អ្នកជំនាញគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលចំពោះក្រុមហ៊ុនគ្មានច្បាប់ ផ្សព្វផ្សាយលក់អចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានសម្តែងការគាំទ្រ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើក្រុមហ៊ុន និងអ្នកដែលផ្សព្វផ្សាយលក់គម្រោងអចលនទ្រព្យ នៅតាមបណ្តាញសង្គម និងតេឡេក្រាមដោយគ្មានច្បាប់អនុញ្ញាត្តត្រឹមត្រូវ។

លោកម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា នេះជាការល្អមួយរបស់រដ្ឋាភិបាល ដែលមានវិធានការចំពោះក្រុមហ៊ុន ឬអ្នកដែលផ្សព្វផ្សាយលក់អចលនទ្រព្យដែលគ្មានច្បាប់ត្រូវ ឱ្យពួកគេត្រឡប់មកវិញ។

លោកថា “ខ្ញុំសូមស្វាគមន៍ចំពោះរដ្ឋាភិបាលនូវចំណាត់ការនេះ ព្រោះវានឹងធ្វើឱ្យពួកគេរត់មករកច្បាប់ត្រឹមត្រូវវិញ”។ លោកបន្ថែមថា “កន្លងមកនេះ មានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្លាប់ច្រើនចំពោះការលក់ និងការផ្សព្វផ្សាយលក់អចលនទ្រព្យលើប  ណ្តាញសង្គម ដោយគ្មានច្បាប់នេះ ដែលធ្វើឱ្យពលរដ្ឋលែងមានជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យអលចទ្រព្យ”។

ចំណែកនាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investment លោកវ៉ា វីរៈបានឱ្យដឹងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញបានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ គឺកុំអោយមានបញ្ហានៅពេលទិញរួចរាល់។

លោកបានអំពាវនាវដល់អ្នក ដែលមានបំណងចង់ទិញអចលនទ្រព្យ គួរតែមានការទិញក្រុមហ៊ុន ដែលមានការចុះបញ្ជីមានច្បាប់ត្រឹមត្រូវ ព្រោះក្រុមហ៊ុនដែលមានច្បាប់មានប្រាក់ដំកល់នៅក្រុងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងដែនដី មានឯកសារគ្រប់ទាំងអស់ដើម្បីអនុលោមតាមច្បាប់។

លោកបន្ថែមថា “ក្រុមហ៊ុន ឬអ្នកដែលផ្សព្វផ្សាយលក់អចលនទ្រព្យ ដែលមានច្បាប់ត្រឹមត្រូវ តែងតែផ្សព្វផ្សាយ និងលក់ប្រកបដោយវិជ្ជាជីវៈ មិនសំឡឹងមើលតែលុយច្រើននោះទេ និងមិនបោកប្រាស់អតិថិជននោះទេ”។ លោកបន្តថា “យើងទាំងអស់គ្នាគួរតែចូលរួមអនុវត្តច្បាប់ទាំងគ្នា ទាំងអ្នកទិញ និងអ្នកលក់ដើម្បីលើកម្ពស់ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែមានប្រសិទ្ធិភាព”។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្មីៗនេះបានចេញជួនសេចក្តីជួនដំណឹងមួយ ដែលអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញអចលនទ្រព្យដែលគ្មានអាជ្ញាប័ណ្ណ ហើយត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម Facebook និងTelegram។

ក្រសួងសេដ្ឋកិច្ចខ្លួនបានពិនិត្យលើបណ្ដាញសង្គម Facebook និង Telegram រៀងរាល់ថ្ងៃ ឃើញមានការផ្សព្វផ្សាយលក់ គម្រោងអភិវឌ្ឍអចលនទ្រព្យ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍) ដែលគ្មានអាជ្ញាប័ណ្ណ។

យោងតាមប្រកាសលេខ០៨៩សហវ.ប្រក ចុះថ្ងៃ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ ៦៣៦ សហវ.ប្រក ចុះថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីដែលធ្វើការផ្សព្វផ្សាយលក់ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្មានអាជ្ញាប័ណ្ណ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជន ដែលមានបំណងចង់ទិញអចលនវត្ថុ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូតិ៍) ត្រូវប្រុងប្រយ័ត្នខ្ពស់ដោយត្រូវពិនិត្យនូវព័ត៌មានសំខាន់ៗមួយចំនួន ដូចជា: អាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន/អគារសហកម្មសិទ្ធិ/ដីឡូត៍ (ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) លិខិតអនុញ្ញា​តសាងសង់ (ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់) វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងឯកសារបង់ពន្ធអចលនវត្ថុជាដើម៕

ចំណេះដឹង! ហេតុអ្វីកម្ចីឥណទានរបស់ធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យ វិស័យអចលនទ្រព្យរីកចំរើន?

