ដោយ ប៊ី
ម៉ានីឡាៈ វិនិយោគិនអចលនទ្រព្យចិន កំពុងសម្លឹងរកមើលការចាប់ទីផ្សារអចលនទ្រព្យនៅម៉ានីឡា ស្របពេលដែលតម្លៃអចលនទ្រព្យធ្លាក់ចុះ ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លង។
ប្រទេសហ្វីលីពីន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំ តម្លៃត្រូវបានកំណត់ថានឹងធ្លាក់ចុះរហូតដល់១៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers International។
-->
វិបត្តិនេះអាចបង្ខំឲ្យអ្នកកាន់កាប់អចលនទ្រព្យក្នុងស្រុក លក់ក្នុងតម្លៃខាតបង់យ៉ាងច្រើន និងបង្កការភ័យខ្លាចថា ប្រជាជនហ្វីលីពីនអាចនឹងត្រូវលក់ដាច់នៅពេលនេះ ទំរាំតែទីផ្សារអចលនទ្រព្យងើបឡើងវិញ។
លោកDavid Leechiu ដែលជាអ្នកពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ បាននិយាយថា “ពួកគេនឹងលក់ក្នុងតម្លៃណាក៏ដោយ ដើម្បីទទួលបានអ្នកទិញ”។លោកបន្តថា “នោះគឺជាសេណារីយ៉ូមួយ ដែលអ្នកទិញជាច្រើនកំពុងរង់ចាំ”។
ឈ្មួញកណ្តាលអចលនទ្រព្យជនជាតិចិនម្នាក់ នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងម៉ានីឡា បានប្រាប់សារព៌តមានNikkei ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ជនជាតិចិនមួយចំនួនកំពុងរង់ចាំការលក់ប្រញាប់។ ពួកគេកំពុងសង្កេត ប្រសិនបើតម្លៃនិងតម្រូវការធ្លាក់ចុះ”។
អ្នកទិញជនជាតិចិន បានចូលរួមចំណែកក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រធានាធិបតីហ្វីលីពីនលោកRodrigo Duterte បានសម្របសម្រួល ចំពោះការក្រសោបយកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។
ជាថ្នូរទីក្រុងប៉េកាំង បានសន្យាប្រាក់ប្រមាណ៤៥ពាន់លានដុល្លារ ក្នុងការប្តេជ្ញាចិត្តវិនិយោគថ្មី ដោយមានភ្ញៀវទេសចរ និងកម្មករចិនជាងមួយលាននាក់ ចាប់តាំងពីពួកគេបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដោយទិញខុនដូ និងជំរុញអត្រាជួលនៅតំបន់ឆ្នេរម៉ានីឡាឡើងដល់ប្រមាណ១៧០០ប៉េសូ ក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេល៣ខែ ដល់ចុងខែមីនា។
នោះជាការកើនឡើង១៧២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ បើយោងតាមទិន្នន័យពីទីប្រឹក្សាអចលនទ្រព្យLeechiu។ សន្ទស្សន៍តម្លៃអចលនទ្រព្យ របស់ធនាគារកណ្តាលហ្វីលីពីនបានបង្ហាញថា តម្លៃខុនដូនៅតំបន់មេត្រូម៉ានីឡា បានកើនឡើងជិត ៤០ ភាគរយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៦។
ចំណាប់អារម្មណ៍របស់ជនជាតិចិនភាគច្រើន នៅក្នុងទីផ្សារអចលនទ្រព្យនៅទីក្រុងម៉ានីឡាត្រូវបានជំរុញ ដោយការលេងល្បែងតាមអនឡាញ ដែលទាក់ទាញអតិថិជនភាគច្រើននៅប្រទេសចិន ដែលជាកន្លែងដែលល្បែងស៊ីសងត្រូវបានហាមឃាត់៕