ព្រឹត្តិការណ៍ធំៗលើពិភពលោកត្រូវបានលុបចោល ប៉ុន្តែPATACC បន្តដំណើរពិព័រណ៍ ធុរកិច្ចទេសចរណ៍ក្នុងខេត្តសៀមរាប

ដោយៈ រ៉ាណេត

សៀមរាបៈ មកដល់ពេលនេះ ដោយសារតែការភ័យខ្លាច នៃការរីករាលដាលនៃមេរោគ Covid-19 បានធ្វើឱ្យព្រឹត្តិការអន្តរជាតិ ក៏ដូចជាកម្មវិធីទេសចរណ៍កម្សាន្តធំៗភាគច្រើននៅលើសាកលលោកត្រូវបានលុបចោល ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ចទេសចរណ៍ ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នៅខេត្តសៀមរាប នៅតែបន្តដំណើរការ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា( PATA Cambodia Chapter) លោក ធួន ស៊ីណាន បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ថា “នៅក្នុងស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ដោយសារតែឥទ្ធិពលនៃមេរោគ Covid-19 បានធ្វើឱ្យព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន នៅលើសាកលលោកត្រូវបង្ខំលុបចោល ជាពិសេសព្រឹត្តិការណ៍នៃដំណើរទេសចរណ៍នានា ដែលធ្វើឱ្យធ្លាក់ចុះនូវវិស័យទេសចរណ៍ជាសាកលយ៉ាងគំហុក ហើយក្នុងនោះកម្ពុជាក៏ទទួលរងផលអវិជ្ជមានផងដែរ។

លោកបន្តថា “ក្នុងគោលបំណងធ្វើឱ្យមានភាពល្អប្រសើរឡើង និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ចទេសចរណ៍ (Biz Fair 2020 Tourism and MICE) នៅក្នុងខេត្តសៀមរារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ”។ លោកបានបន្តទៀតថា “Biz Fair គឺជាព្រឹត្តិការណ៍ជំនួបបែបធុរកិច្ចទេសចរណ៍លើកទី៣ ដែលខាងសមាគមធ្លាប់បានដំណើរការជោគជ័យរួចមកហើយ ប៉ុន្តែឆ្នាំនេះដោយសារមើលឃើញពីស្ថានភាព នៃវិស័យទេសចរណ៍កំពុងកើតមានបញ្ហាប្រឈម ជាពិសេសខេត្តសៀមរាប និងដោយមានការលើកទឹកចិត្តផ្ទាល់ពីក្រសួងទេសចរណ៍ យើងបានសម្រេចចិត្តប្ដូរទីតាំង ដែលគ្រោងធ្វើក្រុងភ្នំពេញ មកកាន់ទឹកដីខេត្តសៀមរាបវិញ”។

លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់ប្រាប់ថា បើទោះជាធ្លាប់ទទួលបានភាពជោគជ័យខ្លាំងកាលពី២ឆ្នាំមុនក៏ដោយ ប៉ុន្តែនៅឆ្នាំនេះព្រឹត្តិការណ៍បានជួបប្រទះនឹងឧប​សគ្គមួយចំនួន ជាពិសេសការកៀងគរប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការចូលរួមដោយសារការភ័យខ្លាច ពីសុវត្ថិភាពសុខភាពក្នុងពេលធ្វើដំណើរ ជាពិសេសការរឹតបណ្ដឹងតាមច្រកចេញចូល នៃប្រទេសនានាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។

ស្ថានភាពដែលកាន់តែអាក្រក់ ទៅនៅលើពិភពលោកពាក់ព័ន្ធទៅនឹងបញ្ហា Covid-19នេះ ព្រឹត្តិការណ៍ធំៗនៅលើពិភពលោកដូចជា Mobile World Congress, Facebook’s Global Marketing Summit, Milan Furniture Fair, Global Fashion Weeks, The Dalai Lama’s engagements, Chinese Grand Prix, x Nations Rugby Match  ជាពិសេស ASEAN Meeting ដែលគ្រោងនៅប្រទេសសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រួមជាមួយនឹងកម្មវិធី ITB Berlin ក៏ត្រូវបានពន្យាពេលផងដែរ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា រូបនេះបានបង្ហាញពីគោលជំហរយ៉ាងមុតមាំថា ទោះបីស្ថិតនៅក្នុងសំពាធបែបណាក្ដី ព្រឹត្តិការណ៍Biz Fair ឆ្នាំ២០២០ ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប នៅតែប្រព្រឹត្តទៅដូចធម្មតា ដើម្បីបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ ខណៈដែលប្រទេសជាច្រើននៅលើសាកលលោក កំពុងតែរឹតត្បិតខ្លាំងទៅលើការធ្វើដំណើរនោះក្ដី សមាគមក៏បានត្រៀមផែនការ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ សំខាន់ៗជាច្រើនទៀតផងដែរ នៅពេលខាងមុខនេះ៕