ដោយវុត្ថា

ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងប្រើប្រាស់ប្រាក់កម្ចីពីធនាគារច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យវិស័យមួយនេះ កាន់តែមានការរីកចំរើន និងជួយជំរុញឱ្យវិស័យអចលនទ្រព្យ នៅទូទាំងប្រទេសមានសន្ទុះរីកចំរើនព្រមគ្នាផងដែរ។

បើតាមការលើកឡើងរបស់អ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យធ្លាប់បានឱ្យដឹងថា ការប្រើប្រាស់ប្រាក់កម្ចី ពីធនាគារដើម្បីទិញលំនៅឋាន បានរួមចំណែកយ៉ាងធំធេង ក្នុងវិស័យអចលនទ្រព្យ ដោយអ្នកប្រើប្រាស់អាចយកប្រាក់កម្ចី ទៅទិញលំនៅឋានផ្ទាល់ខ្លួនបាន ខណៈកំណើនប្រជាជនដែលមានប្រាក់ចំណូលមធ្យមក៏កំពុងកើនឡើង។

អ្នកជំនាញបន្តថា ការប្រើប្រាស់ឥណទានលំនៅឋានរបស់ធនាគារ ជាកម្លាំងចលករដ៏ខ្លាំង ក្នុងវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ច ព្រោះវាធ្វើឲ្យចរន្តសាច់ប្រាក់មានចលនាក្នុងទីផ្សារ ដែលធ្វើឱ្យវិស័យអចលនទ្រព្យមានកំណើន ហើយជួយបង្កើតការងារក្នុងវិស័យអចលនទ្រព្យ និងវិស័យសំណង់ទៀតផង។

ទោះបីយ៉ាងណា អ្នកជំនាញក៏បានព្រមានដែរថា អ្នកប្រើប្រាស់កម្ចីនេះត្រូវតែមានគោលដៅច្បាស់លាស់ ខណៈការគ្រប់គ្រងរបស់ប្រព័ន្ធធនាគារ ក៏ត្រូវមានភាពច្បាស់​លាស់ផងដែរ ដើម្បីបង្ការកុំមានវិបត្តិកើតឡើង៕

អ្នកជំនាញនិយាយពីភាពល្អប្រសើរនៃការពង្រីកទីក្រុងរបស់រដ្ឋាភិបាល

ដោយៈ រ៉ាណេត

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីគម្រោងនៃការពង្រីកក្រុងឱ្យកាន់តែធំ និងមានភាពល្អប្រសើរ ជាមួយនឹងផែនកា​របង្កើតខណ្ឌថ្មីៗបន្ថែមជាបន្តបន្ទាប់។

ភ្ជាប់ជាមួយនឹងផែនការនៃការពង្រីក រួមជាមួយនឹងការបង្កើតខណ្ឌថ្មីៗ ដែលកាត់ចេញពីបណ្តាស្រុកមួយចំនួននៅជាប់ក្រុង អ្នកជំនាញមានបង្ហាញពីភាពសុទិដ្ឋិនិយម និងសាទរទៅនឹងគម្រោងការអភិវឌ្ឍរបស់រដ្ឋាភិបាល។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យCentury21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការរសម្រេចពង្រីកវិសាលភាពក្រុងនៅតំបន់ណាមួយ របស់រដ្ឋាភិបាលសុទ្ធ​តែជាការអនុវត្តន៍ទៅតាមប្លង់គោល ដែលរដ្ឋាភិបាលបានគ្រោងទុកជាយូរមកហើយ សម្រាប់ជួយសម្រួល និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ។

លោកស្រីបានបន្តទៀតថា“រាជធានីភ្នំពេញចាំបាច់ត្រូវតែពង្រីក ព្រោះជាមជ្ឈមណ្ឌ​លពាណិជ្ជកម្មពិសេសប្រចាំប្រទេសកម្ពុជា ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មជាតិ និងអន្តរជាតិធំៗជាច្រើន”។លោកស្រីបន្ថែមថា “នៅថ្ងៃអនាគតនឹងកាត់តែរីកធំជាងនេះ ដោយសារតែកំណើននៃចំនួនប្រជាជន រួមជាមួយនឹងការចាក់បំពេញបន្ថែមនូវចំនួនក្រុមហ៊ុនអន្តរជាតិនានា”។

លោកស្រីGrace Rachny បានបន្តទៀតថា ការពង្រីកក្រុងនឹងជំរុញឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាសរសៃឈាមសេដ្ឋកិច្ចតំបន់ និងជួយបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពឱ្យកាន់ តែប្រសើរ ដែលទាំងអស់នេះបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “រាជធានីភ្នំពេញបច្ចុប្បន្ននេះ មានភាពណែនណាន់តាន់ តាប់ខ្លាំង ហើយតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងចាស់ ក៏មានកម្រិតខ្ពស់រួចទៅហើយ។ ដូច្នេះនៅពេលដែលរាជរដ្ឋាភិបាលពង្រីកក្រុង ឬការបង្កើតខណ្ឌថ្មីបន្ថែមចំណុះឱ្យរដ្ឋបាលក្រុង ជាការអនុវត្តទៅតាមប្លង់គោលប្រកបដោយប្រសិទ្ធភាព និងចិរភាពយូរអង្វែង ដែលនឹងឈាន ទៅដល់ការផ្គត់ផ្គង់នូវវិស័យអចលនទ្រព្យ តាមរយៈការកសាងហេដ្ឋរចនាសម្ព័ន្ធដែលមានគុណភាព ការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ស្របទៅតាមគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល។

