតែលើក្រុមហ៊ុន ដែលមានតម្លៃស្នូល (Intrinsic value) អាចបង្កើតកំរិតផលចំណេញបានជាទីគាប់ចិត្ត។

លោកមិនផ្តោតការវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុន ហើយដេកចាំលក់ចេញនៅពេលតម្លៃហ៊ុនឡើងថ្លៃនោះទេ។ ដូចគ្នានេះដែរ អ្នកគួរវិនិយោគលើប្រភេទអចលនទ្រព្យដែលមានតម្លៃផ្នែកសេដ្ឋកិច្ច ពោលគឺអាចរកចំណូលបានដូចជាការជួលដី ឃ្លាំង។ល។ ធ្វើដូច្នេះ អ្នកមិនមែនទិញអចនទ្រព្យទុកកប់លុយចោល ហើយរង់ចាំពេលលក់យកចំណេ​ញនោះទេ។

២) ចាត់ទុកការវិនិយោគលើផ្សារហ៊ុនជាមុខរបរ ៖ លោក Warren Buffett  បានចាត់ទុកការវិនិយោគជាមុខរបរ មិនមែនគ្រាន់តែទិញលក់យកចំណេញតែមួយគ្រាៗនោះទេ។ ធ្វើដូច្នេះទើបលោកអាចគ្រប់គ្រងចាត់ចែងផលបត្រ័ (Portfolio) វិនិយោគបានល្អព្រោះលោកនៅជាប់ជាមួយនឹងទីផ្សារ ហើយក្តាប់ព័ត៌មានបានច្បាស់ល្អ។

ការណ៍នេះ ផ្ទុយទាំងស្រុងពីអ្នកវិនិយោគលើផ្សារហ៊ុនទូទៅ ដោយគ្រាន់តែទិញ-លក់យកចំណេញក្នុងរយៈពេលខ្លី ហើយក្តាប់ព័ត៌មានមិនបានល្អ ដែលជាបច្ច័យនាំអោយមានការសំរេចចិត្តខុស។ ដូចគ្នានេះដែរ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ គួរចាត់ទុកថា ការវិនិយោគរបស់ខ្លួនជាមុខរបរ ហើយកសាងសមត្ថភាពអោយខ្លាំង ជាជាងការវិនិយោគតាមបែបទឹកជោរទឹកនាចដូចមនុស្សទូទៅ។

៣ វិនិយោគលើអ្វីដែលអ្នកស្គាល់ច្បាស់ ៖ លោកមិនវិនិយោគលើវិស័យណាដែលលោកមិនយល់ច្បាស់នោះទេ ព្រោះជៀសវាងកំហុសឆ្គងនៅក្នុងការសំរេចចិត្ត។ ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់ឲ្យការវិនិយោគលើអចលនទ្រព្យ ទទួលបានភាពជោគជ័យខ្ពស់ អ្នកគួរផ្តោតតែទៅលើប្រភេទអចលនទ្រព្យ ដែលអ្នកយល់ដឹងច្បាស់។

ឧទាហរណ៍ ដូចជាការផ្តោតលើការវិនិយោគលើដីជាយក្រុង នៅតំបន់ភ្នំប្រសិទ្ធិ ឬតំបន់អរិយ្យក្សត្រ។ល។ អ្នកនឹងមិនអាចជោគជ័យខ្លាំងនោះទេ ប្រសិនបើអ្នកធ្វើខុនដូលក់ផង និងវិនិយោគលើដីធ្លីនៅជាយក្រុងផងនោះ។

៤) មានវិន័យ និងវិនិយោគសំរាប់រយៈពេលវែងៈ លោកមិនស្លន់ស្លោរ រួចលក់ហ៊ុនចេញនៅពេលដែលស្ថានភាពសេដ្ឋកិច្ច មិនសូវអំណោយផលនោះទេ។ ជាទូទៅលោកវិនិយោគរយៈពេលវែង បើស្ថានភាពសេដ្ឋកិច្ចមិនសូវល្អហើយតម្លៃហ៊ុនធ្លាក់ចុះ លោកផ្តោតលើការទិញហ៊ុនបន្ថែមក្នុងតម្លៃទាប។

ការប្រព្រឹត្តរបស់លោកផ្ទុយពីឥរិយាបទ នៃអ្នកវិនិយោគទូទៅ។ ដោយឡែកការវិនិ​យោគលើអចលទ្រព្យ ក៏គួរយកគំរូតាមលោក Warren Buffett ត្រង់ចំណុចវិន័យ និងចក្ខុវិស័យរយៈពេលវែងនេះដែរ។