ខេត្តកំពតទទួលបានគម្រោងអភិវឌ្ឍវិស័យសំណង់ជាង ២៣០ គម្រោងក្នុងមួយឆ្នាំ

ដោយ ៖ រ៉ាណេត

កំពត ៖ ស្របទៅនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍លើវិស័យសំណង់ ខេត្តកំពតបានទទួល និងអនុញ្ញាតទៅលើគម្រោងសាងសង់ជាង២៣០គម្រោង និងមានទំហំទុនសរុបជាង៣០លានដុល្លារក្នុងមួយឆ្នាំ។

កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក បានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ២៣៨ គម្រោង ដែលមានផ្ទៃក្រឡាសរុប ៩០ ២៩៩ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ៣១៨៧៣០០ដុល្លារអាមេរិក មានកំណើនប្រមាណ៨០ភាគរយបើប្រៀបធៀបនៅឆ្នាំ២០១៨ ដែលមានត្រឹមតែ ១៤២ គម្រោងលើផ្ទៃក្រឡាដីសរុប ៥២ ០០៨ ម៉ែត្រការ៉េ និងមានទុនវិនិយោគ ១៧ ៧២២ ៥៨៦ដុល្លារអាមេរិក។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា ចាប់តាំងពីឆ្នាំ២០១៩ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឱ្យវិស័យសំណង់ក្នុងខេត្តមានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។ លោកបានបន្តទៀយថា បច្ចុប្បន្ននេះ វិស័យសំណង់នៅទូទាំងខេត្តមានការរីកចម្រើន និងមានអ្នកចំណូលថ្មីច្រើនមកវិនិយោគនៅលើគម្រោងសាងសង់លំនៅដ្ឋានបែបលំហែរកាយ និងទេសចរណ៍។

នាយកក្រុមហ៊ុនអចលទ្រព្យ KEY Real Estate លោកសន សៀប បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។ ជាមួយនឹងសកម្មភាពដែលកំពុងអភិវឌ្ឍន៍ រួមជាមួយនឹងគម្រោងថ្មីបន្តបន្ទាប់ទៀត មិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពជាក់មិនខាន។

លោក សន សៀប បានបន្តទៀតថា “ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃចំនួនទេសចរនៅខេត្តកំពត និងកែប គឺកើនជាប្រចាំ ព្រោះជះឥទ្ធិពលមកពីក្រុងព្រះសីហនុ ដែលកំពុងអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអគារនានាផងដែរនោះខេត្តកំពត ងាយស្រួលក្នុងការធ្វើដំណើរ និងមានភាពអំណោយផលពីធម្មជាតិ គឺជាជម្រើសដ៏ល្អសម្រាប់ទេសចរកម្សាន្ត។ ដូច្នេះបានន័យថា ខេត្តកំពតមានសក្ដានុពលខ្លាំង ទៅលើការអភិវ ឌ្ឍវិស័យទេសចរណ៍ ហើយក៏ស័ក្តិសមទៅនឹងការអភិវឌ្ឍ វិស័យលំនៅដ្ឋានបែបលំហែរកាយផងដែរ”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា ខេត្តកំពត ជាគោលដៅទេសចរណ៍ និងមានសក្ដានុពលខាងផ្នែកឧស្សាហកម្ម និងកសិកម្ម ជាងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នា។