លោកបន្តថា “ខណ្ឌថ្មីដែលរដ្ឋាភិបាលគ្រោងនឹងបង្កើតនេះ គឺនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្រជាយូរមកហើយ។ ក្រោយពេលកាត់តំបន់ទាំងនេះចូលមកចំណុះក្រុង ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យនឹងកើតមានច្រើន”។លោកបន្ថែមថា “តំបន់ដែលកាត់ចូលក្នុងរាជធានី ក្រៅពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព វាក៏ជួយជំរុញឱ្យតម្រូវការ នៃការប្រើប្រាស់ដីសម្រាប់វិស័យនានាកើនឡើង ហើយតម្លៃក៏មានភាពល្អប្រសើរជាង ពេលនៅចំណុះរដ្ឋបាលខេត្ត និងស្រុកផងដែរ”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ផងដែរថា សម្រាប់ផែនការនៃការបង្កើតខណ្ឌថ្មី គឺបានផ្តល់ផលប្រយោ​ជន៍សំខាន់ៗជាច្រើន ដែលក្នុងនោះរួមមានការពង្រីករដ្ឋបាលសាធារណៈ វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។

លោកបានបន្តទៀតថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនេះ ជាតំបន់ដែលមានសក្ដានុពលខ្លាំង ដែលអាចបម្រើនូវផលប្រយោជន៍ជាច្រើន”។ លោកបន្តថា “ក្រោយពេលមានស្ពានឆ្លងកាត់ ខណ្ឌថ្មីនេះនឹងមានសកម្មភាពលើវិស័យផ្សេងៗជាច្រើន ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹកផងដែរ”។

លោកបន្តទៀតថា នៅពេលមានការអភិវឌ្ឍ នឹងទាក់ទាញមនុស្សឱ្យចូលទៅរស់នៅកាន់តែច្រើន ដែលអាចនឹងអភិវឌ្ឍន៍ទៅជាទីក្រុងរណបថ្មីមួយទៀត ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាល៕

កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាលើការវិនិយោគនៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹង

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងក្រុមធុរកិច្ចអាល្លឺម៉ង់ បានផ្តើមពិភាក្សាលើការវិនិយោគនៅក្នុងការគ្រប់គ្រង និងវិនិយោគនៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា ខណៈកម្ពុជាកំពុងជួបបញ្ហាប្រឈមសំរាមស្ទើតែគ្រប់ទីក្រុងនៅក្នុងប្រទេស។

កិច្ចពិភាក្សានេះ ធ្វើឡើងរវាងលោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថានកម្ពុជា និងលោក Benjamin Knodler ភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រួមជាមួយនឹងតំណាងអង្គការ KONRAD, GIZ និងក្រុមធុរកិច្ចអាល្លឺម៉ង់ នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនៃការវិនិយោគនៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា។

លោក សៅ សុភាព បានជម្រាបជូនភាគីអាល្លឺម៉ង់ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានរបស់ក្រសួងបរិស្ថានលើការងារកំណែទម្រង់ការគ្រប់គ្រងសំរាម សំណល់រឹង ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលលើការរៀបចំប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងសំរាម សំណល់រឹងពីដើមខ្សែដល់ចុងខ្សែសម្រាប់រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចពិភាក្សា តំណាងភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងគ្នា តាមរយៈ៖ (១).បន្តកិច្ចពិភាក្សា អំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា និង(២).អញ្ជើញប្រតិភូក្រសួងបរិស្ថានទស្សនកិច្ចសិក្សានៅប្រទេសអល្លឺម៉ង់ និងចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយអង្គការ KONRAD និងភាគីអល្លឺម៉ង នៅកម្ពុជា ពាក់ព័ន្ធនឹងធុរកិច្ចនៃការគ្រប់គ្រង សំរាម សំណល់រឹង៕

ជំងឺCOVID-19ធ្វើឱ្យមហាយក្សសេដ្ឋកិច្ចដែលជាសត្រូវចាស់រាប់សតវត្សរ៍មានភាព សិ្នទ្ធស្នាលឡើងវិញ

Chinese President Xi Jinping is welcomed by Japanese Prime Minister Shinzo Abe upon his arrival for a welcome and family photo session at G20 leaders summit in Osaka, Japan, June 28, 2019. REUTERS/Kim Kyung-Hoon/Pool - RC1621D81DA0

ដោយ ប៊ី

ភ្នំពេញៈ “ទោះបីយើងរស់នៅកន្លែងផ្សេងគ្នាក៏ដោយ ក៏យើងរស់នៅក្រោមមេឃតែមួយ”។ នេះបើតាមសរសេរស្លាកនៅជ្រុងម្ខាង នៃប្រអប់ដែលមានរបាំងមុខ និងទែរម៉ូម៉ែត្រដែលផ្ញើរ ទៅប្រទេសចិនពីសមាគមអភិវឌ្ឍន៍យុវជនជប៉ុន (JYDA)។

