សម្តេច​តេ​ជោ​អញ្ជើញ​ទស្សនា​វិមាន​ស្កឹមស្កៃ​ស្នាក់ការ​កណ្តាល​របស់​ប​ក្ស​នៅ​ព្រឹក​ថ្ងៃនេះ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ នឹង​អញ្ជើញ​ទស្សនា និង​ពិនិត្យ​ស្ថានភាព​ការស្ថាបនា វិមាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​តម្លៃ ៤០លាន​ដុល្លារ​អាមេរិក​នៅ​ព្រឹក​ថ្ងៃទី៥ មិថុនា​នេះ។

អគារ​ដ៏​ធំ​ស្កឹមស្កៃ​ដែលមាន​រចនាបទ​ខ្មែរ​ដ៏​ទាក់ទាញ និង​ប្រចាំ​ទសវត្សរ៍​នេះ​បាន​និង​កំ​ពិ​ង​សាងសង់​អស់​ទឹកប្រាក់ ប៉ាន់ស្មាន​ប្រហែល​ពី៣០ ទៅ៤០លាន​ដុល្លារ​អាមេរិក។ អាគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះ​ន​រោ  ត្ត​ម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

អាគារ​ថ្មី​នៃ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​ទីតាំង​អគារ​ចាស់ ដែលមាន​ទំហំ​ប្រមាណ៥,៤០០ម៉ែត្រក្រឡា និង​មាន​កម្ពស់​ចំនួន៦ជាន់។ អគារ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល ត្រូវបាន​សាងសង់ឡើង ជាមួយ​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ និង​មាន​ភាពល្អ​ប្រណិត។ ពី​ខាងក្រៅ​អគារ​ទាំងមូល​ត្រូវបាន​រំលេច​ទៅដោយ​ពណ៌​ស ដែលជា​និមិត្តរូប​នៃ​ភាពស្មោះស​បរិសុទ្ធ​សម្រាប់​ជាតិ និង​ប្រជាជន។

អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សាងសង់​ជិត​រួចរាល់​ទាំងស្រុង​ហើយ​ប្រមាណ៩៥ភាគរយ។ វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ស្រស់ស្អាត​នៃ​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រំលេច​រូបរៀង​ឡើង ក្នុង​គម្រប់​ខួប៦៩ឆ្នាំ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយ​ទៅជា​គណបក្ស​នយោបាយ​មួយ ដែល​បាន​បំពេញបេសកកម្ម​យ៉ាងសកម្ម​ជាទីបំផុត ដើម្បី​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​កម្ពុជា។ ចាប់តាំងពី​ចាប់បដិសន្ធិ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដោយ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម។

ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បង្កឡើង​ចាប់ពី​ខែមេសា ឆ្នាំ១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ​ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំងប្រទេស វាយ​ផ្ដូ​ល​រំលំ​របប​ដ៏​យង់ឃ្នង​នេះ។

ចាប់តាំងពី​ពេល​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​មក គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​ធម្ម​ពោធិ៍​សាល ជា ស៊ីម, សម្តេច​ពញា​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​នោះ បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ដែល​ត្រូវបាន​បាត់បង់​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here