អញ្ចឹងហើយយុទ្ធសាស្រ្តធនាគារដីធ្លី Land Banking ជាយុទ្ធសាស្រ្តសមស្របបំផុត ជាពិសេសសំរាប់អនុវត្តនៅប្រទេស ដែលសេដ្ឋកិច្ចមានការរីកលូតលាស់លឿនដូចប្រទេសកម្ពុជា៕

កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១០ជាទិសដៅវិនិយោគសណ្ឋាគារលំដាប់ ផ្កាយ៥លើពិភពលោក

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជា បានជាប់លំដាប់កំពូលដោយស្ថិតចំណោម១០ ទិសដៅវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានតំលៃសមរម្យ និងទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោក។

យោងតាមការសិក្សាមួយ ដែលចេញផ្សាយនៅសប្តាហ៍នេះ ដោយគេហទំព័រ The Hotel Guru បានចាត់ចំណាត់ថ្នាក់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងលេខរៀងទី៩ នៅលើពិភពលោក ទាក់ទងនឹងលទ្ធភាព និងរបៀបដែលកម្ពុជាត្រូវបានពិនិត្យមើល និងវាយតម្លៃដោយអតិថិជន។

គេហទំព័រពិពណ៌នាខ្លួនវាថា ជាគេហទំព័រដែលមានបេសកកម្មស្វែងរក និងពិនិត្យឡើងវិញ នូវកន្លែងល្អបំផុតដើម្បីស្នាក់នៅជុំវិញពិភពលោក។

ការសិក្សានេះ បានគ្របដណ្តប់លើប្រទេសចំនួន៩៩ នៃទ្វីបចំនួន៦នៅលើពិភពលោក។

បណ្តាប្រទេសនៅអឺរ៉ុប បានគ្រប់គ្រងចំណាត់ថ្នាក់ដោយមាន៧ប្រទេស ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ដឹកនាំដោយអាមេនី ដែលឈរនៅចំណាត់ថ្នាក់ទី១។ ប្រទេសអឺរ៉ុបចំនួន ៦ ផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ គឺប្រទេសស៊ែប៊ី ទី២ ប៉ូឡូញ ទី៤ លីទុយអានី ទី៥ រ៉ូម៉ានី ទី ៧ ប៊ុលហ្គារី ទី៨ និងឡាតវី ទី១០។

ប្រទេសផ្សេងទៀត នៅក្នុងកំពូលទាំង១០ ត្រូវបានកាន់កាប់ដោយបណ្តាប្រទេសអាមេរិកខាង ត្បូងកូឡុំប៊ីជាប់លេខរៀងទី៣ និងប៉ារ៉ាហ្គាយលេខរៀងទី៦។

ប្រទេសកម្ពុជា ជាប់ជាប្រទេសតែមួយគត់មកពីអាស៊ី ដែលបានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោម១០ប្រទេស។

ក្នុងការបង្កើតចំណាត់ថ្នាក់ គេហទំព័រ Hotel Guru បានចាត់ទុកមិនត្រឹមតែជាតម្លៃទាបជាមធ្យម សម្រាប់ការស្នាក់នៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមតិរបស់អ្នកដំណើរផងដែរ។

គេហទំព័រនេះបានឱ្យដឹងថា “យើងបានគិតលើគំនិត និងយោបល់របស់អ្នកដំណើររួម ដោយមានហេតុផលល្អពីរ។ ទីមួយ វាជួយកម្រិតវិស័យនេះ ពីព្រោះអ្វីដែលឆ្លងកាត់ជាសណ្ឋាគារលំដាប់ផ្កាយ៥ មានភាពខុសគ្នាខ្លាំងនៅទូទាំងពិភពលោក និងទីពីរ ពីព្រោះការពិនិត្យឡើងវិញមានសារៈសំខាន់។ តម្លៃពិតជាសំខាន់ ប៉ុន្តែទស្សនៈរបស់អ្នកធ្វើដំណើរផ្សេងទៀត ក៏អាចជួយឱ្យយល់ពីតម្លៃខ្លះដែរ”។

ប្រទេសកម្ពុជាមានសណ្ឋាគារលំដាប់ផ្កាយប្រាំ កាន់តែច្រើនឡើងៗ។ ភាគច្រើនសណ្ឋាគារលំដាប់ផ្កាយប្រាំនៅកម្ពុជា មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