កាលពីជាង១.៣០០ឆ្នាំមុន ចៅប្រុសម្នាក់របស់អធិរាជជប៉ុន បានផ្ញើកំណាព្យបុរា​ណនោះទៅកាន់ព្រះសង្ឃចិនជាន់ខ្ពស់មួយអង្គ ដែលមានឈ្មោះថា Ganjin។ កំណាព្យនោះបានជម្រុញ ឱ្យព្រះសង្ឃរូបនេះទៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយលិទ្ឋព្រះពុទ្ធសាសនា។

ដូចគ្នានឹងអ្វីបានលើកឡើងអញ្ចឹង កំណាព្យនោះបាននិងកំពុងល្បីល្បាញដល់សព្វថ្ងៃនេះ ហើយវាក៏ល្បីនៅលើបណ្តាញសង្គម Weibo ដែលមានផុសច្រើនជាង៣៩,០០០ ដង។ សូម្បីតែអតីតនាយករដ្ឋមន្រ្តីជប៉ុន យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) ក៏បានចែករំលែកវាជាមួយអ្នកតាមដានធ្វីតធ័ររបស់លោកផងដែរ។

ខណៈប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគឆ្លង COVID-19 ដែលបានសម្លាប់មនុស្សច្រើនជាង២៧០០នាក់ និងឆ្លងច្រើនជាង៨០,០០០នាក់ ប្រ​ទេសជប៉ុនបានបង្ហាញថា ជាសម្ព័ន្ធមិត្តមួយជាមួយចិន។

កាលពីដើមខែនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកGeng Shuang បានកោតសរសើរជប៉ុន ចំពោះការគាំទ្រមកលើប្រទេសចិន។

ផ្ទុយទៅវិញ លោក Geng បានចោទប្រកាន់សហរដ្ឋអាមេរិក ពីទង្វើហួសហេតុ និងផ្សព្វផ្សាយការភ័យខ្លាច ដោយបានជម្លៀសបុគ្គលិកចេញពីស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុង Wuhan និងដាក់បំរាមលើការធ្វើដំណើររបស់អ្នកដំណើរចិន។

កំណាព្យនេះ បានបង្ហាញពីការមិត្តភាពល្អ ក្នុងទំនាក់ទំនងរវាងសត្រូវចាស់ ដែលអាចឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាបេទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៨។

ខណៈទីក្រុងតូក្យូ និងទីក្រុងប៉េកាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិនលោកស៊ី ជីនពីង ទៅកាន់ប្រទេសជប៉ុននៅខែមេសាខាងមុខ នឹងមិនត្រូវលុបចោល ចំពេលមានការរីករាលដាលនៃវីរុសនេះទេ។ ការផ្តោតអារម្មណ៍ជាថ្មីគឺថា តើប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ និងទី៣ អាចធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅយ៉ាងដូចម្តេច។

ការផ្លាស់ប្តូរឥរិយាបថរបស់ជនជាតិចិន

ជម្លោះដែនដីដ៏ជូរចត់ និងភាពសោកសៅ ដែលកើតមានជាយូរមកហើយតាំងពីសង្គ្រាមលោកលើកទី២ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងជប៉ុន និងចិនអស់ជាច្រើនទសវត្សរ៍។

ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ កងទ័ពអធិរាជជប៉ុនទទួលខុសត្រូវក្នុងយុទ្ធនាការ១៩៣៧ នៃការរំលោភ ការសម្លាប់ និងការលួចប្លន់ ដែលត្រូវបានគេស្គាល់ថាជាការសម្លាប់រង្គាលណានជីង ដែលក្នុងនោះមានមនុស្សប្រមាណ៣០០,០០០នាក់បានស្លាប់។ ការវាយប្រហារតាមអាកាសរបស់ជប៉ុន ក្នុងអំឡុងពេលសង្គ្រាមក៏បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិលចិននៅឆុងឈីង ដោយបានសម្លាប់មនុស្សប្រមា ណ៣២,០០០ នាក់នៅចន្លោះខែ កុម្ភៈ ឆ្នាំ១៩៣៨ និងខែសីហាឆ្នាំ១៩៤៣។

ចិន និងជប៉ុនតែងតែជជែកវែកញែកអំពីអតីតកាលដែលគួរចងចាំ

រដ្ឋាភិបាលជប៉ុនជោគជ័យក្នុងការ “សុំទោស”ដោយមាននាយករដ្ឋមន្រ្តីមួយចំនួនបង្ហាញការសោកស្តាយ ចំពោះសកម្មភាពរបស់ជប៉ុនក្នុងសង្គ្រាម ប៉ុន្តែប្រជាជនចិនជាច្រើនជឿជាក់ថា ជប៉ុនមិនបានទទួលស្គាល់គ្រប់គ្រាន់ នូវទំហំនៃការកាន់កាប់ដ៏ឃោរឃៅរបស់ប្រទេសនេះ ក្នុងកំឡុងសង្គ្រាមលោកលើកទី២។