លោកឧកញ៉ាបានបន្តទៀតថា “វិស័យលំនៅដ្ឋានទូទៅនៅក្នុងខេត្តមួយនេះ ហាក់មិនសូវមានតម្រូវការខ្ពស់នោះទេ ប៉ុន្តែបើនិយាយពីការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយកម្សាន្តនៅតំបន់កម្សាន្តមួយចំនួនអាចមានតម្រូវការ ដែលនឹងជួយជំរុញតម្លៃដីនៅក្នុងខេត្តមួយនេះឱ្យមានភាពល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់”។ លោកបានបញ្ជាក់ថា “បើទោះជាតម្រូវការលំនៅដ្ឋានទូទៅនៅក្នុងខេត្តកំពត ហាក់មានភាពតិចតួច ប៉ុន្តែការអភិវឌ្ឍខេត្តនេះលឿន ឬឆាប់ គឺអាស្រ័យទៅលើសន្ទុះ នៃកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន គម្រោងកំពង់ផែទេសចរណ៍ ក៏ដូចជាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ដែលទាំងអស់នេះអាចប្រៀបទៅនឹងអាយុជីវិតរបស់ខេត្តទាំងស្រុង”៕

ក្រុមហ៊ុន KrisEnergy បញ្ជាក់ពីពេលវេលាជាក់លាក់នៃការទាញយកប្រេងនៅប្លុក A របស់ប្រទេសកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy រំពឹងថានឹងទទួលបានដំណក់ប្រេងដំបូងពីការអភិវឌ្ឍនៅតំបន់អប្សរានៅប្លុក A ក្នុងដែនទឹករបស់ប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ។

ការជួសជុល និងកែលំអរទេះផលិតប្រេង Ingenium II ២ បន្តនៅទីធ្លា Benoi និងផែស្ងួត Gul នៅសឹង្ហបូរី។
ការតំឡើង និងការធ្វើសមាហរណកម្មត្រូវបានបញ្ចប់នូវឧបករណ៍ផលិតថាមពលថ្មី បន្ទប់បញ្ជាកណ្តាលបន្ទប់ប្តូរអគ្គិសនី បន្ទប់ទទួលភ្ញៀវ ជើងដងស្ទួច ម៉ាស៊ីនបំលែងអគ្គិសនី និងផលិតកញ្ចប់កែច្នៃទឹក ហើយការបញ្ចប់មេកានិចគ្រប់ប្រព័ន្ធទាំងអស់ត្រូវបញ្ចប់មុន ពេលចាប់ផ្តើមប្រតិបត្តិការ។

ការស្ថាបនាកំពូល និងទ្រនាប់សម្រាប់បំពាក់សម្ភារៈបរិក្ខារអប្បបរមាដែលបានចាប់ផ្តើមនៅខែ ធ្នូ នៅឯរោងចក្រ PT Profab1 នៅលើកោះបាំបាប្រទេសឥណ្ឌូនេស៊ី។ នៅពេលដែលបានបញ្ចប់ វានឹងត្រូវបានផ្ទុកទៅលើកប៉ាល់ដឹកទំនិញទៅកាន់ទីតាំងផលិត។

ដំណើរការរុករុកប្រេងលើផ្ទៃក្រឡាទំហំ ២០០ គីឡូម៉ែត្រ នៃទិន្នន័យរញ្ជួយ 3D ដែលទទួលបានពីតំបន់អភិវឌ្ឍន៍អប្សរានៅពាក់កណ្តាលឆ្នាំ ២០១៩ ក៏ត្រូវបានបញ្ចប់នៅខែធ្នូដែរ។ យោងទៅតាម KrisEnergy នេះគួរតែធ្វើអោយប្រសើរឡើងនូវរូបភាពនៃភូមិសាស្ត្រ និងការរចនានៃគន្លងអណ្តូងប្រែងមុនការខួងអភិវឌ្ឍន៍។

ដំណើរការផ្ទៃក្រឡាហំ ១.០០០ គីឡូម៉ែត្រក្រឡា (៣៨៦ ម៉ែលការ៉េ) នៃទិន្នន័យ 3D លើតំបន់អនាគតដ៏ធំមួយនៅភាគនិរតីនៃប្លុកA ត្រូវបានរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ៕