ភាពតានតឹងបានផ្ទុះឡើងក្នុងឆ្នាំ២០១៣ នៅពេលដែលការប្រឈមមុខដាក់គ្នាលើកោះតាវយូ ឬសេនកាគូ ដែលមានវិវាទនៅសមុទ្រចិនខាងកើត បានបញ្ឆេះដល់អារម្មណ៍ជាតិនិយមទាំងសងខាង និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច។

នៅពេលនោះ ប្រជាជនចិន៩២,៨% ដែលត្រូវបានស្ទាបស្ទង់មតិ មានឥទិ្ធពលអវិជ្ជមានចំពោះប្រទេសជប៉ុន។ នេះបើយោងតាមអង្គភាពមិនរកប្រាក់ចំណេញ Genron របស់ជប៉ុន ដែលបានធ្វើការស្ទង់មតិប្រចាំឆ្នាំស្តីពីទំនាក់ទំនងជប៉ុន និងចិន។

ទោះយ៉ាងណា នៅឆ្នាំ២០១៩ ចំនួនប្រជាជនចិន ដែលមាន“អារម្មណ៍អវិជ្ជមាន” អំពីប្រទេសជប៉ុន បានធ្លាក់ចុះស្ទើរតែពាក់កណ្តាលដល់៥២,៨%។

នេះជាអ្វីដែលជាការប៉ុនប៉ងរបស់លោក អាបេ ដើម្បីធ្វើឱ្យមានទំនាក់ទំនងកក់ក្តៅ ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដោយមានការអញ្ជើញម្តងហើយម្តងទៀតដើម្បីពិភាក្សាគ្នា ក្នុងគោលបំណងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ  បន្ទាប់ពីជម្លោះកោះដែលមានជម្លោះ។ ទីបំផុតអ្នកទាំងពីរបានជួបគ្នានៅAPEC ក្នុងឆ្នាំ ២០១៤ ហើយចាប់ដៃគ្នានៅមុខកាមេរ៉ារបស់ពិភពលោក។

លោក អាបេ បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា “នេះគឺជាជំហានដំបូងឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាយុទ្ធសាស្ត្រ”។

នៅពេលទំនាក់ទំនងនយោបាយមានភាពល្អប្រសើរ  អ្នកទេសចរចិនចាប់ផ្តើមកក់ដំណើរកម្សាន្តទៅប្រទេសជប៉ុន និងបង្កើតទស្សនៈវិជ្ជមានផ្ទាល់ខ្លួន លើវប្បធម៌ជប៉ុន។ នេះបើយោងតាមលោកYasushi Kudo ប្រធានអង្គភាព Genron។

នៅឆ្នាំ២០១៨ ប្រជាជនចិន៨,៣៨ លាននាក់ បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនកើនឡើង៦ដង បើធៀបនឹងឆ្នាំ២០១៣។ អតិថិជនចិនក៏កំពុងមើលរឿងរបស់ជប៉ុននៅលើប្រព័ន្ធផ្សព្វផ្សាយវីឌីអូដូចជា Bilibili ដែលមានអ្នកប្រើប្រាស់ប្រចាំថ្ងៃប្រហែល៣៧,៦ លាននាក់ ដោយស្វែងរកព័ត៌មានអំពីប្រទេសជប៉ុន នៅលើបណ្តាញសង្គមជាជាងនៅលើគេហទំព័រព័ត៌មានក្នុងស្រុក។

លោក Kudo មានប្រសាសន៍ថា ខណៈយុវជនសម័យថ្មីចិន ដែលមានកម្លាំងទិញ កំពុងធ្វើដំណើរកាន់តែច្រើន ដូចគ្នានោះជប៉ុនក៏មិនអាចនិយាយដូចគ្នាបានដែរ។ ស្របពេលដែលសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ  និងរាប់ពាន់ឆ្នាំប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាចំនួនប្រជាជនវ័យចំណាស់ និងប្រាក់បៀវត្សរ៍ថេរមិនមានបំណង ចង់ស្វែងរកពិភពលោកថ្មីទេ។

លោកKudo បាននិយាយថា “អ្នកបង្ហាញចំណាប់អារម្មណ៍របស់ប្រទេសមួយផ្សេងទៀតដោយទៅទីនោះ និងរាប់អានមិត្តភក្តិ ប៉ុន្តែប្រជាជនជប៉ុនមិនទៅប្រទេសចិនច្រើនទេ។ ពួកគេបង្កើតគំនិតរបស់ពួកគេ ដោយផ្អែកលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន”៕ (CNN)៕

អគ្គនាយកដ្ឋានគយប្រមូលចំណូលបានជាង៣០០០លានដុល្លារ

ដោយវុត្ថា

ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)  បានប្រមូលចំណូលសរុបសម្រាប់ឆ្នាំ ២០១៩  មានប្រមាណ១៣ទ្រីលានរៀល ស្មើនឹងប្រមាណ៣,២១៥ លានដុល្លារអាមេរិក កើនឡើង៣០% ធៀបនឹងឆ្នាំ២០១៨  ហើយលើសផែនការដែលបានកំណត់ប្រមាណ៤២.៧%។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)  ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ឱ្យដឹងថា បើធៀបនឹងឆ្នាំ២០១៨ ចំណូលតាមប្រភេទពន្ធសំខាន់ៗ មានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់ក្នុងនោះពន្ធនាំចូលកើនឡើង៣០.៧% អាករពិសេសកើនឡើង៣៣.៦ % និងអាករលើតម្លៃបន្ថែម (VAT) កើនឡើង២៨,៨ %។

របាយការណ៍បន្តថា បើពិនិត្យលើចំណូលតាមក្រុមទំនិញវិញ មុខទំនិញ យានយន្ត និងគ្រឿងចក្របន្ត ជាប្រភពចំណូលសំខាន់ ដោយគ្របដណ្តប់ប្រមាណ៥២.៧% នៃចំណូលសរុប។ ចំណូលដែលអគរប្រមូលបានក្នុងឆ្នាំ ២០១៩ នេះ មានកម្រិតខ្ពស់ជាងគេក្នុងរយៈពេល២០ឆ្នាំកន្លងមក នៅក្នុងបរិការណ៍ដែលការអនុគ្រោះពន្ធអាករ ទាំងក្នុងគោលដៅលើកទឹកចិត្តវិនិយោគ និងវិស័យអាទិភាពនានា ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជក៏សម្រចបាននូវសមិទ្ធិផលលើការដ្ឋានការងារផ្សេងទៀត រួមមាន ការរៀបចំឯកសារយុទ្ធសសាស្ត្រ គោលនយោបាយ ច្បាប់  និងបទប្បញ្ញាត្ត្តិនានាមួយចំនួន  ការបន្តលើកកម្ពស់កិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការកែលម្អ និងពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ការបញ្ចុះអត្រាពន្ធគយអាករ និងគោលនយោបាយលើកទឹកចិត្តវិស័យកសិកម្ម និងសហគ្រា​សធុនតូច និងធម្យម ការពង្រឹងការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កិច្ចសហប្រតិ​បត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍ស្ថាប័នជាដើម។

លើសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានអនុវត្តដោយរលូននូវវិធានការមុត្រស្រួចរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងគយ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលក្នុងវេទិការាជរដ្ឋាភិបាល លើកទី១៨ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នំា ២០១៩ ផងដែឬ រួមមាន ១) ការលើកទឹកចិត្តផ្នែកគយ ដល់សហគ្រាសធុនតូច និងធម្យម ២) ការអនុវត្តកម្រៃសេវាសាធារណៈរបស់ អគរ ៣) ការកាត់បន្ថយចំនួនកុងតឺន័រ និងកម្រៃស្កែន។ ៤)ការដឹកនាំក្រុមការងារអន្តរស្ថាប័ន ដើម្បីកាត់បន្ថយមុខទំនិញក្នុងបញ្ជីទំនិញហាមឃាត និងទំនិញជាប់កម្រិតកំណត់ និង៥)ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណា​ក់កាលទី២៕

វិស័យទេសចរណ៍កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនងាយរងគ្រោះបំផុត ដោយសារជំងឺ COVID-19

ដោយ ប៊ី

ភ្នំពេញៈ ពិភពលោកនឹងខាតបង់ប្រាក់ចំណូល២២ពាន់លានដុល្លារ លើវិស័យទេ​សចរណ៍ ដោយសារជំងឺCOVID-19 ខណៈក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សេដ្ឋកិច្ចដែលងាយរងគ្រោះបំផុត គឺប្រទេសទាំងនោះពឹងផ្អែកលើទេសចរណ៍ចិន ដូចជាហុងកុង ម៉ាកាវ ថៃ កម្ពុជា និងហ្វីលីពីន។

ផលប៉ះពាល់នេះត្រូវបានសិក្សា និងត្រូវបានចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈដោ​យOxford Economics ដោយសម្មតិកម្មនៃការធ្លាក់ចុះ៧ភាគរយ នៃការធ្វើដំណើរទៅបរទេសរបស់ជនជាតិចិន។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ហុងកុង ម៉ាកាវ ថៃ កម្ពុជា និងហ្វីលីពីននឹងមានភាពងាយរងគ្រោះបំផុត ដោយប្រទេសទាំងនេះពឹងផ្អែកលើទេសចរណ៍ចិន។

ការផ្ទុះឡើងនៃការរីករាលដាលជំងឺឆ្លងCOVID-19 នឹងអាចបណ្តាលឱ្យទេសច​រណ៍ទូទាំងសកលលោក ខាតបង់ថវិកាជាង២២ពាន់លានដុល្លារ ហើយការខូចខាតនេះក៏មានការចូលរួមចំណែកពីការធ្លាក់ចុះ នៃចំនួនអ្នកទេសចរចិនផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានអង្គការ នៃក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក (WTTC)។