ទីផ្សារលក់ទូរស័ព្ទឆ្លាតវៃដាំក្បាលចុះមិនធ្លាប់មានជាប្រវត្តិសាស្រ្ត

ដោយ ប៊ី

ភ្នំពេញ៖ ទីផ្សារទូរស័ព្ទឆ្លាតវៃ (ស្មាតហ្វូន) របស់ប្រទេសចិនដែលធំជាងគេបំផុតនៅលើពិភពលោក ដាំក្បាលចុះយ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃមេរោគថ្មី COVID-19។

ការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនទំនងជានឹងធ្លាក់ចុះ ៤០ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនស្រាវជ្រាវ IDC ។

នេះមានន័យថា អតិថិជនចិននឹងទិញទូរស័ព្ទតិចជាង ៣៣ លានគ្រឿងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។នេះបើយោងតាមលោក Will Wong អ្នកវិភាគមកពីក្រុមហ៊ុន IDC ។

លោក Wong បាននិយាយថា “នៅពេលក្រុមហ៊ុន IDC ធ្វើបច្ចុប្បន្នភាពការព្យាករណ៍របស់ខ្លួនកាលពីឆ្នាំមុន “យើងរំពឹងថានឹងមានការធ្លាក់ចុះ ៥ ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០”។

លោកបានបន្ថែមថា “ទោះបីជាមានការងើបឡើងវិញនៅខែមីនាដ៏មានសក្តានុពលក៏ដោយក៏វានៅតែពិបាកក្នុងការឈានដល់កម្រិតកាលពីឆ្នាំមុនដែរ សម្រាប់ត្រីមាសទី ១”។

វាក៏នឹងមានផលប៉ះពាល់ផងដែរសម្រាប់ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកដែលការព្យាករណ៍ថានឹងធ្លាក់ចុះ ១០,៦ ភាគរយនៅឆមាសទីមួយនៃឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាជីវកម្មនៅក្នុងប្រទេសចិនចាប់ផ្តើមជាប់គាំង នៅពេលការផ្ទុះឡើងនៃជំងឺថ្មីនេះបានកើនឡើងកាលពីចុងខែមុន។ ក្រុមហ៊ុននានាបាននិងកំពុងព្យាយាមវិលត្រឡប់មករកភាពប្រក្រតីវិញ ខណៈដែលប្រជាជនរាប់រយលាននាក់នៅក្នុងប្រទេសចិននៅតែស្ថិតនៅក្រោមការរឹតត្បិតការធ្វើដំណើរ។

អ្នកវិភាគក្រុមហ៊ុន IDC លោក Sangeetika Srivastava បាននិយាយថា “ការខ្វះខាតគ្រឿងបន្លាស់ ការបិទរោងចក្រការ ដាក់ឲ្យដាច់ពីគ្នា ការដឹកជញ្ជូន និងការរឹតបន្តឹងការធ្វើដំណើរនឹងបង្កឧបសគ្គដល់អ្នកលក់ស្មាតហ្វូនដើម្បីផលិតទូរស័ព្ទនិងដាក់ឧបករណ៍ថ្មី”៕

អាមេរិកពន្យាពេលកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន

ដោយវុត្ថា

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានសម្រេចពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ។

យោងតាមលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ជំរាបជូនល៩កឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជាក់ដែរថា «លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងលោកក Matthew Pottinger ឧបការីរងរបស់ប្រធានាធិបតី បានជំរាបជូនឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ (Conference Call) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគ Covid-19» ។

រដ្ឋាភិបាលចិនចុះសិក្សាពីផលប៉ះពាល់ និងបញ្ហាកំពុងប្រឈមផ្នែកពាណិជ្ជកម្ម របស់កម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាបាលចិន បានបញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធ តាមរយៈអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន ចុះមកពិនិត្យ និងសិក្សាជាក់ស្ដែងពីផលប៉ះពាល់ និងភាពប្រឈមរបស់កម្ពុជា ពាក់ព័ន្ធទៅនឹងការខ្វះខាតវត្ថុធាតុដើម រួមជាមួយនឹងការព្យួរផ្នែកមួយនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ។