ប្រធានអង្គការ WTTC លោកស្រីGloria Guevara បានធ្វើការកត់សម្គាល់ខាងលើ ប្រាប់សារព័ត៌មានអេស្ប៉ាញ អ៊ែលម៉ាន់ឌូEl Mundo កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោកស្រីGloria បានថ្លែងថា “វាដូចជាលឿនពេកដើម្បីដឹងពីទំហំខាតបង់ ប៉ុន្តែ WTTC បានធ្វើការគណនាជាបឋម ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច អុកស៍ហ្វដ (Oxford Economics) ថាការរីករាលដាលនៃជំងឺ COVID-19 អាចនឹងធ្វើឱ្យវិស័យទេសចរណ៍សកលលោក ខាតបង់ថវិកាជាង ២២ពាន់លានដុល្លារ”។

លោកស្រី Gloria បានឱ្យដឹងទៀតថា ការគណនានេះគឺផ្អែកលើបទពិសោធន៍ នៃវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងមុនៗ ដូចជា ជំងឺSARS ឬH1N1 ព្រមទាំងផ្ដោតលើការធ្លាក់ចុះភ្ញៀវទេសចរចិន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីនេះ។ អ្វីដែលជាភាពជាក់ស្តែង​នោះ គឺការផ្អាកជើងហោះហើរ និងការណែនាំរបស់រដ្ឋាភិបាល ប្រទេសនានាទូទាំងពិភពលោក ឲ្យប្រជាជនពួកគេមានការប្រុងប្រយ័ត្ន និងកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលមានការផ្ទុះជំងឺ COVID-19 ខ្លាំងក្លានោះ គឺសុទ្ធតែចំណាត់ការដែលបង្កផលប៉ះពាល់ធ្ងន់់ធ្ងរ ទៅដល់វិស័យទេសចរណ៍៕

ក្រសួងទេសចរណ៍ស្នើរដ្ឋាភិបាលបើកដំណើរការព្រលានយន្តហោះ ខេត្តបាត់ដំបងឡើងវិញ

ដោយៈ រ៉ាណេត

បាត់ដំបងៈ ក្រសួងទេសចរណ៍បានស្នើសុំរដ្ឋាភិបាលពិចារណា បើកឱ្យដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ ស្របពេលដែលកំណើនភ្ញៀវទេសចរណ៍ចាប់ផ្តើមកម្រើកឡើងវិញ។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២០ មានការលើកឡើងជាមតិយោបល់ថា រដ្ឋាភិបាលគួរតែស្ដារ និងបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ ខណៈចរន្តទេសចរទៅកាន់ខេត្តនេះ កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

អង្គសន្និបាតក៏បានលើកឡើងអំពីគំនិត ផ្តួចផ្តើមធាតុចូលសំខាន់ៗមួយចំនួនដើ​ម្បីសម្រួលការធ្វើដំណើរ និងជំរុញលំហូរទេសចរមកទស្សនាកម្ពុជា ដោយក្នុងនោះរួមមាន ការស្នើបើកកំពង់ផែទឹកជ្រៅខេត្តកំពត ដើម្បីអនុញ្ញាតឱ្យនាវាទេសចរណ៍ អាចចូលកំពង់ផែបានតាមច្រកសមុទ្រនេះបន្ថែមទៀត ។

បន្ថែមពីនេះ នៅមានការកលើកឡើងពីការកាត់បន្ថយថ្លៃ ទិដ្ឋាការពាក់កណ្តាល សម្រាប់ទេសចរមកតាមនាវាទេសចរណ៍សមុទ្រ ដែលចូលចតក្រោម២៤ម៉ោង និងការផ្តល់ទិដ្ឋាការរួមតាមបញ្ជីឈ្មោះភ្ញៀវទេសចរ។ គួរសម្រួលលំហូរទេសចរថៃ មកទស្សនាឱ្យដល់ខេត្តសៀមរាប ដោយប្រើបណ្ណព្រំដែន។

ដោយឡែក ចំពោះការប្រើប្រាស់រថយន្តទេសចរណ៍ផ្ទាល់ខ្លួន ចូលមកទស្សនាកម្ពុជាស្របច្បាប់ គួរតែមានការកែសម្រួល និងអនុញ្ញាតដោយមានការបិទសន្លឹកបណ្ណ សម្គាល់អត្តសញ្ញាណចូល-ចេញ (Sticker) និងគួររៀបចំឱ្យមានភ្នាក់ងារជំនួយទេសចរ (Tourist Assistant) នៅតាមច្រកចូលព្រំដែនអន្តរជាតិ។ កិច្ចការនេះគួរត្រូវបានអនុវត្តដោយភ្នាក់ងារនគរបាលទេសចរណ៍៕

រដ្ឋាភិបាលកំពុងដោះស្រាយកកស្ទះចរាចរណ៍របស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ នៅច្រកទ្វារអន្តរជាតិចំនួនពីរ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងស្វែងរកនីតិវិធី ដោះស្រាយបញ្ហាប្រឈមនឹងការកកស្ទះចរាចរណ៍ និងបញ្ហាផ្សងៗដែលក្រុមហ៊ុនដឹកជញ្ជូនទំនិញ ជួបប្រទះនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំស្ដីពី ការអនុវត្តការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ បានឱ្យដឹងថា គម្រោ​ងដោះស្រាយបញ្ហាប្រឈម នៅច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរ ទាក់ទងនឹងការកកស្ទះចរាចរណ៍ ដែលបង្កឱ្យការនាំចេញនាំចូលវត្ថុធាតុដើមមានការយឺតយ៉ាវ កំណើននៃការដឹកជញ្ជូនទំនិញ ការជម្រះបញ្ជីគយទាក់ទងនឹងទំនិញនាំចេញនាំចូល មានការយឺតយ៉ាវ គម្រោងសាងសង់ផ្លូវល្បឿនលឿន នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងគម្រោងសាងសង់ផ្លូវរថភ្លើងភ្នំពេញ-វៀតណាម ឆ្លងកាត់ព្រំដែនបាវិត-ម៉ុកបៃ។

លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើង ពីគម្រោងស្នើសុំភាគីថៃ បើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ បាណងអៀន ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅចក្រទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបច្ចុប្បន្ន។

លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឱ្យក្រសួង/ស្ថាប័ន ភាគីពាក់ព័ន្ធទាំងអស់ផ្តល់ធាតុចូលសំខាន់ៗ និងចូលរួមដោះស្រាយបញ្ហានៅច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរនេះ ឱ្យមានប្រសិទ្ធភាពដោយប្រើប្រាស់យន្តការតែមួយជាក់ស្តែង ដើម្បីសម្រួលការលំបាករបស់វិស័យឯកជន។

លោកបន្តថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈដល់ក្រុមហ៊ុនធុរកិច្ច ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឲ្យបានឆាប់រហ័ស តាមនីតិវិធីប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ រាជរដ្ឋាភិបាលគ្រោង បង្កើតច្រកចេញ-ចូលតែមួយរវាងកម្ពុជា-វៀតណាម(បាវិត-ម៉ុកបៃ) និងច្រកចេញ-ចូលតែមួយរវាង កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគផងដែរ៕

ធនាគារអាមេរិកៈសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការដាំក្បាលចុះសារជាថ្មី

ដោយ ហ្សូលី

អាមេរិកៈ យោងតាមអ្នកវិភាគសេដ្ឋកិច្ចនៅធនាគារអាមេរិកបានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុក្រឡាប់ចាក់ ខណៈមានការផ្ទុះឡើង នៃការរាលដាលជម្ងឺកាចសាហាវកូរ៉ូណា ឬកូវីដ-១៩នៅទូទាំងប្រទេសចិន និងស្ទើរពាសពេញពិភពលោក។

កំណើនសេដ្ឋកិច្ចសកលលោក នឹងធ្លាក់ចុះដល់ទៅជិត៣%នៅឆ្នាំ២០២០ ហើយនឹងរំពឹងថា អាចនឹងធ្លាក់ចុះជាងនេះលើសពី៣% ដែលដូចទៅនឹងកាលពីឆ្នាំ២០០៩ នេះបើតាមការរាយការណ៍របស់អ្នកជំនាញសេដ្ឋកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ កុម្ភៈ ឆ្នាំ ២០២០នេះ។

រីឯប្រទេសចិនដាច់ដោយឡែកនេះវិញ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះដល់ទៅ ៥.២% ដែលជាស្ថានភាពអាក្រក់បំផុតតាំងពីឆ្នាំ១៩៩០មក។

ធនាគារអាមេរិកបាននិយាយថា “ហានិភ័យនេះនៅតែមានការធ្លាក់ចុះ ហើយការព្យាករណ៍របស់យើង មិនរាប់បញ្ចូលទាំងការរាតត្បាតសកលទេ ដែលអាចនឹងធ្វើឱ្យសេដ្ឋកិច្ចនៅទីក្រុងភាគច្រើនផ្អាកសកម្មភាព”។

វីរុសកូរ៉ូណាមិនមែនជាដើមចម នៃការដាំក្បាលសេដ្ឋកិច្ចសកលលោកនេះ តែមួយមុខទេ។ ជាមួយនឹងភាពរអាក់រអួលនៃការបោះឆ្នោតអាមេរិក សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ភាពមិនច្បាស់ការនៃនយោបាយ ការចុះខ្សោយក្នុងប្រទេសជប៉ុន និងតំបន់មួយចំនួននៅភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមាន”ផលប៉ះពាល់ដ៏ធំ” សង្កត់ធ្ងន់ទៅលើទិន្នផលពិភពលោក។

ផ្សារហ៊ុនសកលនៅតែបន្តធ្លាក់ចុះដដែល បើតាមការរាយការណ៍របស់កាសែត Wall Street នៅថ្ងៃព្រស្បតិ៍ដូចគ្នា។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានទម្លាក់ការរំពឹងទុក ចំពោះការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងអំឡុងកិច្ចប្រជុំរបស់មន្ត្រីហិរញ្ញវត្ថុ មកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ នៅលើពិភពលោកនៅរីយ៉ាដ៕ (Bloomberg)៕