បន្ទាប់ពីមានការសន្យា ទៅលើការផ្គត់ផ្គង់វត្ថុធាតុដើមដល់កម្ពុជា ជាអាទិភាពមុនគេ កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមមន្ត្រីជំនា​ញនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន ចុះមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យទៅលើបញ្ហានានាដែលកម្ពុជាកំពុងជួប និងប្រឈម។

អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោក យ៉ាង វ៉ីនឈុន (Yang Weiqun) បានលើកឡើងថា ដំណើរទស្សនៈកិច្ចរបស់គណប្រតិភូចិនមកកាន់កម្ពុជាពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ស្របតាមប្រសាសន៍របស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលធ្លាប់ពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងប៉េកាំងកាលពីពេលកន្លងទៅក្នុងនាមជាមិត្តដែកថែប។

លោកបានបន្តទៀតថា “គោលបំណងធំនៅក្នុងដំណើរទស្សនកិច្ចមួយនេះ គឺស្វែងយល់ពីផលប៉ះពាល់ នៃកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរ និងពីការព្យួរផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់រោងចក្រសហគ្រាសនានា និងលទ្ធភាពនៃការគាំទ្ររបស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ក៏ដូចជាការលើកទឹកចិត្តដល់សហគ្រាសចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត”។

អគ្គលេខាធិការងគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី បានបង្ហាញពីការប៉ាន់ស្មាននូវផលប៉ះពាល់ជាបន្ទាន់ ពីការខ្វះខាតវត្ថុធាតុដើមដល់វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលមួយចំនួនធំជាការវិនិយោគមកពីប្រទេសចិន និងផលប៉ះពាល់នាពេលអនាគតដ៏ខ្លី ពីការព្យួរផ្នែកមួយ នៃការអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់វិស័យនាន។

លោកបន្តទៀតថា រដ្ឋាភិបាលកម្ពុជាស្នើដល់រដ្ឋាភិបាលចិន ក្នុងការជួយសម្រួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់បណ្តារោងចក្រសហគ្រាសនានានៅកម្ពុជា និងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ក៏ដូចជាជួយជំរុញការបើកទីផ្សារចិន ដល់ផលិតផលកម្ពុជា ជាពិសេសខិតខំបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឱ្យបានឆាប់រហ័ស ៕

រដ្ឋាភិបាលអនុម័តគម្រោងរោងចក្រកាត់ដេរតម្លៃ២,២លានដុល្លារថ្មី មួយទៀតនៅខណ្ឌដង្កោ

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចអនុម័ត គម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ២,២លានដុល្លារមួយទៀត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈប្រទេ​សម្ពុជា កំពុងជួបបញ្ហាប្រឈមបិទទ្វាររោងចក្រកាត់ដេរ ប្រមាណជាង២០០ នៅត្រឹមដើមខែមីនាខាងមុខ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន “CB KINGTOP FASHION GARMENT CO., LTD” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,២លានដុល្លា​​រអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧០កន្លែង។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ហេង សួគ៌ ធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោមហេតុផលមានកង្វះខាតវត្ថុធាតុដើម សម្រាប់ដំណើរការសង្វាក់ផលិតកម្ម ដែលបណ្តាលមកពីបញ្ហានៃការរីករាលដាល នៃមេរោគCovid-19 នៅប្រទេសចិននោះ រោងចក្រដែលកំពុងមានវត្តមាននៅកម្ពុជា ប្រមាណជាង២០០កន្លែង ប្រឈមបិទទ្វារ និងអាចប៉ះពាល់ដល់កម្មករ-កម្មការិនីសរុបប្រមាណ១៦ម៉ឺននាក់ ខណៈរោងចក្រ១០ផ្សេងទៀបានដាក់ពាក្យស្នើសុំបិទទ្វារ។

លោកបានមានប្រសាសន៍ថា ភាពខ្វះខាតវត្ថុធាតុដើម បានក្លាយវិបត្តិដ៏ធំជាសា​កល ដោយសារតែភាគច្រើននៃដំណើរការផលិតកម្ម នៅតាមបណ្តារោងចក្រនៅតាមប្រទេសជាច្រើន លើសាកលលោកសុទ្ធ តែពឹងផ្អែកទៅលើការផ្គត់ផ្គង់របស់ប្រទេសចិនទាំងអស់៕

គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្ទង់ពាន់លានដុល្លារនៅអាស៊ីមួយចំនួនដែលចិន ផ្តល់ជំនួយត្រូវជាប់គាំង

ដោយ ហ្សូលី

ប្រទេសចិនៈ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់អាស៊ី ដែលប្រទេសចិនជាអ្នកផ្តល់ជំនួយនោះ ត្រូវជាប់គាំងមួយរយៈដោយសារការវាយលុក និងរីករាលដាលនៃវីរុសកូរ៉ូណា។

កោះសិប្បនិម្មិតនៅប្រទេសស្រីលង្កា ទៅកាន់ស្ពាននៅបង់ក្លាដេស និងគម្រោងវារីអគ្គិសនីនៅនេប៉ាល់និងឥណ្ឌូនេស៊ី ដែលចិនត្រូវផ្តល់ជំនួយរាប់ពាន់លាន់ និងទ្រីលានដុល្លារ សម្រាប់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយត្រូវរងផលប៉ះពាល់នៃការជាប់គាំង។

ទីក្រុងកំពង់ផែនៅកូឡុំប៉ូដែលចិនត្រូវស្ថាបនា ជាប់គាំងតាំងពីពេលពិធីចូលឆ្នាំចិន នៅពេលដែលកម្មករចិនត្រឡប់ទៅផ្ទះ។ លើសពីនេះអគារផ្នែកទំនាក់ទំនងខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ត្រូវបានពន្យាពេលសម្ពោធដល់ទៅរយៈពេល២ខែទៀត។

គម្រោងវារីអគ្កិសនីជាង១៣០០មេហ្កាវ៉ាត់ តម្លៃជាង២ពាន់លានដុល្លារនៅបង់ក្លាដេស ត្រូវផ្អាកការសាង់សង់ និងផ្អាកការផ្គត់ផ្គង់ថាមពលអគ្គិសនី។ រីឯស្ពានពហុបំណងដែលមានទុនវិនិយោគជាង៣ពាន់លានដុល្លារ ក៏មិនទាន់មានកម្មករចិនណាត្រឡប់មកធ្វើការវិញដែរ។

យោងតាមរដ្ឋមន្ត្រី នៃក្រសួងវិនិយោគឥណ្ឌូនេស៊ីបានឱ្យដឹងថា ការស្ថាបនាគម្រោ​ងផ្លូវដែកល្បឿនលឿននៅចាកាតា តម្លៃ៦ពាន់លានដុល្លារត្រូវពន្យាពេលដូចគ្នា។

ទន្ទឹមនេះគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមូយ នៅប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា ត្រូវចរចាពីកុងត្រាសារជាថ្មី  និងត្រួតពិនិត្យពីតម្លៃនិងផលប៉ះពាល់ពីបរិស្ថានឡើងវិញ។

បច្ចុប្បន្នប្រទេសចិន កំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលឱ្យរាំងស្ទះនូវវត្ថុធាតុដើម និងឧបករណ៍ ធ្វើឱ្យមានភាពរអាក់រអួលក្នុងការដឹកជញ្ជូន និងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធភាគច្រើន មិនអាចដំណើរការបាន។ លើសពី១៣៣ប្រទេស បានរឹតបន្តឹងការធ្វើដំណើរចេញ-ចូល របស់ប្រជាជនចិននិងអ្នកដែលធ្វើដំណើរទៅចិន សូម្បីតែប្រទេសមួយចំនួន ដែលចិនផ្តល់ជំនួយក៏បានបិទជើងហោះហើរបណ្តោះអាសន្នដែរ ជាក់ស្តែងដូចជា ប្រទេសស្រីលង្កាជាដើម៕ (AFP)

ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននៅអង់គ្លេសបោកប្រាស់អតិថិជនដោយលក់ ផ្ទះជួលឱ្យអតិថិជន

ដោយ ហ្សូលី

អង់គ្លេសៈ ការស៊ើបអង្កេតលើទីផ្សារអចលនទ្រព្យនៅអង់គ្លេស ត្រូវបានរកឃើញថា ជាការបំភាន់បោកប្រាស់ ដោយសារអចលនទ្រព្យនោះគឺសម្រាប់ជួល ហើយអតិថិជនបានតវ៉ាថា ពួកគេត្រូវបានធ្វើបាប និងបង់ថ្លៃដោយគ្មានហេតុផលត្រឹមត្រូវ។

អាជ្ញាធរប្រកួតប្រជែងនិងទីផ្សារ(CMA) បាននិយាយថា ម្ចាស់ផ្ទះជាច្រើនទើបដឹង​ខ្លួនថា ពួកគេជាប់នៅក្នុង “អន្ទាក់” បន្ទាប់ពីត្រូវបានបំភាន់ ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរបានសរសេរថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុននានា ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរច្បាប់ និងសងប្រាក់មកវិញ។ ប៉ុន្តែគេមិនទាន់បង្ហើបប្រាប់ ពីអត្តសញ្ញាណក្រុមហ៊ុនណាមួយទេ រហូតមកដល់ពេលនេះគឺនៅតែបន្តស៊ើបអង្កេត។

CMAបានរកឃើញថា អ្នកទិញមួយចំនួនមិនត្រូវបានប្រាប់ឱ្យដឹងជាមុនទេថា អច​ល​នទ្រព្យទាំងនោះ គឺសម្រាប់ជូលបណ្តោះអាសន្ន ហើយទង្វើនោះមានអត្ថន័យដូចម្តេចនោះទេ។ នៅពេលដែលអតិថិជនបានរកឃើញការពិតថា ខ្លួនគ្រាន់តែជាម្ចាស់កម្មសិទ្ធបណ្តោះអាសន្ន រួមបញ្ចូលទាំងការជួលដី ដែលជាហេតុធ្វើឱ្យពួកគេមិនអាចដាក់អចលនទ្រព្យនោះដាក់លក់បានឡើយ។

ក្នុងករណីបែបនេះមួយចំនួន ការជួលដីកើនឡើងទ្វេដងរៀងរាល់១០ឆ្នាំម្តង។ ការកើនឡើងរឿងក្តីដូច នេះច្រើនតែត្រូវបានគេធ្វើកិច្ចសន្យា ដែលមានន័យថា ប្រជាជនអាចតស៊ូលក់ផ្ទះរបស់ពួកគេទាំងលំបាកលំបិន។

លោក George Lusty តំណាងមកពីCMA បានប្រាប់វិទ្យុប៊ីប៊ីស៊ី៥ ក្នុងការផ្សាយផ្ទាល់ថា ប្រជាជនអាចរង់ចាំ ដើម្បីឱ្យក្រុមហ៊ុនបង្វិលសងប្រាក់វិញបាន។

លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងអាចជំទាស់លក្ខខណ្ឌ ដែលអយុ​ត្តិធម៌ទាំងនេះបាន នោះក្រុមហ៊ុនបោកប្រាស់នានាមិនមានសុពលភាព ហើយប្រាក់ដែលប្រមូលបានទាំងអស់ ពីអតិថិជនអាចត្រូវសងទៅវិញ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីយកជនរងគ្រោះចេញពីអន្ទាក់ទាំងនេះ”។

ប្រជាជនជាអតិថិជនរងគ្រោះ មិនអាចបញ្ចាំលើទ្រព្យសម្បត្តិទាំងនេះបានទេ ហើយពួកគេក៏មិនអាចលក់វាបានដែរ ដែលនេះគឺជាលទ្ធផលគួរឱ្យភ័យខ្លាច និងជាការបំផ្លិចបំផ្លាញតែម្តង។ លទ្ធផលនេះអាចបណ្តាលឱ្យក្រុមហ៊ុនចុះហត្ថលេខា លើការប្តេជ្ញាចិត្តស្របច្បាប់ ក្នុងការផ្លាស់ប្តូររបៀបរបប ដែលពួកគេធ្វើអាជីវកម្ម និងត្រូវចាត់វិធានការតាមច្បាប់នៅតុលាការ ក្នុងករណីមិនអនុវត្តតាមការព្រមាននោះ។

ការព្រួយបារម្ភត្រូវបានលើកឡើងជាយូរមកហើយ ដោយសមាជិកសភា និងក្រុមអ្នកប្រើប្រាស់អំពី កិច្ចសន្យាជួលដោយអយុត្តិធម៌ ជាមួយនឹងថ្លៃដើមខ្ពស់ឬលក្ខខណ្ឌច្រើនដែលជំរុញឱ្យCMAប្រកាសយកច្បាប់ ស៊ើបអង្កេតលើករណីនេះកាលពីឆ្នាំមុន៕

ចំនួនអ្នកដំណើរឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិកម្ពុជាត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះក្នុងឆ្នាំ២០២០នេះ

ដោយ ប៊ី

ភ្នំពេញៈ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន អន្តរជាតិកម្ពុជាទាំង៣ ក្នុងឆ្នាំ ២០២០ ត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតជាង។ នេះបើយោងតាមតួលេខពីត្រីមាសចុងក្រោយ នៃឆ្នាំ២០១៩ របស់ក្រុមហ៊ុន Cambodia Airports។

ការព្យាករណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីកំណើនពីរខ្ទង់ បានកើតឡើងក្នុងឆ្នាំបន្តបន្ទាប់គ្នា។ នេះបើយោងតាមការរាយការណ៍របសសែតអន្តរជាតិមួយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Cambodia Airports អ្នកដំណើរបានកើនឡើង១០,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ២០១៩ ដល់អ្នកដំណើរចំនួន ១១,៦ លាននាក់។

លោក ខែក ណូរីនដា ប្រធានផ្នែកទំនាក់ទំនងនៃ Societe Concessionnaire de l’Aeroport ត្រូវបានរាយការណ៍ថា ការធ្លាក់ចុះនៃកំណើននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺជាកត្តាសំខាន់មួយដែលអាចបន្ថយល្បឿននៃកំណើន។

លោកបានថ្លែងថា “វាគឺជាការសន្មត់ ផ្អែកលើរយៈពេលបីខែចុងក្រោយ នៃឆ្នាំ ២០១៩ នៅពេលដែលកំណើនអ្នកដំណើរធ្លាក់ចុះ៣,១ភាគរយ ដែលឆ្លុះបញ្ចាំងពីតំរូវការអាកាសចរណ៍ពិភពលោកធ្លាក់ចុះ ការធ្លាក់ចុះនៃការមកដល់ខេត្តសៀមរាប និងការថយចុះនៃចរាចរណ៍ បន្ទាប់ពីសកម្មភាពមួយចំនួននៅខេត្តព្រះសីហនុ”។

យោងតាមតួលេខពីក្រុមហ៊ុន Cambodia Airports អាកាសយានដ្ឋានភ្នំពេញបានដឹកអ្នកដំណើរចំនួន៦លាននាក់ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគឺកើនឡើង១១,២% ខណៈអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុមានការកើនឡើង១៥៨% ពីមួយឆ្នាំទៅមួយឆ្នាំដល់១,៦ លាននាក់។

ម្យ៉ាងវិញទៀតអាកាសយានដ្ឋានខេត្តសៀមរាប ជួបប្រទះការធ្លាក់ចុះនៃកំណើន ១២,៣% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម៣,៩ លាននាក់។

ក្រុមហ៊ុនCambodia Airport បានឱ្យដឹងនៅក្នុងរបាយការណ៍ថា “នៅក្នុងប្រទេសកម្ពុជា និន្នាការចរាចរណ៍អ្នកដំណើរ នៅតែមានលក្ខណៈវិជ្ជមានពេញមួយឆ្នាំ បើទោះ​បីជាការធ្លាក់ចុះនៅត្រីមាសទីបួន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះ នៃទេសចរណ៍ចិននៅខេត្តសៀមរាប ដែលត្រូវបានទូទាត់ដោយកំណើនចរាចរណ៍ នៅអាកាសយានដ្ឋានព្រះសីហនុក៏ដោយ”។

ចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្ត ដ៏ល្បីឈ្មោះបានថយចុះក្នុងឆ្នាំ២០១៩។ ពួកគេភាគច្រើនជាភ្ញៀវទេសចរចិនដែលបានផ្លាស់ប្តូរទិសដៅ នៃជម្រើសរបស់ពួកគេ ទៅកាន់តំបន់ឆ្នេរសមុទ្រជា ពិសេសនៅក្នុងខេត្តព្រះសីហនុ៕